-
ប្រេស៊ីលផ្អាកការសាកល្បងដំណាក់កាលចុងក្រោយនូវវ៉ាក់សាំង Covid-19 របស់ចិន ក្រោយប៉ះពាល់ធ្ងន់ធ្ងរលើអ្នកស្ម័គ្រចិត្តធ្វើតេស្ត

ប្រេស៊ីល៖ ទីភ្នាក់ងារត្រួតពិនិត្យសុខាភិបាលរបស់ប្រេស៊ីលប្រកាសផ្អាកការធ្វើតេស្តវ៉ាក់សាំង CoronaVac ដែលត្រូវស្រាវជ្រាវផលិតដោយក្រុមហ៊ុនឱសថចិន Sinovac ក្រោយមានហេតុការណ៍ធ្ងន់ធ្ងរមួយបានកើតមានឡើងទៅលើអ្នកស្ម័គ្រចិត្តទទួលវ៉ាក់សាំងម្នាក់កាលពីថ្ងៃទី២៩ ខែតុលាកន្លងទៅ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។ការធ្វើតេស្តវ៉ាក់សាំងកូវីដ១៩នេះ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវ Butantan ដែលមានមូលដ្ឋានក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល ។ លោក Dimas Covas ជានាយកវិទ្យាស្ថានស្រាវជ្រាវ Butantan ដែលគ្រប់គ្រងដោយរដ្ឋាភិបាលប្រេស៊ីល បានថ្លែងបា្រប់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយថា អ្នកស្ម័គ្រចិត្តរូបនោះបានស្លាប់ ប៉ុន្តែការស្លាប់របស់គាត់ មិនមែនបណ្តាលមកពីវ៉ាក់សាំងនោះទេ ។សូមជម្រាបថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ជាវ៉ាក់សាំងការពារជំងឺ Covid-19 ទី៣ហើយ ដែលត្រូវបានផ្អាក បន្ទាប់ពីអ្នកស្ម័គ្រចិត្តម្នាក់បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីទទួលវ៉ាក់សាំងនោះ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៥២លាននាក់ ក្នុងនោះស្លាប់ជាង១លាន២៧ម៉ឺននាក់ និងជាសះស្បើយជាង៣៦លាន៣៦ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥១លាន៧៩ម៉ឺន១ពាន់២៩៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន២៧ម៉ឺន៨ពាន់៤៦០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៦លាន៣៦ម៉ឺន៤ពាន់៩៣១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១០លាន៥៥ម៉ឺន៧ពាន់៧៦៧នាក់ ស្លាប់ចំនួន២៤ម៉ឺន៥ពាន់៧៨៥នាក់ និងជាសះស្បើយចំនួន៦លាន៥៩ម៉ឺន៦ពាន់៧៧០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន៦៣ម៉ឺន៥ពាន់៧៥៤នាក់ ស្លាប់ចំនួន១២ម៉ឺន៧ពាន់៦១៥នាក់ និងជាសះស្បើយ៨លាន១ម៉ឺន១ពាន់៨៤៤នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៧០ម៉ឺន១ពាន់២៨៣នាក់ ស្លាប់១៦ម៉ឺន២ពាន់៨៤២នាក់ និងជាសះស្បើយ៥លាន៦ម៉ឺន៤ពាន់៣៤៤នាក់ ៕
-
កម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មីម្នាក់ទៀត ដែលនាំឲ្យមានអ្នកឆ្លងសរុប៣០១នាក់

ក្រសួងសុខាភិបាល៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃ១១វិច្ឆិកានេះ បានឲ្យដឹងថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ម្នាក់បន្ថែមទៀតនៅថ្ងៃទី១០វិច្ឆិកាឆ្នាំ២០២០ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់៣០១នាក់។ ករណីឆ្លងថ្មីនោះ គឺជាស្ត្រីជនជាតិអាមេរិកកាំង មានអាយុ៣៥ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានូភ្នំពេញ។ ស្ត្រីនោះបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៤វិច្ឆិកាឆ្នាំ២០២០។ ការរកឃើញករណីវិជ្ជមាននោះ គឺខណៈដែលគេធ្វើតេស្ដវត្ថុសសំណាកលើទី២របស់ពួកគាត់ នៅថ្ងៃទី៧នៃរយៈពេលធ្វើចត្តាឡីស័ករបស់ពួកគេរយៈពេល១៤ថ្ងៃ។ ជាលទ្ធផលដែលផ្ដល់ដោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបញ្ជាក់ថា ស្ត្រីនោះមានវិជ្ជមានវីរុសកូវីដ-១៩ ហើយពួកគេត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា តាមជើងយន្តហោះជាមួយស្ត្រីខាងលើមានអ្នកដំណើរសរុប៦៦នាក់ ពេលមកដល់កម្ពុជា បានធ្វើតេស្ដលើកទី១ ដោយទទួទលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩។ ប៉ុន្តែនៅថ្ងៃទី១០វិច្ឆិកា ការធ្វើតេស្តលើកទី២ បានរកឃើញវិជ្ជមានវីរុសកកូវីដ-១៩លើស្ត្រីជនជាតិអាមេរិកកាំងនោះ។ រីឯអ្នកដំណើរចំនួន៦៥នាក់ផ្សេងទៀត ដែលលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ពេលធ្វើតេស្តលើកទី១ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារ៥កន្លែងនៅរាជធានីភ្នំពេញ នៅវិទ្យាល័យពោធិ៍ចិនតុង១៦នាក់ និងនៅស្ថានទូតអាមេរិកនារាជធានីភ្នំពេញចំនួន៣នាក់។ កម្ពុជាគិតមកដល់ថ្ងៃ១១វិច្ឆិកាឆ្នាំ២០២០មានអ្នកឆ្លងវីរុសកូវីដ-១៩សរុបចំនួន៣០១នាក់ ក្នុងនោះបានជាសះស្បើយចំនួន២៨៨នាក់ និងនៅសល់១៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
-
លោក ចូ បៃដិន ជំរុញអោយពលរដ្ឋអាមេរិកពាក់ម៉ាស់ ដើម្បីជួយទប់ស្កាត់ការកើនឡើងករណីឆ្លង Covid-19

អាមេរិក៖ ប្រធានាធិបតីទើបជាប់ឆ្នោត លោក ចូ បៃដិន បានចេញមុខធ្វើការអំពាវនាវយ៉ាងទទូចអោយពលរដ្ឋអាមេរិកពាក់ម៉ាស់ ដែលនេះជាវិធីសាស្រ្តដ៏ល្អបំផុត ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 នេះបើតាមសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។លោក ចូ បៃដិន បានគូសបញ្ជាក់ថា យើងជាពលរដ្ឋអាមេរិក និងប្រទេសយើងកំពុងស្ថិតក្រោមការគំរាម… ដូច្នេះខ្ញុំសូមអំពាវនាវអោយអ្នករាល់គ្នាពាក់ម៉ាស់ ។ម៉ាស់អាចសង្គ្រោះអាយុជីវិតមនុស្សចាស់ កូនក្មេង និងគ្រូបង្រៀន… ហើយវាថែមទាំងសង្គ្រោះអាយុជីវិតរបស់អ្នកផ្ទាល់ ។ប្រធានាធិបតីទើបជាប់ឆ្នោតរបស់សហរដ្ឋអាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា ការពាក់ម៉ាស់អាចជួយពន្យឺត ឬបន្ថយចំនួនស្លាប់ដោយសារជំងឺ Covid-19 ដែលលោកបានប៉ាន់ស្មានថា អាចនឹងបន្ថែម២០ម៉ឺននាក់ទៀត មុនពេលមានវ៉ាក់សាំងប្រើប្រាស់ជាទូទៅ ៕
-
រុស្ស៊ីបញ្ជាក់ថា វ៉ាក់សាំង Sputnik V មានប្រសិទ្ធភាពជាង៩០ភាគរយក្នុងការព្យាបាល COVID-19

រុស្ស៊ី៖ វ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ីមានប្រសិទ្ធភាពជាង៩០ភាគរយឯណោះ ក្នុងការប្រឆាំងនឹងជំងឺ COVID-19 នេះបើតាមក្រសួងសុខាភិបាលរុស្ស៊ី ដកស្រង់ចេញផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។ជាមួយគ្នានេះ ប្រធានវិទ្យាស្ថានស្រាវជ្រាវមួយ ដែលស្ថិតក្រោមក្រសួងសុខាភិបាលរុស្ស៊ី លោក អូកសាណា ដ្រាបឃីណា បាននិយាយថា យើងទទួលខុសត្រូវក្នុងការតាមដានប្រសិទ្ធភាពវ៉ាក់សាំង Sputnik V ក្នុងចំណោមពលរដ្ឋដែលទទួលវាដំបូងៗ ដែលជាផ្នែកមួយនៃកម្មវិធីចាក់វ៉ាក់សាំងដ៏ធំរបស់រុស្ស៊ី ដោយលទ្ធផលបានបង្ហាញថា មិនមានអ្វីជាការព្រួយបារម្ភ ចំពោះសុវត្ថិភាពរបស់វាឡើយ ។ការអះអាងពីប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំង Covid-19 របស់រុស្ស៊ីខាងលើនេះ បានកើតមានឡើងក្រោយក្រុមហ៊ុនផលិតឱសថដ៏របស់អាមេរិក ភីហ្វីហ្សឺ និង បាយអូអិនធិច របស់អាល្លឺម៉ង់ បានប្រកាសនៅថ្ងៃចន្ទនេះថា វ៉ាក់សាំងដំបូងរបស់ពួកគេអាចការពារមនុស្សពីការឆ្លង COVID-19 បានរហូតដល់ជាង៩០ភាគរយ ៕
-
ប្រធានាធិបតីអ៊ុយក្រែនធ្វើតេស្តវិជ្ជមាន Covid-19 ខណៈអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនជាង៤៦ម៉ឺននាក់

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមី ហ្សេឡិនស្គី បានប្រកាសនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា រូបលោកត្រូវបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ហើយថា នឹងស្នាក់នៅដាច់ដោយឡែកពីគេ ខណៈកំពុងសម្រាកព្យាបាលជំងឺ នេះបើតាមសារព័ត៌មាន AP នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានជូនជាដំណឹងថា ជាអកុសល! លោក លោក វ៉ូឡូឌីមី ហ្សេឡិនស្គី ប្រធានាធិបតីអ៊ុយក្រែនធ្វើតេស្តរកឃើញវិជ្ជមានចំពោះជំងឺ COVID-19 ។ប្រភពបានឱ្យដឹងទៀតថា បច្ចប្បន្នប្រធានាធិបតីអ៊ុយក្រែនវ័យ៤២ឆ្នាំរូបនេះមានអារម្មណ៍ល្អប្រសើធម្មតាទេ ហើយលោកនឹងបន្តបំពេញភារកិច្ចរបស់លោកពីចម្ងាយ ៕
-
ប្រធានអង្គការ WHO ជម្រុញអោយមនុស្សគ្រប់គ្នាបន្តតស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានធ្វើការអំពាវនាវយ៉ាងទទូចឱ្យមនុស្សរាល់គ្នាបន្តតស៊ូប្រយុទ្ធប្រឆាំងនឹង COVID-19 នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។លោក ថេដ្រូស បានថ្លែងនៅក្នុងសមាជប្រចាំឆ្នាំដ៏សំខាន់របស់អង្គការសុខភាពពិភពលោកនៅថ្ងៃចន្ទនេះថា យើងទាំងអស់អាចនឹងធុនទា្រញ់ COVID-19 តែវីរុសនេះមិនធុញទ្រាន់នឹងយើងឡើយ… ក្ដីសង្ឃឹមតែមួយគត់របស់យើង គឺវិទ្យាសាស្ត្រ ដំណោះស្រាយ និងសាមគ្គីភាព ។នាឱកាសនោះដែរ ប្រធានអង្គការ WHO រូបនេះ ក៏បានអបអរសាទរដល់ជ័យជម្នះរបស់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកផងដែរ ជាមួយក្ដីរំពឹងថា នេះជាសញ្ញាមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការជាសកល ដើម្បីបញ្ចប់ការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៥១លាននាក់ ក្នុងនោះស្លាប់ជិត១លាន២៧ម៉ឺននាក់ និងជាសះស្បើយជាង៣៦លាន៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥១លាន២៣ម៉ឺន៣ពាន់៥៨៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន២៦ម៉ឺន៨ពាន់៩១០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៦លាន៤ម៉ឺន៦ពាន់៨២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១០លាន៤២ម៉ឺន១ពាន់៩៥៦នាក់ ស្លាប់ចំនួន២៤ម៉ឺន៤ពាន់៤៤៨នាក់ និងជាសះស្បើយចំនួន៦លាន៥៥ម៉ឺន២ពាន់៦១០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន៥៩ម៉ឺន១ពាន់៧៥នាក់ ស្លាប់ចំនួន១២ម៉ឺន៧ពាន់១០៤នាក់ និងជាសះស្បើយ៧លាន៩៥ម៉ឺន៧ពាន់២៦០នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៦៧ម៉ឺន៥ពាន់៧៦៦នាក់ ស្លាប់១៦ម៉ឺន២ពាន់៦៣៨នាក់ និងជាសះស្បើយ៥លាន៦ម៉ឺន៤ពាន់៣៤៤នាក់ ៕
-
ការធ្វើតេស្ដសង្ស័យថាបានប៉ះពាល់ជាមួយរដ្ឋមន្ត្រីកាបរទេស និងពាណិជ្ចកម្មហុងគ្រី បានកើនដល់១ពាន់១៦៦នាក់ហើយ ក្នុងចំណោមនោះ មាន៤នាក់បានឆ្លងជំងឺកូវីដ-១៩

ក្រសួងសុខាភិបាល៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី៣ វិច្ឆិកាឆ្នាំ២០២០ ហើយលោកត្រូវបានប្រទេសថៃរកឃើញថា មានផ្ទុកវីរុសកូវីដ-១៩ នៅថ្ងៃសទី៤ វិច្ឆិកាឆ្នាំ២០២០ នៅពេលដែលលោកបន្តបំពេញទស្សនកិច្ចនៅប្រទេសថៃ។ ក្រសួងសុខាភិបាលនៅថ្ងៃទី១០ វិច្ឆិកានេះបានបញ្ជាក់ថា ការធ្វើតេស្ដអ្នកប៉ះពាល់ជាមួយលោករដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី នៅថ្ងៃទី៩វិច្ឆិកាឆ្នាំ២០២០ មានចំនួន១ពាន់១៦៦នាក់ ដែលរួមទាំងអ្នកធ្វើតេស្ដលើកទី១ និងអ្នកធ្វើតេស្ដលើកទី២ ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាចំនួន១ពាន់១៤៣នាក់។ ក្នុងចំណោមនោះ អ្នកវិជ្ជមានវីរុសកូវីដ-១៩ មានចំនួន៣នាក់ គឺឯកឧត្តមសួស យ៉ារ៉ា ជាតំណាងរាស្ត្រ, លោក ស ចិត្រា នៅក្រសួងកសិកម្ម និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា និងវៀតណាម។ អ្នកទាំង៣នាក់ ត្រូវដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ចំណែកអ្នកអវិជ្ជមានវីរុសកូវីដ-១៩ មានចំនួន១ពាន់១៤០នាក់។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា នៅថ្ងៃ២៣នាក់ទៀត ដែលនឹងត្រូវវិភាគបន្តដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១០វិច្ឆិកាឆ្នាំ២០២០។ ក្រសួងសុខាភិបាលបានឲ្យដឹងថា បើគិតទាំងបុរសជាអង្គរក្សផ្ទាល់គណៈប្រតិភូហុងគ្រី ដែលរកឃើញថា វិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី៧វិច្ឆិកាឆ្នាំ២០២០ ចំនួនសរុបអ្នកវិជ្ជមានក្នុងព្រឹត្តិការណ៍៣វិច្ឆិកា គឺមានចំនួន៤នាក់។ ក្រសួងសុខាភិបាលបានក្រៀនរំលឹកឲ្យអ្នកដែលប៉ះពាល់ក្នុងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកាទាំងអស់ដែលមានលទ្ធផលតេស្ដលើកទី១ និងលើកទី២អវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅតាមគេហដ្ឋានឲ្យបានត្រឹមត្រូវ និងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ តាមការណែនាំរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងរបស់ក្រសួងសុខាភិបាលឲ្យបបានហ្មត់ចត់ជាទីបំផុត ហើយកុំដើរចេញក្រៅផ្ទះ…
