-
អ្នកឆ្លង COVID-19 ថ្មីៗនៅប្រេស៊ីលកើនឡើងជាង៣ម៉ឺនករណីទៀតក្នុងពេលតែ ១ថ្ងៃ នាំឱ្យតួលេខសរុបកើនឡើងជាង៨០ម៉ឺនករណី

ប្រេស៊ីល ៖ អាជ្ញាធរសុខាភិបាលប្រេស៊ីលរកឃើញអ្នកឆ្លងមេរោគ COVID-19 ថ្មីៗរហូតដល់៣ម៉ឺន៤១២ករណី និងអ្នកស្លាប់ច្រើនជាង១ពាន់២រយនាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ។ បើទោះបីជាមានការកើនឡើងយ៉ាងគំហុក នូវករណីឆ្លង និងស្លាប់ថ្មីៗដោយសារជម្ងឺ COVID-19 ក៏ដោយ ក៏រដ្ឋាភិបាលប្រេស៊ីលនៅតែមានផែនការ ដកវិធានការរឹតត្បិតវិញជាបណ្តើរៗ ដើម្បីឲ្យសេដ្ឋកិច្ចដំណើរការឡើងវិញ ។ សូមជម្រាបថា ប្រេស៊ីលស្ថិតនៅលំដាប់ទី២ ជាប្រទេសមានករណីឆ្លងមេរោគ COVID-19 ច្រើនជាងគេនៅលើពិភពលោក ហើយក៏ជាប្រទេសស្ថិតនៅលំដាប់ទី៣ មានអ្នកស្លាប់ច្រើនជាងគេផងដែរ ។ ជាក់ស្តែងគិតត្រឹមថ្ងៃទី១២ ខែមិថុនានេះ ប្រទេសអាមេរិកឡាទីនមួយនេះ មានអ្នកឆ្លងសរុប៨០ម៉ឺន៥ពាន់៦៤៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន១ពាន់៥៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៣៩ម៉ឺន៦ពាន់៦៩២នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុប៣៦ម៉ឺន៧ពាន់៨៩៩នាក់ ៕
-
ឥណ្ឌាបំបែកកំណត់ត្រាដ៏អាក្រក់ថ្មីមួយទៀត ក្រោយបន្តរកឃើញអ្នកឆ្លង COVID-19 ច្រើនជាង១ម៉ឺនករណីថ្មីទៀតក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ

ឥណ្ឌា៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃព្រហស្បត្តិ៍នេះ បានរាយការណ៍ពីអ្នកឆ្លងជម្ងឺ COVID-19 ចំនួន១ម៉ឺន៩៥៦ករណី និងអ្នកស្លាប់ថ្មីៗចំនួន៣៩៦នាក់ បន្ថែមទៀតក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះនៅទូទាំងប្រទេស នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។ ឆ្លើយតបនឹងវិបត្តិវីរុសនេះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានប្រកាសដាក់ចេញវិធានការបិទទ្វារប្រទេស ចាប់តាំងពីថ្ងៃទី២៥ ខែមីនាមកម្ល៉េះ ដើម្បីទប់ទល់ការឆ្លងរាលដាល COVID-19 ហើយការបន្តបិទនៅតំណាក់កាលទី៥ ទើបតែត្រូវបានប្រកាសកាលពីថ្ងៃទី០១ ខែមិថុនា ។ យ៉ាងណាមិញ ស្ថានការណ៍ COVID-19 នៅក្នុងប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតលំដាប់ទី២ លើលោកមួយនេះ ហាក់មិនទាន់ធូរស្រាយនៅឡើយទេ និងកាន់តែកើនឡើងថែមទៀត ។ សូមជម្រាបថា ឥណ្ឌាស្ថិតនៅលំដាប់ទី៤ ជាប្រទេសមានករណីឆ្លងមេរោគ COVID-19 ច្រើនជាងគេនៅលើពិភពលោក ដោយគិតត្រឹមថ្ងៃទី១២ ខែមិថុនានេះ ឥណ្ឌាមានអ្នកឆ្លងសរុប២៩ម៉ឺន៨ពាន់២៨៣ករណី ក្នុងនោះមានអ្នកស្លាប់សរុប៨ពាន់៥០១នាក់ និងអ្នកជាសះស្បើយឡើងវិញសរុប១៤ម៉ឺន៧ពាន់១៩៥នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុប១៤ម៉ឺន៧ពាន់១៩៥នាក់ ៕
-
កូវីដ១៩៖ កូរ៉េខាងត្បូងបន្ថយការរឹតត្បិតបន្តិច រលកទី២នៃការឆ្លងលេចចេញ

កូរ៉េខាងត្បូង៖ មជ្ឈមណ្ឌលទប់ស្កាត់ជំងឺឆ្លងរបស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានរាយការណ៍ការឆ្លងថ្មីចំនួន៤៥ករណី ដែលភាគច្រើនបានកើតនៅតំបន់ក្រុងសេអ៊ូល មានចំនួនប្រជាជនប្រមាណ៥១លាននាក់ ដែលនៅទីនោះ អាជ្ញាធរកំពុងប្រឹងប្រែងយ៉ាងលំបាកក្នុងការបង្ការការចម្លងថ្មី។ មន្ត្រីសុខាភិបាលព្រមានថា អាជ្ញាធរប្រទេសនេះត្រូវចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់ការផ្ទុះរាតត្បាតជាលើកទី២នៃជំងឺកូវីដ១៩ ក្រោយពីគេឃើញមានការឆ្លងវីរុសកូរ៉ូណាកើនឡើងយ៉ាងគំហុកនៅតំបន់ទីក្រុងសេអ៊ូល។ប្រភពបន្ថែមថា ពេលនេះមានចង្វាក់នៃការចម្លងកំពុងកើតឡើងហើយប្រសិនបើគេមិនអាចផ្តាច់វាបានទេ នឹងអាចមានការផ្ទុះរាតត្បាតជាទ្រង់ទ្រាយធំកើតឡើង។ មន្ត្រីបញ្ជាក់ថា ការឆ្លងថ្មីនេះលេចឡើងក្រោយពីអាជ្ញាធរចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិតសកម្មភាពសង្គម។ សូមរម្លឹកថា ប៉ុន្មានសប្តាហ៍មុននោះ កូរ៉េខាងត្បូងបានប្រកាសពីការជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយមកទល់ពេលនេះ កូរ៉េខាងត្បូងមានអ្នកឆ្លងជិត១២ម៉ឺននាក់ ស្លាប់២៧៦នាក់ ក្នុងនោះដែរ ភាគច្រើននៃអ្នកជំងឺបានជាសះស្បើយ ប៉ុន្តែចំនួនឆ្លងថ្មីហាក់កើនឡើងវិញ ជាង១ពាន់នាក់ ក្នុងសប្តាហ៍នេះ៕
-
វិបត្តិ COVID-19 ធ្វើឱ្យក្រុមហ៊ុនផលិតយន្តហោះ ប៊ូអ៊ីង ជួបការធ្លាក់ចុះខ្លាំងមិនធ្លាប់មាន នាអំឡុងពេល០៦ទសវត្សរ៍មកនេះ

សហរដ្ឋអាម៉េរិក៖ ការប្រគល់យន្តហោះទៅដល់អតិថិជនដែលបញ្ជាទិញកាលពីខែឧសភាកន្លងទៅនេះ បានធ្លាក់ចុះបន្ថែមទៀត ដោយក្រុមហ៊ុន ប៊ូអ៊ីង របស់សហរដ្ឋអាម៉េរិក អាចសម្រេចបានតែ០៤គ្រឿងប៉ុណ្ណោះ ខណៈកាលពីខែមេសាវិញ សម្រេចបាន០៦គ្រឿង ដោយសារតែវិបត្តិ COVID-19 នេះបើតាមដោយសារព័ត៌មានរ៉យទ័រនាពេលថ្មីៗ។ ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុនផលិតយន្តហោះធំបំផុតលើលោកមួយនេះ បានអះអាងថា ការសម្រេចបានលទ្ធផលខាងលើនេះ គឺពិតជាទាបខ្លាំងណាស់ និងមិនធ្លាប់មាននោះឡើយ នាអំឡុងពេល ៦ទសវត្សរ៍មកនេះ ។ ដោយឡែកកាលពីខែឧសភាកន្លងទៅនេះ អតិថិជនមួយចំនួនរបស់ប៊ូអ៊ីង បានលុបចោលការបញ្ជាទិញយន្តហោះសរុប ១៨គ្រឿង ក្នុងនោះក៏មានប្រភេទ MAX ចំនួន១៤គ្រឿងផងដែរ ។ ហើយបើតាមការរំពឹងទុករបស់អ្នកវិភាគនោះ វិស័យអាកាសចរណ៍ និងផលិតកម្មយន្តហោះ នឹងទទួលរងផលប៉ះពាល់បន្តទៀត ចំពោះមុខការរាតត្បាតនៃជម្ងឺ COVID-19 ដែលធ្វើឲ្យចរាចរណ៍ផ្លូវអាកាសទូទាំងពិភពលោក ធ្លាក់ចុះយ៉ាងគំហុកជាប្រវត្តិសាស្ត្រ ៕
-
សហរដ្ឋអាម៉េរិកមានអ្នកឆ្លង COVID-19 សរុបកើនឡើងលើស២លានករណីហើយ

សហរដ្ឋអាម៉េរិក៖ យោងតាមរបាយការណ៍របស់សាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា សហរដ្ឋអាម៉េរិកមានចំនួនអ្នកឆ្លង COVID-19 សរុបកើនឡើងដល់២លាន៨ម៉ឺន៩ពាន់៧០១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន៦ពាន់៣៤នាក់ស្លាប់ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ខណៈតួលេខនេះធ្វើឲ្យសហរដ្ឋអាមេរិកនៅតែជាប្រទេស ដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេលើពិភពលោក នេះបើតាមសារព័ត៌មាន CGTN ។ ក្នុងសប្តាហ៍នេះ មានរដ្ឋចំនួន២១របស់សហរដ្ឋអាម៉េរិកបានរាយការណ៍អំពីចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃច្រើនបំផុត ដែលពួកគេមិនធ្លាប់មាន ដោយករណីឆ្លងកើនខ្លាំងនេះ មាននៅបណ្តារដ្ឋភាគខាងលិច និងរដ្ឋនិរតីសហរដ្ឋអាម៉េរិក ដូចជារដ្ឋ Arizona, New Mexico, Texas និង Utah ។ ចំនួនឆ្លងកើនឡើងនេះ កើតមានឡើងក្រោយពីអាជ្ញាធរតាមរដ្ឋនានា បានចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិតសេដ្ឋកិច្ចសង្គម រួមទាំងក្នុងអំឡុងទិវារំឭកវិញ្ញាណក្ខន្ធយុទ្ធជនអាម៉េរិក (Memorial Day) កាលពីចុងខែឧសភា ដែលកត់សម្គាល់ការចាប់ផ្តើមនៃវិសមកាលរដូវក្តៅ ។ ទន្ទឹមគ្នា អ្នកជំនាញក៏សម្តែងការព្រួយបារម្ភដែរថា បាតុកម្មទូទាំងសហរដ្ឋអាម៉េរិកអស់ជាងពីរសប្តាហ៍មកនេះ ដើម្បីរកយុត្តិធម៌ឲ្យពលរដ្ឋស្បែកខ្មៅដែលបានស្លាប់ដោយសារប៉ូលិសស្បែកស នឹងនាំឲ្យមានការឆ្លងកាន់តែកើនឡើង ដោយរូបភាពតាមវីដេអូបង្ហាញថា ក្រុមបាតុករបានដើរប្រគៀកគ្នា បើទោះបីពួកគេជាច្រើនបានពាក់ម៉ាស់ក៏ដោយ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧.៥លាននាក់ ក្នុងនោះស្លាប់ជាង៤២ម៉ឺននាក់ និងជាសះស្បើយជាង៣.៨លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧លាន៥៨ម៉ឺន៩ពាន់១០១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤២ម៉ឺន៣ពាន់៦៩២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣លាន៨៣ម៉ឺន៩ពាន់៣៩៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៨ម៉ឺន៩ពាន់៧០១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន៦ពាន់៣៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨១ម៉ឺន៦ពាន់៨៦នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៨០ម៉ឺន៥ពាន់៦៤៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន១ពាន់៥៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៩ម៉ឺន៦ពាន់៦៩២នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៥០ម៉ឺន២ពាន់៤៣៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ពាន់៥៣២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៦ម៉ឺន១ពាន់១៥០នាក់ ។ ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់២៩ម៉ឺន៨ពាន់២៨៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ពាន់៥០១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៤ម៉ឺន៦ពាន់៩៧២នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៩ម៉ឺន១ពាន់៤០៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន១ពាន់២៧៩នាក់ស្លាប់…
-
ថ្ងៃនេះក្រសួងសុខាភិបាល ពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ

ក្រសួងសុខាភិបាល៖ រហូតដល់ម៉ោង ៨:៣០ ព្រឹក ថ្ងៃទី១២ មិថុនា២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ ដូច្នេះចំនួនសរុបកូវីដ-១៩ ១២៦នាក់ដដែល ចំនួនសម្រាកនៅពេទ្យសល់១នាក់ ចំនួនជាសះស្បេីយសរុប ចំនួន១២៥ នាក់ និងស្លាប់គ្មាន។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តន៍អនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ។ យេីងត្រូវបន្តអនុវត្តន៍គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ ល។យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០។ យេីងបានធ្វេីតេស្តចំនួន ២៥៨៨៤នាក់ ស្មេីនឹង១៥៥៩នាក់ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕
-
កូវីដ១៩៖ ថៃលែងមានករណីថ្មីលើកដំបូង ក្នុងពេល៣សប្តាហ៍មកនេះ ១១ មិថុនា ២០២០

លោកស្រី Panprapa Yongtrakul, អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩នៅប្រទេសថៃបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១១ មិថុនានេះ ថៃបានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន២៩៨៧នាក់ហើយ ក្នុងចំណោមអ្នកឈឺសរុប៣១២៥នាក់។អាជ្ញាធរក៏បានប្រកាសដែរថា នៅថ្ងៃទី១១ មិថុនានេះ ពុំមានករណីថ្មីទេ ហើយក៏ពុំមានអ្នកស្លាប់ដែរ ហើយការដែលគ្មាននៅថ្ងៃនេះ គឺជាលើកដំបូង ក្នុងរយៈពេលជិត៣សប្តាហ៍មកនេះ និងជាថ្ងៃទី១៧ហើយដែលគ្មានឆ្លងក្នុងសហគមន៍ ។ រីឯករណីរកឃើញថ្មីៗតិចតួច ប៉ន្មានថ្ងៃមកនេះ សុទ្ធតែអ្នកត្រូវបានដាក់ឲ្យដាច់ដោយឡែក ក្រោយមកពីក្រៅប្រទេស៕
-
អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាម៉េរិកនិយាយថា កិច្ចខិតខំប្រឹងប្រែងផលិតវ៉ាក់សាំងប្រឆាំង COVID-19 កំពុងតែដំណើរការទៅមុខយ៉ាងប្រសើរបំផុត

សហរដ្ឋអាម៉េរិក៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាម៉េរិកលោក អាន់ថូនី ហ្វូស៊ី បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងផលិតវ៉ាក់សាំងប្រឆាំង COVID-19 កំពុងតែដំណើរការទៅមុខយ៉ាងប្រសើរបំផុត ហើយរំពឹងថា វ៉ាក់សាំងលើសពីមួយនឹងមានសក្តានុពលបំផុត ដើម្បីឲ្យយើងយកទៅធ្វើតេស្តនាដើមរដូវក្តៅខាងមុខ នេះបើតាមកាសែត CNN នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ។ ក្រុមហ៊ុន ម៉ូឌែណា របស់សហរដ្ឋអាម៉េរិក នឹងចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 របស់ខ្លួននៅក្នុងតំណាក់កាលថ្មី ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ខណៈវ៉ាក់សាំងរបស់ស្ថាប័នអុកស្វដ និងអាស្ត្រាសេណេកា នៅខែសីហា និងវ៉ាក់សាំងរបស់ក្រុមហ៊ុន ចនសុន និងចនសុន នឹងត្រូវធ្វើតេស្តនៅខែកញ្ញាខាងមុខ ។ ការធ្វើតេស្តខាងលើនេះ នឹងត្រូវចូលរួមដោយមនុស្សរាប់ម៉ឺននាក់ ដើម្បីឲ្យក្រុមហ៊ុន ស្ថាប័នជំនាញរដ្ឋាភិបាល និងអ្នកជំនាញកំពូលៗអាចគណនាអំពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំងទាំង០៣ប្រភេទនេះ ៕
-
ឥណ្ឌាបន្តរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ថ្មីៗជិត១ម៉ឺនករណីថែមទៀតក្នុងពេលតែមួយថ្ងៃ

ឥណ្ឌា៖ អាជ្ញាធរសុខាភិបាលឥណ្ឌា បន្តរកឃើញអ្នកឆ្លងមេរោគ COVID-19 ថ្មីៗសរុប៩ពាន់៩៩៦ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួន៣៥៧នាក់ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃស្តីពីករណីឆ្លង និងស្លាប់ដោយសារវីរុសនេះសម្រាប់ថ្ងៃព្រហស្បតិ៍ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ។ បើបូកបន្ថែមតួលេខខាងលើនេះ នាំឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ កើនឡើងដល់២៨ម៉ឺន៧ពាន់១៥៥ករណី ក្នុងនោះអ្នកជំងឺ ៨ពាន់១០៧នាក់ស្លាប់ និង១៤ម៉ឺន៩៧៩នាក់ទៀតបានជាសះស្បើយឡើងវិញ ។ ប្រការនេះវាបានធ្វើឲ្យតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្ន មានចំនួន១៣ម៉ឺន៨ពាន់៦៩នាក់។ សូមជម្រាបផងដែរថា តួលេខករណីឆ្លង និងស្លាប់ថ្មីៗខាងលើនេះ គឺខ្ពស់បំផុតពុំធ្លាប់មាននោះឡើយទាំងករណីឆ្លង និងករណីស្លាប់ថ្មីៗប្រចាំថ្ងៃនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ខណៈឥណ្ឌាស្ថិតនៅលំដាប់ទី៦ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានអ្នកឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ៕