-
លោក ដូណាល់ ត្រាំ ព្រមានពីពេលវេលាឈឺចាប់នឹងអូសបន្លាយ២សប្តាហ៍ទៀត ខណៈអ្នកស្លាប់ដោយសារជម្ងឺ COVID-19 កើនលើស៤ម៉ឺននាក់
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី៣១ ខែមីនា បានព្រមានថា សហរដ្ឋអាម៉េរិកទាំងមូលគួរតែត្រៀមខ្លួនសម្រាប់រយៈពេលដ៏គួរឲ្យឈឺចាប់ ដែលនឹងត្រូវអូសបន្លាយពីរសប្តាហ៍ទៀត ខណៈអ្នកជំនាញប្រចាំសេតវិមានក៏បានព្រមានដែរថា មនុស្ស១លាននាក់អាចនឹងឆ្លងជម្ងឺ COVID-19 ក្នុងនោះអ្នកស្លាប់អាចកើនដល់២០ម៉ឺននាក់ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃ០១ ខែមេសា ឆ្នាំ២០២០ ។ ការកត់សម្គាល់ខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងស្របពេលដែលសហរដ្ឋអាម៉េរិក គិតត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ មានអ្នកស្លាប់ដោយសារជម្ងឺ COVID-19 ចំនួន៧០០នាក់ជាលើកដំបូង ក្នុងគ្រាដែលរដ្ឋាភិបាលបានសាងសង់មន្ទីរពេទ្យបណ្តោះអាសន្នរាប់រយ ដើម្បីទទួលព្យាបាលអ្នកជំងឺ ក៏ដូចជាបន្ធូរបន្ថយភាពតានតឹងលើប្រព័ន្ធថែទាំសុខភាព ។ បើតាមសាកលវិទ្យាល័យអាម៉េរិក ចន ហប់ឃីន ជម្ងឺ COVID-19 បានសម្លាប់ជីវិតមនុស្សកើនឡើងដល់៤ពាន់៧៦នាក់ ក្នុងចំណោមករណីឆ្លងសរុប១៨ម៉ឺន៩ពាន់៥១០នាក់នៅទូទាំងសហរដ្ឋអាម៉េរិក ដែលវាជាតួលេខខ្ពស់ជាងគេបំផុតនៅលើពិភពលោក ៕
-
អេស្ប៉ាញរាយការណ៍ពីករណីឆ្លងថ្មីៗនៃជម្ងឺ COVID-19 ចំនួន៩ពាន់២២២ករណីទៀត នាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់៩ម៉ឺន៤ពាន់៤១៧ករណី
អេស្ប៉ាញ៖ អាជ្ញាធរសុខាភិបាលអេស្ប៉ាញបានរាយការណ៍ថា ចំនួនអ្នកឆ្លងថ្មីៗនៃជម្ងឺ COVID-19 នៅទូទាំងប្រទេស កើនឡើងចំនួន៩ពាន់២២២ករណីទៀត នាំឱ្យតួលេខសរុបនៃអ្នកឆ្លងកើនឡើងដល់៩ម៉ឺន៤ពាន់៤១៧ករណី នេះបើតាមសារព័ត៌មានស៊ីនហួ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ។ ប្រភពដដែលបានឱ្យដឹងទៀតថា ករណីឆ្លងថ្មីៗទាំង៩ពាន់២២២ករណីទៀតនេះ បានក្លាយជាអត្រាឆ្លងដ៏ខ្ពស់ប្រចាំថ្ងៃថ្មីមួយ បើធៀបនឹងថ្ងៃទី២៩ និងទី៣០ ខែមីនាមកនេះ ដែលមានត្រឹមតែ៦ពាន់៥៤៩ករណី និង៦ពាន់៣៩៨ករណី ។ ស្របពេលជាមួយគ្នានោះដែរ ប្រទេសអេស្ប៉ាញក៏រាយការណ៍ពីការរកឃើញអ្នកស្លាប់ថ្មីៗដោយសារជម្ងឺ COVID-19 ចំនួន៨៩៤នាក់ទៀតផងដែរ គិតត្រឹមរយៈពេល២៤ម៉ោងប៉ណ្ណោះ ដែលនេះអត្រាស្លាប់ដ៏ខ្ពស់ថ្មីមួយ បើធៀបនឹងថ្ងៃទី២៩ ខែមីនា មានចំនួនត្រឹមតែ៨៣៨នាក់ ។ ទីក្រុងម៉ាឌ្រីត នៅតែជាក្រុងរងគ្រោះខ្លាំងជាងគេនៅក្នុងប្រទេសអេស្ប៉ាញ ដែលបានចុះបញ្ជីមានចំនួនអ្នកឆ្លង២ម៉ឺន៧ពាន់៥០៩ករណី និងអ្នកស្លាប់ចំនួន៣ពាន់៦០៣នាក់ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ៕
-
នាយករដ្ឋមន្រ្តីថៃព្រមានពន្យាពេលដាក់ប្រទេសក្នុងគ្រាអាសន្ន១ខែ ឬ២ខែទៀត បើសិនស្ថានការណ៍នៃជម្ងឺ COVID-19 នៅមិនទាន់ធូរស្រាល
ថៃ៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃទី៣១ ខែមីនា បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថា លោកអាចនឹងប្រកាសពន្យាពេលដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយខែ ឬពីរខែទៀត ប្រសិនបើស្ថានការណ៍រាតត្បាតនៃជម្ងឺ COVID-19 ក្នុងប្រទេស នៅមិនទាន់ធូរស្រាល នេះបើតាមសារព័ត៌មានស៊ីនហួនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលបានចូលជាធរមានចាប់ពីថ្ងៃទី២៦ ខែមីនា ហើយនឹងបន្តរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ។ សូមបញ្ជាក់ថា ក្រសួងសុខាភិបាលសាធារណៈថៃ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានរាយការណ៍ពីករណីឆ្លងថ្មីៗចំនួន១២០ករណីទៀត ដែលប្រការនេះធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងកើនឡើងដល់១ពាន់៧៧១ករណី ក្នុងនោះមានអ្នកជំងឺ១២នាក់បានស្លាប់ និងអ្នកជាសះស្បើយ៣៤២នាក់ ខណៈរដ្ឋធានីបាងកក មានអ្នកឆ្លងច្រើនជាងគេ រហូតដល់ទៅ៨៥០ករណីឯណោះ ៕
-
នគរបាលខណ្ឌច្បារអំពៅបង្កើនការយកចិត្តទុកដាក់ផ្សព្វផ្សាយវិធីប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់មេរោគ កូវិដ១៩ ដល់ប្រជាពលរដ្ឋ
ភ្នំពេញ៖ ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងមុឺងម៉ាត់ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ភ្នំពេញ និងដោយមានការចង្អុលបង្ហាញ បញ្ជា ផ្ទាល់ពីលោកចេង មុនីរ៉ា អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ។ នៅព្រឹកថ្ងៃទី០១-០៤-២០២០ លោក វរសេនីយ៍ទោ ម៉ៅ សឿត អធិការនគរ បាលខណ្ឌ បានដឹកនាំកំលាំងចុះក្តាប់សភាពការណ៍ និងបន្តការផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដល់ប្រជាពលរដ្ឋក្នុងផ្សារច្បារអំពៅ និងផ្សារព្រែកឯង ដោយមានការចូលរួមពីលោកគួច ចំណាន ប្រធានផ្សារច្បារអំពៅ និងបានបិទ-ចែកបណ្ណស្តីពីវិធីសាស្ត្រដើម្បីការពារខ្លួនអ្នក និងគ្រួសារ ពីវីរុស កូវីដ១៩ ព្រមទាំងអប់រំប្រជាពលរដ្ឋឲ្យរស់នៅមានអនាមយ័(បាញ់អាកុលសំអាតដៃ)អោយបានញឹកញាប់ដើម្បី បង្ការ-ទប់ស្កាត់ការឆ្លងមេរោគCovid-19។ យុទ្ធនាការនេះធ្វើជារៀងរាល់ថ្ងៃដោយដាក់ផែនការជាក់លាក់ និងផ្លាស់ប្តូរវេនគ្នាធ្វើ នៅតាមផ្លូវនានា ជាពិសេសផ្សារច្បារអំពៅ ផ្សាព្រែកឯង ដែលជាតំបន់ទីប្រជុំជន ហើយផ្សារទាំងអស់បេីកដំណេីរការលក់ដូរធម្មតា ក្នុងនោះគណៈកម្មការផ្សាររួមជាមួយកម្លាំងនគរបាល បានបន្តដឹកនាំក្រុមការងារ ចុះផ្សប់ផ្សាយខ្លឹមសារ ណែនាំអំពីវិធីការពារ របស់ក្រសួងសុខា ភិបាល នឹងវាស់កំដៅ បាញ់អាកុល លាងសំអាតដៃជូនដល់បងប្អូ…
-
ថៃផ្តល់លុយឲ្យពលរដ្ឋម្នាក់១៥០ដុល្លារ ក្នុងពេលមានការរាតត្បាតជំងឺកូវីដ១៩
ថៃ៖ សារព័ត៌មានបាងកកប៉ុស្តិ៍បានចេញផ្សាយនៅថ្ងៃទី១ មេសានេះថា រាជរដ្ឋាភិបាលថៃបានផ្តល់លុយឲ្យពលរដ្ឋម្នាក់ប្រមាណ១៥០ដុល្លារ ក្នុងពេលមានការរាតត្បាតជម្ងឺកូវីដ១៩ ឬស្មើនឹង៥ពាន់បាតថៃ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃបានឲ្យដឹងថា មនុស្សចំនួន៩លាននាក់ (ក្នុងចំណោមប្រជាជនសរុប ២១,៧លាននាក់) ដែលបានចុះឈ្មោះរួច នឹងមានសិទ្ធិទទួលបានជំនួយហិរញ្ញប្បទាន ៥ ០០០បាត (ស្មើនឹងខ្ទង់ ១៥០ដុល្លារ) ដែលផ្តល់ដោយរដ្ឋាភិបាល ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។ លោកស្រី Pinyosinwat បានឲ្យដឹងទៀតថា កាលពីថ្ងៃអង្គារ ទី៣១ ខែមីនា គណៈរដ្ឋមន្រ្តីថៃបានអនុម័តឲ្យប្រើប្រាស់ជំនួយសម្រាប់ប្រជាជន ៦លាននាក់បន្ថែមទៀត បន្ទាប់ពី ៣លាននាក់បានទទួលសាច់ប្រាក់មុនរួចទៅហើយ។ ការចំណាយសរុបរបស់រដ្ឋាភិបាល នឹងមានចំនួន ១៣៥ពាន់លានបាត (ស្មើនឹងខ្ទង់ ៤,១ពាន់លានដុល្លារ)។ ថវិកាសម្រាប់ផ្តល់ហិរញ្ញប្បទាននេះ នឹងបានមកពីថវិកាដែលចេញពីក្រសួងផ្សេងៗ។ ក្រសួងនីមួយៗត្រូវកាត់បន្ថយថវិការបស់ខ្លួនចំនួន ១០% ដើម្បីគ្របដណ្តប់លើកញ្ចប់ជំនួយ និងជួយដល់កិច្ចប្រឹងប្រែងក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នេះ៕
-
សហរដ្ឋអាមេរិកវ៉ាដាច់ចិន ក្រោយមានអ្នកស្លាប់ដោយសារជម្ងឺ COVID-19 កើនឡើងដល់៣ពាន់៤៣១នាក់
សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកវ៉ាដាច់ចិន ក្លាយជាប្រទេសមានអ្នកស្លាប់ច្រើនជាងគេ ដោយមានចំនួនសរុបនៃអ្នកស្លាប់ដោយសារជម្ងឺ COVID-19 កើនឡើដល់៣ពាន់៤៣១នាក់ ខណៈចិនមានអ្នកស្លាប់ត្រឹមតែ៣ពាន់៣០៥នាក់ប៉ុណ្ណោះ នេះបើតាមសារព័ត៌មានអន្តរជាតិធំៗ ។ ស្របពេលជាមួយគ្នានេះដែរ នៅសហរដ្ឋអាមេរិកមានអ្នកឆ្លងជម្ងឺ COVID-19 ជិត១៨ម៉ឺននាក់ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ក្នុងគ្រាដែលប្រទេសចិនមានអ្នកឆ្លងត្រឹមតែជាង៨ម៉ឺនករណីប៉ុណ្ណោះ ។ សូមបញ្ជាក់ថា បើតាមតួលេខចុងក្រោយពីសាកលវិទ្យាល័យអាមេរិក ចន ហប់ឃីនស៍ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 បានកើនឡើងដល់៨៣ម៉ឺននាក់ហើយនៅទូទាំងសកលលោក ក្នុងនោះអ្នកជំងឺសរុប៤១ម៉ឺននាក់ស្លាប់ និងជាង១៧ម៉ឺននាក់ជាសះស្បើយឡើងវិញ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ៕
-
នៅបារាំង តួលេខសរុបនៃអ្នកស្លាប់ដោយសារជម្ងឺ COVID-19 កើនឡើងដល់ ៣.៥២៣នាក់
បារាំង៖ ចំនួនសរុបនៃអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងប្រទេសបារាំង បន្តកើនឡើងដល់៣ពាន់៥២៣នាក់ ខណៈតួលេខចុងក្រោយកើនលើសប្រទេសចិន ដែលមានចំនួនអ្នកស្លាប់សរុប៣ពាន់៣០៥នាក់ នេះបើតាមគេហទំព័រ worldometers.info នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ។ ចំនែកឯចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបនៅទូទាំងប្រទេសបារាំង ក៏បានកើនឡើងដល់៥ម៉ឺន២ពាន់១២៨ករណី ខណៈតួលេខនេះ ទាបជាងប្រទេសចិនដែលមានសរុប៨ម៉ឺន១ពាន់៥១៨ករណី ដូច្នេះមានន័យថា អត្រាស្លាប់នៅបារាំងខ្ពស់ជាងនៅចិន ។ ដោយឡែកសម្រាប់ចំនួនអ្នកជាសះស្បើយនៅក្នុងប្រទេសចិនវិញ មានចំនួនរហូតដល់៧ម៉ឺន៦ពាន់៥២នាក់ ស្របពេលដែលនៅប្រទេសបារាំងវិញ មានចំនួនទាបជាងចិន ដែលទើបតែមានត្រឹម៩ពាន់៤៤៤នាក់ប៉ុណ្ណោះ ៕
-
ជម្ងឺ COVID-19 ឆក់យកអាយុជីវិតគ្រូពេទ្យអ៊ីតាលីកើនដល់៦៦នាក់ហើយ ចាប់តាំងពីពេលផ្ទុះឡើងដំបូងនៅអ៊ីតាលី
អ៊ីតាលី៖ ចំនួនសរុបនៃគ្រូពេទ្យស្លាប់ដោយសារតែជម្ងឺ COVID-19 បានបន្តកើនឡើងដល់៦៦នាក់ហើយនៅក្នុងប្រទេសអ៊ីតាលី បន្ទាប់ពីគ្រូពេទ្យចំនួន៥នាក់ទៀតបានបាត់បង់ជីវិត នេះបើតាមសហព័ន្ធគ្រូពេទ្យអ៊ីតាលី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ។ យោងតាមប្រភពរបស់សារព័ត៌មាន CNN បានចុះផ្សាយថា យ៉ាងហោចណាស់មានបុគ្គលិកថែទាំសុខភាពអ៊ីតាលីចំនួន៨ពាន់៩៥៦នាក់បានឆ្លងជម្ងឺផ្លូវដង្ហើមថ្មីដ៏កាចសាហាវមួយនេះ ។ សូមបញ្ជាក់ថា អ៊ីតាលីបានក្លាយជាប្រទេសដែលមានអត្រាឆ្លងវីរុស COVID-19 ច្រើនជាងគេបំផុតនៅលើពិភពលោកលំដាប់ទី២ ដោយគិតត្រឹមថ្ងៃទី១ ខែមេសានេះ មានអ្នកឆ្លងចំនួន១០ម៉ឺន៥ពាន់៧៩២ករណី និង អ្នកជម្ងឺជាសះស្បើយមានចំនួន១ម៉ឺន៥ពាន់៣៤នាក់ ខណៈអ្នកជម្ងឺចំនួន១ម៉ឺន២ពាន់១០៧នាក់ស្លាប់ ៕
-
ថៃគ្រោងបិទអាកាសយានដ្ឋានអន្តរជាតិភូកេតរយៈពេល២០ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាលនៃជម្ងឺ COVID-19
ថៃ៖ អាកាសយានដ្ឋានអន្តរជាតិភូកេត នឹងត្រូវបិទរយៈពេល២០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី៣០ ខែមេសាខាងមុខ ក្រោយខេត្តរបស់ថៃមួយនេះ បានបិទច្រកចេញចូលផ្លូវគោក និងផ្លូវសមុទ្រ ដែលនេះជាវិធានការទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 នេះបើសារព័ត៌មានស៊ិនហួនៅទី៣១ ខែមីនា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា អគ្គនាយកនៃអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) លោក Chula Sukmanop បាននិយាយថា ការបិទអាកាសយានដ្ឋាននេះ នឹងដាក់ឲ្យខេត្តភូកេត ស្ថិតក្នុងការបិទយ៉ាងពេញលេញ ប៉ុន្តែសម្រាប់យានយន្តដឹកជញ្ជូនអាហារ និងសម្ភារៈសំខាន់ៗត្រូវបានអនុញ្ញាតឲ្យចេញចូល ។ បើតាមអភិបាលខេត្តភូកេត លោក Phakaphong Tavipatana គិតត្រឹមថ្ងៃទី៣១ ខែមីនានេះ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅខេត្តមួយនេះ កើនឡើងដល់៦២ករណី ដែលភាគច្រើនបានរកឃើញនៅកន្លែងកម្សាន្តជិតឆ្នេសមុទ្រ Patong ជាទីតាំងភ្ញៀវបរទេសទៅកម្សាន្ត ៕
-
វៀតណាមបញ្ជាប្រជាជនរបស់ខ្លួនជិត១០០លាននាក់មិនឱ្យចេញពីផ្ទះ លើកលែងតែករណីចាំបាច់ ដើម្បីទប់ស្កាត់ការរាតដាលនៃជម្ងឺ COVID-19
វៀតណាម៖ វៀតណាមបានប្រកាសពីការបិទសកម្មភាពទូទាំងប្រទេស ដើម្បីប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ដោយបានបញ្ជាពលរដ្ឋរបស់ខ្លួនជិត ១០០លាននាក់មិនឲ្យចាកចេញពីគេហដ្ឋាន លើកលែងតែក្នុងករណីត្រូវការទិញស្បៀងអាហារនិងទៅពេទ្យ ។ ប្រធានាធិបតីវៀតណាមលោក ង្វៀន ស៊ួនហ្វុក បានចុះហត្ថលេខាលើបទបញ្ជានេះ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដែលតម្រូវឲ្យមនុស្សគ្រប់គ្នានៅផ្ទះរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ ខែមេសានេះតទៅ ។ វិធានការនេះ ក៏រួមមានការបិទអាជីវកម្មស្ទើរតែទាំងអស់ លើកលែងតែអាជីវកម្មដែលគេចាត់ទុកថា ចាំបាច់បំផុត ។ សូមជម្រាបថា ការបិទសកម្មភាពទូទាំងប្រទេសខាងលើនេះ ត្រូវបានធ្វើឡើងចំពេលដែលអ្នកវិនិយោគបរទេសជាច្រើន កំពុងផ្លាស់ទីតាំងសង្វាក់ផលិតកម្មរបស់ខ្លួនពីប្រទេសចិនមកប្រទេសវៀតណាម ដែលមួយផ្នែកដោយសារពួកគេត្រូវបង្ខំបិទអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសចិន ៕