-
កូរ៉េខាងត្បូងបន្តរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន២៩ករណីថ្មីទៀត ធ្វើឱ្យតួលេខសរុបកើនឡើងជាង១ម៉ឺនករណី
កូរ៉េខាងត្បូង៖ នៅទូទាំងប្រទេសកូរ៉េខាងត្បូង ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១ម៉ឺន៩៩១ករណី បន្ទាប់ពីទើបរកឃើញអ្នកឆ្លងចំនួន២៩ករណីថ្មីទៀតក្នុងរយៈពេល២៤ម៉ោងកន្លងទៅ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ សម្រាប់ការធ្វើតេស្ត និងតាមដានរកករណីសង្ស័យនៃការឆ្លងជំងឺ COVID-19 ក៏កំពុងត្រូវបានធ្វើឡើងយ៉ាងសកម្មផងដែរ ទៅលើក្រុមមនុស្សដែលបានចូលក្លឹបកម្សាន្តនៅក្នុងទីក្រុងសេអ៊ូល ខណៈការព្រួយបារម្ភកំពុងកើនឡើង ជុំវិញជំងឺរាតត្បាតសកល ដែលអាចនឹងផ្ទុះការឆ្លងខ្លាំងឡើងវិញ ។ គិតចាប់តាំងពីថ្ងៃទី០៣ ខែមករាមក កូរ៉េខាងត្បូងបានធ្វើតេស្តរកវីរុស COVID-19 លើមនុស្សច្រើនជាង៧១ម៉ឺន១ពាន់នាក់ហើយ ក្នុងចំណោមនោះមានមនុស្ស ៦៧ម៉ឺន៩ពាន់៧៧១នាក់មានលទ្ធផលអវិជ្ជមាន ខណៈមនុស្ស២ម៉ឺន៧២២នាក់កំពុងស្ថិតក្នុងការតាមដាន ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបនៅទូទាំងប្រទេសកូរ៉េខាងត្បូង កើនឡើងដល់១ម៉ឺន៩៩១ករណី ក្នុងនោះអ្នកជម្ងឺសរុប២៦០នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៩ពាន់៧៦២នាក់ ៕
-
ឥណ្ឌារាយការណ៍ករណីឆ្លង COVID-19 នៅឥណ្ឌាកើនចំនួន៣.៧២២ករណីថ្មីទៀត និងស្លាប់ចំនួន១៣៤នាក់ក្នុងរយៈពេល២៤ម៉ោង
ឥណ្ឌា៖ អាជ្ញាធរសុខាភិបាលឥណ្ឌារាយការណ៍ពីករណីឆ្លងមេរោគ COVID-19 ចំនួន៣ពាន់៧២២ករណីថ្មីទៀត ខណៈអ្នកជម្ងឺចំនួន១៣៤នាក់ថ្មីបន្ថែមទៀតបានបាត់បង់ជីវិតក្នុងរយៈពេលពេញមួយថ្ងៃពុធម្សិលមិញប៉ុណ្ណោះ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ។គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ គឺជាថ្ងៃទី៥១ហើយ ដែលឥណ្ឌាអនុវត្តវិធានការបិទប្រទេស ដើម្បីប្រយុទ្ធប្រឆាំងជាមួយមេរោគរាតត្បាតជាសកល COVID-19 ។ វិធានការរឹតបន្តឹងមួយចំនួនត្រូវបានដករួចទៅហើយ នៅមុនការបិទបញ្ចប់វិធានការបិទប្រទេស ដែលត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភាខាងមុខ ខណៈការអនុញ្ញាតឲ្យខ្សែរថភ្លើងមួយចំនួនដំណើរការឡើងវិញ និង ការធ្វើពាណិជ្ជកម្មខ្លះៗជាដើម ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបនៅទូទាំងប្រទេសឥណ្ឌា កើនឡើងដល់៧ម៉ឺន៨ពាន់១៩៤ករណី ក្នុងនោះអ្នកជម្ងឺសរុប២ពាន់៥៥១នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប២ម៉ឺន៦ពាន់៤០០នាក់ ៕
-
កូវីដ១៩៖ ប្រទេសថៃគ្មានករណីអ្នកឆ្លងថ្មី ជាលើកដំបូង
ប្រទេសថៃរកមិនឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ជាលើកដំបូង ចាប់តាំងពីថ្ងៃទី៩ មីនា មក។ អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ លោកវេជ្ជបណ្ឌិត Thaweesilp Wisanuyothin បាននិយាយកាលពីថ្ងៃពុធ ម្សិលមិញថា នេះគឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការទូទាំងប្រទេស ខណៈដែលមានការជំរុញឲ្យសាធារណជនបន្ត គោរពតាមវិធានការទប់ស្កាត់ការឆ្លងជំងឺរាតត្បាតមួយនេះ ។ លោកថា «ពួកយើងអាចមានអារម្មណ៍ធូរស្រាលបន្តិច ប៉ុន្តែយើងមិនគួរបន្ថយការប្រុងប្រយ័ត្នទេ។ ពួកយើងបានប្រឹងប្រែងខ្លាំងទើបចេញលទ្ធផលបែបនេះ ហើយពេលនេះ យើងអាចធូរស្រាលបន្តិច» ចាប់តាំងពីថៃបានដាក់បំរាមគោចរទូទាំងប្រទេស ចន្លោះពីម៉ោង១០យប់ ដល់ម៉ោង៤ទៀបភ្លឺ កាលពីថ្ងៃទី៣ មេសាមក ករណីឆ្លងថ្មីៗបានគឺនៅថេរ ។ ថៃបានចាប់ផ្តើមបន្ថយវិធានការបិទប្រទេស កាលពីថ្ងៃទី៣ ឧសភា ក្រោយពេលស្ថានភាពបានល្អប្រសើរ ។ ចាប់តាំងពីខែមករាមក ថៃមានអ្នកជំងឺកូវីដ១៩ចំនួន៣០១៧នាក់ហើយ ហើយមកទល់ពេលនេះ មានអ្នកជំងឺ២៨៤៤នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ ខណៈដែលមានអ្នកជំងឺ៥៦នាក់បានស្លាប់ ហើយអ្នកជំងឺ១១៧នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ គិតត្រឹមថ្ងៃពុធ ទី១៣ ឧសភា៕
-
នាយករដ្ឋមន្រ្តីកាណាដាប្រកាសពីវិធានការថ្មីៗ ដើម្បីគាំទ្រដល់មនុស្សវ័យចំណាស់ អំឡុងពេលមានការរាតត្បាតពីវីរុស COVID-19
កាណាដា៖ នាយករដ្ឋមន្រ្តីកាណាដាលោក ចាស្ទីន ទ្រូដូ បានប្រកាសពីវិធានការថ្មីមួយ ដើម្បីផ្តល់ការគំាំទ្រដល់មនុស្សវ័យចំណាស់ ក្នុងអំឡុងពេលមានការរាតត្បាតពីជម្ងឺឆ្លង COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ។ អំឡុងពេលធ្វើសន្និសិទកាសែតជាតិប្រចាំថ្ងៃ នាយករដ្ឋមន្រ្តីកាណាដារូបនេះ បានគូសបញ្ជាក់ថា ចាំបាច់ធ្វើការកែទម្រង់សំខាន់ៗសម្រាប់មនុស្សវ័យចំណាស់ ដែលមានជាង៨០ភាគរយនៃចំនួនអ្នករងគ្រោះពីជំងឺឆ្លងបច្ចុប្បន្ន ។ លោកបន្ថែមថា យើងបានឃើញស្ថានភាពលំបាកនៅមណ្ឌលថែទាំសុខភាពទាំងនោះនៅទូទាំងប្រទេស ដោយបុគ្គលិកពេទ្យការធ្វើច្រើនម៉ោង ខ្វះខាតគ្រូពេទ្យ និង គ្រួសារដែលមានទុក្ខព្រួយ ។ ក្រុមមន្ត្រីកាណាដាបានប្រកាសកាលពីពេលមុននេះថា ទីក្រុងអូតាវ៉ា នឹងផ្តល់ឱ្យមនុស្សវ័យចំណាស់ដែលរស់នៅពឹងផ្អែកលើប្រាក់ចំណូលថេរ នូវទឹកប្រាក់ជំនួយចំនួន៣០០ដុល្លារកាណាដា ឬស្មើនឹង២១៥ដុល្លារអាមេរិក ដល់៥០០ដុល្លារកាណាដា ដើម្បីដោះស្រាយការចំណាយកើនឡើង ដែលទាក់ទងនឹងការផ្ទុះឡើងនៃវីរុសរាតត្បាតជាសកលមួយនេះ ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសកាណាដា ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៧ម៉ឺន២ពាន់២៧៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ពាន់៣០២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣ម៉ឺន៥ពាន់១៦៤នាក់ ៕
-
ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅរុស្ស៊ីកើនឡើងលើស១ម៉ឺនករណីថ្មីទៀត ធ្វើឱ្យតួលេខអ្នកឆ្លងសរុបកើនដល់២៤ម៉ឺន២ពាន់២៧១ករណី
រុស្ស៊ី៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី នៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន១ម៉ឺន២៨នាក់ថ្មីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះ ធ្វើឱ្យអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់២៤ម៉ឺន២ពាន់២៧១នាក់ នេះបើតាមសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ។ ប្រភពខាងលើបានឱ្យដឹងទៀតថា អ្នកស្លាប់ថ្មីចំនួន៩៦នាក់ក៏ត្រូវបានរាយការណ៍ផងដែរនៅដដែលនេះ នាំឱ្យតួលេខអ្នកស្លាប់សរុបកើនឡើងដល់២ពាន់២១២នាក់ ។ ទន្ទឹមគ្នា បើតាមអាជ្ញាធរសុខាភិបាលរុស្ស៊ីនោះ កំណើនករណីឆ្លងថ្មី ប្រចាំថ្ងៃខាងលើនេះ បានថយចុះមកនៅត្រឹម៤.៣ភាគរយ បើធៀបទៅនឹងកាលពីថ្ងៃអង្គារ៍ ដែលមានចំនួន៤.៩ភាគរយ ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ អ្នកឆ្លងជំងឺ COVID-19 ចំនួន៤ម៉ឺន៨ពាន់៣នាក់ហើយបានជាសះស្បើយឡើងវិញ ខណៈមនុស្សជាង៥.៩លាននាក់បានទទួលការធ្វើតេស្ដនៅទូទាំងប្រទេសរុស្ស៊ី ៕
-
វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៤.៤លាននាក់ ក្នុងនោះស្លាប់ជិត៣០ម៉ឺននាក់ និងជាសះស្បើយជាង១.៦លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤លាន៤២ម៉ឺន៨ពាន់២៣៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២៩ម៉ឺន៨ពាន់៨៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១លាន៦៥ម៉ឺន៧ពាន់៩០៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៤៣ម៉ឺន៣៤៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ម៉ឺន៥ពាន់១៩៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣១ម៉ឺន២៥៩នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៧ម៉ឺន១ពាន់៩៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១០៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៨ម៉ឺន៣ពាន់២២៧នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់២៤ម៉ឺន២ពាន់២៧១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ពាន់២១២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤ម៉ឺន៨ពាន់៣នាក់ ។ ៤-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២២ម៉ឺន៩ពាន់៧០៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៣ពាន់១៨៦នាក់ស្លាប់…
-
សហរដ្ឋអាម៉េរិករៀបចំសេចក្តីព្រាងច្បាប់មួយ ដើម្បីអនុញ្ញាតឱ្យលោក ដូណាល់ ត្រាំ អាចដាក់ទណ្ឌកម្មប្រឆាំងចិន ពាក់ព័ន្ធនឹងបញ្ហា COVID-19
សហរដ្ឋអាម៉េរិក៖ សមាជិកព្រឹទ្ធសភាអាម៉េរិកបានដឹកនាំការរៀបចំសេចក្តីព្រាងច្បាប់មួយ នៅថ្ងៃអង្គារនេះ ដែលអនុញ្ញាតឲ្យលោក ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មលើចិន ប្រសិនបើទីកក្រុងប៉េកាំងមិនអាចផ្តល់ការបកស្រាយច្បាស់ លាស់ ពាក់ព័ន្ធនឹងការផ្ទុះឡើងវីរុស COVID-19 នៅទីក្រុងវូហាន នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ។ នៅក្នុងសេចក្តីព្រាងច្បាប់ខាងលើនេះ នឹងអនុញ្ញាតឱ្យប្រធានាធិបតីអាម៉េរិកមានសិទ្ធិដាក់ទណ្ឌកម្មតាមរបៀបជាច្រើនលើចិន ក្នុងនោះរួមមានការបង្កកទ្រព្យសម្បត្តិ ការដាក់បំរាមធ្វើដំណើរ ការដកទិដ្ឋាការ ការដាក់រឹតត្បិតមិនឲ្យធនាគារអាមេរិកផ្តល់ឥណទាន និង ធានារ៉ាប់រងដល់ក្រុមហ៊ុនចិន ក៏ដូចជាការហាមក្រុមហ៊ុនចិនមិនបានចុះបញ្ជីក្នុងផ្សារហ៊ុនអាម៉េរិក ។ យ៉ាងណាមិញ ស្ថានកុងស៊ុលចិនប្រចាំរដ្ឋធានីវ៉ាស៊ីនតោន នៅមិនទាន់ឆ្លើយតបទៅនឹងចំណាត់ការខាងលើនេះ របស់សហរដ្ឋអាម៉េរិកទេ ប៉ុន្តែទីក្រុងប៉េកាំងនៅតែចេញមុខថ្កោលទោសជាច្រើនលើកច្រើនសារ ជុំវិញការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់សហរដ្ឋអាម៉េរិក ហើយថែមទាំងអំពាវនាវឲ្យអ្នកនយោបាយអាម៉េរិក កុំឆ្លៀតឱកាសយកវិបត្តិជំងឺឆ្លងដ៏កាចសាហាវនេះ ធ្វើជាល្បែងនយោបាយរបស់ខ្លួន ហើយគួរតែងាកមកសហការគ្នាឲ្យបានល្អ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតជាសកលមួយនេះវិញ ៕
-
បុគ្គលិកសុខាភិបាលជាង៩ម៉ឺននាក់ឆ្លងវីរុស COVID-19 ហើយគិលានុបដ្ឋាយិកាជាង២៦០នាក់ ស្លាប់នៅទូទាំងពិភពលោក
សហរដ្ឋអាម៉េរិក៖ ក្រុមប្រឹក្សាអន្តរជាតិសម្រាប់គិលានុបដ្ឋាយិកា ហៅកាត់ថា ICN បានឱ្យដឹងថា យ៉ាងហោចណាស់មានបុគ្គលិកសុខាភិបាលជាង៩ម៉ឺននាក់ បានឆ្លងមេរោគ COVID-19 ហើយគិលានុបដ្ឋាយិកាជាង២៦០នាក់ បានបាត់បង់ជីវិតនៅទូទាំងពិភពលោក នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃ១៣ ខែឧសភា ឆ្នាំ២០២០។ សមាគមគិលានុបដ្ឋាយិកាអាម៉េរិក ហៅកាត់ថា ANA បានបញ្ជាក់ថា សហរដ្ឋអាម៉េរិក ដែលជាប្រទេសនាំមុខទាំងករណីឆ្លង និងអត្រាស្លាប់ដោយសារជម្ងឺ COVID-19 នៅទូទាំងពិភពលោកនោះ មានគិលានុបដ្ឋាយិកាជាង៣.៨លាននាក់ ហើយមានជាង៧៩រូបបានស្លាប់ដោយសារមេរោគដ៏កាចសាហាវមួយនេះ។ ទន្ទឹមគ្នា មានមន្ទីរពេទ្យខ្លះបានរាយការណ៍ថា ខ្លួនកំពុងខ្វះខាតសម្ភារៈវេជ្ជសាស្ដ្រចាំបាច់ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 រហូតដល់មានការតវ៉ាពីសំណាក់បុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស ។ ហើយបើតាមការស្ទង់មតិមួយ ដែលធ្វើឡើងដោយស្ថាប័ន GetUsPPE.org បានបង្ហាញថា ១២ភាគរយ នៃស្ថាប័នសរុបចំនួន១២០នៅរដ្ឋកាលីហ្វ័រញ៉ា ដែលបានចូលរួមក្នុងការតវ៉ាពុំមានម៉ាសការពារប្រភេទ N95 ឡើយ ៕
-
អាល្លឺម៉ង់រាយការណ៍ពីករណីឆ្លងជម្ងឺ COVID-19 ចំនួន៧៩៨ករណីថ្មីទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុប កើនឡើងដល់១៧ម៉ឺន១ពាន់៣០៦ករណី
អាល្លឺម៉ង់៖ អាជ្ញាធរសុខាភិបាលអាល្លឺម៉ង់បានរាយការណ៍ពីអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងចំនួន៧៩៨ករណីបន្ថែមទៀត ធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងនៅទូទាំងប្រទេសអឺរ៉ុបមួយនេះ កើនឡើងដល់១៧ម៉ឺន៣ពាន់១៧១ករណី នេះបើតាមទិន្នន័យរបស់វិទ្យាស្ថាន Robert Koch ទទួលបន្ទុកជម្ងឺឆ្លង ដែលដកស្រង់ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ ឆ្លើយតបនឹងបញ្ហាខាងលើនេះដែរ អាល្លឺម៉ង់ត្រៀមបញ្ចេញកញ្ចប់ថវិកាប្រមាណ៧៥០លានអឺរ៉ូ ឬស្មើនឹង ៨១៣លានដុល្លារអាម៉េរិក ដើម្បីជំរុញការអភិវឌ្ឍ និងផលិតវ៉ាក់សាំងប្រឆាំងមេរោគ COVID-19 ។ ហើយបើតាមរដ្ឋមន្ត្រីក្រសួងអប់រំ និងស្រាវជ្រាវអាល្លឺម៉ង់លោកស្រី អាន់ចា កាលីសហ្សេក វ៉ាក់សាំងមិនអាចសម្រេចជោគជ័យបាន នៅមុនពាក់កណ្តាលឆ្នាំ២០២១នោះឡើយ ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសអាល្លឺម៉ង់ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១៧ម៉ឺន៣ពាន់១៧១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៧ពាន់៧៣៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១៤ម៉ឺន៧ពាន់២០០នាក់ ៕
-
កាណាដា និងចិនចាប់ដៃគ្នា ដើម្បីផលិតវ៉ាក់សាំងប្រឆាំងវីរុស COVID-19 នៅក្នុងប្រទេសកាណាដា
កាណាដា៖ ក្រុមហ៊ុនផលិតវ៉ាក់សាំង ខេនស៊ីណូ (CanSino Biologics Inc) របស់ប្រទេសចិន កំពុងតែសហការជាមួយអង្គការស្រាវជ្រាវ NRC របស់ប្រទេសកាណាដា ដើម្បីឆ្ពោះទៅរកការធ្វើតេស្ត និង ផលិតវ៉ាក់សាំងប្រឆាំងវីរុស COVID-19 នៅកាណាដា នេះបើតាមសារព័ត៌មានCGTNនៅថ្ងៃទី១៣ខែឧសភាឆ្នាំ២០២០ ។ ការផលិតវ៉ាក់សាំង Ad5-nCOV ដើម្បីធ្វើតេស្តទៅលើមនុស្ស ដែលស្ថិតក្រោមការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុនចិន និងយោធាកាណាដា កំពុងចាប់ផ្តើមនៅក្នុងប្រទេសកាណាដា ។ បើតាមអង្គការ NRC វ៉ាក់សាំងរបស់ក្រុមហ៊ុន ខេនស៊ីណូ កំពុងតែស្ថិតនៅដំណាក់កាលដំបូងនៃការធ្វើតេស្ត ហើយគ្មាននរណាអាចធានាថា វានឹងមានប្រសិទ្ធភាព និង សុវត្ថិភាពមួយរយភាគរយដែរ ឬក៏អត់ឡើយ។ ប៉ុន្តែប្រសិនបើជោគជ័យ កិច្ចសហការគ្នានេះអាចជួយធានាបានថា ប្រជាជនកាណាដានឹងទទួលបានវ៉ាក់សាំងនេះ ដោយទិន្នន័យនៃការធ្វើតេស្តនៅក្នុងប្រទេសផ្ទាល់ អាចជួយឲ្យក្រសួងសុខាភិបាលកាណាដាកាន់តែទុកចិត្តថា វាពិតជាមានសុវត្ថិភាព ហើយការផលិតនៅកាណាដាផ្ទាល់ធានាថា ពេលត្រូវការគឺមានភ្លាមៗ ៕