-
កូរ៉េខាងត្បូងរាយការណ៍ពីអត្រាឆ្លង COVID-19 ដ៏ខ្ពស់បំផុតលើកដំបូងចាប់តាំងពីដើមខែមេសាមក ក្រោយរកឃើញអ្នកឆ្លង៧៩ករណីថ្មីទៀត

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 រហូតដល់៧៩នាក់នៅរយៈពេល២៤ម៉ោងចុងក្រោយ ដែលជាចំនួនខ្ពស់ថ្មីមួយទៀត បើគិតចាប់តាំងពីថ្ងៃទី០៥ ខែមេសាមកនេះ ធ្វើឱ្យប្រទេសអាស៊ីបូព៌ាមួយនេះប្រឈមមុខនឹងរលកទី២នៃការឆ្លងវីរុស នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នអាជ្ញាធរកូរ៉េខាងត្បូងកំពុងតាមដានបន្តទៀត ចំពោះការផ្ទុះករណីឆ្លងជាចង្កោមនៅក្នុងឃ្លាំងស្តុកទំនិញមួយ ស្ថិតនៅតំបន់ ប៊ូឈន់ ភាគខាងលិចរដ្ឋធានីសេអ៊ូល ដែលជាប្រភពដើមនៃការផ្ទុះករណីថ្មីៗពីរថ្ងៃមកនេះ ខណៈមនុស្សរហូតដល់ទៅជាង៣.៦០០នាក់ត្រូវបានណែនាំឲ្យទៅធ្វើតេស្ត ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសកូរ៉េខាងត្បូងមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១ម៉ឺន១ពាន់៣៤៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២៦៩នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១ម៉ឺន៣៤០នាក់ ៕
-
ការស្ទង់មតិបង្ហាញថា ប្រជាជនប្រេស៊ីល៦០% គាំទ្រឲ្យមានវិធាការរឹតត្បិតខ្លាំងជាងមុន ដើម្បីទប់ទល់ COVID-19 ខណៈអ្នកស្លាប់កើនជាង២៥ម៉ឺននាក់

ប្រេស៊ីល៖ ពលរដ្ឋប្រេស៊ីលភាគច្រើនគាំទ្រឲ្យមានការរឹតបន្តឹងវិធានការដូចជា ការរក្សាគម្លាតពីគ្នាក្នុងសង្គមខ្លាំងជាងមុន ដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺ COVID-19 ខណៈប្រេស៊ីលស្ថិតនៅលំដាប់ទី២ ជាប្រទេសមានករណីឆ្លងច្រើនជាងគេលើពិភពលោក នេះបើតាមលទ្ធផលពីការស្ទង់មតិរបស់ក្រុមហ៊ុន ឌែលតាហ្វូលហា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។ ការស្ទង់មតិរបស់កាសែតមួយក្នុងទីក្រុង សៅ ប៉ូឡូ នេះរកឃើញថា ពលរដ្ឋប្រេស៊ីល៦០ភាគរយគាំទ្រវិធានការតឹងរឹងជាងមុន ដោយ៣៧ភាគរយប្រឆាំង ហើយ៣ភាគរយមិនមានជំហរច្បាស់លាស់ ។ ការស្ទង់មតិខាងលើនេះបង្ហាញថា សាធារណៈមតិផ្ទុយនឹងទស្សនៈរបស់ប្រធានា ធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណែរ៉ូ ដែលតែងបានវាយប្រហារលើវិធានការដាក់កំហិតឲ្យពលរដ្ឋនៅផ្ទះ និងបិទសកម្មភាពសេដ្ឋកិច្ច ដែលលោកថា វិធានការទាំងនេះប្រៀបបានដូចថ្នាំពុល ដែលសម្លាប់ពលរដ្ឋ តាមរយៈភាពអត់ការងារធ្វើនិងភាពអត់ឃ្លានច្រើនជាងចំនួនពលរដ្ឋដែលមេរោគសម្លាប់ទៀត ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសអាម៉េរិកឡាទីនមួយនេះ មានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៤១ម៉ឺន៤ពាន់៦៦១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៥ពាន់៦៩៧នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១៦ម៉ឺន៦ពាន់៦៤៧នាក់ ៕
-
អង្គការសុខភាពពិភពលោកកោតសរសើរកិច្ចខិតខំរបស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩
អង្គការសុខភាពពិភពលោក ក្នុងកម្រិតសកល តំបន់ និងជាតិ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការងារ ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងប្រការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩។ នេះបើតាមលិខិតរបស់លោកតេត្រូ អ៊ែតហនូម ហ្គេប្រយ៉េសស៊ុស អគ្គនាយកអង្គការសុខភាពពិភលោក ផ្ញើជូន លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី១១ ខែឧសភា។ ក្នុងលិខិតនេះ លោកតេត្រូ បាន កោតសរសើរកិច្ចខិតខំរបស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ហើយលោកបញ្ជាក់ថា លោករីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ក្នុងការប្រតិបត្តិផែនការយុទ្ធសាស្ត្រប្រុងប្រៀបទុកជាមុន និងផែនការឆ្លើយតបនឹងជំងឺកូវីដ១៩ ជាសកលរបស់អង្គការសុខភាពពិភពលោក។ ចំណែកលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី២៨ ខែឧសភា នេះ បានអំពាវនាវតាមបណ្តាញសង្គមរបស់លោក ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នរលកទី២នៃការរាត្បតជំងឺឆ្លងកូវីដ១៩។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាសូមកុំអោយមានវិប្បដិសារីកើតឡើងព្រោះតែការធ្វេសប្រហែសមើលស្រាលចំពោះស្ថានការណ៍បច្ចុប្ប្នន្ន។ ទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសកម្ពុជាមានតិចមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់នឹងត្រៀមទប់ស្កាត់គ្រប់ពេល ជាពិសេសនៅក្នុងរលកទី២នៃការងើបឡើងវិញនៃជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ដ៏កាចសាហាវបំផុតនេះ៕
-
កូវីដ១៩៖ ថៃបន្តរកឃើញករណីឆ្លងថ្មី ៩នាក់ទៀត កើនដល់៣០៥៤នាក់

ថៃ៖ កាលពីម្សិលមិញ ថៃបានប្រកាសពីរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន៩នាក់ទៀត នាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់៣០៥៤នាក់ហើយ ខណៈដែលចំនួនអ្នកស្លាប់មានចំនួន៥៧នាក់។ គិតត្រឹមម្សិលមិញដែរ ថៃបានព្យាបាលឲ្យជាសះស្បើយចំនួន២៩៣១នាក់ ស្មើនឹង៩៨ភាគរយនៃអ្នកជំងឺសរុប។ ថៃបានចាប់ផ្តើមបន្ធូរបន្ថយវិធានការគម្លាតសង្គមខ្លះៗហើយ ក្រោយគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩បានបណ្តើរៗ ក្នុងនោះ មានដូចជាត្រៀមបើកដំណើរការតំបន់ទេសចរណ៍ ខណៈដែលកន្លែងលក់ដូរទំនិញដំណើរការវិញខ្លះៗហើយដែរ៕
-
វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៨លាននាក់ ក្នុងនោះស្លាប់ជិត៣៦ម៉ឺននាក់ និងជាសះស្បើយជិត២.៥លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥លាន៧៨ម៉ឺន៨ពាន់៧៨២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៥ម៉ឺន៧ពាន់៤២៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២លាន៤៩ម៉ឺន៧ពាន់៥៩៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៧៤ម៉ឺន៥ពាន់៨០៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១០ម៉ឺន២ពាន់១០៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៩ម៉ឺន១៣០នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៤១ម៉ឺន៤ពាន់៦៦១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៥ពាន់៦៩៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៦ម៉ឺន៦ពាន់៦៤៧នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៣៧ម៉ឺន៦៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ពាន់៩៦៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៤ម៉ឺន២ពាន់២០៨នាក់ ។ ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៣ពាន់៨៤៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១១៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៦ពាន់៩៥៨នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៦ម៉ឺន៧ពាន់២៤០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៧ពាន់៤៦០នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ៕…
-
ប្រធានាធិបតីរុស្ស៊ីសម្រេចពន្យាពេលប្រារព្ធពិធីរំឭកខួប៧៥ឆ្នាំ នៃជ័យជម្នះក្នុងសង្គ្រាមលោកលើកទី២ ដោយសារតែវិបត្តិ COVID-19

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃអង្គារនេះ បានសម្រេចយកថ្ងៃទី២៤ ខែមិថុនាខាងមុខ ជាកាលបរិច្ឆេទថ្មី នៃការប្រារព្ធពិធីព្យុហយាត្រាយោធា ដើម្បីរំឭកដល់ខួបទី៧៥នៃជ័យជម្នះលើក្រុមណាស៊ីអាល្លឺម៉ង់ កាលពីអំឡុងសង្គ្រាមលោកលើកទី២ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។ ប្រទេសរុស្ស៊ីតែងប្រារព្ធទិវាជ័យជម្នះនេះ នៅថ្ងៃទី០៩ ខែឧសភា ដោយមានការបង្ហាញក្បួនដង្ហែយោធា ដែលមានទាហានរាប់ពាន់ និងរថពាសដែកជាច្រើនចូលរួមនៅទីលានក្រហម (Red Square) ក្នុងរដ្ឋធានីម៉ូស្គូ ព្រមទាំងមានយន្តហោះយោធាហោះសម្តែងពីលើថែមទៀតផង ។ ប៉ុន្តែកាលពីខែមេសាកន្លងទៅនេះ លោក វ៉្លាឌីមៀ ពូទីន បានសម្រេចពន្យាពេលប្រារព្ធបុណ្យខួបពិសេស៧៥ឆ្នាំក្នុងឆ្នាំ២០២០នេះ ដោយសារតែប្រទេសរុស្ស៊ីបានអនុវត្តវិធានការរឹតត្បិត ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃមេរោគ COVID-19 ខណៈក្រុមអតីតយុទ្ធជនរុស្ស៊ី ក៏បានទទូចឲ្យវិមានក្រឹមឡាំងលុបចោលពិធីឆ្នាំនេះផងដែរ ៕
-
លោក ស៊ីនហ្សូ អាបេ សន្យាបញ្ចេញកញ្ចប់ថវិកា១.៣ទ្រីលានដុល្លារ ដើម្បីគាំទ្រក្រុមហ៊ុនជប៉ុននានា ដែលរងគ្រោះដោយសារវិបត្តិ COVID

ជប៉ុន៖ រដ្ឋាភិបាលជប៉ុននឹងអនុម័តកញ្ចប់ថវិកាជំនួយថ្មីមួយទៀត ដែលមានទំហំ១៤០ទ្រីលានយ៉េន ឬស្មើនឹង១.៣ទ្រីលានដុល្លារ ក្នុងគោលបំណងជួយដល់ក្រុមហ៊ុនជប៉ុននានា ដែលរងគ្រោះដោយសារវិបត្តិ COVID-19 នេះបើតាមនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។ឹ កាលពីខែមេសាកន្លងទៅនេះ រដ្ឋាភិបាលជប៉ុនក៏ធ្លាប់បានអនុម័តកញ្ចប់ថវិកា ទំហំប្រហាក់ប្រហែលគ្នា គឺ១.១ទ្រីលានដុល្លារម្តងរួចមកហើយដែរ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចជាតិ ។ ទន្ទឹមគ្នា រដ្ឋាភិបាលជប៉ុនក៏ទើបតែបានដកភាពអាសន្នសម្រាប់ COVID-19 ចេញពីប្រទេសវិញទាំងស្រុងផងដែរ បន្ទាប់ពីការរាតត្បាតនៃជំងឺនេះបានថមថយចុះ ។ សូមជម្រាបថា នៅក្នុងកិច្ចប្រជុំមួយជាមួយមន្រ្តីរដ្ឋាភិបាល និង សមាជិកសភាជប៉ុននៅព្រឹកថ្ងៃពុធនេះ លោក ស៊ីនហ្សូ អាបេ បានបញ្ជាក់ថា បើបូកកញ្ចប់ថវិកាទាំងពីរចូលគ្នា កញ្ចប់ថវិកាសង្រ្គោះសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន នឹងមានទំហំលើសពី ២៣០ទ្រីលានយេន ឬស្មើនឹងជាង២ទ្រីលានដុល្លារ ៕
-
ម៉ាឡេស៊ីនៅតែបន្តប្រើថ្នាំប្រឆាំងជម្ងឺគ្រុនចាញ់ ដើម្បីព្យាបាលអ្នកជម្ងឺ COVID-19

ម៉ាឡេស៊ី៖ ក្រសួងសុខាភិបាលម៉ាឡេស៊ីនឹងបន្តប្រើថ្នាំប្រឆាំងជម្ងឺគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន ដើម្បីព្យាបាលអ្នកជម្ងឺ COVID-19 ហើយអាជ្ញាធរនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ អំពីប្រសិទ្ធិភាព និងផលប៉ះពាល់របស់វា នេះបើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលម៉ាឡេស៊ីមួយរូប និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។ ការលើកឡើងខាងលើនេះរបស់ក្រសួងសុខាភិបាលម៉ាឡេស៊ី ត្រូវបានធ្វើឡើងក្រោយអង្គការសុខភាពពិភពលោក WHO បានសម្រេចចិត្តផ្អាកការធ្វើតេស្តថ្នាំប្រឆាំងជម្ងឺគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូហ្គីន លើអ្នកជម្ងឺ COVID-19 ដោយសារតែមានការព្រួយបារម្ភពីសុវត្ថិភាព ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសម៉ាឡេស៊ីមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៧ពាន់៦០៤ករណី ក្នុងនោះមានអ្នកជម្ងឺ១១៥នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៦ពាន់៤១នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕
-
គណៈរដ្ឋមន្ត្រីថៃ អនុម័តថវិកាជាង៣៩ពាន់លានបាត សម្រាប់ចែកជូនប្រជាជន ដែលរងគ្រោះដោយសារវិបត្តិ COVID-19

ថៃ៖ គណៈរដ្ឋមន្រ្តីថៃ នៅថ្ងៃអង្គារម្សិលមិញ បានអនុម័តថវិកាចំនួន៣៩.៤២ ពាន់លានបាត ដើម្បីផ្តល់ហិរញ្ញប្បទានដល់កម្មវិធីថវិកាថ្មីមួយ ដែលរៀបចំឡើង ដើម្បីជួយប្រជាជនចំនួន ១៣.១៤លាននាក់ ដែលជាជនងាយរងគ្រោះបំផុតចំពោះការប៉ះទង្គិចខាងសេដ្ឋកិច្ចពីវិបត្តិ COVID-19 នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។ អនុអ្នកនាំពាក្យរដ្ឋាភិបាលថៃលោកស្រី រ៉ាឆាដា ដ្នាឌីរិក បានថ្លែងថា ក្រុមមនុស្សបីប្រភេទត្រូវបានចាត់ទុកថា ងាយរងគ្រោះពីផលប៉ះពាល់ខាងសេដ្ឋកិច្ចពីវិបត្តិ COVID-19 គឺកុមារមានអាយុរហូតដល់៦ឆ្នាំ មនុស្សចាស់៩.៦៦លាននាក់ និងជនពិការ២លាននាក់ លោកស្រីថា ជំហានដំបូងក្រុមមនុស្សទាំងនេះ នឹងទទួលបានប្រាក់១ពាន់បាតក្នុងមួយខែសម្រាប់រយៈពេល០៣ខែ រហូតដល់ខែកក្កដាខាងមុខ ។ ប៉ុន្តែទន្ទឹមគ្នានេះ លោកស្រី រ៉ាឆាដា ដ្នាឌីរិក បានបង្ហាញការព្រួយបារម្ភខ្លាំងថា វាមិនអាចទៅរួចទេ ក្នុងការចែកប្រាក់ជូនប្រជាជននៅជំហានដំបូងនៅខែឧសភានេះ ដោយលោកស្រីបញ្ជាក់ថា បើសិនមិនមានការបង់ប្រាក់ក្នុងខែនេះទេ អ្នកដែលមានសិទ្ធិទទួលប្រាក់សុទ្ធនឹងត្រូវទទួលបាន២ពាន់បាតនៅខែក្រោយ និង ១ពាន់បាតទៀតនៅក្នុងខែកក្កដា ឆ្នាំ២០២០ ៕
-
ឥណ្ឌាចាប់ផ្តើមបើកដំណើរការជើងហោះហើរក្នុងស្រុកឡើងវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេល០២ខែ ដើម្បីទប់ស្កាត់ជម្ងឺ COVID-19

ឥណ្ឌា៖ ឥណ្ឌាចាប់ផ្ដើមបើកដំណើរការជើងហោះហើរក្នុងស្រុកវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេលជាងពីរខែ ដោយសារតែការឆ្លងរាតត្បាតនៃមេរោគកូវីដ១៩នៅទូទាំងពិភពលោក នេះបើតាមសារព័ត៌មាន CNN នាពេលថ្មីៗ ។ ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីអាកាសចរណ៍ឥណ្ឌា លោក ហាឌីប ស៊ីង ភូរី បានលើកឡើងថា អ្នកដំណើរដែលពុំមានរោគសញ្ញាកូវីដ១៩ ទើបអនុញ្ញាតឱ្យឡើងយន្ដហោះ ហើយអ្នកដំណើរគ្រប់រូបចាំបាច់ត្រូវពាក់ម៉ាស និង យកអាល់កុលលាងដៃតាមខ្លួនជាប់ជានិច្ច ។ សូមជម្រាបថា ជើងហោះហើរក្នុងស្រុកមួយចំនួនធំរបស់ប្រទេសឥណ្ឌា ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ លើកលែងតែរដ្ឋ អាន់ដ្រា ប្រាដេស ភាគខាងត្បូង និងរដ្ឋ បែនហ្គាល់ ភាគខាងកើត ដែលត្រូវកំណត់ចំនួនប្រតិបត្តិការ ៕