Category: Covid-19

  • គ្រូ និងសិស្ស៥នាក់ទៀត ឆ្លងកូវីដ១៩ នៅប្រទេសសិង្ហបុរី

    គ្រូ និងសិស្ស៥នាក់ទៀត ឆ្លងកូវីដ១៩ នៅប្រទេសសិង្ហបុរី

    សិង្ហបុរី៖ សិស្សសាលាចំនួន៤នាក់ និងគ្រូបង្រៀនម្នាក់ នៅប្រទេសសិង្ហបុរីត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នេះបើតាមក្រសួងអប់រំប្រទេសនេះប្រកាសឲ្យដឹង នៅថ្ងៃអង្គារ៍ទី៧ កក្កដា ម្សិលមិញ។ កាលពីថ្ងៃអាទិត្យ ក៏មានសិស្ស៤នាក់ និងបុគ្គលិកអប់រំម្នាក់ ឆ្លងកូវីដ១៩ដែរ នៅប្រទេសសិង្ហបុរី។ ប្រភពថា ករណី៥នាក់ថ្មីនេះគឺស្ថិតក្នុងចំណោមករណី២០ ដែលឆ្លងក្នុងសហគមន៍នៅប្រទេសសិង្ហបុរី ដោយពួកគេមកពីសាលារៀនផ្សេងៗគ្នា មាននៅបឋម និងអនុវិទ្យាល័យ ក្នុងនោះ មានមកពីសាលា Bedok View Secondary School, East Spring Primary School, Jurong West Primary School និង Jurong West Secondary School ខណៈដែលគ្រូបង្រៀនវិញមកពីសាលា Assumption Pathway School ។ សិង្ហបុរីបានបើកសាលារៀនតាំងពីថ្ងៃទី២ មិថុនា ក្រោយពេលបិទទ្វារ២ខែ ដោយសារតែបារម្ភពីការរីករាលដាលនៃជំងឺកូវីដ១៩។ សិង្ហបុរី គិតត្រឹមម្សិលមិញ មានឆ្លងថ្មី១៥៧នាក់ថែមទៀត កើនដល់៤៥១៤០នាក់៕ …

  • ប្រធានាធិបតីប្រេស៊ីលធ្វើតេស្តវិជ្ជមានជម្ងឺ COVID-19 ក្រោយមានរោគសញ្ញាគួរសង្ស័យ

    ប្រធានាធិបតីប្រេស៊ីលធ្វើតេស្តវិជ្ជមានជម្ងឺ COVID-19 ក្រោយមានរោគសញ្ញាគួរសង្ស័យ

    ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីល លោក ហ៊្សែរ បូលសូណារ៉ូ នៅថ្ងៃអង្គារ៍ម្សិលមិញ ធ្វើតេស្ដវិជ្ជមានជម្ងឺ COVID-19 ក្រោយរូបលោកត្រូវបានគេរាយការណ៍ ថាមានរោគសញ្ញាគួរសង្ស័យ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ។ ប្រធានាធិបតីប្រេស៊ីលរូបនេះដែលចាត់ទុកថា វីរុស COVID-19 គឺជាជំងឺផ្ដាសាយកំប៉ិក កំប៉ុកនោះ បានប្រាប់អ្នកសារព័ត៌មានថា លោកចាប់ផ្ដើមមានអារម្មណ៍មិនស្រួលខ្លួនតាំងតែពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ។ លោក បូលសូណារ៉ូ ក៏បានអះអាងដែរថា លោកកំពុងលេបថ្នាំ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន ដើម្បីព្យាបាលជម្ងឺ COVID-19 ប៉ុន្តែក្រុមអ្នកជំនាញ និងអង្គការសុខភាពពិភពលោក WHO សុទ្ធតែធ្លាប់បានព្រមានពីហានិភ័យដល់អាយុជីវិត នៃការប្រើប្រាស់ថ្នាំនេះ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១២លាននាក់ ក្នុងនោះស្លាប់ជាង៥៤ម៉ឺននាក់ និងជាសះស្បើយជាង៦.៨លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១២លាននាក់ ក្នុងនោះស្លាប់ជាង៥៤ម៉ឺននាក់ និងជាសះស្បើយជាង៦.៨លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១លាន៩៤ម៉ឺន៨ពាន់២៤៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥៤ម៉ឺន៦ពាន់៥៤៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦លាន៨៤ម៉ឺន៩ពាន់៧៦នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន៩ម៉ឺន៧ពាន់៨៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៣ម៉ឺន ៣ពាន់៩៧២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៣៥ម៉ឺន៤ពាន់៨៦៣នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៦៧ម៉ឺន៤ពាន់៦៥៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ម៉ឺន៦ពាន់៨៦៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៧ម៉ឺន២ពាន់២២៩នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៧៤ម៉ឺន៣ពាន់៤៨១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៦៥៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៥ម៉ឺន៧ពាន់៥៨នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦៩ម៉ឺន៤ពាន់២៣០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៤៩៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៦ម៉ឺន៣ពាន់៨៨០នាក់ ។ ៥-ប៉េរូ ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន៩ពាន់២៧៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៩៥២នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២០ម៉ឺន៩៣៨នាក់ ៕

  • ប្រជាពលរដ្ឋងាយរងគ្រោះដោយវិបត្តិកូវិដ១៩ ចំនួន៤០គ្រួសារ នៅស្រុកអង្គរធំទទួលអំណោយពីកាកបាទក្រហមកម្ពុជា

    ប្រជាពលរដ្ឋងាយរងគ្រោះដោយវិបត្តិកូវិដ១៩ ចំនួន៤០គ្រួសារ នៅស្រុកអង្គរធំទទួលអំណោយពីកាកបាទក្រហមកម្ពុជា

    ខេត្តសៀមរាប ៖ បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះដោយវិបត្តិកូវិដ១៩ ចំនួន៤០គ្រួសារ នៅក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត តាមរយៈលោកឧកញ្ញ៉ា ហ៊ុយ ភៀវ អនុប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ។ អំណោយមនុស្សធម៌ ផ្តល់ជូនបងប្អូនចំនួន៤០គ្រួសារនាពេលនេះ ១គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេស ត្រីខ ១យូរ អាវយឺតមួយ ព្រមទាំងថវិកា៤ម៉ឺនរៀល។ លោកឧកញ្ញ៉ា ហ៊ុយ ភៀវ បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ជាមួយគ្នានេះលោក ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តសៀមរាប មិនត្រូវធ្វេសប្រហែសចំពោះមេរោគកូវីដ-១៩នេះឡើយ ទោះបីនៅប្រទេសកម្ពុជាយើង មានភាពធូស្រាលជាងមុនក៏ពិតមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ នឹងត្រៀមបង្កាទប់ស្កាត់គ្រប់ពេលវេលា ដោយថែរក្សាសម្អាតអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅនិងក្រុមគ្រួសារ ដោយត្រូវលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ។  ជាមួយគ្នានេះលោកឧកញ៉ា ហ៊ុយ ភៀវ បានណែនាំឲ្យប្រជាពលរដ្ឋដែលមានបំណង់ឆ្លងដែនដោយខុសច្បាប់ គួរត្រូវបញ្ឈប់ជាបន្ទាន់…

  • កូវីដ១៩៖ ថៃនៅសល់អ្នកជំងឺ៦៥នាក់មិនទាន់ជា ក្នុងចំណោមជាង៣ពាន់ករណី

    កូវីដ១៩៖ ថៃនៅសល់អ្នកជំងឺ៦៥នាក់មិនទាន់ជា ក្នុងចំណោមជាង៣ពាន់ករណី

    មន្ត្រីរាជរដ្ឋាភិបាលថៃបានឲ្យដឹងនៅថ្ងៃទី៧ កក្កដា ២០២០នេះថា រយៈពេល២៤ម៉ោងចុងក្រោយមកនេះ ថៃគ្មានករណីវិជ្ជមានជំងឺកូវីដ១៩ទេ ហើយក៏គ្មានអ្នកស្លាប់បន្ថែមទៀតទេ។ ប្រភពនេះបន្តថា អ្នកជំងឺសរុបនៅតែមានចំនួន៣១៩៥នាក់ ស្លាប់៥៨នាក់ ប៉ុន្តែមានអ្នកជាសះស្បើយ៣០៧២នាក់ ដោយនៅសល់តែ៦៥នាក់ប៉ុណ្ណោះកំពុងសម្រាកព្យាបាល។ មជ្ឈមណ្ឌលទទួលបន្ទុកគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានបញ្ជាក់ដែរថា ក្នុងចំណោម៣១៩៥នាក់ មានអ្នកជំងឺ២៤៤៤នាក់ឆ្លងក្នុងសហគម ខណៈដែល២៥៨នាក់ត្រូវបានរកឃើញជាករណីនាំចូលពីក្រៅប្រទេស ដែលគេដាក់ឲ្យដាច់ដោយឡែក រយៈពេល៤៣ថ្ងៃមកនេះ ៕

  • អ្នកជំនាញជាន់ខ្ពស់អាម៉េរិកអះអាងថា បច្ចុប្បន្នការឆ្លងរាតត្បាត COVID-19 នៅក្នុងសហរដ្ឋអាម៉េរិក គឺមានសភាពធ្ងន់ធ្ងរបំផុត

    អ្នកជំនាញជាន់ខ្ពស់អាម៉េរិកអះអាងថា បច្ចុប្បន្នការឆ្លងរាតត្បាត COVID-19 នៅក្នុងសហរដ្ឋអាម៉េរិក គឺមានសភាពធ្ងន់ធ្ងរបំផុត

    សហរដ្ឋអាម៉េរិក៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់អាមេរិក លោក អាន់ថូនី ហ្វូស៊ី បានអះអាងថា សហរដ្ឋអាម៉េរិកនៅតែកំពុងស្ថិតក្នុងស្ថានភាពលំបាកដដែល ដោយមិនទាន់អាចធ្វើឱ្យករណីឆ្លងធ្លាក់ចុះករណីឆ្លង COVID-19 តាមការរំពឹងទុកនោះទេ… វាគឺជាស្ថានភាពធ្ងន់ធ្ងរបំផុត ដែលយើងត្រូវតែដោះស្រាយជាបន្ទាន់ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ។ ការកត់សម្គាល់ខាងលើរបស់នាយកវិទ្យាស្ថានអាលែកហ្ស៊ី និងជំងឺឆ្លងអាម៉េរិករូបនេះ គឺផ្ទុយទាំងស្រុងទៅនឹងការបញ្ជាក់របស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលថា ករណីឆ្លង COVID-19 ប្រមាណ៩៩ភាគរយ លែងមានការគំរាមកំហែង ។ សូមបញ្ជាក់ថា សហរដ្ឋអាម៉េរិកនៅតែស្ថិតនៅលំដាប់កំពូល ជាប្រទេសដែលមានអត្រាឆ្លង និងស្លាប់ដោយសារជម្ងឺ COVID-19 ច្រើនបំផុតលើពិភពលោក ដែលគិតត្រឹមថ្ងៃទី០៧ ខែកក្កដានេះ សហរដ្ឋអាម៉េរិកមានឆ្លងវីរុសសរុប៣លាន៤ម៉ឺន៨៣៣ករណី ក្នុងនោះមានអ្នកស្លាប់១៣ម៉ឺន២ពាន់៩៧៩នាក់ និងជាសះស្បើយឡើងវិញ១លាន៣២ម៉ឺន៤ពាន់៩៤៧នាក់ ខណៈអ្នកជម្ងឺសកម្ម និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១លាន៣២ម៉ឺន៤ពាន់៩៤៧នាក់ ៕

  • អង់គ្លេសជិតសម្រេចកិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ជាមួយក្រុមហ៊ុនឱសថដ៏ធំចំនួនពីរ

    អង់គ្លេសជិតសម្រេចកិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ជាមួយក្រុមហ៊ុនឱសថដ៏ធំចំនួនពីរ

    អង់គ្លេស៖ អង់គ្លេសជិតឈានដល់កិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងជម្ងឺ COVID-19 ដ៏មានសក្តានុពលចំនួន៦០លានឈុត ក្នុងតម្លៃចំនួន៥០០លានផោន ឬស្មើនឹង៦២៥លានដុល្លារជាមួយក្រុមហ៊ុន សាណូហ្វី និងក្រុមហ៊ុន ក្លាសូស្មីតឃ្លីន នេះបើតាមកាសែត Sunday Times ។ កិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយក្រុមហ៊ុនទាំងពីរខាងលើនេះ នឹងក្លាយជាកិច្ចព្រមព្រៀងទី២របស់ចក្រភពអង់គ្លេស បន្ទាប់ពីប្រទេសនេះបានបញ្ជាក់ថា ខ្លួននឹងទិញវ៉ាក់សាំង១០០លានឈុតពីក្រុមហ៊ុន អុងហ្វត អាស់ត្រា ហ្ស៊ីនីកា (Oxford-AstraZeneca) ។ សូមបញ្ជាក់ថា ការសាកល្បងព្យាបាលគ្រោងនឹងចាប់ផ្តើមនៅខែកញ្ញាខាងមុខនេះ ដោយក្រុមហ៊ុន សាណូហ្វី បានបញ្ជាក់ថា ខ្លួនរំពឹងថា នឹងទទួលបានការយល់ព្រមលើវ៉ាក់សាំងរបស់ខ្លួននៅឆមាសទីមួយនៃឆ្នាំក្រោយ ដែលឆាប់ជាងការរំពឹងទុកពីមុន ៕

  • កូវីដ១៩៖ វៀតណាមគ្មានឆ្លងក្នុងសហគមន៍ជិត៣ខែ ស្រាប់តែរកឃើញឆ្លងថ្មី១៤នាក់ទៀត

    កូវីដ១៩៖ វៀតណាមគ្មានឆ្លងក្នុងសហគមន៍ជិត៣ខែ ស្រាប់តែរកឃើញឆ្លងថ្មី១៤នាក់ទៀត

    វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម កាលពីថ្ងៃទី៦ កក្កដា ម្សិលមិញបានជូនដំណឹងពីការរកឃើញ វិជ្ជមានជំងឺកូវីដ១៩ ចំនួន១៤ករណីថ្មីទៀត ដែលសុទ្ធតែជាជនជាតិវៀតណាម នាំចូលពីក្រៅប្រទេស ជាការរកឃើញក្រោយការដាក់ឲ្យនៅដាច់ដោយឡែក។ ការរកឃើញ១៤នាក់ថ្មីនេះ ស្របពេលដែលវៀតណាមពុំមានការឆ្លងក្នុងសហគមន៍ចំនួន៨១ថ្ងៃមកហើយ ដោយសារតែវិធានការជោគជ័យនៃការទប់ស្កាត់។ វៀតណាមមិនទាន់មានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ដោយសារតែវីរុសកូវីដ១៩នៅឡើយទេ ខណៈដែលគិតត្រឹមថ្ងៃទី៧ កក្កដា វៀតណាមមាន៣៦៩ករណីហើយ ប៉ុន្តែអ្នកជំងឺជាង៩០ភាគរយត្រូវបានព្យាបាលឲ្យជាសះស្បើយហើយ៕ធ.ដ

  • អង្គការ WHO កំពុងពិនិត្យមើលរបាយការណ៍របស់អ្នកវិទ្យាសាស្ត្ររាប់រយនាក់ ដែលថា COVID-19 អាចចម្លងតាមខ្យល់

    អង្គការ WHO កំពុងពិនិត្យមើលរបាយការណ៍របស់អ្នកវិទ្យាសាស្ត្ររាប់រយនាក់ ដែលថា COVID-19 អាចចម្លងតាមខ្យល់

    ស្វីស៖ អង្គការសុខភាពពិភពលោក WHO កំពុងពិនិត្យមើលរបាយការណ៍មួយ ដោយជំរុញឱ្យអង្គការអន្តរជាតិនេះ ធ្វើបច្ចុប្បន្នភាពនូវសេចក្តីណែនាំអំពីវីរុសកូរ៉ូណា ក្រោយអ្នកវិទ្យាសាស្ត្រជាង២០០នាក់ នៅក្នុងលិខិតមួយទៅកាន់ទីភ្នាក់ងារសុខាភិបាលមួយនេះ បានបង្ហាញភស្តុតាងថា COVID-19 អាចរាលដាលនៅក្នុងភាគតូចៗក្នុងខ្យល់ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃ០៧ ខែកក្កដា ឆ្នាំ២០២០ ។ បើតាមអ្នកនាំពាក្យរបស់អង្គការ WHO លោក ថារីក ចាសារីវីក បាននិយាយតាមអ៊ីម៉ែលថា យើងដឹងអំពីអត្ថបទនេះហើយ និងកំពុងពិនិត្យមើលខ្លឹមសាររបស់វាជាមួយអ្នកជំនាញបច្ចេកទេសរបស់យើង ។ កន្លងមក អង្គការ WHO បានបញ្ជាក់ថា វីរុស SARS-CoV-2 ដែលបង្កជាជំងឺ COVID-19 ឆ្លងជាចម្បងតាមរយៈដំណក់ទឹកតូចៗដែលចេញពីច្រមុះ និងមាត់របស់មនុស្ស រួចធ្លាក់ទៅលើដីយ៉ាងលឿន ។ ប៉ុន្តែនៅក្នុងលិខិតចំហមួយទៅកាន់អង្គការ WHO  ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទម្សិលមិញ នៅក្នុងទស្សនាវដ្តី Clinical Infectious Diseases ក្រុមអ្នកវិទ្យាសាស្ត្រចំនួន២៣៩នាក់នៅក្នុងប្រទេសចំនួន ៣២ បានបង្ហាញភស្តុតាងថា ភាគល្អិតរបស់វីរុសដែលអណ្តែតអាចឆ្លងដល់មនុស្សដែលដកដង្ហើមស្រូបវាចូល ៕ធ.ដ

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១១.៧លាននាក់ ក្នុងនោះស្លាប់ជាង៥៤ម៉ឺននាក់ និងជាសះស្បើយជាង៦.៦លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១១.៧លាននាក់ ក្នុងនោះស្លាប់ជាង៥៤ម៉ឺននាក់ និងជាសះស្បើយជាង៦.៦លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១លាន៧៣ម៉ឺន៧ពាន់៩៥៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥៤ម៉ឺន៦១៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញ សរុបចំនួន៦លាន៦៤ម៉ឺន១ពាន់៦០២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន៤ម៉ឺន៨៣៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៣ម៉ឺន២ពាន់៩៧៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៣២ម៉ឺន៤ពាន់៩៤៧នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៦២ម៉ឺន៦ពាន់៧១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ម៉ឺន៥ពាន់៥៥៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៩៧ម៉ឺន៨ពាន់៦១៥នាក់ ។ ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៧២ម៉ឺន៣៤៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន១៧៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៤ម៉ឺន១៥០នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦៨ម៉ឺន៧ពាន់៨៦២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន២៩៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៥ម៉ឺន៤ពាន់៣២៩នាក់ ។ ៥-ប៉េរូ ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន៥ពាន់៧០៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៧៧២នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ១៩ម៉ឺន៧ពាន់៦១៩នាក់ ៕ធ.ដ