-
World Bank ៖ភាពវឹកវរនៅមីយ៉ាន់ម៉ានឹងធ្វើឲ្យសេដ្ឋកិច្ចជាតិដើរថយក្រោយ 10 ភាគរយសម្រាប់ឆ្នាំនេះ

បរទេស៖ យោងតាមព្យាករណ៍មួយរបស់ធនាគារពិភពលោក World Bank ដែលបានធ្វើនៅថ្ងៃសុក្រនេះបានបង្ហាញឲ្យយើងឃើញថាសេដ្ឋកិច្ចជាតិរបស់ប្រទេសមីយ៉ាន់ម៉ានឹងធ្លាក់ចុះរហូតទៅដល់ 10 ភាគរយនៅឆ្នាំ 2021 នេះក្នុងពេលដែលស្ថានភាពតវ៉ាប្រឆាំងកំពុងមានសកម្មភាពកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងប្រទេសចាប់តាំងតែពីរដ្ឋប្រហារកាលពីថ្ងៃទី 1 កុម្ភៈ។ ការព្យាករណ៍ត្រូវបានគេប្រៀបធៀបឃើញថាមានភាពផ្ទុយគ្នាខ្លាំងមែនទែនពីការព្យាករណ៍ចុងក្រោយដែលធ្លាប់បានធ្វើដោយ World Bank ដដែលកាលពីខែតុលាកន្លងទៅដោយបានទស្សទាយថាសេដ្ឋកិច្ចមីយ៉ាន់ម៉ានឹងអាចកើនឡើងរហូតទៅដល់៥,៩ភាគរយដែលជាតួលេខមួយមានកម្លាំងខ្លាំងជាងគេធៀបជាមួយនឹងបណ្តាប្រទេសក្នុងតំបន់។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលរបស់ World Bank បានបន្តលំអិតទៀតថាបញ្ហាសព្វថ្ងៃរបស់មីយ៉ាន់ម៉ាគឺពិតជាធ្វើឲ្យមានផលប៉ះពាល់ខ្លាំងមែនទែនដល់សេដ្ឋកិច្ចតាមរយៈសកម្មភាពប៉ះទង្គិចគ្នាខ្លាំងៗរវាងបាតុករនិងក្រុមយោធាដែលវាបានធ្វើឲ្យការធ្វើបំលាស់ទីនិងសេវាសាធារណៈនានាត្រូវបានជាប់គាំងជាពិសេសសេវាអ៊ិនធឺណេតការដឹកជញ្ជូននិងវិស័យធនាគារផងដែរ។ ក្នុងនោះគេបានដឹងទៀតដែរថាក្រុមអ្នកតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកំណត់គោលដៅសេដ្ឋកិច្ចជាតិមកធ្វើជាយុទ្ធនាការប្រឆាំងនឹងក្រុងយោធានិងព្យាយាមធ្វើឱ្យប្រព័ន្ធធនាគារលែងដំណើរព្រមទាំងជុំរុញធ្វើយ៉ាងណាឲ្យវិនិយោគិនបរទេសដកខ្លួនចេញរហូតទាល់តែរដ្ឋាភិបាលដែលបានជ្រើសរើសតាមបែបប្រជាធិបតេយ្យត្រូវបានប្រគល់អំណាចឡើងវិញ។ ផ្ទយទៅវិញក្រុមយោធាត្រូវបានគេមើលឃើញថាមិនបានខ្វាយខ្វល់ទៅនឹងបញ្ហាទាំងនេះឡើយហើយតែតែបានព្យាយាមក្នុងការលប់បំបាត់ចោលនូវសេវាកម្មផ្តល់អ៊ិនធឺណេតដល់ពលរដ្ឋរបស់ខ្លួនដែលវាជាកត្តាសំខាន់បំផុតកំពុងធ្វើឲ្យសេដ្ឋកិច្ចនឹងបន្តដើរថយក្រោយបន្ថែមទៀត៕
-
សិង្ហបុរីត្រៀមលុយ 3 ពាន់លានដុល្លារទៀតទុកប្រើប្រាស់ខែជូនបុគ្គលិកក្នុងប្រទេសពីខែមីនា

បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃសុក្រនេះបានឲ្យដឹងថាកញ្ចប់ប្រាក់ប្រមាណជាជាង 3 ពាន់លានដុល្លារនឹងត្រូវប្រគល់ជូនបុគ្គលិកទាំងឡាយដែលមានឈ្មោះនៅក្នុងបញ្ជីនៃកម្មវិធីផ្តល់ជំនួយរបស់រដ្ឋឬ Jobs Support Scheme (JSS) ដែលនឹងគិតចាប់ធ្វើពីថ្ងៃទី 30 ខែមិនានេះតទៅ។ កញ្ចប់ប្រាក់ទាំងនោះនឹងត្រូវប្រគល់ទៅឲ្យក្រុមហ៊ុនអាជីវកម្មតូចធំប្រមាណជា 150,000 កន្លែងដើម្បីយកទៅប្រើប្រាស់ក្នុងការចែកចាយប្រាកខែជូនបុគ្គលិករបស់ខ្លួនសរុបប្រហែលជាជាង 2 លាននាក់នេះបើយោងតាមការអះអាងបន្ថែមដោយអជ្ញាធរជាតិទទួលបន្ទុកប្រាក់ចំណូលក្នុងស្រុកIRAS និងក្រសួងហរិញ្ញវត្ថុ MOF។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ទៀតថាតាមរយៈកញ្ចប់ប្រាក់ជំនួយការងារលើកនេះមានន័យថាកម្មវិធី JSS របស់សិង្ហបុរីបានប្រគល់ប្រាក់ជំនួយសរុបប្រមាណ 24.5 ពាន់លានដុល្លារមកហើយគិតចាប់តាំងតែពីដាក់ឲ្យដំណើរការដំបូងកាលពីខែកុម្ភៈឆ្នាំ 2020 កន្លងទៅ។ ចំពោះនយោជិកនិងក្រុមហ៊ុនទាំងឡាយដែលបានចូលរួមវិភាគទានមូលនិធិមជ្ឍមណ្ឌលកណ្តាល ឬហៅកាត់ថាCPFសម្រាប់ខែកញ្ញាដល់ខែធ្នូឆ្នាំ 2020 ត្រឹមថ្ងៃផុតកំណត់ដែលបានកំណត់នោះពួកគេនឹងទទួលបានលក្ខណៈគ្រប់គ្រាន់សម្រាប់ការទូទាត់ប្រាក់ជាមួយនឹងកម្ មវិធី JSS នេះ។ សម្រាប់ជំនួយពីខែមិនានេះតទៅនយោជិកនឹងអាចទទួលបានប្រាក់ខែពាក់កណ្តាលនៃសាច់ប្រាក់ខែសុទ្ធអប្បបរិមា 4,600 ដុល្លារដែលធ្លាប់បានចាយរួចរាល់នៅក្នុងខែកញ្ញានិងខែធ្នូកាលពីឆ្នាំ 2020៕ ដោយឡែកអ្នកធ្វើការងារនៅក្នុងវិស័យអាកាសចរណ៍និងទេសចរណ៍វិញគឺអាចទទួលបានប្រាក់ខែពេញ 50 ភាគរយខណៈដែលអ្នកធ្វើការងារនៅក្នុងវិស័យសេវាកម្មម្ហូបអាហារសិល្បៈនិងកំសាន្តព្រមទាំងមធ្យោបាយធ្វើដំណើរសាធារណៈតាមផ្លូវគោកនិងទឹកផងនឹងទទួលបានប្រាក់ខែចំនួន 30 ភាគរយ។ MOF និង IRAS បានបញ្ជាក់ដែរថាក្នុងពេលដែលសេដ្ឋកិច្ចកំពុងងើបឡើងវិញនោះនៅតំណាក់កាលនេះក្រុមហ៊ុនទាំងឡាយណាដែលមិនត្រូវអនុញ្ញាតិឲ្យធ្វើប្រតិបត្តិការទាំងស្រុងនោះនឹងទទួលបានប្រាក់ជំនួយពីកម្មវិធី JSS នេះតាមកាលកំណត់គឺ 50 ភាគរយរហូតដល់ពេលពួកគេត្រូវបានអនុញ្ញាតិឲ្យអាចដំណើរការឡើងវិញបាននៅពេលណាមួយដែលឆាប់បំផុត៕
-
អ្នកជំនាញពន្យល់ពីហេតុផលតម្លៃប្រេងឥន្ធនៈលក់រាយ កាន់តែហក់ឡើង

ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ចបានបង្ហាញថា តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិហក់ឡើងវិញជាបន្តបន្ទាប់ គឺមកពីចង្វាក់ផលិតកម្មបានដំណើរការវិញហើយ។ នៅពេលណាតម្លៃប្រេងសាំងឡើងថ្លៃ គេអាចវាយតម្លៃបានថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងចាប់ផ្តើមកើនឡើងវិញជាបណ្តើរៗ។ លោក យក់ ចំរើនឬទ្ធិ អ្នកសេដ្ឋកិច្ច និងជាអគ្គនាយកនៃក្រុមហ៊ុន ហ្វតតេ បានប្រាប់ AMS ថា តម្លៃប្រេងលក់រាយនៅកម្ពុជាឡើងថ្លៃនៅពេលនេះ គឺមានជាប់ទាក់ទងទៅនឹងតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិដែលហក់ឡើងខ្ពស់។ សំណួរសួរថា តើហេតុអ្វីបានជាទីផ្សារប្រេងឥន្ធនៈអន្តរជាតិហក់ឡើង? លោក យក់ ចំរើនឬទ្ធិ បានមានប្រសាសន៍ថា៖«តម្លៃប្រេងធ្លាក់ថ្លៃ ឬឡើងថ្លៃ គឺអាស្រ័យផ្អែកទៅលើទីផ្សារអន្តរជាតិ ពីព្រោះប្រទេសយើងមិនមែនជាអ្នកផលិតប្រេងទេ អ្វីៗទាំងអស់ យើងមិនអាចកំណត់តម្លៃបានទេ គឹអាស្រ័យលើទីផ្សារអន្តរជាតិ បើតម្លៃទីផ្សារអន្តរជាតិឡើង តម្លៃប្រេងសាំងលក់រាយវាក៏ឡើងថ្លៃដែរ»។ លោក ចំរើនឬទ្ធិ បន្តថា «ការបញ្ជាទិញប្រេងពីខាងក្រៅរបស់កម្ពុជាមកក្នុងតម្លៃថ្លៃ ដូច្នេះតម្លៃលក់រាយទៅវិញក៏ឡើងថ្លៃទៅតាមនោះដែរ ។ អ៊ីចឹងយើងមានការលំបាកក្នុងការកំណត់តម្លៃខ្លួនយើងណាស់ ព្រោះប្រទេសយើងមិនមែនជាប្រទេសដែលផលិតប្រេងនោះទេ។ យើងបូមប្រេងបានតិចតួច និងមិនទាន់មានរោងចក្រចម្រាញ់ប្រេងទេ»។ លោកកត់សម្គាល់ថា ប្រជាពលរដ្ឋនៅយល់ច្រឡំថា ប្រទេសយើងមានប្រេង ប៉ុន្តែប្រេងដែលយើងមានគឺស្ថិតក្នុងខ្នាតតូចប៉ុណ្ណោះ ដូច្នេះហេតុផលផ្សេងទៀតដែលនាំឱ្យប្រេងឆៅលើទីផ្សារអន្តរជាតិឡើងថ្លៃនោះគឺដោយសារតម្រូវការប្រើប្រាស់ប្រេងឆៅពីសំណាក់សហរដ្ឋអាមេរិក និងចិន ក្នុងការគាស់រំលើងឱ្យមានកំណើនសេដ្ឋកិច្ចឡើងវិញ។ លោកបានបញ្ជាក់ថា ក្រសួងពាណិជ្ចកម្ម ដែលធ្វើតារាងបញ្ជាក់តម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជាត្រូវបានធ្វើឡើងចំនួន 2 ដង ក្នុង1ខែ ដោយនៅក្នុងខែនីមួយៗ ក្រសួងពាណិជ្ជកម្មមិនមែនជាអ្នកកំណត់តម្លៃប្រេងឥន្ធនៈនោះទេ គឺគ្រាន់តែជាអ្នកស្រង់តម្លៃឡើងចុះទៅតាមតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិមកគណនាប៉ុណ្ណោះ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបង្ហាញថា តម្លៃប្រេងលក់រាយនៅកម្ពុជាចាប់ពីថ្ងៃទី 16ដល់31 ខែមីនា ឆ្នាំ2021 គឺសម្រាប់ប្រេងសាំងធម្មតា…
-
ព័ត៌មានសេដ្ឋកិច្ចជាតិ និងអន្តរជាតិសំខាន់ៗថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)

-
អឺរ៉ុបត្រូវការទុនយ៉ាងហោចណាស់ 355 ពាន់លានដុល្លាររៀបចំខ្លួនទទួលយកបច្ចេកវិទ្យា5G

បរទេស៖យោងតាមការរបាយការណ៍មួយដែលត្រូវបានចេញផ្សាយដោយ CNA នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាអឺរ៉ុបនឹងត្រូវការវិនិយោគទុនយ៉ាងហោចណាស់ប្រមាណជា 355 ពាន់លានដុល្លារនៅក្នុងកិច្ចការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធវិស័យទូរគមនាគមន៍ឲ្យបានត្រឹមឆ្នាំ2025 ខាងមុខនេះ ប្រសិនបើប្លុកនេះចង់ចាប់យកបច្ចេកវិទ្យា5G ឲ្យបាននៅទូទាំងប្រទេសជាសមាជិកទាំង27 ដើម្បីអាចទាញយកប្រយោជន៍សេដ្ឋកិច្ច និងសក្តានុពលដ៏អស្ចារ្យពីបច្ចេកវិទ្យាថ្មីមួយនេះ។ តួលេខដែលត្រូវបានផ្តល់ដោយក្រុមហ៊ុនប្រឹក្សា BCG ក្រោយការសិក្សាស្រាវជ្រាវយ៉ាងលម្អិតមួយក្រោមបន្ទុកការងារគម្រោងក្រុមហ៊ុន ETNOបានមើលឃើញថា នៅក្នុងពេលសហភាពអឺរ៉ុបបានដាក់ផែនការដ៏ធំមួយនេះ ខ្លួនរំពឹងទុកថាបច្ចេកវិទ្យា5Gនឹងអាចជួយធ្វើឲ្យប្រសើរឡើង និងការងើបឡើងវិញនៃសេដ្ឋកិច្ចបណ្តាប្រទេសជាសមាជិករបស់ខ្លួនក្រោយចប់វិបត្តិកូវីដ។ ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះក្រុមប្រតិបត្តិកររបស់អឺរ៉ុបមួយចំនួននៅតែមានភាពស្ទាក់ស្ទើរនៅឡើយក្នុងការវិនិយោគទៅលើបច្ចេកវិទ្យា5G ខណៈដែលគេបានដឹងដែរថា វានឹងក្លាយទៅជាឧបករណ៍ប្រើប្រាស់ដ៏សំខាន់បំផុតនៅក្នុងបរិបថថ្មីនៃរោងចក្របែបវ៉ៃឆ្លាតព្រមទាំងវិស័យផលិតរថយន្តស្វ័យប្រវត្តិថែមទៀតផង។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា នៅក្នុងកញ្ចប់ថវិកាប្រមាណជាពាក់កណ្តាលនឹងត្រូវប្រើប្រាស់ដើម្បីតម្លើង និងការរៀបចំការងារផ្លូវច្បាប់នៅទូទាំងតំបន់ទាំងអស់ក្នុងទ្វីបអឺរ៉ុបខណៈដែលលុយពាក់កណ្តាលទៀតនឹងត្រូវប្រើប្រាស់សម្រាប់កិច្ចការងារជួសជុល និងធ្វើបច្ចុប្បន្នភាពទៅលើហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូរគមនាគមន៍ និងការបង្កើនល្បឿននៃសេវាកម្មនេះនាពេលខាងមុខ។ ក្រៅតែពីបានផ្តល់ជាវិធីសាស្ត្រវាស់វែង និងត្រួតពិនិត្យជាមុនសម្រាប់រដ្ឋាភិបាល និងក្រុមអ្នកតាក់តែងច្បាប់ផងនោះ របាយការណ៍ដដែលនេះក៏បានធ្វើការណែនាំដល់អឺរ៉ុបក្នុងការទាញយកប្រាក់ចំណេញតាមរយៈចរាចរណ៍ទិន្នន័យដែលមាននៅក្នុងដៃស្រាប់ក្នុងការប្រកួតប្រជែងទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗដូចជា Google, Facebookនិង Microsoft ជាដើម៕
-
ផ្តល់ក្តីស្រឡាញ់ ដល់ធម្មជាតិ»ជាប្រធានបទសម្រាប់ឆ្នាំនេះ នៃទិវា1ម៉ោងសម្រាប់ភពផែនដី

ភ្នំពេញ ៖ ប្រទេសកម្ពុជានឹងចូលរួមជាមួយពិភពលោក ដើម្បីអបអរទិវា1ម៉ោងភពផែនដី ដែលនឹងដំណើរការឌីជីថលនៅឆ្នាំនេះ។ ជាមួយនឹងប្រធានបទខាងលើនេះនឹងផ្តល់ឱកាសសម្រាប់មនុស្សគ្រប់គ្នានិយាយអំពីសារៈសំខាន់នៃធម្មជាតិសម្រាប់សុខភាពមនុស្ស និងសុខភាពបរិស្ថាន ព្រមទាំងភពផែនដី ទន្ទឹមនឹងការលើកទឹកចិត្តមនុស្ស ឱ្យមានកន្លែងសម្រាប់ធម្មជាតិកាន់តែច្រើន។ នេះបើយោងតាមប្រកាសរបស់ក្រសួងបរិស្ថាន។ ទិវាមួយម៉ោងសម្រាប់ភពផែនដី មានន័យថា ពលរដ្ឋនៅទូទាំងពិភពលោក រួមទាំងនៅកម្ពុជាផង ចូលរួមបិទភ្លើងមួយម៉ោង ដើម្បីជួយទ្រទ្រង់ធម្មជាតិ ទិវាមួយម៉ោងសម្រាប់ភពផែនដី ហើយប្រធានបទឆ្នាំនេះគឺ«ផ្តល់ក្តីស្រឡាញ់ ដល់ធម្មជាតិ» ដែលនឹងប្រារព្ឋធ្វើឡើងនៅថ្ងៃទី27 ខែមីនា ឆ្នាំ2021។ នៅវេលាម៉ោង 8:30 យប់ថ្ងៃទី27 ខែមីនា ឆ្នាំនេះ មនុស្សគ្រប់គ្នាអាចចូលរួមបិទភ្លើងមួយម៉ោងដើម្បីភពផែនដី និងសាកល្បងបទធិសោធន៍រៀបចំពិសាអាហារពេលល្ងាចក្រោមពន្លឺភ្លើងទៀនជាមួយក្រុមគ្រួសាររបស់អ្នក។ រឿងមួយទៀត ដែលអ្នកអាចធ្វើបានសម្រាប់បង្ហាញក្តីស្រឡាញ់ចំពោះធម្មជាតិ គឺកាត់បន្ថយការប្រើប្រាស់ក្រដាសការិយាល័យ ដើម្បីចូលរួមថែរក្សាព្រៃឈើ និងធម្មជាតិ និងក្លាយជាសម្លេង ដើម្បីធម្មជាតិ និងជួយផ្សព្វផ្សាយពីការកោតសរសើរពីធម្មជាតិក្នុងចំណោមគ្រួសារ និងអ្នកដទៃទៀតនៅលើបណ្តាញសង្គម។ ឯកឧត្តម នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា៖ «ការប្រារព្ធកម្មវិធីនេះ តាមរយៈឌីជីថល ជាការបញ្ជូនសារស្តីពីការស្រឡាញ់ភពផែនដី ព្រៃឈើ និងសត្វព្រៃ និងបញ្ជា្របការកាត់បន្ថយការប្រើប្រាស់ចរន្ដអគ្គិសនី និងរួមគ្នាប្រើប្រាស់នូវថាមពលកកើតឡើងវិញ ដើម្បីជួយកាត់បន្ថយសម្ពោធសម្រាប់ភពផែនដី និងក៏សូមជំរុញនិងលើកទឹកចិត្តឱ្យយុវជនចូលរួមបង្កើតនូវវីដេអូខ្លី ក្នុងន័យស្រឡាញ់បរិស្ថាន ចែករំលែកទៅកាន់សាធារណជនដទៃផងដែរ»។ ទាក់ទិននឹងទិវានេះ សម្រាប់កម្ពុជាដោយសារកត្តាសុខសន្តិភាព និងការការពារ និងអភិរក្សមានភាពប្រសើរឡើងចំពោះតំបន់ការពារធម្មជាតិ កម្ពុជាបច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ 7.3 លានហិកតា ឬស្មើប្រមាណ 41% នៃផ្ទៃប្រទេស។…
-
អ្នកជំនាញនិយាយពីភាពប្រឈមនៃវិបត្តិកូវីដក្នុងសហគមន៍ និងតម្លៃទំនិញនៅលើទីផ្សារ

ភ្នំពេញ ៖ ទោះជាស្ថិតនៅក្នុងស្ថានភាពប្រឈមទៅនឹងវិបត្តិនៃជំងឺឆ្លងក្នុងសហគមន៍ដែលគួរភ័យខ្លាចនាពេលបច្ចុប្បន្នរហូតបណ្តាលឱ្យមានមនុស្សស្លាប់ក៏ដោយ ប៉ុន្តែបើគេសង្កេតមើលទៅលើស្ថានភាពទីផ្សារនៃមុខទំនិញចាំបាច់ផ្សេងៗហាក់នៅតែរក្សាតម្លៃធម្មតាមិនមានការឡើងថ្លៃ ដូចកាលពីដើមឆ្នាំ2020នោះទេ។ លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាបានប្រាប់ AMS ថា ព្រឹត្តិការណ៍ដែលបង្កឱ្យមានភាពភ័យខ្លាចនៅកម្ពុជានាពេលបច្ចុប្បន្នបានធ្វើឱ្យប្រជាពលរដ្ឋភាគច្រើនមានភាពស៊ាំទៅហើយ ហើយមនុស្សភាគច្រើនក៏បានយល់ដឹងពីជំងឺឆ្លងមួយនេះកាន់តែច្រើន ដូច្នេះពួកគេហាក់បានកាត់បន្ថយនូវភាពភ័យខ្លាចជ្រុល រហូតទិញស្បៀងត្រៀមទុកដូចកាលដើមឆ្នាំ2020នោះទៀតហើយ។ លោកបានពន្យល់ថា ទាក់ទងទៅនឹងទិដ្ឋភាពសេដ្ឋកិច្ច អ្វីៗដែលទាក់ទងទៅនឹងឧបករណ៍ និងសម្ភារៈវេជ្ជសាស្រ្ត ក៏ដូចជាស្បៀងអាហារជាដើម វានៅតែជាតម្រូវការចាំបាច់សម្រាប់ពលរដ្ឋ ប៉ុន្តែនៅក្នុងដំណាក់កាលនេះ គឺមានភាពខុសគ្នាកាលពីមួយឆ្នាំមុន ដែលជាព្រឹត្តិការណ៍ថ្មីសម្រាប់កម្ពុជាធ្វើឱ្យមនុស្សភ័យខ្លាច ផ្អើលទិញទំនិញ និងសម្ភារៈប្រើប្រាស់ចាំបាច់ ជាពិសេសស្បៀងត្រៀមទុកដែលធ្វើឱ្យឈ្មួញបានចិត្តតម្លើងថ្លៃ។ លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា៖«កាលណាទំនិញមានតម្រូវការ វាត្រូវតែឡើងថ្លៃ តែចាំបាច់ត្រូវតែមានគុណភាព។ ដូច្នេះការទិញសម្ភារស្តុកទុកដោយសារតែពលរដ្ឋមួយចំនួនខ្លាចគឺពិតជាធ្វើឱ្យទំនិញឡើងថ្លៃ ប៉ុន្តែវាផ្អើលតែមួយឆាវប៉ុណ្ណោះ។ ក្រោយមានភាពស៊ាំ ទាំងអ្នកលក់ និងអ្នកទិញដែលក្នុងរយៈពេលប្រមាណមួយឆ្នាំកន្លងមកនេះ ធ្វើឱ្យប្រជាជនមិននាំគ្នាទិញទំនិញស្តុកទុកទៀត ជាក់ស្ដែងដូចជានៅក្នុងព្រឹត្តិការណ៍ដែលកំពុងកើតមាននេះស្រាប់»។យ៉ាងណាក៏ដោយ លោកបណ្ឌិត ហុង វណ្ណៈ បានធ្វើការព្យាករថា វិបត្តិនៃជំងឺឆ្លងក្នុងសហគមន៍ដែលកំពុងកើតមានេះអាចនឹងផុតរលត់ទៅវិញយ៉ាងយូរត្រឹមចុងត្រីមាសទី3 នៃឆ្នាំ2021នេះ ឬដើមឆ្នាំ2022 នឹងចប់ជាស្ថាពរក្រោយការប្រើប្រាស់វ៉ាក់សាំងកាន់តែទូលាយទូទាំងប្រទេស ហើយចរន្តនៃសេដ្ឋកិច្ចក៏ចាប់ផ្តើមមានដំណើរការ និងកំណើនឡើងវិញបន្តិចម្ដងៗ៕
-
ធនាគារកណ្តាលថៃព្យាករណ៍សេដ្ឋកិច្ចសាជាថ្មីធ្លាក់មកត្រឹម 3 ភាគរយប៉ុណ្ណោះសម្រាប់ឆ្នាំ2021នេះ

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ធនាគារនៃប្រទេសថៃបានធ្វើការទម្លាក់ចុះបន្តិចនូវតួលេខព្យាករណ៍របស់ខ្លួនទៅនឹងសេដ្ឋកិច្ចជាតិដែលបានធ្វើឡើងកាលពីខែធ្នូកន្លងទៅ ពោលគឺពី 3.2 ភាគរយមកត្រឹមតែ 3 ភាគរយប៉ុណ្ណោះដោយសារតែបញ្ហានៃការវាយប្រហារដោយរលកទី2 នៃវិរុសកូវីដ។ លោក Titanun Mallikamas លេខាធិការនៃគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃ MPC បានបញ្ជាក់ថា ការវាយប្រហារលើកទី 2 ដោយសារកូវីដបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅនឹងអ្វីដែលធ្លាប់បានព្យាករណ៍ ហើយវាបានធ្វើឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនមកដល់នៃភ្ញៀវបរទេសទាំងអ្នកទេសចរ និងអ្នកវិនិយោគ។ បន្ថែមពីនេះ ធនាគារក៏បានធ្វើការព្យាករណ៍ផងដែរថា ភ្ញៀវដែលនឹងអាចធ្វើដំណើរមកដល់ប្រទេសថៃនៅក្នុងឆ្នាំនេះគឺមានត្រឹមតែ3 លាននាក់ប៉ុណ្ណោះធៀបទៅនឹងតួលេខដែលធ្លាប់បានព្យាករណ៍លើកមុនប្រមាណជា 5.5 លាននាក់។ លោកបន្តថាដោយសារវិស័យទេសចរណ៍គឺជាអ្នកបានរួមចំណែកផលិតផលក្នុងស្រុកសរុប GDP ដល់ទៅ 12 ភាគរយជារៀងរាល់ឆ្នាំដូចនេះការងើបឡើងវិញនៃសេដ្ឋកិច្ចថៃគឺមានភាពយឺតយ៉ាវជាបណ្តាប្រទេសដែលមិនសូវពឹងផ្អែកលើវិស័យមួយនេះ។ សេដ្ឋកិច្ចជាតិថៃត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះរហូតទៅដល់ 6.1 ភាគរយកាលពីឆ្នាំ2020 ធៀបទៅនឹងកំណើនដែលខ្លួនធ្លាប់ធ្វើបាន2.3 ភាគរយកាលពីឆ្នាំ2019។ វិបតិ្តសេដ្ឋកិច្ចកាលពីឆ្នាំ2020 ជាតួលេខដ៏អាក្រក់បំផុតមិនធ្លាប់មានឡើយសម្រាប់ថៃក្នុងរយៈពេល22 ឆ្នាំចុងក្រោយនេះចាប់តាំងតែពីព្រឹត្តិការណ៍វិបត្តិហិរញ្ញវត្ថុនៅអាស៊ីកាលពីឆ្នាំ1998 ដែលគ្រានោះថៃមើលឃើញថាសេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះរហូតទៅដល់ 7.6 ភាគរយ។ ធនាគារជាតិថៃក៏បានធ្វើការព្យាករណ៍ដែរថា សេដ្ឋកិច្ចរបស់ខ្លួននឹងអាចងើបឡើងវិញស្មើទៅនឹងកម្រិតកាលពីមុនវិបត្តិកូវីដ ប៉ុន្តែត្រូវការពេលវេលាយ៉ាងហោចណាស់ 2 ឆ្នាំកន្លះទៀត មានន័យថានឹងអាចធ្វើទៅបាននៅពាក់កណ្តាលឆ្នាំ2022៕
-
ព័ត៌មានសេដ្ឋកិច្ចជាតិ និងអន្តរជាតិសំខាន់ៗថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ផ្សាយឡើងវិញ (មានវីដេអូ)

-
រដ្ឋាភិបាលក្រុង Abu Dhabi នឹងវិនិយោគទុនរាប់ពាន់លានផោនចូលក្នុងអាជីវកម្មនៅអង់គ្លេស

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅល្ងាចថ្ងៃពុធម្សិលមិញនេះបានឲ្យដឹងថា រដ្ឋាភិបាលក្រុង Abu Dhabi នៃសហភាពអារ៉ាប់ (Brexit) នឹងចាប់ផ្តើមវិនិយោគប្រាក់រាប់ពាន់លានផោនចូលទៅក្នុងវិស័យធ្វើអាជីវកម្មរបស់ចក្រភពអង់គ្លេសដែលរាប់បញ្ចូលទាំងសុខភាពបច្ចេកវិទ្យាថាមពលបៃតងព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផង។ ជាមួយគ្នានេះ ក្រុមហ៊ុនដ៏ធំមានឈ្មោះថា Mubadala ដែលគ្រប់គ្រងដោយរដ្ឋ ក៏នឹងមានសកម្មភាពជាងគេខាងមូលនិធិវិនិយោគដែលគ្រោងនឹងចំណាយទុនប្រមាណជាង 800 លានផោននៅក្នុងវិស័យសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសម្រាប់រយៈពេល 5 ឆ្នាំខាងមុខ ព្រមទាំងវិនិយោគទៅលើវិស័យ 3ផ្សេងទៀតនៅក្នុងទំហំប្រហាក់ប្រហែលគ្នានេះផងដែរ។ យ៉ាងណាក៏ដោយ ចំនួនសរុបនៃការវិនិយោគគឺមិនទាន់បានផ្តល់ជាព័ត៌មានលំអិតនៅឡើយទេ ប៉ុន្តែគេអាចប៉ាន់ស្មានបានថាវានឹងអាចមានទំហំរហូតទៅដល់ 5 លានផោន ខណៈដែលរដ្ឋមន្ត្រីក្រសួងទទួលបន្ទុកកិច្ចការងារវិនិយោគរបស់អង់គ្លេស លោក Gerry Grimstone បានបញ្ជាក់ថា ការវិនិយោគទាំងនោះនឹងបង្កើនឱកាសឲ្យនៃការបង្កើកំណើនសេដ្ឋកិច្ចកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។ លោកបន្ថែមថា រដ្ឋាភិបាលអង់គ្លេសក៏នឹងចំណាយប្រាក់វិនិយោគបន្ថែមប្រមាណជា 200 លានផោនទៅក្នុងកិច្ចការងារវិទ្យាសាស្ត្រស្របទៅជាមួយនឹងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហភាពអារ៉ាប់រួមផងដែរ។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះរដ្ឋាភិបាលអង់គ្លេសបានប្រកាសបង្កើតក្លឹបអ្នកវិនិយោគពាណិជ្ជកម្មធំៗចំនួន 4 នៅក្នុងប្រទេសដោយសង្ឃឹមថានឹងអាចជុំរុញសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត។ ក្លឹបទាំងនោះនឹងផ្តល់ការគាំទ្រ និងក៏ដូចជាការជួយផ្តល់ការណែនាំជួយដល់អាជីវកម្មក្នុងតំបន់ឱ្យចូលទៅកាន់ទីផ្សារពាណិជ្ជកម្មអន្តរជាតិសំខាន់ៗ ដើម្បីជំរុញការនាំចេញដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើនល្បឿននៃការងើបឡើងវិញសេដ្ឋកិច្ចជាតិក្រោយវិបត្តិកូវីដ៕