-
ចំនួនអ្នកស្លាប់កើនដល់៤៧នាក់ និង៤៩នាក់ទៀតរបួស ក្រោយហេតុការណ៍ធ្លាក់យន្តហោះយោធានៅហ្វីលីពីន (មានវីដេអូ)

-
មនុស្ស០៣នាក់ស្លាប់ និង១១៣នាក់ទៀតកំពុងបាត់ខ្លួន ក្នុងហេតុការណ៍ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះបាក់ដីដ៏អាក្រក់នៅជប៉ុន (មានវីដេអូ)

-
ការសិក្សាថ្មីមួយបង្ហាញថា វីរុសកូវីដ-១៩បម្លែងថ្មីបានរ៉ាប់រងរហូតដល់៧០ភាគរយ សម្រាប់ករណីឆ្លងថ្មីៗនៅក្នុងទីក្រុងបាងកក ប្រទេសថៃ (មានវីដេអូ)

-
WHO ព្រមានថា ពិភពលោកកំពុងស្ថិតក្នុងពេលវេលាគ្រោះថ្នាក់ ខណៈវីរុសកូវីដ-១៩បម្លែងថ្មី Delta កំពុងរាតត្បាតខ្លាំង (មានវីដេអូ)

-
អាមេរិករម្លឹកខួបលើកទី ២៤៥ នៃទិវាបុណ្យឯករាជ្យជាតិ

កាលពីថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១ (ម៉ោងនៅអាមេរិក) ពិធីរម្លឹកខួបលើកទី ២៤៥ នៃទិវាបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិកត្រូវបានរៀបចំ ជាមួយការអនុញ្ញាតឱ្យមានការរៀបចំ ពិធីជួបជុំមួយចំនួននៅតាមទីសាធារណៈ ក្រោយត្រូវបានរឹតត្បិតអស់រយៈពេលជាងមួយឆ្នាំមកនេះ ដោយសារតែការឆ្លងរាតត្បាតជំងឺ COVID-19។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងលោកស្រីជំទាវទី១ Jill Biden បានអញ្ជើញមន្ត្រីយោធា និងបុគ្គលិកបម្រើការផ្នែកសង្រ្គោះបន្ទាន់ជាង ១,០០០នាក់ មកកាន់សេតវិមាន ដើម្បីចូលរួមក្នុងការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ និងទស្សនាការបាញ់កាំជ្រួច។ ពិធីបុណ្យឯករាជ្យជាតិថ្ងៃទី០៤ ខែកក្កដា ត្រូវបានប្រារព្ធឡើង នៅទូទាំងសហរដ្ឋអាមេរិក ហើយក្នុងនោះនៅឯទីក្រុងញូយ៉ក កាំជ្រួចប្រមាណជា ៦៥,០០០ដើមត្រូវបានបាញ់ទៅលើអាកាស ដើម្បីអបអរសាទរពិធីបុណ្យជាតិអាមេរិកមួយនេះ៕
-
មនុស្សស្លាប់ព្រោះកូវីដ១៩នៅថៃ ៥០នាក់ទៀត ឆ្លងថ្មីជាង៦ពាន់នាក់

អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃទី៥ កក្កដា ២០២១នេះបានឲ្យដឹងថា ២៤ម៉ោងចុងក្រោយមកនេះ មានមនុស្ស៥០នាក់បានស្លាប់បន្ថែមទៀត ដោយសារតែជំងឺកូវីដ១៩ និងឆ្លងថ្មីជាង៦ពាន់នាក់ទៀត។ ប្រភពថា ករណីឆ្លងថ្មីចំនួន៦១៦៦នាក់ទៀត ធ្វើឲ្យចំនួនឆ្លងសរុបនៅប្រទេសថៃកើនដល់ជិត២៩ម៉ឺននាក់ហើយ រីឯអ្នកស្លាប់កើនដល់២២៧៦នាក់ បន្ទាប់ពីស្លាប់ថ្មី៥០នាក់។ ប្រភពបានឲ្យដឹងដែរថា ក្នុងចំណោមករណីឆ្លងថ្មីៗ ក៏នៅតែមានអ្នកឆ្លងក្នុងពន្ធនាគារជិត១០០នាក់ផងដែរ៕
-
WHO ព្រមានថា ពិភពលោកកំពុងស្ថិតក្នុងពេលវេលាគ្រោះថ្នាក់ ខណៈវីរុសកូវីដ-១៩បម្លែងថ្មី Delta កំពុងរាតត្បាតខ្លាំង

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) ព្រមានថា ពិភពលោកកំពុងស្ថិតក្នុងពេលវេលាមួយដ៏គ្រោះថ្នាក់បំផុត ដោយសារជំងឺរាតត្បាតកូរ៉ូណា ខណៈដែលវីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌានោះ ត្រូវបានគេរកឃើញនៅក្នុងប្រទេស និងតំបន់សរុបចំនួន៩៨ហើយ ។ទន្ទឹមនេះ អង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានគូសបញ្ជាក់ថា វីរុសបម្លែងថ្មីដែលត្រូវបានគេរាយការណ៍ជាលើកដំបូងនៅឥណ្ឌា គឺមានគ្រោះថ្នាក់ ខណៈដែលវាបន្តវិវត្ត និងបំប្លែងខ្លួន ហើយថា ដូច្នេះវាទាមទារអោយមានការវាយតម្លៃអោយបានខ្ជាប់ខ្ជួន និងការថ្លឹងថ្លែងយ៉ាងប្រុងប្រយ័ត្ន នៃការឆ្លើយតបសុខភាពសាធារណៈ ។គួរកត់សម្គាល់ វីរុសបម្លែងថ្មី Delta ក៏បាននិងកំពុងវាយលុកខ្លាំងនៅទូទាំងទ្វីបអាស៊ីផងដែរ ដោយបណ្តាប្រទេសនានារាប់ចាប់ពីអូស្រ្តាលី ដល់ម៉ាឡេស៊ី បានរាយការណ៍អំពីការកើនឡើងនៃករណីឆ្លងថ្មីៗ និងជំរុញអោយប្រទេសខ្លះ ដាក់វិធានការបិទខ្ទប់ឡើងវិញ ក៏ដូចជាពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង ៕ ប្រភព៖ The Straits Times
-
ការសិក្សាថ្មីមួយបង្ហាញថា វីរុសកូវីដ-១៩បម្លែងថ្មីបានរ៉ាប់រងរហូតដល់៧០ភាគរយសម្រាប់ករណីឆ្លងថ្មីៗនៅក្នុងទីក្រុងបាងកក ប្រទេសថៃ

ថៃ៖ ការសិក្សាថ្មីមួយរបស់មជ្ឈមណ្ឌលឧត្តមភាពវីរុសសាស្ត្រនៅសាកលវិទ្យាល័យចូឡាឡាំងកន បានរកឃើញថា វីរុសបម្លែងថ្មី Delta បានរាប់រ៉ងរហូតដល់៧០ភាគរយឯណោះ ដែលធ្វើអោយមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩នៅក្នុងទីក្រុងបាងកក ។ ការរកឃើញនេះត្រូវបានធ្វើឡើងដោយលោកវេជ្ជបណ្ឌិត Yong Poovorawan នាយកមជ្ឈមណ្ឌលខាងលើនេះ ដែលបានបង្ហាញនៅលើគេហទំព័រ Facebook ។ បើតាមលោកវេជ្ជបណ្ឌិត Yong Poovorawan ការផ្ទុះឆ្លងបច្ចុប្បន្ននេះគឺធ្ងន់ធ្ងរខ្លាំងដោយសារតែវីរុសបម្លែងថ្មីឥណ្ឌា Delta ដែលមានការប្រែប្រួលភេទជាប្រចាំ ។ វីរុសនេះឆ្លងខ្លាំងជាងវីរុសបម្លែងថ្មីអង់គ្លេស Alpha ដល់ទី១.៤ដង ។ មជ្ឈមណ្ឌលបានធ្វើការស្រាវជ្រាវករណីឆ្លងកូវីដ១៩ជាង៧០០នាក់ នៅទីក្រុងបាងកកដែលបានបញ្ជាក់ពីការចម្លងយ៉ាងឆាប់រហ័ស ។ ការសិក្សារកឃើញថា ៧០%នៃអ្នកឆ្លងគឺរកឃើញវីរុសបម្លែងថ្មី Delta ហើយពួកគាត់តែងតែអត់ដឹងថា ខ្លួនបានឆ្លងវីរុសនេះនៅកន្លែងណា ។ ការសិក្សាបានព្យាករណ៍ថា ករណីឆ្លងវីរុស Delta នឹងកាន់តែហក់ខ្ពស់ឡើង ជាពិសេសនៅទីក្រុង ៕ ប្រភព៖ Bangkok Post
-
មនុស្ស០៣នាក់ស្លាប់ និង១១៣នាក់ទៀតកំពុងបាត់ខ្លួន ក្នុងហេតុការណ៍ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះបាក់ដីដ៏អាក្រក់នៅជប៉ុន

ជប៉ុន៖ ភ្លៀងធ្លាក់ដ៏អាក្រក់ដែលបង្កជាគ្រោះបាក់ដីនៅផ្នែកកណ្តាលខេត្ត Atami ប្រទេសជប៉ុន កាលពីចុងសប្តាហ៍កន្លងទៅនេះ បានឆក់យកអាយុជីវិតមនុស្ស០៣នាក់ និងជាង១០០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ និងអាជ្ញាធរក្នុងតំបន់នៅថ្ងៃចន្ទនេះ ។ហេតុការណ៍រអិលបាក់ដីដែលបានប៉ះពាល់ដល់អគារ១៣០ខាងលើនេះ បានកើតមានឡើងនៅម៉ោង១០៖៣០នាទីព្រឹកកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន នៅខេត្ត Atami ដែលជាតំបន់ទេសចរណ៍រដូវក្តៅដ៏ពេញនិយមមួយរបស់ប្រទេសជប៉ុន ។គួរកត់សម្គាល់ ភ្ញៀវធ្លាក់ដ៏អាក្រក់ និងហេតុការណ៍រអិលបាក់ដី គឺជាសញ្ញានៃការរំលឹកពីគ្រោះធម្មជាតិ ក្នុងនោះមានគ្រោះរញ្ជួយដី ការផ្ទុះភ្នំភ្លើង និងព្យុះសូណាមិជាដើម ដែលរំខានដល់ប្រទេសជប៉ុនក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅទីក្រុងតូក្យូចាប់ទទួលអត្តពលិកពីខែនេះទៅ ៕ ប្រភព៖ CNA
-
ចំនួនអ្នកស្លាប់កើនដល់៤៧នាក់ និង៤៩នាក់ទៀតរបួស ក្រោយហេតុការណ៍ធ្លាក់យន្តហោះយោធានៅហ្វីលីពីន

ហ្វីលីពីន៖ មនុស្សដែលបានជិះនៅលើយន្តហោះយោធា ដែលបានធ្លាក់កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ មានចំនួនសរុប៩៦នាក់ ហើយតួលេខអ្នកស្លាប់ក្នុងចំណោមពួកគេ បានកើនឡើងដល់៤៧នាក់ និង៤៩នាក់ទៀតរងរបួស ។ ភាគច្រើននៃកងទ័ពទាំង ៩៦នាក់ ដែលស្ថិតនៅលើយន្តហោះប្រភេទ C-130 Hercules ផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin គឺជាយោធាដែលទើបបញ្ចប់ការសិក្សា ។ គ្រោះថ្នាក់ដ៏អាក្រក់នេះដែរ ក៏បានធ្វើអោយប្រជាជននៅលើដី០៣នាក់បានស្លាប់ និង០៤នាក់ទទួលរងរបួសផងដែរ ដោយសារត្រូវយន្តហោះយោធាធ្លាក់ចំទីតាំង ដែលពួកគេកំពុងស្ថិតនៅ ។ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ឌែលហ្វី ឡូរិនហ្សាណា បាននិយាយថា ការស៊ើបអង្កេតរកមូលហេតុធ្លាក់នឹងត្រូវធ្វើឡើង ក្រោយប្រតិបត្តិការសង្គ្រោះនៅកន្លែងកើតហេតុចប់រួចរាល់។ សូមជម្រាបថា យន្តហោះយោធានេះត្រូវបានគេដឹងថា គ្រោងនឹងទៅចុះចតនៅព្រលានយន្តហោះទីក្រុងចូឡូ ស្ថិតក្នុងខេត្តដីកោះ ស៊ូលូ ភាគខាងត្បូងហ្វីលីពីន ប៉ុន្តែក៏បានហោះជ្រុលហួសព្រលាន ដោយសារតែមានបញ្ហាបច្ចេកទេស ហើយនៅពេលមិនអាចគ្រប់គ្រងម្ចាស់ការបានទៀត វាក៏បានធ្លាក់នៅតំបន់ ផាទីកាល់ ដែលស្ថិតនៅក្បែរនោះ ៕ ប្រភព៖ CNA