-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧១លាននាក់ ក្នុងនោះស្លាប់ជាង១លាន៦០ម៉ឺននាក់ និងជាសះស្បើយជិត៥០លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧១លាន៤៣ម៉ឺន៧ពាន់៣៤២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៦០ម៉ឺន១ពាន់១៦៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤៩លាន៦៣ម៉ឺន៧ពាន់២៣៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៦លាន២៩ម៉ឺន៥ពាន់៤៥៨នាក់ ស្លាប់ចំនួន៣០ម៉ឺន២ពាន់៧៥០នាក់ និងជាសះស្បើយចំនួន៩លាន៥០ម៉ឺន៧ពាន់៤១៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៨២ម៉ឺន៧ពាន់២៦នាក់ ស្លាប់ចំនួន១៤ម៉ឺន២ពាន់៦៦២នាក់ និងជាសះស្បើយ៩លាន៣២ម៉ឺន៤ពាន់៣២៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន៨៣ម៉ឺន៦ពាន់៣១៣នាក់ ស្លាប់១៨ម៉ឺន៤៥៣នាក់ និងជាសះស្បើយ៥លាន៩៥ម៉ឺន៤ពាន់៧៤៥នាក់ ៕
-
អភិបាលរាជធានីភ្នំពេញ ប្រគល់អាកុល៤០កាន និងម៉ាស២ម៉ឺនម៉ាសជូនកងទ័ពឈរជើងតាមព្រំដែន ដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ៖ អាកុលចំនួន៤០កាន និងម៉ាសចំនួន២ម៉ឺនម៉ាសត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សម្រេចប្រគល់ជូនកងទ័ពឈរជើងតាមព្រំដែន ដែលចងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្ការ និងទប់ស្កាត់ជម្ងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះបាននឹងកំពុងរាលដាលចូលដល់សហគមហើយនោះ។ ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនាសៀលថ្ងៃទី១១ ធ្នូនេះ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ នៅសាលារាជធានីភ្នំពេញ។ ចំពោះអាកុល និងម៉ាសទាំងនេះត្រូវបានប្រគល់ជូនទៅ កងពលធំអន្តរាគមន៍លេខ៣ អាកុលចំនួន១៤កាន និងម៉ាសចំនួន៦០០០ម៉ាស។ កងពលតូចអន្តរាគមន៍លេខ៩ អាកុលចំនួន១០កាន ម៉ាសចំនួន៥០០០ម៉ាស់ ។ កងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន១០កាន ម៉ាស៥០០០ម៉ាស ។ បញ្ជាការដ្ឋានអង្គរក្សប្រចាំការព្រះវិហារចំនួន៣កាននិងម៉ាស២០០០ម៉ាស ។វរៈនគរបាលការពារព្រំដែន៧៩៣ចំនួន៣កាននិងម៉ាស២០០០ម៉ាស ។ សរុបទាំងអស់អាកុលចំនួន៤០កាន និងម៉ាសចំនួន២ម៉ឺនម៉ាស។ លោកឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ ក្នុងឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញដែលតែងតែគិតគូរចំពោះកងទ័ពឈរជើងតាមព្រំដែន ដែលចងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយកមន្លងមកតែងផ្តល់នូវគ្រឿងឧបភោគ បរិភោគ ថវិការហូតមក ដើម្បីលើកទឹកចិត្តកងទ័ពឱ្យកាន់តែអង់អាចក្លាហានឡើង៕
-
កូវីដ១៩៖ មេ UNស្នើឲ្យមានមូលនិធិ៤.២ពាន់លានដុល្លារ ធានាឲ្យប្រទេសក្រីក្របានវ៉ាក់សាំងស្មើភាព

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីពេលថ្មីៗនេះ បានព្រមានពីអ្វីដែលគេហៅថា វ៉ាក់សាំងជាតិនិយម ទាក់ទងនឹងវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ហើយលោកបានស្នើឲ្យមានកញ្ចប់ថវិការទ្រង់ទ្រាយធំមួយ ដើម្បីធានាថា ប្រទេសក្រីក្រ ជាពិសេស នៅអាហ្វ្រិកអាចទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ ខណៈដែលប្រទេសអ្នកមានពុំមានបញ្ហានឹងការចំណាយ។ លោកAntonio Guterresបានព្រមានបែបនេះ ខណៈដែលក្រុមប្រទេសអ្នកមានកំពុងតម្រង់ជួរទិញវ៉ាក់សាំងកូវីដ១៩ រាប់លានដូស ក្នុងតម្លៃមួយដែលអាចនឹងកាន់តែថ្លៃសម្រាប់ប្រទេសក្រីក្រ។ ក្នុងន័យនេះ លោកAntonio Guterres ថា លោកបានស្នើឲ្យមានកញ្ចប់ថវិកាមូលនិធិ ៤.២ពាន់លានដុល្លារអាមេរិក ក្នុងពេល២ខែទៀត សម្រាប់កម្មវិធីវ៉ាក់សាំង COVAX របស់អង្គការសហប្រជាជាតិ ដើម្បីធានាពីការផ្តល់វ៉ាក់សាំងកម្រិតពិភពលោកស្មើភាពនិងប្រសិទ្ធិភាព៕ ប្រភពពីស៊ីនហួរ
-
វៀតណាមបានប្រាក់ជំនួយពីធនាគារADB ព្រោះទប់ស្កាត់កូវីដ១៩ ជោគជ័យ

ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB បានផ្តល់ថវិកា៦០ម៉ឺនដុល្លារអាមេរិក ដល់វៀតណាមយកទៅប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺគូវីដ១៩។ សេចក្តីប្រកាសព័ត៌មានរបស់ធនាគារចេញផ្សាយនៅថ្ងៃសុក្រ ទី១១ ធ្នូនេះបានឲ្យដឹងថា ថវិការជំនួយទាំងនេះគឺសម្រាប់សម្ភារៈទប់ស្កាត់កូវីដ១៩ នៅមន្ទីរពេទ្យសួតជាតិ National Lung Hospita នៅក្រុងហាណូយ ដែលមានទឹកប្រាក់៥០ម៉ឺនដុល្លារ ខណៈដែល១០ម៉ឺនដុល្លារទៀត សម្រាប់ការអភិវឌ្ឍបន្ថែម នៅមជ្ឈមណ្ឌលវះកាត់បន្ទាន់ PHEOC នៃក្រសួងសុខាភិបាល។ នាយកធនាគារប្រចាំប្រទេសវៀតណាម Andrew Jeffries បានឲ្យដឹងថា «យើងកោតសរសើរដល់រដ្ឋាភិបាលវៀតណាមឆ្លើយតបរហ័ស បន្ទាន់ និងប្រកបដោយប្រសិទ្ធភាព ចំពោះជំងឺរាតត្បាតកូវីដ១៩» ដោយបន្ថែមទៀតថា ជំនួយនេះគឺមានសម្រាប់ប្រទេសមួយចំនួន ដែលជោគជ័យក្នុងការទប់ស្កាត់វីរុសកូវីដ១៩៕
-
អូស្ត្រាលីបោះបង់ចោលការផលិតវ៉ាក់សាំង Covid-19 បន្ទាប់ពីលទ្ធផលបង្ហាញវិជ្ជមានវីរុស HIV ចំពោះអ្នកចូលរួមសាកល្បង

អូស្រ្តាលី៖ ការផលិតវ៉ាក់សាំងប្រឆាំង Covid-19 នៅអូស្ត្រាលី នៅថ្ងៃសុក្រនេះត្រូវបានបោះបង់ចោល ក្រោយធ្វើតេស្តព្យាបាលបានបង្កើតលទ្ធផលវិជ្ជមានវីរុសHIV មិនពិត ក្នុងចំណោមអ្នកដែលចូលរួមក្នុងការសាកល្បងព្យាបាលដំណាក់កាលដំបូង នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអូស្ត្រាលីលោក ហ្គ្រេក ហាន់ បញ្ជាក់ថា បេក្ខជនវ៉ាក់សាំងដែលកំពុងស្ថិតក្នុងដំណាក់កាលទី១នៃការសាកល្បងនៅសាកលវិទ្យាល័យឃ្វីនស៍លែន បានប្រើប្រាស់បរិមាណប្រូតេអ៊ីនរបស់វីរុសហ៊ីវតិចតួច សម្រាប់ជាម៉ូលេគុលបង្គំ ប៉ុន្តែបង្កឱ្យមានប្រតិកម្មអង្គបដិប្រាណ ដែលអាចរំខានដល់ការតាមដានរកមេរោគហ៊ីវ ។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន និយាយថា លទ្ធផលនេះ បានជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់គម្រោងទិញវ៉ាក់សាំងនេះរាប់លានដូស ហើយជំនួសមកវិញ គឺបង្កើនការបញ្ជាទិញវ៉ាក់សាំងប្រឆាំង Covid-19 ផ្សេង គឺពីក្រុមហ៊ុន AstraZeneca និង Novax ៕
-
កូរ៉េខាងត្បូងកំពុងរៀបចំឃ្លាំងដ៏ត្រជាក់បំផុត ដើម្បីស្តុកវ៉ាក់សាំងប្រឆាំង Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងត្រៀមឃ្លាំងក្លាសេដ៏ធំមួយ មានសីតុណ្ហភាពត្រជាក់បំផុតរបស់ក្រុមហ៊ុន ខូរៀន ស៊ូពើហ្វ្រីស ក្នុងគោលបំណងស្ដុកទុកវ៉ាក់សាំង COVID-19 ដែលបញ្ជាទិញពីក្រុមហ៊ុនផលិតឱសថ ភីហ្វីហ្សឺ-បាយអូអិនធិច ដោយសារវ៉ាក់សាំងនេះ តម្រូវឱ្យរក្សាទុកនៅក្រោមសីតុណ្ហភាព-៧០អង្សាសេ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ។ ប្រភពបានអោយដឹងថា កូរ៉េខាងត្បូងបានបញ្ជាទិញវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ផលិតឡើងដោយក្រុមហ៊ុនអាមេរិក ភីហ្វីហ្សឺ សហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ បាយអូអិនធិច ចំនួន២០លានដូស ក្រុមហ៊ុន ម៉ូឌែណា ចំនួន២០លានដូស និង អាស្ត្រាហ្សេណេកា ចំនួន២០លានដូស ។ លើសពីនេះទៅទៀតនោះ ប្រទេសអាស៊ីខាងត្បូងមួយនេះក៏ត្រៀមបញ្ជាទិញវ៉ាក់សាំង Covid-19 ចំនួន០៤លានដូសទៀតពីក្រុមហ៊ុន Johnson & Johnson ផងដែរ ហើយវ៉ាក់សាំងទាំងនេះ គឺគ្រប់គ្រាន់ចាក់ជូនប្រជាជនរបស់ខ្លួនចំនួន៣៤លាននាក់នៃប្រជាជនសរុប៥១.៨លាននាក់ ៕
-
ស.ស.យ.ក ចូលរួមថវិកាជាង១សែនដុល្លារជាមួយរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងកូវីដ-១៩

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានចាត់ក្រុមការងារ ដែលមានលោក គីម រិទ្ធី លោកស្រី ដាំ ដារិនី អនុប្រធានស.ស.យ.ក. និង លោក នួន ផារ័ត្ន សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. បាននាំយកថវិកាដែលទទួលបានមកពីការចូលរួមវិភាគទានពីសមាជិក សមាជិការ ស.ស.យ.ក. ទូទាំងប្រទេស និងសប្បុរជននានា ចំនួន ១២៥ ០០០ ដុល្លារអាមេរិក តាមរយៈឯកឧត្តម សេង ទៀង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាទិញវ៉ាក់សាំងជំងឺកូវីដ-១៩។ ការចូលរួមយ៉ាងផុសផុលពីសំណាក់សមាជិក សមាជិកា និងសប្បុរសជននានា មិនថាតិចក្តី ច្រើនក្តី គឺបានបង្ហាញពីឆន្ទៈ និងស្មារតីសាមគ្គីយ៉ាងមុតមាំក្នុងនាមមហាគ្រួសារខែ្មរ គឺតែងតែចេះជួយគ្នាក្នុងគ្រាលំបាក។នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ ស.ស.យក បង្ហោះផ្សាយនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នំា២០២០នេះ៕
-
ឧត្តមសេនីយ៍ ឯក យិន ច័ន្ទ ធួន និងលោកជំទាវ បានចូលរួមថវិកាចំនួន ១លានរៀល ជាមួយរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ ឯក យិន ច័ន្ទ ធួន និងលោកជំទាវ បានចូលរួមថវិកាចំនួន ១ លានរៀល ជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ពិសេសជាមួយ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាក់ជូនប្រជាពលរដ្ឋកម្ពុជាឋដោយឥតគិតថ្លៃ។ ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕
-
អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា បុរសធ្លាក់ពីលើសណ្ឋាគារ ឡុង លីវ ពេលកំពុងធ្វើចត្ដាឡីស័ក ព្រោះវិបត្តិផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងកូវីដទេ

ភ្នំពេញ៖ ពលករខ្មែរម្នាក់ដែលទើបមកពីប្រទេសម៉ាឡេស៊ី ហើយក្រសួងសុខាភិបាល តម្រូវឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឡុង លីវ ដែលមានទីតាំងតាមផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានលោតពីលើអគារសណ្ឋាគារ បណ្តាលឲ្យធ្លាយដំបូលសាលារៀនសុធារស រងរបួសធ្ងន់ធ្ងរ។ របាយការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទន្លេបាសាក់ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សួន វាសនា អាយុ២៣ឆ្នាំ ស្នាក់នៅធ្វើចត្ដាឡីស័កក្នុងសណ្ឋាគារ ឡុង លីវ បន្ទប់លេខ៥១១ ជាន់ទី៥ ផ្លូវ៣១២ ក្រុម២៣ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រងរបួសបែកក្បាល និងមានស្នាមឆូតលើដងខ្លួនរងរបួសស្រាល។ ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់បណ្ដាញព័ត៌មាន ថា នៅពេលនេះជនរងគ្រោះកំពុងសង្គ្រោះនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបច្ចុប្បន្នបានដឹងខ្លួន និងនិយាយបានខ្លះៗ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡើយទេ។ លោកស្រី ឱ វណ្ណឌីន បានសង្កត់ធ្ងន់ថា ការធ្លាក់ពីលើអគារសណ្ឋាគារនេះ ជារឿងផ្ទាល់ខ្លួនរបស់ជនរងគ្រោះ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩នោះឡើយ។ លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ថា តាមការសាកសួរបុគ្គលនេះផ្ទាល់ គឺគាត់ភ្លាត់ជើងធ្លាក់មក ដោយសារភាពរវើយរវាយរបស់គាត់ ដែលជាឥទ្ធិពល នៃការប្រើប្រាស់គ្រឿងថ្នាំញៀន…
-
ថ្នាក់ដឹកនាំព្រឹទ្ធសភា បរិច្ចាគថវិកា ជាង៧លានដុល្លារ និងជាង១៥៦លានរៀល ដើម្បីទិញ វ៉ាក់សាំងការពារជំងឺកូវីដ១៩

ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមការប្រកាសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ និងក្នុងស្មារតីស្រឡាញ់ជាតិ មាតុភូមិ ថ្នាក់ដឹកនាំ សមាជិក ព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចូលរួមចំណែកបរិច្ចាគនូវថវិកាមួយចំនួន ដែលទទួលបាន ទឹកប្រាក់សរុប ជាង៧លានដុល្លារ និងជាង ១៥៦លានរៀល ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ធដោយឥតគិតថ្លៃ ។ ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕