-
លោក ដូណាល់ ត្រាំ សម្រេចចុះហត្ថលេខាលើបទបញ្ជាហាមឃាត់ជនអន្តោប្រវេសន៍ចូលទឹកដីសហរដ្ឋអាម៉េរិករយៈពេល០២ខែ
សហរដ្ឋអាម៉េរិក៖ ទីបំផុតប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ សម្រេចចុះហត្ថលេខាលើបទបញ្ជាថ្មីមួយ ដែលនឹងដាក់កំហិតលើការធ្វើអន្តោប្រវេសន៍មកកាន់សហរដ្ឋអាម៉េរិក ក្នុងរយៈពេល០២ខែ ក្នុងបំណងរាំងខ្ទប់ការរាលដាលនៃមេរោគ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានេះដែរ លោក ដូណាល់ ត្រាំ បាននិយាយថា ដើម្បីការពារប្រជាជនអាម៉េរិកដ៏អស្ចារ្យរបស់យើង លោកទើបតែបានចុះហត្ថលេខាលើបទបញ្ជាមួយ ដែលនឹងហាមឃាត់ជាបណ្ដោះអាសន្ន ការធ្វើអន្តោប្រវេសន៍មកកាន់ សហរដ្ឋអាម៉េរិក លោកថា នឹងកែប្រែបទបញ្ជានេះកំឡុង៦០ថ្ងៃ ឬក៏អាចនឹងបន្តអនុវត្តន៍បទបញ្ជានេះ អាស្រ័យទៅលើវាយតម្លៃស្ថានភាពបច្ចុប្បន្ន ។ សូមបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់៨៤ម៉ឺន៩ពាន់៩២នាក់ ក្នុងនោះអ្នកជម្ងឺ៤ម៉ឺន៧ពាន់៦៨១នាក់ស្លាប់ និងជាសះស្បើយឡើងវិញ៨ម៉ឺន៤ពាន់៥០នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០៕
-
មេដឹកនាំរុស្ស៊ី និងអាល្លឺម៉ង់ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទស្តីពីការរាលដាលនៃជម្ងឺរាតត្បាតសកល COVID-19 និងវិបត្តិជម្លោះនៅអ៊ុយក្រែន
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល បានធ្វើកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទមួយ នៅថ្ងៃពុធនេះ ដោយផ្តោតសំខាន់លើបញ្ហាមួយចំនួន ក្នុងនោះរួមមានការប្រយុទ្ធប្រឆាំងជម្ងឺ COVID-19 និងការដោះស្រាយជម្លោះនៅអ៊ុយក្រែន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។ បើតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង មេដឹកនាំទាំងពីរបានវាយតម្លៃជាវិជ្ជមានចំពោះការដោះដូរអ្នកទោសរវាងរដ្ឋាភិបាលអ៊ុយក្រែន និងតំបន់ លូហាន និងដូណេត ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។ បន្ថែមលើនេះ លោក ពូទីន និងលោកស្រី មឺហ្គែល ថែមទាំងបានពិភាក្សាគ្នាលើបញ្ហាមួយចំនួនទៀត ដែលមានជាប់ពាក់ព័ន្ធនឹងស្ថានការណ៍វិវត្តន៍ថ្មីៗនៅក្នុងប្រទេសស៊ីរី និងលីប៊ី ក៏ដូចជាស្ថានការណ៍នៃទីផ្សារប្រេងនៅក្នុងពិភពលោកផងដែរ។ សូមបញ្ជាក់ថា នៅរុស្ស៊ី ចំនួនអ្នកជម្ងឺ COVID-19 កើនឡើងដល់៥ម៉ឺន៧ពាន់៩៩៩នាក់ ក្នុងនោះស្លាប់៥១៣នាក់ និងជាសះស្បើយ៤ពាន់៤២០នាក់ ខណៈនៅអាល្លឺម៉ង់វិញ ចំនួនអ្នកឆ្លងកើនឡើងដល់១៥ម៉ឺន៦៤៨នាក់ ក្នុងនោះស្លាប់៥ពាន់៣១៥នាក់ និងជាសះស្បើយ១០ម៉ឺន៣ពាន់៣០០នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ៕ …
-
ប្រធានាធិបតីបារាំងកំពុងពិចារណាបន្ធូរបន្ថយការរឹតត្បិតបន្តិចម្តងៗ បន្ទាប់ពីបានអនុវត្តន៍វិធានការណ៍ដើម្បីទប់ស្កាត់ការរាលដាលនៃជម្ងឺ COVID-19
បារាំង៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បានថ្លែងនៅថ្ងៃពុធនេះ អំឡុងដំណើរទស្សនកិច្ចទៅកាន់ភាគពាយ័ព្យប្រទេសថា រដ្ឋាភិបាលនឹងពិចាណារលើការបន្ធូរបន្ថយការរឹតត្បិតបន្តិចម្តងៗ គិតចាប់ពីថ្ងៃទី១១ ខែឧសភាខាងមុខ សម្រាប់តំបន់ផ្សេងៗគ្នានៅក្នុងប្រទេស នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ។ ស្ថិតក្រោមផែនការរបស់រដ្ឋាភិបាលបារាំង ក្នុងការទប់ស្កាត់ជម្ងឺរាតត្បាតសកល COVID-19 គ្រប់ហាងកាហ្វេ ភោជនីយដ្ឋាន ហាងលក់ទំនិញ រោងភាពយន្ត និងរោងមហោស្រពជាដើម នៅតែបន្តបិទទ្វារជាបណ្តោះអាសន្ន ខណៈដែលការប្រារព្ធកម្មវិធីបុណ្យធំៗជាច្រើនទៀត ក៏ត្រូវបានបញ្ជាឱ្យផ្អាករហូតដល់ពាក់កណ្តាលខែ កក្កដា ខាងមុខនេះផងដែរ ។ សូមជម្រាបថា នៅទូទាំងប្រទេសបារាំង ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១៥ម៉ឺន៩ពាន់៨៧៧នាក់ ក្នុងនោះអ្នកជម្ងឺ២ម៉ឺន១ពាន់៣៤០នាក់ស្លាប់ និងជាសះស្បើយឡើងវិញ៤ម៉ឺន៦៥៧នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ៕
-
កូរ៉េខាងជើងបង្កើតគេហទំព័រសុខភាព ដើម្បីផ្សព្វផ្សាយព័ត៌មានប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19
កូរ៉េខាងជើង៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងជើងបានបង្កើតគេហទំព័រថ្មីមួយ ស្ថិតក្នុងគោលបំណងជំរុញផ្សព្វផ្សាយព័ត៌មាន និងគោលនយោបាយស្តីពីសុខភាពសាធារណៈ ក៏ដូចជាវិធានការបង្ការ ព្រមទាំងទប់ស្កាត់ការរីករាលនៃជម្ងឺរាតត្បាតសកល COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។ គេហទំព័រដែលកូរ៉េខាងជើងបង្កើតឡើងខាងលើនេះ មានឈ្មោះថា អ៊ីនមីនបូហ្គូន (Inminbogon) ដែលមានភាសាផ្លូវការចំនួន០២ រួមមានភាសាកូរ៉េ និងអង់គ្លេស ដើម្បីណែនាំពីកិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗនេះ ដែលត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺ COVID-19 នៅទូទាំងប្រទេស ។ គួរបញ្ជាក់ផងដែរថា រហូតមកទល់នឹងពេលនេះ ប្រទេសកូរ៉េខាងជើងនៅពុំទាន់អះអាងពីករណីឆ្លង និង បាត់បង់ជីវិតដោយសារតែជម្ងឺរាតត្បាតសកល COVID-19 ដែលបានឆក់យកអាយុជីវិតមនុស្សជាង១៨ម៉ឺននាក់ នៅទូទាំងពិភពលោកនេះនៅឡើយនោះទេ ៕
-
អង្គការសុខភាពពិភពលោក WHO អំពាវនាវឲ្យប្រជាជាតិទាំងអស់ បង្កើនការប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19 បន្តទៀត
ស្វីស៖ វិបត្តិបង្កឡើងដោយមេរោគ COVID-19 នឹងមិនអាចបញ្ចប់នាពេលឆាប់ៗនោះឡើយ ខណៈប្រទេសខ្លះទើបតែឈានចូលតំណាក់កាលដំបូង នៃការប្រយុទ្ធប្រឆាំងចំពោះជម្ងឺរាតត្បាតសកលនេះប៉ុណ្ណោះ និង អំពាវនាវឱ្យប្រជាជាតិទាំងអស់ប្រឹងប្រែងប្រយុទ្ធជាមួយវីរុសនេះបន្តទៅមុខទៀត នេះបើតាមអង្គការសុខភាពពិភពលោក (WHO) និងចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។ សារព្រមានរបស់អង្គការសុខភាពពិភពលោក WHO ខាងលើនេះ ធ្វើឡើងបន្ទាប់ពីប្រទេសមួយចំនួនបានបង្ហាញពីចេតនាចង់ដកការរឹតត្បិត ហើយឈានទៅបើកដំណើរការសេដ្ឋកិច្ចរបស់ពួកគេឡើងវិញ ទាំងដែលបញ្ហាមេរោគ COVID-19 នៅមិនទាន់មានភាពធូរស្រាលនៅឡើយនោះ។ កន្លងមក ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស ក៏ធ្លាប់បានបញ្ជាក់ដែរថា កុំសាងនូវកំហុស… យើងមានផ្លូវដ៏វែងឆ្ងាយ ដែលត្រូវដើរទៅមុខ លោកថា វីរុសនេះនឹងស្ថិតនៅជាមួយយើងយូរអង្វែងបន្ថែមទៀត ៕
-
នៅអាល្លឺម៉ង់ ការធ្វើតេស្តវ៉ាក់សាំងប្រឆាំងនឹងជម្ងឺ COVID-19 ចាប់ផ្តើមហើយ ខណៈអ្នកឆ្លងវីរុសកើនឡើងលើស១៥ម៉ឺននាក់
អាល្លឺម៉ង់៖ ការធ្វើតេស្តវ៉ាក់សាំងប្រឆាំងនឹងជម្ងឺ COVID-19 ក្នុងដំណាក់កាលដំបូង បានចាប់ផ្តើមដំណើរការហើយនៅអាល្លឺម៉ង់ ក្នុងសប្តាហ៍នេះ ខណៈវ៉ាក់សាំងនេះ កំពុងស្ថិតក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុនឯងទេសខាងជីវ-បច្ចេកវិទ្យា បាយអូធីនធិច (BioNTech) មានមូលដ្ឋាននៅទីក្រុង មែនស៍ នេះបើតាមសារព័ត៌មាន CNN នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ។ ការធ្វើតេស្តនៃវ៉ាក់សាំងខាងលើនេះដែរ នឹងត្រូវធ្វើឡើងចំពោះមនុស្សសុខភាពល្អចំនួន២០០នាក់ ដែលមានអាយុចន្លោះ១៨ដល់២៥ឆ្នាំនៅដំណាក់កាលដំបូង ហើយដំណាក់កាលបន្ទាប់ នឹងធ្វើឡើងចំពោះអ្នកដែលប្រឈមហានិភ័យខ្ពស់ពី ជម្ងឺ COVID-19 ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសអាល្លឺម៉ង់ ចំនួនអ្នកឆ្លងមេរោគ COVID-19 កើនឡើងដល់១៥ម៉ឺន៦៤៨នាក់ ក្នុងនោះអ្នកជម្ងឺ៥ពាន់៣១៥នាក់ស្លាប់ និងជាសះស្បើយឡើងវិញ៩ម៉ឺន៩ពាន់៤០០នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ៕
-
វៀតណាមគ្រោងលុបចោលការរឹតត្បិតលើការធ្វើដំណើរនៅទូទាំងប្រទេស ខណៈមិនមានករណីឆ្លងជម្ងឺ COVID-19 ជិតមួយសប្តាហ៍ហើយ
វៀតណាម៖ រដ្ឋាភិបាលវៀតណាមនឹងចាប់ផ្តើមដកចេញវិញ ចំពោះការដាក់កំហិតលើការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស បន្ទាប់ពីបានដាក់ឱ្យអនុវត្តន៍ពីមុន ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ COVID-19 នេះបើតាមសារព័ត៌មាន Bangkok Post នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។ ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួនហ្វុក បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍ថា មិនមានខេត្តណាមួយនៅក្នុងប្រទេស ត្រូវបានគេមើលឃើញថា មានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនោះទេ ខណៈអាជីវកម្មមិនចាំបាច់មួយចំនួននឹងនៅរក្សាបិទដដែល។ បើតាមទិន្នន័យរបស់ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃទី២២ ខែមេសានេះ ប្រទេសវៀតណាមបានធ្វើតេស្តរកវីរ៉ុសលើមនុស្ស១៨ម៉ឺន៦៧នាក់ និងបានរកឃើញករណីឆ្លងវីរ៉ុសចំនួន២៦៨នាក់ ហើយមកដល់ពេលនេះ ៨៣ភាគរយនៃអ្នកឆ្លងបានជាសះស្បើយ និងមិនមានអ្នកស្លាប់នោះទេ ៕
-
ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង២.៦៣លាននាក់ ក្នុងនោះស្លាប់ជាង១៨ម៉ឺននាក់ និងជាសះស្បើយជាង៧១ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២លាន៦៣ម៉ឺន៧ពាន់៦៨១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១៨ម៉ឺន៤ពាន់២១៩នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុបចំនួន៧១ម៉ឺន៧ពាន់៧៥៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១០ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៨៤ម៉ឺន៨ពាន់៩៩៤នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៧ពាន់៦៧៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨ម៉ឺន៤ពាន់៥០នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២០ម៉ឺន៨ពាន់៣៨៩នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន១ពាន់៧១៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨ម៉ឺន៥ពាន់៩១៥នាក់ ។ ៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់១៨ម៉ឺន៧ពាន់៣២៧នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៥ពាន់៨៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥ម៉ឺន៤ពាន់៥៤៣នាក់ ។ ៤-បារាំង ចំនួនអ្នកឆ្លងកើនឡើងដល់១៥ម៉ឺន៩ពាន់៨៧៧នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន១ពាន់៣៤០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤ម៉ឺន៦៥៧នាក់…
-
ក្រសួងសុខាភិបាល បានចេញប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១០នាក់
-
អ្នកនាំពាក្យអង្គការសុខភាពពិភពលោក WHO និយាយថា មេរោគ COVID-19 មានប្រភពចេញពីសត្វ មិនមែនមន្ទីរពិសោធន៍នោះទេ
ស្វីស៖ អ្នកនាំពាក្យអង្គការសុខភាពពិភពលោក WHO លោកស្រី ហ្វាឌែឡា ខេប បានគូសបញ្ជាក់ថា ភស្ដុតាងដែលមានស្រាប់ទាំងអស់បានសន្មត់ថា វីរុសកូរ៉ូណាថ្មី (SARS-CoV-2) ដែលបង្កជាជំងឺរលាកសួត COVID-19 មិនមែនមានប្រភពចេញពីសត្វ មិនមែនមន្ទីរពិសោធន៍នោះទេ នេះបើតាមសារព័ត៌មានស៊ីនហួនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ។ យ៉ាងណាមិញ នៅចំពោះមុខអ្នកសារព័ត៌មានក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃអង្គារសប្ដាហ៍នេះ លោកស្រី ហ្វាឌែឡា ខេប មិនបានបញ្ជាក់លម្អិតថា តើវីរុសនេះចម្លងពីសត្វទៅមនុស្សដោយរបៀបណានោះទេ ដោយគ្រាន់តែឱ្យដឹងថា ការសិក្សាពីវីរុសកូរ៉ូណាប្រភេទថ្មី ពីសត្វប្រចៀវទៅកាន់មនុស្ស កំពុងបន្តធ្វើឡើងនៅឡើយ ។ ការកត់សម្គាល់បែបនេះរបស់អ្នកនាំពាក្យអង្គការសុខភាពពិភពលោក WHO រូបនេះ ធ្វើឡើងស្របពេលដែលរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កំពុងព្យាយាមស៊ើបអង្កេតរកការពិត ថាតើជម្ងឺ COVID-19 មានប្រភពមកពីមន្ទីរពិសោធន៍ក្នុងទីក្រុងវូហាន ប្រទេសចិន ជាទីដែលជំងឺរាតត្បាតសកលនេះផ្ទុះឡើងដំបូងកាលពីខែធ្នូ ឆ្នាំ២០១៩ ដែរឬក៏យ៉ាងណា ៕