-
លោក បារ៉ាក់ អូបាម៉ា និយាយថា ការឆ្លើយតបរបស់សេតវិមានចំពោះមេរោគ COVID-19 គឺជាគ្រោះមហន្តរាយដ៏ច្របូកច្របល់

សហរដ្ឋអាម៉េរិក៖ អតីតប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា បានធ្វើការ រិះគន់អំពីការដោះស្រាយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ចំពោះការឆ្លើយតបទៅនឹងការរាតត្បាតពីមេរោគ COVID-19 ដោយលោក អូបាម៉ា បានពិពរណ៍នាថា ជាគ្រោះមហន្តរាយដ៏ច្របូកច្របល់ នេះបើតាមសារព័ត៌មាន CNN នាពេលថ្មីៗ ។ អំឡុងសន្ទនាទូរស័ព្ទជាមួយអតីតសមាជិកក្នុងរដ្ឋាភិបាលរបស់លោក លោក អូបាម៉ា ក៏បាននិយាយដែរថា ការសម្រេចចិត្តរបស់ក្រសួងយុត្តិធម៌ ដើម្បីទម្លាក់ចោលការចោទប្រកាន់អតីតទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ គឺលោក ម៉ៃឃើល ផ្លីន ជាគ្រោះថ្នាក់ចំពោះនីតិរដ្ឋសហរដ្ឋអាម៉េរិក ។ លោកអូបាម៉ា បានអំពាវនាវឲ្យអតីតបុគ្គលិកសេតវិមានរួមគ្នាជាមួយលោក និងសាមគ្គីគ្នានៅពីក្រោយបេក្ខជនបក្សប្រជាធិបតេយ្យលោក ចូ បៃដិន ដើម្បីយកឈ្នះលើលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាម៉េរិកនៅខែវិច្ឆិកាខាងមុខនេះ ៕
-
អនុប្រធានាធិបតីសហរដ្ឋអាម៉េរិកអនុវត្តន៍ វិធានការនៅដាច់ពីគេ ក្រោយអ្នកនាំពាក្យរបស់លោកធ្វើតេស្តរកឃើញផ្ទុកវីរុស COVID-19

សហរដ្ឋអាម៉េរិក៖ អនុប្រធានាធិបតីអាម៉េរិក លោក ម៉ៃ ភែន បានអនុវត្តន៍វិធាននៅដាច់ដោយឡែកពីគេ ក្រោយអ្នកនាំពាក្យម្នាក់របស់លោកបានធ្វើតេស្ដវិជ្ជមានចំពោះវីរុស COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ អ្នកនាំពាក្យរបស់អនុប្រធានាធិបតីអាម៉េរិក គឺលោកស្រី ដេវីន អូម៉លឡេ បានគូសបញ្ជាក់ថា លោក ភែន នឹងបន្តធ្វើតាមការប្រឹក្សាយោបល់ពីអង្គភាពសុខាភិបាលសេតវិមាន តែលោកមិនមែនកំពុងស្ថិតនៅក្រោមការអនុវត្តវិធានការចត្តាឡីស័កនោះទេ ។ អ្នកនាំពាក្យរូបនេះបញ្ជាក់បន្ថែមថា លោក ភែន ត្រូវបានធ្វើតេស្ដអវិជ្ជមាន ហើយមានគម្រោងត្រឡប់ទៅបំពេញការងារនៅឯសេតវិមានវិញនៅក្នុងថ្ងៃចន្ទសប្ដាហ៍នេះ ។ សូមបញ្ជាក់ថា អនុប្រធានាធិបតីអាម៉េរិករូបនេះ បានអនុវត្តន៍វិធានការនៅដាច់ដោយឡែកពីអ្នកដទៃ ឬជៀសវាងទំនាក់ទំនងសង្គម ក្រោយអ្នកនាំពាក្យម្នាក់របស់លោក គឺលោកស្រី ខេធី មីល្លឺ ធ្វើតេស្តវិជ្ជមានចំពោះមេរោគ COVID-19 កាលពីថ្ងៃ ព្រហស្បតិ៍ សប្ដាហ៍មុននេះ ៕
-
នាយករដ្ឋមន្រ្តីជប៉ុនកំពុងពិចារណាដកខេត្ត ឬតំបន់មិនសូវរងគ្រោះខ្លាំងដោយ សារ COVID-19 ចេញពីគ្រាអាសន្ននៅថ្ងៃទី១៤ ខែឧសភានេះ

ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃច័ន្ទនេះ បានថ្លែងថា រដ្ឋាភិបាលរបស់លោកនឹងពិចារណាថាតើខេត្ត ឬតំបន់មួយចំនួន ដែលស្ថិតនៅក្នុងចំណោមខេត្តទាំង៣៤របស់ជប៉ុន អាចនឹងត្រូវដកចេញពីគ្រាអាសន្ននៅថ្ងៃទី១៤ ខែឧសភានេះឬយ៉ាងណា ដោយសារតែតំបន់ទាំងនោះ មិនសូវរងគ្រោះធ្ងន់ធ្ងរដោយសារ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ។ បើតាមរដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុនលោក យ៉ាស៊ូតូស៊ី នីស៊ីមួរ៉ា ទីក្រុងតូក្យូ និង ទីក្រុងអូសាកា ព្រមទាំងខេត្ត១១ផ្សេងទៀតមិនស្ថិតនៅក្នុងចំណោមតំបន់ ដែលត្រូវលុបចោលភាពអាសន្ន មុនកាលកំណត់នោះទេ គឺនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ។ លោក នីស៊ីមួរ៉ា បានបញ្ជាក់បន្ថែមថា វិធានការដាក់ឲ្យស្ថិតក្នុងគា្រអាសន្ន នឹងត្រូវបានដាក់ឱ្យអនុវត្តឡើងវិញ បើសិនជាមានករណីឆ្លងផ្ទុះឡើង ក្រោយការលុបចោលនេះ ។ សូមរំលឹកផងដែរថា កាលពីសប្ដាហ៍មុន រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តពន្យាពេលអនុវត្តវិធានការដាក់ប្រទេសក្នុងគ្រាអាសន្នរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះ ជាមួយការបញ្ជាក់ថា ការលុបចោលវិធានការនេះ អាចនឹងត្រូវបានធ្វើឡើងមុនកាលកំណត់សម្រាប់ខេត្ត ឬតំបន់ខ្លះប៉ុណ្ណោះ ៕ …
-
អង់គ្លេសស្ថិតនៅលំដាប់ទី៣ ជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេនៅទូទាំងពិភពលោក បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអេស្ប៉ាញ

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃអាទិត្យម្សិលមិញ បានធ្វើការបង្ហាញនូវផែនការដែលមានលក្ខខ័ណ្ឌមួយ ដើម្បីបើកដំណើរការសង្គមឡើងវិញ ក៏ដូចជាអនុញ្ញាតឱ្យប្រជាជនអង់គ្លេសអាចចំណាយពេលនៅក្រៅផ្ទះបានច្រើនជាងមុន ដោយគិតចាប់ពីថ្ងៃពុធសប្តាហ៍នេះតទៅ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។ ការប្រកាសពីផែនការបន្ធូរបន្ថយការរឹតត្បិតរបស់លោក ចនសុន ខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលអង់គ្លេសស្ថិតនៅលំដាប់ទី៣ ជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារមេរោគ COVID-19 ច្រើនជាងគេនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអេស្ប៉ាញ ។ ជាក់ស្តែងគិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងចក្រភពអង់គ្លេស ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 កើនឡើងដល់២១ម៉ឺន៩ពាន់១៨៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន១ពាន់៨៥៥នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ៕
-
អូស្រ្តាលីអនុញ្ញាតឱ្យក្មេងៗអាចចូលរៀនវិញជាបណ្តើរៗ បន្ទាប់ពីអត្រាឆ្លង COVID-19 ប្រចាំថ្ងៃបន្តធ្លាក់ចុះទាប

អូស្រ្តាលី៖ ក្មេងៗនៅតាមបណ្តារដ្ឋមួយចំនួនរបស់អូស្ត្រាលី នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ អាចវិលត្រឡប់ទៅបន្តការសិក្សានៅសាលារៀនរបស់ពួកគេវិញហើយ បន្ទាប់ពីសម្រាកអស់ជាច្រើនសប្តាហ៍ ដោយសារវិធានការទប់ស្កាត់ជម្ងឺ COVID-10 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។ អូស្ត្រាលីបានសម្រេចចិត្តធ្វើការរឹតបន្តឹង និងបិទសាលារៀនទូទាំងប្រទេស អស់ជាង០៣សប្តាហ៍មកហើយ នៅពេលមើលឃើញសន្ទុះកើនឡើងនៃការឆ្លងវីរុសCOVID-19 ។ ហើយសម្រាប់ការបើកឡើងវិញនៅថ្ងៃចន្ទនេះ គឺជាតំណាក់កាលចាប់ផ្តើមប៉ុណ្ណោះ ហើយការបើកសាលារៀនពេញលេញនឹងធ្វើឡើងជាបន្តបន្ទាប់ រហូតដល់ចុងខែឧសភាខាងមុខ ។ សូមជម្រាបថា នៅទូទាំងប្រទេសអូស្រ្តាលី ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 កើនឡើងដល់៦ពាន់៩៤៨នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៩៧នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញសរុប៦ពាន់១៦៧នាក់ ៕
-
កូរ៉េខាងត្បូងផ្ទុះករណីឆ្លង COVID-19 ចំនួន៣៤ករណីថ្មីទៀត ដែលនេះជាតួលេខខ្ពស់បំផុតក្នុងរយៈពេលមួយខែកន្លងមក

កូរ៉េខាងត្បូង៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យម្សិលមិញ បានរកឃើញអ្នកឆ្លងវីរុសCOVID-19 ចំនួន៣៤ករណីថ្មីទៀត ក្រោយករណីឆ្លងជាចង្កោម ត្រូវបានគេរាយការណ៍ក្នុងក្លិបកម្សាន្តមួយចំនួននៅក្នុងទីក្រុងសេអ៊ូល នេះបើតាមសារព័ត៌មានយ៉ុនហាប់នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ អាជ្ញាធរកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានចេញបញ្ជាឲ្យទីតាំងកម្សាន្ត ដូចជា ក្លិប កម្សាន្ត និងបារផ្អាកអាជីវកម្មភ្លាមៗ ដោយសារវាបណ្តុំនៃការឆ្លងវីរ៉ុស COVID-19 ដែលត្រូវបានគេរកឃើញនៅក្នុងតំបន់វប្បធម៌ចម្រុះ Itaewon ដែលជាប់ក្បែរទីក្រុងសេអ៊ូល។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសកូរ៉េខាងត្បូង ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 កើនឡើងដល់១ម៉ឺន៩០៩នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២៥៦នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញសរុប៩ពាន់៦៣២នាក់៕
-
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីពន្យាពេលបិទប្រទេសមួយផ្នែករហូតដល់ថ្ងៃទី០៩ ខែមិថុនាខាងមុខ ដើម្បីទប់ស្កាត់ជម្ងឺ COVID-19

ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin បានប្រកាសថា វិធានការគ្រប់គ្រងសកម្មភាពប្រជាជនរបស់ម៉ាឡេស៊ី (MCO) នឹងត្រូវពន្យាពេលអនុវត្តរយៈពេល០៤សប្ដាហ៍បន្ថែមទៀត ពោលគឺរហូតដល់ថ្ងៃទី០៩ ខែមិថុនាខាងមុខ នេះបើតាមសារព័ត៌មាន CNA នៅទី១០ ខែឧសភា ឆ្នាំ២០២០។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះបានថ្លែងនៅថ្ងៃអាទិត្យម្សិលមិញថា ដោយផ្អែកលើការប្រឹក្សាពីក្រសួងសុខាភិបាល និងក្រុមប្រឹក្សាសន្តិសុខជាតិ លោកសូមប្រកាសថា វិធានការគ្រប់គ្រងសកម្មភាពប្រជាជនរបស់ម៉ាឡេស៊ីដែលនឹងត្រូវអស់សុពលភាពនៅថ្ងៃទី១២ ខែឧសភានេះ នឹងត្រូវពន្យាពេលរហូតដល់ថ្ងៃទី០៩ ខែមិថុនា ។ ស្ថិតនៅក្រោមវិធានការបិទប្រទេសមួយផ្នែកខាងលើនេះ ពាណិជ្ជកម្ម ឬអាជីវកម្មមិនសូវសំខាន់ និង សាលារៀនត្រូវបានបិទទ្វារ ស្របពេលដែលជើងហោះហើរក្នុងស្រុក និងអន្តរជាតិត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសម៉ាឡេស៊ី ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 កើនឡើងដល់៦ពាន់៦៥៦នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១០៨នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញសរុប៥ពាន់២៥នាក់ ៕
-
COVID-19 រាតត្បាតដល់២១២ប្រទេស នៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៤.២លាននាក់ ក្នុងនោះស្លាប់ជាង២៨ម៉ឺននាក់ និងជាសះស្បើយជិត១.៥លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤លាន១ម៉ឺន៨ពាន់៣០៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២៨ម៉ឺន៣ពាន់៨៥៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១លាន៤៩ម៉ឺន៧៧៦នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១២ហើយ នៅទូទាំងសកលលោក ពោលគឺ វាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៣៦ម៉ឺន៧ពាន់៦៣៨នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៨ម៉ឺន៧៨៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៥ម៉ឺន៦ពាន់៣៣៦នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៦ម៉ឺន៤ពាន់៦៦៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៦ពាន់៦២១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៧ម៉ឺន៦ពាន់៤៣៩នាក់ ។ ៣-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២១ម៉ឺន៩ពាន់១៨៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន១ពាន់៨៥៥នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ។ ៤-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់២១ម៉ឺន៩ពាន់៧០នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៥៦០នាក់ស្លាប់…
-
នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២០នាក់

-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ណែនាំដល់នារីខេត្តត្បូងឃ្មុំ ត្រូវជំរុញបង្កើនផ្នែកកសិកម្ម ខណៈដែលកម្ពុជានៅតែប្រឈមនឹងការឆ្លង រីករាលដាលមេរោគកូវីដ១៩

ខេត្តត្បូងឃ្មុំ៖ ក្នុងអំឡុងពេលកាន់ទុក្ខ និងចូលរួមក្នុងពិធីបុណ្យខួបគ្រប់៧ថ្ងៃ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាម្តាយក្មេក សម្តេចតេជោនាយករដ្ឋមន្រ្តី និងត្រូវជាម្តាយបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែនលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាល និងសួរសុខទុកដល់នារីនៃសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.៣៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០។ ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដោយបានលើកឡើងថា សម្តេចទាំងទ្វេរតែងតែគិតគូដល់សុខទុក្ខមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដោយក្តីនឹករលឹក ។លោកជំទាវក៏បានថ្លែងនូវការកោតសសើរ និងថ្លែងអំណរគុណដល់ប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយខេត្ត ក្រុង ស្រុក ទាំងអស់រួមទាំងរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបានរួមគ្នាបំពេញការងារបានយ៉ាងល្អនៅមូលដ្ឋានរៀងៗខ្លួន និងអនុវត្តបានយ៉ាងសកម្មក្នុងការចូលរួមទប់ស្កាត់នូវជម្ងឺកូវីដ១៩ ដែលពិភពលោក ក៏ដូចជាតំបន់បាននឹងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ។ លោកជំទាវក៏បានក្រើនរំលឹកដល់នារីទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ។ ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេ…