-
អាមេរិកចាក់វ៉ាក់សាំងកូវីដ១៩បានជាង១៥លាននាក់ហើយ ខណៈអ្នកឆ្លងសរុបក្នុងប្រទេសមានជាង២៤លាននាក់

មជ្ឈមណ្ឌលជាតិបង្ការនិងគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិកបានអះអាងថា ខ្លួនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ពលរដ្ឋក្នុងសហរដ្ឋអាមេរិក ចំនួន១៥ ៧០៧ ៥៨៨នាក់ ក្នុងនោះ មានវ៉ាក់សាំង៣១ ១៦១ ០៧៥ លានឈុត (ដូស) ហើយ គិតត្រឹមព្រឹកថ្ងៃទី១៩ មករា ២០២១។ ប្រភពបន្តថា ការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ទាំងជាង៣១លានដូសនេះ គឺរាប់បញ្ជូលសរុបទាំងរបស់ក្រុមហ៊ុន Moderna និង Pfizer-BioNTech ។ សហរដ្ឋអាមេរិកមានអ្នកកើតជំងឺកូវីដ១៩ កើនដល់ជាង២៤លាននាក់ហើយ ក្នុងនោះ មាន៤០ម៉ឺននាក់បានបាត់បង់ជីវិតព្រោះជំងឺនេះ គិតត្រឹមម្សិលមិញ៕
-
រដ្ឋមន្ត្រីទី៥ឆ្លងជំងឺកូវីដ១៩ នៅប្រទេសម៉ាឡេស៊ី

លោកស្រី Halimah Mohamed Sadique រដ្ឋមន្ត្រីសាមគ្គីជាតិនៃប្រទេសម៉ាឡេស៊ីបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ បានក្លាយជាសមាជិកគណៈរដ្ឋមន្ត្រីទី៥ហើយ ក្នុងប្រទេសដែលបានឆ្លងជំងឺកូវីដ១៩។ លោស្រី Halimah Mohamed Sadique កំពុងត្រូវបានព្យាបាល និងដាក់ឲ្យនៅដាច់ដោយឡែក។ ក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី១៩ មករា ម្សិលមិញ ក្រសួងសាមគ្គីជាតិបានប្រកាសថា លោកស្រីនឹងបន្តធានាលើដំណើរការក្រសួង ដែលនឹងដំណើរការរលូន ក្នុងពេលព្យាបាលជំងឺ។ កាលពីខែមុន មានរដ្ឋមន្ត្រីចំនួន៤រូបនៅប្រទេសម៉ាឡេស៊ីដែលបានឆ្លងជំងឺកូវីដ១៩ មុនពេលលោកស្រី Halimahឆ្លងដែរនេះ។ ម៉ាឡេស៊ីមានអ្នកកើតជំងឺកូវីដ១៩ សរុប កើនដល់ជាង១៦៥០០០នាក់ហើយ គិតត្រឹមម្សិលមិញ៕ ប្រភពពី CNA
-
លោក ចូ បៃដិន ដឹកនាំការគោរពវិញ្ញាណក្ខ័ន្ធជនរងគ្រោះ៤០ម៉ឺននាក់ ដែលស្លាប់ដោយសារ Covid-19 មុនពិធីស្បថចូលកាន់តំណែង (Video)

អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារនេះ មុនពិធីស្បថចូលកាន់តំណែងរបស់លោក បានធ្វើពិធីគោរពវិញ្ញណក្ខ័ន្ធដល់ជនជាតិអាមេរិកចំនួន៤០ម៉ឺននាក់ដែលបានស្លាប់ដោយសារជំងឺ Covid-19 ក្នុងអំឡុងពេល១១ខែចាប់តាំងពីវីរុសដ៏កាចសាហាវមួយនេះ ត្រូវបានគេរកឃើញដំបូងនៅសហរដ្ឋអាមេរិក ។ នៅក្នុងសុន្ទរកថាខ្លីអំឡុងពិធីគោរពវិញ្ញណក្ខ័ន្ធនេះ លោក បៃដិន បាននិយាយថា យើងត្រូវតែចងចាំ… វាជាពេលវេលាដ៏លំបាកដែលត្រូវចងចាំ ប៉ុន្តែនោះជារបៀបដែលយើងត្រូវផ្សះផ្សារគ្នា… វាចាំបាច់ក្នុងការធ្វើដូច្នេះ ក្នុងនាមជាប្រជាជាតិមួយ ។ សូមជម្រាបថា លោក ចូ បៃដិន នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធេនេះ (ម៉ោងក្នុងតំបន់) ក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ដោយសារបារម្ភពីបាតុកម្មតវ៉ាប្រដាប់អាវុធ បន្ទាប់ពីក្រុមកុបករគាំទ្រលោក ដូណាល់ ត្រាំ សម្រុកចូលវាយប្រហារវិមានសភាកាលពីថ្ងៃទី០៦ ខែមករាកន្លងទៅ ដោយបណ្ដាលអោយមនុស្ស០៥នាក់ស្លាប់ ៕ប្រភព៖ Reuters
-
ប្រព័ន្ធផ្សព្វផ្សាយបរទេសរាយការណ៍ថា កូរ៉េខាងជើងបានកត់ត្រាលើកដំបូងពីករណីឆ្លង Covid-19 បន្ទាប់ពីការប្រារព្ធពិធីចូលឆ្នាំថ្មី

កូរ៉េខាងជើង៖ កូរ៉េខាងជើងបានកត់ត្រាពីករណីឆ្លង Covid-19 ជាលើកដំបូងនៅក្នុងប្រទេសរបស់ខ្លួន បន្ទាប់ពីការប្រារព្ធពិធីចូលឆ្នាំថ្មី បានធ្វើឲ្យមនុស្សចំនួន៣២នាក់ឆ្លងវីរុសនេះ នេះបើតាមសារព័ត៌មាន Daily Star នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ។ ព្រឹត្តិការណ៍ដ៏ធំមួយមានអ្នកចម្រៀង និង អ្នករបាំដែលប្រារព្ធធ្វើឡើងនៅក្នុងរដ្ឋធានីព្យុងយ៉ាង ត្រូវបានទស្សនាដោយមនុស្សយ៉ាងច្រើននៅក្នុងទីលាន គីមអ៊ីលស៊ុង ។ មានករណីថ្មីចំនួន៣២ករណី រួមទាំងអ្នកស្លាប់២នាក់ផងដែរ ត្រូវបានគេរាយការណ៍ជាប់ទាក់ទងនឹងការប្រមូលផ្តុំទ្រង់ទ្រាយធំខាងលើ ដែលវិធានការគម្លាតសង្គមមិនត្រូវបានអនុវត្តនោះទេ ។ ប្រភពបានអោយដឹងថា មនុស្សដែលស្លាប់ត្រូវបានបូជា ហើយធាតុរបស់ពួកគេត្រូវបានបញ្ជូនត្រឡប់មកវិញ បន្ទាប់ពីដំណើរការបាញ់សម្លាប់មេរោគរួច ។ ក្រៅពីនេះ អ្នកដែលបង្ហាញរោគសញ្ញាគ្រុនក្តៅ បន្ទាប់ពីការសម្តែងត្រូវធ្វើចត្តាឡីស័កក្នុងផ្ទះជាមួយគ្រួសាររបស់ពួកគេ ៕ប្រភព៖ Daily Star
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៩៧លាននាក់ ក្នុងនោះស្លាប់ជាង២លាននាក់ និងជាសះស្បើយជាង៦៩លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩៦លាន៦២ម៉ឺន៤ពាន់៤០៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៦ម៉ឺន៥ពាន់៦៧២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦៩លាន២៧ម៉ឺន៣ពាន់៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៤លាន៨០ម៉ឺន៦ពាន់៩៦៤នាក់ ស្លាប់ចំនួន៤១ម៉ឺន១ពាន់៤៨៦នាក់ និងជាសះស្បើយចំនួន១៤លាន៧៨ម៉ឺន៦ពាន់៨៥២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៥៩ម៉ឺន៦ពាន់៤៤២នាក់ ស្លាប់ចំនួន១៥ម៉ឺន២ពាន់៧៥៤នាក់ និងជាសះស្បើយ១០លាន២៤ម៉ឺន៥ពាន់៩២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៨លាន៥៧ម៉ឺន៥ពាន់៧៤២នាក់ ស្លាប់២១ម៉ឺន១ពាន់៥១១នាក់ និងជាសះស្បើយ៧លាន៥១ម៉ឺន៨ពាន់៨៤៦នាក់ ៕
-
រកឃើញអ្នកឆ្លងថ្មី ០៧នាក់ទៀត ជាពលករខ្មែរមកពីប្រទេសថៃ

-
រដ្ឋាភិបាលថៃច្រានចោលការរិះគន់ដែលថាក្រុមហ៊ុនរបស់ស្តេចមានឥទ្ធិលពលលើកិច្ចការវ៉ាក់សាំងបង្ការកូវីដ១៩

រាជរដ្ឋាភិបាលថៃ នៅថ្ងៃទី១៩ មករា ២០២១នេះ បានប្រកាសការពារយុទ្ធសាស្ត្រវ៉ាក់សាំងបង្ការកូវីដ១៩ ដោយច្រានចោលការរិះគន់របស់ក្រុមបក្សប្រឆាំងដែលចោទថា បានពឹងផ្អែកខ្លាំងលើក្រុមហ៊ុនមួយដែលជាកម្មសិទ្ធិរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ។ ថ្មីៗនេះ មានការរិះគន់របស់អ្នកនយោបាយបក្សប្រឆាំងដែលគេហាមមិនឲ្យចូលប្រទេសថៃ ឈ្មោះថា Thanathorn Juangroongruangkit ចំពោះបញ្ហាវ៉ាក់សាំងនេះ ពោលគឺចំពេលដែលប្រទេសថៃកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងផ្ទុះខ្លាំង ហើយក៏ក្រោយពេលរាប់ខែដែលក្រុមបាតុករដឹកនាំដោយយុវជនបានផ្តើមធ្វើបាតុកម្មជាប្រវត្ថិសាស្ត្រប្រឆាំងនឹងរបបរាជានិយមនោះ។ នាយកវិទ្យាស្ថានវ៉ាក់សាំងជាតិរបស់ថៃ Nakorn Premsri បានលើកឡើងថា «ការចោទប្រកាន់គ្មានមូលដ្ឋាន និងមិនត្រឹមត្រូវនេះមិនគួរយកមកពាក់ព័ន្ធនឹងកិច្ចការរបស់ស្ថាប័នព្រះមហាក្សត្រ ដែលពួកយើងគោរពស្រលាញ់ជាទីបំផុតនេះទេ»។ លោក Thanathorn បាននិយាយថា ក្រុមហ៊ុនរាជវង្ស Siam Bioscience បានក្លាយជាជម្រើសតែមួយគត់ ក្នុងចំណោមក្រុមហ៊ុនជាច្រើន ដែលគេសម្រេចក្នុងការទទួលកិច្ចការផ្ទេរបច្ចេកទេសពីក្រុមហ៊ុន ក្នុងការផលិតវ៉ាក់សាំង២០០លានដូស រៀងរាល់ឆ្នាំ សម្រាប់ប្រទេសថៃនិងបណ្តាប្រទេសផ្សេងៗទៀត៕ ប្រភពពី CNA
-
មន្រ្តីរបស់លោក ចូ បៃដិន និយាយថា សហរដ្ឋអាមេរិកនឹងមិនដកបម្រាមធ្វើដំណើរចូលប្រទេសខ្លួនឡើយ បើទោះបីជាលោក ដូណាល់ ត្រាំ ទើបប្រកាសក៏ដោយ (Video)

អាមេរិក៖ អ្នកនាំពាក្យរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន បានច្រានចោលការប្រកាសរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះថា បម្រាមលើអ្នកដំណើរទាំងឡាយមកពីប្រទេសអឺរ៉ុប និង ប្រេស៊ីល នឹងត្រូវដកចេញវិញនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ។មន្រ្តីជាន់ខ្ពស់របស់លោក បៃដិន បានបង្ហោះសារនៅលើ Twitter ថា យោងតាមអនុសាសន៍នៃក្រុមវេជ្ជសាស្រ្តរបស់យើង រដ្ឋបាលលោក បៃដិន នឹងមិនដកបម្រាមលើវិធានការរឹតបន្តឹងនៅថ្ងៃទី២៦ ខែមករាខាងមុខនេះឡើយ ។ ជាក់ស្តែង យើងមានផែនការរឹងបន្តឹងវិធានការសុខភាពសាធារណ ជុំវិញការធ្វើដំណើរអន្តរជាតិ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ Covid-19 ។ការកត់សម្គាល់បែបនេះរបស់មន្រ្តីលោក បៃដិន បានកើតមានឡើងក្រោយប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយនៅថ្ងៃចន្ទនេះ ដោយបញ្ជាឱ្យលុបចោលបម្រាមធ្វើដំណើរចូលមកកាន់សហរដ្ឋអាមេរិក ដែលអនុវត្តលើបណ្ដាប្រទេសអឺរ៉ុប ក្នុងនោះរួមមាន អង់ គ្លេស និងប្រេស៊ីល ដែលពីដំបូងឡើយត្រូវបានដាក់ ដោយសារបារម្ភពីការឆ្លងរាតត្បាតនៃជំងឺ COVID-19 ៕ប្រភព៖ Reuters
-
សហរដ្ឋអាមេរិក និងចិនប៉ះទង្គិចគ្នា ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់មន្ត្រីជំនាញអង្គការ WHO នៅទីក្រុងវូហាន

ស្វីស៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បានទទូចឲ្យចិនអនុញ្ញាតឲ្យក្រុមជំនាញមកពីអង្គការសុខភាពពិភពលោក WHO ធ្វើកិច្ចសម្ភាសន៍ជាមួយអ្នកថែសុខភាព អតីតអ្នកជំងឺ COVID-19 និងអ្នកបម្រើការងារនៅមន្ទីរពិសោធន៍ក្នុងទីក្រុងវូហាន ខណៈសំណើនេះកំពុងធ្វើអោយទីក្រុងប៉េកាំងរិះគន់ត្រលប់ទៅវិញ ។ក្រុមជំនាញរបស់អង្គការ WHO ដែលមានសមាជិក ១០នាក់បានទៅដល់ទីក្រុងវូហាន ភាគកណ្តាលប្រទេសចិន កាលពីសប្តាហ៍មុននេះ ប៉ុន្តែពួកគេត្រូវស្ថិតនៅក្នុងការធ្វើចត្តាឡីស័ក សម្រាប់រយៈពេល១៤ថ្ងៃ ទៅតាមបទបញ្ជាផ្នែកសុខាភិបាល ។ អំឡុងពេលពីរសប្តាហ៍នៃចត្តាឡីស័កនោះ ក្រុមជំនាញ WHO បានជួបពិភាក្សា និងស្វែងយល់បញ្ហាជាទូទៅតាមប្រព័ន្ធវីដេអូខុនហ្វ្រិន មុននឹងពួកគេអាចចាប់ផ្តើមដំណើរការស៊ើបអង្កេតជាផ្លូវការ នៅក្រោយបញ្ចប់ចត្តាឡីស័ក ។ លោក ហ្គារែត ហ្គ្រីតស៍ប៊ី ជាមន្ត្រីតំណាងរបស់អាមេរិក ដែលកំពុងចូលរួមដឹកនាំក្រុមខាងលើនេះដែរនិយាយថា ចិនគួរតែចែករំលែកនូវព័ត៌មានគ្រប់យ៉ាង អំពីការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្ររបស់ខ្លួន បូករួមទាំងគំរូតាងបានមកពីការស្រាវជ្រាវលើសត្វ មនុស្ស និងបរិស្ថាននៅទីផ្សារមួយក្នុងទីក្រុង វូហាន ដែលគេជឿជាក់ថា ជាចំណុចផ្ទុះដំបូងនៃមេរោគកូរ៉ូណា (SARS-CoV-2) កាលពីចុងឆ្នាំ២០១៩ ។ជាមួយគ្នានេះ អគ្គនាយកនៃការិយាល័យឆ្លើយតបបន្ទាន់ ចំណុះឲ្យគណៈកម្មការសុខាភិបាលជាតិចិន លោក ស៊ុន យ៉ាង បានប្រាប់គណៈប្រធានប្រតិបត្តិរបស់ WHO ក្នុងកិច្ចប្រជុំតាមវីដេអូខុនហ្វ្រិនថា ការសិក្សានានាដើម្បីស្វែងរកប្រភពដើមនៃវីរុស គឺជាធម្មជាតិនៃការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ… វាត្រូវការជាចាំបាច់នូវកិច្ចសម្របសម្រួល…
-
ថៃគ្រោងអនុញ្ញាតអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Oxford-AstraZeneca ក្នុងករណីបន្ទាន់នៅសប្តាហ៍នេះ (Video)

ថៃ៖ រដ្ឋបាលចំណីអាហារ និងឱសថថៃ ដែលហៅកាត់ថា FDA ត្រូវរំពឹងថា នឹងអនុម័តអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស Oxford-AstraZeneca នៅសប្តាហ៍នេះ សម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់ក្នុងប្រទេសអាស៊ីមួយនេះ ។ស្របពេលជាមួយគ្នានេះដែរ អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ DCD របស់ក្រសួងសុខាភិបាលថៃ លោកវេជ្ជបណ្ឌិត អប់ផាស់ ខើនកាវីនភុង នៅថ្ងៃចន្ទនេះ និយាយថា FDA កំពុងពិនិត្យមើលឯកសារដែលបានដាក់ជូន ដើម្បីបញ្ជាក់ពីប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំង Covid-19 ។ លោកវេជ្ជបណ្ឌិតបន្ថែមថា ក្រសួងទំនងជានឹងចាប់ផ្តើមការចាក់ថ្នាំបង្ការជំងឺ Covid-19 របស់ខ្លួនដោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca នៅខែក្រោយនេះ ។ បើតាមអគ្គលេខាធិការរងនៃរដ្ឋបាលចំណីអាហារ និងឱសថថៃ FDA លោកវេជ្ជបណ្ឌិត ស៊ូរ៉ាឆូក តាំងវីវ៉ាត់ ឯកសារដែលបានដាក់ជូនខាងលើនេះ មានព័ត៌មានលម្អិតទាំងគុណភាព និងដំណើរការផលិតវ៉ាក់សាំង ហើយនេះនឹងជួយពន្លឿននៃដំណើរការចុះបញ្ជីរបស់ខ្លួន ។សូមជម្រាបថា បើតាមការគ្រោងទុកនោះ វ៉ាក់សាំងដំបូងនឹងត្រូវចាក់លើក្រុមដែលមានហានិភ័យនៅក្នុងខេត្តចំនួន០៥របស់ប្រទេសថៃ ដែលត្រូវបានកំណត់ថា ជាតំបន់គ្រប់គ្រងជំងឺ Covid-19 អតិបរមា និងតឹងរ៉ឹង ៕