-
ជប៉ុនឲ្យម៉ាស៊ីនផលិតអុកស៊ីសែនដល់ថៃ និងឡាវ

ប្រទេសជប៉ុនបានសម្រេចផ្តល់ជំនួយឧបករណ៍វេជ្ជសាស្រ្តដល់ប្រទេសថៃនិងប្រទេសឡាវ ដែលក្នុងនោះ សំដៅលើម៉ាស៊ីនផលិតអុកស៊ីសែន ដើម្បីគាំទ្រការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ-១៩។ រដ្ឋមន្ត្រីការបរទេសជប៉ុន Motegi Toshimitsu បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី៣ សីហាថា រាជរដ្ឋាភិបាលជប៉ុននឹងបញ្ជូនម៉ាស៊ីនផលិតអុកស៊ីសែនចំនួន៧៧៥គ្រឿងទៅដល់ថៃ ខណៈដែលឡាវនឹងទទួលបាន១០០គ្រឿង ព្រមជាមួយនឹងវ៉ាក់សាំងបង្ការកូវីដ ៦០ម៉ឺនដូសទៀត។ លោកថា ជប៉ុននឹងប្រឹងប្រែងបន្ថែមទៀត ជួយដល់បណ្តាប្រទេសដែលត្រូវការ វ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រ។ ជប៉ុនក៏ធ្លាប់បានផ្តល់ឧបករណ៍ជាម៉ាស៊ីនផលិតអ៊ុកស៊ីសែនេះ ជូនឥណ្ឌានិងឥណ្ឌូនេស៊ី និងផ្តល់វ៉ាក់សាំងមិនគិតថ្លៃ ជូនម៉ាឡេស៊ី និងប្រទេសផ្សេងៗទៀតដែរ៕ ប្រភពពី NHK
-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន២០០ករណី និង ស្លាប់១៨៨នាក់ ទៀតក្នុងរបាយការណ៍ថ្ងៃពុធនេះ(មានវីដេអូ)

-
សារព័ត៌មានចិន៖ វ៉ាក់សាំងចិននៅតែមានប្រសិទ្ធភាព ប្រឆាំងនឹង វីរុសបម្លែងថ្មី Delta (មានវីដេអូ)

-
ប្រមុខការទូតអាមេរិក៖ សហរដ្ឋអាមេរិក កំពុងរៀបចំកិច្ច សន្ទនា ជាយុទ្ធ សាស្ត្រជាមួយឥណ្ឌូណេស៊ី (មានវីដេអូ)

-
វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៤ពាន់២៦៧ករណីបន្ថែមទៀត ក្នុងរបាយការណ៍ព្រឹកថ្ងៃពុធនេះ (មានវីដេអូ)

-
វៀតណាមទទួលបានជំនួយវ៉ាក់សាំងកូវីដ១៩ ពីអង់គ្លេសហើយ

ស្ថានទូតអង់គ្លេសប្រចាំប្រទេសវៀតណាមបានប្រគល់វ៉ាក់សាំង AstraZeneca ជាង៤១៥០០០ដូស ជូនក្រសួងសុខាភិបាលវៀតណាម កាលពីថ្ងៃទី៣ សីហា ២០២១។ ស្ថានទូតថា វ៉ាក់សាំងទាំងនេះគឺជាផ្នែកនៃការសន្យារបស់អង់គ្លេសជូនវៀតណាម ខណៈដែលអង់គ្លេសកំពុងផ្តល់វ៉ាក់សាំង AstraZeneca ជូនបណ្តាប្រទេសនានា ជុំវិញពិភពលោក ៩លានដូស។ វ៉ាក់សាំងអង់គ្លេសជាង៤១ម៉ឺនដូសនេះត្រូវបានបញ្ជូនទៅដល់វៀតណាម កាលពីថ្ងៃចន្ទ។ មកទល់ពេលនេះ វៀតណាមមានវ៉ាក់សាំងក្នុងដៃ ប្រមាណ១៩លានដូស ដែលមានប្រភេទផ្សេងៗដូចជា AstraZeneca, Moderna Pfizer និង Sinopharm។ វ៉ាក់សាំងទាំងនេះ តាមរយៈកុងត្រាពាណិជ្ជកម្មផង យន្តការកូវ៉ាក់ផង និងជំនួយពីជប៉ុន អាមេរិក អង់គ្លេស ចិន និងរុស្ស៊ី។ គិតត្រឹមថ្ងៃទី៣ សីហា វៀតណាមចាក់វ៉ាក់សាំងកូវីដ១៩ ៧លានដូសហើយ ខណៈដែលមនុស្សជាង៧០ម៉ឺននាក់បានចាក់គ្រប់២ដូស។ វៀតណាមគ្រោងនឹងចាក់វ៉ាក់សាំង ៧០ភាគរយនៃចំនួនប្រជាជនសរុប ៩៦លាននាក់ ត្រឹមចុងខែមេសា ឆ្នាំ២០២២៕
-
ប្រមុខការទូតអាមេរិក៖ សហរដ្ឋអាមេរិកកំពុងរៀបចំកិច្ចសន្ទនាជាយុទ្ធសាស្ត្រជាមួយឥណ្ឌូណេស៊ី

អាមេរិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន និយាយថា រូបលោកបាននិងកំពុងបើកកិច្ចសន្ទនាជាយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងឥណ្ឌូណេស៊ី ដែលកិច្ចពិភាក្សានេះធ្វើឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន ជាមួយនឹងសមភាគីឥណ្ឌូណេស៊ីលោកស្រី រ៉េតណូ ម៉ាស៊ូឌី ។លោក ប្លីងគែន បានថ្លែងប្រាប់អ្នកយកព័ត៌មានអំឡុងកិច្ចប្រជុំជាមួយលោកស្រី ម៉ាស៊ូឌី នៅឯក្រសួងការបរទេសអាមេរិកថា ឥណ្ឌូណេស៊ីគឺជាដៃគូប្រជាធិបតេយ្យដ៏រឹងមាំមួយរបស់សហរដ្ឋអាមេរិក… យើងកំពុងធ្វើការងាររួមគ្នាទៅលើវិស័យចំរុះជាច្រើន ។ បើតាមលោក ប្លីងគែន សហរដ្ឋអាមេរិកបានបង្ហាញក្តីសង្ឃឹមផងដែរ ចំពោះវត្តមានរបស់ឥណ្ឌូណេស៊ី ក្នុងការធ្វើជាប្រធាននៃវេទិកា G20 នៅឆ្នាំក្រោយ ហើយអាមេរិករំពឹងថា ឥណ្ឌូណេស៊ីនឹងធ្វើការពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីជាមួយសហរដ្ឋអាមេរិក ព្រមទាំងបញ្ហាប្រឈមនានា ដែលតម្រូវអោយប្រទេសទាំងពីរធ្វើការងាររួមគ្នា ដើម្បីដោះស្រាយអោយកាន់តែជិតស្និតបន្ថែមទៀត ។នាឱកាសនោះដែរ លោកស្រី ម៉ាស៊ូឌី បានបញ្ជាក់ថា ឥណ្ឌូណេស៊ីគឺជាប្រទេសសេដ្ឋកិច្ចធំជាងគេ ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ ហើយប្រទេសនេះ នឹងក្លាយជាមូលដ្ឋានគន្លឹះសម្រាប់សហរដ្ឋអាមេរិក ដើម្បីបង្កើនការផ្សាភ្ជាប់នៅក្នុងតំបន់ ហើយថា អាមេរិកគឺជាដៃគូដ៏សំខាន់បំផុតមួយ សម្រាប់អាស៊ាន ក្នុងការអនុវត្តទស្សនវិស័យរបស់ខ្លួន ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ៕ ប្រភព៖ CNA
-
សារព័ត៌មានចិន CHINA DAILY ៖ វ៉ាក់សាំងចិននៅតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងថ្មី Delta

ចិន៖ កាសែតចិន CHINA DAILY បានចុះផ្សាយថា បណ្ដាវ៉ាក់សាំងដែលបច្ចុប្បន្នកំពុងចាក់នៅចិនបន្តបង្ហាញឥទ្ធិពលល្អនៃការបង្ការ និងការពារប្រឆាំងវីរុសកូវីដ១៩បម្លែងថ្មី Delta ។អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺចិនលោក FENG ZIJIAN បាននិយាយថា យោងតាមបណ្ដាលទ្ធផលដែលទទួលបាននោះ វីរុសបម្លែងថ្មី Delta អាចកាត់បន្ថយកិច្ចការពារដែលផ្ដល់ដោយបណ្ដាវ៉ាក់សាំងប្រឆាំងកូវីដ១៩ តែបណ្ដាវ៉ាក់សាំងដែលចាក់នាពេលនេះ នៅតែអាចផ្ដល់ឥទ្ធិពល បង្ការ និងការ ពារល្អប្រឆាំងវីរុសបម្លែងខ្លួននោះ ។ដោយឡែកបើតាមលោក SHAO YIMING ដែលជាអ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលនោះដែរ ក៏បានអះអាងផងដែរថា ទោះបីមិនទាន់មានវ៉ាក់សាំងណាមួយអាចផ្ដល់កិច្ចការពារបាន១០០%ប្រឆាំងនឹងការឆ្លងវីរុស តែវីរុសកូវីដ១៩ប្រភេទផ្សេងៗនៅតែអាចត្រួតត្រាបានជាមួយបណ្ដាវ៉ាក់សាំងដែលមាន ។ ការសិក្សាជាច្រើនផ្អែកលើភស្ដុតាងនានាបានបង្ហាញថា បណ្ដាវ៉ាក់សាំងចិនប្រឆាំងនឹងជំងឺកូវីដ១៩ អាចកាត់បន្ថយប្រកបដោយប្រសិទ្ធភាព អត្រាអ្នកឆ្លងដល់ថ្នាក់បញ្ជូនទៅមន្ទីរពេទ្យករណីធ្ងន់ធ្ងរ និងការស្លាប់ ៕ ប្រភព៖ ស៊ីនហួរ
-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន២០០ករណី និងស្លាប់១៨៨នាក់ទៀតក្នុងរបាយការណ៍ថ្ងៃពុធនេះ

ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃពុធនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ម៉ឺន២០០ករណី និងស្លាប់១៨៨នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន២ម៉ឺន១៣ករណីជាប្រជាជនទូទៅ និង ១៨៧ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ១ម៉ឺន៧ពាន់៩៧៥នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៦៤ម៉ឺន៣ពាន់៥២២ករណី ក្នុងនោះមានអ្នកជំងឺ៤២ម៉ឺន៨ពាន់៣៨០នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៦៧ម៉ឺន២ពាន់៣៨៥ករណី និងអ្នកជំងឺ៤៥ម៉ឺន៥ពាន់៨០៦នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៥ពាន់៤០៩នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៥ពាន់៥០៣នាក់ ៕ ប្រភព៖ Bangkok Post
-
វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៤ពាន់២៦៧ករណីបន្ថែមទៀតក្នុងរបាយការណ៍ព្រឹកថ្ងៃពុធនេះ

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម នៅព្រឹកថ្ងៃពុធនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន៤ពាន់២៦៧ករណីបន្ថែមទៀតនៅ១៧ទីតាំង ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន២ពាន់៣៦៥ករណីនៅទីក្រុងហូជីមិញ ។ ជាមួយនឹងចំនួនករណីឆ្លងថ្មីៗនេះ វៀតណាមបានកត់ត្រាពីការរកឃើញអ្នកជំងឺកូវីដ១៩ចំនួន១៧ម៉ឺន៥១២ករណីនៅក្នុង៦២ខេត្ត-ក្រុង ក្នុងចំណោមខេត្ត-ក្រុងសរុប៦៣របស់ប្រទេសនេះ ចាប់តាំងពីវីរុសកូវីដ១៩រលកថ្មីវាយប្រហារវៀតណាមកាលពី៣ខែមុន ។ ទីក្រុងហូជីមិញ មានអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់ជាងគេបំផុតរហូតដល់១០ម៉ឺន៥ពាន់៩៥ករណី ។ ជាមួយគ្នានេះ វៀតណាមក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាជនខ្លួនបានជាង៧.២៩លាននាក់ផងដែរ តែមានមនុស្សប្រមាណ៧៤ម៉ឺន៤ពាន់៣៣១នាក់ប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ឬពីរដូស ៕ ប្រភព៖ VNExpress