-
លោក ស៊ី ជិនពីង អំពាវនាវអោយមានកិច្ចសហប្រតិបត្តិការវ៉ាក់សាំងអន្តរជាតិ (មានវីដេអូ)

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដោយយុត្តិធម៌ និងសមហេតុផលនៅទូទាំងពិភពលោក ពីព្រោះវាមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាត ត្បាត ដែលនៅតែបន្តរីករាលដាលពាសពេញពិភពលោក ។ លោក ស៊ី បាននិងកំពុងដឹកនាំប្រទេសចិន ដើម្បីបំពេញការទទួលខុសត្រូវរបស់ខ្លួន ក្នុងនាមជាប្រទេសសំខាន់ និងជំរុញកិច្ចសហប្រតិបត្តិការវ៉ាក់សាំងពិភពលោក ។ ប្រទេសចិនបានបរិច្ចាគវ៉ាក់សាំងកូវីដ១៩ដល់ប្រទេសជាង១០០ និងនាំចេញវ៉ាក់សាំងទៅប្រទេសជាង ៦០ ដែលមានចំនួនសរុបលើសពី៧៧០លានដូស ដោយជាប់ចំណាត់ថ្នាក់លេខ១នៅលើពិភពលោក ។ បន្ថែមលើនេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក៏បានអំពាវនាវអោយមានកិច្ចសហប្រតិបត្តិការវ៉ាក់សាំងអន្តរជាតិកាន់តែជិតស្និទផងដែរ ៕ ប្រភព៖ ស៊ីនហួរ
-
នៅត្រីមាសទី២ ឆ្នាំ២០២១ GDP របស់កោះតៃវ៉ាន់កើនឡើងក្នុងកម្រិតល្បឿនយឺត ប៉ុន្តែការនាំចេញនៅតែរឹងមាំ (មានវីដេអូ)

Video: https://fb.watch/7gF1ajmMAS/ តៃវ៉ាន់៖ សេដ្ឋកិច្ចរបស់តៃវ៉ាន់បានកើនឡើងក្នុងកម្រិតល្បឿនយឺតនៅក្នុងត្រីមាសទី២ ដោយ សារតែការកើនឡើងភ្លាមៗនៃករណីឆ្លងវីរុសកូវីដ១៩ក្នុងស្រុក ដែលបង្កជាសម្ពាធដល់តម្រូវការប្រើប្រាស់ បើទោះបីជាការនាំចេញបច្ចេកវិទ្យាខ្ពស់របស់កោះនេះនៅតែមានភាពរឹងមាំ ។ យោងតាមទិន្នន័យបឋមរបស់ទីភ្នាក់ងារស្ថិតិបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់តៃវ៉ាន់បានកើនឡើង៧.៤៧ភាគរយ ពោលគឺនៅអំឡុងខែមេសា ដល់ខែមិថុនា បើប្រៀបធៀបទៅនឹងឆ្នាំមុន នៅក្នុងត្រីមាសទី២ ឆ្នាំ២០២១នេះ ។ កំណើន GDP នៅត្រីមាសទី ២ បានកើនឡើងលើសពីការប៉ាន់ស្មានរបស់សារព័ត៌មានរ៉យទ័រ ក្នុងចំនួន៦.០៥ភាគរយ ប៉ុន្តែហាក់ដូចជាយឺតជាងកំណើន ៨.៩២ ភាគរយនៅក្នុងត្រីមាសទី១ ។ សូមបញ្ជាក់ថា នៅឆមាសទីមួយ ឆ្នាំ២០២១នេះ សេដ្ឋកិច្ចរបស់តៃវ៉ាន់បានកើនឡើង ៨.១៩ ភាគរយដែលធ្វើអោយការិយាល័យស្ថិតិ DGBAS អាចបង្កើនការព្យាករណ៍សម្រាប់ឆ្នាំ ២០២១ ពីការប៉ាន់ប្រមាណចំនួន ៥.៤៦ ភាគរយនៅដើមខែមិថុនា ៕ ប្រភព៖ Reuters
-
នៅត្រីមាសទី២ ឆ្នាំ២០២១ សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីកើនឡើង៧.០៧ភាគរយ (មានវីដេអូ)

ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីបានងើបចេញពីវិបត្តិសេដ្ឋកិច្ចនៅត្រីមាសទី២ ឆ្នាំ២០២១នេះ ដោយបានរាយការណ៍ពីអត្រាកំណើនប្រចាំឆ្នាំដ៏ខ្ពស់បំផុតរបស់ខ្លួនក្នុងរយៈពេល១៧ឆ្នាំ ប៉ុន្តែអ្នកវិភាគបានព្រមានថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីនឹងជួបការធ្លាក់ចុះ ដោយសារតែការកើនឡើងករណីឆ្លងវីរុសកូវីដ១៩នាពេលថ្មីៗនេះ ។ បើតាមប្រធានទីភ្នាក់ងារស្ថិតិរបស់ប្រទេសឥណ្ឌូនេស៊ី លោក ម៉ាហ្គោ យូវុនណូ (Margo Yuwono) នៅត្រីមាសទី២ ឆ្នាំ២០២១នេះ សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីបានកើនឡើង៧.០៧ភាគរយ ពោលគឺនៅអំឡុងខែមេសា ដល់ខែមិថុនា បើប្រៀបធៀបទៅនឹងឆ្នាំមុន ។ លោកបន្តថា នៅក្នុងអំឡុងខែមេសា ដល់ខែមិថុនា ត្រូវបានជំរុញដោយកំណើននៃការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ ហើយថា ការកើនឡើងនៃការចល័តក្នុងសហគមន៍នៅត្រីមាសទី២ ឆ្នាំ២០២១ បានជំរុញកំណើននៃការចំណាយលើការប្រើប្រាស់ក្នុងគ្រួសារចំនួន៥.៩៣ភាគរយ។ លោក ម៉ាហ្គោ យូវុនណូ បញ្ជាក់ទៀតថា ការនាំចេញកាន់តែខ្ពស់ គឺជាលទ្ធផលនៃតម្រូវការខ្ពស់ពីដៃគូនាំចេញរបស់ឥណ្ឌូនេស៊ី ស្របពេលដែលការចល័តមានកម្រិតខ្ពស់ ហើយចំនួនប្រាក់កម្ចីរបស់ឥណ្ឌូណេស៊ីបានធ្លាក់ចុះក្នុងអំឡុងពេលនេះ ៕ ប្រភព៖ CNA
-
លោក ចូ បៃដិន បញ្ជាអោយបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 វាយប្រហារលើក្រុមតាលីបង់នៅអាហ្វហ្គានីស្ថាន

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចេញបញ្ជាអោយបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 រួមជាមួយយន្តហោះបំពាក់កាំភ្លើងយន្ត AC-130 Spectre មួយចំនួនរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីវាយប្រហារលើទីតាំងរបស់ក្រុមតាលីបង់ ដែលកំពុងព្យាយាមដណ្តើមកាន់កាប់ទីក្រុងសំខាន់ៗនៅផ្នែកខុសៗគ្នារបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ ។ អ្នកនាំពាក្យក្រសួងការពារជាតិអាហ្វហ្គានីស្ថានលោក Fawad Aman បាននិយាយថា យន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិកបានបើកការវាយប្រហារតាមផ្លូវអាកាសលើក្រុមសកម្មប្រយុទ្ធតាលីបង់នៅ Sheberghan ជាទីក្រុងដ៏ធំរបស់ខេត្ត Jawzjan ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ។ ការបញ្ជូនក្រុមយន្តហោះយោធាអាមេរិកខាងលើ ត្រូវបានធ្វើឡើងចំពេលស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើងនៅអាហ្វហ្គានីស្ថាន ខណៈក្រុមតាលីបង់បន្តដណ្តើមគ្រប់គ្រងបានដែនដីនៅពាសពេញប្រទេសនេះ ស្របពេលដែលកងទ័ពអាមេរិកត្រូវដកចេញទៅវិញ ។ ក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃចុងក្រោយនេះ ទីក្រុងសំខាន់ៗចំនួនពីរ គឺទីក្រុងសេបឺហ្គាន (Sheberghan) ខេត្តចាហ្សាន (Jawzjan) ភាគខាងជើង និងទីក្រុងហ្សារ៉ាន (Zaranj) ខេត្តនីមរ៉ូហ្ស (Nimroz) នៅភាគនិរតី បានធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ក្រុមតាលីបង់ ។ ជាមួយគ្នានេះ កងទ័ពរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមតាលីបង់ ក៏កំពុងតែប្រយុទ្ធគ្នាយ៉ាងក្តៅគគុកនៅតាមទីក្រុងសំខាន់ៗ ក្នុងបណ្តាខេត្តមួយចំនួនទៀតនៅភាគខាងជើងប្រទេសផងដែរ ៕ ប្រភព៖ CGTN
-
អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកសង្ឃឹមថា ទីភ្នាក់ងារ FDA នឹងចាប់ផ្តើមផ្តល់ការអនុម័តពេញលេញចំពោះការចាក់វ៉ាក់សាំងបង្ការ Covid-19

អាមេរិក៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់រដ្ឋាភិបាលអាមេរិក លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វាវស៊ី សង្ឃឹមថា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នឹងចាប់ផ្តើមផ្តល់នូវការអនុម័តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញនៅត្រឹមចុងខែសីហានេះ ។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានផ្តល់ការអនុញ្ញាតអោយប្រើជាបន្ទាន់នូវវ៉ាក់សាំង Pfizer, Moderna និង Johnson & Johnson ។ ទីភ្នាក់ងារនេះត្រូវបានគេរំពឹងថា នឹងផ្តល់ការអនុម័តពេញលេញក្នុងការចាក់វ៉ាក់សាំង Pfizer នាពេលឆាប់ៗខាងមុខនេះ ។ នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ NBC News លោក ហ្វាវស៊ី បានរំពឹងថា ការផ្លាស់ប្តូរក្នុងពេលអនាគត នឹងជំរុញអោយមានរលកនៃការផ្តល់វ៉ាក់សាំងនៅក្នុងវិស័យឯកជនបន្ថែម ក្នុងនោះរួមមានទាំងសាលារៀន និងសាកលវិទ្យល័យ ។ ការអត្ថាធិប្បាយរបស់លោក ហ្វាវស៊ី បានកើតមានឡើងនៅពេលដែលរដ្ឋបាលលោក ចូ បៃដិន កំពុងថ្លឹងថ្លែងពីអ្វីដែលអាចជំរុញដើម្បីលើកទឹកចិត្តដល់ពលរដ្ឋអាមេរិក ដែលមិនបានចាក់វ៉ាក់សាំងអោយទៅទទួលការចាក់ថ្នាំបង្ការរោគរបស់ពួកគេ នៅពេលដែលវីរុសបំប្លែងថ្មី Delta កំពុងបន្តកើនឡើងនៅទូទាំងសហរដ្ឋអាមេរិក ៕ ប្រភព៖ CGTN
-
ការស្រាវជ្រាវនៅអ៊ីស្រាអែល៖ ការចាក់វ៉ាក់សាំង Pfizer ដូសទី៣មានផលរំខានប្រហែលនឹងដូសទី២ដែរ

អ៊ីស្រាអែល៖ យោងតាមការស្រាវជ្រាវបឋមនៅអ៊ីស្រាអែលបង្ហាញថា ភាគច្រើននៃអ្នកដែលបានទទួលការចាក់វ៉ាក់សាំងបង្ការ Covid-19 ដូសទី៣នៃវ៉ាក់សាំងPfizer មានអារម្មណ៍ថា មានផលប៉ះពាល់ដូចគ្នា ឬតិចជាងអ្វីដែលពួកគេធ្លាប់ទទួល បន្ទាបពីការចាក់ដូសទី២ដែរ ។ មនុស្សប្រហែល៤ពាន់៥រយនាក់ដែលទទួលបានការចាក់ដូសបន្ថែមកាលពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា បានឆ្លើយតបចំពោះសំនួរដែលរាប់បញ្ចូលក្នុងការសិក្សាស្រាវជ្រាវនេះ ។ អ្នកដែលបានឆ្លើយតប៨៨%នៅក្នុងការស្រាវជ្រាវបាននិយាយថា ប៉ុន្មានថ្ងៃបន្ទាប់ពីចាក់ដូសទី៣ ពួកគេមានអាការប្រហាក់ប្រហែល ឬល្អជាងកាលពីចាក់ដូសទី២ ។ ចំនួន៣១%ត្រូវបានរាយការណ៍ពីផលរំខានខ្លះៗ ដែលភាគច្រើនមានអាការៈឈឺចាប់តិចតូចនៅកន្លែងចាក់ ។ ប្រហែលជា០.៤%បាននិយាយថា ពួកគេពិបាកដកដង្ហើម និង១%និយាយថា ពួកគេបានស្វែងរកការព្យាបាលជុំវិញផលរំខានមួយ ឬច្រើនជាង ។ សូមជម្រាបថា អ៊ីស្រាអែលបានចាប់ផ្តើមការចាក់ដូសទី៣ ប្រហែលជា១០ថ្ងៃកន្លងទៅហើយ ដល់ប្រជាជនដែលមានអាយុ៦០ឆ្នាំ ដើម្បីប្រឹងប្រែងទប់ស្កាត់វីរុសបំប្លែងថ្មី Delta ដែលកំពុងរាតត្បាតមួយរយៈពេលចុងក្រោយនេះ ។ ប្រការនេះបានផ្តល់អោយអ៊ីស្រាអែលធ្វើតេស្តរកឃើញផលប៉ះពាល់សម្រាប់វ៉ាក់សាំងដូសទី៣ នៅមុនពេលរដ្ឋបាលចំណីអាហារ និងឱសថអាមេរិកអនុម័តជាផ្លូវការ ៕ ប្រភព៖ CNA
-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៩ពាន់៦០៣ករណី និងស្លាប់១៤៩នាក់ទៀតក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃចន្ទនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៩ពាន់៦០៣ករណី និងស្លាប់១៤៩នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៩ពាន់២៩០ករណីជាប្រជាជនទូទៅ និង ៣១៣ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ១ម៉ឺន៩ពាន់៨១៩នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៧៤ម៉ឺន៧ពាន់២៤៥ករណី ក្នុងនោះមានអ្នកជំងឺ៥២ម៉ឺន៧ពាន់៩០៨នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៦៩ម៉ឺន៣ពាន់៣០៥ករណី និងអ្នកជំងឺ៤៧ម៉ឺន៣ពាន់៧៣២នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៦ពាន់២៥៩នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៦ពាន់៣៥៣នាក់ ៕ ប្រភព៖ Bangkok Post
-
វៀតណាមរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៥ពាន់១៥៥ករណីបន្ថែមទៀតក្នុងរបាយការណ៍ព្រឹកថ្ងៃចន្ទនេះ

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមនៅព្រឹកថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩រហូតដល់៥ពាន់១៥៥ករណីបន្ថែមទៀត ក្នុងនោះ១៥នាក់ជាករណីនាំចូល និង៥ពាន់១៤០ករណីទៀតជាករណីឆ្លងក្នុងសហគមន៍ភាគច្រើននៅក្នុងទីក្រុងហូជីមិញ ។ សូមរំលឹកថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យម្សិលមិញបានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩រហូតដល់៩ពាន់៦៩០ករណី ដែលនៅតែជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមួយ សម្រាប់ប្រទេសអាស៊ានមួយនេះ ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ០៦ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាលនៃការផ្ទុះរីករាលនៃជំងឺនេះ បានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៣ពាន់៨៩៨នាក់ ។ នៅក្នុងថ្ងៃអាទិត្យម្សិលមិញនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៣៨១នាក់ទៀតផងដែរ ។ គិតត្រឹមយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ១៩សរុបនៅទូទាំងប្រទេសចំនួន២១ម៉ឺន៤០៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន៧ម៉ឺន១ពាន់៤៩៧នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៣ពាន់៣៩៧នាក់ ៕ ប្រភព៖ Viet Nam News
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០៣លាន៤៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣០ម៉ឺននាក់ និងជាសះស្បើយ១៨២លាន៧៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០៣លាន៤៤ម៉ឺន១ពាន់១៥៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៣០ម៉ឺន៧ពាន់៣៨៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨២លាន៧៤ម៉ឺន៨៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៦លាន៥៤ម៉ឺន៣ពាន់៣៣៨នាក់ ស្លាប់ចំនួន៦៣ម៉ឺន៣ពាន់១១៦នាក់ និងជាសះស្បើយចំនួន២៩លាន៨៥ម៉ឺន៩ពាន់៦២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៩៦ម៉ឺន៩ពាន់៥៨៨នាក់ ស្លាប់៤២ម៉ឺន៨ពាន់៣៣៩នាក់ និងជាសះស្បើយ៣១លាន១៣ម៉ឺន១ពាន់៩២២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន១៦ម៉ឺន៥ពាន់៦៧២នាក់ ស្លាប់ចំនួន៥៦ម៉ឺន៣ពាន់៤៧០នាក់ និងជាសះស្បើយ១៨លាន៩០ម៉ឺន៧ពាន់២៤៣នាក់ ៕ ប្រភព៖ worldometers
-
អាហ្វហ្គានីស្ថាន៖ ក្រុមតាលីបង់ចូលកាន់កាប់រដ្ឋធានីខេត្តទី ២ ក្នុងរយៈពេលតិចជាង ២៤ម៉ោង

កាលពីថ្ងៃសៅរ៍សប្ដាហ៌មុន ក្រុមឧទ្ទាមតាលីបង់បានធ្វើការដណ្ដើមកាន់កាប់ទីក្រុង Sheberghan ដែលនេះគឺជាការដួលរលំរដ្ឋធានីខេត្តទី២ របស់អាហ្វហ្គានីស្ថានក្នុងរយៈពេលតិចជាង២៤ ម៉ោង ខណៈពេលដែលក្រុមប្រដាប់អាវុធនេះធ្វើការឡោមព័ទ្ធទីក្រុងជាច្រើនទៀត។ អភិបាលរងក្រុង Sheberghan នៃខេត្ត Jawzjan លោក Qader Malia បាននិយាយថាមន្ត្រីរដ្ឋាភិបាល និងកងយោធាបានភៀសខ្លួនទៅអាកាសយានដ្ឋាននៅជាយក្រុង ដើម្បីត្រៀមខ្លួនការពារខ្លួនពីការវាយប្រហារបន្ថែមទៀត។ លោក Malia បានប្រាប់សារព័ត៌មាន AFP ថា«ជាអកុសលទីក្រុងនេះបានដួលរលំទាំងស្រុង»។ បើទោះបីក្រុមតាលីបង់ចូលកាន់កាប់អគារសំខាន់ៗ ដូចជាខុទ្ទកាល័យអភិបាល ស្នងការដ្ឋានប៉ូលិសខេត្ត និងពន្ធនាគារខេត្ត ក៏ដោយ ក៏រដ្ឋាភិបាលក្រុងកាប៊ុលបាននិយាយថាទីក្រុង Sherberghan នៅមិនទាន់ដួលរលំទាំងស្រុងទេ ដោយសារនៅមានវត្តមានកងយោធាធំនៅតំបន់មួយចំនួននៃទីក្រុងនេះ។ ទីក្រុង Sherberghan គឺជាតំបន់សំខាន់ជាយុទ្ធសាស្ត្រពីព្រោះទីក្រុងនេះគឺជាមូលដ្ឋានរបស់មេដឹកនាំកងជីវពលជនជាតិអ៊ូបេគីស្ថានលោក Abdul Rashid Dostum ដែលជាសម្ព័ន្ធរបស់អាមេរិកក្នុងការបង្ក្រាបក្រុមតាលីបង់។ លោក Dostum គ្រប់គ្រងកងជីវពលធំជាងគេនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ដែលបានបង្កើតកេរ្តិ៍ឈ្មោះបង្កការភ័យខ្លាចទៅលើក្រុមតាលីបង់ក្នុងសង្គ្រាមទសវត្ស ១៩៩០ ស្របជាមួយការចោទប្រកាន់ថាកងកម្លាំងលោកបានធ្វើការសម្លាប់រង្គាលឈ្លើយសឹករាប់ពាន់នាក់។ ការបែកបាក់ ឬការដកថយកងជីវពលរបស់លោក Dostum នៅតំបន់នេះ អាចធ្វើឱ្យសាបរលត់ក្ដីសង្ឃឹមរបស់រដ្ឋាភិបាលកាប៊ុលក្នុងការប្រើប្រាស់កងជីវពលនានាដើម្បីទប់ស្កាត់ការវាយលុករបស់ក្រុមតាលីបង់។ កាលពីថ្ងៃសៅរ៍ លោក Dostum បានជួបជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani…