-
វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៥.១លាននាក់ ក្នុងនោះស្លាប់ជាង៣៣ម៉ឺននាក់ និងជាសះស្បើយជាង២លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥លាន៨ម៉ឺន៥ពាន់៦៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣២ម៉ឺន៩ពាន់៧២១នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុបចំនួន២លាន២ម៉ឺន១ពាន់៨៤៣នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះបានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៦២ម៉ឺន២០៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ម៉ឺន៦ពាន់២៨២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៨ម៉ឺន២១៨៣នាក់ ។ ២-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៣១ម៉ឺន៧ពាន់៥៥៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ពាន់៩៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៩ម៉ឺន២ពាន់៦៨១នាក់ ។ ៣-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៣១ម៉ឺន៨៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៤៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១២ម៉ឺន៥ពាន់៩៦០នាក់ ។ ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន១១៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់៩៤០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៦ពាន់៩៥៨នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៥ម៉ឺន៩០៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៦ពាន់០៤២នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ៕ …
-
ក្រុមវេជ្ជបណ្ឌិតអាម៉េរិករាប់រយនាក់ព្រមានលោក ដូណាល់ ត្រាំ ពីហានិភ័យពេលប្រជាជនត្រូវស្នាក់នៅក្នុងផ្ទះ ដើម្បីការពារឆ្លង COVID-19

សហរដ្ឋអាម៉េរិក៖ វេជ្ជបណ្ឌិតជាង៥០០នាក់បានរួមគ្នាផ្ញើលិខិតមួយច្បាប់ទៅប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដោយបង្ហាញពីការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមានផ្នែកសុខភាព នេះបើតាមសារព័ត៌មាន Sputnik នាល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ។ តាមរយៈលិខិតដែលផ្ញើជូនលោក ត្រាំ នេះ ក្រុមវេជ្ជបណ្ឌិតទាំងនោះបានបញ្ជាក់ថា វិធានការរឹតបន្តឹងសកម្មភាពដើម្បីទប់ស្កាត់ COVID-19 ធ្វើឲ្យពលរដ្ឋអាម៉េរិករាប់លាននាក់ប្រឈមនឹងហានិភ័យ ព្រោះពួកគេត្រូវបានបង្ខំឲ្យខកខានការត្រួតពិនិត្យសុខភាពជាប្រចាំ ដែលអាចជួយឲ្យពួកគេរកឃើញជំងឺធ្ងន់ៗដូចជា មហា រីក ឬក៏អាចទប់ស្កាត់ជំងឺដាច់សរសៃឈាម និងគាំងបេះដូង ។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ អភិបាលរដ្ឋរបស់អាម៉េរិកភាគច្រើនបានចាប់ផ្តើមដកសេចក្តីបង្គាប់ចេញវិញ ដែលតម្រូវឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ និងអនុញ្ញាតឲ្យអាជីវកម្មមួយចំនួន បើកដំណើរការឡើងវិញជាបណ្តើរៗ ប៉ុន្តែការរក្សាគម្លាតសុវត្ថិភាពត្រូវគេរំពឹងថា នឹងបន្តអូសបន្លាយពេលរហូតដល់ផុតរដូវក្តៅឆ្នាំនេះ ៕
-
លោក ស៊ីនហ្សូ អាបេ និយាយថា ជប៉ុនអាចនឹងដកទីក្រុងតូក្យូ ចេញពីគ្រាអាសន្ននាសប្តាហ៍ក្រោយនេះ ដោយសារអត្រាឆ្លង COVID-19 បន្តធ្លាក់ចុះ

ជប៉ុន៖ ជប៉ុនអាចនឹងដកទីក្រុងតូក្យូ ចេញពីគ្រាអាសន្ននាពេលឆាប់ៗនេះ ដែលប្រហែលជាធ្វើឡើងនាសប្តាហ៍ក្រោយ ប្រសិនបើអត្រាឆ្លងជម្ងឺ COVID-19 ត្រូវបានមើលឃើញថា បន្តថមថយចុះនោះ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ និងត្រូវបានចុះផ្សាយសារព័ត៌មាន CNA នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា លោក ស៊ីនហ្សូ អាបេ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា យើងនឹងជួបពិភាក្សាជាមួយក្រុមអ្នកជំនាញ នៅថ្ងៃ ចន្ទ សប្តាហ៍ក្រោយនេះ (ម៉ោងក្នុងតំបន់) ដើម្បីធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍អត្រាឆ្លងវីរុស ។ លោក អាបេ បានសង្កត់ធ្ងន់ថា បើសិនជាស្ថានភាពដូចបច្ចុប្បន្ននេះបន្តរក្សានៅដដែលនោះ វាពិតជាអាចទៅរួចដែលថា ការប្រកាសពីគ្រាអាសន្ននឹងដកចេញពីតំបន់ទាំងនោះវិញ ។ សូមជម្រាបថា គិតមកទល់ពេលនេះ ទីក្រុងតូក្យូ ខេត្តហុកកៃដូ និងតំបន់ជុំវិញនោះនៅតែស្ថិតក្នុងគ្រាអាសន្ន ហើយការត្រៀមដកតំបន់បន្ថែមទៀតចេញពីគ្រាអាសន្ននេះ ដោយសារតែរដ្ឋាភិបាលកំពុងត្រួសត្រាយផ្លូវ ដើម្បីបើកដំណើរការចរន្តសេដ្ឋកិច្ចសំខាន់ៗឡើងវិញ ក្នុងគ្រាដែលជប៉ុនបានរងផលប៉ះពាល់យ៉ាងធ្ងន់ ធ្ងរ ព្រោះតែវិបត្តិបង្កឡើងដោយជំងឺរាតត្បាតជាសកល COVID-19 ៕
-
ក្រសួងសុខាភិបាលរកឃើញអ្នកជំងឺកូវីដ១៩ ថ្មីមួយករណីទៀត នៅថ្ងៃទី២១ ឧសភានេះ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសអំពីករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន០១ករណី លើបុរសជនជាតិខ្មែរ ដែលមានអាយុ ២៦ឆ្នាំមានទីលំនៅនៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។ បុរសរូបនេះបានធ្វើដំណើរត្រឡប់មកពីប្រទេសហ្វីលីពីន ដោយបន្តជើងហោះហើរពីសាធារណរដ្ឋកូរ៉េ ហើយបានមកដល់កម្ពុជាកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។ ក្រសួងសុខាភិបាលបានឱ្យដឹងដែរថា អ្នកដំណើរជាមួយបុរសនោះ ចូលមកប្រទេសកម្ពុជាសរុបចំនួន ៦៣នាក់ ដែលមានជនជាតិកូរ៉េ ២៣នាក់ជនជាតិប៊ែលហ្សិកម្នាក់ ជនជាតិតៃវ៉ាន់ម្នាក់ ជនជាតិហូឡង់ម្នាក់ ជនជាតិជប៉ុន៣នាក់ និងជនជាតិខ្មែរ៣៤នាក់ ហើយត្រូវបានត្រួតពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យ និងបានដាក់ឲ្យនៅរង់ចាំកន្លែងធ្វើចត្តាឡីស័កនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅពេលមកដល់រាជធានីភ្នំពេញភ្លាម ហើយបានយកវត្ថុសំណាកទៅធ្វើវិភាគទាំងអស់ ដែលជាលទ្ធផលបង្ហាញថា មានជំងឺកូវីដ-១៩ លើបុរសជនជាតិខ្មែរម្នាក់ខាងលើតែម្នាក់ប៉ុណ្ណោះ៕
-
អគ្គនាយកអង្គការ WHO បញ្ជាក់ថា ពិភពលោកកត់ត្រាពីករណីឆ្លង COVID-19 ថ្មីដ៏ច្រើនបំផុតក្នុងពេលមួយថ្ងៃ

ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេត្រូស អាដាណាម ហ្គេប្រេយែសឹស នៅថ្ងៃពុធម្សិលមិញបានបញ្ជាក់ថា មានករណីឆ្លងជាច្រើនត្រូវបានគេរាយការណ៍មកអង្គការ WHO ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលខ្ពស់ជាងការរាយការណ៍មុនៗ ចាប់តាំងពីពេលផ្ទុះឡើងនៃមេរោគ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ។ អគ្គនាយកអង្គការសុខភាពពិភពលោករូបនេះបានថ្លែងថា យើងស្ថិតលើដំណើរផ្លូវដ៏វែងឆ្ងាយ ចំពោះមុខជំងឺឆ្លងរាតត្បាតទូទាំងសកលលោកនេះ ហើយក្នុងពេលត្រឹម២៤ម៉ោង មានករណីឆ្លងថ្មីចំនួន១០ម៉ឺន៦ពាន់ករណី ត្រូវបានរាយការណ៍មកអង្គការ WHO ដោយស្ទើតែ២ភាគ៣នៃករណីថ្មីទាំងនេះ ត្រូវបានរាយការណ៍ពីប្រទេសចំនួន០៤ ។ ការកត់សម្គាល់បែបនេះរបស់លោក ថេត្រូស ត្រូវបានធ្វើឡើងស្របពេលដែលនៅទូទាំងពិភពលោកមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៥លាន៩ម៉ឺន២ពាន់៤៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣២ម៉ឺន៩ពាន់៧៦៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប២លាន២ម៉ឺន៦ពាន់១៩៩នាក់ ៕
-
ថៃបន្តរកឃើញអ្នកឆ្លង COVID-19 ចំនួន០៣ករណីថ្មីទៀត ធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងកើនឡើងដល់៣.០៣៧ករណី

ថៃ៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃព្រហស្បត្តិ៍នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន០៣ករណីថ្មីបន្ថែមទៀត ប៉ុន្តែមិនមានអ្នកជម្ងឺថ្មីបាត់បង់ជីវិតនោះទេ ដែលប្រការនេះនាំឱ្យតួលេខអ្នកឆ្លងសរុបកើនដល់៣ពាន់៣៧ករណី ក្នុងនោះមានអ្នកជម្ងឺ៥៦នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប២ពាន់៨៩៧នាក់ នេះបើតាមសារព័ត៌មានCNAនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ។ ដោយឡែកប្រទេសថៃបានរំពឹងថា ខ្លួនមានវ៉ាក់សាំងការពារជម្ងឺ COVID-19 នៅឆ្នាំក្រោយ បន្ទាប់ពីរកឃើញលទ្ធផលសាកល្បងជាវិជ្ជមានចំពោះសត្វកណ្តុរ នេះបើតាមមន្ត្រីជាន់ខ្ពស់ថៃមួយរូប និង ត្រូវបានចុះផ្សាយដោយសារព័ត៌មាន U.S.News នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ។ បើតាមអ្នកនាំពាក្យមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ COVID-19 របស់ថៃ លោក ថាវីសិន វីសានុយោធិន ប្រទេសថៃនឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំងការពារ mRNA (messenger RNA) លើសត្វស្វានៅសប្តាហ៍ក្រោយ បន្ទាប់ពីការធ្វើតេស្តលើសត្វកណ្តុរទទួលបានជោគជ័យ ហើយថា វ៉ាក់សាំងថៃត្រូវបានរំពឹងថា នឹងអាចប្រើបាននៅឆ្នាំក្រោយនេះ ៕
-
វៀតណាមគ្រោងធ្វើតេស្តវ៉ាក់សាំងប្រឆាំងជម្ងឺ COVID-19 ដំណាក់កាលទី២លើសត្វកណ្តុរចំនួន៣០ក្បាល

វៀតណាម៖ ថ្នាំវ៉ាក់សាំងប្រឆាំង COVID-19 ដែលផលិតនៅប្រទេសវៀតណាមនឹងត្រូវបានធ្វើតេស្តលើសត្វកណ្តុរចំនួន៣០ក្បាល ដើម្បីកំណត់កម្រិតចំនួនដូស(dose) ដែលមានប្រសិទ្ធភាពបំផុតរបស់វា នេះបើតាមសារព័ត៌មាន VnExpress នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ដូ ទួន ដាត ប្រធានក្រុមហ៊ុន VABIOTECH ដែលផលិតវ៉ាក់សាំងនេះ បានបញ្ជាក់ថា ការធ្វើតេស្តដំណាក់កាលទី២ នឹងត្រូវធ្វើឡើងនៅដើមខែមិថុនាខាងមុខ ។ ហើយថ្នាំវ៉ាក់សាំងនេះ ត្រូវបានបង្កើតឡើងដោយសហការជាមួយក្រុមអ្នកវិទ្យាសាស្ត្រ នៃក្រុមហ៊ុន VABIOTECH និងសាកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេស ។ ក្រុមហ៊ុននេះប៉ាន់ស្មានថា វានឹងចំណាយពេលយ៉ាងហោចណាស់ពី១២ទៅ១៨ខែ ដើម្បីបង្កើតវ៉ាក់សាំងប្រឆាំងជម្ងឺ COVID-19 ៕
-
កូវីដ១៩៖ វៀតណាមទម្លាក់ប្រាក់ជិត១៣ពាន់លានដុល្លារ ជួយសហគ្រាស តែមិនទាន់គ្រប់ទេ

ទាក់ទងនឹងជំងឺរាតត្បាតកូវីដ១៩ រដ្ឋាភិបាលវៀតណាមចាំបាច់ធ្វើសកម្មភាពបន្ថែមទៀត ក្នុងការស្រោចស្រង់ផ្នែកសហគ្រាស អាជីវកម្មផ្សេងៗ នេះបើតាមលោក Trần Hùng Sơn អនុប្រធានវិទ្យាស្ថានដើម្បីការអភិវឌ្ឍនិងស្រាវជ្រាវលើបច្ចេកវិទ្យាធនាគារ ជាស្ថាប័នក្រោមចំណុះឲ្យសកលវិទ្យាល័យជាតិហូជីមីញ កាលពីម្សិលមិញ។ មានប្រសាសន៍អំឡុងសន្និសីទសារព័ត៌មាន ក្នុងទីក្រុងហូជីមីញ កាលពីថ្ងៃទី២០ ឧសភា លោកបានលើកឡើងថា កញ្ចប់ថវិការអន្តរាគមន៍៣០០ទ្រីលានដុងឬ ១២.៩ពាន់លានដុល្លារអាមេរិក ជាកម្ចីអត្រាការប្រាក់ទាប សម្រាប់ស្រោចស្រង់ធុរកិច្ច ពន្យាពេលនៃការបង់ពន្ធ ព្រមទាំងបន្ថយការបង់លើការធានារ៉ាប់រងសង្គម និងសុខភាព សម្រាប់បុគ្គលិករបស់ខ្លួន គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ លោកថា ការអន្តរាគមន៍ទាំងនេះ មិនទាន់អាចឲ្យបណ្តាក្រុមហ៊ុនបើកអាជីវកម្មទាំងនោះ គេចផុតពីការក្ស័យធននោះទេ ដោយលោកបញ្ជាក់ថា កញ្ចប់ជួយសហគ្រាសដែលប៉ះពាល់ដោយសារជំងឺរាតត្បាតអាចបានដើមទុនដើម្បីបន្តដំណើរការ ប៉ុន្តែសហគ្រាសភាគច្រើនពិបាកក្នុងការខ្ចី ជាពិសេស សហគ្រាសខ្នាតតូច និងមធ្យម ដែលប៉ះពាល់ខ្លាំងជាងគេ។ លោកថា ដើម្បីដោះស្រាយបញ្ហាកាន់តែល្អជាងនេះ រដ្ឋាភិបាលគួរតែបន្ថែមកញ្ចប់ជំនួយ បានដល់៧០០ទ្រីលានដុងឬ២៩.៨ពាន់លានដុល្លារអាម៉េរិក ហើយសម្រួលលើផ្នែកខ្លះៗទៀត ដូចជាលើបញ្ហាប្រាក់ខែ និងពន្ធជាដើម៕
-
អង្គការសុខភាពពិភពលោក WHO ព្រមានពីហានីភ័យចំពោះការប្រើថ្នាំប្រឆាំងគ្រុនចាញ់ ដើម្បីការពារវីរុសកូរ៉ូណា

ស្វីស៖ មន្ត្រីជាន់ខ្ពស់អង្គការសុខភាពពិភពលោក WHO បានព្រមានប្រឆាំងនឹងការលេបថ្នាំគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូហ្គីន និងថ្នាំ ក្លរ៉ូហ្គីន ដើម្បីការពារ COVID-19 ដោយសារតែថ្នាំនេះ គួរតែទុកបម្រុងសម្រាប់ការប្រើប្រាស់ក្នុងការធ្វើតេស្ដ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ។ ប្រធានសង្រ្គោះបន្ទាន់នៃអង្គការសុខភាពពិភពលោក WHO លោក ម៉ៃខឺល រីយ៉ាន បាននិយាយថា បើទោះជាថ្នាំប្រឆាំងជម្ងឺគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូហ្គីន និងថ្នាំ ក្លរ៉ូហ្គីន ទទួលបានអាជ្ញាប័ណ្ណ សម្រាប់ការព្យាបាលជំងឺមួយចំនួនក៏ដោយ ប៉ុន្តែបច្ចុប្បន្នថ្នាំទាំងពីរនេះ មិនទាន់ត្រូវបានគេរកឃើញពីប្រសិទ្ធភាពក្នុងការព្យាបាលវីរុសកូរ៉ូណានៅឡើយទេ ។ ការព្រមានខាងលើរបស់ប្រធានសង្រ្គោះបន្ទាន់ នៃអង្គការសុខភាពពិភពលោក WHO រូបនេះ ត្រូវបានធ្វើឡើង ដើម្បីជាការឆ្លើយតបទៅនឹងសំនួរពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំទាំងពីរនេះ ដើម្បីព្យាបាលមេរោគ COVID-19 ៕
-
បារាំងរកឃើញអ្នកឆ្លង COVID-19 ចំនួន៧០ករណីនៅក្នុងសាលា ក្រោយអនុញ្ញាតឱ្យសិស្សានុសិស្ស១.៤លាននាក់ចូលរៀនវិញ

បារាំង៖ មានករណីឆ្លងជម្ងឺ COVID-19 ចំនួន៧០ករណីថ្មីបន្ថែមទៀត ត្រូវបានរាយការណ៍នៅសាលា ក្រោយអនុញ្ញាតឱ្យបើកដំណើរការឡើងវិញកាលពីសប្ដាហ៍មុន នេះបើតាមរដ្ឋមន្ត្រីអប់រំបារាំងលោក ហ្សង់ មីឆេល ប៉្លង់ក៊ែរ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន Business Insider នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ។ លោក ហ្សង់ មីឆេល ប៉្លង់ក៊ែរ បានថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងស្រុកថា ករណីបែបនេះ គឺជារឿងដែលមិនអាចជៀសរួចឡើយ ប៉ុន្ដែករណីឆ្លងច្រើនជាងនេះគឺបានកើតមាននៅក្រៅសាលារៀន ។ លោកសង្កត់ធ្ងន់ថា អ្នកឆ្លងទាំង៧០ករណីនេះ គឺជាប្រភាគដ៏តូច បើធៀបទៅនឹងចំនួនសិស្សសរុប១.៤លាននាក់ ដែលបានត្រលប់មករៀននៅសាលាវិញ ។ សូមរំលឹកថា អាជ្ញាធរបារាំង កាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅ បានបិទគ្រឹះស្ថានអប់រំគ្រប់កម្រិតទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរាតត្បាត COVID-19 ហើយបន្ទាប់ពីការបញ្ជាឱ្យបិទទ្វារសាលាជាង២ខែរួចមក សាលាបានបើកដំណើរការឡើងវិញ ហើយបានកំណត់ចំនួនសិស្សក្នុងមួយថ្នាក់ចន្លោះពី១០ទៅ១៥នាក់ ៕