Category: Covid-19

  • ឥណ្ឌូនេស៊ីបើកការហោះហើរក្នុងស្រុកឡើងវិញ ប៉ុន្តែតម្រូវឱ្យអ្នកធ្វើដំណើរទាំងអស់ពាក់ម៉ាស់ការពារ និង អនុវត្តគម្លាតសង្គមសុវត្ថិភាព ក៏ដូចជាបង្ហាញវិញ្ញាបនបត្រសុខភាពថ្មី

    ឥណ្ឌូនេស៊ីបើកការហោះហើរក្នុងស្រុកឡើងវិញ ប៉ុន្តែតម្រូវឱ្យអ្នកធ្វើដំណើរទាំងអស់ពាក់ម៉ាស់ការពារ និង អនុវត្តគម្លាតសង្គមសុវត្ថិភាព ក៏ដូចជាបង្ហាញវិញ្ញាបនបត្រសុខភាពថ្មី

    ឥណ្ឌូនេស៊ី៖ ឥណ្ឌូនេស៊ីចាប់ផ្តើមបើកការហោះហើរក្នុងស្រុកឡើងវិញ សម្រាប់អ្នកដំណើរទាំងអស់ ដែលនាំឱ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក អាចធ្វើប្រតិបត្តិការឡើងវិញចំនួន៧០ភាគរយ និងអនុវត្តន៍តាមច្បាប់តឹងរឹងដែលចូលជាធរមាន នៅថ្ងៃអង្គារ៍ដើមសប្តាហ៍ នេះបើតាមសារព័ត៌មានរ៉យទ័រ ។ មន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីបានបញ្ជាក់ថា អ្នកធ្វើដំណើរទាំងអស់នឹងតម្រូវឱ្យពាក់ម៉ាស់ការពារ និង អនុវត្តគម្លាតសង្គមសុវត្ថិភាព ក៏ដូចជាបង្ហាញវិញ្ញាបនបត្រសុខភាពថ្មី ដើម្បីបង្ហាញថា ពួកគេបានធ្វើតេស្តិ៍អវិជ្ជមានកូវីដ១៩ ហើយថា ច្បាប់ថ្មីនេះ បានចូលជាធរមានកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។ ដោយឡែករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីលោក Budi Karya Sumadi ក៏បានអះអាងដែរថា បទបញ្ជាថ្មីសម្រាប់ការហោះហើរខាងលើ ធ្វើឡើងក្រោយមានការពិភាក្សាជាមួយក្រុមហ៊ុនអាកាសចរណ៍ ក្រុមការងារប្រឆាំងជំងឺកូវីដ១៩ និងក្រសួងសុខាភិបាលឥណ្ឌូនេស៊ី ៕

  • កូវីដ១៩៖ ថៃគ្រោងអនុញ្ញាតឲ្យលក់ស្រាក្នុងអាហារដ្ឋានវិញ ថ្ងៃស្អែកនេះ

    កូវីដ១៩៖ ថៃគ្រោងអនុញ្ញាតឲ្យលក់ស្រាក្នុងអាហារដ្ឋានវិញ ថ្ងៃស្អែកនេះ

    ថៃ៖ បណ្តាភោជនីយដ្ឋាន សណ្ឋាគារ និងអាហារដ្ឋានទំនងជានឹងត្រូវអនុញ្ញាតឲ្យលក់គ្រឿងស្រវឹងឡើងវិញ ដែលវាគឺជាដំណាក់កាលទី៤ នៃការបន្ធូរបន្ថយការរឹតត្បឹតក្នុងស្ថានភាពកូវីដ១៩ ដោយសំណើនេះនឹងបញ្ជូនទៅឆ្លងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៨ នាថ្ងៃសុក្រស្អែកនេះ។ ក្រៅពីនេះ បំរាមគោចរពេលយប់អាចនឹងត្រូវដកចេញវិញ រយៈពេលសាកល្បង១៥ថ្ងៃ ប៉ុន្តែភាពក្នុងគ្រាអាសន្ននៅតែមានសុពលភាព ដើម្បីបន្តគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩។ យ៉ាងណាក៏ដោយ បារ ខារ៉ាអូខេ និងPub មិនទាន់អនុញ្ញាតឲ្យដំណើរការនៅឡើយទេ នេះបើតាមអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៨ លោក Taweesilp Visanuyothin ។ ការអនុញ្ញាតឲ្យលក់គ្រឿងស្រវឹងក្នុងហាងឡើងវិញនេះ ក្រោយពេលមានការអនុញ្ញាតឲ្យមានការប្រគុំតន្ត្រី និងសកម្មភាពមួយចំនួនទៀត ខណៈដែលស្ថានភាពកូវីដ១៩នៅប្រទេសថៃ កាន់តែល្អប្រសើរ៕

  • អគ្គនាយកអង្គការ WHO ថ្លែងថា ដើម្បីទប់ស្កាត់ការរាតត្បាត COVID-19 គឺទាមទារឱ្យមានការស្រាវជ្រាវបន្ថែមទៀត

    អគ្គនាយកអង្គការ WHO ថ្លែងថា ដើម្បីទប់ស្កាត់ការរាតត្បាត COVID-19 គឺទាមទារឱ្យមានការស្រាវជ្រាវបន្ថែមទៀត

    ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស នៅថ្ងៃពុធនេះនិយាយថា ការសិក្សាស្រាវជ្រាវបន្ថែមត្រូវធ្វើឱ្យកាន់តែច្បាស់ ដើម្បីស្វែងយល់ឱ្យប្រសើរឡើង អំពីការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 លើមនុស្ស ដែលមិនមានបង្ហាញរោគសញ្ញា នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃ១១ ខែមិថុនា ឆ្នាំ២០២០។ លោក ថេដ្រូស បានថ្លែងប្រាប់អ្នកយកព័ត៌មានថា មធ្យោបាយសំខាន់បំផុត ដើម្បីបញ្ឈប់ការចម្លងវីរុស គឺត្រូវបង្កើនការធ្វើតេស្តលើមនុស្ស ដែលមានរោគសញ្ញា និង ដាក់ឱ្យស្ថិតនៅដាច់ដោយឡែក ក៏ដូចជាផ្តាច់ទំនាក់ទំនងរបស់ពួកគេ។ លោកបានបញ្ជាក់ទៀតថា ដំបូន្មានរបស់អង្គការសុខភាពពិភពលោក WHO នឹងបន្តធ្វើបច្ចុប្បន្នភាព នៅពេលមានព័ត៌មានថ្មីៗ ។បន្ថែមលើនេះ លោក ថេដ្រូស ក៏បានសម្តែងការកោតសរសើរដល់បណ្តាប្រទេសជាច្រើនផងដែរ ដែលទទួលជោគជ័យក្នុងការទប់ស្កាត់ការចម្លង និងការគ្រប់គ្រងវីរុសបានយ៉ាងត្រឹមត្រូវ ៕

  • រដ្ឋមន្រ្តីអប់រំម៉ាឡេស៊ីថ្លែងថា សាលារៀននឹងត្រូវបើកឡើងវិញទៅតាមដំណាក់កាល ស្របពេលស្ថានការណ៍ COVID-19 ស្ថិតក្នុងការគ្រប់គ្រង

    រដ្ឋមន្រ្តីអប់រំម៉ាឡេស៊ីថ្លែងថា សាលារៀននឹងត្រូវបើកឡើងវិញទៅតាមដំណាក់កាល ស្របពេលស្ថានការណ៍ COVID-19 ស្ថិតក្នុងការគ្រប់គ្រង

    ម៉ាឡេស៊ី៖ ម៉ាឡេស៊ីនឹងចាប់ផ្តើមបើកសាលារៀនឡើងវិញទៅតាមដំណាក់កាល ចាប់ពីថ្ងៃទី២៤ ខែមិថុនាខាងមុខនេះ បន្ទាប់ពីការរាតត្បាតនៃជំងឺ COVID-19 ត្រូវគ្រប់គ្រងបាន នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីអប់រំម៉ាឡេស៊ីលោក ម៉ូដ រ៉ាដហ្ស៊ី ជីឌីន និងចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។ ដោយឡែកសម្រាប់ការធ្វើដំណើរឆ្លងរដ្ឋដែលកន្លងមកត្រូវបានហាមឃាត់ ត្រូវបានអនុញ្ញាតឲ្យធ្វើដូចធម្មតាវិញ ខណៈការរឹតត្បិតលើសកម្មភាពសង្គម និងអប់រំ ព្រមទាំងសាសនាក៏នឹងត្រូវដកចេញជាជំហានៗ ហើយអាជីវកម្មក៏នឹងអាចវិលទៅរកម៉ោងធ្វើប្រតិបត្តិការដូចដើមវិញផងដែរ ។ គួរបញ្ជាក់ថា ការចាប់ផ្តើមដកការរឹតត្បិតភាគច្រើនចេញវិញរបស់ម៉ាឡេស៊ី ពាក់ព័ន្ធនឹងការធ្វើដំណើរ និងអាជីវកម្មនានាខាងលើនេះ ត្រូវបានធ្វើឡើងក្រោយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានប្រកាសកាលពីសប្តាហ៍មុន អំពីភាពទទួលជោគជ័យនៃការគ្រប់គ្រងមេរោគ COVID-19 នៅក្នុងប្រទេសលោក ៕

  • ថៃគ្រោងដកចេញបំរាមគោចរពេលយប់រយៈពេល១៥ថ្ងៃ ដើម្បីដោះស្រាយវិបត្តិ COVID-19

    ថៃគ្រោងដកចេញបំរាមគោចរពេលយប់រយៈពេល១៥ថ្ងៃ  ដើម្បីដោះស្រាយវិបត្តិ COVID-19

    ថៃ៖ ថៃគ្រោងដកចេញបំរាមគោចរពេលយប់ក្នុងរយៈពេល១៥ថ្ងៃជាការសាកល្បង ស្របពេលដែលវិធានការដាក់ប្រទេសក្នុងគ្រាអាសន្ន នឹងបន្តមានសុពលភាពដដែល ក្នុងគោលបំណងទប់ស្កាត់ជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន ស៊ីនហួរនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។ ទន្ទឹមគ្នា អ្នកនាំពាក្យមជ្ឈមណ្ឌលថៃសម្រាប់ការគ្រប់គ្រងស្ថានការណ៍ COVID-19 លោក ថាវីស៊ីន វីសានុយោធិន បានបញ្ជាក់ថា ការសាកល្បងនេះ នឹងវាយតម្លៃលើអាកប្បកិរិយា និងប្រតិកម្មរបស់ប្រជាជនថៃ ហើយក៏ដើម្បីពិសោធន៍ផងដែរថាតើរលកទី ២ នៃវីរុសកូរ៉ូណាថ្មីអាចនឹងផ្ទុះឡើង ឬក៏យ៉ាងណា បន្ទាប់ពីរយៈពេល០២សប្ដាហ៍នោះ។ យ៉ាងណាមិញ អ្នកនាំពាក្យមជ្ឈមណ្ឌលថៃសម្រាប់ការគ្រប់គ្រងស្ថានការណ៍ COVID-19 រូបនេះ មិនបានបញ្ជាក់ឱ្យច្បាស់ថាតើការលុបចោលបំរាម គោចរពេលយប់ជាការសាកល្បង នឹងត្រូវធ្វើឡើងនៅពេលណានោះទេ ដោយគ្រាន់តែបង្ហើបថា វាប្រហែលជាចាប់ផ្តើមអនុវត្តន៍នៅថ្ងៃសុក្រសប្ដាហ៍នេះ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧.៤លាននាក់ ក្នុងនោះស្លាប់ជិត៤២ម៉ឺននាក់ និងជាសះស្បើយជាង៣.៧លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧.៤លាននាក់ ក្នុងនោះស្លាប់ជិត៤២ម៉ឺននាក់ និងជាសះស្បើយជាង៣.៧លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧លាន៤៥ម៉ឺន១ពាន់៥២៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤១ម៉ឺន៨ពាន់៨៧២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣លាន៧៣ម៉ឺន៣ពាន់៣៧៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៦ម៉ឺន៦ពាន់៤០១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន៥ពាន់១៣០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨០ម៉ឺន៨ពាន់៤៩៤នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៧៧ម៉ឺន៥ពាន់១៨៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៩ពាន់៧៩៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៨ម៉ឺន៣០០នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៤៩ម៉ឺន៣ពាន់៦៥៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ពាន់៣៥៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៥ម៉ឺន២ពាន់៧៨៣នាក់ ។ ៤-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៩ម៉ឺន១៤៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន១ពាន់១២៨នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ។ ៥-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៩ពាន់៣៦០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១៣៦នាក់ស្លាប់…

  • សភាជប៉ុនអនុម័តថវិកា ៣០០ពាន់លានដុល្លារទៀត ជួយសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩

    សភាជប៉ុនអនុម័តថវិកា ៣០០ពាន់លានដុល្លារទៀត ជួយសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩

    ជប៉ុន៖ សភាជាន់ទាបដ៏មានឥទ្ធិពលរបស់ប្រទេសជប៉ុន នៅថ្ងៃពុធ ទី១០ មិថុនា បានអនុម័តកញ្ចប់ថវិកាបន្ទាន់ ជិត៣០០ពាន់លានដុល្លារអាម៉េរិក ដើម្បីចាត់វិធានការស្រោចស្រង់សេដ្ឋកិច្ចប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៣ លើលោកមួយនេះ ក្រោយពេលជំងឺកូវីដ១៩បានធ្វើឲ្យសេដ្ឋកិច្ចជាតិដើរថយក្រោយ។ នេះគឺជាកញ្ចប់ថវិកាអន្តរាគមន៍ លើបញ្ហាកូវីដ១៩ ជាលើកទី២ ក្នុងនោះ នឹងយកទៅចំណាយជួយដល់សហគ្រាសធនតូច និងផ្តល់ជាសាច់ប្រាក់ជូនបុគ្គលិកសុខាភិបាល។ កញ្ចប់នេះក៏នឹងយកទៅចំណាយជួយកម្មវិធីសង្គ្រោះហិរញ្ញវត្ថុ និងកម្ចីនានា របស់សហគ្រាសដែរ។ សេចក្តីព្រាងកញ្ចប់ថវិកា ៣១.៩១ទ្រីលានយេន ឬ ២៩៧ពាន់លានដុល្លារអាម៉េរិកនេះនឹងត្រូវបញ្ជូនទៅឆ្លងបន្ត នៅសភាជាន់ខ្ពស់ នាថ្ងៃសុក្រ យ៉ាងយូរ។ សូមបញ្ជាក់ថា កញ្ចប់ថវិកាលើកដំបូង ដែលជប៉ុនអនុម័តកាលពីថ្ងៃទី៣០ មេសានោះ រួមមានទាំងការជូនប្រាក់ប្រជាពលរដ្ឋទាំងអស់ និងកិច្ចការងារសុខាភិបាល៕

  • ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ជិត១ម៉ឺនករណីថ្មីទៀត នាំឱ្យតួលេខអ្នកឆ្លងសរុបកើនដល់២៧ម៉ឺន៦ពាន់៥៨៣ករណី

    ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ជិត១ម៉ឺនករណីថ្មីទៀត នាំឱ្យតួលេខអ្នកឆ្លងសរុបកើនដល់២៧ម៉ឺន៦ពាន់៥៨៣ករណី

    ឥណ្ឌា៖ អាជ្ញាធរសុខាភិបាលឥណ្ឌារកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន៩ពាន់៩៨៥ករណីថ្មីបន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួន២៧៩នាក់ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃស្តីពីករណីឆ្លង និងស្លាប់ដោយសារ COVID-19 សម្រាប់ថ្ងៃពុធ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។ រហូតមកទល់ពេលនេះ តួលេខករណីឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌា កើនឡើងដល់២៧ម៉ឺន៦ពាន់៥៨៣ករណី ដោយក្នុងនោះមានអ្នកជំងឺសរុប៧ពាន់៧៤៥នាក់បានបាត់បង់ជីវិត និង ១៣ម៉ឺន៥ពាន់២០៦នាក់ផ្សេងទៀតជាសះស្បើយឡើងវិញ។ ដែលប្រការនេះ វាបានធ្វើឲ្យតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានចំនួន១៣ម៉ឺន៣ពាន់៦៣២នាក់ ៕

  • អង្គការសុខភាពពិភពលោក WHO ស្នើឱ្យបិទប្រទេសប៉ាគីស្ថានជាបណ្តោះអាសន្ន ខណៈករណីឆ្លងរាតត្បាត COVID-19 កើនឡើងខ្លាំង

    អង្គការសុខភាពពិភពលោក WHO ស្នើឱ្យបិទប្រទេសប៉ាគីស្ថានជាបណ្តោះអាសន្ន ខណៈករណីឆ្លងរាតត្បាត COVID-19 កើនឡើងខ្លាំង

    ប៉ាគីស្ថាន៖ អង្គការសុខភាពពិភពលោក WHO បានប្រាប់អាជ្ញាធរប៉ាគីស្ថានថា គួរតែអនុវត្តន៍ការបិទប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការកើនឡើងនៃការឆ្លងជម្ងឺ COVID-19 ដែលកំពុងកើនឡើង ខណៈប៉ាគីស្ថានបន្ធូរបន្ថយការរឹតត្បិត នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។ ចាប់តាំងពីផ្ទុះមេរោគនេះក្នុងប្រទេសប៉ាគីស្ថាន កាលពីខែមីនាកន្លងមក នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក អ៊ីមរ៉ាន់ ខាន់ បានជំទាស់ប្រឆាំងការបិទប្រទេសទាំងស្រុង ដែលជាវិធានការមួយត្រូវបានគេឃើញនៅកន្លែងផ្សេងទៀតផងដែរ ដោយលោកអះអាងថា ប្រទេសក្រីក្រមួយនេះមិនអាចធ្វើដូចនេះបានទេ ។ ជំនួសការបិទប្រទេសទាំងស្រុងនោះ ខេត្តចំនួន០៤របស់ប៉ាគីស្ថានបានបញ្ជាឱ្យបិទ ប៉ុន្តែកាលពីសប្តាហ៍មុន លោក អ៊ីមរ៉ាន់ ខាន់ បាននិយាយថា ភាគច្រើនៃការរឹតត្បិតទាំងនេះនឹងត្រូវបានដកចេញ ។ សូមបញ្ជាក់ថា ប៉ាគីស្ថានស្ថិតនៅលំដាប់ទី១៦ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានអ្នកឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ប៉ាគីស្ថានមានអ្នកឆ្លងសរុប១០ម៉ឺន៨ពាន់៣១៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ពាន់១៧២នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៣ម៉ឺន៥ពាន់១៨នាក់ ៕

  • ជើងហោះហើរពីទីក្រុងវូហាន ទៅកាន់ទីក្រុងប៉េកាំង ចាប់ផ្តើមបើកឡើងវិញហើយ បន្ទាប់ពីបិទដោយសារ COVID-19

    ជើងហោះហើរពីទីក្រុងវូហាន ទៅកាន់ទីក្រុងប៉េកាំង ចាប់ផ្តើមបើកឡើងវិញហើយ បន្ទាប់ពីបិទដោយសារ COVID-19

    ចិន៖ អស់រយៈពេលជាច្រើនខែនៃការផ្អាកការហោះហើរនោះ ជើងហោះហើរត្រង់រវាងទីក្រុងវូហាន និងទីក្រុងប៉េកាំង បានចាប់ផ្តើមបើកវិញហើយ នៅរសៀលថ្ងៃអង្គារម្សិលមិញ ជាមួយនឹងអ្នកធ្វើដំណើរក្រុមលើកដំបូង បន្ទាប់ពីត្រូវបានបិទ ដោយសារការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មី នេះបើតាមសារព័ត៌មាន CGTN នៅយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។ ក្រោយពីបិទទីក្រុងអស់រយៈពេល៧៦ថ្ងៃ ទីក្រុងវូហាន បានបើកឡើងវិញនៅថ្ងៃទី០៨ ខែមេសាកន្លងមក ជាមួយនឹងរថភ្លើងក្រោមដី និង រថភ្លើង ខណៈជើងហោះហើរក៏បានបើកដំណើរការឡើងវិញទាំងស្រុងផងដែរ ។ បើតាមក្រុមហ៊ុន China Southern Airlines ការធ្វើដំណើរទៅមករវាងអាកាសយានដ្ឋាន Wuhan Tianhe International Airport និងអាកាសយានដ្ឋាន Beijing Daxing International Airport នឹងធ្វើឡើងជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី២៧ ខែមិថុនាខាងមុខ ។ ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗទៀត ក្នុងនោះមានដូចជា China Eastern Airlines និងក្រុមហ៊ុន Air China ក៏កំពុងធ្វើការ ដើម្បីចាប់ផ្តើមការហោះហើរឡើងវិញរវាងទីក្រុងទាំងពីរផងដែរ ៕ …