-
ថ្ងៃនេះក្រសួងសុខាភិបាល បានព្យាបាលឲ្យជាសះស្បេីយជំងឺកូវីដ-១៩ បានចំនួន ១នាក់ទៀតហើយ

ក្រសួងសុខាភិបាល៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី ១៧ខែមិថុនាឆ្នាំ ២០២០ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមាន៖-ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ១២៦នាក់ និងចំនួនអ្នកមានជំងឺកូវីដ១៩ ទាំងអស់ នៅក្នុងចំនួននេះមានស្រី ៣៩នាក់និងបុរស ៨៧នាក់។-អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតមានចំនួន ២នាក់ជាបុរស។-អ្នកមានវីរុសកូវីដ១៩ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេសសរុបចំនួន ១២៨នាក់។-ករណីជាសះស្បើយមានមួយនាក់បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំមានទីលំនៅឃុំកំពង់ត្រាចស្រុកកំពង់ត្រាចខេត្តកំពត ជាអ្នកដំណើរដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីនបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២ដងនឹងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
-
លោក ដូណាល់ ត្រាំ និយាយថា បើសិនយើងឈប់ការធ្វើតេស្ដរក COVID-19 យើងនឹងរកឃើញករណីឆ្លងតិចជាងនេះ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា ប្រសិនបើយើងបញ្ឈប់ការធ្វើតេស្ដ៍ឥឡូវនេះ យើងនឹងមានករណីឆ្លងតិចជាងនេះ ការធ្វើតេស្ដរបស់យើងគឺធំ និងទំនើបជាងប្រទេសដទៃ ដែលយើងធ្វើការបានយ៉ាងល្អក្នុងករណីនេះ នេះបើតាមគេហទំព័រ The Hill នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។ ប្រធានាធិបតីអាម៉េរិករូបនេះបានសង្កត់ធ្ងន់ថា បើសិនគ្មានការធ្វើតេស្ដ ឬការធ្វើតេស្ដខ្សោយ យើងប្រហែលជាស្ទើតែគ្មានករណីឆ្លង ។ ការធ្វើតេស្ដត្រូវបានធ្វើឡើងគុណនឹងពីរ ដែលធ្វើឱ្យស្ថានភាពយើងមើលទៅដូចជាអាក្រក់ខ្លាំង ប៉ុន្ដែវាល្អសម្រាប់យើង ។ ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ ហាក់ដូចជាមើលស្រាលការកើនឡើងនៃចំនួនអ្នកឆ្លងវីរុសរាតត្បាតសកល COVID-19 នៅតាមបណ្តារដ្ឋទូទាំងប្រទេសរបស់ខ្លួន ។ តួយ៉ាងគិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ សហរដ្ឋអាម៉េរិកស្ថិតនៅលំដាប់ទី១ ជាប្រទេសមានករណីឆ្លង និងស្លាប់ដោយសារជម្ងឺ COVID-19 ច្រើនបំផុតលើពិភពលោក ដោយមានអ្នកឆ្លងសរុប២លាន១៨ម៉ឺន២ពាន់៩៥០ករណី ក្នុងនោះមានអ្នកស្លាប់សរុប១១ម៉ឺន៨ពាន់២៨៣នាក់ និងអ្នកជាសះស្បើយឡើងវិញសរុប៨៨ម៉ឺន៩ពាន់៨៦៦នាក់ ៕
-
ក្រុមហ៊ុនអាកាសចរណ៍សហរដ្ឋអាម៉េរិក ព្រមានហាមឃាត់អ្នកដំណើរទាំងឡាយណា ដែលមិនព្រមពាក់ម៉ាសការពារ COVID-19

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់សហរដ្ឋអាម៉េរិក បានគូសបញ្ជាក់ថា ពួកគេមានសិទ្ធិរារាំងជនដែលមិនព្រមពាក់ម៉ាស មិនឱ្យឈានជើងចូលយន្ដហោះឡើយ ដើម្បីការពារអ្នកដទៃដែលបានពាក់ម៉ាសការពារឆ្លងជម្ងឺ COVID-19 យ៉ាងត្រឹមត្រូវ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ។ ប្រភពបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍នីមួយៗនឹងធ្វើការជូនដំណឹងពីវិធានការប្រើប្រាស់ម៉ាសដល់អ្នកធ្វើដំណើរទាំងអស់ និង ព័ត៌មានលំអិត មុនចាប់ផ្ដើមអនុវត្តគោលការណ៍នេះ ហើយអ្នកដែលមិនព្រមពាក់ម៉ាសនឹងត្រូវដាក់ចូលបញ្ជីឈ្មោះភ្ញៀវហាមឃាត់ ។ សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍របស់សហរដ្ឋអាម៉េរិក ដែលប្រកាន់គោលការណ៍ខាងលើនេះ ក្នុងនោះរួមមានក្រុមហ៊ុន អាឡាស់ស្កា អ៊ែរឡាញ ក្រុមហ៊ុន ឌែលតា អ៊ែរឡាញ ក្រុមហ៊ុន ហាវ៉ៃ អ៊ែរឡាញ ក្រុមហ៊ុន ជេតប៊្លូ អ៊ែរវ៉េ ក្រុមហ៊ុន ស៊ោវេស អ៊ែរឡាញ និងក្រុមហ៊ុន យូណាយធីត អ៊ែរឡាញ ៕
-
អង្គការ WHO បញ្ជាក់ថា ប្រភពដើមនៃករណីឆ្លង COVID-19 ជាចង្កោមក្នុងរដ្ឋធានីប៉េកាំង នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ

ស្វីស៖ អង្គការសុខភាពពិភពលោក WHO បានលើកឡើងថា ប្រភពដើមនៃករណីឆ្លង COVID-19 ជាចង្កោមថ្មីមួយក្នុងរដ្ឋធានីប៉េកាំង នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ ដែលតម្រូវឱ្យមានការបង្កើនការធ្វើតេស្ដបន្ថែមទៀត នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ។ ថ្លែងក្នុងសន្និសីទកាសែតមួយនៅថ្ងៃចន្ទម្សិលមិញ នាយកកម្មវិធីសង្រ្គោះបន្ទាន់នៃអង្គការសុខភាពពិភពលោក WHO លោក ម៉ៃ រីយ៉ាន បានបញ្ជាក់ថា ការអះអាងអំពីការឆ្លង COVID-19 ជាចង្កោមក្នុងទីក្រុងប៉េកាំង បង្កឡើងដោយក្រុមអ្នកផ្គត់ផ្គង់ ឬ កញ្ចប់ត្រីសាល់ម៉ុននាំចូលពីបណ្ដាប្រទេសអឺរ៉ុប មិនទាន់ក្លាយជាការអះអាងបឋមនោះទេ ។ ទាក់ទិននឹងបញ្ហាខាងលើនេះ ប្រទេសចិនសម្រេចឈប់នាំចូលត្រីសាល់ម៉ុនពីសហគមន៍អឺរ៉ុប ដោយបារម្ភថា អ្នកនាំត្រីសាលមុនចូលប្រហែលមានការពាក់ព័ន្ធនឹងការផ្ទុះជំងឺ COVID-19 នៅផ្សារប៉េកាំង ទោះបីក្រុមអ្នកជំនាញថា ត្រីទំនងជាមិនអាចនាំជំងឺនេះមកទេ ។ ថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនបានចុះផ្សាយថា ជំងឺកូរ៉ូណាត្រូវបានរកឃើញនៅលើជ្រុញហាន់ត្រីសាល់មុននៅផ្សារ ស៊ីនហ្វាឌី ស្ថិតក្នុងរដ្ឋធានីប៉េកាំង ដោយគេខ្លាចថា បង្កជាចង្កោមឆ្លង នាំឲ្យមានរលកទី២ នៃករណីចម្លងជំងឺនេះ ក្នុងប្រទេសចិន ៕
-
ចិនឈប់នាំចូលត្រីសាលម៉ុន ពីអឺរ៉ុប ក្រោយរកឃើញវីរុសកូវីដ១៩ លើជ្រុញហាន់ត្រី នៅផ្សារប៉េកាំង

ប្រទេសចិនសម្រេចឈប់នាំចូលត្រីសាលម៉ុន ពីសហគមន៍អឺរ៉ុប ដោយបារម្ភថា អ្នកនាំត្រីសាលមុនចូល ប្រហែលមានការពាក់ព័ន្ធនឹងការផ្ទុះជំងឺកូវីដ១៩ នៅផ្សារប៉េកាំង ទោះបីក្រុមអ្នកជំនាញថា ត្រីទំនងជាមិនអាចនាំជំងឺនេះមកទេ ។ ថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ចិនបានចុះផ្សាយថា ជំងឺកូរ៉ូណាត្រូវបានរកឃើញ នៅលើជ្រុញហាន់ត្រីសាលមុ៉ន នៅផ្សារ Xinfadi ស្ថិតក្នុងរដ្ឋធានីប៉េកាំង ដោយគេខ្លាចថា បង្កជាចង្កោមឆ្លង នាំឲ្យមានរលកទី២នៃជំងឺនេះ ក្នុងប្រទេសចិន។ លោក Regin Jacobsen នាយកប្រតិបត្តិក្រុមហ៊ុននាំចូលត្រីសាលមុន Bakkafrost បានឆ្លើយតបថា «យើងមិនអាចបញ្ជូនត្រីសាលម៉ុនទៅចិនទៀតទេ ពេលនេះ ទីផ្សារនេះបានបិទហើយ» លោកបន្ថែមថា «យើងឈប់លក់ទាំងអស់ទៅចិន ហើយរង់ចាំស្ថានភាពបញ្ជាក់ឲ្យច្បាស់លាស់សិន» ។ យោងតាមក្រុមហ៊ុនត្រីសាលម៉ុន Bakkafrost របស់ប្រទេសន័រវ៉េសមួយនេះថា ចិននាំចូលត្រីសាល់ម៉ុន ៥ភាគរយ នៃទំហំសរុបរបស់ក្រុមហ៊ុន ៕
-
ក្រសួងសុខាភិបាល៖ ថ្ងៃនេះយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ

ក្រសួងសុខាភិបាល៖ រហូតដល់ម៉ោង ៨:៣០ ព្រឹក ថ្ងៃទី១៦ មិថុនា២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ ដូច្នេះចំនួនសរុបកូវីដ-១៩ ២៨នាក់ ដដែល ចំនួនសំរាកនៅពេទ្យ៣នាក់ ចំនួនជាសះស្បេីយ ចំនួន១២៥ នាក់ និងស្លាប់គ្មាន។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តន៍អនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ។ យេីងត្រូវបន្តអនុវត្តន៍គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០៕ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115
-
រដ្ឋមន្ត្រីសុខាភិបាលអាហ្សង់ទីនថ្លែងថា ការប្រកួតបាល់ទាត់ក្នុងស្រុកនឹងបន្តផ្អាកដដែល ខណៈស្ថានភាព COVID-19 នៅមិនទាន់ធូរស្រាល

អាហ្សង់ទីន៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្សង់ទីន លោក Gines Gonzalez បានគូសបញ្ជាក់ថាការប្រកួតបាល់ទាត់នៅស្រុក នឹងមិនទាន់វិលត្រឡប់មកវិញនាពេលឆាប់ៗនេះនោះទេ ដោយសារប្រទេសកំពុងតែរកមធ្យោបាយដោះស្រាយ ជាមួយនឹងការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ិនហួនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។ ប្រទេសក្នុងទ្វីបអាម៉េរិកខាងត្បូងមួយនេះ បានស្ថិតនៅក្នុងការបិទប្រទេសយ៉ាងតឹងរឹង ចាប់តាំងពីថ្ងៃទី២០ ខែមីនាមក ហើយនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋាភិបាលបានបន្ធូរបន្ថយការរឹតត្បិតមួយចំនួន ដោយបានអនុញ្ញាតឲ្យអត្តពលិកអូឡាំពិកចាប់ផ្តើមហ្វឹកហាត់ឡើងវិញ និងអនុញ្ញាតឲ្យពលរដ្ឋធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃនៅអំឡុងពេលជាក់លាក់។ សូមជម្រាបថា អាហ្សង់ទីនស្ថិតក្នុងលំដាប់ទី៣៤ ក្នុងចំណោមប្រទេសមានករណីឆ្លងជម្ងឺ COVID-19 ច្រើនបំផុតលើពិភពលោក ដោយគិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ អាហ្សង់ទីនមានអ្នកឆ្លងសរុប៣ម៉ឺន២ពាន់៧៨៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨៥៤នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៩ពាន់៨៩១នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុប២ម៉ឺន២ពាន់៤០នាក់ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៨លាននាក់ ក្នុងនោះស្លាប់ជាង៤៣ម៉ឺននាក់ និងជាសះស្បើយជាង៤.១លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៨លាន១១ម៉ឺន២ពាន់៥៧៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៣ម៉ឺន៩ពាន់៥០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤លាន២១ម៉ឺន៣ពាន់១៨២នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន១៨ម៉ឺន២ពាន់៩៥០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន៨ពាន់២៨៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨៨ម៉ឺន៩ពាន់៨៦៦នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៨៩ម៉ឺន១ពាន់៥៥៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៤ពាន់១១៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៦ម៉ឺន៤ពាន់៧៧៤នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៥៣ម៉ឺន៧ពាន់២១០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៧ពាន់៩១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៨ម៉ឺន៤ពាន់៥៣៩នាក់ ។ ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៣៤ម៉ឺន៣ពាន់២៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ពាន់៩១០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៨ម៉ឺន៣២០នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៩ម៉ឺន៦ពាន់៨៥៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន១ពាន់៧៣៦នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕
-
កូវីដ១៩ផ្តាច់ជីវិតប្រធានាធិបតីប្រទេសមួយ នៅអាហ្វ្រិក

លោកប្រធានាធិបតីប្រទេស ប៊ូរុនឌី បានស្លាប់ ដោយសារ វីរុស កូរ៉ូណា ឬ កូវិដ១៩ នេះបើយោង តាមក្រុមវេជ្ជសាស្ត្រនៅ មន្ទីរពេទ្យជាកន្លែងដែល លោកត្រូវបានបញ្ជូនទៅព្យាបាល។ យ៉ាងណាក្តី រដ្ឋាភិបាល របស់ប្រទេសនេះ បានប្រកាសពីមូលហេតុនៃការស្លាប់ របស់លោកប្រធានាធិបតី Pierre Nkurun ziza ថាបណ្ដាលមកពី គាំងបេះដូង ។ ប៉ុន្តែប្រភពពី វេជ្ជសាស្ត្រនៅឯមន្ទីរពេទ្យ Karusi ជាកន្លែងដែលលោកប្រធានា ធិបតីរូបនេះ បានស្លាប់នោះ បានបញ្ជាក់ថា ប្រធានាធិបតីមាន “បញ្ហាខាងផ្លូវដង្ហើមខ្លាំង” មុនពេលលោកស្លាប់ ។ សូមបញ្ជាក់ថា ប៊ូរុនឌី ជាប្រទេសមានប្រជាជនប្រមាណជាង១០លាននាក់ ស្ថិតនៅតំបន់អាហ្វ្រិកខាងកើត ៕
-
ប្រធានាធិបតីបារាំងប្រកាសពីជោគជ័យដំបូង ក្នុងការយុទ្ធនាការប្រឆាំងនឹង COVID-19

បារាំង៖ ថ្លែងទៅកាន់ពលរដ្ឋតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃអាទិត្យម្សិលមិញ ប្រធា នាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បានប្រកាសសាទរពីជោគជ័យដំបូងនៅក្នុងយុទ្ធនាការប្រឆាំងជម្ងឺ COVID-19 តែមិនភ្លេចរម្លឹកប្រាប់ឲ្យពលរដ្ឋ បន្តគោរពវិធានការបង្ការ និងបញ្ជាក់ថា យុទ្ធនាការប្រឆាំងវីរុសនេះ នៅមិនទាន់ចប់នៅឡើយទេ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។ នាឱកាសនោះ លោក ម៉ាក្រុង បាននិយាយថា ចាប់ពីថ្ងៃស្អែកទៅ គេនឹងអាចធ្វើដំណើរឆ្លងកាត់រវាងប្រទេសអឺរ៉ុបឡើងវិញ ហើយចាប់ពីថ្ងៃទី១ ខែកក្កដាទៅ យើងនឹងអាចធ្វើដំណើរទៅកាន់ប្រទេសក្រៅអឺរ៉ុប ដែលការឆ្លងរាលដាលនៃជំងឺ COVID-19 ត្រូវបានទប់ស្កាត់ ។ ចាប់ពីថ្ងៃស្អែកទៅ កន្លែងទទួលមើលក្មេង សាលារៀន និងអនុវិទ្យាល័យទាំងអស់ នឹងត្រៀមទទួលសិស្សឲ្យចូលរៀនឡើងវិញដោយចាំបាច់ ចាប់ពីថ្ងៃទី២២ ខែមិថុនាទៅ តែគេចៀសវាងជាអតិបរមានូវការជួបជុំ ព្រោះវាជាឱកាសនៃការឆ្លងរាលដាលវីរុស។ ប្រធានាធិបតីបារាំងរូបនេះសង្កត់ធ្ងន់ថា គេត្រូវការពេលយូរទៀត ដើម្បីរស់នៅជាមួយមេរោគ ត្រូវបន្តគោរពគម្លាតសុវត្ថិភាព ហើយត្រូវតាមដានការវិវឌ្ឍនៃការឆ្លងរាលដាល ដើម្បីយើងត្រៀមខ្លួនទប់ស្កាត់នៅក្នុងករណីណា ដែលមេរោគ នេះ អាចនឹងវិលត្រឡប់វិញខ្លាំងជាងមុន ៕ …