-
រោគសញ្ញាហាវ៉ាណាធ្វើអោយអ្នកការទូតអាមេរិកមានការស្ទាក់ស្ទើរចំពោះការបំពេញភារកិច្ចនៅបរទេស

បុគ្គលិក និងអ្នកការទូតអាមេរិកមានការស្ទាក់ស្ទើរក្នុងការសម្រេចចិត្តចំពោះការបម្រើភារកិច្ចរបស់ពួកគេនៅប្រទេសក្រៅ។ ការព្រួយបារម្ភរបស់អ្នកការទូតទាក់ទងនឹងរោគសញ្ញាហាវ៉ាណាដែលបានប៉ះពាល់អ្នកការទូត និងក្រុមគ្រួសាររបស់ពួកគេនៅកំឡុងពេលបំពេញបេសសកម្មនៅប្រទេសក្រៅ។ ការព្រួយបារម្ភរបស់អ្នកការទូតគឺបណ្តាលមកពីកង្វះព័ត៌មានពីថ្នាក់ដឹកនាំទាក់ទងនឹងរោគសញ្ញាហាវ៉ាណា (Havana Syndrome)។ តាមការរាយការណ៍របស់សារព័ត៌មាន CNN ប្រភពបាននិយាយថា ការភ័យខ្លាចពីជំងឺអាថ៌កំបាំងនេះកំពុងជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់អ្នកការទូតដោយមន្ត្រីបម្រើកិច្ចការបរទេសមួយចំនួនសម្រេចចិត្តមិនទទួលយកការងារទៅប្រទេសក្រៅ។ អ្នកការទូតមួយចំនួនមានការព្រួយបារម្ភពីករណីនេះដែលធ្វើឱ្យមន្ត្រីអាមេរិករាប់រយនាក់បាត់បង់ជីវិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ រោគសញ្ញាដែលត្រូវបានគេស្គាល់ថាជារោគសញ្ញាហាវ៉ាណាត្រូវបានរាយការណ៍ជាលើកដំបូងដោយមន្រ្តីCIA និងបុគ្គលិកក្រសួងការបរទេសដែលធ្វើការនៅស្ថានទូតអាមេរិកនៅក្នុងប្រទេសគុយបាកាលពីចុងឆ្នាំ ២០១៦ ។ អ្នកជម្ងឺមួយចំនួនបាននិយាយថា នៅពេលរោគសញ្ញាបានលេចចេញដំបូងពួកគេមានអារម្មណ៍ថាដូចជាពួកគេត្រូវបានគេវាយ មានបញ្ហាចក្ខុ និងមានការលំបាកក្នុងការផ្តោតអារម្មណ៍។ រោគសញ្ញាបន្ថែមនៃករណីនេះមានដូចជាការបាត់បង់សមត្ថភាពនៃការស្តាប់ផងដែរ ចំពោះអ្នកការទូត និងភ្នាក់ងារមួយចំនួនដែលស្ថិតក្នុងករណីធ្ងន់ធ្ងរពួកគេត្រូវបង្ខំចិត្តបញ្ចប់បេសកកម្មនៅក្រៅប្រទេសរបស់ពួកគេមុន ហើយត្រលប់ទៅសហរដ្ឋអាមេរិកវិញដើម្បីសិក្សានិងព្យាបាលរោគសញ្ញានេះ។ បច្ចុប្បន្នមិនទាន់មានការពន្យល់ជាក់លាក់ណាមួយពីរោគសញ្ញានេះបានទេ ប៉ុន្តែអ្នកវិទ្យាសាស្ត្រអាមេរិកនិយាយថា រោគសញ្ញានេះភាគច្រើនបណ្តាលមកពីវិទ្យុសកម្ម។ ខណៈពេលដែលមិនមានការចែករំលែកព័ត៌មានជាសាធារណៈអំពីចំនួនអ្នកដែលមានរោគសញ្ញានេះ ក្រសួងការបរទេសអាមេរិកបានផ្ញើសារមួយកាលពីដើមឆ្នាំនេះបញ្ជាឱ្យអ្នកការទូត និងសមាជិកគ្រួសាររបស់ពួកគេរាយការណ៍ភ្លាមៗអំពីរោគសញ្ញា ថ្មីដែលពួកគេមានដែលសង្ស័យជារោគសញ្ញាហាវ៉ាណា។ គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសគុយបាថាបានធ្វើការវាយប្រហារដោយប្រើសម្លេងទៅកាន់មន្រ្តីរបស់អាមេរិក ប៉ុន្តែគុយបាបានបដិសេធចំពោះការចោទប្រកាន់នេះ ហើយវាបណ្តាលឱ្យមានភាពតានតឹងរវាងប្រទេសទាំងពីរនេះ។ ការសិក្សានៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៩ បានរកឃើញមានភាពមិនប្រក្រតីនៃខួរក្បាលរបស់អ្នកការទូតដែលបានធ្លាក់ខ្លួនឈឺដោយរោគសញ្ញានេះ ប៉ុន្តែគុយបាបានច្រានចោលរបាយការណ៍នេះ។
-
សមាជិកបក្សប្រឆាំង បន្តទាមទារឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhyiddin លាលែងពីតំណែង

កាលពីថ្ងៃចន្ទ ទី ២ ខែសីហា សមាជិកសភាមកពីគណបក្សប្រឆាំងម៉ាឡេស៊ី បានប្រមូលផ្តុំគ្នានៅទីលាន Merdeka ក្នុងរដ្ឋធានីកូឡាឡាំពួរ ដើម្បីទាមទារសារជាថ្មីឱ្យលោកនាយករដ្ឋមន្ត្រីMuhyiddin Yassin លាលែងពីតំណែង ដោយសារពួកគេមិនមានការពេញចិត្តនឹងការសម្រេចចិត្ត របស់រដ្ឋាភិបាលរបស់លោកក្នុងការពន្យារពេល និងលើកពេលកិច្ចប្រជុំពិសេសរបស់សភា។ អ្នកនយោបាយជើងចាស់ និងគូប្រជែងនយោបាយគឺ លោក Anwar Ibrahim និងអតីតនាយករដ្ឋមន្ត្រី Mahathir Mohamad បានទុកភាពខុសគ្នានៅដោយឡែក ហើយឈរពួតដៃគ្នា នៅក្នុងការជួបជុំសមាជិកសភាជាង ១០០ នាក់។ លោក Datuk Seri Anwar ដែលជាមេដឹកនាំគណបក្សប្រឆាំង បានអះអាងថារដ្ឋាភិបាលរបស់លោកMuhyiddin គឺលែងទទួលបានទំនុកចិត្តពីសភាទៀតហើយ។ សភាម៉ាឡេស៊ីមាន ២២២អាសនៈក្នុងនោះ ២ អាសនៈនៅទំនេរ នេះមានន័យថា ដើម្បីបង្កើតរដ្ឋាភិបាល មួយគេត្រូវការយល់ព្រមពីសមាជិកសភា១១១ រូប។ លោក Mahathir បានប្រាប់អ្នកយកព័ត៌មានថា៖ «បើទោះបីជាប្រជាជនបានបន្តថ្កោលទោស និងទាមទារឱ្យគាត់(លោកMuhyiddin) ចុះពីតំណែងក៏ដោយ ក៏គាត់នៅតែមិនព្រមមានភាពខ្មាសអៀន ហើយមិនចុះចេញពីតំណែងឡើយ»។ ក្រុមសមាជិកសភា បាននិយាយថា ពួកគេនឹងចូលរួមប្រជុំនៅសភានៅថ្ងៃចន្ទនេះ បើទោះបី ជាមានការពន្យារពេលក៏ដោយ ប៉ុន្តែត្រូវបានរារាំងមិនឱ្យចូលទៅកាន់អាគារប្រជុំទេ។…
-
ហេតុអ្វីបានជា កម្មវិធីចាក់វ៉ាក់សាំងលើសកលមិនទាន់មានប្រសិទ្ធិភាពល្អ?

បន្ទាប់ពីការតស៊ូអស់ជាច្រើនខែមក យន្តការចាក់វ៉ាក់សាំង Covax ដែលគាំទ្រ ដោយអង្គការសហប្រជាជាតិ (UN) នៅតែប្រឈមនឹងវិបត្តិស៊ីជម្រៅមួយគឺ ការលំបាកក្នុងគ្រប់គ្រងវ៉ាក់សាំង និងចែកចាយដោយប្រសិទ្ធិភាព ខណៈពេល មានការរីករាលដាលវ៉ារ្យ៉ង់ឌែលតាទូទាំងសកលលោក។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន The New York Times។ ការចែកចាយវ៉ាក់សាំងមិនទាន់ពេលវេលា ដែលបណ្ដាលឱ្យវ៉ាក់សាំងផុតកាលបរិច្ឆេទ គឺជាបញ្ហាមួយដ៏ធ្ងន់ធ្ងរបំផុត ប៉ុន្តែភាគច្រើនត្រូវគេបានមើលរំលង។ ជាក់ស្ដែង ការដឹកជញ្ចូនវ៉ាក់សាំងយឺតយ៉ាវនៅទ្វិបអាហ្វ្រិកកាលពីខែ មិថុនា កន្លងទៅ ក្នុងរយៈពេល ៥ សប្ដាហ៍ក្រោយមក រដ្ឋាភិបាលប្រទេសនេះ បានរាយការណ៍ថា វ៉ាក់សាំងចំនួន ៩៤.០០០ ដូសនៅមិនត្រូវបានប្រើនៅឡើយ។ ដោយឡែក នៅក្បែរទីក្រុងបេនីន វ៉ាកសាំង ២៦៧ ដូសប៉ុណ្ណោះ ត្រូវបានចែកចាយក្នុងមួយថ្ងៃ ពោលគឺមានល្បឿនយឺត។ ដូច្នេះ វ៉ាក់សាំង AstraZeneca ចំនួន ១១០,០០០ ដូស ដែលបានមកពីកម្មវិធី ក៏ត្រូវបានផុតកំណត់។ កម្មវិធី Covax ត្រូវបានគេស្គាល់ថាជា សម្ព័ន្ធប្រទេសមហាអំណាចពិភពលោក ដែលនឹងធានាការផ្គត់ផ្គង់វ៉ាក់សាំង ដល់ប្រទេសក្រីក្រឱ្យបានរហ័សដូចប្រទេសអ្នកមាន។ ផ្ទុយទៅវិញ កម្មវិធី…
-
រតនាគារអាមេរិក សម្រេចផ្អាកការផ្គត់ផ្គង់ប្រាក់ចូលនិវត្តន៍ និងថែទាំសុខភាពរបស់បុគ្គលិករដ្ឋាភិបាល

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen កាលពីថ្ងៃចន្ទ បានចាត់វិធានការបន្ថែម ដើម្បីការពារលទ្ធភាពខ្ចីប្រាក់របស់រដ្ឋាភិបាលនៅតាមរដ្ឋសហព័ន្ធដោយព្យួរការវិនិយោគខ្លះ លើប្រាក់ចូលនិវត្តន៍ និងការចំណាយថែទាំសុខភាពរបស់បុគ្គលិករដ្ឋាភិបាល ខណៈពេលដែលការចំណាយរបស់រដ្ឋាភិបាលគឺកំពុងឈានទៅរកដែនកំណត់ប្រាក់កម្ចីកំណត់ដោយសភា។ នៅក្នុងលិខិតមួយទៅកាន់ប្រធានសភាតំណាងរាស្រ្តលោកស្រី Nancy Pelosi និងថ្នាក់ដឹកនាំដទៃទៀត លោកស្រី Yellen បាននិយាយថា លោកស្រីកំពុងព្យួរការវិនិយោគថវិកាទៅក្នុងមូលនិធិចូលនិវត្តន៍ មូលនិធិពិការភាព ព្រមទាំងសេវាកម្មអត្ថប្រយោជន៍ដទៃទៀតក្រោយចូលនិវត្តន៍របស់បុគ្គលិករដ្ឋាភិបាល។ លោកស្រី Yellen បានក្រើនរំលឹក សភានៅចុងខែកក្កដាថា កាលបរិច្ឆេទដ៏សំខាន់ថ្ងៃទី ១ ខែតុលានៅពេលដែលឆ្នាំសារពើពន្ធ ២០២២ ចាប់ផ្ដើមគឺកាន់តែខិតជិតមកដល់ ហើយរដ្ឋាភិបាលអាចប្រឈមនឹងការបង់ប្រាក់ចាំបាច់ចំនួនប្រមាណ ១៥០ ពាន់លានដុល្លារ។
-
ឡាវបន្តបិទខ្ទប់ប្រទេស ហេតុផលអ្នកជិតខាងហានិភ័យខ្លាំង

រដ្ឋាភិបាលឡាវបានសម្រេចចិត្តបន្តការបិទខ្ទប់ប្រទេស រហូតដល់ថ្ងៃទី១៨ សីហា ខណៈករណីឆ្លងកូវីដ១៩បន្តកើនឡើងខ្លាំង។ ការិយាល័យនាយករដ្ឋមន្ត្រីបានឲ្យដឹង កាលពីថ្ងៃទី២ សីហាថា ការបិទខ្ទប់នេះនឹងបន្តអូសបន្លាយ ខណៈស្ថានភាពកូវីដ១៩ក្នុងប្រទេសឡាវមិនទាន់គ្រប់គ្រងបានពេញលេញ ហើយស្ថានភាពប្រទេសជិតខាងនៅតែមានហានិភ័យខ្លាំង។ ថ្ងៃទី២ សីហា គឺជាថ្ងៃបញ្ចប់ការបិទខ្ទប់ជាបន្តបន្ទាប់មក ក្នុងនោះ ចុងក្រោយគឺកាលពីថ្ងៃទី១៩ កក្កដា។ កាលពីថ្ងៃម្សិលមិញ ឡាវបានប្រកាសពីការរកឃើញករណីឆ្លងថ្មី ២៣៧នាក់ នាំចូលពីក្រៅប្រទេស និងករណីឆ្លងក្នុងសហគមន៍ចំនួន១៣នាក់។ ឡាវមានអ្នកកើតកូវីដ១៩ ចំនួន៧០១៥នាក់ និងស្លាប់ព្រោះជំងឺនេះ ៧នាក់ហើយ គិតត្រឹមថ្ងៃទី២ សីហា៕ ប្រភពពី ស៊ីនហួរ
-
ក្រសួងការពារជាតិអាមេរិក កំពុងពិសោធន៍ដោយប្រើបញ្ញាសិប្បនិម្មិតដើម្បី «មើលទៅអនាគត»

អគ្គបញ្ជាការដ្ឋានភាគខាងជើង(NORTHCOM) នៃក្រសួងការពារជាតិអាមេរិកថ្មីៗនេះបានធ្វើការសាកល្បង ទៅលើអ្វីដែលពួកគេហៅថា បណ្ដាញព័ត៌មានសកលឬ GIDE ដែលរួមបញ្ចូលគ្នានូវបណ្ដាញឧបករណ៍ចាប់សញ្ញានៅជុំវិញពិភពលោក ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI)និងប្រព័ន្ធគណនាតាមអ៊ីនធឺណេត ដោយមានគោលបំណងសម្រេចបាននូវការ «គ្រប់គ្រងផ្តាច់មុខនៃការទទួលបានព័ត៌មាន» និង«ឧត្ដមភាពនៃការសម្រេចចិត្ត» ។ លោក Glen VanHerck មេបញ្ជាការ NORTHCOM និងមេបញ្ជាការបញ្ជាការដ្ឋានការពារដែនអាកាសអាមេរិកខាងជើង (NORAD) បានប្រាប់អ្នកយកព័ត៌មាន នៅក្រសួងការពារជាតិនៅសប្តាហ៍នេះ ថានេះគឺជាការសាកល្បងលើកទី ៣ របស់ GIDE ដែលធ្វើឡើងរួមជាមួយអគ្គបញ្ជាការដ្ឋានឯកភាពទាំង ១១។ លោក VanHerck បានប្រាប់អ្នកយកព័ត៌មានថា ការសម្រេចចិត្តប្រើបញ្ញាសិប្បនិម្មិតដើម្បីព្យាករណ៍សកម្មភាពនាពេលអនាគត ដែលស្ដាប់ទៅដូចជាវត្ថុប្រឌិតក្នុងរឿងភាគវិទ្យាសាស្ត្រ ក៏ប៉ុន្តែវាជាការពិត។ កងទ័ពអាកាសអាមេរិកនិងកងទ័ពអាមេរិក បានសាកល្បងគំនិតស្រដៀងគ្នារួចទៅហើយ ហើយកំពុងស្វែងយល់ពីការរួមបញ្ចូលគ្នា និងធ្វើការជាមួយគ្នាក្នុងការប្រមូលទិន្នន័យ តាមរយៈបញ្ញាសិប្បនិម្មិតដើម្បីធ្វើឱ្យការសម្រេចចិត្ត កាន់តែលឿនតាមព័ត៌មានជាក់លាក់។
-
រុស្ស៊ី៖សហរដ្ឋអាមេរិកបានសុំឱ្យអ្នកការទូត ២៤ នាក់របស់ខ្លួនចាកចេញត្រឹមថ្ងៃទី ៣ កញ្ញា

ម៉ូស្គូ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិកលោក Anatoly Antonov បាននិយាយ ថា ក្រុងវ៉ាស៊ីនតោនបានស្នើឱ្យអ្នកការទូតរុស្ស៊ីចំនួន ២៤ នាក់ចាកចេញពីប្រទេសនេះត្រឹមថ្ងៃទី ៣ ខែកញ្ញា បន្ទាប់ពីទិដ្ឋាការរបស់ពួកគេផុតកំណត់។ ក្នុងបទសម្ភាសន៍មួយជាមួយទស្សនាវដ្តី National Interest ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ឯកអគ្គរដ្ឋទូតរូបនេះ មិនបាននិយាយថាតើសកម្មភាពរបស់សហរដ្ឋអាមេរិក ត្រូវបានបង្កឡើងដោយវិវាទជាក់លាក់ណាមួយទេ។ ប៉ុន្តែលោកបាននិយាយថា អ្នកការទូតស្ទើរតែទាំងអស់នឹងចាកចេញដោយគ្មានការជំនួស ដោយសារតែទីក្រុងវ៉ាស៊ីនតោនបានរឹតបន្តឹងនីតិវិធីនៃការចេញទិដ្ឋការភ្លាមៗ។ ឆ្លើយតបនឹងការអត្ថាធិប្បាយនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បាននិយាយកាលពីថ្ងៃច័ន្ទថាក្រុងវ៉ាស៊ីនតោនមិនប្រើទិដ្ឋាការអ្នកការទូតរុស្ស៊ីដើម្បីសងសឹកប្រឆាំងនឹងក្រុងម៉ូស្គូនោះទេ។ លោកបាននិយាយថា ការរៀបរាប់របស់ឯកអគ្គរដ្ឋទូតរុស្ស៊ីគឺមិនត្រឹមត្រូវទេ។ លោក Price មិនបានជំទាស់នឹងការពិតដែលថា អ្នកការទូតរុស្ស៊ីនឹងត្រូវចាកចេញពីសហរដ្ឋអាមេរិក ដោយនិយាយថា វាមិនមែនជាអ្វីថ្មីទេ ដែលជនជាតិរុស្ស៊ីត្រូវដាក់ពាក្យសុំពន្យារទិដ្ឋាការរបស់ពួកគេបន្ទាប់ពីបីឆ្នាំ។ លោកបន្ថែមថា ពាក្យសុំទាំងនោះ ត្រូវបានពិនិត្យឡើងវិញតាមករណីនីមួយៗ។ យោងតាមក្រសួងការបរទេសអាមេរិកនិយាយកាលពីថ្ងៃសុក្រ ចាប់ពីខែនេះទៅរុស្ស៊ីបានហាមឃាត់ស្ថានទូតអាមេរិកនៅក្រុងម៉ូស្គូ ពីការរក្សា ឬជួលបុគ្គលិកជនជាតិរុស្ស៊ី ឬប្រទេសទីបី លើកលែងតែឆ្មាំយាម ដែលធ្វើឱ្យខ្លួនត្រូវជម្រុះបុគ្គលិក ១៨២ នាក់ និងអ្នកម៉ៅការរាប់សិបនាក់។ ក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីកាលពីខែមីនា និងមេសា ពីបទជ្រៀតជ្រែកក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ការលួចទិន្នន័យតាមអ៊ីនធឺណិត រួមទាំងការគំរាមកំហែងអ៊ុយក្រែន…
-
នាវាចម្បាំងអាល្លឺម៉ង់នឹងរំកិលខ្លួនឆ្ពោះទៅសមុទ្រចិនខាងត្បូង ទោះបីមានភាពតានតឹងជាមួយក្រុងប៉េកាំង

ប៊ែរឡាំង៖ ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃចន្ទ បានបញ្ជូននាវាចម្បាំងមួយគ្រឿងទៅកាន់សមុទ្រចិនខាងត្បូងជាលើកដំបូងក្នុងរយៈពេលជិតពីរទសវត្សរ៍ ដើម្បីចូលរួមជាមួយប្រទេសលោកខាងលិចដទៃទៀតក្នុងការពង្រីកវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ ចំពេលមានការព្រួយបារម្ភអំពីមហិច្ឆតាទឹកដីរបស់ចិន។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ មន្រ្តីនៅទីក្រុងប៊ែរឡាំងបាននិយាយថា កងទ័ពជើងទឹកអាល្លឺម៉ង់ នឹងប្រកាន់ខ្ជាប់នូវផ្លូវពាណិជ្ជកម្មរួម ហើយនាវាចម្បាំងនេះមិនរំពឹងថានឹងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នោះទេ។ ទោះយ៉ាងណាក៏ដោយ ក្រុងប៊ែរឡាំងបានបញ្ជាក់យ៉ាងច្បាស់ថា បេសកកម្មនេះសង្កត់ធ្ងន់លើការពិតដែលថាអាល្លឺម៉ង់មិនអាចទទួលយកការទាមទារដែនទឹករបស់ចិនបាន។ នាវាដែលមានឈ្មោះថា Bayern នេះ ត្រូវបានគេរំពឹងថានឹងឆ្លងកាត់សមុទ្រចិនខាងត្បូងនៅពាក់កណ្តាលខែធ្នូ ហើយនឹងក្លាយជានាវាចម្បាំងអាល្លឺម៉ង់ដំបូងគេដែលឆ្លងកាត់តំបន់នេះ ចាប់តាំងពីឆ្នាំ ២០០២ មក។ អាល្លឺម៉ង់កំពុងដើរយ៉ាងតឹងរ៉ឹងរវាងសន្តិសុខ និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន ក្រោយចិនបានក្លាយជាដៃគូពាណិជ្ជកម្មសំខាន់បំផុតរបស់ក្រុងប៊ែរឡាំង។ ការនាំចេញរបស់អាល្លឺម៉ង់ទៅប្រទេសចិន បានជួយកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ទៅលើប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបមួយនេះ។ ប្រទេសផ្សេងៗទៀតរួមមានអង់គ្លេស អាមេរិក បារាំង ជប៉ុន អូស្ត្រាលី និងនូវែលសេឡង់ ក៏បានពង្រីកសកម្មភាពរបស់ខ្លួននៅប៉ាស៊ីហ្វិកដើម្បីទប់ទល់ឥទ្ធិពលចិនផងដែរ។ កងនាវាចរអាមេរិក ក្នុងការបង្ហាញពីកម្លាំងប្រឆាំងការទាមទារដែនទឹករបស់ចិន តែងតែធ្វើប្រតិបត្តិការដែលគេហៅថា «សេរីភាពនាវាចរណ៍» ដោយបើកឆ្លងកាត់ក្បែរកោះដែលមានជម្លោះខ្លះ។ ប្រទេសចិន បានប្រឆាំងនឹងបេសកកម្មអាមេរិកនេះ ដោយនិយាយថា ពួកគេមិនជួយលើកកម្ពស់សន្តិភាព ឬស្ថិរភាពនោះទេ។
-
អាជ្ញាធរហុងកុងចាប់ខ្លួនតារាចម្រៀងនិន្នាការប្រជាធិបតេយ្យ ក្រោមបទល្មើស «ប្រព្រឹត្តិអំពើពុករលួយ»

គណៈកម្មការឯករាជ្យប្រឆាំងអំពើពុករលួយហុងកុង កាលពីថ្ងៃទី២ ខែសីហាកន្លងទៅ បានធ្វើការចោទប្រកាន់តារាចម្រៀង និងសកម្មជនប្រជាធិបតេយ្យហុងកុងលោក Anthony Wong ពីបទល្មើសប្រព្រឹត្តិអំពើពុករលួយ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាការបោះឆ្នោតកាលពីឆ្នាំ២០១៨។ អង្គភាពប្រឆាំងអំពើពុករលួយខាងលើបាននិយាយក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា លោក Wong បានច្រៀងចម្រៀងចំនួន ២បទក្នុងការជួបជុំដ៏ធំមួយ ហើយក្រោយពីច្រៀងចប់ តារាចម្រៀងមួយបានអំពាវនាវឱ្យអ្នកចូលរួមទាំងអស់បោះឆ្នោតឱ្យសកម្មជនប្រជាធិបតេយ្យហុងកុងលោក Au Nok-hin ក្នុងការបោះឆ្នោតបំពេញបន្ថែមជ្រើសរើសក្រុមប្រឹក្សាតាក់តែងច្បាប់នៅហុងកុង។ សកម្មភាពនេះផ្ទុយនឹងច្បាប់ស្ដីពី អំពើពុករលួយ និងសកម្មភាពខុសច្បាប់ក្នុងការបោះឆ្នោត។ ប្រសិនបើរកឃើញថាមានកំហុសមែន លោក Wong អាចជាប់ពន្ធនាគាររហូតដល់ ៧ឆ្នាំ និងរងការពិន័យជាទឹកប្រាក់ចំនួន ៦៤ ០០០ដុល្លារអាមេរិក។ លោក Au ក៏បានឈ្នះឆ្នោតកាលពីឆ្នាំ២០១៨ តែលោកត្រូវបានចាប់ខ្លួន និងដាក់ឱ្យជាប់ពន្ធនាគាររយៈពេល ១០ខែ កាលពីខែមេសាកន្លងទៅ។ នៅក្នុងឆ្នាំ២០២១នេះ សកម្មជនប្រជាធិបតេយ្យហុងកុងចំនួនច្រើនជាង ៤៦នាក់ ត្រូវបានចាប់ខ្លួន ក្រោមបទល្មើសនឹងច្បាប់សន្តិសុខជាតិហុងកុង ដែលអនុម័តដោយរដ្ឋាភិបាលប៉េកាំងកាលពីឆ្នាំ២០២០កន្លងទៅ៕
-
ភូមា៖ មនុស្សស្លាប់ព្រោះកូវីដកើនខ្លាំង វិបត្តិនយោបាយជាប់គាំង

ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសមីយ៉ាន់ម៉ាបានកើនឡើងខ្លាំង ក្នុងនោះ មានជាង១ម៉ឺននាក់ហើយ គិតត្រឹមថ្ងៃទី២ សីហា។ ជាមួយគ្នា វិបត្តិនយោបាយនៅក្នុងប្រទេសនេះហាក់ជាប់គាំង ក្រោយកើតមានរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ួង សានស៊ូជី។ ក្រសួងសុខាភិបាលភូមាឬមីយ៉ាន់ម៉ាបានរាយការណ៍ថា ក្រោយរកឃើញស្លាប់៣៣០នាក់ទៀត ត្រឹម២៤ម៉ោងនោះ ធ្វើឲ្យចំនួនមនុស្សស្លាប់ដោយសារតែជំងឺកូវីដបានកើនដល់ ១០០៦១នាក់ហើយ គិតត្រឹមថ្ងៃម្សិលមិញ។ រីឯចំនួនឆ្លងថ្មីៗវិញ ក៏កើនឡើងខ្លាំងដែរ ម្សិលមិញនេះ ប្រកាសថា មាន៣៦៨៩នាក់ទៀត កើនដល់ជាង៣០ម៉ឺននាក់ហើយ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារស៊ីនហួរ។ ងាកមកវិបត្តិនយោបាយវិញ មេដឹកនាំយោធាអាមេរិកបានសន្យាថា នឹងរៀបចំការបោះឆ្នោត ហើយការដាក់ប្រទេសក្នុងភាពអាសន្ននឹងលើកលែងវិញ នៅឆ្នាំ២០២៣ ប៉ុន្តែសេណារីយ៉ូនេះនេះត្រូវបានសហរដ្ឋអាមេរិកចេញមុខទាត់ចោល ដោយចោទថា របបយោធាកំពុងពន្យាពេល សម្រាប់ការបោះឆ្នោត២ឆ្នាំខាងមុខនេះ ហើយបានលើកទឹកចិត្តឲ្យអាស៊ានដាក់សំពាធទៀតផង នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA៕