-
ក្រុមហ៊ុន Apple គ្រោងបិទហាងចំនួន៣០កន្លែងទៀត ដែលសរុបឡើងដល់៧៧កន្លែងនៅសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន Apple ប្រកាសថា ខ្លួនគ្រោងបិទហាងចំនួន៣០កន្លែងបន្ថែមទៀត ដែលចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះនៅតាមបណ្តារដ្ឋចំនួន០៧ ក្នុងនោះក៏រួម មានទាំងរដ្ឋកាលីហ្វ័រញ៉ាផងដែរ នាំឱ្យចំនួនហាងដែលបិទសរុបកើនឡើងដល់៧៧កន្លែងហើយ នេះបើតាមសារព័ត៌មាន CGTN នាពេលថ្មីៗ ។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកមួយនេះបានបញ្ជាក់ថា ហាងរបស់ខ្លួននៅរដ្ឋអាឡាបាម៉ា កាលីហ្វរញ៉ា ចចជា ល្វីសាណា ណេវ៉ាដា និងអូក្លាហូម៉ា នឹងត្រូវបិទគិតចាប់ពី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈក្រុមហ៊ុន Apple មានហាងសរុបចំនួន២៧១កន្លែង នៅទូទាំងសហរដ្ឋអាមេរិក ។ សូមបញ្ជាក់ថា Apple ស្ថិតក្នុងចំណោមក្រុមហ៊ុនដំបូងៗគេ ដែលបានបិទទ្វារហាងរបស់ខ្លួននៅជុំវិញពិភពលោក ដើម្បីឆ្លើយតបចំពោះការរីករាលដាលនៃជំងឺឆ្លងជាសកល COVID-19 ។ បន្ទាប់ពីស្ថានការណ៍បានធូរស្រាលបន្តិច Apple ក៏បានសម្រេចបើកទ្វារហាងឡើងវិញដោយការប្រុងប្រយ័ត្ន ប៉ុន្តែឥឡូវការហាក់កើនឡើងខ្លាំងសាជាថ្មី នៃករណីឆ្លង COVID-19 នៅតាមរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក បានបង្ខំឲ្យ Apple បិទហាងម្តងទៀត ៕ធ.ដ
-
ក្នុងខែមិថុនា ឆ្នាំ២០២០នេះ សេដ្ឋកិច្ចសហរដ្ឋអាម៉េរិកបង្កើតការងារថ្មីជិត៥លាន ស្របពេលដែលអត្រាអត់ការងារធ្លាក់ចុះ

សហរដ្ឋអាមេរិក៖ សេដ្ឋកិច្ចអាមេរិកកាលពីខែមិថុនា ឆ្នាំ២០២០នេះ បានបង្កើតការងារថ្មីចំនួន៤លាន៨សែនការងារ ខណៈដែលសេដ្ឋកិច្ចនៅរងផលប៉ះពាល់យ៉ាងខ្លាំងពីអាជីវកម្មនានា ដែលត្រូវបង្ខំឲ្យបិទដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នេះបើតាមសារព័ត៌មាន CGTN នាពេលថ្មីៗ ។ បើតាមការិយាល័យស្ថិតិការងារ អត្រាអត់ការងារនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះមកត្រឹម១១.១%កាលពីខែមិថុនា ពីចំនួន១៣.៣%កាលពីខែឧសភាកន្លងទៅនេះ ។ ប៉ុន្តែតួលេខនេះ ត្រូវបានគេប្រមូលកាលពីពាក់កណ្តាលខែមិថុនា គឺនៅមុនពេលមានកំណើនករណីការឆ្លងជំងឺកូវីដ១៩ថ្មីនៅតាមបណ្តារដ្ឋ ដែលបានបើកសកម្មភាពសេដ្ឋកិច្ចពួកគេឡើងវិញដំបូងគេ ។ ជារួមវិបត្តិជំងឺរាតត្បាតកូវីដ១៩បាននាំឲ្យពលរដ្ឋអាម៉េរិកសរុប៤៨.៤លាននាក់ បានបាត់ បង់ការងារក្នុងរយៈពេល៣ខែកន្លះចុងក្រោយ ។ នៅមុនវិបត្តិកូវីដ១៩ អត្រាអត់ការងារនៅអាមេរិកមានត្រឹម៣.៥% ដែលជាចំនួនទាបបំផុតក្នុងរយៈពេល៥០ឆ្នាំ ។ អ្នកជំនាញសេដ្ឋកិច្ចព្យាករណ៍ថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកត្រូវការពេលយូរទម្រាំអាចរើបឡើងវិញរហូតដល់ឆ្នាំ២០២១ខាងមុខ ៕ធ.ដ
-
អង្គការសុខភាពពិភពលោក WHO បញ្ជាក់ថា មានភស្តុតាងតិចតួចណាស់ ដែលបង្ហាញថា សត្វអាចចម្លងជំងឺ COVID-19 ទៅកាន់មនុស្ស

ស្វីស៖ មានហានីភ័យតិចតួចណាស់ដែលបង្ហាញថា សត្វចិញ្ចឹមអាចចម្លងវីរុស COVID-19 ទៅកាន់ម្ចាស់របស់វា នេះបើតាមការអះអាងរបស់អ្នកជំនាញមកពីអង្គការសុខភាពពិភពលោក WHO អំឡុងសន្និសិទកាសែតមួយនៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ និងចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ។ ប្រធានផ្នែកវិទ្យាសាស្រ្តរបស់អង្គការសុខភាពពិភពលោក WHO លោកស្រី ស៊ូមីយ៉ា ស្វ៉មមីណាថាន បានបញ្ជាក់ថា សូម្បីតែសត្វខ្លាដែលត្រូវបានគេរាយការណ៍ថា បានឆ្លងជម្ងឺពីមនុស្សក៏ដោយ ប៉ុន្តែមានភស្តុតាងតិចតួចណាស់នៃការបញ្ច្រាបមេរោគ ។ ប្រធានផ្នែកវិទ្យាសាស្រ្តរបស់អង្គការ WHO រូបនេះ បានសង្កត់ធ្ងន់ទៀតថា មានហានីភ័យតិចតួចណាស់ពីសត្វចិញ្ចឹមក្នុងគ្រួសារ ពីព្រោះមានការព្រួយបារម្ភខ្លះៗអំពីសត្វចិញ្ចឹមក្នុងស្រុក បានក្លាយជាប្រភពនៃការបង្ករោគ ៕ធ.ដ
-
កីឡាករវាយកូនហ្គោលអាម៉េរិក និងអ្នកប្រដាលក្នុងទ្រុងមីយ៉ាន់ម៉ា តេស្តិ៍វិជ្ជមាន មេរោគ COVID-១៩

យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ កីឡាករវាយកូនហ្គោលអាមេរិក Chad Campbell ក្នុងចំណោម កីឡាករជាមច្រើនចូលរួមព្រឹត្តិការណ៍ការប្រកួត US PGA Tour លើកទី៦ តេស្តិ៍វិជ្ជមានមេរោគ COVID-19 នៅពេលការប្រកួតឈានដល់សប្តាហ៍ទី៤ បន្ទាប់ពីផ្អាកការប្រកួតអស់រយៈពេល៣ខែ ។ ម្ចាស់ជើងឯក US PGA Tour៤ដង កីឡាករ Campbell បានដកខ្លួនចេញពី Rocket Mortgage Classic នៅសប្តាហ៍នេះ បន្ទាប់ពីលោកបានធ្វើតេស្តិ៍វិជ្ជមាន COVID-19 មុនការប្រកួតមកដល់ ។ ចំណែកឯអ្នកលេងគុនចម្រុះ Aung La Nsang ល្បីឈ្មោះរបស់មីយ៉ាន់ម៉ា និងជាម្ចាស់ខ្សែក្រវាត់២ស្ថាប័ន នៅ ONE Championship បានឆ្លងជំងឺកូវីដ១៩ ។ នេះបើយោងតាមការបង្ហោះលើគណនី Facebook ផ្លូវការរបស់អ្នកប្រដាល់វ័យ៣៥ឆ្នាំរូបនេះ ។ ក្រោយពីធ្វើតេស្តកូវីដ១៩ កាលពីថ្ងៃចន្ទ លទ្ធផលគឺវិជ្ជមាន ផ្ទុកកូវីដ១៩ ។ Aung La Nsang…
-
គីម ជុងអ៊ុន ប្រកាសពីជោគជ័យលើកូវីដ១៩ ខណៈកូរ៉េខាងជើងនៅគ្មានឆ្លងសោះ

កូរ៉េខាងជើង៖ រដ្ឋាភិបាលក្រុងព្យុយ៉ាងនៅតែមិនទាន់ប្រកាសពីការកើតមានជំងឺកូវីដ១៩ ណាម្នាក់សោះ បើទោះបីជាមនុស្សទូទាំងពិភពលោកកំពុងឆ្លង និងស្លាប់រាប់សិបលានហើយនោះ។ ជាមួយគ្នានេះ ស្រាប់តែទីភ្នាក់ងារសារព័ត៌មាន KCNA របស់រដ្ឋកូរ៉េខាងជើង បានចេញផ្សាយនៅថ្ងៃសុក្រទី៣នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានកោតសរសើរនូវអ្វីដែលលោកបានហៅថា ជាជោគជ័យដ៏ត្រចះត្រចង់របស់ប្រទេសលោក ក្នុងការទប់ស្កាត់វីរុសកូរ៉ូណាថ្មីនេះ។ ប្រភពថា ការប្រកាសពីជោគជ័យលើកូវីដ១៩នេះ ធ្វើឡើង ក្នុងកិច្ចប្រជុំនយោបាយរបស់គណបក្សពលករ កាលពីថ្ងៃព្រហស្បតិ៍ ដោយពិភាក្សាអំពីផលប៉ះពាល់នៃវីរុសនេះរយៈពេល ៦ខែបន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបិទព្រំដែន និងដាក់មនុស្សរាប់ពាន់នាក់ឱ្យនៅដាច់ដោយឡែក៕ធ.ដ
-
ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់តំបន់អឺរ៉ុប រីយ៉ានអ៊ែរ នឹងបញ្ឈប់បុគ្គលិក៣.៥០០នាក់ ដោយ សារតែវិបត្តិ COVID-19

អឺរ៉ុប៖ ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់តំបន់អឺរ៉ុបគឺ រីយ៉ានអ៊ែរ នឹងធ្វើការកាត់បន្ថយបុគ្គលិកសរុប៣.៥០០នាក់ ប្រសិនបើការពិភាក្សាអំពីការកាត់ប្រាក់ខែបុគ្គលិក ចំពោះមុខវិបត្តិ COVID-19 មិនត្រូវបានឯកភាពគ្នាទេនោះ នេះបើតាមសារព័ត៌មានរ៉យទ័រនាពេលថ្មីៗ ។ បើតាមក្រុមហ៊ុនអាកាសចរណ៍ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងដាប្លីន ប្រទេសអៀរឡង់មួយនេះ ខ្លួនបានកាត់បន្ថយបុគ្គលិកសរុប២៥០នាក់រួចទៅហើយ ពីការិយាល័យប្រតិបត្តិនានានៅទូទាំងតំបន់អឺរ៉ុប ហើយក្រុមហ៊ុនក៏គ្រោងកាត់បន្ថយបុគ្គលិកជាង៣.០០០នាក់បន្ថែមទៀតផងដែរ ស្ថិតនៅក្នុងជួរអាកាសយានិក និងអ្នកបម្រើការងារលើយន្តហោះ ។ សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍សន្សំសំចៃធំបំផុតរបស់អឺរ៉ុបមួយនេះ កំពុងស្នើសុំឲ្យពីឡុតទាំងអស់ព្រមទទួលការកាត់បន្ថយប្រាក់ខែរបស់ពួកគេ ២០% និងអូតេស ៥% ។ ហើយក្រៅពីអាកាសចរណ៍ រីយ៉ានអ៊ែរ អាកាសចរណ៍ទាំងតូចទាំងធំនៅទូទាំងសកលោក បានកាត់បន្ថយ និងត្រៀមកាត់បន្ថយបុគ្គលិក ឬខ្លះទៀតដាក់ពាក្យក្ស័យធន ដោយសារតែមិនអាចទ្រាំទ្រនឹងការខាតបង់ ដែលបង្កឡើងដោយជំងឺ COVID-19 បានតទៅទៀត ៕ធ.ដ
-
ថៃប្រជុំគណៈរដ្ឋមន្ត្រីសេដ្ឋកិច្ច ២សប្តាហ៍ម្តង ស្តារឡើងវិញពីវិបត្តិកូវី១៩ ត្រឹម៦ ទៅ១២ខែ

ថៃ៖ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូឆា បានបញ្ជាឲ្យមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសេដ្ឋកិច្ច រៀងរាល់២សប្តាហ៍ម្តង ដើម្បីស្វែងរកវិធានការស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ ក្នុងពេលពី៦ខែទៅ១២ខែ។ នាយករងខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ លោក Kobsak Pootrakool បាននិយាយកាលពីថ្ងៃព្រសហ្បតិ៍ម្សិលមិញថា លោក ប្រាយុទ្ធបានបញ្ជាឲ្យមានកិច្ចប្រជុំញឹកញាប់ របស់ក្រុមរដ្ឋមន្ត្រីធ្វើការងារលើផ្នែកសេដ្ឋកិច្ច ដោយការបង្គាប់នេះធ្វើឡើង ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្មីៗនេះ។ លោកថា រាជរដ្ឋាភិបាលចាំបាច់ត្រូវបង្កើតឲ្យមានគោលនយោបាយនិងវិធានការបន្ថែមទៀត ក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ។ លោក Kobsak ថា «រាជរដ្ឋាភិបាលបានអនុវត្តវិធានការមួយចំនួនហើយ ក្នុងការស្រោចស្រង់ចេញពីផលប៉ះពាល់នៃជម្ងឺកូវីដ១៩ ដូចជាកញ្ចប់ជំនួយហិរញ្ញប្បទានសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម ព្រមទាំងការផ្តល់សាច់ប្រាក់ជួយពលរដ្ឋដែលរងផលប៉ះពាល់ជាដើម ប៉ុន្តែវិធានការថ្មីៗចាំបាច់ត្រូវមានទៀត ដើម្បីជួយស្តារសេដ្ឋកិច្ចជាតិ ឡើងវិញ នៅចន្លោះពីជាង៦ខែទៅ១២ខែ»។ តាមគម្រោងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសេដ្ឋកិច្ច នឹងរៀបចំឡើងទៀត នៅថ្ងៃទី១០ កក្តដា៕ធ.ដ
-
ជប៉ុនរកឃើញអ្នកឆ្លង COVID-19 ចំនួន១០៧ករណីថ្មីទៀត ដែលជាអត្រាឆ្លងប្រចាំថ្ងៃមានកម្រិតខ្ពស់មិនធ្លាប់មានក្នុងរយៈពេល២ខែមកនេះ

ជប៉ុន៖ ជប៉ុនបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន១០៧នាក់ថ្មីបន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលវាជាអត្រាឆ្លងប្រចាំថ្ងៃមានកម្រិតខ្ពស់មិនធ្លាប់មានក្នុងរយៈពេល២ខែកន្លងមក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ។ ទីក្រុងតូក្យូរបស់ប្រទេសជប៉ុន ដែលមានមនុស្សរស់នៅខ្ទង់១៤លាននាក់ ពីដំបូងឡើយបានដាក់គោលដៅថា នឹងព្យាយាមរក្សាឲ្យបាននូវអត្រាឆ្លងប្រចាំថ្ងៃក្រោម២០ករណី បន្ទាប់ពីរដ្ឋាភិបាលជប៉ុនបានដកការប្រកាសភាពអាសន្ន កាលពីថ្ងៃទី២៥ ខែឧសភា កន្លងទៅ ប៉ុន្តែហាក់ធ្វើមិនបានឡើយ ដោយអំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ភាគច្រើនអត្រាឆ្លងប្រចាំថ្ងៃគឺលើសពី៦០នាក់ ។ សូមជម្រាបថា នៅទូទាំងប្រទេសជប៉ុន មានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុប១ម៉ឺន៨ពាន់៨៧៤ករណី ក្នុងនោះមានអ្នកជម្ងឺ៩៧៥នាក់ស្លាប់ និងជាសះស្បើយឡើងវិញ១ម៉ឺន៦ពាន់៧៧២នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ១ពាន់១២៧នាក់ ៕ធ.ដ
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១១លាននាក់ ក្នុងនោះស្លាប់ជាង៥២ម៉ឺននាក់ និងជាសះស្បើយជាង៦.១លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០លាន៩៨ម៉ឺន២ពាន់២៩៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥២ម៉ឺន៣ពាន់៩៤៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦លាន១៣ម៉ឺន៩ពាន់៦៨៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៨៣ម៉ឺន៧ពាន់១៨៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៣ម៉ឺន១ពាន់៤៨៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន១៩ម៉ឺន១ពាន់៩១នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៥០ម៉ឺន១ពាន់៣៥៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ម៉ឺន១ពាន់៩៩០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៩១ម៉ឺន៦ពាន់១៤៧នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦៦ម៉ឺន១ពាន់១៦៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ពាន់៦៨៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤២ម៉ឺន៨ពាន់៩៧៨នាក់ ។ ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៦២ម៉ឺន៧ពាន់១៦៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៨ពាន់២២៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៧ម៉ឺន៩ពាន់៩០២នាក់ ។ ៥-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៩ម៉ឺន៧ពាន់១៨៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៨ពាន់៣៦៨នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕ធ.ដ
-
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ជាអនុប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្ត បានជម្រុញឲ្យឃុំតាគ្រាមនិងអភិបាលស្រុកបាណន់ ឲ្យយកចិត្តទុកដាក់ពីការពន្លឿននិងចុះស្រង់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដក្នុងមូលដ្ឋានខ្លួន ដែលងាយរងគ្រោះដោយផលប៉ះពាល់ដោយសារតែកូវីដ-១៩ (មានវីដេអូ)

ប្រជាពលរដ្ឋងាយរងគ្រោះច្រើនគ្រួសារ ដែលរងនូវផលប៉ះពាល់ក្នុងខណៈពេលវិបត្តិកូវិដ-១៩ សរុប ៥៥គ្រួសារ រស់នៅក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០២ខែកក្កដាឆ្នាំ២០២០នេះក្រោមវត្តមានឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាអនុប្រធានកិត្តិយសសាខា (កក្រក.ខ) និង ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខានិងសហការីជាច្រើនរូបទៀតបានចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងតែជួបនូវផលប៉ះពាល់ដោយវិបត្តិកូវិដ-១៩ ជាសកល កន្លងមក។ អំណោយដែលនាំយកទៅចែកជូន ដល់ក្រុមគ្រួសារទាំងនោះ ផ្តោតសំខាន់ចំពោះជនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនក្រីក្រកូនច្រើននិងជនពិការទីទ័លក្រខ្លាំង សរុបចំនួន៥៥គ្រួសារ ដែលមកពីភូមិទាំង១១ នៅក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ហើយពិធីនេះបានធ្វើឡើងស្ថិតក្នុងបរិវេណ ” វត្តចន្ទតាគ្រាម ” ឃុំតាគ្រាម។ និងដើម្បីជាការឆ្លើយ តបពីតម្រូវការជាក់ស្តែង នៃការខ្វះខាតស្បៀងអាហាររបស់បងប្នូន នៅក្នុងដំណាក់កាល ដែលប្រទេសកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងកូវីដ-១៩…។ តាមរយៈការជួបសំណេះសំណាលជាមួយនិងគ្រួសារក្រីក្រ បងប្អូនជនពិការទីទ័លក្រ ក្នុងនោះឯកឧត្តម ងួន រតនៈ បានពាំនាំនូវការផ្ដាំផ្ញើ ការសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត…