-
សិង្ហបុរីព្រមានពីហានីភ័យនៃការដើរថយក្រោយនៃសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដោយសារតែវិបត្តិវីរុសកូរ៉ូណាថ្មី

សិង្ហបុរី៖ សិង្ហបុរីទំនងជាត្រូវប្រឈមមុខនឹងការដើរថយក្រោយនៃសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរជាងការរំពឹងទុក ដែលបានប៉ះពាល់ដល់ចរន្ដសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយសារតែការឆ្លងរាតត្បាតជាសកលនៃមេរោគ COVID-19 ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យកាលពីឆ្នាំ១៩៦៥ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានទម្លាក់ការព្យាករ កំណើនផលិតផលក្នុងស្រុកសរុប (GDP) ចន្លោះពី ៤ ទៅ ៧ ភាគរយ មកនៅត្រឹម ១ ទៅ ៤ ភាគរយក្នុងឆ្នាំ២០២០ ខណៈអាជ្ញាធរក្នុងស្រុកបានទម្លាក់ ការព្យាករសេដ្ឋកិច្ចរបស់ប្រទេសខ្លួនជាលើកទី៣នៅឆ្នាំនេះ ។ គួរបញ្ជាក់ថា ប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៩កន្លងទៅនេះ បានឈានទៅរកការធ្លាក់ចុះនៃសេដ្ឋកិច្ចរួចទៅហើយ ដោយសារតែការនាំចេញបានធ្លាក់ចុះ ព្រោះសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន ៕
-
ឡាវអនុញ្ញាតឲ្យមានការ ចេញ-ចូលប្រទេសឡើងវិញព្រោះស្ថានការណ៍ COVID-19 ធូរស្រាលខ្លាំង

ឡាវ៖ និស្សិត អ្នកជំនាញ មន្ត្រីទូត និងពលរដ្ឋឡាវទាំងឡាយ អាចចូល ឬចាកចេញពីប្រទេសឡើងវិញជាធម្មតាហើយ ជាមួយនឹងឯកសារបញ្ជាក់ត្រឹមត្រូវ ចេញដោយក្រសួងការបរទេស ខណៈប្រទេសអាស៊ានមួយនេះ ត្រូវបានគេមើលឃើញថា បានរងផលប៉ះពាល់តិចបំផុតពីជំងឺរាតត្បាតសកល COVID-19 នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០។ ជុំវិញការអនុញ្ញាតខាងលើនេះ មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាលឡាវលោក រតនាសាយ ភិតសាវ៉ាន់ (Rattanaxay Phetsavanh) បានលើកឡើងថា ពលរដ្ឋឡាវទាំងអស់នៅតែត្រូវការជាចាំបាច់ នូវការអនុវត្តវិធានការរក្សាសុវត្ថិភាព ដើម្បីកុំឲ្យមានករណីឆ្លងជំងឺ COVID-19 បើទោះបីជាប្រទេសនេះ មិនបានរកឃើញករណីឆ្លងសូម្បីម្នាក់ នារយៈពេល ៤៤ថ្ងៃមកនេះក៏ដោយ៕
-
អង្គការ WHO បញ្ជាក់ថា ការរាតត្បាតនៃវីរុស COVID-19 នៅតែបន្តកើនឡើងនៅក្នុងប្រទេសប្រេស៊ីល ប៉េរូ និងឈីលី

បរទេស៖ អាជ្ញាធរសុខាភិបាលអន្តរជាតិបានសម្តែងការសោកស្តាយនៅថ្ងៃអង្គារ៍នេះ ពាក់ព័ន្ធនឹងសញ្ញាឆ្លងរាតត្បាតនៃវីរុសកូរ៉ូណាថ្មី ដែលនៅតែបន្តកើនឡើងយ៉ាងគំហុកនៅក្នុងប្រទេសប្រេស៊ីល ប៉េរូ និងឈីលី នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។ នៅក្នុងតំបន់អាម៉េរិកខាងត្បូង ពួកយើងពិតមានការព្រួយបារម្ភខ្ពស់ថា តួលេខករណីឆ្លងថ្មីៗត្រូវបានរាយការណ៍នៅក្នុងប្រទេសប្រេស៊ីល កាលពីសប្តាហ៍មុននេះ នៅតែបន្តកើនឡើងខ្ពស់បំផុតនារយៈពេល០៧ថ្ងៃជាប់ៗគ្នា ចាប់តាំងពីវីរុសរាតត្បាតជាសកលមួយនេះផ្ទុះឡើង នេះបើតាមលោកស្រីវេជ្ជបណ្ឌិត ខារីសា អ៊ីធែន ដែលជាអគ្គនាយកអង្គការសុខភាពអាម៉េរិក មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន ។ ការលើកឡើងខាងលើនេះរបស់លោកស្រីវេជ្ជបណ្ឌិត ខារីសា អ៊ីធែន ត្រូវបានធ្វើឡើងបន្ទាប់ពីសេតវិមានសហរដ្ឋអាម៉េរិក នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បានប្រកាសអនុវត្តវិធានការរឹតបន្តឹងការធ្វើដំណើរជាមួយប្រេស៊ីល ក្រោយប្រជាជាតិធំបំផុតនៅអាម៉េរិកឡាទីនមួយនេះ បានក្លាយជាប្រទេសស្ថិតនៅលំដាប់លេខ២ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេបំផុតលើពិភពលោក ៕
-
ក្រុមហ៊ុនឯកទេសជីវ-បច្ចេកវិទ្យា Novavax សហរដ្ឋអាម៉េរិក ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្ស១៣០នាក់

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនឯកទេសជីវ-បច្ចេកវិទ្យា ណូវ៉ាវ៉ាក់ របស់សហរដ្ឋអាម៉េរិក បានចាប់ផ្តើមការធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្សប្រមាណ១៣០នាក់ ក្រោយទទួលជំនួយថវិកាយ៉ាងច្រើនពីកំពូលមហាសេដ្ឋីអាមេរិកលោក Bill Gates នេះបើតាមសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។ បើតាមក្រុមហ៊ុនខាងលើ ការធ្វើតេស្តដំណាក់កាលទីមួយនេះ នឹងត្រូវធ្វើឡើងលើអ្នកស្ម័គ្រដែលមានសុខភាពល្អចំនួន១៣០នាក់ នៅឯទីតាំងពីរកន្លែងក្នុងប្រទេសអូស្រ្តាលី ជាមួយនឹងការចាក់វ៉ាក់សាំងមានឈ្មោះថា NVX-CoV2373 ចំនួនពីរម្ជុលក្នុងម្នាក់ៗ ។ សូមជម្រាបថា បើសិនលទ្ធផលនៃការធ្វើតេស្តដំបូងនេះទទួលជោគជ័យនោះ ក្រុមហ៊ុននេះនឹងបន្តធ្វើតេស្តដំណាក់កាលទីពីរទៀត ដែលនឹងពង្រីកទៅដល់ប្រទេសផ្សេងៗទៀត ហើយអ្នកចូលរួមនឹងមានវ័យចម្រុះ ខណៈក្រុមហ៊ុននេះក៏បានរំពឹងដែរថា នឹងទទួលបានលទ្ធផលធ្វើតេស្តដំណាក់កាលទីមួយនាអំឡុង ខែកក្កដា ឆ្នាំ២០២០ខាងមុខ ៕
-
រដ្ឋាភិបាលអេស្ប៉ាញប្រកាសកាន់ទុក្ខរយៈពេល១០ថ្ងៃ ដល់អ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេស

អេស្ប៉ាញ៖ រដ្ឋាភិបាលអេស្ប៉ាញបានប្រកាសដាក់ប្រទេស ក្នុងការកាន់ទុក្ខជាផ្លូវការរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃពុធសប្ដាហ៍នេះតទៅ ដើម្បីសម្តែងការគោរពដល់វិញ្ញាណក្ខន្ធជនរងគ្រោះជិត៣ម៉ឺននាក់ ដែលបានស្លាប់ដោយសារមេរោគ COVID-19 នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ បើតាមអ្នកនាំពាក្យរដ្ឋាភិបាលអេស្ប៉ាញ លោកស្រី Maria Jesus Montero អំឡុងការកាន់ទុក្ខរយៈពេល១០ថ្ងៃនេះ ទង់ជាតិនៅតាមស្ថាប័នរដ្ឋទូទាំងប្រទេសនឹងត្រូវបង្ហូតត្រឹមពាក់កណ្ដាល ។ អ្នកនាំពាក្យរដ្ឋាភិបាលអេស្ប៉ាញរូបនេះបានសង្កត់ធ្ងន់ថា រយៈពេលកាន់ទុក្ខខាងលើនេះ នឹងត្រូវបញ្ចប់ដោយមានការរៀបចំពិធីផ្លូវការមួយដឹកនាំដោយប្រមុខរដ្ឋ ដើម្បីជាកិច្ចគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ដោយសារតែមេរោគរាតត្បាតជាសកលមួយនេះ ៕
-
ឥណ្ឌាគាំទ្រការប្រើថ្នាំប្រឆាំងគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន ដើម្បីព្យាបាល COVID-19 ខណៈអង្គការ WHO ផ្អាកការសាកល្បងថ្នាំនេះ

ឥណ្ឌា៖ ក្រុមប្រឹក្សារដ្ឋឥណ្ឌាសម្រាប់ការស្រាវជ្រាវជីវឱសថ (ICMR) បានផ្តល់ការគាំទ្រដល់ការប្រើប្រាស់ថ្នាំប្រឆាំងគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន ដើម្បីព្យាបាលជម្ងឺCOVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០។ ទន្ទឹមគ្នា នាយកស្ថាប័ន ICMR លោក បាលរ៉ាម បាហ្គាវ៉ា បាននិយាយថា ការសិក្សា និងពិសោធន៍លើថ្នាំ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន មិនបានឲ្យយើងឃើញពីផលប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ ប៉ុន្តែមនុស្សមួយចំនួនបានកើតមានអការៈ ចង្អោរ ក្អួត និងញ័រទ្រូង (បេះដូងលោតខុសប្រក្រតី) ។ លោកបន្ថែមទៀតថា ស្ថាប័ន ICMR បានណែនាំឲ្យមន្ត្រីពេទ្យជួរមុខឥណ្ឌា ដែលកំពុងប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 លេបថ្នាំនេះ តាមវេជ្ជបញ្ជាត្រឹមត្រូវ ដើម្បីការពារខ្លួនពីការជម្ងឺរាតត្បាតជាសកលមួយនេះ ៕
-
វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៧លាននាក់ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៤លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥លាន៦៨ម៉ឺន៣ពាន់៨០២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៥ម៉ឺន២ពាន់២០០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២លាន៤៣ម៉ឺន៥១៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៧២ម៉ឺន៥ពាន់២៧៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១០ម៉ឺន៥៧២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៧ម៉ឺន៩ពាន់៩៦៩នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៣៩ម៉ឺន៤ពាន់៥០៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៤ពាន់៥៩៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៥ម៉ឺន៨ពាន់៥៩៣នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៣៦ម៉ឺន២ពាន់៣៤២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ពាន់៨០៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៣ម៉ឺន១ពាន់១២៩នាក់ ។ ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៣ពាន់៣៣៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១១៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៦ពាន់៩៥៨នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៦ម៉ឺន៥ពាន់២២៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៧ពាន់៤៨នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ៕…
-
ប្រធានាធិបតីហ្វីលីពីនអះអាងថា សិស្សានុសិស្សទាំងអស់អាចត្រឡប់ទៅសាលារៀនវិញបាន ខណៈណាមានវ៉ាក់សាំង COVID-19

ហ្វីលីពីន៖ ហ្វីលីពីននឹងមិនអនុញ្ញាតឱ្យសិស្សានុសិស្សទំាងអស់ ត្រឡប់ទៅសាលារៀនវិញឡើយ ខណៈណាមិនមានវ៉ាក់សាំង COVID-19 នេះបើតាមការអះអាងរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។ នៅក្នុងសុន្ទរកថាមួយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍រដ្ឋ នាដើមសប្តាហ៍នេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានគូសបញ្ជាក់ថា លោកនឹងមិនអនុញ្ញាតឱ្យបើកថ្នាក់រៀន ជាទីដែលសិស្សត្រូវអង្គុយក្បែរគ្នានោះទេ រហូតទាល់តែលោកប្រាកដថា ពួកគេមានសុវត្ថិភាពពេញលេញ ។ លោកបានសង្កត់ធ្ងន់ទៀតថា សម្រាប់លោក ទាល់តែមានវ៉ាក់សាំងជាមុនសិន… នោះអ្វីៗនឹងអូខេ ។ សូមជម្រាបថា បើតាមការគ្រោងទុកនោះ សិស្សានុសិស្សនៅហ្វីលីពីនទាំងអស់ នឹងត្រូវត្រឡប់ទៅសាលារៀនវិញនៅចុងខែសីហាខាងមុខ ក្រោយសិស្សបឋម និងវិទ្យាល័យច្រើនជាង២៥លាននាក់ត្រូវអនុវត្តវិធានការស្ថិតនៅក្នុងផ្ទះ ចាប់តាំងពីខែមីនាមក ដើម្បីទប់ស្កាត់ COVID-19 ៕
-
ថៃនឹងបើកឲ្យទេសចរចូលមើលព្រះបរមរាជវាំងវិញ សប្ដាហ៍ក្រោយ

ថៃ៖ នៅសប្ដាហ៍ក្រោយ ព្រះបរមរាជវាំង Grand Palace នឹងបើកឲ្យភ្ញៀវទេសចរចូលមើល និងសិក្សាស្វែងយល់សារជាថ្មី នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Coconut។ តាំងពីពាក់កណ្ដាលខែមិនាមក រាជវាំងថៃ គេនិយមហៅថា វាំងចាស់មួយនេះបានបិទទ្វារមិនឲ្យមានភ្ញៀវទេសចរចូលមើលដូចសព្វដងដោយសារការរីករាលដាលនៃមេរោគកូវីដ១៩ ប៉ុន្តែពេលនេះអាជ្ញាធរគ្រោងបើកឲ្យចូលជាប្រក្រតីឡើងវិញហើយ។ មិនត្រឹមតែវាំងចាស់នោះទេដែលត្រូវបើកទ្វារឲ្យមានភ្ញៀវទស្សនា ក្នុងនោះទីតាំងសំខាន់ៗផ្សេងទៀតក៏ត្រូវបើកដំណើរការធម្មតាវិញដែរ ក្រោយក្រសួងសុខាភិបាលថៃប្រកាសពីការធ្លាក់ចុះ ចំនួនអ្នកឆ្លងកូវីដ១៩ក្នុងប្រទេសថៃ។ វាំងចាស់គឺជាគោលដៅទេសចរណ៍ផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រដ៏សំខាន់មួយក្នុងទីក្រុងបាងកក ដូចគ្នាទៅនឹងសារមន្ទីរជាតិ ព្រមទាំងវតុ្តមួយចំនួនទៀត៕ធ.ដ
-
អគ្គនាយក WHO និយាយថា ការផ្អាកការធ្វើតេស្ដថ្នាំ អ៊ីដ្រុកស៊ីក្លរ៉ូហ្គីន លើអ្នកជម្ងឺ COVID-19 ដោយសារព្រួយបារម្ភពីសុវត្ថិភាព

ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភព WHO លោក ថេត្រូស អាដាណម ហ្គេប្រេយែសឹស បានថ្លែងថា អង្គការ WHO បានសម្រេចចិត្តផ្អាកការធ្វើតេស្តថ្នាំ អ៊ីដ្រុកស៊ីក្លរ៉ូហ្គីន លើអ្នកជម្ងឺ COVID-19 ដោយសារតែមានការព្រួយបារម្ភពីសុវត្ថិភាព នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។ អគ្គនាយក WHO រូបនេះបានបញ្ជាក់បន្ថែមថា ក្រុមនាយកប្រតិបត្តិបានផ្អាកការធ្វើតេស្តថ្នាំគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូហ្គីន ខណៈទិន្នន័យសុវត្ថិភាពកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ ហើយថា ការធ្វើតេស្ដថ្នាំដទៃទៀត ដែលមានសក្ដានុពលសម្រាប់ការព្យាបាល COVID-19 នៅតែបន្តធ្វើឡើងទៅមុខ ។ សូមបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO កន្លងមក ធ្លាប់បានព្រមានជាច្រើនលើកច្រើនសារ ប្រឆាំងនឹងការប្រើប្រាស់ថ្នាំប្រឆាំងជម្ងឺគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូហ្គីន ដើម្បីព្យា បាល ឬបង្ការមេរោគ COVID-19 លើកលែងតែនៅក្នុងការធ្វើតេស្តតែប៉ុណ្ណោះ ៕