-
ក្រុមតាលីបង់ជួបពិភាក្សាជាមួយប្រមុខការទូតចិន ស្របពេលសហរដ្ឋអាមេរិកកំពុងដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន (មានវីដេអូ)

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃពុធនេះបានប្រាប់អ្នកយកព័ត៌មានថា គណៈប្រតិភូតាលីបង់មានសមាជិក៩នាក់កំពុងបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅប្រទេសចិន ដោយពួកគេបានជួបជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី ដើម្បីពិភាក្សាអំពីដំណើរការសន្តិភាព និងបញ្ហាសន្តិសុខ នៅទីក្រុងធានជីនភាគខាងជើងប្រទេសចិន ។ នេះជាលើកទីមួយហើយ ដែលមេដឹកនាំតាលីបង់ជាន់ខ្ពស់បានធ្វើទស្សនកិច្ចប្រទេសចិនចាប់តាំងពីក្រុមនេះបានធ្វើការវាយលុកយ៉ាងខ្លាំង ដើម្បីដណ្តើមយកទឹកដីនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការដកខ្លួនរបស់កងកម្លាំងយោធាអាមេរិក និងអង្គការណាតូនៅប្រទេសនេះ ។ បើតាមអ្នកនាំពាក្យក្រុមតាលីបង់លោក Mohammed Naeem នយោបាយសេដ្ឋកិច្ច និងបញ្ហាដែលទាក់ទងនឹងសន្តិសុខនៃប្រទេស និងស្ថានភាពបច្ចុប្បន្នរបស់អាហ្វហ្គានីស្ថាន ត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំ ។ សន្តិសុខនៅអាហ្វហ្គានីស្ថានដែលចិនជាប់ព្រំដែនបាននិងកំពុងធ្លាក់ចុះដុនដាបយ៉ាងឆាប់រហ័ស នៅពេលដែលសហរដ្ឋអាមេរិកគ្រោងដកកងទ័ពរបស់ខ្លួននៅខែកញ្ញាខាងមុខនេះ ។ ក្រុមតាលីបង់បានចាប់ផ្តើមវាយលុកយ៉ាងក្តៅគគុកដណ្តើមយកស្រុក និងច្រកព្រំដែនជុំវិញប្រទេស ខណៈពេលដែលការចរចាសន្តិភាពនៅរដ្ឋធានីកាតា មិនបានធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ។ ប្រទេសចិនក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តជំនួយរបស់ពួកគេជាមួយអាហ្វហ្គានីស្ថាន ហើយបាននិយាយថា ពួកគេនឹងមិនជ្រៀតជ្រែកក្នុងបញ្ហារបស់ប្រទេសអាហ្វហ្គានីស្ថានទេ ប៉ុន្តែនឹងជួយដោះស្រាយបញ្ហា និងការស្តារសន្តិភាពឡើងវិញនៅក្នុងប្រទេសនេះ ៕ ប្រភព៖ CGTN
-
រញ្ជួយដី៨.៣រិចទ័រទើបវាយប្រហាររដ្ឋមួយរបស់អាមេរិក

ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ នៅថ្ងៃទី២៩ កក្កដា ២០២១នេះថា រដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក ត្រូវស្ថិតក្រោមការឃ្លាំមើលការគំរាមកំហែងពីរលកស៊ូណាមិ ដែលទំនងជាអាចកើតឡើង បន្ទាប់ពីគ្រោះរញ្ជួយដីខ្លាំងមួយកម្រិត៨.២ រិចទ័រ បានវាយប្រហារនៅក្បែរភាគខាងត្បូងរដ្ឋ Alaska។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS បានឲ្យដឹងថា ចំណុចរំញ័រនៃរញ្ជួយផែនដីខាងលើ ស្ថិតនៅក្រោមបាតសមុទ្រ ក្បែរឧបទ្វីប Alaska នៃរដ្ឋ Alaska។ មជ្ឈមណ្ឌលព្រមានពីរលកស៊ូណាមិប្រចាំតំបន់ប៉ាស៉ីហ្វិក PTWC ឲ្យដឹងថា ខ្លួនកំពុងតែកំណត់ថាតើ មានការគំរាមកំហែងពីរលកយក្ស ចំពោះកោះហាវ៉ៃ ដែរឬយ៉ាងណា៕
-
តួកគីសាងសង់ជញ្ជាំងព្រំដែនបេតុងដ៏វែងថ្មីមួយ ដើម្បីបញ្ឈប់ការហូរចូលជនភៀសខ្លួនអាហ្វហ្គានីស្ថាន (មានវីដេអូ)

តួកគី៖ រដ្ឋាភិបាលតួកគីបានសាងសង់ជញ្ជាំងព្រំដែនបេតុងថ្មីមួយ ដែលផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការហូរចូលនៃប្រជាជនមកពីអាហ្វហ្គានីស្ថាន ដែលព្យាយាមឆ្លងកាត់ចូលមកកាន់ប្រទេសតួកគី តាមរយៈប្រទេសអ៊ីរ៉ង់ ។ ជញ្ជាំងព្រំដែនបេតុងដ៏វែងនេះត្រូវបានសាងសង់ឡើងស្ថិតនៅខេត្តភាគខាងកើត វ៉ាន់ មានប្រវែងជាង៦៤គីឡូម៉ែត្រ ។ ការសម្រេចចិត្តនេះបានកើតមានឡើងស្របពេលដែលចំនួនជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថាន បាននិងកំពុងព្យាយាមធ្វើដំណើរចូលមកក្នុងប្រទេសតួកគី តាមរយៈប្រទេសអ៊ីរ៉ង់កើនឡើងយ៉ាងគំហុក ។ ជនចំណាកស្រុកយ៉ាងច្រើនបានបង្ខំចិត្តភៀសខ្លួន ចេញពីអំពើហិង្សានៅអាហ្វហ្គានីស្ថាន បន្ទាប់ពីសហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តអង្គការ NATO របស់ខ្លួន បានប្រកាសដកកងទ័ពចេញពីប្រទេសនេះ ហើយក្រុមឧទ្ទាមតាលីបង់ក៏រឹបអូសបានទឹកដីជាច្រើនពីរដ្ឋាភិបាលផងដែរ ។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានប៉ាន់ប្រមាណថា មានប្រជាជនអាហ្វហ្គានីស្ថានប្រមាណ២៧ម៉ឺននាក់ត្រូវបានផ្លាស់ប្តូរទីលំនៅថ្មីនៅក្នុងប្រទេសចាប់តាំងពីខែមករាមក ដែលនាំអោយចំនួនប្រជាជនសរុបបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេកើនឡើងជាង៣.៥លាននាក់ហើយ ៕ ប្រភព៖ Reuters
-
អាមេរិក អង់គ្លេស ផ្តល់ជំនួយវ៉ាក់សាំងជូនថៃ ព្រមគ្នា

ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍បានចេញផ្សាយ នៅថ្ងៃទី២៩ កក្កដានេះថា អាមេរិកនឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១លានដូសទៀត ជូនប្រទេសថៃ ដោយផ្អែកលើទំនាក់ទំនងជិតស្និទ្ធនិងយូរអង្វែងរវាងប្រទេសទាំងពីរ នេះបើតាមសមាជិកព្រឹទ្ធសភាថៃមានដើមកំណើតនៅអាមេរិកម្នាក់។ លោកស្រី Tammy Duckworth បានប្រកាសពីគម្រោងនៃការបរិច្ចាគនេះ គឺថែមពីលើដែលអាមេរិកធ្លាប់បានប្រកាសថា អាមេរិកផ្តល់ជូន១.៥លានដូសនោះ ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ថា ជាប្រភេទវ៉ាក់សាំងអ្វីទេ។ សហរដ្ឋអាមេរិកធ្លាប់បានប្រកាសពីការបរិច្ចាគ១.៥លានដូសនៃវ៉ាក់សាំង Pfizer ជូនប្រទេសថៃ ដោយការដឹកជញ្ជូនវ៉ាក់សាំងគ្រោងនឹងទៅដល់ថៃ នៅថ្ងៃសុក្រ ទី៣០ កក្កដា ស្អែកនេះ។ លោកស្រី Tammy Duckworth ការដឹកជញ្ជូននេះ និង១លានដូសថែមទៀត គឺជាការឆ្លុះបញ្ចាំងពីមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះដែរ ស្ថានទូតអង់គ្លេសបានប្រកាសតាមបណ្តាញសង្គម ធ្វីតធឺ នៅថ្ងៃព្រហស្បតិ៍នេះដែរថា ការិយាល័យបរទេសអង់គ្លេសនឹងបរិច្ចាគវ៉ាក់សាំង៤១៥០០០ដូស នៃប្រភេទវ៉ាក់សាំង AstraZeneca ជូនប្រទេសថៃ នាខែសីហាខាងមុខនេះដែរ។ គេថា វាគឺជាផ្នែកមួយនៃកញ្ចប់ជំនួយវ៉ាក់សាំង៩លានដូស ដែលអង់គ្លេសផ្តល់ជូនបណ្តាប្រទេសផ្សេងៗ តាមយន្តការកូវ៉ាក់៕
-
យោធាមីយ៉ាន់អំពាវនាវសុំជំនួយពីសហគមន៍អន្តរជាតិ ខណៈប្រទេសនេះកំពុងតស៊ូជាមួយរលកថ្មីនៃការឆ្លងជំងឺកូវីដ១៩ (មានវីដេអូ)

មីយ៉ាន់ម៉ា៖ អាជ្ញាធរយោធាមីយ៉ាន់ម៉ាបាននិងកំពុងស្វែងរកជំនួយពីសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ស្របពេលដែលប្រទេសនេះ កំពុងតស៊ូជាមួយរលកថ្មីនៃការឆ្លងដ៏អាក្រក់ ។មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោង ហ្លេង បានប្រាប់កិច្ចប្រជុំស្តីពីការសម្របសម្រួល ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិថា មីយ៉ាន់ម៉ាគួរតែស្វែងរកថវិកាពីមូលនិធិឆ្លើយតបកូវីដ-១៩ ដែលបង្កើតឡើងដោយអាស៊ាន ។ កាសែត Global New Light of Myanmar បានរាយការណ៍ថា កិច្ចខិតខំប្រឹងប្រែងកំពុងធ្វើឡើងជាមួយអាស៊ាននិងបណ្តាប្រទេសជាមិត្តផ្សេងទៀត ប៉ុន្តែមិនបានផ្តល់ព័ត៌មានលំអិតទេ ។ប្រទេសមីយ៉ាន់ម៉ាបានជួបភាពច្របូកច្របល់ចាប់តាំងពីយោធាឡើងកាន់អំណាចកាលពីខែកុម្ភៈ ដោយមន្ទីរពេទ្យជាច្រើនមិនមានបំពាក់សម្ភារៈគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការកើនឡើងនៃអ្នកជំងឺទេ បន្ទាប់ពីបុគ្គលិកពេទ្យជាច្រើនបានចេញតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ ។ ទន្ទឹមនេះ បទបញ្ជាអោយស្នាក់នៅក្នុងផ្ទះ ដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់ មិនអាចបញ្ឈប់ការកើនឡើងនូវករណីឆ្លងបានទេ ហើយក្រុមបូជាសពកំពុងបំពេញការងារតាមសមត្ថភាព ខណៈអ្នកស្ម័គ្រចិត្តកំពុងធ្វើការដើម្បីយកសាកសពមនុស្សដែលបានស្លាប់ចេញពីផ្ទះរបស់ពួកគេ ៕ ប្រភព៖ AFP
-
ហ្វីលីពីនទទួលបានវ៉ាក់សាំង Sinovac បន្ថែមទៀតពីប្រទេសចិន (មានវីដេអូ)

ចិន៖ ប្រទេសចិនបានបរិច្ចាគកញ្ចប់វ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac បន្ថែមទៀតទៅដល់ប្រទេសហ្វីលីពីន នៅក្នុងថ្ងៃព្រហស្បតិ៍នេះ ដើម្បីគាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។ ចិនគឺជាប្រទេសដំបូងគេដែលបានផ្តល់វ៉ាក់សាំងបង្ការជំងឺវីរុសដល់ហ្វីលីពីន ។ ចិនបានបរិច្ចាគបញ្ចប់ដំបូងនៃវ៉ាក់សាំង CoronaVac ដល់ទីក្រុងម៉ានីល កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ ដែលអនុញ្ញាតអោយប្រទេសនេះ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការនៅថ្ងៃទី០១ ខែមិនា ។ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រទេសចិនគឺជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ១៩ធំបំផុតដល់ហ្វីលីពីន ។ បន្ថែមលើនេះ ហ្វីលីពីនក៏ទទួលបានវ៉ាក់សាំងប្រមាណជាង៣១.៣លានដូស ដែលវ៉ាក់សាំងប្រភេទផ្សេងៗគ្នា ដើម្បីចាក់ជូនដល់ប្រជាជនខ្លួនផងដែរ ។ គួរកត់សម្គាល់ គិតត្រឹមថ្ងៃទី២៧ ខែកក្កដានេះ ហ្វីលីពីនបានចាក់វ៉ាក់សាំងដល់ប្រជាជនខ្លួនប្រមាណជាង១៨លានដូសហើយ ហើយមានមនុស្សច្រើនជាង៦.៨លាននាក់បានចាក់វ៉ាក់សាំងពេញលេញ ឬពីរដូសប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈដែលរដ្ឋាភិបាលមានគោលបំណងចាក់វ៉ាក់សាំង ជូនប្រជាជនអោយបាន៧០លាននាក់នៅក្នុងឆ្នាំនេះ ៕ ប្រភព៖ ស៊ីនហួរ
-
សហរដ្ឋអាមេរិកសម្តែងការគាំទ្រលើការស៊ើបអង្កេតបន្ថែមទៀតរបស់អង្គការ WHO ក្នុងការស្រាវជ្រាវរកប្រភពដើមនៃវីរុសកូវីដ១៩ (មានវីដេអូ)

អាមេរិក៖ សហរដ្ឋអាមេរិកបានបង្ហាញនូវការគាំទ្រចំពោះការសិក្សាស្រាវជ្រាវបន្ថែមទៀតនៅក្នុងប្រទេសចិន ពីសំណាក់អង្គការសុខភាពពិភពលោក WHO ទៅលើប្រភពដើមនៃវីរុសកូវីដ១៩ ។ ការគាំទ្ររបស់អាមេរិកខាងលើនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់តូនី ប្លីងខិន បានជួបពិភាក្សាជាមួយអគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស នៅក្នុងប្រទេសគុយវ៉ែត នៅថ្ងៃពុធសប្តាហ៍នេះ ។ បើតាមក្រសួងការបរទេសអាមេរិក លោក ប្លីងខិន បានអះអាងសាជាថ្មីពីការគាំទ្ររបស់ប្រទេសលោកចំពោះផែន ការរបស់អង្គការ WHO ក្នុងការសិក្សាស្រាវជ្រាវបន្ថែមទៀត ក្នុងនោះរួមមានប្រទេសចិន ដើម្បីយល់ដឹងអោយកាន់តែប្រសើរនូវជំងឺរាតត្បាតក្នុងពេលបច្ចុប្បន្ន ក៏ដូចជាត្រៀមខ្លួនទប់ស្កាត់ការផ្ទុះវីរុសថ្មីផ្សេងទៀតនាពេលអនាគត ។ បន្ថែមលើនេះ លោក ប្លីងខិន ក៏បានគូសបញ្ជាក់ផងដែរ ពីភាពចាំបាច់សម្រាប់ដំណាក់កាលបន្ទាប់ គឺទាន់ពេលវេលា, ភស្តុតាងផ្អែកលើតម្លាភាព, ការដឹកនាំដោយអ្នកជំនាញ និងគ្មានការជ្រៀតជ្រែក ។ សូមរំលឹកផងដែរថា អង្គការសុខភាពពិភពលោក WHO បានប្រកាសពីផែនការ ស្រាវជ្រាវរកប្រភពដើមនៃវីរុសកូវីដ១៩នៅក្នុងប្រទេសចិន ក្នុងដំណាក់កាលទី២កាលពីដើមខែកក្កដានេះ ប៉ុន្តែអាជ្ញាធរចិនបានច្រានចោលសំណើខាងលើ ៕ ប្រភព៖ NHK
-
ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla កើនឡើង៩៨% នៅត្រីមាសទី២ ឆ្នាំ២០២១ ខ្ពស់ជាងការព្យាករណ៍របស់អ្នកវិភាគ (មានវីដេអូ)

អាមេរិក៖ ក្រុមហ៊ុន Tesla Inc បានប្រកាសពីប្រាក់ចំណេញរបស់ខ្លួននៅត្រីមាសទី២ ឆ្នាំ២០២១នេះ ដោយទទួលបានច្រើនជាងការរំពឹងទុក ដោយសារតែការលក់រថយន្តអគ្គិសនីដែលមានតម្លៃទាប ។ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២១ ក្រុមហ៊ុន Tesla លក់រថយន្តបានចំនួន២០ម៉ឺន១ពាន់២៥០គ្រឿង និងផលិតបាន ២០ម៉ឺន៦ពាន់៤២១គ្រឿង ដោយរថយន្តអគ្គិសនី Model 3 និង Model Y លក់ដាច់ជាងគេ ។ នៅក្នុងត្រីមាសទី២ឆ្នាំនេះ ក្រុមហ៊ុន Tesla រកប្រាក់ចំណូលបានរហូតដល់១១.៩៦ពាន់លាន ដុល្លារ ដែលលើសពីការរំពឹងទុករបស់អ្នកវិភាគ ក្នុងចំនួន១១.៣០ពាន់លានដុល្លារ ខណ:ដែលប្រាក់ចំណេញសុទ្ធមានចំនួន១.១៤ពាន់លានដុល្លារ ហើយវាក៏ជាលើកដំបូងផងដែរសម្រាប់ Tesla ដែលទទួលបានប្រាក់ចំណេញលើសពី១ពាន់លានដុល្លារ ចាប់ពីតាំងពីឆ្នាំ២០១៩មក ៕ ប្រភព៖ Reuters
-
ថ្ងៃនេះគឺជាទិវាអន្តរជាតិខ្លា សូមជូនកម្រងរូបភាពនៃសត្វខ្លា

ទិវាអន្តរជាតិសត្វខ្លាត្រូវបានប្រារព្ធរម្លឹកជារៀងរាល់ឆ្នាំ នៅថ្ងៃទី២៩ កក្កដា ដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីសត្វខ្លាដែលរងគ្រោះថ្នាក់។ យោងតាមមូលនិធិពិភពលោកដើម្បីធម្មជាតិ ហៅកាត់ថា WWF បានឲ្យដឹងថា មានសត្វខ្លាប្រមាណ១០ម៉ឺនក្បាល នៅអំឡុងដើមសតវត្សរ៍ទី២០ ប៉ុន្តែចំនួនសត្វខ្លាបានធ្លាក់ចុះជាបន្តបន្ទាប់ មកនៅត្រឹម៣២០០ក្បាល នៅត្រឹមចុងឆ្នាំ២០១០។ សូមអញ្ជើញទស្សនារូបភាពមួយចំនួននៃការរស់នៅរបស់សត្វខ្លា ក្នុងថ្ងៃទិវាខ្លាអន្តរជាតិ ដែលផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CGTN រួមនឹងខ្លឹមសារដែលត្រូវបានប្រែសម្រួលខាងលើផង ដូចតទៅ៖
-
វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៨២១ ករណីបន្ថែមទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ (មានវីដេអូ)
