-
វៀតណាមនឹងទិញវ៉ាក់សាំងរុស្ស៊ី Sputnik V ចំនួន៤០លានដូស

ក្រសួងសុខាភិបាលវៀតណាមបានទទួលការអនុញ្ញាត នៅថ្ងៃទី១២ កក្កដា ក្នុងការចរចាជាមួយរុស្ស៊ី ទិញវ៉ាក់សាំងកូវីដ ប្រភេទ ចំនួន៤០លានដូស។ ក្រសួងថា ក្រុមហ៊ុនក្នុងស្រុកដ៏ធំ T&T Group នឹងចរចាជាមួយមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី ក្នុងការទិញវ៉ាក់សាំងទាំងនេះ ដោយការទិញនេះគឺតាមមូលនិធិប្រមូលដោយស្របច្បាប់ មិនមែនថវិការជាតិ ឬ មូលនិធិវ៉ាក់សាំងកូវីដ១៩របស់វៀតណាមទេ។ ក្រសួងសុខាភិបាលវៀតណាមបានសម្រេចឲ្យប្រើបន្ទាន់ នូវវ៉ាក់សាំង Sputnik V កាលពីចុងខែមីនា។ គួរបញ្ជាក់ថា វៀតណាមកំពុងប្រើប្រាស់វ៉ាក់សាំងអង់គ្លេស ចាក់ជូនប្រជាពលរដ្ឋ ទិញផង គេឲ្យផង ហើយថ្មីៗនេះ អាមេរិកទើបឲ្យវ៉ាក់សាំងបាច់ដំបូង មកដល់វៀតណាមដែរ៕ ប្រភពពី VNexpress
-
WHO៖ បណ្តាប្រទេសនានាមិនគួរទិញវ៉ាក់សាំង Covid-19 បន្ថែម ដើម្បីទុកចាក់ដូសទី៣ ខណៈដែលប្រទេសក្រីក្រជាច្រើន កំពុងត្រូវការវ៉ាក់សាំងឡើយ

-
ចិនចាក់វ៉ាក់សាំងកូវីដ ១.៣៨ពាន់លានដូសហើយ

-
ថៃឆ្លងថ្មីជិត៩ពាន់នាក់ ស្លាប់ជិត៦០នាក់ទៀត

ប្រទេសថៃនាព្រឹកថ្ងៃទី១៣ កក្កដា ២០២១នេះ បានប្រកាសពីការមានវិជ្ជមានកូវីដ១៩ ក្នុងប្រទេស ចំនួន៨៦៥៨នាក់ និងស្លាប់ថ្មីចំនួន៥៨នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ។ ក្រសួងសុខាភិបាលថៃបានឲ្យដឹងថា ក្នុងចំណោមឆ្លងថ្មីជាង៨ពាន់នាក់នេះ ក៏មានឆ្លងក្នុងពន្ធនាគារចំនួន១៤៦បន្ថែមទៀតផងដែរ ត្បិតការឆ្លងក្នុងពន្ធនាគារថៃនៅតែបន្តមាន ប៉ុន្មានសប្តាហ៍មកនេះ។ ក្នុងពេល២៤ម៉ោងមកនេះ ក៏មានអ្នកជំងឺ៣៧៩៧នាក់ទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយផងដែរ។ ចាប់តាំងពីដើមឆ្នាំ២០២០មក ថៃមានអ្នកកើតកូវីដ១៩ ចំនួន៣៥៣៧១២នាក់ហើយ ជាសះស្បើយ២៥៥៤៥៥នាក់ ស្លាប់២៨៤៧នាក់៕
-
ប្រទេសអាស៊ានមួយប្រកាសថា ខ្វះអុកស៊ីសែនយ៉ាងធ្ងន់ធ្ងរ ផ្ទុះកូវីដ១៩ខ្លាំង

ប្រទេសជាសមាជិកអាស៊ានមួយ កំពុងកង្វះការផ្គត់ផ្គង់អុកស៊ីសែនយ៉ាងធ្ងន់ធ្ងរ ក្នុងការព្យាបាលអ្នកជំងឺ Covid-19 ដែលមានស្ថានភាពធ្ងន់ធ្ងរ។ នោះគឺជាប្រទេស ឥណ្ឌូនេស៊ី ជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី៤ នៅលើពិភពលោក។ មន្ត្រីមន្ទីរពេទ្យមួយរូបលើកឡើង កាលពីថ្ងៃអាទិត្យថា អ្នកជំងឺវីរុសចំនួន ៣៣នាក់បានស្លាប់ បន្ទាប់ពីមន្ទីរពេទ្យរដ្ឋមួយនៅលើកោះជ្វាបានអស់អុកស៊ីសែនរាវ ស្របពេលករណីឆ្លង COVID-19 ហក់ឡើងខ្ពស់ទូទាំងប្រទេស។ ឥណ្ឌូនេស៊ីបានស្នើដល់បណ្ដាប្រទេសជាច្រើន រួមមានប្រទេសចិន សិង្ហបូរី អូស្ត្រាលី ដើម្បីជួយដោះស្រាយកង្វះអុកស៊ីសែន ត្បិត កាលពី ២ខែមុន ឥណ្ឌូនេស៊ីក៏ធ្លាប់បានផ្តល់ការផ្គត់ផ្គង់អុកស៊ីសែនដល់ប្រទេសឥណ្ឌា នៅពេលដែលប្រទេសនេះរងការវាយប្រហារយ៉ាងខ្លាំង ពីជំងឺរាតត្បាតសកលរលកទី២នោះ។ គិតត្រឹមព្រឹកថ្ងៃទី១២ កក្កដា ប្រទេសឥណ្ឌូនេស៊ីមានករណីឆ្លងកូវីដ១៩សរុបចំនួន ២,៥២៧,២០៣នាក់ និងស្លាប់ ៦៦,៤៦៤នាក់៕
-
លោក បូរីស ចនសុន៖ អង់គ្លេសនឹងបិទបញ្ចប់ការរឹតត្បិតទប់ស្កាត់ Covid-19 នៅថ្ងៃទី១៩ ខែកក្កដាខាងមុខ

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានអះអាងថា ស្ទើរតែទាំងស្រុងនៃវិធានការរឹតត្បិតដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងចក្រភពអង់គ្លេស នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៩ ខែកក្កដាខាងមុខនេះ ។ លោក ចនសុន បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទសប្តាហ៍នេះថា ការផ្លាស់ប្តូរខាងលើនេះ នឹងលុបចោលនូវកាតព្វកិច្ចម៉ាសនៅតាមទីសាធារណៈ ច្បាប់រក្សាគម្លាត ហើយនឹងការណែនាំអោយធ្វើការពីផ្ទះជាដើម ។ លោកបានកត់សម្គាល់ថា វ៉ាក់សាំងបានជួយការពារអ្នកដែលវិជ្ជមានជំងឺកូវីដ១៩ ពីការវិវត្តរោគសញ្ញាធ្ងន់ធ្ងរ ។ ទន្ទឹមនេះ លោក ចនសុន បានជំរុញអោយប្រជាជនធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន និងការទទួលខុសត្រូវផ្ទាល់ខ្លួន ដោយលោកបន្ថែមថា ជំងឺរាតត្បាតនេះមិនទាន់ចប់ទេ ។ ទោះជាយ៉ាងណា មន្រ្តីអង់គ្លេសបាននិយាយថា រដ្ឋាភិបាលបានណែនាំថា ប្រជាជនគួរតែពាក់ម៉ាសនៅតាមតំបន់ដែលមានមនុស្សច្រើនកុះករ ខណៈដែលអ្នកជំនាញមួយចំនួនក៏បានព្រមានផងដែរថា ការលុបចោលវិធានការណ៍រឹតត្បិត នៅពេលវីរុសកូវីដ១៩បាននិងកំពុងរីករាលដាលនោះ នឹងប្រឈមនូវហានិភ័យ ៕ ប្រភព៖ NHK
-
វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta កំពុងជំរុញដល់កំណើនករណីឆ្លងថ្មីៗនៅក្នុងសហរដ្ឋអាមេរិក

អាមេរិក៖ តំណាងក្រុមហ៊ុនផលិតឱសថ Pizer បានជួបប្រជុំជាមួយមន្រ្តីអាមេរិកនៅក្នុងថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីពិភាក្សាគ្នាលើផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីឌ១៩ដូសទី៣ ឬ (Booster Shot) ។ អាជ្ញាធរសុខាភិបាលបាននិយាយថា ពួកគេមិនគិតថា វាជារឿងចាំបាច់នោះទេ បើទោះបីជាអ៊ីស្រាអែល បច្ចុប្បន្ននេះ បាននិងកំពុងស្នើសុំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩សម្រាប់ដូសទី៣ របស់ក្រុមហ៊ុន Pfizer ស្របពេលមានការព្រួយបារម្ភថា ប្រព័ន្ធភាពស៊ាំនៅក្នុងចំណោមមនុស្សមានវ័យចំណាស់កំពុងថយចុះ ។ គួរកត់សម្គាល់ វីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌាបាននិងកំពុងចូលរួមជំរុញដល់កំណើនករណីឆ្លងថ្មីៗនៅក្នុងសហរដ្ឋអាមេរិក ជាពិសេសនៅតាមបណ្តាតំបន់ដែលមានអត្រាអ្នកចាក់វ៉ាក់សាំងបង្ការមានចំនួនទាបនៅឡើយ ៕ ប្រភព៖ CGTN
-
WHO៖ បណ្តាប្រទេសនានាមិនគួរទិញវ៉ាក់សាំង Covid-19 បន្ថែម ដើម្បីចាក់ដូសទី៣ ខណៈដែលប្រទេសក្រីក្រជាច្រើនកំពុងត្រូវការវ៉ាក់សាំង

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទនេះបញ្ជាក់ថា បណ្តាប្រទេសអ្នកមានមិនគួរបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩បន្ថែមទៀត ដើម្បីចាក់ដូសទី៣ដល់ប្រជាជនរបស់ខ្លួន ស្របពេលដែលប្រទេសផ្សេងទៀតនៅមិនទាន់ទទួលបានវ៉ាក់សាំងបង្ការនៅឡើយទេ ។ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បាននិយាយថា ករណីស្លាប់កំពុងកើនឡើងសាជាថ្មីម្តងទៀតដោយ សារតែជំងឺរាតត្បាតកូវីដ១៩ ក្នុងនោះវីរុសបម្លែងខ្លួនថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌាកំពុងក្លាយជាការព្រួយបារម្ភខ្លាំង ហើយប្រទេសជាច្រើនមិនទាន់ទទួលបាននូវវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីការពារបុគ្គលិកសុខាភិបាល និងជនងាយរងគ្រោះបំផុតរបស់ពួកគេនៅឡើយទេ ។ លោក ថេដ្រូស បានលើកឡើងចំៗទៅលើក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer និង Moderna ជាក្រុមហ៊ុនដែលមានបំណងស្នើសុំការចាក់វ៉ាក់សាំងដូសទី៣ (Booster Shot) នៅក្នុងប្រទេសដែលមានការចាក់វ៉ាក់សាំងខ្ពស់រួចទៅហើយ ។ ប្រមុខ WHO រូបនេះបានសង្កត់ធ្ងន់ថា ពួកគេ (ក្រុមហ៊ុនផលិតវ៉ាក់សាំង) គួរតែជំនួសមកវិញនូវវ៉ាក់សាំងរបស់ខ្លួនទៅអោយ COVAX ដែលជាកម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិដ៏សំខាន់ សម្រាប់ប្រទេសដែលមានប្រាក់ចំណូលមធ្យម និងក្រីក្រ ៕ ប្រភព៖ CNA
-
គម្រោង COVAX នឹងទទួលបានវ៉ាក់សាំង Covid-19 ពីក្រុមហ៊ុនចិន Sinopharm និង Sinovac ចំនួន១១០លានដូស

ចិន៖ ក្រុមហ៊ុនចិន Sinopharm និង Sinovac បានស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតឱសថ ដែលទទួលការបញ្ជាទិញពីកម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX បន្ទាប់ពីត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តអោយប្រើប្រាស់សម្រាប់ករណីបន្ទាន់ ។ ជាក់ស្តែង កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ច្រើនជាង១០០លានដូសមកពីក្រុមហ៊ុនចិន Sinopharm និង Sinovac នេះបើតាមប្រភពពីសម្ព័ន្ធវ៉ាក់សាំង GAVI របស់អន្តរជាតិ ។ លោក សេត បឺគ្លី ជាប្រធានសម្ព័ន្ធភាព Gavi ដែលជាដៃគូមួយនៅពីក្រោយគំនិតផ្តួចផ្តើមរបស់ Covax ដើម្បីឱ្យវ៉ាក់សាំងបានទៅដល់បណ្តាប្រទេសក្រីក្រ បានសាទរចំពោះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Sinovac និង Sinopharm សម្រាប់វ៉ាក់សាំងចំនួន១១០លានដូស ។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អរគុណចំពោះកិច្ចព្រមព្រៀងនេះ ហើយដោយសារតែវ៉ាក់សាំងទាំងនេះបានទទួលការចុះបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោករួចហើយនោះ យើងអាចចាប់ផ្តើមផ្គត់ផ្គង់ដូសទាំងនោះទៅបណ្តាប្រទេសនានាភ្លាមៗ ។ កិច្ចព្រមព្រៀងខាងលើនេះ បានកើតមានឡើងចំពេលដែលវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលត្រូវបានគេរកឃើញដំបូងនៅប្រទេសឥណ្ឌា បាននិងកំពុងបង្កហានិភ័យដល់ប្រព័ន្ធសុខាភិបាល ៕ ប្រភព៖ CGTN
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៨លាន៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៥ម៉ឺននាក់ និងជាសះស្បើយ១៧១លាន៩៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៨លាន៤ម៉ឺន៨ពាន់១៦១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៥ម៉ឺន៥ពាន់៤៧៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧១លាន៩៨ម៉ឺន៥ពាន់៥១៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៧៦ម៉ឺន៦ពាន់១៩១នាក់ ស្លាប់ចំនួន៦២ម៉ឺន៣ពាន់២៧នាក់ និងជាសះស្បើយចំនួន២៩លាន២៧ម៉ឺន៤ពាន់៣១៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៩០ម៉ឺន៤ពាន់៧៣៤នាក់ ស្លាប់៤០ម៉ឺន៩ពាន់៣៣៨នាក់ និងជាសះស្បើយ៣០លាន៥ម៉ឺន៦ពាន់១៣០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន១០ម៉ឺន៦ពាន់៩៧១នាក់ ស្លាប់ចំនួន៥៣ម៉ឺន៤ពាន់៣១១នាក់ និងជាសះស្បើយ១៧លាន៦៦ម៉ឺន៦ពាន់៦៥៤នាក់ ៕ ប្រភព៖ worldometers