-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១០០លាននាក់ ក្នុងនោះស្លាប់ជាង២លាន១៤ម៉ឺននាក់ និងជាសះស្បើយជាង៧២លាន២៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០០លាន២៨ម៉ឺន២៥២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន១៤ម៉ឺន៩ពាន់៣៨៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧២លាន២៨ម៉ឺន៩ពាន់១៦៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៥លាន៨៦ម៉ឺន១ពាន់៥៩៧នាក់ ស្លាប់ចំនួន៤៣ម៉ឺន១ពាន់៣៩២នាក់ និងជាសះស្បើយចំនួន១៥លាន៦១ម៉ឺន៧ពាន់៣៦០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៦៧ម៉ឺន៧ពាន់៧១០នាក់ ស្លាប់ចំនួន១៥ម៉ឺន៣ពាន់៦២៤នាក់ និងជាសះស្បើយ១០លាន៣៤ម៉ឺន៥ពាន់២៧៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៨លាន៨៧ម៉ឺន២ពាន់៩៦៤នាក់ ស្លាប់២១ម៉ឺន៧ពាន់៧១២នាក់ និងជាសះស្បើយ៧លាន៧០ម៉ឺន៩ពាន់៦០២នាក់ ៕ ប្រភព៖ worldometers
-
សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយ៣០០លានរៀលបន្ថែមទៀត ដល់ខេត្តឧត្តរមានជ័យ និងប៉ៃលិន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សម្រេចផ្តល់ជំនួយបន្ថែមចំនួន ៣០០លានរៀលទៀត ដល់ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន ដើម្បីរៀបចំសម្រួលដល់ការធ្វើចត្តាឡីស័ករបស់ពលករខ្មែរ មកពីប្រទេសថៃ។ លោកស្រី យក់ សម្បត្តិ បញ្ជាក់ថា ក្នុងចំណោមថវិកាចំនួន៣០០លានរៀល មានខេត្តឧត្តរមានជ័យ ទទួលបាន ២០០លានរៀល និង ខេត្តប៉ៃលិន ទទួលបាន១០០លានរៀល។ ចាប់តាំងពីប្រទេសថៃ មានការផ្ទុះជំងឺកូវីដ១៩ នៅក្នុងសហគមន៍យ៉ាងខ្លាំងក្លា ក្នុងខេត្តសមុទ្រសាខន ដែលជាប់ព្រំដែន ជាមួយគ្នា កម្ពុជាបានរកឃើញមានពលករជាបន្តបន្ទាប់មានផ្ទុកជំងឺកូវីដ១៩ ក្រោយពេលត្រឡប់មកពីប្រទេសថៃ។ ឆ្លើយតបនឹងស្ថានភាពនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់ជំនួយថវិកាជាបន្តបន្ទាប់ដល់ ខេត្តជាប់ព្រំដែនថៃទាំង ៧ ដើម្បីរៀបចំធ្វើចត្តាឡីស័កដល់ពលករដែលត្រឡប់មកពីប្រទេសថៃ។ បើតាមក្រសួងសុខាភិបាល, គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ មានពលករខ្មែរចំនួនជិត២ម៉ឺននាក់ បានត្រឡប់ ប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅខេត្តជាប់ព្រំដែន ក្នុងប្រទេសកម្ពុជា៕
-
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២នាក់នៅថ្ងៃនេះ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃ២៦មករាឆ្នាំ២០២១បានឲ្យដឹងថា គេបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ចំនួន២នាក់ និងអ្នកជាសះស្បើយចំនួន៣នាក់នៅថ្ងៃ២៥មករាឆ្នាំ២០២១។ អ្នកឆ្លងថ្មីទាំង២នាក់នោះ មានម្នាក់ជាជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរមកពីប្រទេសឥណ្ឌូនេសនី និងម្នាក់ទៀតជាពលករមកពីប្រទេសថៃ។ ចំណែកអ្នកជាសះស្បើយទាំង៣នាក់នោះ មាន២នាក់ជាអ្នកដំណើរ និងម្នាក់ជាពលករមកពីប្រទេសថៃ។ កម្ពុជាគិតមកដល់ថ្ងៃ២៦មករាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤៦០នាក់ បានព្យាបាលជាសះស្បើយចំនួន៤១២នាក់ និងនៅសល់៤៨នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕កឹម ទៀង
-
លោក ចូ បៃដិន គ្រោងដាក់បំរាមលើការធ្វើដំណើរពីប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃវីរុស Covid-19 ទម្រង់ថ្មី (Video)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងដាក់បំរាមលើអ្នកដំណើរ ដែលមិនមែនជាពលរដ្ឋអាមេរិកចូលក្នុងប្រទេសខ្លួន ដែលថ្មីៗនេះធ្លាប់បានធ្វើដំណើរទៅប្រទេសអាហ្វ្រិកខាងត្បូង ដោយគិតចាប់ពីថ្ងៃទី៣០ ខែមករានេះតទៅ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃវីរុស Covid-19 ទម្រង់ថ្មី ។ នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះដែរ លោក បៃដិន ក៏កំពុងដាក់បំរាមសាជាថ្មីម្តងទៀតលើអ្នកដំណើរដែលមិនមែនជាពលរដ្ឋអាមេរិកស្ទើរទាំងអស់ ដែលមកពីប្រទេសប្រេស៊ីល ចក្រភពអង់គ្លេស អៀកឡង់ និង២៦ប្រទេសផ្សេងទៀតក្នុងតំបន់អឺរ៉ុប ។ សូមបញ្ជាក់ថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប១៣ម៉ឺន៥ពាន់១៨២នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ១ពាន់៨៤៤នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នានៅទូទាំងសហរដ្ឋអាមេរិក ។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់២៥លាន៧០ម៉ឺន២ពាន់១២៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន៤២ម៉ឺន៩ពាន់៤៩០នាក់ និងជាសះស្បើយឡើងសរុប ១៥លាន៤០ម៉ឺន៩ពាន់៦៣៩លាននាក់ ៕ ប្រភព៖ Reuters
-
ទីបំផុតវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech ទទួលបានការអនុម័តអោយប្រើប្រាស់ក្នុងប្រទេសអូស្ត្រាលី (Video)

អូស្រ្តាលី៖ ទីបំផុតវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន ភីហ្វីហ្សឺ-បាយអូអិនធិច ទទួលបានការអនុម័តអោយប្រើប្រាស់ក្រោមនីតិវិធីធម្មតា ពីរដ្ឋាភិបាលអូស្រ្តាលី ដែលនេះបានធ្វើឱ្យអូស្រ្តាលីកា្លយជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលយល់ព្រមអនុម័តពេញលេញគ្រប់ជ្រុងជ្រោយលើវ៉ាក់សាំងនេះ ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន បានគូសបញ្ជាក់ថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិកសហការជាមួយអាល្លឺម៉ង់នេះ នឹងអនុញ្ញាតឱ្យប្រើប្រាស់លើប្រជាជនអូស្ត្រាលីមានវ័យ១៦ឆ្នាំឡើងទៅ ។ ជាមួយគ្នានេះ រដ្ឋមន្រ្តីសុខាភិបាលអូស្រ្តាលីលោក Greg Hunt បានប្រាប់អ្នកយកព័ត៌មានថា ការចាក់វ៉ាក់សាំងលើក្រុមមនុស្សមានអាទិភាពត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមនៅចុងខែកុម្ភៈខាងមុខនេះ ដោយអាជ្ញាធរនឹងចាក់អោយបាន៨ម៉ឺនដូសក្នុងមួយសប្ដាហ៍ ៕ប្រភព៖ Reuters
-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១៨៧ករណី និងមានអ្នកស្លាប់២នាក់ទៀត នៅក្នុងរបាយការណ៍ប្រចាំថ្ងៃចន្ទនេះ (Video)

ថៃ៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានកត់ត្រាពីអ្នកឆ្លង Covid-19 ថ្មីៗចំនួន១៨៧ករណី និងមានអ្នកស្លាប់បន្ថែម០២នាក់ទៀត ។ ក្នុងចំណោមករណីឆ្លងថ្មីៗចំនួន១៨៧ករណីខាងលើនេះ ក្នុងនោះមាន១១៦ ករណីត្រូវបានរកឃើញតាមរយៈការស្វែងរកសកម្ម ស្របពេលដែល៦១នាក់ជាករណីឆ្លងក្នុងសហគមន៍ និង ១០នាក់ជាករណីនាំចូល ។ សូមជម្រាបផងដែរថា គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លង Covid-19 សរុបនៅទូទាំងប្រទេសថៃបានកើនឡើងដល់១ម៉ឺន៣ពាន់៦៨៧ករណី ក្នុងនោះមានអ្នកស្លាប់៧៥នាក់ និងអ្នកជាសះស្បើយឡើងវិញ១ម៉ឺន៦៦២នាក់ ៕ ប្រភព៖ Bangkok Post
-
កងឆ្មាំជាតិចន្លោះពី១៥០ទៅ២០០នាក់ធ្វើតេស្តវិជ្ជមាន Covid-19 ក្រោយពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន

អាមេរិក៖ កងឆ្មាំជាតិពី១៥០ទៅ២០០នាក់ ដែលដាក់ពង្រាយនៅទីក្រុងវ៉ាស៊ីន តោន ដើម្បីការពារពិធីស្បថចូលកាន់តំណែងជាផ្លូវការរបស់លោក ចូ បៃដិន បានធ្វើតេស្តវិជ្ជមាន Covid-19 ។ រដ្ឋាភិបាលអាមេរិកបានដាក់ចេញវិធានការសន្តិសុខ ដែលមិនធ្លាប់មានពីមុនមកក្នុងទីក្រុងវ៉ាស៊ីនតោន ក្រោយការវាយប្រហារដ៏សាហាវកាលពីថ្ងៃទី០៦ ខែមករាទៅលើវិមានសភា ដោយក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។ បើតាមមន្ត្រីម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ចំនួនកងកម្លាំងឆ្មាំជាតិដែលបានធ្វើតេស្តវិជ្ជមាន Covid-19 អាចនឹងកើនឡើងជាបន្តទៀត ប៉ុន្តែនៅតែជាចំណែកតូចមួយនៃកងទ័ពជាង២ម៉ឺន៥ពាន់នាក់ ដែលត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុងកាលពីប៉ុន្មានថ្ងៃមុន ៕ប្រភព៖ Reuters
-
ក្រុមហ៊ុនផលិតឱសថ Pfizer គ្រោងផ្តល់វ៉ាក់សាំង Covid-19 ចំនួន៤០លានដូសដល់ប្រទេសក្រីក្រ

ស្វីស៖ ក្រុមហ៊ុនផលិតឱសថ Pfizer នឹងផ្តល់វ៉ាក់សាំង Covid-19 របស់ខ្លួនចំនួន៤០លានដូសដល់ប្រទេសក្រីក្រ ដោយឈរលើមូលដ្ឋានមិនស្វែងរកប្រាក់ចំនេញ តាមរយៈកម្មវិធី Covax របស់អង្គការសុខភាពពិភពលោក WHO និងសម្ព័ន្ធវ៉ាក់សាំង Gavi ។ ប្រធានក្រុមហ៊ុន Pfizer លោក Albert Bourla បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌ មានថា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍គួរតែមានសិទ្ធិទទួលបានវ៉ាក់សាំង ដូចគ្នានឹងប្រទេសផ្សេងទៀតលើពិភពលោកដែរ ។ លោកបានសង្កត់ធ្ងន់ថា យើងមានមោទកភាពដែលមានឱកាសនេះ ដើម្បីផ្តល់វ៉ាក់សាំងដែលនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្មវិធី Covax របស់ WHO ឆ្ពោះទៅរកការចាក់វ៉ាក់សាំងដល់បុគ្គលិកថែទាំសុខភាព ដែលមានហានិភ័យខ្ពស់ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រជាជនងាយរងគ្រោះដទៃទៀត ។ សូមជម្រាបថា Covax ដែលជាកម្មវិធីផ្គត់ផ្គង់វ៉ាក់សាំង Covid-19 នៅទូទាំងពិភពលោក និងកិច្ចខិតខំប្រឹងប្រែងចែកចាយប្រកបដោយសមធម៌ ក្នុងគោលបំណងធានាថា បណ្តាប្រទេសមានប្រាក់ចំណូលទាបទទួលបានកម្រិតដូសដូចគ្នា កំពុងមានសង្ឃឹមថា នឹងធ្វើការចែកចាយលើកដំបូងរបស់ខ្លួននៅក្នុងខែកុម្ភៈខាងមុខនេះ ៕ ប្រភព៖ Bangkok Post
-
គូវ៉ែតកំណត់ចំនួនអ្នកដំណើរចូលប្រទេសរបស់ខ្លួន រហូតដល់៨០ភាគរយ ដើម្បីទប់ស្កាត់ Covid-19 ទម្រង់ថ្មី

គូវ៉ែត៖ អាជ្ញាធរគូវ៉ែតនៅថ្ងៃអាទិត្យម្សិលមិញសម្រេចកាត់បន្ថយចំនួនអ្នកដំណើរបរទេស ដែលចូលមកក្នុងប្រទេសរបស់ខ្លួនរហូត៨០ភាគរយ ដោយនៅត្រឹម ១ពាន់នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ក្រោយរកឃើញវីរុស COVID-19 ទម្រង់ថ្មី ។ អាជ្ញាធរគូវ៉ែតកាលពីថ្ងៃអង្គារសប្តាហ៍កន្លងទៅបានរាយការណ៍ពីករណីដំបូង នៃវីរុស COVID-19 ទម្រង់ថ្មី ដែលត្រូវបានក្រសួងសុខាភិបាលគូវ៉ែតនិយាយថា រកឃើញលើស្ត្រីពីរនាក់ ដែលទើបបានវិលត្រឡប់មកពីអង់គ្លេស ។ ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍គូវ៉ែតបញ្ជាក់ថា ខ្លួននឹងប្រតិបត្តិការសេវាកម្មតិចជាងមុននៅចន្លោះថ្ងៃទី២៤ ខែមករា ដល់ថ្ងៃទី០៦ ខែកុម្ភៈខាងមុខ ក្រោយមានការណែនាំពីអាជ្ញាធរសុខាភិបាល និងបទបញ្ជាអាកាសចរណ៍របស់រដ្ឋ ។ យ៉ាងណាមិញ អាជ្ញាធរអាកាសចរណ៍ស៊ីវិលគូវ៉ែត មិនអាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ ៕ ប្រភព៖ Reuters
-
ថៃរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១៩៨ករណី និងមានអ្នកស្លាប់ម្នាក់ទៀត នៅក្នុងរបាយការណ៍ប្រចាំថ្ងៃអាទិត្យម្សិលមិញ

ថៃ៖ អាជ្ញាធរថៃនៅថ្ងៃអាទិត្យម្សិលមិញបានរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១៩៨នាក់ ក្នុងនោះ១១៨នាក់ជាករណីឆ្លងនៅក្នុងស្រុក ជាហេតុនាំអោយចំនួនឆ្លងសរុបកើនឡើងដល់១ម៉ឺន៣ពាន់៥០០នាក់ ។ នៅក្នុងរបាយការណ៍នៅថ្ងៃដដែលនេះ ក៏មានអ្នកជំងឺ Covid-19 ម្នាក់បន្ថែមទៀតក៏ស្លាប់ផងដែរ ដែលធ្វើអោយអ្នកបាត់បង់ជីវិតដោយសារជំងឺឆ្លងនេះកើនឡើងដល់៧៣នាក់ ។ អ្នកនាំពាក្យរងនៃមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩របស់ថៃ លោក អាពីសាម៉ាយ ស្រីសាងសន បាននិយាយថា អ្នកស្លាប់ថ្មីជាស្ត្រីវ័យ៧៣ឆ្នាំដែលបានទាក់ទងជិតដិតជាមួយអ្នកជំងឺកូវីដ១៩ម្នាក់ នៅក្នុងគ្រួសារគាត់នៅខេត្តសាមុត សាខន ។ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩របស់ថៃបានបញ្ជាក់ថា ខេត្តសាមុត សាខន មានអ្នកឆ្លងថ្មីច្រើនជាងគេគឺ៧៦នាក់ បន្ទាប់មកទីក្រុងបាងកកមានចំនួន២១នាក់ និងខេត្តសាមុត ប្រាកាន មានចំនួន១២នាក់ ៕ ប្រភព៖ Bangkok Post