-
ថ្ងៃនេះ! ថៃឆ្លងកូវីដ១៩ក្នុងសហគមន៍ថែមទៀត ជាគិលានុបដ្ឋាយិកាម្នាក់ នាំចូល១៧នាក់

រាជរដ្ឋាភិបាលថៃ នាថ្ងៃព្រហស្បតិ៍ ទី១០ ធ្នូ ២០២០នេះ បានប្រកាសពីករណីឆ្លងជំងឺកូវីដ១៩ ថ្មីៗចំនួន១៨នាក់បន្ថែមទៀត ក្នុងនោះ មានម្នាក់ឆ្លងក្នុងសហគមន៍ នៅក្រុងបាងកក និង១៧នាក់ទៀតសុទ្ធតែជាករណីរកឃើញពីក្រុមធ្វើចត្តាឡីស័កមកពីក្រៅប្រទេស។ សរុបទាំង១៨នាក់ថ្មីនេះ ប្រទេសថៃមានអ្នកកើតជំងឺកូវីដ១៩ សរុបចំនួន៤១៦៩នាក់ហើយ។ អ្នកនាំពាក្យរដ្ឋបាលគ្រប់គ្រងជំងឺកូវីដ១៩របស់ថៃ ហៅកាត់ថា CCSA គឺលោក Thaweesilp Visanuyothin បាននិយាយថា ករណីឆ្លងក្នុងស្រុកថ្មីគឺជាគិលានុបដ្ឋាយិកា នៅមន្ទីរពេទ្យ BNH ជាហេតុនាំឲ្យឆ្លងក្នុងសហគមន៍ថ្មីៗនេះកើនដល់៦នាក់៕ ប្រភពពីបាងកកប៉ុស្តិ៍
-
កូវីដ១៩៖ អ្នកស្ម័គ្រចិត្តមុនគេ ចាក់វ៉ាក់សាំងវៀតណាមអះអាងថាមានជំនឿចិត្ត

អ្នកស្រី Minh Anh បានដកដង្ហើមវែងៗ មុនពេលចុះកិច្ចព្រមព្រៀងធ្វើជាស្ម័គ្រចិត្តមុនគេ ក្នុងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ៩ ផលិតក្នុងប្រទេសវៀតណាម ជាកម្មវិធីសាកល្បងចាក់លើមនុស្ស ដំណាក់កាលដំបូងរបស់វៀតណាម។ ស្ត្រីវ័យ២៥ឆ្នាំរូបនេះបានយល់ព្រមធ្វើជាអ្នកស្ម័គ្រចិត្តមុនគេ ក្នុងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ស្ថាប័នវេជ្ជសាស្ត្រ Nanocovax ដោយគាត់បានឯកភាពផ្លូវការ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ធ្នូ ២០២០នេះ ហើយគេដឹងថា គាត់រៀននៅសកលវិទ្យាល័យវេជ្ជសាស្ត្រយោធាវៀតណាម នៅក្រុងហាណូយ ហៅកាត់ថា VMMU ។ អ្នកស្រី Minh Anh បាននិយាយថា « បើនិយាយថា ខ្ញុំមិនបារម្ភឬមិនខ្លាចនោះ វាមិនមែនការពិតទេ ប៉ុន្តែខ្ញុំមានមានជំនឿចិត្ត យ៉ាងណាក៏ដោយ បើទោះបីជាមានប្រសិទ្ធិភាពក៏ដោយ ខ្ញុំនឹងតាមដានប្រុងប្រយ័ត្ន ជាអាទិភាពដែរ។ ប្រសិនបើការសាកល្បងនេះមិនមានដំណើរការល្អ ខ្ញុំអាចបញ្ឈប់គ្រប់ពេល»។ អ្នកស្រីបន្ថែមទៀតថា មានការបញ្ជាក់ប្រាប់ច្បាស់លាស់ នៅពេលចាក់ទៅក្នុងរាងកាយរបស់គាត់ ហើយនឹងត្រូវពិនិត្យសុខភាពទៀងទាត់។ ការដាក់វ៉ាក់សាំងលើមនុស្សដំណាក់កាលដំបូងនេះត្រូវការអ្នកស្ម័គ្រចិត្ត ៦០នាក់ ក្នុងនោះ មាន៣០នាក់ហើយបានព្រមព្រៀងហើយ នាព្រឹកមិញនេះ៕ ប្រភពពី VN Express
-
ព្រះមហាក្សត្រ និងសម្តេចម៉ែប្រោសព្រះរាជទានព្រះរាជទ្រព្យ១លានដុល្លា ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចូលរួមចំណែកទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីត-១៩

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ នៅព្រឹកថ្ងៃទី១០ធ្នូ២០២០នេះ ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសហការី ចូលក្រាបថ្វាយបង្គំគាល់។ ក្នុងឱកាសនោះ ព្រះករុណាព្រះមហាក្សត្រ បានប្រោសប្រទានព្រះរាជទ្រព្យចំនួន៥០ម៉ឺនដុល្លារអាមេរិក និង សម្តេចព្រះមហាក្សត្រី បានប្រោសប្រទានព្រះរាជទ្រព្យ ចំនួន ៥០ម៉ឺនដុល្លារអាមេរិក ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទិញវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅយប់ថ្ងៃទី៧ធ្នូឆ្នាំ២០២០ បានប្រកាសថា សម្ដេចគ្រោងនឹងទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន១លានដូស្ត ដែលអាចចាក់បានមនុស្ស៥០ម៉ឺននាក់។ អ្នកដែលត្រូវចាក់មុនគេ គឺអ្នកដែលប្រឈមខ្ពស់ គឺគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធ និងកម្មប្រមូលសម្រាមជាដើម។ ក្រោយការប្រកាសនោះ គេសង្កេតឃើញសប្បុរសជន បានស្មគ្រ័ចិត្តចូលជាថវិការបស់ខ្លួនជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំង ដែលគិតរហូតមកដល់ល្ងាចថ្ងៃទី៩ធ្នូ ទទួលបានជាង៣៦លាន៨សែនដុល្លារអាមេរិក៕
-
ក្រុមគ្រួសារ សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមចំណែកបរិច្ចាកថវិកាចំនួន ៣០.០០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

ភ្នំពេញ ៖ ក្រុមគ្រួសារ សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមចំណែកបរិច្ចាកថវិកាសរុប ចំនួន ៣០.០០០ដុល្លារ (សាមសិបពាន់ដុល្លារអាមេរិក) ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងនោះរួមមាន ៖ ឧបាសិកា វ៉ិច ហុង និងបុត្រាបុត្រី ចំនួន ១០.០០០USD ( ដប់ពាន់ដុល្លារអាមេរិក) លោកជំទាវ អាន្នី សុខ អាន និងបុត្រាបុត្រី ចំនួន ១០.០០០USD (ដប់ពាន់ដុល្លារអាមេរិក) ឯកឧត្តម សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចំនួន ៥.០០០USD (ប្រាំពាន់ដុល្លារអាមេរិក) លោកស្រី សុខ សុផា និងបុត្រាបុត្រី ព្រមទាំងចៅប្រុសស្រី ចំនួន ៥.០០០USD (ប្រាំពាន់ដុល្លារអាមេរិក) ។ ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន…
-
ឯកឧត្តម សាយ សំអាល់ និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន បរិច្ចាគថវិកាសរុប ៤០លានរៀល និង១៩,៤២០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំក្រសួង បានបរិច្ចាគថវិកាសរុប ៤០លានរៀល និង ១៩,៤២០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕ ដោយ / គ្រី សម្បត្តិ
-
អេមីរ៉ាត់អារ៉ាប់រួមចុះបញ្ជីវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនផលិតឱសថចិន Sinopharm បន្ទាប់ពីបង្ហាញប្រសិទ្ធភាព៨៦ភាគរយ

អេមីរ៉ាត់អារ៉ាប់រួម៖ អេមីរ៉ាត់អារ៉ាប់រួម នៅថ្ងៃពុធនេះ បានចុះបញ្ជីជាផ្លូវការនូវវ៉ាក់សាំងប្រឆាំង Covid-19 ដែលអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនផលិតឱសថយក្សចិន Sinopharm និងនិយាយថា វាមានប្រសិទ្ធភាព៨៦ភាគរយ យោងតាមការវិភាគនៃការសាកល្បងដំណាក់កាលទី៣ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ WAM របស់អេមីរ៉ាត់អារ៉ាប់រួមនិយាយថា ក្រសួងសុខាភិបាលបានប្រកាសពីការចុះបញ្ជីជាផ្លូវការ នូវវ៉ាក់សាំងនេះដោយមិនបានបញ្ជាក់ពីរបៀបដែលវាត្រូវបានគេប្រើប្រាស់នោះទេ ។ ការប្រកាសនេះ គឺជាការបោះឆ្នោតដ៏គួរឲ្យទុកចិត្តមួយដោយអាជ្ញាធរសុខាភិបាលរបស់អារ៉ាប់រួម ក្នុងការធានាសុវត្ថិភាព និងប្រសិទ្ធភាពវ៉ាក់សាំងនេះ ។ សូមជម្រាបថា វ៉ាក់សាំងនេះ បានឆ្លងកាត់ការសាកល្បងដំណាក់កាលទីបីនៅក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួមចាប់តាំងពីខែកក្កដា ហើយវាត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់សម្រាប់បុគ្គលិកសុខាភិបាលក្នុងខែកញ្ញាកន្លងទៅ ។ យ៉ាងណាមិញ មន្ត្រីសុខាភិបាលក៏បានពិនិត្យឡើងវិញ នូវការវិភាគបណ្តោះអាសន្នរបស់ក្រុមហ៊ុន Sinopharm ចំពោះការសាកល្បងព្យាបាលដំណាក់កាលទី៣ ដែលបង្ហាញថា វាមានប្រសិទ្ធភាព៨៦ភាគរយប្រឆាំងនឹងវីរុសដ៏កាចសាហាវមួយនេះ ៕
-
ទីភ្នាក់ងារឱសថអឺរ៉ុប EMA បញ្ជាក់ថា ឯកសារវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech ត្រូវបានគេលួច

អឺរ៉ុប៖ ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ ភីហ្វីហ្សឺ-បាយអូអិនធិច នៅថ្ងៃពុធនេះបញ្ជាក់ថា ឯកសារពាក់ព័ន្ធនឹងការអភិវឌ្ឍវ៉ាក់សាំង Covid-19 របស់ពួកគេត្រូវបានចូលមើលដោយខុសច្បាប់ តាមរយៈការវាយប្រហារផ្នែកព័ត៌មានវិទ្យា នេះបើតាមសារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ។ ជាមួយគ្នានេះ EMA ជាទីភ្នាក់ងារដែលអនុញ្ញាតអោយប្រើប្រាស់ថ្នាំនៅទូទាំងសហភាពអឺរ៉ុប បានបញ្ជាក់ថា ខ្លួនត្រូវរងគ្រោះដោយសារការវាយប្រហារតាមអ៊ីនធើណិត ហើយឯកសារដែលទាក់ទងនឹងវ៉ាក់សាំង Covid-19 ត្រូវបានគេលួច ។ ហើយបើតាមក្រុមហ៊ុន ភីហ្វីហ្សឺ-បាយអូអិនធិច នោះ ពាក្យស្នើសុំបទប្បញ្ញត្តិរបស់ខ្លួនត្រូវបានគេចូលមើលក្នុងអំឡុងការវាយប្រហារនេះ ។ ជុំវិញបញ្ហានេះដែរ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយនៅលើគេហទំព័ររបស់ខ្លួន ទីភ្នាក់ងារឱសថអឺរ៉ុប EMA មិនបានផ្តល់ព័ត៌មានលម្អិតអំពីលក្ខណៈ នៃការវាយប្រហារតាមអ៊ីនធើណិតនេះទេ ដោយគ្រាន់តែនិយាយថា ការស៊ើបអង្កេតពេញលេញកំពុងចាប់ផ្តើមឡើង ខណៈ EMA កំពុងធ្វើការលើការអនុម័តវ៉ាក់សាំង Covid-19 ចំនួនពីរ ដែលខ្លួនរំពឹងថា នឹងបញ្ចប់ក្នុងពេលប៉ុន្មានសប្តាហ៍ទៀត ៕
-
ថៃបើកទ្វារទទួលទេសចរណ៍បរទេសជុំវិញពិភពលោក ដោយមិនខ្វល់ពីស្ថានភាព Covid-19 ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ

ថៃ៖ ដើម្បីស្តារវិស័យទេសចរណ៍ដែលលិចលង់ស្ទើរដល់ចំណុចសូន្យទៅហើយនោះ រដ្ឋាភិបាលថៃបានប្រកាសបើកទ្វារទទួលភ្ញៀវទេសចរបរទេសជុំវិញពិភពលោក ដោយមិនខ្វល់ពីស្ថានភាពជំងឺកូវិដ១៩នោះទេ តាមរយៈកម្មវិធីផ្តល់ទិដ្ឋិការស្នាក់នៅរយៈពេលវែង នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នាពេលថ្មីៗ ។ ការប្រកាសនេះ ធ្វើឡើងក្រោយនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានអះអាងជាសាធារណៈថ្មីៗនេះថា ប្រទេសរបស់លោកមិនបានធ្លាក់ចូលក្នុងរលករាតត្បាតនៃជំងឺ Covid-19លើកទី២នោះទេ ។ បើតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Rachada Dhnadirek បានបញ្ជាក់ថា ភ្ញៀវទេសចរបរទេសទាំងអស់តម្រូវអោយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ មុននឹងអនុញ្ញាតអោយដើរលេងដោយសេរី ។ តាមរយៈកម្មវិធីផ្តល់ទិដ្ឋិការរយៈពេលវែង ភ្ញៀវទេសចរទាំងអស់អាចស្នាក់នៅប្រទេសថៃចាប់ពី៣០ទៅ៦០ថ្ងៃ ។ ក្រៅពីបើកទ្វារផ្ទះទទួលទេសចរណ៍បរទេសនោះ ថៃនៅមានផែនការធំៗជាច្រើនទៀត ដើម្បីជួយស្តារឧស្សាហកម្មទេសចរណ៍របស់ខ្លួនអោយរស់ឡើងវិញ ៕
-
សម្ដេចក្រឡាហោម ស ខេង ក្រុមគ្រួសារ កងការពារ ព្រមទាំងមន្ត្រីសំខាន់ៗទាំងអស់ ធ្វើតេស្តជំងឺកូវីដ-១៩ លើកទី២ គឺអវិជ្ជមានទាំងអស់

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រាបជូនសាធារណជន មេត្តាជ្រាបជាថ្មីថា តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រុមគ្រួសារ កងការពារ ព្រមទាំងមន្ត្រីសំខាន់ៗទាំងអស់ ដែលបានធ្វើ តេស្តជំងឺកូវីដ-១៩ លើកទី២ គឺទទួលបានលទ្ធផលល្អប្រសើរ ដោយអវិជ្ជមានទាំងអស់។ នៅពេលនេះ សម្ដេចក្រឡាហោម នៅតែធ្វើចត្តាឡីស័ក និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលជាបន្តទៀត ហើយសម្ដេចក្រឡាហោម ក៏សូមអំពាវ នាវដល់បងប្អូនជនរួមជាតិ ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិនៃក្រសួងមហាផ្ទៃ សូមបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន៕អ៉ិត រ៉ាវុធ
-
អ្នកវិទ្យាសាស្រ្តអង់គ្លេសកំពុងព្យាយាមសម្រាលភាពភ័យខ្លាច ខណៈមនុស្សពីរនាក់មានប្រតិកម្មធ្ងន់ធ្ងរ ក្រោយចាក់វ៉ាក់សាំង Covid-19

អង់គ្លេស៖ ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសបានព្យាយាមសម្រាលភាពភ័យខ្លាចជាសាធារណៈអំពីវ៉ាក់សាំង Pfizer-BioNTech ដែលកំពុងត្រូវបានចាក់នៅទូទាំងប្រទេសអឺរ៉ុបមួយនេះ ក្រោយមានរបាយការណ៍ថា បុគ្គលិក NHS ពីរនាក់ទទួលរងប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរ បន្ទាប់ពីការចាក់វ៉ាក់សាំងនៅថ្ងៃ V-Day ក្នុងថ្ងៃពុធម្សិលមិញ នេះបើតាមសារព័ត៌មាន Daily Mail នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ។ បុគ្គលិកថែទាំសុខភាពដែលមិនបញ្ចេញឈ្មោះទាំងពីរនាក់ខាងលើនេះ ត្រូវការការព្យាបាលជាបន្ទាន់ ប៉ុន្តែបានជាសះស្បើយឡើងវិញ បន្ទាប់ពីពួកគេចេញរោគសញ្ញាភ្លាមៗ ក្រោយទទួលបានការចាក់វ៉ាក់សាំង ។ បើទោះបីជាមានប្រតិកម្មអាឡ័កស៊ីពីរករណីក៏ដោយ រដ្ឋាភិបាលអង់គ្លេសនៅតែបន្តចាក់វ៉ាក់សាំងមនុស្សពី៥ពាន់ទៅ៧ពាន់នាក់ក្នុងមួយថ្ងៃនៅទូទាំងប្រទេសដោយប្រើថ្នាំរបស់ Pfizer ។ សូមជម្រាបថា ក្នុងរយៈពេល២៤ម៉ោងនៃកម្មវិធីចាក់ថ្នាំបង្ការរោគដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រអង់គ្លេសនោះ និយតករថ្នាំពេទ្យអង់គ្លេសបានប្រាប់ថា អ្នកណាម្នាក់ដែលមានប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរទៅនឹងថ្នាំ ឬអាហារមិនគួរត្រូវបានទទួលវ៉ាក់សាំងទេ ។ ទន្ទឹមគ្នា ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសបានអំពាវនាវអោយមានភាពស្ងប់ស្ងាត់ ស្របពេលមានការភ័យខ្លាចជាសាធារណៈអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយវ៉ាក់សាំងថ្មីនេះ ដែលវាបានគំរាមកំហែងដល់ការបង្អាក់កម្មវិធីចាក់ថ្នាំបង្ការដ៏ធំរបស់ NHS ៕