-
ក្រសួងអប់រំ អំពាវនាវដល់ សាលារដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញ អនុវត្តវិធានការសុវត្ថិភាព ក្រោយផ្ទុះ «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»

ភ្នំពេញ៖ ក្រសួងអប់រំ យុជន និងកីឡា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការរឹតបន្តឹងការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សានៅសាលារដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញ ក្រោយផ្ទុះ «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ។ ដើម្បីចៀសវាងការឆ្លងជំងឺកវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាល ក្នុងសហគមន៍ក្នុង «ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ» ក្រសួងសូមស្នើគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន រឹតបន្ដឹងការអនុវត្តវិធានការសុវត្ថិភាព សុខភាពសិក្សា និងវិធានការ «៣ ការពារ និង៣កុំ» ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៖ ១៖ រឹតបន្តឹងការអនុវត្តឱ្យបានយ៉ាងម៉ឺងមាត់ នូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទនៃជំងកូដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡាចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២០ ២៖ ផ្អាកការជួបជុំ និងសកម្មភាពកីឡា ដែលមានអ្នកចូលរួមលើសពី២០នាក់ ៣៖ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវរាយការណ៍ជាបន្ទាន់ ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច អំពីវត្តមាននៃការជួបប្រាស្រ័យទាក់ទងជាមួយបុគ្គល ដែលបានប៉ះពាល់ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ…
-
ក្រុមហ៊ុន Pfizer សន្យាបង្កើនការផលិតទ្វេដង ខណៈដែលលោក ចូ បៃដិន ជំរុញអោយប្រញាប់ចែកចាយវ៉ាក់សាំងអោយបានឆាប់រហ័ស

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃសុក្រនេះ បានទទួលការប្តេជ្ញាចិត្តពីក្រុមហ៊ុន Pfizer Inc ក្នុងការបង្កើនការផលិតវ៉ាក់សាំង Covid-19 ទ្វេដង ដែលនឹងចាប់ផ្តើមនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីបំពេញគោលដៅស្តុកទុកប្រើប្រាស់នៅរដូវក្តៅ ។ នាយកប្រតិបត្តិក្រុមហ៊ុនផលិតឱសថ Pfizer លោក Albert Bourla បានប្រើឱកាសនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មកកាន់រោងចក្រផលិតឱសថដ៏ធំបំផុតនេះប្រកាសថា រូបលោករំពឹងថា នឹងអាចផលិតវ៉ាក់សាំងច្រើនជាងទ្វេដងក្នុងរង្វង់៥លានដូសក្នុងមួយសប្តាហ៍ ដើម្បីផ្តល់អោយរដ្ឋាភិបាលអាមេរិក ។ រដ្ឋបាលលោក បៃដិន បាននិងកំពុងព្យាយាមពន្លឿនយុទ្ធនាការដែលមិនធ្លាប់មានពីមុនមក ដើម្បីចាក់វ៉ាក់សាំងដល់មនុស្សពេញវ័យអាមេរិកភាគច្រើន ខណៈរដ្ឋាភិបាលក្នុងតំបន់បានទាមទារអោយបង្កើនការចែកចាយវ៉ាក់សាំងជាច្រើនដូសបន្ថែមទៀត ស្របពេលវីរុសបានសម្លាប់ជីវិតមនុស្សរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ ។ សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃសុក្រនេះបញ្ជាក់ថា រូបលោកមានទំនុកចិត្តថា លោកនឹងសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការចែកចាយវ៉ាក់សាំង Covid-19 អោយបាន១០០លានដូស អំឡុងពេលចូលកាន់តំណែងរយៈពេល១០០ថ្ងៃដំបូងរបស់លោក ៕ ប្រភព៖ Reuters
-
សេតវិមានបញ្ជាក់ថា ព្យុះព្រិលបានបង្កផលប៉ះពាល់ដល់ការដឹកជញ្ជូនវ៉ាក់សាំងទៅកាន់រដ្ឋចំនួន៥០នៅទូទាំងសហរដ្ឋអាមេរិក

អាមេរិក៖ ទីប្រឹក្សាជាន់ខ្ពស់របស់សេតវិមានសម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ១៩ លោក Andy Slavitt បានថ្លែងក្នុងសន្និសិទសារព័ត៌មានខ្លីមួយថា សហរដ្ឋអាមេរិកបានជួបឧបសគ្គក្នុងការដឹកជញ្ជូនវ៉ាក់សាំង Covid-19 ចំនួន៦លានដូស ដោយ សារតែបញ្ហាព្យុះព្រិល និងការដាច់ចរន្តអគ្គិសនី ហើយថា រដ្ឋាភិបាលសហព័ន្ធរំពឹងថា នឹងដំណើរការចែកចាយវ៉ាក់សាំងវិញនាសប្តាហ៍ក្រោយនេះ ។ បើតាម លោក Andy Slavitt រដ្ឋទាំង៥០នៅទូទាំងសហរដ្ឋអាមេរិកបច្ចុប្បន្នកំពុងរងផលប៉ះពាល់ ហើយថា វ៉ាក់សាំងចំនួន៦លានដូសត្រូវពន្យាពេលការដឹកជញ្ជូនប្រហែល៣ថ្ងៃ ហើយរដ្ឋជាច្រើនអាចប្រើប្រាស់វ៉ាក់សាំងមួយចំនួនលើការពន្យាពេលនេះ ជាមួយនឹងស្តុកដែលមានស្រាប់ ។ លោក Andy Slavitt បានសង្កត់ធ្ងន់ថា នៅពេលដែលស្ថានភាពអាកាសធាតុមានភាពប្រសើរឡើង យើងនឹងធ្វើការដើម្បីលុបបំបាត់បញ្ហានេះ ។ ក្នុងចំណោមវ៉ាក់សាំង៦លានដូស ក្នុងនោះ១.៤លានដូសត្រូវបានដឹកជញ្ជូនរួចហើយ ហើយយើងរំពឹងថា រាល់វ៉ាក់សាំងដែលជាប់គាំងនឹងត្រូវបានដឹកជញ្ជូននៅសប្តាហ៍ក្រោយ ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១១លាន២៤ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៤៦ម៉ឺននាក់ និងជាសះស្បើយ៨៦លាន១២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១១លាន២៤ម៉ឺន៩ពាន់៦៤៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៤៦ម៉ឺន៣ពាន់៦៥២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨៦លាន១២ម៉ឺន៣ពាន់៥៣៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន៦០ម៉ឺន៣ពាន់៨១៣នាក់ ស្លាប់ចំនួន៥០ម៉ឺន៧ពាន់៧៤៦នាក់ និងជាសះស្បើយចំនួន១៨លាន៨០ម៉ឺន៣ពាន់៧២៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៩៧ម៉ឺន៧ពាន់៣៨៧នាក់ ស្លាប់ចំនួន១៥ម៉ឺន៦ពាន់២៤០នាក់ និងជាសះស្បើយ១០លាន៦៧ម៉ឺន៨ពាន់៤៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១០លាន៨ម៉ឺន១ពាន់៦៩៣នាក់ ស្លាប់២៤ម៉ឺន៤ពាន់៩៥៥នាក់ និងជាសះស្បើយ៩លាន២ម៉ឺន៩ពាន់១៥៩នាក់ ៕ ប្រភព៖ worldometers
-
ផ្ទុះមួយប្រាវ រកឃើញ ៣២ ករណី រាជរដ្ឋាភិបាល អំពាវនាវដល់ពលរដ្ឋ បន្តអនុវត្តវិធានការ៣ការពារនិង៣កុំ អោយបានល្អ

រាជរដ្ឋាភិបាល ចាត់ទុកព្រឹត្តិការណ៍ ២០ កុម្ភៈ គឺជាព្រឹត្តិការណ៍លើកទី៣ បន្ទាប់ពីមានអ្នកសុំសិទ្ធិទៅក្រៅប្រទេសស្នើសុំឯកសារពិនិត្យសុខភាព ស្រាប់តែតេស្តមានវិជ្ជមានកូវីដ ១៩ ក្នុងរយៈពេល ១០ម៉ោងប៉ុណ្ណោះ មានអ្នកឆ្លង ៣២ ករណី។ បើសន្និសីទសារព័ត៌មាន ផ្តល់ដោយ សម្តេចតេជោ បញ្ជាក់ថា ដើមហេតុដំបូងគឺមានអ្នកសុំចេញទៅក្រៅប្រទេស ដែលត្រូវការឯកសារពិនិត្យសុខភាព ហើយលទ្ធផលមានមេរោគកូវីដ ១៩ ទើបអាជ្ញាធរស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្តបន្ទាប់ ហើយក្នុងរយៈពេលខ្លីសោះ រកឃើញមានអ្នកឆ្លង ៣២ ករណី។ ក្រោយប្រកាសព្រឹត្តិការណ៍ ២០ កុម្ភៈ សម្តេចតេជោហ៊ុន សែន ក៏បញ្ជាឲ្យបិទក្លិបកម្សាន្ត ខារ៉ាអូខេ និងកន្លែងស្នាក់នៅប្រមូលផ្តុំ (Apartment) មួយចំនួន ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ ១៩។ មន្ត្រីជំនាញ និង មន្ត្រីមានសមត្ថកិច្ច កំពុងស្វែងរកអ្នកដែលពាក់ព័ន្ធ ក្លិប N8 ដែលជាសំបុកផ្ទុះឆ្លងកូវីដ ១៩ រួមទាំងអ្នកស្នាក់នៅអគារ Apartment ពីរមានអ្នកឆ្លងកូវីដ ១៩ ត្រូវតែមកធ្វើតេស្ត និងចត្តាឡីស័កឲ្យតឹងរ៉ឹងបំផុត៕
-
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាឆ្លងកូវីដ សហគមន៍ជាលើកទី៣ «ព្រឹត្តិការណ៍២០កុម្ភៈ» រកឃើញអ្នកឆ្លងកូវីដថ្មីរហូតដល់ ៣២នាក់

ភ្នំពេញ៖ តាមរយៈសារពិសេសជូនជនរួមជាតិនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសជាបន្ទាន់ថា ក្នុងរយ:ពេលតែ១០ម៉ោង មានឆ្លងក្នុងសហគមចំនួន ៣២ករណី ។ សម្តេចតេជោ បានបន្ថែមថា ការផ្ទុះនេះ ចាប់ផ្តើមពីចំនុចនៅក្លឹប N8 ដោយសារតែមានអ្នកដែលចង់ចេញទៅក្រៅប្រទេស ហើយបានស្នើសុំវិញ្ញាបនបត្រពិនិត្ររកកូវីដ ១៩។ សម្តេចតេជោនាយករដ្ឋមន្ត្រី ចាត់ទុកថា នេះជាករណីឆ្លងសហគមទ្រង់ទ្រាយធំលើកទី៣ ។ ប៉ុន្តែ ចំពោះសាលារៀនរដ្ឋ ឯកជន និងពិធីមង្គលការ មិនទាន់មានការបិទនោះទេ បើគោរពតាម SOP របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ៕
-
វៀតណាមថា COVAX នឹងផ្តល់វ៉ាក់សាំងកូវីដ១៩ដល់ខ្លួន ៣០លានដូស

ប្រទេសវៀតណាមនឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៦០លានដូស នៅក្នុងឆ្នាំ២០២១នេះ រួមបញ្ជូលទាំង៣០លានដូសតាមរយៈកម្មវិធី COVAX ដឹកនាំដោយអង្គការសុខភាពពិភពលោកហៅកាត់ថា WHO ផងដែរ នេះបើតាមរដ្ឋមន្ត្រីសុខាភិបាល Nguyen Thanh Long ប្រកាសឲ្យដឹង នៅថ្ងៃទី១៩ កុម្ភៈនេះ។ វៀតណាគឺជាប្រទេសមួយក្នុងពិភពលោកដែលបានជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ១៩ ដោយសារតែការរឹតបន្តឹងលើសកម្មភាពចត្តាឡីស័ក និងការធ្វើតេស្តទ្រង់ទ្រាយធំជាដើម។ វៀតណាមមានអ្នកកើតកូវីដ១៩ សរុបចំនួន២៣៤៧នាក់ ស្លាប់៣៥នាក់ គិតត្រឹមថ្ងៃនេះ។ គួររម្លឹកដែរថា កាលពីខែមករា វៀតណាមបានអះអាងពីការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣០លានដូស ពីក្រុមហ៊ុនអង់គ្លេស AstraZeneca ហើយរដ្ឋាភិបាលក៏អះអាងដែរថា ២០ម៉ឺន៤ពាន់ដូសនឹងមកដល់ នាថ្ងៃទី២៨ កុម្ភៈ ខណៈដែលវ៉ាក់សាំងផលិតក្នុងប្រទេសទំនងជាចែកចាយក្នុងស្រុក នៅត្រឹមខែឧសភា៕
-
កូវីដ១៩៖ ម៉ាឡេស៊ីសម្រេចបើកទ្វារសាលារៀនវិញ ក្រោយបិទជិត១ឆ្នាំ

សិស្សនៅប្រទេសម៉ាឡេស៊ីនឹងចូលរៀនក្នុងថ្នាក់រៀនឡើងវិញ តាមដំណាក់កាល ដោយចាប់ផ្តើមពីមត្តេយ្យសិក្សា បឋមសិក្សា និងអនុវិទ្យាល័យ ចាប់ពីថ្ងៃទី១ មីនា ២០២១តទៅ។ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៩ កុម្ភៈនេះ រដ្ឋមន្ត្រីអប់រំ Mohd Radzi Md Jidin បាននិយាយថា សិស្សនៅម្រិតផ្សេងទៀត នឹងត្រលប់ទៅចូលរួមក្នុងថ្នាក់វិញដែរ ១សប្តាហ៍បន្ទាប់ ពោលគឺថ្ងៃទី៨ មីនា ២០២១។បច្ចុប្បន្ន ករណីកូវីដ១៩នៅប្រទេសម៉ាឡេស៊ីកើនដល់២៧៤៨៧៥នាក់ គិតត្រឹមថ្ងៃទី១៨ កុម្ភៈ។ គួរបញ្ជាក់ថា ម៉ាឡេស៊ីបានបិទទ្វារសាលារៀន ជិត១ឆ្នាំហើយ ពោលគឺតាំងពីថ្ងៃទី១៨ មីនាមក ដោយសារតែបញ្ហាជំងឺកូវីដ១៩។ ទោះបីជាសម្រេចបើកទ្វារសាលារៀនឡើងវិញ ម៉ាឡេស៊ីនៅតែមានអត្រាឆ្លងជំងឺខ្លាំងដែរ ពោលគឺថ្ងៃម្សិលមិញ មានជាង២ពាន់ករណី ខណៈដែរ អ្នកស្លាប់មាន២៥នាក់ទៀត កើនសរុបដល់១០៣០នាក់ហើយ៕
-
មន្ត្រីសុខាភិបាលថៃ៣៦នាក់ហើយ ដែលបានឆ្លងជំងឺកូវីដ១៩ ក្នុងរលកទី២

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩ ហៅកាត់ថា CCSA នៅប្រទេសថៃបានប្រកាស នៅថ្ងៃសុក្រទី១៩ កុម្ភៈនេះថា បុគ្គលិកសុខាភិបាលនៅប្រទេសថៃចំនួន៣៦នាក់ហើយ ដែលបានឆ្លងជំងឺកូវីដ១៩ អំឡុងការផ្ទុះរលកទី២។ មន្ត្រីទាំងនោះរួមមានទាំង គិលានុប្បដ្ឋាយិកា វេជ្ជបណ្ឌិត និស្សិតពេទ្យ និងអ្នកបកប្រែឲ្យអ្នកជំងឺទៀតផង។ ក្រៅពីនេះ ក៏មានបុគ្គលិកនៅផ្នែកស្តុក ទំនាក់ទំនងសាធារណៈ និងមន្ត្រីខាងហិរញ្ញវត្ថុដែរ។ ថ្មីៗនេះ ក៏មានវេជ្ជបណ្ឌិតថៃម្នាក់បានស្លាប់ដោយសារតែជំងឺកូវីដ១៩ដែរ ជាការស្លាប់គ្រូពេទ្យដំបូងដោយសារជំងឺនេះ ក្នុងប្រទេសថៃ៕
-
ក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំង Covid-19 លើស្ត្រីមានផ្ទៃពោះ

អាមេរិក៖ ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់(ភីហ្វីហ្សឺ-បាយអូអិនធិច)បានចាប់ផ្តើមការសិក្សាជាអន្តរជាតិជាមួយអ្នកស្ម័គ្រចិត្តចំនួន៤ពាន់នាក់ ដើម្បីវាយតម្លៃពីសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង Covid-19 របស់ខ្លួន ចំពោះស្ត្រីមានផ្ទៃពោះដែលមានសុខភាពល្អ ។ ក្រុមហ៊ុន ភីហ្វីហ្សឺ-បាយអូអិនធិច បានគូសបញ្ជាក់ថា ស្រ្តីមានផ្ទៃពោះនៅសហរដ្ឋអាមេរិកបានទទួលការចាក់លើកដំបូងរបស់ពួកគេរួចហើយ ខណៈការស្រាវ ជ្រាវថ្មីនេះ នឹងធ្វើតេស្តលើស្ត្រីមានផ្ទៃពោះដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនៅសហរដ្ឋអាមេរិក កាណាដា អាហ្សង់ទីន ប្រេស៊ីល ឈីលី ម៉ូសំប៊ិក អាហ្វ្រិកខាងត្បូង អង់គ្លេស និងអេស្ប៉ាញ ។ ស្ត្រីនឹងទទួលបានវ៉ាក់សាំងក្នុងអំឡុងពេលសប្តាហ៍ទី២៤ដល់៣៤ នៃការមានគភ៌ ដោយទទួលការចាក់វ៉ាក់សាំង២ដងក្នុងរយៈពេល២១ថ្ងៃ ។ សូមជម្រាបថា ស្ត្រីមានផ្ទៃពោះគឺមានហានិភ័យខ្ពស់ក្នុងការវិវត្តធ្ងន់ធ្ងរនៃជំងឺ Covid-19 ហើយមន្ត្រីសុខាភិបាលសាធារណៈជាច្រើនបានណែនាំឲ្យស្ត្រី ដែលមានហានិភ័យខ្ពស់ត្រូវចាក់វ៉ាក់សាំងការពារជំងឺនេះ បើទោះបីជាគ្មានភស្តុតាងបញ្ជាក់ថា វ៉ាក់សាំងមានសុវត្ថិភាពសម្រាប់ពួកគេក៏ដោយ ៕ ប្រភព៖ Reuters