-
ជប៉ុនបញ្ចេញកញ្ចប់ថវិកាដ៏ច្រើនពុំធ្លាប់មាន ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងនានា ដែលបង្កឡើងដោយសារតែវិបត្តិ Covid-19

ជប៉ុន៖ គណៈរដ្ឋមន្រ្តីជប៉ុន នៅថ្ងៃចន្ទនេះ បានអនុម័តសេចក្តីព្រាងលើកញ្ចប់ថវិកាជាតិដ៏ច្រើនបំផុតមិនធ្លាប់មាន រហូតដល់១.០៣ទ្រីលានលានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធថ្មី គិតចាប់ពីខែមេសា ឆ្នាំ២០២១ នេះបើតាមក្រសួងហិរញ្ញវត្ថុជប៉ុន ដកស្រង់ចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ។ ថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២១ នេះ ត្រូវបានអនុម័តដោយយោងទៅលើបញ្ហាជាក់ស្តែងនានា ដែលត្រូវបានបង្កឡើងដោយសារតែជំងឺរាតត្បាតជាសកល COVID-19 នៅជប៉ុន ។ កញ្ចប់ថវិកាជាតិប្រចាំឆ្នាំទំហំ១០៦.៦ទ្រីលានយ៉េន ឬស្មើនឹង១.០៣ទ្រីលានដុល្លារអាមេរិកខាងលើនេះ គឺមានការកើនឡើងខ្លាំង បើធៀបនឹងចំនួនដែលត្រូវបានព្យាករណ៍ជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២០នេះ ។ សូមជម្រាបថា កំណែទម្រង់សារពើពន្ធត្រូវបាននាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ សម្រេចទុកចោលមួយឡែកសិន ដោយលោកកំពុងគិតគូរដោះស្រាយវិបត្តិនានាបង្កឡើងដោយជំងឺ COVID-19 ជាអាទិភាព តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច និង ការបង្កើនប្រាក់ចំណូលតាមរយៈពន្ធ ៕
-
លោក ប្រាយុទ្ធ ចាន់អូចា អំពាវនាវអោយប្រជាជនកុំភ័យស្លន់ស្លោ ខណៈថៃទើបរកឃើញអ្នកឆ្លង Covid-19 ចំនួន៣៨២នាក់ ដែលទាក់ទិននឹងករណីឆ្លងក្នុងសហគមន៍

ថៃ៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ជំរុញអោយប្រជាជនថៃកុំមានការភ័យស្លន់ស្លោ ចំពោះរលកថ្មីនៃការឆ្លង Covid-19 ដែលបានហូរចេញពីខេត្ត សាមុត សាខន នៅភាគនិរតីនៃទីក្រុងបាងកក នេះបើតាមសារព័ត៌មាន ឌឹ ថៃហ្គឺ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ។ តាមរយៈបណ្តាញសង្គមហ្វេសបុក នាយករដ្ឋមន្រ្តីថៃរូបនេះបានជំរុញអោយ ប្រជាជនទាំងអស់កុំភ្លេចការពារខ្លួន ដោយត្រូវពាក់ម៉ាសគ្រប់ពេលទាំងអស់នៅពេលធ្វើដំណើរចេញក្រៅផ្ទះ ត្រូវរក្សាគម្លាតសង្គម និងត្រូវលាងសម្អាតដៃអោយបានញឹកញាប់ ។ ការអំពាវនាវខាងលើនេះរបស់លោក ប្រាយុទ្ធ បានកើតមានឡើងបន្ទាប់ពីអាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃចន្ទនេះ បានរាយការណ៍ពីអ្នកឆ្លង COVID-19 ថ្មីៗសរុប៣៨២នាក់ទៀត ក្នុងចំណោមអ្នកឆ្លងទាំងនោះ ភាគច្រើនគឺជាពលករចំណាកស្រុក ដែលស្ថិតនៅខេត្ត សាមុត សាខន ភាគនិរតីប្រទេស ។ ក្នុងចំណោមករណីឆ្លងជំងឺ COVID-19 ថ្មីៗទាំង៣៨២នាក់ខាងលើនេះដែរ គឺមាន ៣៦០នាក់ជាពលករនៅក្នុងខេត្ត សាមុត សាខន ខណៈ១៤នាក់ទៀតគឺជាអ្នកដែលរស់នៅក្នុងខេត្តចំនួន០៦របស់ថៃ ប៉ុន្តែខេត្តទាំងអស់នេះ មិនស្ថិតនៅជិតទីក្រុងបាងកកឡើយ ។ ដោយឡែកសម្រាប់០៨ករណីឆ្លងផ្សេងទៀត គឺជាប្រភេទករណីនាំចូលពីក្រៅប្រទេស ៕
-
អាជ្ញាធររាជធានីភ្នំពេញអញ្ជើញ២នាក់ ប្តី ប្រពន្ធ ដែលត្រឡប់មកពីប្រទេសថៃទៅធ្វើចត្តាឡីស័កក្រោយពីគេចវេសមិនអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល

ភ្នំពេញ៖ អនុវត្តន៍តាមការណែនាំផ្ទាល់ពីឯ.ឧ អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញបុរស និងស្ត្រីម្នាក់ ដែលជាប្តីប្រពន្ធនឹងគ្នា ទៅធ្វើចត្តាឡីស័កនៅមណ្ឌលចាក់អង្រែ ដើម្បីរកមេរោគកូវីត-១៩ ជៀសវាងការចម្លងមកក្នុងសហគមន៍ក្រោយពី២នាក់ប្តីប្រពន្ធ១គូរនេះ បានត្រឡប់មកពីប្រទេសថៃ តាមច្រកសំពៅលូនខេត្តបាត់ដំបង ដោយមិនបានធ្វើតេស្តរកវីរុសកូវីដ-១៩ និងមិនអនុវត្តន៍ចត្តាឡីស័កត្រឹមត្រូវ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅក្នុងភូមិ។ កាលពីល្ងាចថ្ងៃអាទិត្យទី២០ខែធ្នូឆ្នាំ២០២០ នៅភូមិថ្មគោល២ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា៖ បុរសខាងលើនេះ បានត្រឡប់មកពីប្រទេសថៃ មកដល់ផ្ទះនៅក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ដោយមិនបានអនុវត្តន៍តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការធ្វើតេស្តរកវីរុសកូវីដ-១៩ និងអនុវត្តចត្តាឡីស័កឱ្យបានត្រឹមត្រូវនោះ ដោយមានការណែនាំផ្ទាល់ពីឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារ សុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីចុះមកអញ្ជើញ ដែលមានឈ្មោះគង់ រ៉ៃយ៉ា និងភរិយាទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចាក់អង្រែ ឲ្យបានត្រឹមត្រូវ ដើម្បីរក មេរោគកូវីត-១៩ ជៀសវាងការចម្លងមកក្នុងសហគមន៍។ លោកអភិបាលរងបានបន្តទៀតថា៖ មិនមែនតែពេលនេះទេ ជាទូទៅឲ្យតែទទួលបានព័ត៌មានថា មានប្រជាពលរដ្ឋ ដែលត្រឡប់មកពី ក្រៅប្រទេស ដោយមិនបានធ្វើ ចត្តាឡីស័កត្រឹមត្រូវនោះ…
-
ក្រុមហ៊ុនឯកជនផ្តល់ផលិតផលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មករដ្ឋបាលរាជធានីចំនួន៨២០កេសស្មើនឹងទឹកប្រាក់ប្រមាណ១៦០០០ដុល្លារ

ភ្នំពេញ៖ ផលិតផលសម្លាប់មេរោគ ដែលមានទាំង ជែលលាងដៃនឹងសាប៊ូបោកខោអាវ សរុបចំនួន៨២០កេសស្មើនឹងទឹកប្រាក់ប្រមាណ១៦០០០ដុល្លារ(មួយម៉ឺនប្រាំមួយពាន់ដុល្លារ) ត្រូវបានក្រុមហ៊ុនយូនីលីវើ(ខេមបូឌា)លីមីតធីតប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញបែងចែកជូនដល់ មន្ត្រីជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅក្នុងរាជធានីភ្នំពេញ ខណៈដែរជំងឺនេះនៅតែបន្តការរីករាលដាលនៅក្នុងរាជធានីភ្នំពេញនៅឡើយ។ ពិធីប្រគល់និងទទួលខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែធ្នូឆ្នាំ២០២០ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងតំណាងក្រុមហ៊ុនយូនីលីវើ(ខេមបូឌា)លីមីតធីតនៅសាលារាជធានីភ្នំពេញ ។តំណាងក្រុមហ៊ុនក្រុមហ៊ុនយូនីលីវើ(ខេមបូឌា)លីមីតធីតបានបញ្ជាក់ថា៖អំណោយដែលយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះជាប្រភេទផលិតផលសម្រាប់សម្លាប់មេរោគ ជេលលាងដៃនឹងសាប៊ូបោកខោអាវ ដែលមានចំនួន៨២០កេស ស្មើនឹងចំនួនទឹកប្រាក់១៦០០ដុល្លារ ។ ចំពោះគោលបំណងដែលក្រុមហ៊ុនផ្ដល់មករដ្ឋបាលរាជធានីភ្នំពេញនេះ គឺដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានចែកជូនដល់មន្ត្រីជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ-១៩ ពិសេសចែកចាយនៅក្នុងទីតាំងចត្តាឡឺស័ក មន្ទីរពេទ្យព្យាបាលជំងឺកូវី-១៩ និងសហគមន៍ប្រជាពលរដ្ឋក្រីក្រផងដែរ ។ នៅក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន unilever cambodia limited ដែលបានផ្ដល់នូវទឹកសម្លាប់មេរោគ ជេលលាងដៃនឹងសាប៊ូបោកខោអាវមួយចំនួននេះ ។ ឯកឧត្តមសន្យាថា នឹងយកផលិតផលទាំងអស់នេះទៅបែងចែកទៅតាមអ្វីដែលក្រុមហ៊ុនចង់បាន។មន្ថែមពីលើនេះទៀត លោកឃួង ស្រេង ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះប្រទេសអង់គ្លេស ដែលបានអនុគ្រោះពន្ធEBAដល់កម្ពុជានាពេលថ្មីៗនេះ។ ឯឧបន្តទៀតថា៖ ជំងឺកូវី-១៩ បានឆ្លងរាលដាលចូលសហគមន៍ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ដោយការខិតខំប្រឹងប្រែងពីអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាការចូលរួមសហការល្អ ពីសំណាក់បងប្អូនប្រជាពលរដ្ឋឃើញថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិការាជធានីភ្នំពេញយើងអាចគ្រប់គ្រងបាន ហើយសម្ដេចតេជោក៏បានបញ្ជាក់ហើយថា…
-
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ណែនាំ ពីវិធានការការពារការចម្លងបន្ត ពីការផ្ទុះការឆ្លងវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខន នៃប្រទេសថៃ

យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃ២១ធ្នូឆ្នាំ២០២០ បានចេញវិធានការ ដើម្បីការពារការចម្លងបន្តពីការផ្ទុះឡើងនូវវីរុសកូវីដ-១៩ ដែលបានកើតឡើងនៅប្រទេសថៃ និងអាច នាំចូលមកប្រទេសកម្ពុជា ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំដល់នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ជាពិសេសច្រកទ្វារនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវបន្តរួមសហការយ៉ាងជិតស្និទ្ធ ជាមួយមន្ត្រីក្រសួងសុខាភិបាលធ្វើការត្រួតពិនិត្យ ជាពិសេសដំណើរចូលរបស់ភ្ញៀវបរទេស និងពលរដ្ឋខ្មែរដែលចូលមកពីប្រទេសថៃ ឱ្យបានហ្មត់ចត់ ដោយតម្រូវឱ្យពួកគាត់ធ្វើការធ្វើចិត្តឡីស័កត្រឹមត្រូវតាមការកំណត់។ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងល្បាតត្រួតពិនិត្យស្លាបឆ្វេង ស្លាបស្តាំ ក្នុងដែនសមត្ថកិច្ចច្រកទ្វារឱ្យបានច្បាស់លាស់ និងត្រូវឃាត់អ្នកដំណើរចូល ជាពិសេសពលរដ្ឋខ្មែរដែលចូលពីប្រទេសថៃ ដើម្បីយកមកប្រគល់ឱ្យមន្ត្រីភ្នាក់ងារសុខាភិបាល ធ្វើការត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ឱ្យបានហ្មត់ចត់។ ត្រូវយកចិត្តទុកដាក់ធ្វើការណែនាំ ក្រើនរំលឹកដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលប្រចាំការនៅច្រកទ្វារឲ្យយកចិត្តទុកដាក់រក្សាគម្លាតបុគ្គល រក្សាអនាម័យលាងដៃនឹងសាប៊ូ អាកុល ឬដែល និង ប្រុងប្រយ័ត្នការឆ្លងពីអ្នកដំណើរដែលចូលមកប្រទេសកម្ពុជា៕កឹម ទៀង
-
សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតលើទម្រង់ថ្មីនៃជំងឺ Covid-19 ដែលផ្ទុះឡើងនៅអង់គ្លេស

អាមេរិក៖ មន្រ្តីសុខាភិបាលកំពូងអាមេរិកបញ្ជាក់ថា អាជ្ញាធរអាមេរិកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើការឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស នៃទម្រង់ថ្មីរបស់ជំងឺ COVID-19 នៅអង់គ្លេស ខណៈផ្នែកខ្លះនៃប្រទេសអឺរ៉ុបមួយនេះ នឹងត្រូវស្ថិតក្នុងវិធានការរឹតត្បិតដ៏តឹងរ៉ឹង នេះបើតាមសារព័ត៌មាន AP នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ។ ប្រធានទីប្រឹក្សា នៃកម្មវិធីវ៉ាក់សាំងអាមេរិកលោក ម៉ុនសេហ្វ ស្លាវី បានប្រាប់ទូរទស្សន៍ CNN ថា ក្រុមមន្ត្រីអាមេរិកមិនបានដឹងឡើយ ថាតើទម្រង់ថ្មីរបស់ COVID-19 នេះមានវត្តមានក្នុងសហរដ្ឋអាមេរិករួចហើយ ឬក៏យ៉ាងណានោះទេ ដោយលោកត្រឹមបញ្ជាក់ថា អាជ្ញាធរកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីនេះ ។ លោក ម៉ុនសេហ្វ ស្លាវី បន្ថែមទៀតថា រូបលោកយល់ឃើញថា វិធានការហាមឃាត់ការធ្វើដំណើរទៅកាន់អង់គ្លេស ទំនងជាមិនកើតឡើងឡើយក្នុងពេលបច្ចុប្បន្ននេះ បើទោះបីជាប្រទេសអឺរ៉ុបជាច្រើនបានធ្វើវារួចទៅហើយក៏ដោយ ៕
-
បណ្តាប្រទេសអឺរ៉ុបសម្រេចហាមឃាត់ជើងហោះហើរពីអង់គ្លេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាល Covid-19 ក្នុងទម្រង់ថ្មី

អាល្លឺម៉ង់៖ បណ្តាប្រទេសអ៊ឺរ៉ុបជាច្រើន ចាប់ផ្តើមផ្អាកជើងហោះហើរពីអង់គ្លេស ដើម្បីការពារការរាតត្បាតទម្រង់ថ្មីនៃជំងឺ COVID-19 ខណៈអង្គការសុខភាពពិភពលោក WHO បានជំរុញអោយមានការរឹតបន្តឹងខ្លាំងឡើង ស្របពេលដែលរដ្ឋាភិបាលអង់គ្លេសព្រមានថា ករណីឆ្លងទម្រង់ថ្មីនៃវីរុសនេះគ្រប់គ្រងលែងបានហើយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ។ ឆ្លើយតបនឹងការអំពាវនាវរបស់អង្គការ WHO នោះ ហូឡង់បានហាមឃាត់ការហោះហើរពីចក្រភពអង់គ្លេសយ៉ាងហោចណាស់ក្នុងរយៈពេលពេញមួយឆ្នាំនេះ ខណៈដែលបែលហ្ស៊ិកបានសម្រេចការហាមឃាត់ការហោះហើរ២៤ម៉ោង ដោយចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យម្សិលមិញ ហើយក៏បានផ្អាកសេវាកម្មរថភ្លើងទៅកាន់អង់គ្លេសផងដែរ ។ សូមរំលឹកថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន និងក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេស កាលពីថ្ងៃសៅរ៍ប្រកាថា វីរុស COVID-19 ប្រភេទថ្មីមួយត្រូវបានរកឃើញថា មានវត្តមាននៅអង់គ្លេស ហើយមានសមត្ថភាពឆ្លងរាលដាលលឿនជាងវីរុស COVID-19 ធម្មតារហូតដល់៧០ភាគរយ ប៉ុន្តែមិនត្រូវបានសន្និដ្ឋានថា សាហាវជាងធម្មតានោះឡើយ ហើយវ៉ាក់សាំងគួរតែនៅមានប្រសិទ្ធិភាពប្រឆាំងទប់ទល់ជាមួយវា ៕
-
សភាអាមេរិកបញ្ចេញកញ្ចប់ថវិកា១.៩ពាន់លានដុល្លារ ដើម្បីផ្លាស់ប្ដូរឧបករណ៍ទូរគមនាគមន៍របស់ក្រុមហ៊ុន Huawei និង ZTE ចេញពីទឹកដីសហរដ្ឋអាមេរិក

អាមេរិក៖ សមាជិកសភាអាមេរិកបានសម្រេចចិត្តបញ្ចេញកញ្ចប់ថវិកាចំនួន ១.៩ពាន់លានដុល្លារ ជាប្រាក់ជំនួយសម្រាប់ដក និងផ្លាស់ប្ដូរឧបករណ៍ទូរគមនាគមន៍ក្រុមហ៊ុន Huawei និង ZTE ចេញពីទឹកដីសហរដ្ឋអាមេរិក នេះបើតាមសារព័ត៌ មានរ៉យទ័រនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ។ គណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) បាននិយាយកាលពីខែមិថុនាថា ការប្រើប្រាស់បណ្ដាញឧបករណ៍ទូរគមនាគមន៍ របស់ក្រុមហ៊ុនចិនធំៗទាំងពីរខាងលើគឺបង្កជាហានិភ័យដល់សន្តិសុខជាតិអាមេរិក និងបានស្នើសុំសភាអាមេរិកដើម្បីផ្លាស់ប្ដូរ ឧបករណ៍ទាំងនោះចេញ ដោយតាមគម្រោងអាចនឹងចំណាយថវិកាច្រើនសន្ធឹក រហូតដល់៨.៣ពាន់លានដុល្លារ ។ ឆ្លើយតបនឹងបញ្ហាខាងលើនេះ ក្រុមហ៊ុន Huawei បាននិយាយកាលពីដើមខែធ្នូនេះថា វាជារឿងមួយដែលមិនយុត្តិធម៌ និងមិនតម្លាភាពសោះ ព្រោះការចោទប្រកាន់របស់អាមេរិកគឺគ្មានភស្ដុតាងច្បាស់លាស់ ផ្ទុយទៅវិញគឺបានបង្កចលា ចលដល់សង្គមជាតិថែមទៀតផង ៕
-
ទីក្រុងបាងកក របស់ប្រទេសថៃ ប្រកាសលុបចោលការអបអរពិធីឆ្លងឆ្នាំវិញ បន្ទាប់ពីផ្ទុះករណីឆ្លង Covid-19 ក្នុងសហគមន៍

ថៃ៖ រដ្ឋបាលទីក្រុងបាងកក BMA ប្រកាសថា រាល់ព្រឹត្តិការណ៍រាប់ថយក្រោយនៃពិធីឆ្លងឆ្នាំថ្មីត្រូវបានលុបចោលវិញ បន្ទាប់ពីករណីថ្មីនៃជំងឺ Covid-19 ត្រូវបានរកឃើញនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញនោះ នេះបើតាមសារព័ត៌មាន The Thaiger នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ។ រដ្ឋបាលទីក្រុងបាងកក BMA ក៏ស្នើសុំឲ្យកម្មករនៅក្នុងទីក្រុងបាងកក ធ្វើការពីផ្ទះផងដែរក្នុងរយៈពេល១៤ថ្ងៃខាងមុខនេះ ។ រហូតមកទល់ពេលនេះ អាជ្ញាធរសុខាភិបាលកំពុងធ្វើការតាមដានយ៉ាងសកម្មនៅតាមការដ្ឋានសំណង់ ភោជនីយដ្ឋាន និងផ្សារចំនួន៤៧២នៅជុំវិញខេត្ត សាមុត សាខន និងទីក្រុងបាងកក ។ វិធានការនេះបានកើតមានឡើងក្រោយរកឃើញករណីឆ្លងជំងឺ Covid-19 ចំនួន៦៨៩ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលភាគច្រើនទាក់ទងទៅនឹងកម្មករចំណាកស្រុកនៅក្នុងឧស្សាហកម្មនេសាទតាមឆ្នេរសមុទ្រ និងផ្សារក្នុងខេត្តរបស់ថៃមួយនេះ ។ ទន្ទឹមគ្នា នាយកដ្ឋានប្រយុទ្ធនឹងជំងឺថៃបាននិយាយថា បច្ចុបន្នពួកគេកំពុងតាមរកមនុស្សជាង១ម៉ឺននាក់ ដែលអាចមានទំនាក់ទំនងជាមួយពលករចំណាកស្រុកដែលបានឆ្លង Covid-19 ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧៧លាននាក់ ក្នុងនោះស្លាប់ជិត១លាន៧០ម៉ឺននាក់ និងជាសះស្បើយជាង៥៤លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧៧លាន១៦ម៉ឺន៦ពាន់៧៧៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៦៩ម៉ឺន៩ពាន់៤៩៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥៤លាន៨ម៉ឺន៥ពាន់៨១៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៨លាន២៦ម៉ឺន៧ពាន់៥៧៩នាក់ ស្លាប់ចំនួន៣២ម៉ឺន៤ពាន់៨៦៩នាក់ និងជាសះស្បើយចំនួន១០លាន៦២ម៉ឺន២ពាន់៨២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៥ម៉ឺន៦ពាន់២៤៨នាក់ ស្លាប់ចំនួន១៤ម៉ឺន៥ពាន់៨៤៣នាក់ និងជាសះស្បើយ៩លាន៦០ម៉ឺន៥ពាន់៣៩០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៧លាន២៣ម៉ឺន៨ពាន់៦០០នាក់ ស្លាប់១៨ម៉ឺន៦ពាន់៧៧៣នាក់ និងជាសះស្បើយ៦លាន២៤ម៉ឺន៥ពាន់៨០១នាក់ ៕