-
ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ បានអូសបន្លាយការប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ មិនទាន់អាចវិលត្រឡប់វិញ
ភ្នំពេញ៖ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ នៅតែបន្តការរីករាលដាល បានអូសបន្លាយការប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ មិនទាន់អាចវិលត្រឡប់វិញ នេះបើតាមការបញ្ជាក់ពី លោក ឈី កុលបុត្រា លេខាធិការប្រតិបត្តិ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ដែលជាគណៈកម្មការ គ្រប់គ្រងការប្រកួតកីឡាបាល់ទាត់ ។លោកបញ្ជាក់ថា ពេលនេះពុំទាន់អាចបញ្ជាក់ ពីគម្រោងដំណើរការប្រកួតឡើងវិញនៃក្របខ័ណ្ឌកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន បាននៅឡើយ ដោយការប្រកួតទាំងពីរកម្រិត នៅតែបន្តផ្អាក នាខែមេសានេះ អាស្រ័យលើស្ថានភាពជាក់ស្តែង និងសេចក្តីប្រកាស ឬការណែនាំរួមពីថ្នាក់ដឹកនាំ។ លោក ឈី កុលបុត្រា អះអាងថា «យោងតាមការប្រកាសរបស់រាជរដ្ឋាភិបាលមិនឲ្យមានការប្រមូលផ្តុំលើសពី១០នាក់ទេ ដូច្នេះការប្រកួតបាល់ទាត់នេះលើសគោលការណ៍បែបនេះបាត់ទៅហើយ ហើយក៏អត់ទាន់មានការណែនាំណាពីថ្នាក់ជាតិ ឬមួយក្រសួង ឬស្ថាប័នណាឲ្យយើងដែរ។ ដូចឃើញស្រាប់ហើយសេចក្ដីថ្លែងការណ៍ចេញមកមិនឲ្យមានការជួបជុំនៅឡើយជារួម ។ ជាក់ស្ដែងការប្រកួតយើង គ្រាន់តែមួយក្រុមមានកីឡាករលើសការហាមប្រាមនេះបាត់ទៅហើយ ចុះទម្រាំពីរក្រុមទៀត ទោះយើងលេងបិទទ្វារក៏ដោយ ក៏មានចំនួនកាន់តែច្រើនទៀត។ យើងព្យាយាមកុំឲ្យប៉ះពាល់គ្នានាពេលបច្ចុប្បន្ននេះសិន ចាំមើលការណែនាំពីថ្នាក់ដឹកនាំ ឬសេចក្តីប្រកាសថ្នាក់ជាតិ ឬក៏ក្រសួងសិន បើគាត់ចេញគោលការណ៍ថ្មីបែបណាទៀត ចំាយើងនឹងយកមកពិភាក្សាក្នុងក្រុមការងារ ក៏ដូចជាមួយក្លិបបាល់ទាត់ទាំងអស់ជាសមាជិក»។…
-
កម្មករ២នាក់ ដែលទើបត្រឡប់មកពីស្រុកកំណើតក្នុងឳកាសបុណ្យចូលឆ្នាំ ត្រូវបានយកសំណាកទៅត្រួតពិនិត្យក្រោយមានរោគសញ្ញាសង្ស័យជំងឺកូវីដ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំឱ្យមានមណ្ឌលចត្តាឡីស័កចំនួន១០កន្លែង រាយតាមតំបន់ដែលមានរោងចក្រច្រើននៅរាជធានីភ្នំពេញ សម្រាប់ដាក់កម្មករនិយោជិតឱ្យនៅដាច់ដោយឡែក១៤ថ្ងៃ ក្រោយពួកគេត្រលប់ពីស្រុកកំណើត និងឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅ។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកហេង សួរ នៅព្រឹកថ្ងៃទី២០មេសា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យនៅតាមមណ្ឌលចត្តាឡីស័កនីមួយៗ។ លោកបានឱ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅ មានកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅទូទាំងប្រទេសប្រមាណ៣ម៉ឺននាក់ ស្មើនឹង ២% បានឈប់សម្រាកទាំងមានច្បាប់ និងគ្មានច្បាប់អនុញ្ញាត ក្នុងនោះនៅរាជធានីភ្នំពេញ មានជាង១ម៉ឺន៥ពាន់នាក់ ប៉ុន្តែក៏មានកម្មករមួយចំនួនមិនបានត្រលប់មកធ្វើការវិញដែរ ដោយសារតែជម្នះចង់ឈប់សម្រាកនាឱកាសបុណ្យចូលឆ្នាំថ្មី។ លោកហេង សួរ បានបន្តថា គិតមកដល់ពេលនេះ គេបានរកឃើញកម្មករចំនួន២នាក់ ដែលចេញរោគសញ្ញាខ្លះៗសង្សស័យជារោគសញ្ញារបស់ជំងឺកូវីដ១៩ ហើយពួកគេក៏ត្រូវបានយកសំណាកទៅត្រួតពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រហើយ។ លោកបានបន្តថា ពួកគេកំពុងទទួលបានការយកចិត្តទុកដាក់ពីអ្នកគ្រប់គ្រងមណ្ឌលចត្តាឡីស័ក ដោយមានកម្លាំងនគរបាលពិនិត្យមិនឱ្យគាត់ចេញដើរផ្ដេសផ្ដាសឡើយ និងមានការផ្ដល់ម្ហូបអាហារផងដែរ។ លោក ហេង សួរ បានឲ្យដឹងថា មណ្ឌលចត្តាឡីស័កទាំង១០ទីតាំងនោះ មាននៅសួនឧស្សាហកម្មវឌ្ឍនៈ១ នៅសួនឧស្សាហកម្មកាណាឌីយ៉ា, អនុវិទ្យាល័យគោកបញ្ជាន់, សួនឧស្សាហកម្មវឌ្ឍនៈ២, វិទ្យាល័យជម្ពូវ័ន្ត, អនុវិទ្យាល័យដង្កោ,…
-
រដ្ឋបាលក្រុងលីស៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន ផ្តល់សម្ភារបរិក្ខាពេទ្យ ជូនដល់រដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ ឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្ត កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បានទទួលស្វាគមន៍ រដ្ឋបាលក្រុងលីស៊ួយ ខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន នាំយកអំណោយជាបរិក្ខាពេទ្យ មានម៉ាស់ N95 ចំនួន៥០០ សម្លៀកបំពាក់ពេទ្យ១០០កំប្លេរ និងម៉ាស់ចំនួន១ម៉ឺនម៉ាស់ មកផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក Mei Zhongmin អនុប្រធានសមាគមពាណិជ្ជកម្មខេត្តជឺជាំង ប្រចាំកម្ពុជា។ មានប្រសាសន៍សំណេះសំណាលនោះលោក Mei Zhongmin ក៏បានលើកឡើងផងដែរ អំពីកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា ចិន សំខាន់ខេត្តសៀមរាប និងក្រុងលីស៊ួយ នៃខេត្តជឺជាំង ក្នុងពេលប្រទេសចិន បានកំពុងជួបវិបត្តិកូវិដ១៩ រដ្ឋបាលខេត្តសៀមរាប បានជួយឧបត្ថម្ភនូវសម្ភារបរិក្ខាពេទ្យ ក្នុងនាមជាបងប្អូនរួមជីវិតតែមួយ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវិដ១៩។ លោកបានបន្តទៀតថា ដោយកាយវិកាដ៏សប្បុរសធម៌របស់រដ្ឋបាលខេត្តសៀមរាប ដែលធ្វើឲ្យក្រុង ខេត្តសម្ព័ន្ធមេត្រីភាពនឹងគ្នា មិនអាចបំភ្លេចបាននូវគ្រាលំបាកនោះឡើយ។ ដូច្នេះនៅពេលកម្ពុជាបានកំពុងជួបវិបត្តិកូវិដ១៩នេះ រដ្ឋបាលក្រុងលីស៊ួយ ក៏ដូចជាខេត្តសម្ព័ន្ធមេត្រី ត្រូវធ្វើការចែករំលែកគ្នាជួយមិត្តក្នុងគ្រាលំបាក ក៏បាននាំយកនូវសម្ភារៈបរិក្ខាពេទ្យមួយចំនួន ផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប…
-
ម៉ាសចំនួន៥ពាន់ម៉ាស ឧបករណ៍វាស់កម្តៅ៩០គ្រឿង ជែល និងទឹកអាល់កុលលាងដៃ៣ពាន់ដប ត្រូវបានសប្បុរសជននៅរាជធានីភ្នំពេញ ឧបត្ថម្ភជូនដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ដើម្បីបង្ការទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩
(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវបានបន្តទទួលការឧបត្ថម្ភយកចិត្តទុកដាក់ពីសំណាក់សប្បុរសជននៅរាជធានីភ្នំពេញ នូវជែល និងទឹកអាល់កុលលាងដៃ៣ពាន់ដប ឧករណ៍វាស់កម្តៅ៩០គ្រឿង និងម៉ាស៥ពាន់ម៉ាស សម្រាប់ប្រើប្រាស់បង្ការទប់ស្កាត់ជម្ងឺឆ្លងកូវីដ ១៩គ្រា ដែលក្រសួងសុខាភិបាលកម្ពុជានៅតែអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ជាដដែលពីជម្ងឺឆ្លងកូវីដ១៩ ដោយបញ្ហាជម្ងឺកូវីដ១៩នៅតែគំរាមកំហែងជាសកលនៅឡើយនោះទេ។ ពិធីប្រគល់ និងទទួលសម្ភារ ខាងលើបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ឯកឧត្តមឧត្តមសេនីយ៍ឯក បានថ្លែងអំណរគុណជ្រាលជ្រៅបំផុតចំពោះសប្បុរសជនទាំងអស់ ដែលតែងតែគាំទ្រលើកទឹកចិត្តគិតគូដល់សុខភាពកម្លាំងនគរបាលរាជធានីភ្នំពេញ ដោយបានផ្តល់ នូវសម្ភារ និងឧបករណ៍ជាបន្តបន្ទាប់ជាច្រើនដល់កម្លាំងនគរបាលរាជធានីភ្នំពេញ នៅក្នុងតំណាក់កាលនៃការរីករាលដាលជម្ងឺឆ្លងកូវីដ១៩ សម្រាប់កងកម្លាំងនគរបាលរាជធានីភ្នំពេញប្រើប្រាស់ក្នុងការចូលរួមបង្ការទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩។ កម្លាំងនគរបាលរាជធានីភ្នំពេញ បាននឹងកំពុងបំពេញភារកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងបានចូលរួមជាមួយក្រសួងសុខាភិបាលកម្ពុជាចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋតាមមូលដ្ឋាន ក៏ដូចជាផ្សព្វផ្សាយអប់រំកងកម្លាំងនគរបាលតាមអង្គភាពចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យមានការយល់ដឹងចូលរួមបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជម្ងឺឆ្លងកូវីដ១៩។ សូមបញ្ជាក់ថា សប្បុរសជនឧបត្ថម្ភសម្ភារ និងឧករណ៍ខាងលើរួមមាន៖ ១)លោក ម៉េង ហេងឡុង ឧបត្ថម្ភម៉ាស២៥០០ម៉ាស ទឹកអាល់កុល៥០០ដប ជែល៥០០ដប ឧបករណ៍វាស់កម្តៅ៥គ្រឿង ២)លោក ថុង…
-
ពលរដ្ឋអាម៉េរិករាប់ពាន់នាក់ប្រមូលផ្តុំគ្នាតវ៉ានៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងគោលបំណងប្រឆាំងនឹងបទបញ្ជាឲ្យស្ថិតនៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ COVID-19
សហរដ្ឋអាម៉េរិក៖ ផ្ទុះការតវ៉ាក្នុងទ្រង់ទ្រាយធំមួយ នៅខាងមុខវិមានកាពីតូល ក្នុងទីក្រុងអូឡាំព្យ៉ា រដ្ឋវ៉ាស៊ីនតោន យពលរដ្ឋអាម៉េរិករាប់ពាន់នាក់បានសម្ដែងការប្រឆាំងនឹងបទបញ្ជាស្ថិតនៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CGNT នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ បាតុកម្មតវ៉ាខាងលើនេះ បានផ្ទុះឡើងជាបន្តបន្ទាប់នៅតាមទីក្រុងនានានៃរដ្ឋជាច្រើនក្នុងសហរដ្ឋអាម៉េរិក នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដោយបាតុករទាំងអស់បានអំពាវនាវឱ្យមានការលុបចោលវិធានការទាំងនេះ មុនកាលកំណត់ពោល គឺនៅមុនថ្ងៃទី០៤ ខែឧសភាខាងមុខ ។ ដោយឡែកប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះក៏បានបង្ហោះសារមួយលើបណ្តាញសង្គម Twitter បង្ហាញការគំាទ្រដល់ក្រុមបាតុករនៅរដ្ឋមីឈីហ្គែន, មីនណេសូតា និងរដ្ឋ វ៉ឺជីនៀ ដែលទាមទារឱ្យមានការលុបចោលវិធានការរឹតត្បិត ដើម្បីឱ្យពួកគេអាចត្រឡប់ទៅធ្វើការដូចធម្មតាវិញផងដែរ ៕
-
កូរ៉េខាងត្បូងចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតមួយចំនួន ក្រោយករណីឆ្លងថ្មីៗនៃមេរោគ COVID-19 ថយចុះជាបន្តបន្ទាប់
កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងបានពង្រីកគោលនយោបាយ នៃគម្លាតក្នុងសង្គមរបស់ខ្លួនសម្រាប់រយៈពេល១៦ថ្ងៃបន្ថែមទៀតនៅថ្ងៃអាទិត្យម្សិលមិញ ប៉ុន្តែ ក៏បានផ្តល់ការបន្ធូរបន្ថយខ្លះផងដែរ ក្នុងនោះមានការជួបជុំនៅព្រះវិហារ និងការប្រកួតកីឡាជាដើម ខណៈករណីឆ្លងថ្មីៗនៃវីរុស COVID-19 បានធ្លាក់ចុះទាបបំផុតនារយៈពេល០២ខែជាប់ៗគ្នា នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន នៅថ្ងៃអាទិត្យម្សិលមិញ បាននិយាយថា វឌ្ឍនភាពរបស់ប្រទេសកូរ៉េខាងត្បូងបានផ្តល់ក្តីសង្ឃឹមថា មេរោគ COVID-19 គឺអាចគ្រប់គ្រងបាន នៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោក ។ លោកបន្ថែមថា កាលពីដើមឆ្នាំនេះ កូរ៉េខាងត្បូងមានចំនួនអ្នកឆ្លងវីរុសធំជាងគេនៅអាស៊ី នៅខាងក្រៅប្រទេសចិន ប៉ុន្តែចាប់តាំងពីពេលនោះមក វាត្រូវបានយកឈ្នះដោយប្រទេសផ្សេងៗទៀតវិញ ។ សូមបញ្ជាក់ថា រហូតមកទល់នឹងបច្ចុប្បន្ន នៅទូទាំងប្រទេសកូរ៉េខាងត្បូង ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១ម៉ឺន៦៧៤នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២៣៦នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៨ពាន់១១៤នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ៕
-
នៅមីយ៉ាន់ម៉ា ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១១១នាក់ក្នុងនោះអ្នកជម្ងឺ០៥នាក់ស្លាប់ និងជាសះស្បើយ០៧នាក់
មីយ៉ាន់ម៉ា៖ អ្នកឆ្លងមេរោគ COVID-19 ចំនួន០៤នាក់បន្ថែមទៀតត្រូវបានធ្វើតេស្តរកឃើញនៅថ្ងៃអាទិត្យម្សិលមិញ ធ្វើឱ្យចំនួនសរុបនៃអ្នកឆ្លងនៅទូទាំងប្រទេសមីយ៉ាន់ម៉ាកើនឡើងដល់១១១ករណី ក្នុងនោះអ្នកជម្ងឺ០៥នាក់ស្លាប់ និងជាសះស្បើយឡើងវិញ០៧នាក់ នេះបើតាមសារព័ត៌មានស៊ីនហួរដកស្រង់ប្រភពីអាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ា ចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ។ អ្នកឆ្លងថ្មីទាំង០៤ករណីនេះ ត្រូវបានរកឃើញនៅក្នុងទីក្រុងរ៉ង់ហ្គូន ហើយអ្នកជំងឺអស់នោះ គឺពុំមានប្រវត្តិធ្វើដំណើរចេញក្រៅប្រទេសឡើយនារយៈពេល១៤ថ្ងៃចុងក្រោយនេះ ប៉ុន្តែមាន០២នាក់ក្នុងចំណោមពួកគេ ធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយករណីឆ្លងមេរោគ COVID-19 មុនៗ។ ជាវិធានការបង្ការ និងទប់ស្កាត់បន្ទាន់នោះ អាជ្ញាធរមីយ៉ាន់ម៉ាបានដាក់ចេញនូវបំរាមគោចរពេលយប់នៅតាមតំបន់មួយចំនួន ហើយបន្ថែមលើនេះ ពួកគេក៏បានណែនាំកុំឲ្យមានការប្រមូលផ្តុំមនុស្សលើសពី០៥នាក់ឡើងទៅផងដែរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលមួយនេះ៕
-
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនព័ត៌មានដល់ប្រជាពលរដ្ឋខ្មែរ អំពីបញ្ហាការងារនៅក្នុងប្រទេសជប៉ុន
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុនមេត្តាជ្រាបថា ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុនអនុញ្ញាតឱ្យ កម្មសិក្សាការី និងពលករជំនាញដែលបាត់បង់ការងារ ហើយនិស្សិតដែលត្រូវបានក្រុមហ៊ុនលុបកិច្ចសន្យាការងារមុនចូលធ្វើការ នៅដើមខែមេសានេះ អាចស្វែងរកការងារថ្មីបាន(អាចដូរមុខជំនាញ)។
-
ស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០
-
កូវីដ១៩៖ ស្តេចថៃឡាយព្រះហស្ថលេខាលើច្បាប់ចំណាយថវិកាជិត៦០ពាន់លានដុល្លារ
ថៃ៖ ព្រះមហាក្សត្រថៃ កាលពីថ្ងៃទី១៩ មេសាម្សិលមិញ បានឡាយព្រះហស្ថលេខាលើសេចក្តីព្រាងច្បាប់ស្តីពីការចំណាយប្រាក់១.៩លានលានបាត ឬជិត៦០ពាន់លានដុល្លារអាម៉េរិក យកទៅប្រើប្រាស់ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចពីជំងឺវីរុសកូវីដ១៩ ដោយច្បាប់នេះត្រូវមានសុពលភាពភ្លាមៗ ក្រោយការឡាយព្រះហស្ថលេខា នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។ សេចក្តីព្រាងច្បាប់នេះត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត កាលពីសប្តាហ៍មុន ដោយអនុញ្ញាតឲ្យរាជរដ្ឋាភិបាលខ្ចីប្រាក់១លានលានបាត យកទៅប្រើប្រាស់វិស័យសុខាភិបាលផង និងដើម្បីបង្កើតការងារធ្វើផង។ ធនាគារថៃ ក៏នឹងត្រូវអនុញ្ញាតឲ្យសហគ្រាសធុនតូចខ្ចីប្រាក់៥ពាន់លានបាត ហើយក៏នឹងកំណត់មូលនិធិ៤០០ពាន់លានបាត ដើម្បីជួយសម្របសម្រួលបំណុលនេះ។ ប្រទេសថៃត្រូវបានព្យាករណ៍ថា នឹងខាតបង់សេដ្ឋកិច្ច១.៣ទ្រីលានបាត ឬជាង៤០ពាន់លានបាត ដោយភាគច្រើនប៉ះពាល់លើវិស័យទេសចរណ៍ និងការបាត់បង់ការងាររហូតដល់១០លាននាក់ ដោយសារតែជំងឺរាតត្បាតមួយនេះ៕