-
ថ្ងៃនេះ (២ ឧសភា ២០២០) ក្រសួងសុខាភិបាលប្រកាសថា មានករណីជាសះស្បើយ ១នាក់នៅខេត្តព្រះសីហនុ និងមិនមានករណី វិជ្ជមាន COVID-19ថ្មី។
ចំនួនអ្នកព្យាបាលជាសរុបកើនដល់ ១២០នាក់ ឯអ្នកសម្រាកព្យាបាលនៅត្រឹម ២នាក់ប៉ុណ្ណោះក្នុងចំណោម ១២២ករណីនៅទូទាំងប្រទេស។ អ្នកកំពុងសម្រាកព្យាបាល នៅខេត្តបន្ទាយមានជ័យម្នាក់ និងកំពង់ឆ្នាំងម្នាក់។
-
ឯកឧត្តម ឡូយ សុផាត៖ កម្មករនិយោជិត បន្តអនុវត្តន៍ឲ្យបានជាប្រចាំ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូរ៉ូណាវីរុស COVID-19
ខេត្តស្ទឹងត្រែង៖ អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ឯកឧត្តម ឡូយ សុផាត បានអញ្ជើញជាគណៈអធិបតី នៅក្នុងពិធីប្រារព្ធខួបលើកទី១៣៤ ទិវាពលកម្មអន្តរជាតិ ១ឧសភាឆ្នាំ២០២០ ក្រោមប្រធានបទ « សន្តិភាព និងការងារសមរម្យ » និងក៏មានការអញ្ជើញចូលរួម ពីអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈាង ឡាក់ តំណាងក្រុមហ៊ុន « ធី ប៊ី វាយ ប៊ី អង្គរបាណាណា » ថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក កងកម្លាំងទាំងបី មន្ត្រីរាជការជុំវិញខេត្ត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោក បួរ វិរុន រួមនឹងកម្មករនិយោជិត ប្រមាណ ៥៥០នាក់។ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្ទឹងត្រែង លោក បួរ វិរុន បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រជាអទិភាពទាំង៥ របស់ក្រសួងការងារ…
-
ប្រមុខអង្គការសហប្រជាជាតិជម្រុញឱ្យជំរុញឲ្យភាគីសង្រ្គាមទាំងអស់នៅទូទាំងពិភពលោកទម្លាក់អាវុធចុះ ហើយងាកមកប្រយុទ្ធ COVID-19 វិញ
ស្វីស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទែរែស បានសម្តែងក្តីសង្ឃឹមថា ក្រុមប្រឹក្សាសន្តិសុខអន្តរជាតិនឹងស្វែងរកសាមគ្គីភាព និងអនុម័តសេចក្តីសម្រេចនានា ដែលអាចជួយធ្វើឲ្យបទឈប់បាញ់មានអត្ថន័យ និងភាពជាក់ស្តែងពិតប្រាកដ នេះបើតាមសារព័ត៌មានស៊ីនហួរថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ។ នៅក្នុងសន្និសីទសារព័ត៌មានតាមរយៈវីដីអូខុនហ្វើរិនមួយ លោក អាន់តូនីញ៉ូ ហ្គូទែរែស ក៏បានអំពាវនាវឲ្យមានការផ្អាក ឬព្យួរបំណុលមួយរយៈពេលសិនសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឈន៍ទាំងអស់ រួមទាំងប្រទេសដែលមានប្រាក់ចំណូលមធ្យមផងដែរ ដើម្បីជួយពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។ សូមជម្រាបថា នៅទូទាំងពិភពលោក ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣លាន៣០ម៉ឺន៧ពាន់៦៧៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២៣ម៉ឺន៤ពាន់៧៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១លាន៣ម៉ឺន៩ពាន់១៨១នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ៕ធ.ដ
-
អង្គការសុខភាពពិភពលោក WHO អំពាវនាវឱ្យបន្ធូរបន្ថយជាបណ្តើរៗនៃវិធានការប្រឆាំង COVID-19 នៅទ្វីបអាហ្វ្រិក
បរទេស៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃព្រហស្បត្តិ៍នេះ បានជម្រុញឱ្យបណ្តាប្រទេសនៃទ្វីបអាហ្វ្រិក ធ្វើការបន្ធូរបន្ថយជាបណ្តើរៗនៃវិធានការប្រឆាំងនឹងជម្ងឺ COVID-19 ដើម្បីបញ្ចៀសករណីឆ្លងថ្មីបន្ថែមទៀត នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ។ អគ្គនាយិការអង្គការសុខភាពពិភពលោក WHO ប្រចាំតំបន់អាហ្វ្រិក លោកស្រី ម៉ាត់ស៊ីឌីសូ ម៉ូអេតទី បានគូសបញ្ជាក់ថា ការអនុវត្តវិធានការបិទជាតិ និង តំបន់ ពិតជាបានជួយពន្យឺតការរីករាលដាលនៃមេរោគ COVID-19 ប៉ុន្តែវានៅតែជាការគំរាមកំហែងដល់សុខាមាលភាពសាធារណៈ ។ នៅក្នុងទ្វីបអាហ្វ្រិក ត្រូវបានគេកត់ត្រាពីចំនួនអ្នកឆ្លងជម្ងឺ COVID-19 ច្រើនជាង៣ម៉ឺន៧ពាន់ករណី ក្នុងនោះមានអ្នកជម្ងឺប្រមាណ១ពាន់៥០០នាក់បាត់បង់ជីវិត ។ ជាមួយគ្នានេះ លោកស្រី ម៉ាត់ស៊ីឌីសូ ម៉ូអេតទី បានបន្ថែមទៀតថា អង្គការសុខភាពពិភពលោក WHO និង ម្ចាស់ជំនួយឯកជនកំពុងជួយប្រទេសអាហ្វ្រិកបង្កើនសមត្ថភាពធ្វើតេស្ត ដើម្បីសម្រួលដល់ការបើកឡើងវិញនូវសេដ្ឋកិច្ចរបស់ពួកគេដោយរលូន និងបញ្ចៀសករណីឆ្លងជំងឺរាតត្បាតសកលមួយនេះថ្មីៗទៀត ៕ធ.ដ
-
រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងពិភាក្សាពីវិធានការសងសឹកចិន ពាក់ព័ន្ធនឹងការផ្ទុះវីរុស COVID-19
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បត្តិ៍នេះ បានព្រមានដំឡើងពន្ធសាជាថ្មីលើទំនិញនាំចូលពីចិន ក្នុងគ្រាដែលរដ្ឋបាលរបស់លោកកំពុងពិភាក្សាពីវិធានការសងសឹកទីក្រុងប៉េកាំង ពាក់ព័ន្ធនឹងការផ្ទុះជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានាធិបតីអាមេរិករូបនេះបាននិយាយថា យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលពួកគេ (ចិន) ត្រូវបានតម្រូវឱ្យទិញផលិតផល ហើយបច្ចុប្បន្នពួកគេបានទិញផលិតផលជាច្រើនពីពួកយើង ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា ឥឡូវកិច្ចព្រមព្រៀងនេះ វាបានក្លាយជារឿងសំខាន់បន្ទាប់បន្សំប៉ុណ្ណោះ ដោយសារបញ្ហា COVID-19 លោកថា ស្ថានភាពវីរុសនេះ គឺជារឿងមិនអាចទទួលយកបាន ។ បើតាមមន្ត្រីអាមេរិកពីររូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ជម្រើសជាច្រើននៃវិធានការប្រឆាំងនឹងចិន ជុំវិញបញ្ហាជម្ងឺរាតត្បាតសកលនេះ កំពុងស្ថិតនៅក្រោមការពិចារណា ។ ប៉ុន្តែពួកគេបានអះអាងដែរថា វាស្ថិតនៅក្នុងតំណាក់កាលទីមួយតែប៉ុណ្ណោះ ហើយអនុសាសន៍ក៏មិនទាន់ទៅដល់ ដៃក្រុមមន្ត្រីទីប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់លោក ដូណាល់ ត្រាំ នោះដែរ ៕ធ.ដ
-
ចិនអះអាងថា ខ្លួនគ្មានចំណាប់អារម្មណ៍ជ្រៀតជ្រែកការបោះឆ្នោតប្រធានា ធិបតីរបស់សហរដ្ឋអាម៉េរិកទេ
ចិន៖ ប្រទេសចិនគ្មានចំណាប់អារម្មណ៍ជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះទេ និង ជម្រុញឱ្យសហរដ្ឋអាមេរិកគួរតែប្រឈមមុខជាមួយមេរោគ COVID-19 ជាជាងការពាក់មុខយក្សដាក់ចិន នេះបើតាមសារព័ត៌មាន CGTN នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ។ ការអះអាងបែបនេះរបស់ចិន ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានចោទប្រកាន់ថ្មីៗនេះថា ចិននឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឱ្យលោកចាញ់ការបោះឆ្នោត ហើយបន្ដល្បែងទម្លាក់កំហុសមកលើទីក្រុងប៉េកាំង ថាមកពីការខ្ជីខ្ជា ទើបធ្វើឱ្យពលរដ្ឋអាមេរិកយ៉ាងហោចណាស់៦ម៉ឺននាក់ស្លាប់ ។ ទន្ទឹមគ្នា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក កេង សួង បានលើកឡើងថា រឿងបោះឆ្នោត គឺជាកិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកសុទ្ធសាទ ហើយចិនគ្មានចំណាប់អារម្មណ៍ចូលជ្រៀតជ្រែកឡើយ ។ លោកសង្កត់ធ្ងន់ថា ពេលវេលានេះ សហគមន៍អន្ដរជាតិគួរតែរួមគ្នាប្រយុទ្ធនឹងការគំរាមកំហែង COVID-19 ដោយវីរុសនេះ គឺជាសត្រូវរួមរបស់មនុស្សជាតិ ៕ធ.ដ
-
ក្រុមហ៊ុនឱសថដ៏ធំមួយរបស់ចិនត្រៀមខ្លួនផលិតវ៉ាក់សាំងប្រឆាំងនឹងជម្ងឺ COVID-19 ទ្រង់ទ្រាយធំ
ចិន៖ ស៊ីនណូវ៉ាក់ បាយអូតិច (Sinovac Biotech) ដែលជាក្រុមហ៊ុនផលិតឱសថដ៏ធំរបស់ចិន បានលើកឡើងថា ការស្រាវជ្រាវលើវ៉ាក់សាំងប្រឆាំងនឹងវីរុស COVID-19 របស់ខ្លួនដំណើររលូនល្អ និង ទទួលបានជោគជ័យក្នុងការធ្វើតេស្តលើសត្វស្វា នេះបើតាមសារព័ត៌មាន RFI នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ។ ក្រុមហ៊ុនផលិតឱសថដ៏ធំរបស់ចិនមួយនេះ បានឲ្យដឹងទៀតថា ខ្លួនបានត្រៀមរួចជាស្រេចហើយ ក្នុងការផលិតវ៉ាក់សាំងឱ្យបានចំនួន១០០លានក្នុងមួយឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតសកលមួយនេះ ។ បើទោះបីជាទើបតែបានចាប់ផ្តើមការសាកល្បងលើមនុស្ស និងនៅមិនទាន់ទទួលបានលទ្ធផលយ៉ាងណាក្តី ខណៈនេះក្រុមហ៊ុន ស៊ីនណូវ៉ាក់ បាយអូតិច បានផលិតវ៉ាក់សាំងចំនួនរាប់ពាន់រួចទៅហើយ ។ វ៉ាក់សាំងនេះ ត្រូវបានផលិត និងវេចខ្ចប់ដោយមានស្រោមពណ៌សលាយពណ៌ទឹកក្រូច និងមានបិទឈ្មោះថា “កូរ៉ូណាវ៉ាក់” ។ សូមរំលឹកផងដែរថា ស៊ីនណូវ៉ាក់ បាយអូតិច គឺជាក្រុមហ៊ុនផលិតឱសថដ៏ធំបំផុតមួយរបស់ចិន និង មានបុគ្គលិកធ្វើការប្រមាណជា១ពាន់នាក់ ។ ក្រុមហ៊ុននេះក៏ ធ្លាប់មានបទពិសោធន៍ក្នុងការផលិតវ៉ាក់សាំងប្រឆាំងជំងឺផ្តាសាយបក្សី H1N1 ក្នុងឆ្នាំ ២០០៩ ផងដែរ ៕ធ.ដ …
-
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីគ្រោងបន្ធូរបន្ធយការរឹតត្បិតលើសកម្មភាពសង្គម និងសេដ្ឋកិច្ច ស្របពេលចំនួនអ្នកឆ្លងជម្ងឺ COVID-19 ធ្លាក់ចុះ
ម៉ាឡេស៊ី៖ សកម្មភាពសេដ្ឋកិច្ច និង សង្គមមួយផ្នែកធំរបស់ប្រទេសម៉ាឡេស៊ី នឹងត្រូវបើកដំណើរការឡើងវិញ ស្របពេលដែលចំនួនអ្នកឆ្លងជម្ងឺ COVID-19 ធ្លាក់ចុះ នេះបើតាមការប្រកាសរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មូយីដឌីន យ៉ាសស៊ីន និងត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះបានគូសបញ្ជាក់ថា ប្រទេសរបស់លោកបានបាត់បង់ទឹកប្រាក់ទំហំ២.៤ពាន់លានរីងហ្គីត ឬស្មើនឹង៥៦០លានដុល្លារជារៀងរាល់ថ្ងៃ ចាប់តាំងពីវិធានការទប់ស្កាត់ការរាតត្បាតនៃជម្ងឺ COVID-19 បានចូលជាធមាន ។ ប៉ុន្តែទន្ទឹមគ្នា លោក យ៉ាសស៊ីន បានអះអាងដែរថា សកម្ម ភាពសេដ្ឋកិច្ច សង្គម និងសាសនាមានលក្ខណៈប្រមូលផ្ដុំទ្រង់ទ្រាយធំ និងការប៉ះពាល់គ្នាជិតស្និទ្ធ នឹងមិនត្រូវបានអនុញ្ញាតឡើយ ខណៈសាលារៀននឹងនៅតែបន្តបិទទ្វារដដែលរហូតដល់មានការសម្រេចចិត្តជាថ្មី ។ គួរបញ្ជាក់ថា នៅទូទាំងប្រទេសម៉ាឡេស៊ី ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់៦ពាន់២នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២៩៣នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញសរុប៤ពាន់១៧១នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ៕ធ.ដ
-
កូវីដ១៩៖ ថៃបើកភោជនីយដ្ឋាន ហាងកាហ្វេ និងផ្សារ វិញខានស្អែកនេះ
ប្រទេសថៃកំពុងត្រៀមបន្ធូរបន្ថយវិធានការទប់ទល់នឹងជំងឺកូវីដ១៩ ទូទាំងប្រទេស ខ្លះៗ នាថ្ងៃទី៣ ឧសភា ខាងមុខនេះ ក្នុងនោះរួមមានទាំង ការបើកឡើងវិញនូវភោជនីយដ្ឋាន ហាងកាហ្វេ និងផ្សារនានាផងដែរ។ អ្នកនាំពាក្យមជ្ឈនមណ្ឌគ្រប់គ្រងស្ថានភាពកូវីដ១៩ លោកវេជ្ជបណ្ឌិត Thaweesilp Wisanuyothin បាននិយាយក្នុងពេលធ្វើសន្និសីទសារព័ត៌មាន នាថ្ងៃព្រហស្បតិ៍ ម្សិលមិញថា សកម្មភាពនិងអាជីវកម្មចំនួន៦ប្រភេទ ដែលធ្លាប់បានបិទនៅប្រទេសថៃ ដោយសារតែរលកនៃការចម្លងជំងឺកូវីដ១៩នោះ នឹងត្រូវបើកដំណើរការឡើងវិញ ក្នុងនោះ រួមមានផ្សារ កន្លែងញុំាអាហារក្រៅហាងលក់ដូរ កន្លែងហាត់ប្រាន កន្លែងធ្វើសក់ និងហាងទំនិញផ្សេងៗទៀត។ ន្តែការបើកដំណើរឡើងវិញនេះ ក៏ស្ថិតក្រោមការតាមដានស្ថានភាព ១៤ថ្ងៃទៀតដែរ ដោយបារម្ភពីការឆ្លងរាតត្បាតកូវីដ១៩ទ្រង់ទ្រាយធំឡើងវិញ។ កាលពីថ្ងៃទី៣០ មេសា ២០២០ម្សិលមិញ ថៃរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន៧ករណីថ្មី នាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់២៩៥៤នាក់ ក្នុងនោះ មានអ្នកជាសះស្បើយ២៦៨៧នាក់ ស្លាប់៥៤នាក់៕ធ.ដ
-
ផលិតផលក្នុងស្រុកសរុប GDP របស់សហរដ្ឋអាម៉េរិក ធ្លាក់ចុះ៤.៨ភាគរយក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ ដោយសារតែវិបត្តិបង្កឡើងដោយ COVID-19
សហរដ្ឋអាម៉េរិក៖ ផលិតផលក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាម៉េរិក បានធ្លាក់ចុះជិត ៥ភាគរយ ដោយសារតែវិបត្តិបង្កឡើងដោយមេរោគ COVID-19 ក្នុងរយៈពេល០៣ខែមកនេះ ហើយវាក៏ជាការធ្លាក់ចុះខ្លាំងបំផុតលើកដំបូងចាប់តាំងពីឆ្នាំ២០១៤ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ។ ផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ៤.៨ភាគរយ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០ ដោយសារតែការដាំក្បាលចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ ។ ទន្ទឹមគ្នា ធនាគារកណ្ដាលសហរដ្ឋអាម៉េរិក (FED) គ្រោងនឹងរក្សាអត្រាការប្រាក់ឱ្យនៅកៀកសូន្យភាគរយ រហូតដល់ទីផ្សារការងារមានភាពល្អប្រសើរឡើងវិញ ។ សូមបញ្ជាក់ថា នៅត្រីមាសទី២ ឆ្នាំ២០២០ខាងមុខនេះ ត្រូវបានគេរំពឹងថា អាចនឹងអាក្រក់ជាងនេះទៅទៀត ប៉ុន្ដែប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងដោយគ្មានភស្ដុតាងថា សេដ្ឋកិច្ចប្រទេសរបស់លោកនឹងងើបឡើងវិញក្នុងឆ្នាំ២០២០នេះ ៕ធ.ដ