-
កម្ពុជាស្នើសុំទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន៥លានដូសពីឥណ្ឌា

ការស្នើនោះ បានធ្វើឡើងក្នុងជំនួបសន្ទនាតាមទូរស័ព្ទរវាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា (Subrahmanyam Jaishankar) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា នៅថ្ងៃស១៨កុម្ភៈឆ្នាំ២០២១។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបនាឲ្យដឹងថា ជំនួបនោះគឺធ្វើឡើងដើម្បីពិភាក្សាអំពីថ្នាំបង្ការជំងឺកូវីដ-១៩ និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនោះ។ ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន បានថ្លែងសាទរចំពោះការខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌា ដែលបានអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន២ប្រភេទ ប្រកបដោយជោគជ័យ និងបានថ្លែងកោតសរសើរកាយវិការមនុស្សធម៌ជាអន្តរជាតិរបស់ឥណ្ឌា ចំពោះការបរិច្ចាគ និងលក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រាបលានដូសដល់ប្រទេសសជាច្រើន។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌាផងដែរ ដែលបានអនុម័តផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន១សែនដូសដល់កម្ពុជា តាមរយៈវិទ្យាស្ថានសេរ៉ូមនៃប្រទេសឥណ្ឌា ផ្អែកលើកិច្ចសន្យាពាណិជ្ជកម្ម ទោះបីជាមានការប្រកួតប្រជែង និងសំណើជាច្រើនពីប្រទេសដៃគូ និងតម្រូវការក្នុងស្រុកក៏ដោយ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនសមភាគីឥណ្ឌាថា កម្ពុជាត្រូវការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន៥លានដូស ដោយស្នើសុំឲ្យភាគីឥណ្ឌាផ្គត់ផ្គង់វ៉ាក់សាំងនោះក្នុងដំណាក់កាលដំបូងចំនួន១សសែនដូស។ ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រេចទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ពីឥណ្ឌាដោយសារកម្ពុជា និងឥណ្ឌាមានប្រវត្តិទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងម្យ៉ាងទៀតដោយសារប្រជាជនកម្ពុជាជឿទុកចិត្តលើថ្នាំពេទ្យ និងសេវាសុខភាពរបស់ឥណ្ឌា ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធិភាពខ្ពស់។ ជាការឆ្លើយតប លោក ចៃហ្សានកា បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន…
-
លោក ចូ បៃដិន សន្យាផ្តល់ថវិកា៤ពាន់លានដុល្លារដល់កម្មវិធីចាក់វ៉ាក់សាំង COVAX អំឡុងចូលរួមកិច្ចប្រជុំប្រទេស G7 ក្នុងសប្តាហ៍នេះ

អាមេរិក៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាផ្តល់ថវិកា៤ពាន់លានដុល្លារដល់កម្មវិធីចាក់វ៉ាក់សាំង COVID-19 នៅតាមបណ្ដាប្រទេសក្រីក្រ នេះបើតាមមន្រ្តីអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ។ លោក ចូ បៃដិន នឹងប្រើឱកាសជាលើកដំបូងរបស់លោកក្នុងនាមជាប្រធានា ធិបតី អំឡុងកិច្ចប្រជុំ G7 តាមប្រព័ន្ធអនឡាញនៅថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ដើម្បីប្រកាសជាបន្ទាន់នូវការបរិច្ចាគថវិកា២ពាន់លានដុល្លារដល់កម្មវិធី COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) ដើម្បីធានានូវការទទួលបានការចាក់វ៉ាក់សាំងប្រកបដោយតម្លាភាពនៅជុំវិញពិភពលោក ។ រីឯថវិកា២ពាន់លានដុល្លារទៀតនឹងត្រូវផ្ដល់ជូនក្នុងរយៈពេល២ឆ្នាំខាងមុខផងដែរ ដើម្បីលើកទឹកចិត្តឱ្យប្រទេសជាម្ចាស់ជំនួយធំៗដទៃចូលរួមចំណែកក្នុងកិច្ចការនេះ ។ សូមជម្រាបថា កម្មវិធី COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) មានគោលបំណងផ្ដល់វ៉ាក់សាំងប្រមាណ២ពាន់លានដូសនៅត្រឹមដំណាចឆ្នាំ២០២១នេះ ដោយគ្របដណ្ដប់លើ២០ភាគរយ នៃប្រជាជនងាយរងគ្រោះនៅតាមបណ្ដាប្រទេសក្រីក្រ និងប្រទេសមានប្រាក់ចំណូលមធ្យម ៕ ប្រភព៖ AFP
-
រដ្ឋធានី ហ្សាការតា របស់ឥណ្ឌូនេស៊ីព្រមានដាក់ពិន័យធ្ងន់ធ្ងរលើអ្នកមិនព្រមចាក់វ៉ាក់សាំង Covid-19

ឥណ្ឌូនេស៊ី៖ រដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូនេស៊ី ព្រមានដាក់ពិន័យប្រជាជនខ្លួនជាប្រាក់រហូតដល់៥លានរូពី ឬស្មើនឹងជាង៣៥៦ដុល្លារ ចំពោះការបដិ សេធចាក់វ៉ាក់សាំងកូវីដ១៩ ដែលនេះជាការដាក់ពិន័យយ៉ាងធ្ងន់ធ្ងរ ក្នុងគោលបំណងធានាឲ្យមានការអនុលោមតាមបទប្បញ្ញត្តិថ្មី ។ បើតាមមន្ត្រីសុខាភិបាលឥណ្ឌូនេស៊ីលោកស្រី ស៊ីទី ណាឌៀ តាមីហ្ស៊ី ការដាក់ទណ្ឌកម្ម គឺជាកិច្ចខិតខំចុងក្រោយរបស់យើង ដើម្បីលើកទឹកចិត្តឲ្យមានការចូលរួមពីប្រជាជន… គោលដៅលើប្រជាជន១៨១.៥លាននាក់ គឺធំធេងណាស់ ។ ជាមួយគ្នានេះ អភិបាលរងក្រុងហ្សាការតាលោក អាម៉េដ រីហ្សា ផាតទ្រា បានបញ្ជាក់ថា អាជ្ញាធរក្រុងគ្រាន់តែអនុវត្តតាមច្បាប់ប៉ុណ្ណោះ ហើយការដាក់ទណ្ឌកម្មបែបនេះ គឺជាមធ្យោបាយចុងក្រោយនៅក្នុងទីក្រុងហ្សាការតា ខណៈទីក្រុងនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ប្រហែល១ភាគ៤ ក្នុងចំណោមអ្នកឆ្លងជាង១.២លាននាក់ ។ អភិបាលរងក្រុងហ្សាការតារូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើអ្នកបដិសេធចាក់វ៉ាក់សាំង មានរឿងពីរយ៉ាង មួយគឺជំនួយសង្គមនឹងមិនត្រូវបានផ្តល់ជូនទេ និងមួយទៀតគឺការពិន័យ ។ ការពិន័យ នឹងត្រូវកំណត់ដោយភ្នាក់ងារសុខភាពក្នុងតំបន់ ឬដោយរដ្ឋាភិបាលក្នុងតំបន់ ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១០លាន៨៣ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៤៥ម៉ឺននាក់ និងជាសះស្បើយ៨៥លាន៧៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១០លាន៨៣ម៉ឺន៤ពាន់១៤៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៤៥ម៉ឺន២ពាន់៥១១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨៥លាន៧៧ម៉ឺន៣ពាន់៣៩៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន៥២ម៉ឺន៣ពាន់៥២៤នាក់ ស្លាប់ចំនួន៥០ម៉ឺន៥ពាន់៣០៩នាក់ និងជាសះស្បើយចំនួន១៨លាន៧០ម៉ឺន៣ពាន់៤២១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៩៦ម៉ឺន២ពាន់១៨៩នាក់ ស្លាប់ចំនួន១៥ម៉ឺន៦ពាន់១២៣នាក់ និងជាសះស្បើយ១០លាន៦៦ម៉ឺន៥ពាន់៦៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១០លាន៣ម៉ឺន៦២៦នាក់ ស្លាប់២៤ម៉ឺន៣ពាន់៦១០នាក់ និងជាសះស្បើយ៨លាន៩៩ម៉ឺន៥ពាន់២៤៦នាក់ ៕ ប្រភព៖ worldometers
-
ក្រសួងសុខាភិបាលបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សរុបបានជាង៤ពាន់នាក់ហើយ

ភ្នំពេញ៖ របាយការណ៍របស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បង្ហាញថា គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលបានចំនួន ៣,៨០៣នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ១,២៥៩នាក់។ របាយការណ៍បានបង្ហាញថា ចំនួនអ្នកដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងសរុប ៤,៦៦៩នាក់។ តែអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់មានចំនួន ៨៦៦នាក់។ ក្រសួងសុខាភិបាល បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ ដោយឡែកគិតចាប់ពីថ្ងៃទី១០ រហូតដល់ល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៉ីណូហ្វាម (Sinopharm) ជូនកងកម្លាំងសរុបបាន ១២,៨០៩នាក់ហើយ៕
-
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសថាមានអ្នកស្មគ្រចិត្តមកចាក់វ៉ាក់សាំងកូវីដ១៩ចំនួន ៤៦៦៩នាក់

នៅក្នុងសេចក្តីជូនដំណឹងដែលទូរទស្សន៍អប្សរាបានទទួល នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈនេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹង ចាប់ពីថ្ងៃទី១០-១៨ ខែកុម្ភៈ មានអ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ សរុបចំនួន ៤៦៦៩នាក់។ ប៉ុន្តែអ្នកបានចាក់វ៉ាក់សាំងរួច មានចំនួន ៣៨០៣នាក់។ ចំណែកអ្នកដែលគ្រូពេទ្យ មិនអនុញ្ញាតឲ្យចាក់ មានចំនួន ៨៦៦នាក់។
-
មន្ទីរបញ្ចកោណបញ្ជាក់ថា ប្រហែល១ភាគ៣នៃយោធាអាមេរិកបដិសេធចាក់វ៉ាក់សាំង Covid-19

អាមេរិក៖ ប្រហែលមួយភាគបីនៃយោធាអាមេរិកកំពុងបដិសេធក្នុងការទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 បើទោះបីជាមានករណីឆ្លងខ្លាំងនៅក្នុងជួរកងកម្លាំងក៏ដោយ នេះបើតាមការបញ្ជាក់របស់មន្រ្តីមន្ទីរបញ្ចកោណ ។ លោកឧត្តមសេនីយ៍ ចេស ចេសហ្វៀរ៉ូរ៉ូ បានបង្ហាញពីអត្រាបដិសេធដ៏ខ្ពស់ខាងលើនេះនៅក្នុងសភា ខណៈដែលក្រសួងការពារជាតិអាមេរិកនៅតែបន្តចាត់ថ្នាក់វ៉ាក់សាំងកូវីដ១៩ជាជម្រើសសំខាន់ ដោយសារតែពួកគេមិនទាន់ទទួលបានការយល់ព្រមពេញលេញពីរដ្ឋបាលឱសថសហព័ន្ធអាមេរិកនៅឡើយទេ ។ ជាមួយគ្នានេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចន ឃើប៊ី បាននិយាយថា មិនមានទិន្នន័យលម្អិតអំពីយោធាស្តីពីការចាក់វ៉ាក់សាំងនោះទេ ប៉ុន្តែបានបញ្ជាក់ថា យោធាច្រើនជាង៩១ម៉ឺន៦ពាន់៥រយនាក់ហើយ ដែលត្រូវបានចាក់វ៉ាក់សាំងរហូតមកដល់ពេលនេះ ។ លោក ឃើប៊ី បន្ថែមថា នៅចុងសប្តាហ៍នេះ សមាជិកយោធាជាង១លាននាក់នឹងទទួលការចាក់វ៉ាក់សាំងការពារ ខណៈរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ឡយ អូស្ទីន បានទទួលការចាក់វ៉ាក់សាំងរួចហើយដែរ ។ ប៉ុន្តែដោយសារការចាក់វ៉ាក់សាំងការពារកូវីដ១៩ ត្រូវបានអនុម័តតែលើករណីបន្ទាន់ប៉ុណ្ណោះដូច្នេះពួកគេមិនអាចបង្ខំមនុស្សអោយចាក់បានទេ ៕ ប្រភព៖ AFP
-
ថៃមានគ្រូពេទ្យស្លាប់ដោយសារកូវីដ១៩ លើកដំបូង ជាអ្នកស្លាប់ទី៨៣

វេជ្ជបណ្ឌិតម្នាក់នៅក្នុងខេត្ត ម៉ាហា សារ៉ាកខាម បានស្លាប់ដោយសារតែជំងឺកូវីដ១៩ ជាគ្រូពេទ្យដំបូងដែលបានស្លាប់ដោយសារតែជំងឺកូវីដ១៩ នៅក្នុងប្រទេសនេះ។ វេជ្ជបណ្ឌិត Panya Hanphanitphan វ័យ៦៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យ Srinagrind នៅ Khon Kaen វេលាម៉ោង១៖១៩នាទី រំលងអធ្រាត ឈាងចូលថ្ងៃទី១៨ កុម្ភៈ ២០២១។ បូកបញ្ជូលទាំងការស្លាប់គ្រូពេទ្យរូបនេះ ធ្វើឲ្យអ្នកស្លាប់នៅជំងឺកូវីដ១៩ កើនដល់៨៣នាក់។ ព្រឹកថ្ងៃទី១៨ កុម្ភៈនេះ មានអ្នកជំងឺកូវីដ១៩ ចំនួន១៥០នាក់ទៀត កើនដល់ ២៥១១១នាក់ ជាសះស្បើយ ២៣៩៤៦នាក់ ស្មើនឹង៩៥.៣ភាគរយ៕
-
សម្ដេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យចំនួន០២ ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូល ដោយធ្វើការផាកពិន័យ លើអ្នកមិនធ្វើចត្តាឡីស័ក និង អ្នកនាំគេចវេស

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ដោយធ្វើការផាកពិន័យ លើអ្នកមិនធ្វើចត្តាឡីស័ក និង អ្នកនាំគេចវេស រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យចំនួន០២ រួមមាន ៖ ១) អនុក្រឹត្យលេខ២៧ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្ដីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ២) អនុក្រឹតលេខ២៨ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ២០២១ ស្ដីពីការកែសម្រួលមាត្រា៨ នៃអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ដីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ៕
-
ប្រមុខអង្គការសហប្រជាជាតិជំរុញអោយមានផែនការសកល ដើម្បីការទទួលបានវ៉ាក់សាំង Covid-19 ដោយយុត្តិធម៌

ស្វីស៖ អគ្គលេខាអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទែរ៉េស នៅថ្ងៃពុធនេះ បានរិះគន់ការចែកចាយវ៉ាក់សាំង Covid-19 មិនស្មើគ្នា និងមិនយុត្តិធម៌ជាទូទៅ ដោយលោកបានទាមទារអោយមានកិច្ចខិតខំសកលមួយ ដើម្បីប្រជាជនទាំងអស់នៅគ្រប់ប្រទេស អាចចាក់វ៉ាក់សាំងក្នុងពេលឆាប់ៗតាមដែលអាចធ្វើបាន ។ លោក ហ្គូទែរ៉េស បានប្រាប់កិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា មានតែប្រទេសចំនួន១០ប៉ុណ្ណោះបានចាក់វ៉ាក់សាំង៧៥ភាគរយ នៃវ៉ាក់សាំងទាំងអស់ដែលចាក់កន្លងមក ខណៈប្រទេស១៣០មិនទាន់បានចាក់វ៉ាក់សាំងមួយដូសនៅឡើយទេ លោកថា នៅពេលដ៏សំខាន់នេះ សមភាពវ៉ាក់សាំងគឺជាការធ្វើតេស្តសីលធម៌ធំបំផុតនៅចំពោះមុខសហគមន៍សកលលោក ។ ជាមួយគ្នានេះ លោក ហ្គូទែរ៉េស ក៏បានអំពាវនាវអោយមហាអំណាចសេដ្ឋកិច្ចធំៗក្នុងពិភពលោកនៅក្នុងក្រុមប្រទេស G20 បង្កើតក្រុមការងារគ្រាអាសន្នមួយដើម្បីបង្កើតផែនការ និងសម្របសម្រួលការអនុវត្តវា ហើយនឹងការផ្តល់ហិរញ្ញប្បទាន ហើយថា ក្រុមការងារនេះគួរមានសមត្ថភាពប្រមែប្រមូលបណ្តាក្រុមហ៊ុនឱសថ និងអ្នកដើរតួឧស្សាហកម្ម និងឡូជីស្ទិកសំខាន់ៗ ៕ ប្រភព៖ AFP