-
ទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក FDA សម្រេចអនុម័តអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Moderna ក្នុងករណីបន្ទាន់

អាមេរិក៖ ទីបំផុតទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក FDA នៅថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) បានអនុញ្ញាតអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនផលិតឱសថ Moderna ក្នុងករណីបន្ទាន់នៅសហរដ្ឋអាមេរិកហើយ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានោះដែរ តាមរយៈបណ្តាញសង្គម Twitter ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ បានសរសេរសារបង្ហោះថា សូមអបអរសាទរ… បច្ចុប្បន្នវ៉ាក់សាំង Covid-19 ក្រុមហ៊ុន Moderna ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងករណីបន្ទាន់ហើយ ។ ប្រភពបានអោយដឹងថា សហរដ្ឋអាមេរិកបានបញ្ជាទិញវ៉ាក់សាំង២០០លានដូសពីក្រុមហ៊ុន Moderna ដែលគ្រប់គ្រាន់ចាក់ជូនប្រជាជនអាមេរិក១០០លាននាក់ក្នុងដំណាក់កាលដំបូង ។ បើតាមការគ្រោងទុកនោះ ក្រុមហ៊ុនផលិតឱសថអាមេរិកនេះ នឹងជញ្ជូនវ៉ាក់សាំង២០លានដូសចែកចាយទូទាំងប្រទេសនៅក្នុងខែធ្នូនេះ និង៨០លានដូសនៅក្នុងត្រីមាសទី១ ឆ្នាំ២០២១ ហើយនៅសល់១០០លានដូសទៀតសម្រាប់ត្រីមាសទី២ ឆ្នាំ២០២១ ៕
-
កាណាដារំពឹងថា នឹងទទួលបានវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Pfizer ចំនួន៥០ម៉ឺនដូសនៅដើមឆ្នាំក្រោយ ដើម្បីចាក់ជូនប្រជាជនរបស់ខ្លួន

កាណាដា៖ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ អះអាងថា ប្រទេសរបស់លោកនឹងទទួលបានវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុនឱសថអាមេរិក Pfizer ចំនួន៥០ម៉ឺនដូសនៅខែមករា ឆ្នាំ២០២១ខាងមុខ នេះបើតាមសារព័ត៌មាន AP នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្រ្តីកាណាដារូបនេះបានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកនឹងទទួលបានវ៉ាក់សាំងនេះចំនួន១២ម៉ឺន៥ពាន់ដូសនៅសប្តាហ៍ក្រោយនេះ និង ២៥ម៉ឺន៥ពាន់ដូសទៀតក្នុងខែធ្នូនេះ ហើយលោកក៏រំពឹងផងដែរថា នឹងទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនផលិតឱសថអាមេរិក Moderna ចំនួន ១៦ម៉ឺន៨ពាន់ដូសទៀតនៅមុនដំណាច់ខែធ្នូនេះផងដែរ ។ យ៉ាងណាមិញ រដ្ឋមន្ត្រីសេវាសាធារណៈ និងផ្គត់ផ្គង់កាណាដា លោកស្រី អានីតា អាណាន បានអះអាងថា ប្រទេសរបស់លោកស្រីនឹងមិនមានវ៉ាក់សាំង COVID-19គ្រប់គ្រាន់ឡើយ សម្រាប់អ្នកទាំងឡាយណា ដែលមានបំណងចង់ចាក់វ៉ាក់សាំង រហូតទាល់តែដល់ចុងខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ៕
-
បុគ្គលិកថែទាំសុខភាពម៉ាឡេស៊ីជិត១.៨០០នាក់ធ្វើតេស្តវិជ្ជមាន Covid-19 ខណៈនៅទូទាំងប្រទេសនេះមានអ្នកឆ្លងវីរុសសរុបជាង៩ម៉ឺនករណី

ម៉ាឡេស៊ី៖ ករណីឆ្លង Covid-19 សរុបចំនួន១.៧៧១ករណីត្រូវបានកត់ត្រាក្នុងចំណោមបុគ្គលិកសុខាភិបាលម៉ាឡេស៊ី ក្នុងនោះមាន១.៣៥៩ករណីត្រូវបានរកឃើញក្នុងរលកទី៣ នៃការឆ្លងរាតត្បាតនៃវីរុសដ៏កាចសាហាវមួយនេះ នេះបើតាមក្រសួងសុខាភិបាលម៉ាឡេស៊ី ដកស្រង់ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ។ អគ្គនាយកសុខាភិបាលម៉ាឡេស៊ីលោកវេជ្ជបណ្ឌិត ណ័រ ហ៊ីហ្សាម អាប់ឌុលឡា បញ្ជាក់ថា ក្នុងចំណោមអ្នកដែលឆ្លងជំងឺទាំងនោះ គឺគិលានុបដ្ឋាយិកាមានករណីច្រើនធំជាងគេ ដោយមាន៦៩០ករណីត្រូវបានកត់ត្រា ។ លោកវេជ្ជបណ្ឌិតបន្ថែមទៀតថា ករណីផ្សេងទៀតរួមមានមន្រ្តីពេទ្យ ជំនួយការថែរក្សាសុខភាព ជំនួយការមន្ត្រីពេទ្យ និងមន្រ្តីពេទ្យបញ្ចប់ការសិក្សា ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៩ ខែធ្នូនេះ នៅទូទាំងប្រទេសម៉ាឡេស៊ីមានអ្នកឆ្លង Covid-19 សរុប៩ម៉ឺន៨១៦ករណី ក្នុងនោះមានអ្នកស្លាប់៤៣២នាក់ និងជាសះស្បើយឡើងវិញ៧ម៉ឺន៥ពាន់២៤៤នាក់ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧៦លាននាក់ ក្នុងនោះស្លាប់ជាង១លាន៦៨ម៉ឺននាក់ និងជាសះស្បើយជាង៥៣លាន២៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧៦លាន១ម៉ឺន៣ពាន់៤៣៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៦៨ម៉ឺន១ពាន់២៥៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥៣លាន២៨ម៉ឺន២ពាន់១៥២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៧លាន៨៨ម៉ឺន៨ពាន់៣៥៣នាក់ ស្លាប់ចំនួន៣២ម៉ឺន៨៤៥នាក់ និងជាសះស្បើយចំនួន១០លាន៣៩ម៉ឺន៤ពាន់២៨៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៤ពាន់៨២៥នាក់ ស្លាប់ចំនួន១៤ម៉ឺន៥ពាន់១៧១នាក់ និងជាសះស្បើយ៩លាន៥៥ម៉ឺន៧១២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៧លាន១៦ម៉ឺន៣ពាន់៩១២នាក់ ស្លាប់១៨ម៉ឺន៥ពាន់៦៨៧នាក់ និងជាសះស្បើយ៦លាន១៩ម៉ឺន៨ពាន់១៨៥នាក់ ៕
-
កូវី១៩៖ អនុប្រធានាធិបតីអាមេរិក Mike Pence បានចាក់វ៉ាក់សាំងហើយ

អនុប្រធានាធិបតីអាមេរិក លោក Mike Pence ត្រូវបានគេចាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដោយមានការផ្សាយផ្ទាល់ តាមទូរទស្សន៍ កាលពីថ្ងៃសុក្រ ទី ១៨ ធ្នូ ម្សិលមិញ ជាការផ្សាយផ្ទាល់ដើម្បីធានាជូនពលរដ្ឋអាមេរិកថា វ៉ាក់សាំងនេះគឺសុវត្ថិភាព។ លោក Mike Pence បាននិយាយ នៅក្រោយចាក់វ៉ាក់សាំងថា «ការកសាងជំនឿចិត្តលើវ៉ាក់សាំងនេះគឺជាអ្វីដែលនាំមកសម្រាប់ពួកយើង ទៅនេះ ព្រឹកនេះ» លោកបន្តដោយលេងសើចថា «ខ្ញុំគ្មានអារម្មណ៍មិនស្រូលអ្វីទេ»។ ក្រៅពីលោក ក៏មានមន្ត្រីសំខាន់ៗផ្សេងទៀតរបស់អាមេរិកបានចាក់វ៉ាក់សាំង fizer-BioNTech នេះដែរ ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងនៅអាមេរិកបាននិងកំពុងបន្តធ្វើ ហើយវ៉ាក់សាំងមួយទៀតរបស់ក្រុមហ៊ុន Moderna ក៏នឹងមានជូនពលរដ្ឋឆាប់ៗដែរ។ ការចាក់វ៉ាក់សាំងនៅអាមេរិកមានរយៈពេល១សប្តាហ៍ហើយ ខណៈដែល៧ថ្ងៃមកនេះដែរ វីរុសកូវីដ១៩បានសម្លាប់ពលរដ្ឋអាមេរិកជាង៣០ម៉ឺននាក់៕ ប្រភពពី CNA
-
ថ្ងៃនេះមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ចំនួន៤នាក់

-
ថៃ៖ អ្នកលក់បង្គារម្នាក់ឆ្លងកូវីដ១៩ រួចបន្តចម្លងទៅសមាជិកគ្រួសារ៣នាក់ទៀត ជាករណីសហគមន៍ថ្មី

ថៃបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ចំនួន៤នាក់ទៀត នៅថ្ងៃសុក្រ ទី១៨ ធ្នូ ២០២០នេះ នេះបើតាមមន្ត្រីសុខាភិបាលបញ្ជាក់ ជាករណីឆ្លងក្នុងស្រុកថ្មីៗ ស្របពេលដែលប្រទេសថៃបានចាប់ផ្តើមបើកទ្វារសម្រាប់ទេសចរវិញ ក្រោយពេលបិទរាប់ខែ ព្រោះជំងឺរាតត្បាតនេះ។ ស្ត្រីវ័យ៦៧ឆ្នាំម្នាក់ ជាអ្នកលក់បង្គារ នៅខេត្ត Samut Sakhon ត្រូវបានរកឃើញថា វិជ្ជមានកូវីដ១៩ ហើយសមាជិកគ្រួសាររបស់គាត់៣នាក់ទៀត ក្រោយមក ក៏រកឃើញថាវិជ្ជមានដែរ ប៉ុន្តែស្ត្រីរូបនេះមិនធ្លាប់មានប្រវត្ថិចេញទៅក្រៅប្រទេសទេ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលថៃ Sopon Iamsirithaworn ប្រាប់អ្នកសារព័ត៌មាន។ ប្រភពបន្តថា ពេលនេះ ក្រសួងកំពុងរងចាំលទ្ធផលតេស្ត មនុស្ស១៦៥នាក់ទៀត ដែលប៉ះផ្ទាល់ជាមួយស្ត្រីរូបនេះ។ ជាករណីឆ្លងក្នុងសហគមន៍ថ្មីមួយទៀត ក្រោយករណីឆ្លងក្នុងសហគមន៍ ពីក្រុមមនុស្សចូលមកប្រទេសថៃដោយខុសច្បាប់ តាមព្រំដែនប្រទេសមីយ៉ាន់ម៉ា៕ ប្រភព CNA
-
អ្នកជំនាញរបស់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA អនុម័តអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Moderna ក្នុងករណីបន្ទាន់

អាមេរិក៖ ទីបំផុតទីប្រឹក្សាយោបល់ពីខាងក្រៅអោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA នៅថ្ងៃព្រហស្បតិ៍នេះ បានបើកភ្លើងខៀវអនុញ្ញាតអោយប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Moderna នៅក្នុងករណីបន្ទាន់ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ។ ទន្ទឹមគ្នា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA ក៏ត្រូវបានគេរំពឹងដែរថា នឹងអនុញ្ញាតអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Moderna ក្នុងករណីបន្ទាន់នៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយបានផ្តល់នូវក្តីសង្ឃឹមមួយបន្ថែមទៀតសម្រាប់សហរដ្ឋអាមេរិក បន្ទាប់ពីមនុស្សច្រើនជាង៣០ម៉ឺននាក់រួចទៅហើយបានស្លាប់ ដោយសារវីរុសនេះ ហើយចំនួនអ្នកក៏កំពុងគំរាមកំហែងដល់មន្ទីរពេទ្យ និងបុគ្គលិកសុខាភិបាលនៅទូទាំងសហរដ្ឋអាមេរិក ។ សូមជម្រាបថា ទីប្រឹក្សាយោបល់ពីខាងក្រៅអោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA បានបោះឆ្នោតក្នុងសំឡេងគាំទ្រ២០សំឡេង និងគ្មានសំឡេងប្រឆាំងឡើយ ខណៈមួយសំឡេងទៀតធ្វើអនុបវាទ ខណៈទីប្រឹក្សានេះបានកត់សម្គាល់ថា អត្ថប្រយោជន៍នៃវ៉ាក់សាំងនេះ គឺមានច្រើនជាងហានិភ័យ ចំពោះមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ៕
-
ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ដាក់ពាក្យសុំការអនុម័តអោយប្រើវ៉ាក់សាំងCovid-19 របស់ខ្លួនក្នុងប្រទេសជប៉ុន

ជប៉ុន៖ ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer នៅថ្ងៃសុក្រនេះបញ្ជាក់ថា ខ្លួនបានដាក់ពាក្យស្នើសុំការអនុម័តអោយប្រើប្រាស់វ៉ាក់សាំង Covid-19 របស់ខ្លួននៅក្នុងប្រទេសជប៉ុន ស្របពេលដែលវ៉ាក់សាំងរបស់ក្រុមហ៊ុននេះ ត្រូវបានប្រើប្រាស់រួចហើយនៅអង់គ្លេស និងសហរដ្ឋអាមេរិក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ។ ជាមួយគ្នានេះ ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុនលោក កាស៊ុណូប៊ុ កាតុ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅមុនការប្រកាសរបស់ក្រុមហ៊ុន Pfizer ថា ប្រសិទ្ធភាព និងសុវត្ថិភាពវ៉ាក់សាំងគឺជាអាទិភាព លោកថា ជប៉ុនសង្ឃឹមថាប្រជាជនទាំងអស់របស់ខ្លួននឹងទទួលបានការចាក់វ៉ាក់សាំងនៅឆមាសទីមួយ ឆ្នាំក្រោយ ហើយរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងសម្រាប់ការរៀបចំអោយបានត្រឹមត្រូវដើម្បីអនុវត្ត ។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលទីក្រុងតូក្យូមានកិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយក្រុមហ៊ុនផលិតឱសថ Pfizer សម្រាប់វ៉ាក់សាំងចំនួន១២០លានដូស ដែលផលិតឡើងដោយក្រុមហ៊ុនអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech ៕
-
ឥណ្ឌារំពឹងថា នឹងចាប់ផ្តើមចាក់វ៉ាក់សាំង Covid-19 ជូនប្រជាជននៅខែមករា ឆ្នាំ២០២១

ឥណ្ឌា៖ ឥណ្ឌារំពឹងថា នឹងចាប់ផ្តើមការចាក់វ៉ាក់សាំងប្រឆាំងជំងឺ Covid-19 ជូនប្រជាជនរបស់ខ្លួននៅក្នុងខែមករា ឆ្នាំ២០២១ខាងមុខ នេះបើតាមមន្ត្រីសុខាភិបាលសហព័ន្ធរបស់ឥណ្ឌា ប្រាប់សារព័ត៌មាន BBC នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ។ ក្រុមមន្រ្តីដែលស្នើសុំមិនបញ្ជាក់អត្តសញ្ញាណបានអះអាងថា បេក្ខភាពវ៉ាក់សាំងពីរបីអាចនឹងទទួលបានការអនុញ្ញាតអោយប្រើប្រាស់ជាបន្ទាន់ ពីសំណាក់និយតករឱសថនៅក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះ ។ ទន្ទឹមគ្នា ក្រុមហ៊ុនចំនួនពីរបានដាក់ពាក្យសុំពិចារណារួចទៅហើយ ហើយក្រុមហ៊ុនចំនួន០៦ផ្សេងទៀតកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងផ្សេងៗគ្នា ។ កម្មវិធីចាក់វ៉ាក់សាំងនេះ គឺមានគោលបំណងផ្តល់ជូនប្រជាជនចំនួន៣០០លាននាក់នៅត្រឹមដើមខែសីហា ឆ្នាំ២០២១ខាងមុខ ៕