-
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំស្ដីពីការ ចេញ ចូល ទីស្ដីការក្រសួងមហាផ្ទៃ និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ក្នុងអំឡុងពេលនៃការបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា

-
អូស្ត្រាលីមានបំណងបញ្ចប់ការពិនិត្យឡើងវិញនូវវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Pfizer ត្រឹមខែមករា មុនពេលអនុម័តអោយប្រើនៅខែមិនា ឆ្នាំក្រោយ

អូស្រ្តាលី៖ និយ័តករឱសថរបស់អូស្រ្តាលីនៅថ្ងៃព្រហស្បតិ៍នេះនិយាយថា ខ្លួនកំពុងស្ថិតនៅក្នុងតំណាក់កាលពិនិត្យឡើងវិញ នូវប្រសិទ្ធិភាព និង សុវត្ថិភាពវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក ភីហ្វីហ្សឺ រហូតដល់ខែមករា ឆ្នាំ២០២១ មុនពេលដែលអូស្រ្តាលីចាប់ផ្តើមការចាក់វ៉ាក់សាំងនៅក្នុងខែមិនាខាងមុខ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ។ ប្រធានរដ្ឋបាលគ្រប់គ្រងមុខទំនិញរបស់អូស្រ្តាលីលោក ចន ស្គើរីត បាននិយាយថា ខ្លួនប្រហែលជាអាចនឹងបញ្ចប់ការពិនិត្យឡើងវិញរបស់ខ្លួននៅចុងខែមករាខាងមុខ ហើយបានប្រាប់បុគ្គលិកកុំអោយយកគំរោងវិស្សមកាល ទៅសម្រេចការងារនេះដែរ ។ សូមជម្រាបថា ភីហ្វីហ្សឺ គឺជាក្រុមហ៊ុនផលិតវ៉ាក់សាំង Covid-19 ធំៗចំនួន០៤ ដែលអូស្រ្តាលីយល់ព្រមទិញ ហើយក្នុងនោះក៏រួមមានក្រុមហ៊ុន Novavax, AstraZeneca និង CSL Ltd ដែលសុទ្ធសឹងតែទទួលបានជោគជ័យក្នុងតំណាក់កាលធ្វើតេស្ត ។ យ៉ាងណាមិញ រដ្ឋមន្រ្តីសុខាភិបាលអូស្រ្តាលីលោក ក្រេក ហាន់ បានប្រាប់អ្នកយកព័ត៌មានក្នុងស្រុកថា ខែមករា ជាពេលមិនទាន់សាកសមដើម្បីចាប់ផ្តើមផែនការចាក់វ៉ាក់សាំងនោះទេ ។ លោកបានសង្កត់ធ្ងន់ថា យើងកំពុងស្ថិតនៅលើផ្លូវសម្រាប់ការចាក់វ៉ាក់សាំងដំបូងបង្អស់ ដែលចាប់ផ្តើមជាមួយបុគ្គលិកសុខាភិបាលរបស់យើង ដែលនឹងត្រូវទទួលការយល់ព្រមនៅក្នុងខែមីនាខាងមុខនេះ ៕
-
ស.ស.យ.ក.៖ សូមជូននូវសេចក្តីប្រកាសព័ត៌មានស្តីពីការបន្តយុទ្ធនាការនៃការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩

-
កូវីដ៖ ព្រះសង្ឃ២៦អង្គ ត្រូវបានហាមមិនឲ្យនិមន្ដចេញទៅក្រៅជាបណ្ដោះអាសន្ន ដោយសារជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

សៀមរាប៖ ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះអនុគណក្រុងសៀមរាប មានថេរៈដិកាថា អាជ្ញាធរខេត្ត និង អនុគណក្រុងសៀមរាប សម្រេចមិនអនុញ្ញាតឲ្យព្រះសង្ឃគ្រប់អង្គគង់នៅវត្តអធ្វា ក្នុងក្រុងសៀមរាប និមន្ដចេញក្រៅ ឬទទួលការនិមន្តទៅសូត្រមន្តក្នុងពិធីផ្សេងៗនៅខាងក្រៅឡើយ បន្ទាប់ពីគ្រួសារដែលមានវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានទៅរកលោកយាយចុងភៅក្នុងវត្ត ដើម្បីស្រោចទឹក និង ចងអំបោះដៃ ទៅតាមជំនឿសាសនារបស់ខ្មែរ។ ដោយមើលឃើញពីបញ្ហាប្រឈមនៃការឆ្លងជំងឺកូវីដ ១៩ និងដើម្បីបង្ការទប់ស្កាត់កុំឲ្យមានការរីករាលដាលធ្ងន់ធ្ងរឆ្លងចូលក្នុងសហគមន៍ ទើបរដ្ឋបាលខេត្តសៀមរាប មន្ទីរធម្មការនិងសាសនាខេត្ត សុំផ្អាកព្រះសង្ឃទាំង២៦អង្គ រយៈពេល១៤ថ្ងៃ មិនឱ្យនិមន្តចេញក្រៅ រង់ចាំមានការណែនាំជាថ្មី។ លាង ព្រះអនុគណក្រុងសៀមរាប មានថេរៈដិកាថា បើទោះបីជាបច្ចុប្បន្ននេះ ព្រះសង្ឃគ្រប់អង្គនៅវត្តអធ្វា មិនមានឆ្លងកូវីដ-១៩ក៏ដោយ ក៏ត្រូវអនុវត្តតាមវិធានការនៃការធ្វើចត្តាឡីស័កនៅមួយកន្លែង តាមការណែនាំរបស់អាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្តផងដែរ។ ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង បានសំណូមពរដល់ព្រះសង្ឃនៅតាមវត្តអារាមនានា មិនគួរអនុញ្ញាតឲ្យ ភិក្ខុ សាមណេរ និមន្ដចេញក្រៅ ក្នុងករណីមិនចាំបាច់ ហើយក៏ត្រូវរៀបចំឱ្យមានកន្លែងពិនិត្យសុខភាព ត្រូវមានឧបករណ៍វាស់កំដៅ មានសាប៊ូ ជេលឬអាល់កុលសម្រាប់លាងសំអាតដៃ ត្រូវពាក់ម៉ាស…
-
ក្រុមហ៊ុន ម៉ូឌែណា រំពឹងថា វ៉ាក់សាំង Covid-19 របស់ខ្លួននឹងទទួលបានការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់ ក្រោយកិច្ចប្រជុំក្រុមប្រឹក្សានិយ័តករសុខាភិបាលអាមេរិក

អាមេរិក៖ សារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃទី០៣ ខែធ្នូនេះថា នាយកប្រតិបត្តិក្រុមហ៊ុនផលិតឱសថ ម៉ូឌែណា លោក ស្ទេហ្វាន បង់សែល និយាយថា វ៉ាក់សាំងក្រុមហ៊ុនរបស់លោកនឹងទទួលបានអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ក្នុងរយៈពេល ២៤ទៅ៧២ម៉ោង ក្រោយកិច្ចប្រជុំក្រុមប្រឹក្សានិយ័តករសុខាភិបាលអាមេរិក ។ នាយកប្រតិបត្តិក្រុមហ៊ុនផលិតឱសថ ម៉ូឌែណា របស់អាមេរិករូបនេះ បានអះអាងនៅក្នុងសន្និសីទស្តីពីការថែទាំសុខភាព Piper Sandler ថា បច្ចុប្បន្នក្រុមហ៊ុន ម៉ូឌែណា មានវ៉ាក់សាំងរាប់លានដូស ដែលអាចចែកចាយភ្លាមៗ បើសិនសំណើខាងលើទទួលបានការអនុញ្ញាតនោះ ។ ការកត់សម្គាល់បែបនេះរបស់លោក បង់សែល ត្រូវបានធ្វើឡើងស្របពេលដែលរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA នឹងបើកកិច្ចប្រជុំមួយនៅថ្ងៃទី១៧ ខែធ្នូខាងមុខនេះ ដើម្បីពិភាក្សាស្តីពីសំណើរបស់ ម៉ូឌែណា ចំពោះការអនុញ្ញាតឲ្យមានការប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងរបស់ក្រុមហ៊ុនមួយនេះ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៦៥លាននាក់ ក្នុងនោះស្លាប់ជិត១លាន៥០ម៉ឺននាក់ និងជាសះស្បើយជិត៤៥លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦៤លាន៨២ម៉ឺន១ពាន់៤៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៤៩ម៉ឺន៨ពាន់៣១៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤៤លាន៩២ម៉ឺន៤ពាន់៣៧០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៤លាន៣១ម៉ឺន៣ពាន់៩០០នាក់ ស្លាប់ចំនួន២៧ម៉ឺន៩ពាន់៨៦៥នាក់ និងជាសះស្បើយចំនួន៨លាន៤៦ម៉ឺន២ពាន់៣៤៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៥៣ម៉ឺន៣ពាន់៤៧១នាក់ ស្លាប់ចំនួន១៣ម៉ឺន៨ពាន់៦៥៧នាក់ និងជាសះស្បើយ៨លាន៩៧ម៉ឺន១០៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន៤៣ម៉ឺន៦ពាន់៦៥០នាក់ ស្លាប់១៧ម៉ឺន៤ពាន់៥៣១នាក់ និងជាសះស្បើយ៥លាន៦៩ម៉ឺន៨ពាន់៣៥៣នាក់ ៕
-
ប្រជាជនជប៉ុននឹងចាក់វ៉ាក់សាំង Covid-19 ដោយឥតគិតថ្លៃ បន្ទាប់ពីសភាជប៉ុនបានអនុម័តពង្រាងច្បាប់មួយ

ជប៉ុន៖ សារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី០២ ខែធ្នូនេះថា សភាជប៉ុននៅថ្ងៃពុធនេះ បានអនុម័តពង្រាងច្បាប់មួយ ដើម្បីចាក់វ៉ាក់សាំងកូវីដ១៩ដោយឥតគិតថ្លៃសំរាប់ប្រជាជនទូទៅ ហើយរដ្ឋាភិបាលកណ្តាលជាអ្នកចេញការចំណាយ ។ ការអនុម័តដោយសភាជាន់ខ្ពស់ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីការអនុម័តយល់ព្រមដោយសភាជាន់ទាប ដែលនឹងធ្វើអោយពង្រាងច្បាប់នេះចូលជាធរមាន ហើយវាក៏នឹងអនុញ្ញាតអោយរដ្ឋាភិបាលតំបន់ដឹកនាំការចាក់វ៉ាក់សាំងផងដែរ ។ ចំណាត់ការនេះ ត្រូវបានធ្វើឡើងនៅពេលដែលជប៉ុនជួបការឆ្លងជំងឺកូវីដ១៩ក្នុងរលកថ្មីដ៏អាក្រក់បំផុតនៅតំបន់ខ្លះ ដែលនាំអោយមានការអំពាវនាវអោយបិទរង្គសាល និងភោជនីយដ្ឋានមុនម៉ោងកំណត់ ហើយនាយករដ្ឋមន្ត្រីជប៉ុនក៏បានផ្អាកកម្មវិធីធ្វើដំណើរមួយ ដែលមានបំណងទ្រោលសេដ្ឋកិច្ចឡើងវិញ ។ បន្ថែមលើនេះ នាយករដ្ឋមន្ត្រីជប៉ុនក៏បានប្តេជ្ញារកវ៉ាក់សាំងមកចាក់អោយប្រជាជនលោកគ្រប់គ្រាន់ ដែលយ៉ាងយូរនៅត្រឹមឆមាសទី១ ឆ្នាំ២០២១ តែគេមិនដឹងថាតើជនបរទេសនៅជប៉ុន នឹងស្ថិតក្នុងកម្មវិធីចាក់វ៉ាក់សាំងឥតគិតថ្លៃនេះដែរឬអត់ទេ ៕
-
ប្រធានាធិបតីរុស្ស៊ីបញ្ជាអោយចាក់វ៉ាក់សាំង Covid-19 ជាលក្ខណៈទ្រង់ទ្រាយធំ ជូនប្រជាជនរុស្ស៊ីនាសប្តាហ៍ក្រោយ

រុស្ស៊ី៖ សារព័ត៌មាន RT ចុះផ្សាយនៅថ្ងៃទី០២ ខែធ្នូនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញបញ្ជាចាប់ផ្តើមការចាក់វ៉ាក់សាំង COVID-19 ក្នុងចំណោមប្រជាជនរុស្ស៊ីជាលក្ខណៈទ្រង់ទ្រាយធំនាសប្តាហ៍ក្រោយនេះ ។ នៅក្នុងសន្និសីទវីដេអូមួយនៅថ្ងៃពុធនេះ លោក ពូទីន បានប្រាប់ឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោកស្រី Tatiana Golikova ដែលទទួលបន្ទុកលើកិច្ចការប្រយុទ្ធប្រឆាំងនឹង Covid-19 របស់រុស្ស៊ីថា ខ្ញុំបានស្នើអោយរៀបចំដំណើរការចាក់សាំងជាលក្ខណៈទ្រង់ទ្រាយធំ ដោយត្រូវចាប់ផ្តើមនៅចុងសប្តាហ៍ក្រោយ ។ ជាការឆ្លើយតប លោកស្រីសន្យាថា នឹងរាយការណ៍ជូនលោក ពូទីន វិញ នៅពេលរដ្ឋាភិបាលបំពេញកិច្ចការងារនេះចប់សព្វគ្រប់ ។ លោក ពូទីន បានគូសបញ្ជាក់ទៀតថា វ៉ាក់សាំង Sputnik V ប្រមាណ២លានដូស បានត្រៀមរួចរាល់ហើយ ឬនឹងត្រូវផលិតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដែលអនុញ្ញាតឲ្យវេជ្ជបណ្ឌិត និងគ្រូជនជាតិរុស្ស៊ី អាចទទួលបានការចាក់វ៉ាក់សាំងចំនួន២ដូសភ្លាមៗបាន ៕
-
ការចាក់វ៉ាក់សាំង Covid-19 នៅអង់គ្លេសនាសប្តាហ៍ក្រោយ នឹងមានការផ្សាយផ្ទាល់តាមទូរទស្សន៍ ដើម្បីបង្ហាញពីសុវត្ថិភាព

អង់គ្លេស៖ សារព័ត៌មាន AP ចុះផ្សាយនៅថ្ងៃទី០៣ ខែធ្នូនេះថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន អាចនឹងចាក់វ៉ាក់សាំង COVID-19 ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ដើម្បីបង្ហាញពីសុវត្ថិភាព ប៉ុន្តែលោកនឹងមិនទទួលការចាក់វ៉ាក់សាំង មុនអ្នកដែលងាយរងគ្រោះ ឬក៏អ្នកត្រូវការជាចាំបាច់បំផុតនោះទេ ។ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ជាក់ថា លោក ចនសុន ចង់ចាក់វ៉ាក់សាំងដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ដើម្បីបង្ហាញពីសុវត្ថិភាព និងបញ្ចុះបញ្ចូលអោយប្រជាជនអង់គ្លេស យល់ព្រមចាក់វ៉ាក់សាំង នៅពេលមានវ៉ាក់សាំងតែប៉ុណ្ណោះ ។ សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បានសាទរដល់ប្រទេសរបស់លោក ក្នុងការអនុម័តអោយប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនឱសថអាមេរិក និងអាល្លឺម៉ង់ Pfizer-BioNTech ដែលកំពុងជាក្ដីសង្ឃឹមមួយបិទបញ្ចប់ ការឆ្លងរាតត្បាតជំងឺ Covid-19 និងធ្វើអោយជីវិតនានាក្នុងពិភពលោកត្រឡប់ទៅរកសភាពធម្មតាឡើងវិញ ៕
-
ក្រសួងសុខាភិបាល ប្រកាសបិទអគារកាណាឌីយ៉ា ក្រោយពេលរកឃើញបុគ្គលិកធនាគារចិនម្នាក់មានផ្ទុកមេរោគកូវីដ១៩

ភ្នំពេញ៖ យោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ក្រសួងសុខាភិបាល បានប្រកាសថា ក្រសួងសម្រេចឲ្យបិទអគារកាណាឌីយ៉ា ដែលមានទីតាំងជិតផ្លូវភ្លោះវត្តភ្នំ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងរយៈពេលខ្លីសិន បន្ទាប់ពីរកឃើញបុរសម្នាក់ជនជាតិខ្មែរ ជាបុគ្គលិកធនាគារចិនមានផ្ទុកមេរោគកូវីដ១៩។ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា កាលពីយប់មិញនេះ ក្រសួងបានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ លើបុរសជនជាតិខ្មែរម្នាក់ ជាបុគ្គលិកធនាគារចិន (Bank of China) ដែលការិយាល័យធនាគារចិននេះ មានទីតាំងនៅក្នុងអគារកាណាឌីយ៉ាតែម្តង, ដូចេ្នះក្រសួង ស្នើសុំបិទអគារបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប្រយោគ។ សូមបញ្ជាក់ថា បុរសជាបុគ្គលិកធនាគារចិនខាងលើនេះ មានទីលំនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជាមួយគ្នានេះ លោកជំទាវ យក់ សម្បត្តិ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការពាក់ម៉ាសជាការចាំបាច់បំផុតនៅពេលធ្វើដំណើរចេញក្រៅ និងឧស្សាហ៍លាងដៃឲ្យបានញឹកញាប់ជាមួយទឹកអាល់កុល និងសាប៊ូ ព្រោះការពាក់ម៉ាស និងលាងដៃ ជាវិធីដ៏ល្អសម្រាប់ការការពារដល់ខ្លួនយើង និងអ្នកដទៃពីជំងឺដ៏កាចសាហាវនេះ៕