Category: Covid-19

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧.៣លាននាក់ ក្នុងនោះស្លាប់ជាង៤១ម៉ឺននាក់ និងជាសះស្បើយជាង៣.៦លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧.៣លាននាក់ ក្នុងនោះស្លាប់ជាង៤១ម៉ឺននាក់ និងជាសះស្បើយជាង៣.៦លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧លាន៣១ម៉ឺន៦ពាន់៨២០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤១ម៉ឺន៣ពាន់៦២៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣លាន៦០ម៉ឺន២ពាន់៥០២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៤ម៉ឺន៥ពាន់៥៤៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន៤ពាន់១៤៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧៨ម៉ឺន៨ពាន់៨៦២នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៧៤ម៉ឺន២ពាន់៨៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៨ពាន់៤៩៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣២ម៉ឺន៥ពាន់៦០២នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៤៨ម៉ឺន៥ពាន់២៥៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ពាន់១៤២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៤ម៉ឺន២ពាន់៣៩៧នាក់ ។ ៤-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៩ពាន់១៤០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៨៨៣នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ។ ៥-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៩ពាន់៤៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១៣៦នាក់ស្លាប់…

  • ក្រសួងសុខាភិបាលបដិសេធការផ្សាយក្មេងស្រី១៨ឆ្នាំវៀតណាមឆ្លងកូវីដ១៩

    ក្រសួងសុខាភិបាលបដិសេធការផ្សាយក្មេងស្រី១៨ឆ្នាំវៀតណាមឆ្លងកូវីដ១៩

    ការផ្សាយមួយរបស់កាសែតវៀតណាមដែលនិយាយថាមានក្មេងស្រីវៀតណាមអាយុ១៨ឆ្នាំម្នាក់ឆ្លងវិរុសកូវីដ១៩ ពេលវិលត្រឡប់មកពីប្រទេសកម្ពុជា បានប្រញាប់ឲ្យមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជាបានបដិសេធ។ កាសែត VNEXPRESS របស់វៀតណាមបានចេញផ្សាយកាលពីថ្ងៃទី៨មិថុនា ដោយបញ្ជាក់ថា អ្នកជម្ងឺរបស់ ខ្លួន ម្នាក់ជាស្ត្រីអាយុ១៨ឆ្នាំ បានឆ្លងនឹងវីរុសកូវីដ១៩ពេលវិលត្រឡប់មកពីកម្ពុជា។ យោងតាមការផ្សាយ ស្ត្រីវៀត ណាមម្នាក់ អាយុ១៨ឆ្នាំនោះ គឺជាអ្នកស្រុក ហុង ងូ នៃខេត្តដុងថាប់ ប៉ុន្តែការផ្សាយមិនបញ្ជាក់ថាតើស្ត្រីវៀត ណាមនោះ ទស្សនកិច្ចកម្ពុជានៅកន្លែងណាខ្លះ និងស្ថិតក្នុងកម្ពុជានៅកន្លែងណាមួយនោះឡើយ។  រដ្ឋលេខាធិការក្រសួងសុខាភិ បាលលោកស្រីឳវណ្ណឌីន បានថ្លែងប្រាប់សារព័ត៌មានថ្ងៃនេះថាការផ្សាយ របស់ កាសែតវៀតណាមនោះ គឺជាការ ផ្សាយមិនពិតទេ។ លោកស្រីបានថ្លែងថា គេមិនទាន់ដឹងថាប្រភពពិតប្រាកដនៃ ស្ត្រីវៀតណាមអាយុ១៨ឆ្នាំនោះ មកពីទីកន្លែងណាពិតប្រាកដនៅឡើយទេ។ លោកស្រីបានថ្លែងថា យើងសូម ស្នើឲ្យវៀតណាមពិនិត្យរឿង នេះ។    

  • កូវីដ១៩៖ ថៃបើកឆ្នេរនៅភូកេតឡើងវិញហើយ ថ្ងៃនេះ

    កូវីដ១៩៖ ថៃបើកឆ្នេរនៅភូកេតឡើងវិញហើយ ថ្ងៃនេះ

    ថៃ៖ បណ្តាឆ្នេរសមុទ្រនានាត្រូវបានបើកដំណើរការឡើងវិញហើយ នៅក្នុងខេត្តជាកោះ ស្ថិតក្នុងភាគខាងត្បូងប្រទេសមួយនេះ នាថ្ងៃអង្គារ ទី៩ មិថុនា ២០២០ ហើយសណ្ឋាគារទំនងជានឹងបន្តសេវាកម្មវិញ ជាមួយនឹងការដាក់ចេញវិធានការគ្រប់គ្រងជំងឺរាតត្បាត នាខែក្រោយ នេះបើតាមអភិបាលខេត្តភូកេត។ អភិបាលខេត្ត Supoj Rodruang na Nongkhai បានបញ្ជាក់ពីការបើកដំណើរការឆ្នេរនេះ ប៉ុន្តែលោកស្នើដល់អ្នកគ្រប់គ្នារក្សាស្តង់ដាគ្រប់គ្រងជំងឺ រួមមានទាំងគម្លាតសង្គម ហើយត្រូវធានាថា ឆ្នេរ បង្គន់ និងទីកន្លែងផ្សេងៗទៀត មានអនាម័យស្អាត។ លោកបន្ថែមទៀតថា « អាជ្ញាធរខេត្តសូមអរគុណដល់ប្រជាពលរដ្ឋភូកេត សម្រាប់កិច្ចសហប្រតិបត្តិការក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ វិបត្តិនេះគឺជាវិបត្តិដ៏ធំ លំដាប់ទី២ បន្ទាប់ពីស៊ូណាមិ» ដោយលោកចង់សំដៅលើរលកយក្សស៊ូណាមិ កាលពីឆ្នាំ២០០៤។ អភិបាលខេត្តរូបនេះបន្ថែមទៀតថា បណ្តាសណ្ឋាគារក្នុងខេត្តភូកេតបានកែប្រែរបៀបរបបថ្មី ក្នុងការប្រុងប្រៀបដំណើរការឡើងវិញ ប្រហែលខែក្រោយនេះ។ គួរបញ្ជាក់ថា ភូកេតមិនមានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ រយៈពេល១៦ថ្ងៃមកហើយ ខណៈដែលខេត្តមួយនេះមាន២២៧ករណី នៃអ្នកជំងឺសរុប ក្នុងនោះ មាន៣នាក់បានស្លាប់៕

  • ចំនួនអ្នកឆ្លង COVID-19 នៅឥណ្ឌាកើនឡើងជិត១ម៉ឺនករណីថែមទៀតក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ

    ចំនួនអ្នកឆ្លង COVID-19 នៅឥណ្ឌាកើនឡើងជិត១ម៉ឺនករណីថែមទៀតក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ

    ឥណ្ឌា៖ ឥណ្ឌារកឃើញអ្នកឆ្លងជម្ងឺ COVID-19 ថ្មីៗរហូតដល់៩ពាន់៩៨៧ករណី និងអ្នកស្លាប់ថ្មីចំនួន៣៣១នាក់ក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ នេះបើតាម របាយការណ៍ប្រចាំថ្ងៃស្តីពីករណីឆ្លង និងស្លាប់ដោយសារ COVID-19 សម្រាប់ថ្ងៃអង្គារនេះ និងចុះផ្សាយដោយសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។ ឆ្លើយតបនឹងករណីឆ្លងជម្ងឺ COVID-19 យ៉ាងគំហុកនេះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានប្រកាសដាក់ចេញវិធានការបិទទ្វារប្រទេស ចាប់តាំងពីថ្ងៃទី២៥ ខែមីនាមកម្ល៉េះ ដើម្បីទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID-19 ។ ប៉ុន្តែស្ថានការណ៍វីរុសនេះ ហាក់មិនទាន់ធូរស្រាយនៅឡើយទេ និង កាន់តែកើនឡើងថែមទៀត ។ គួរបញ្ជាក់ផងដែរថា ឥណ្ឌាបានវ៉ាដាច់អ៊ីតាលី ជាប្រទេសស្ថិតនៅលំដាប់ទី៦ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានអ្នកឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ឥណ្ឌាមានអ្នកឆ្លងសរុប២៦ម៉ឺន៧ពាន់២៤៩ករណី ក្នុងនោះមានអ្នកជម្ងឺ៧ពាន់៤៧៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១២ម៉ឺន៩ពាន់២១៥នាក់ ៕

  • សភាវៀតណាមអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអឺរ៉ុប ដែលនឹងស្តាសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩

    សភាវៀតណាមអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអឺរ៉ុប ដែលនឹងស្តាសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩

    វៀតណាម៖ សភាវៀតណាម កាលពីម្សិលមិញ បានផ្តល់បច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាម និងអឺរ៉ុប ហៅកាត់ថា EVFTA និងកិច្ចព្រមព្រៀងការពារវិនិយោគអឺរ៉ុប-វៀតណាមហៅកាត់ថា EVIPA ជាការត្រួសត្រាយផ្លូវសម្រាប់ការចូលជាធរមានផ្លូវការ នូវកិច្ចព្រមព្រៀងនេះ នៅក្នុងខែកក្តដា និងខែសីហា ឆ្នាំ២០២០ខាងមុខនេះ។ កិច្ចព្រមព្រៀង EVFTA ត្រូវបានអនុម័តដោយសម្លេងគាំទ្រក្នុងសភាជាង៩៤ភាគរយ ហើយកិច្ចព្រមព្រៀង EVIPA ត្រូវបានអនុម័តដោយសម្លេងគាំទ្រជាង៩៥ភាគរយ ក្នុងសម័យប្រជុំ កាលពីថ្ងៃទី៨ មិថុនា។ ការផ្តល់សច្ចាប័ននេះត្រូវបានអ្នកវិភាគសង្ឃឹមថា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះនឹងបង្កើនឧស្សាហកម្មវៀតណាមយ៉ាងច្រើន ខណៈដែលវៀតណាមសង្ឃឹមថា នឹងស្រោចស្រង់សេដ្ឋកិច្ចពីវិបត្តិកូវីដ១៩ នៅពេលចូលជាធរមានផ្លូវការ៕

  • កូវីដ១៩៖ ហ្វីលីពីនបន្តបិទទ្វារសាលា ទាល់តែមានវ៉ាក់សាំង ទើបបើកវិញ

    កូវីដ១៩៖ ហ្វីលីពីនបន្តបិទទ្វារសាលា ទាល់តែមានវ៉ាក់សាំង ទើបបើកវិញ

    ហ្វីលីពីន៖ កុមារហ្វីលីពីនរាប់សិបលាននាក់ក្នុងប្រទេសហ្វីលីពីននឹងមិនអនុញ្ញាតឲ្យចូលរៀនសាលានៅឡើយទេ ពោលទាល់តែមានការប្រកាសឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩សិន ហើយរាល់ការបង្រៀនត្រូវធ្វើតាមទូរទស្សន៍។ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌូតឺតេ បាននិយាយកាលពីខែមុនថា បើទោះបីជាសិស្សានុសិស្សមិនអាចរៀនបញ្ចប់ថ្នាក់ក៏ដោយ ពួកគេចាំបាច់ត្រូវតែនៅក្រៅសាលា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ បណ្តាប្រទេសដូចជាបារាំង និងកូរ៉េខាងត្បូងបានបើកដំណើរការឡើងវិញនូវសាលារៀន ខណៈដែលពួកគេអាចគ្រប់គ្រងស្ថានភាពបាន ប៉ុន្តែហ្វីលីពីនមើលឃើញថា មានហានិភ័យខ្ពស់ណាស់។ រដ្ឋមន្ត្រីក្រសួងអប់រំហ្វីលីពីន Leonor Briones បានប្រកាសកាលពីម្សិលមិញថា «ពួកយើងនឹងធ្វើតាមការណែនាំរបស់ប្រធានាធិបតី ក្នុងការពន្យាពេលការបើកសាលារៀន រហូតទាល់តែវ៉ាក់សាំងដំណើរកា»។ រដ្ឋមន្ត្រីអប់រំបន្តថា តាមគម្រោងពីមុន ថ្នាក់រៀននៅតាមសាលាគ្រោងនឹងបន្តបើកទ្វារ នៅចុងខែសីហា ហើយគ្រូបង្រៀនប្រើវិធីសាស្ត្របង្រៀនពីចម្ងាយ តាមរយៈអ៊ីនធឺណេត ឬ ទូរទស្សន៍៕

  • អគ្គនាយកអង្គការ WHO បញ្ជាក់ថា ស្ថានភាពជម្ងឺ COVID-19 នៅទូទាំងសកលលោកកំពុងប្រឈមនឹងភាពកាន់តែអាក្រក់ខ្លាំងឡើង

    អគ្គនាយកអង្គការ WHO បញ្ជាក់ថា ស្ថានភាពជម្ងឺ COVID-19 នៅទូទាំងសកលលោកកំពុងប្រឈមនឹងភាពកាន់តែអាក្រក់ខ្លាំងឡើង

    ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស នៅថ្ងៃចន្ទម្សិលមិញ បញ្ជាក់ថា បើទោះបីជាស្ថានភាពឆ្លងរាលដាលនៃជម្ងឺ COVID-19 ក្នុងតំបន់អឺរ៉ុបកំពុងមានភាពប្រសើរឡើងក៏ពិតមែន ប៉ុន្តែនៅទូទាំងសកលវិញ វាហាក់កំពុងកាន់តែអាក្រក់ឡើងៗ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។ លោក ថេដ្រូស បន្ថែមទៀតថា ច្រើនជាង១០ម៉ឺនករណីត្រូវបានរាយការណ៍មកកាន់អង្គការសុខភាពពិភពលោក WHO នារយៈពេល០៩ថ្ងៃក្នុងចំណោម១០ថ្ងៃចុងក្រោយនេះ ហើយនៅថ្ងៃទី០៧ ខែមិថុនាមកនេះវិញ ច្រើនជាង១៣ម៉ឺន៦ពានក់ករណីត្រូវបានរាយការណ៍ ដែលនេះជាករណីឆ្លងដ៏ច្រើនបំផុតក្នុងពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ។ ទន្ទឹមគ្នា អគ្គនាយកអង្គការ WHO រូបនេះ ថែមទាំងបានក្រើនរំលឹកដល់បណ្តាប្រទេសនានា គួរតែបន្តរក្សាការប្រុងប្រយ័ត្នជានិច្ច ដោយសារមនុស្សភាពច្រើននៅលើពិភពលោក នៅតែងាយនឹងឆ្លងវីរុសដ៏កាចសាហាវមួយនេះ ៕

  • អង្គការសុខភាពពិភពលោក WHO អំពាវនាវឱ្យក្រុមបាតុករការពារខ្លួនពី COVID-19 អំឡុងការតវ៉ាប្រឆាំងការរើសអើងពូជសាសន៍

    អង្គការសុខភាពពិភពលោក WHO អំពាវនាវឱ្យក្រុមបាតុករការពារខ្លួនពី COVID-19 អំឡុងការតវ៉ាប្រឆាំងការរើសអើងពូជសាសន៍

    ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គែប្រេយេសឹស បានថ្លែងតាមរយៈវីដេអូអនឡាញកាលពីថ្ងៃចន្ទម្សិលមិញថា អង្គការ WHO គាំទ្រយ៉ាងពេញទំហឹងចំពោះភាពស្មើគ្នា និង ចលនាជាសកល ដើម្បីប្រឆាំងការរើសអើងពូជសាសន៍ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។ បន្ថែមលើនេះ លោក ថេដ្រូស បាននិយាយទៀតថា យើងបដិសេធនូវការរើស អើងគ្រប់ទម្រង់ទាំងអស់ យើងលើកទឹកចិត្តដល់បាតុករទាំងអស់នៅទូទាំងពិភពលោក ឲ្យធ្វើសកម្មភាពប្រកបដោយសុវត្ថិភាព ដើម្បីការពារខ្លួនពីការឆ្លងជម្ងឺ COVID-19 ។ អគ្គនាយកអង្គការ WHO រូបនេះ ក៏បានណែនាំផងដែរឲ្យបាតុករទាំងឡាយណា ដែលមានអការៈមិនស្រួលខ្លួន ឬជារោគសញ្ញាសង្ស័យនៃជម្ងឺ COVID-19 នោះគួរតែព្យាយាមស្នាក់នៅផ្ទះ និងតាមដានអការៈ ដើម្បីកុំឲ្យចម្លងជំងឺទៅអ្នកដទៃ ៕

  • ក្រសួងសុខាភិបាលអ៊ីរ៉ង់ព្រួយបារម្ភខ្ពស់ពីរលកទី២ នៃការចម្លង COVID-19 និងអំពាវនាវឱ្យប្រជាជនទាំងអស់ពាក់ម៉ាសការពារ

    ក្រសួងសុខាភិបាលអ៊ីរ៉ង់ព្រួយបារម្ភខ្ពស់ពីរលកទី២ នៃការចម្លង COVID-19 និងអំពាវនាវឱ្យប្រជាជនទាំងអស់ពាក់ម៉ាសការពារ

    អ៊ីរ៉ង់៖ ក្រសួងសុខាភិបាលអ៊ីរ៉ង់ព្រមានថា រលកទី២នៃការចម្លងជម្ងឺ COVID-19 ទំនងជាផ្ទុះឡើង ហើយវាអាចនឹងមានសភាពកាន់តែធ្ងន់ធ្ងរ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលអ៊ីរ៉ង់ថែមទាំងបានជំរុញឱ្យប្រជាជនរបស់ខ្លួនទាំងអស់ ពាក់ម៉ាស និងអនុវត្តន៍វិធានការគម្លាតសុវត្ថិភាពនៅតាមទីសាធារណៈជាំដើម ។ បើតាមក្រុមអ្នកជំនាញនោះ អ៊ីរ៉ង់កំពុងប្រឈមមុខនឹងរលកទី២នៃជម្ងឺ COVID-19 ដែលនឹងអាចមានសភាពកាន់តែធ្ងន់ជាងមុនទ្វេដង ក្រោយករណីឆ្លងជាប់កំណត់ត្រាថ្មីមួយ គឺមានអ្នកឆ្លងរហូតដល់៣.៥៧៤នាក់ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ។ សូមជម្រាបថា អ៊ីរ៉ង់ស្ថិតនៅលំដាប់ទី១០ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានអ្នកឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ហើយគិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ អ៊ីរ៉ង់មានអ្នកឆ្លងសរុប១៧ម៉ឺន៣ពាន់៨៣២ករណី ក្នុងនោះមានអ្នកជម្ងឺ៨ពាន់៣៥១នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១៣ម៉ឺន៦ពាន់៣៦០នាក់ ៕

  • ប្រេស៊ីលប្រកាសកែតម្រូវរបាយការណ៍ប្រចាំថ្ងៃ ស្តីពីចំនួនមនុស្សស្លាប់ និងឆ្លងជម្ងឺ COVID-19

    ប្រេស៊ីលប្រកាសកែតម្រូវរបាយការណ៍ប្រចាំថ្ងៃ ស្តីពីចំនួនមនុស្សស្លាប់ និងឆ្លងជម្ងឺ COVID-19

    ប្រេស៊ីល៖ រដ្ឋាភិបាលប្រេស៊ីលបានទម្លាក់ចំនួនអ្នកស្លាប់ប្រចាំថ្ងៃពី១ពាន់៣៨២នាក់ មកនៅត្រឹម៥២៥នាក់វិញ ប៉ុន្តែសម្រាប់តួលេខអ្នកឆ្លងប្រចាំថ្ងៃត្រូវបានដំឡើងពី១ម៉ឺន២ពាន់៥៨១ករណី ទៅ១ម៉ឺន៨ពាន់៩១២ករណី នេះបើតាមសារព័ត៌ មានស៊ីនហួរនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។ អាជ្ញាធរប្រេស៊ីលបានអះអាងថា ការកែតម្រូវតួលេខខាងលើនេះ ក៏ព្រោះតែរដ្ឋមួយចំនួនបានជួបបញ្ហា ដោយសារការរាប់ចំនួនជាន់គ្នា ធ្វើឲ្យតួលេខអ្នកស្លាប់កើនឡើង និងការមិនបានរាប់បញ្ចូលចំនួនត្រឹមត្រូវ នាំឲ្យបាត់តួលេខអ្នកឆ្លងជាច្រើន។ សូមជម្រាបថា ប្រេស៊ីលស្ថិតនៅលំដាប់ទី០២ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានអ្នកឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ហើយគិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ប្រេស៊ីលមានអ្នកឆ្លងសរុប៧១ម៉ឺន៨៨៧ករណី ក្នុងនោះមានអ្នកជម្ងឺ៣ម៉ឺន៧ពាន់៣១២នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៣២ម៉ឺន៥ពាន់៦០២នាក់ ៕