-
ថៃពន្យាពេលបិទជើងហោះហើរពាណិជ្ជកម្មចូលក្នុងប្រទេសរបស់ខ្លួនរយៈពេល០១ខែបន្ថែមទៀត ដើម្បីទប់ស្កាត់ជម្ងឺ COVID-19
ថៃ៖ រដ្ឋាភិបាលថៃបានចេញសេចក្តីសម្រេចថា ចាប់ពីថ្ងៃទី០១ ខែឧសភា រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២០នេះ ជើងហោះហើរពាណិជ្ជកម្មទាំងអស់ ដែលចូលមកក្នុងទឹកដីថៃត្រូវបិទមិនអនុញ្ញាតឱ្យហោះចូលមកឡើយ នេះបើតាមគេហទំព័រ ឆៀងរ៉ៃ ថាម នាពេលថ្មីៗ។ ប៉ុន្តែក៏មានករណីលើកលែងផងដែរ ដូចជាយន្តហោះយោធា ឬរបស់រដ្ឋ ការចុះចតបន្ទាន់ ការចុះចតដោយបញ្ហាបច្ចេកទេស យន្តហោះជំនួយមនុស្សធម៌ វេជ្ជសាស្រ្ត ឬសម្ភារៈសង្គ្រោះទាក់ទងនឹងជំងឺ Covid-19 យន្តហោះដឹកពលរដ្ឋថៃចូលប្រទេសវិញ និងយន្តហោះដឹកជញ្ជូនទំនិញ ត្រូវបានអនុញ្ញាតឱ្យចូលមកក្នុងដែនដីប្រទេសថៃជាធម្មតា ។ សូមជម្រាបថា នេះជាការពន្យាពេលសារជាថ្មីម្តងទៀត បន្ទាប់ពីរដ្ឋាភិបាលថៃបានប្រកាសសបម្រាមនេះកាលពីពាក់កណ្តាលខែមេសាមកនេះ ។ រដ្ឋាភិបាលថៃក៏បានប្រកាសពន្យាពេលបិទជើងហោះហើរត្រឹមចុងខែមេសាប៉ុណ្ណោះ ប៉ុន្តែដោយសារស្ថានភាពមិនទាន់អំណោយផល ដូច្នេះត្រូវបន្ថែមរយៈពេល០១ខែទៀត ៕ធ.ដ
-
លោក បូរីស ចនសុន បញ្ជាក់ថា អង់គ្លេសឆ្លងផុតចំណុចកំពូលនៃជំងឺ COVID-19 និង កំពុងស្ថិតក្នុងដំណើរទៅរកការធ្លាក់ចុះ
អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន ថ្លែងថា អង់គ្លេសឆ្លងផុតចំណុចកំពូល នៃវិបត្តិជំងឺ COVID-19 របស់ខ្លួនហើយ ខណៈការអះអាងនេះ ធ្វើឡើងអំឡុងពេលធ្វើសន្និសិទសារព័ត៌មានលើកដំបូងរបស់លោក ចាប់តាំងពីលោកធ្វើតេស្តអវិជ្ជមានចំពោះមេរោគនេះ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃ ទី០១ ខែឧសភា ឆ្នាំ២០២០ ។ គោលការណ៍ជាច្រើនត្រូវបានដាក់ចេញ ដើម្បីធានាឲ្យបាននូវការធ្លាក់ចុះវិញសម្រាប់ករណីឆ្លង និងស្លាប់ដោយសារវីរុស COVID-19 ហើយចំណែកវ៉ាក់សាំងប្រឆាំងមេរោគនេះ ក៏កំពុងស្ថិតនៅក្នុងការអភិវឌ្ឍ និងសាកល្បងផងដែរ ។ ទន្ទឹមគ្នា ផែនការគ្រប់ជ្រុងជ្រោយមួយ នឹងត្រូវបានចេញផ្សាយនៅសប្តាហ៍ក្រោយ ដែលវានឹងផ្តោតសំខាន់លើបញ្ហាបីដូចជា៖ វិធីដែលអង់គ្លេសអាចដំណើរសេដ្ឋកិច្ចជាថ្មី ការអនុញ្ញាតឲ្យក្មេងៗចូលសាលារៀនវិញ និង ការបើកឲ្យពលរដ្ឋទៅបំពេញកិច្ចការងារជាធម្មតា ។ សូមជម្រាបថា នៅទូទាំងចក្រភពអង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់១៧ម៉ឺន១ពាន់២៥៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៦ពាន់៧៧១នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ៕ធ.ដ
-
អាល្លឺម៉ង់ពន្យាពេលអនុវត្តន៍វិធានការរក្សាគម្លាតពីគ្នាក្នុងសង្គមរហូតដល់ថ្ងៃទី១០ ខែឧសភាខាងមុខ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជម្ងឺ COVID-19
អាល្លឺម៉ង់៖ វិធានការដាក់ឲ្យពលរដ្ឋរក្សាគម្លាតពីគ្នាក្នុងសង្គម ត្រូវបានអាជ្ញាធរអាល្លឺម៉ង់ពន្យាពេលរហូតដល់ថ្ងៃទី១០ ខែឧសភាខាងមុខ នេះបើតាមនាយកខុទ្ទកាល័យរបស់អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ដែលបានថ្លែងនៅមុនកិច្ចប្រជុំរដ្ឋាភិបាលមួយ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីពិនិត្យវិធានការនេះឡើងវិញ ។ លោកស្រី Merkel និងមេដឹកនាំរដ្ឋនានារបស់អាល្លឺម៉ង់ ក៏នឹងពិភាក្សាអំពីសំណើបើកសាលារៀន និងកន្លែងមើលកូនក្មេង ព្រមទាំងការបើកព្រឹត្តិការណ៍កីឡាឡើងវិញផងដែរ ប៉ុន្តែពួកគេនៅរង់ចាំទិន្នន័យនៅថ្ងៃទី០៦ ខែឧសភានេះ ដែលនឹងបង្ហាញពីលទ្ធផលនៃការបន្ធូរបន្ថយកន្លងមក មានផលប៉ះពាល់យ៉ាងណា មុននឹងសម្រេចតទៀត ។ កាលពីសប្តាហ៍មុន អាល្លឺម៉ង់បានចាប់ផ្តើមបន្ធូរបន្ថយការបិទសកម្មភាពក្នុងប្រទេស នៅពេលហាងមួយចំនួនត្រូវបានគេអនុញ្ញាតឲ្យបើកឡើងវិញ ខណៈណាពួកគេធានាការអនុវត្តការរក្សាគម្លាតពីគ្នា ប៉ុន្តែលោកស្រី Merkel និងទីប្រឹក្សាបារម្ភថា ការឆ្លងវីរុសអាចកើនឡើងវិញ ។ សូមជម្រាបថា នៅទូទាំងប្រទេសអាល្លឺម៉ង់ ចំនួនអ្នកឆ្លងកើនឡើងដល់១៦ម៉ឺន៣ពាន់៩នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៦ពាន់៦២៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១២ម៉ឺន៣ពាន់៥០០នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ៕ធ.ដ
-
នាយករដ្ឋមន្រ្តីរុស្ស៉ី ធ្វើតេស្តរកឃើញមានផ្ទុកវីរុស COVID-19 ស្របពេលអ្នកឆ្លងនៅទូទាំងប្រទេសកើនឡើងដល់១០.៦ម៉ឺននាក់
រុស្ស៊ី៖ នាយករដ្ឋមន្រ្តីរុស្ស៉ី លោក Mikhail Mishustin ត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកមេរោគ COVID-19 ខណៈដែលនៅទូទាំងប្រទេសនេះ ចំនួនសរុបនៃអ្នកឆ្លងកើនឡើងដល់១០ម៉ឺន៦ពាន់៤៩៨នាក់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា លោក Mikhail Mishustin ក៏បានប្រាប់ទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ផងដែរថា លោកមានផ្ទុកវីរុស COVID-19 ហើយក៏បានថ្លែងតាមកញ្ចក់ទូរទស្សន៍ទៀតថា ឧបនាយករដ្ឋមន្រ្តីរុស្ស៊ីទី១លោក Andrey Belousov គួរធ្វើជានាយករដ្ឋមន្រ្តីស្តីទីជំនួសលោក នៅពេលអវត្តមាន ហើយសំណើរនេះត្រូវបានលោក ពូទីន ឯកភាព ។ សូមជម្រាបថា នៅទូទាំងប្រទេសរុស្ស៊ី ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១០ម៉ឺន៦ពាន់៤៩៨នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១ពាន់៧៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១ម៉ឺន១ពាន់៦១៩នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ៕ធ.ដ
-
រយៈពេល០៦ថ្ងៃជាប់គ្នា វៀតណាមធ្វើតេស្តរកមិនឃើញមានករណីឆ្លងជម្ងឺ COVID-19 ថ្មីៗនោះទេ
វៀតណាម៖ នៅក្នុងរយៈពេល០៦ថ្ងៃជាប់គ្នា វៀតណាមនៅតែបន្តមិនមានករណីឆ្លងថ្មីនៃជម្ងឺ COVID-19 នោះទេ ខណៈចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេស មានចំនួន២៧០ករណីដដែល នេះបើតាមសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ។ ក្រសួងសុខាភិបាលវៀតណាមបានអោយដឹងថា មនុស្សប្រមាណ៣ម៉ឺន៥ពាន់នាក់នៅតែកំពុងស្ថិតក្រោមការតាមដាន ឬ ដាក់ឲ្យនៅដាច់ដោយឡែកពីគេឯង គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ។ អ្នកជំងឺ COVID-19 សរុបនៅវៀតណាម ដែលត្រូវបានចាត់ទុកថា ជាសះស្បើយ មានចំនួន២១៩នាក់ តែយ៉ាងតិច១០នាក់ ត្រូវបានធ្វើតេស្តឃើញវិជ្ជមានម្តងទៀត ។ ដោយឡែក ក្នុងចំណោមករណីឆ្លងទាំងអស់ គឺពុំមានអ្នកណាម្នាក់បាត់បង់ជីវិតឡើយ ៕ធ.ដ
-
ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៣.៣០លាននាក់ ក្នុងនោះស្លាប់ជាង២៣.៤ម៉ឺននាក់ និងជាសះស្បើយជាង១លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣លាន៣០ម៉ឺន៧ពាន់៦៧៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២៣ម៉ឺន៤ពាន់៧៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១លាន៣ម៉ឺន៩ពាន់១៨១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១០ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៩ម៉ឺន៥ពាន់២៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៦ម៉ឺន៣ពាន់៨៥៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៥ម៉ឺន២ពាន់៣២៤នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៣ម៉ឺន៩ពាន់៦៣៩នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៤ពាន់៥៤៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៣ម៉ឺន៧ពាន់៩៨៤នាក់ ។ ៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់២០ម៉ឺន៥ពាន់៤៦៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់៩៦៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧ម៉ឺន៥ពាន់៩៤៥នាក់ ។ ៤-អង់គ្លេស…
-
អ្នកវិទ្យាសាស្រ្តសហរដ្ឋអាម៉េរិកសាទរចំពោះរបកគំឃើញដ៏សំខាន់មួយ ដើម្បី ប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19
សហរដ្ឋអាម៉េរិក៖ ក្រុមអ្នកវិទ្យាសាស្ត្រអាម៉េរិក នៅថ្ងៃពុធនេះ បានសាទរចំពោះរបកគំហើញដ៏សំខាន់មួយ ដើម្បីប្រឆាំងវីរុស COVID-19 ខណៈការធ្វើតេស្តមួយ បង្ហាញថា អ្នកជំងឺបានឆ្លើយតបនឹងថ្នាំប្រឆាំងវីរុសមួយប្រភេទ ដោយជំរុញឱ្យមានក្តីសង្ឃឹមជាសកលសម្រាប់ការវិលត្រឡប់មករកប្រក្រតីភាពឡើងវិញ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ។ នៅក្នុងភស្តុតាងដំបូងនៃការព្យាបាលដោយជោគជ័យប្រឆាំងនឹងវីរុស COVID-19 ដែលបានសម្លាប់មនុស្សជាង២២ម៉ឺន៦ពាន់នាក់នៅទូទាំងសកលលោកនោះ ការសាកល្បងព្យាបាលដោយប្រើថ្នាំ រ៉េមឌីស៊ីវើ (Remdesivir) បានបង្ហាញថា អ្នកជំងឺបានធូរស្បើយលឿនជាងអ្នកដែលប្រើថ្នាំសាកល្បងដទៃទៀត ប្រហែល៣០ភាគរយ ។ ជាមួយគ្នានេះ អ្នកឯកទេសខាងរោគរាតត្បាតកំពូលអាមេរិក ដែលឃ្លាំមើលការសិក្សានេះ លោក អានថូនី ហ្វូស៊ី បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា ទិន្នន័យបានបង្ហាញថា ថ្នាំ រ៉េមឌីស៊ីវើ មានប្រសិទ្ធភាពវិជ្ជមាន និង សំខាន់ក្នុងការពន្លឿនពេលវេលាដើម្បីឆាប់ជាសះស្បើយ ។ លោក ហ្វូស៊ី បានសង្កត់ធ្ងន់ថា ការធ្វើតេស្តដែលមានការចូលរួមពីមនុស្ស១ពាន់៦៣នាក់នៅទីតាំងចំនួន ៦៨ កន្លែងនៅសហរដ្ឋអាម៉េរិក អឺរ៉ុប និង អាស៊ីបានបង្ហាញថា ថ្នាំនេះអាចទប់ស្កាត់វីរុសនេះបាន ៕ធ.ដ …
-
ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 នៅអង់គ្លេសកើនឡើងជាង១៦ម៉ឺននាក់ ក្នុងនោះមានអ្នកជម្ងឺជាង២ម៉ឺន៦ពាន់នាក់ស្លាប់
អង់គ្លេស៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដូមីនីក រ៉ាអេប បានអោយដឹងថា តួលេខសរុបនៃអ្នកជំងឺស្លាប់ដោយសារវីរុស COVID-19 បានកើនឡើងដល់២ម៉ឺន៦ពាន់៩៧នាក់នៅក្នុងមន្ទីរពេទ្យ មណ្ឌលថែទាំ និងនៅតាមសហគមន៍ធំៗនៅទូទាំងប្រទេស គិតត្រឹមថ្ងៃ ពុធ ម្សិលមិញ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០២០ ។ ប្រមុខការទូតអង់គ្លេសរូបនេះបានអោយដឹងទៀតថា គិតត្រឹមព្រឹកថ្ងៃពុធម្សិលមិញ មនុស្សប្រមាណ៦៣ម៉ឺន២ពាន់៧៩៤នាក់នៅទូទាំងប្រទេស បានទទួលការធ្វើតេស្ដ ហើយក្នុងនោះ មនុស្ស១៦ម៉ឺន៥ពាន់២២១នាក់បានឆ្លងវីរុស COVID-19 ខណៈចំនួនអ្នកជាសះស្បើយនៅមិនទាន់មានការបញ្ជាក់នោះទេ ។ សូមបញ្ជាក់ថា នៅទូទាំងចក្រភពអង់គ្លេស ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១៦ម៉ឺន៥ពាន់២២១នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៦ពាន់៩៧នាក់ស្លាប់ និងជាសះស្បើយវិញនៅមិនទាន់មានការបញ្ជាក់នោះទេ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ៕ធ.ដ
-
លោក ស៊ី ជីនពីង ថ្លែងថា ចិននឹងទទួលបានសមិទ្ធផលជាយុទ្ធសាស្ត្រសំខាន់ៗ ក្នុងការយកជ័យជំនះលើការប្រយុទ្ធប្រឆាំងនឹង COVID-19
ចិន៖ ប្រធានាធិបតីចិន និង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន លោក ស៊ី ជីនពីង បានដឹកនាំកិច្ចប្រជុំជាន់ខ្ពស់មួយ ដើម្បីពិភាក្សាពីការគ្រប់គ្រងជម្ងឺរាតត្បាត និង គាំទ្រការអភិវឌ្ឍនៅខេត្តហ៊ូប៉ី ដែលជាទីតាំងផ្ទុះឡើងនៃវីរុស COVID-19 ដំបូងបង្អស់ នេះបើតាមសារព័ត៌មាន CGTN នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ។ លោកប្រធានរដ្ឋចិនបានមានប្រសាសន៍នៅឯកិច្ចប្រជុំថា ក្រោមការដឹកនាំដ៏រឹងមាំរបស់គណៈកម្មាធិការកណ្តាល និង ដោយមានការគាំទ្រយ៉ាងខ្លាំងពីភាគីផ្សេងៗ ប្រទេសចិនបានទទួលនូវសមិទ្ធផលជាយុទ្ធសាស្ត្រសំខាន់ៗ ក្នុងការយកជ័យជំនះលើការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃមេរោគ COVID-19 ។ លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ទៀតថា សមិទ្ធផលនេះមិនមែនបានមកដោយងាយស្រួលនោះទេ… ដោយលោកសូមអំពាវនាវឱ្យបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារប្រឆាំងនឹងករណីនាំចូល និង ការស្ទុះងើបឡើងវិញចំពោះករណីឆ្លងក្នុងស្រុក ដើម្បីឱ្យសង្គម និងសេដ្ឋកិច្ចបន្តងើបឡើងវិញ ៕ធ.ដ
-
នាយករដ្ឋមន្រ្តីជប៉ុនកំពុងពិចារណាពន្យាពេលដាក់ប្រទេសក្នុងគ្រាអាសន្ន ខណៈការរាតត្បាតនៃមេរោគ COVID-19 នៅតែធ្ងន់ធ្ងរ
ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ថ្លែងថា រដ្ឋាភិបាលរបស់លោកនឹងប្រឹក្សាយោបល់ជាមួយក្រុមអ្នកជំនាញ ជុំវិញសេចក្តីសម្រេចថាតើគួរតែពន្យាពេលដាក់ប្រទេសក្នុងគ្រាអាសន្ន រហូតដល់ថ្ងៃទី០៦ ខែឧសភាខាងមុខដែរឬក៏យ៉ាងណា នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ។ ការកត់សម្គាល់បែបនេះរបស់លោក អាបេ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុនរូបនេះ កាលពីថ្ងៃទី១៦ ខែមេសា បានប្រកាសពីភាពអាសន្នទូទាំងប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ហើយនឹងត្រូវផុតកំណត់ទៅវិញនៅថ្ងៃទី០៦ ខែឧសភាខាងមុខនេះ ។ វិធានការនេះធ្វើឡើងដើម្បីឱ្យប្រជាជនឲ្យស្ថិតនៅតែក្នុងផ្ទះ និងអាជីវកម្មមួយចំនួនត្រូវបិទទ្វារ ខណៈច្បាប់ប្រទេសនេះដែរ មិនបានអនុញ្ញាតឲ្យមានវិធានការបិទប្រទេសដោយបង្ខំនោះទេ ។ សូមបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញ នៅទូទាំងប្រទេសជប៉ុន បានរកករណីឆ្លងថ្មីៗចំនួន៧០ករណីបន្ថែមទៀត ដែលនាំឲ្យតួលេខសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១ម៉ឺន៣ពាន់៩៦៥ករណី ក្នុងនោះមានអ្នកជម្ងឺ៤២៥នាក់បាត់បង់ជីវិត និងជាសះស្បើយវិញសរុប២ពាន់៣៦៨នាក់ ៕ធ.ដ