-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៧.៤លាននាក់ ក្នុងនោះស្លាប់ជាង៦៧ម៉ឺននាក់ និងជាសះស្បើយជិត១១លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧លាន៤៦ម៉ឺន៤ពាន់៩៩៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៦៧ម៉ឺន៦ពាន់៤០៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០លាន៩៣ម៉ឺន២ពាន់៩១២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៤លាន៦៣ម៉ឺន៤ពាន់៩៨៥ករណី ក្នុងនោះមានអ្នកជំងឺសរុប១៥ម៉ឺន៥ពាន់២៨៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន២៨ម៉ឺន៤ពាន់៩៦៥នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៦១ម៉ឺន៣ពាន់៧៨៩ករណី ក្នុងនោះមានអ្នកជំងឺសរុប៩ម៉ឺន១ពាន់៣៧៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៨២ម៉ឺន៤ពាន់៩៥នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៦៣ម៉ឺន៩ពាន់៣៥០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៥ពាន់៧៨៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៥ម៉ឺន៩ពាន់៩៣នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៨៣ម៉ឺន៤ពាន់៤៩៩ករណី ក្នុងនោះមានអ្នកជំងឺសរុប១ម៉ឺន៣ពាន់៨០២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦២ម៉ឺន៩ពាន់៦៥៥នាក់ ។ ៥-អាហ្វ្រិកខាងត្បូង ចំនួនអ្នកឆ្លងកើនឡើងដល់៤៨ម៉ឺន២ពាន់១៦៩ករណី ក្នុងនោះមានអ្នកជំងឺសរុប៧ពាន់៨១២នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ៣០ម៉ឺន៩ពាន់៦០១នាក់ ៕
-
ថ្ងៃនេះ កម្ពុជាមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ចំនួន២នាក់ និងមិនបានរកឃើញករណីជំងឺកូវីដ-១៩ថ្មី ទេ

ក្រសួងសុខាភិបាល៖ យោងតាមក្រសួងសុខាភិបាល គិតរហូតមកដល់ម៉ោង៨ព្រឹកថ្ងៃ៣១កក្កដានេះ គឺពុំបានរកឃើញករណីឆ្លងថ្មីនោះទេ ដូច្នេះចំនួនអ្នកឆ្លងសរុបមានចំនួន២៣៤នាក់។ រីឯចំនួនអ្នកជាសះស្បើយថ្ងៃនេះ មានចំនួន២នាក់ នាំឲ្យចំនួនអ្នកជាសះស្បើយសរុប១៦៤នាក់។ ជាមួយគ្នានោះ មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៧០នាក់ កំពុងទទួលការព្យាបាល និងមិនទាន់មានអ្នកស្លាប់នៅឡើយទេ៕
-
ប្រធានសភាតំណាងរាស្រ្តអាម៉េរិកបញ្ជាឲ្យពាក់ម៉ាស់ក្នុងសភា បន្ទាប់ពីមានសមាជិកសភាម្នាក់ទៀតឆ្លង COVID-19

សហរដ្ឋអាម៉េរិក៖ ប្រធានសភាតំណាងរាស្រ្តអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី នៅថ្ងៃពុធនេះ បានតម្រូវឲ្យសមាជិក និងបុគ្គលិកសភាទាំងអស់ពាក់ម៉ាស់ការពារវីរុសក្នុងសភា ក្រោយសមាជិកសភាម្នាក់ទៀតធ្វើតេស្តវិជ្ជមាន COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ។ លោកស្រី ណាន់ស៊ី ផេឡូស៊ី បាគូសបញ្ជាក់ថា សមាជិកសភាទាំងអស់ត្រូវតម្រូវឲ្យពាក់ម៉ាស់មុខ ហើយម៉ាស់មុខនឹងត្រូវចែកជូនបើមានសមាជិកសភា ឬបុគ្គលិកធ្វើការក្នុងសភាណាម្នាក់ភ្លេចពាក់ ។ លោកស្រីបានសង្កត់ធ្ងន់ថា ការមិនបានពាក់ម៉ាស់ គឺជាការរំលោភសុជីវធម៌ធ្ងន់ធ្ងរមួយ ហើយសមាជិកសភាអាចនឹងត្រូវនាំចេញពីសាលប្រជុំ បើសិនជាគេមិនពាក់ម៉ាស់ តែអាចដោះចេញជាបណ្តោះអាសន្ន នៅពេលគេនិយាយ ។ សូមបញ្ជាក់ថា សមាជិកសភាមកពីរដ្ឋតិចសាស់ លោក ល្វី ហ្គោមឺត ដែលតែងតែផ្គើននឹងការពាក់ម៉ាស់នោះ ឥឡូវនេះរូបលោកបានឆ្លងជម្ងឺ COVID-19 ។ គិតមកទល់នឹងពេលនេះ សមាជិកសភា និងព្រឹទ្ធសភាអាម៉េរិក១៣នាក់ត្រូវបានពិនិត្យរកឃើញថា ឆ្លង COVID-19 ចាប់តាំងពីវីរុសនេះចាប់ផ្តើមវាយប្រហារសហរដ្ឋអាម៉េរិក ហើយលោក ហ្គោមឺត ជាសមាជិកសភាចុងក្រោយគេដែលឆ្លង ៕
-
អូស្រ្តាលីរកឃើញអ្នកឆ្លង COVID-19 ចំនួន៧២៣ករណីថ្មីថែមទៀត រួមជាមួយករណីស្លាប់ថ្មីចំនួន១៣នាក់

អូស្រ្តាលី៖ រដ្ឋវិចតូរៀ របស់អូស្រ្តាលី នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន៧២៣ករណីថ្មីបន្ថែមទៀត រួមជាមួយករណីស្លាប់ថ្មីចំនួន១៣នាក់ ដែលនេះគឺជាតួលេខដ៏អាក្រក់បំផុតមិនធ្លាប់មានពីមុនមកទេ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ។ កន្លងមកអូស្ត្រាលីដែលត្រូវបានអន្តរជាតិចាត់ទុកថា ជាប្រទេសជោគជ័យក្នុងការទប់ស្កាត់ជម្ងឺ COVID-19 នោះ កំពុងតែព្រួយបារម្ភកាន់តែខ្លាំងឡើងៗ អំពីលទ្ធភាពនៃការផ្ទុះរលកទី ២ ខណៈករណីឆ្លងជាចង្កោមៗនៅក្នុងទីក្រុមែនប៊ន រដ្ឋវិចតូរៀ ត្រូវបានរកឃើញជាបន្តបន្ទាប់ ។ ស្របពេលជាមួយគ្នានេះដែរ បណ្តារដ្ឋ និងតំបន់ជាច្រើនបានសម្រេចហាមឃាត់អ្នកធ្វើដំណើរមកពីរដ្ឋដែលមានប្រជាជនរស់នៅ ច្រើនបំផុតលំដាប់ទី ២ របស់ប្រទេសអូស្ត្រាលីមួយនេះផងដែរ ៕
-
និស្សិតថៃ វ័យ២៦ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសអេហ្ស៊ីប

និស្សិតថៃ វ័យ២៦ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសអេហ្ស៊ីប នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសថៃ ម្សិលមិញ។លោក Cherdkiat Atthakor អ្នកនាំពាក្យក្រសួងបាននិយាយថា និស្សិតរូបនេះបានស្លាប់ក្នុងមន្ទីរពេទ្យមួយ ក្នុងរដ្ឋធានីគែរ។ មិត្តភ័ក្រ្តរបស់អ្នកស្លាប់បានប្រាប់ស្ថានទូតថៃថា និស្សិតថៃរូបនេះមានរោគសញ្ញាក្អក ៣សប្តាហ៍ ក្រោយមកក៏ពិនិត្យឃើញថាមានបញ្ហាសួត ហើយក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែព្រោះស្ថានភាពធ្ងន់ធ្ងរពេកជាមួយនឹងការផ្ទុកវីរុសកូវីដ១៩ផងនោះ គេក៏បានស្លាប់ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ លោក Cherdkiat Atthakor ថា នេះគឺជាករណីដំបូងហើយដែលមាននិស្សិតថៃស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសអេហ្ស៊ីបនោះ។អ្នកស្លាប់ដោយសារកូវីដ១៩នៅប្រទេសថៃមាន៥៨នាក់ ហើយថៃក៏ចេះតែបន្តរកឃើញករណីនាំចូលជំងឺកូវីដ១៩ ពីក្រៅប្រទេសជាបន្តបន្ទាប់ ក្នុងនោះ ក៏មានក្រុមនិស្សិតផង យោធាផង៕
-
ចិនរកឃើញអ្នកឆ្លង COVID-19 ចំនួន១០៥ករណីថ្មីថែមទៀត ក្នុងនោះ៩៦ករណីនៅតំបន់ស្វយ័តស៊ីនជាំង

ចិន៖ អាជ្ញាធរសុខាភិបាលចិនរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន១០៥ករណីថ្មីថែមទៀតនៅក្នុងរបាយការណ៍ប្រចាំថ្ងៃពុធម្សិលមិញ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់កើតមាន ក្នុងរយៈពេលប៉ុន្មានខែមកហើយ នេះបើតាមគណៈកម្មការសុខាភិបាលចិន ចេញផ្សាយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ។ ប្រភពបានឱ្យដឹងទៀតថា អ្នកឆ្លង COVID-19 ថ្មីៗទាំងអស់ ក្នុងនោះមាន៩៦ករណីស្ថិតនៅតំបន់ស្វយ័តស៊ីជាំង ភាគពាយ័ព្យប្រទេស ០៥ករណីនៅខេត្តលាវនីង និងមួយករណីនៅរដ្ឋធានីប៉េកាំង ចំណែកឯ០៣ករណីទៀតជាករណីនាំចូលពីបរទេស ។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ នៅទូទាំងប្រទេសចិនមានករណីឆ្លង COVID-19 សរុប៨ម៉ឺន៤ពាន់១៦៥ករណី ក្នុងនោះមានអ្នកជំងឺ៤ពាន់៦៣៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧ម៉ឺន៨ពាន់៩៥៧នាក់ ។ សូមបញ្ជាក់ថា មកទល់នឹងពេលនេះ ប្រទេសចិនបានអនុវត្តន៍វិធានការរឹតត្បិតរួមមាន ការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរទាំងអស់ ការអនុវត្តគម្លាតសុវត្តិភាព កម្មវិធីធ្វើតេស្តរក COVID-19 ទ្រង់ទ្រាយធំ ក៏ដូចជាការបិទទីក្រុងទាំងមូល ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៧លាននាក់ ក្នុងនោះស្លាប់ជិត៦៧ម៉ឺននាក់ និងជាសះស្បើយជាង១០.៦លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧លាន១៧ម៉ឺន៩ពាន់៩២ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៦៦ម៉ឺន៩ពាន់៩៤៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០លាន៦៩ម៉ឺន៣ពាន់១២នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៤លាន៥៦ម៉ឺន៨ពាន់៣៧ករណី ក្នុងនោះមានអ្នកជំងឺសរុប១៥ម៉ឺន៣ពាន់៨៤០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន២៤ម៉ឺន៥ពាន់៤៤នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៥៥ម៉ឺន៥ពាន់៥១៨ករណី ក្នុងនោះមានអ្នកជំងឺសរុប៩ម៉ឺន១៨៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៧៨ម៉ឺន៧ពាន់៤១៩នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៥៨ម៉ឺន៤ពាន់៣៨៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៥ពាន់៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន២ម៉ឺន១ពាន់៦១១នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៨២ម៉ឺន៨ពាន់៩៩០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៣ពាន់៦៧៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦២ម៉ឺន៣៣៣នាក់ ។ ៥-អាហ្វ្រិកខាងត្បូង ចំនួនអ្នកឆ្លងកើនឡើងដល់៤៧ម៉ឺន១ពាន់១២៣ករណី ក្នុងនោះមានអ្នកជំងឺសរុប៧ពាន់៤៩៧នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២៩ម៉ឺន៧ពាន់៩៦៧នាក់ ៕
-
ថ្ងៃនេះ ក្រសួងសុខាភិបាលរកឃើញករណីជំងឺកូវីដ-១៩ថ្មី១នាក់ និងមានជាសះស្បើយ៨នាក់

យោងតាមក្រសួងសុខាភិបាល រហូតដល់ម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី ៣០កក្កដា ២០២០ គេបានរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ១នាក់ ជាជនជាតិអាមេរិក ដែលធ្វើដំណើរមកពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៦ កក្កដា ២០២០ និងធ្វើតេស្តលើកទី២វិជ្ជមាន ក្រោយពីចត្តាឡីស័ក១៣ថ្ងៃ ដែលនាំឲ្យកម្ពុជាមានចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុប១២៣៤នាក់។ ជាមួយគ្នានេះ នៅថ្ងៃ៣០កក្កដានេះ ក៍មានអ្នកជាសះស្បើយ៨នាក់ថែមទៀត ដែលនាំឲ្យអ្នកជាសះស្បើយសរុបមានចំនួន១៦២នាក់ និង៧២នាក់កំពុងទទួលការព្យាបាល។
-
កូវីដ១៩៖ ការចម្លងក្នុងសហគមន៍បន្តកើនឡើងនៅវៀតណាម សង្ស័យមានជាង៨ម៉ឺននាក់

ក្រសួងសុខាភិបាលវៀតណាម បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា មានការរកឃើញចម្លងកូវីដ១៩ក្នុងសហគមន៍ថ្មីៗ ចំនួន៩ករណីទៀត សុទ្ធតែមានទំនាក់ទំនងជាមួយនឹងក្រុងដាណាង នាំឲ្យចំនួនអ្នកឆ្លងសរុបក្នុងរលកទី២នេះកើនដល់៤២ករណី ចាប់តាំងពីចុងសប្តាហ៍មក ហើយសរុបទាំងអស់ វៀតណាមមាន៤៥៩ករណី ប៉ុន្តែពុំទាន់មានមនុស្សស្លាប់ទេ។ ប្រភពបន្តថា ចំនួនមនុស្សច្រើនជាង៨១០០០នាក់ក្នុងប្រទេសវៀតណាមត្រូវបានសង្ស័យថា អាចឆ្លង ខណៈដែលពួកគេត្រូវបានយកទៅដាក់ឲ្យនៅដាច់ដោយឡែក ពោលគឺចំនួនអ្នកធ្វើចត្តាឡីស័ក គិតត្រឹមថ្ងៃចន្ទ ដើមសប្តាហ៍នេះ មានត្រឹម១២០០០នាក់ប៉ុណ្ណោះ។ ក្នុងចំណោម៩ករណីថ្មី មាន៨នាក់មកពីក្រុងដាណាង ខណៈដែលម្នាក់ទៀតមកពីក្រុងហាណូយ។ ក្រសួងសុខាភិបាលថា រលកទី២នៃជំងឺកូវីដ១៩នៅវៀតណាមបាននិងកំពុងកើតមាននៅក្រុងនិងខេត្តចំនួន៦ ក្នុងរយៈពេល៦ថ្ងៃមកនេះ៕
-
លោក ដូណាល់ ត្រាំ ថ្លែងការពារសារជាថ្មីទៀត ចំពោះការប្រើថ្នាំប្រឆាំងគ្រុនចាញ់ អ៊ីដ្រុកស៊ីតក្លរ៉ូឃ្វីន ដើម្បីព្យាបាល COVID-19

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះ បានថ្លែងការពារសារជាថ្មីទៀតចំពោះការអះអាងរបស់លោក ចំពោះការប្រើប្រាស់ថ្នាំប្រឆាំងគ្រុនចាញ់ អ៊ីដ្រុកស៊ីតក្លរ៉ូឃ្វីន ដើម្បីព្យាបាលជម្ងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ។ នៅក្នុងសន្និសិទកាសែតខ្លីមួយនៅឯសេតវិមាន លោក ដូណាល់ ត្រាំ បានអះអាងថា វា (ថ្នាំ) មានសុវត្ថិភាព… វាមិនបង្កបញ្ហាឡើយ… ខ្ញុំក៏គ្មានបញ្ហាដែរ… ខ្ញុំពិតជាគ្មានបញ្ហាឡើយ… សង្ឃឹមថា វានឹងមិនធ្វើឱ្យនរណាម្នាក់ឈឺចាប់ឡើយ។ សូមរំលឹកផងដែរថា បើតាមសេចក្តីថ្លែងការណ៍របស់វិទ្យាស្ថានជាតិសុខាភិបាលរបស់អាម៉េរិក NIH នោះ ការសិក្សាបានរកឃើញថា ថ្នាំ អ៊ីដ្រុកស៊ីតក្លរ៉ូឃ្វី ដែល លោក ដូណាល់ ត្រាំ ធ្លាប់អះអាងជារឿយៗថា អាចជាថ្នាំសម្រាប់ព្យាយាមជំងឺ COVID-19 នោះ គឺតាមពិតមិនអាចផ្តល់អត្ថប្រយោជន៍ធំដុំណាមួយដល់អ្នកជំងឺឡើយ ប៉ុន្តែវាក៏មិនបង្កគ្រោះថ្នាក់អ្វីដែរ ៕