-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨១លាន៨៦ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩៣ម៉ឺននាក់ និងជាសះស្បើយ១៦៦លាន៣៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨១លាន៨៦ម៉ឺន១ពាន់២៦៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៩៣ម៉ឺន៨ពាន់៨១៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៦លាន៣៧ម៉ឺន៣ពាន់៩៦២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៤៩ម៉ឺន៤ពាន់៦៧៧នាក់ ស្លាប់ចំនួន៦១ម៉ឺន៩ពាន់៤២៤នាក់ និងជាសះស្បើយចំនួន២៨លាន៩២ម៉ឺន៧ពាន់៣៣៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន២៧ម៉ឺន៨ពាន់៩៦៣នាក់ ស្លាប់៣៩ម៉ឺន៦ពាន់៧៦១នាក់ និងជាសះស្បើយ២៩លាន៣០ម៉ឺន២ពាន់២៦០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៤២ម៉ឺន៥៩៨នាក់ ស្លាប់ចំនួន៥១ម៉ឺន៣ពាន់៥៤៤នាក់ និងជាសះស្បើយ១៦លាន៦១ម៉ឺន៣ពាន់៩៩២នាក់ ៕ ប្រភព៖ worldometers
-
ចិន៖ យានអវកាសចុះចត យាមល្បាតវាស់ស្ទង់លើផ្ទៃដីភពព្រះអង្គារ

-
ថ្ងៃអាទិត្យ÷ ថៃឆ្លងថ្មីជិត៤ពាន់នាក់ ស្លាប់ជាង៤០នាក់

-
ភូមាដុតបំផ្លាញថ្នាំញៀនតម្លៃ ៦៧០លានដុល្លារអាមេរិក

-
កម្រងរូបភាពបក្សី អាឈ្មោលការពារមីញី ពាំចំណីឲ្យកូនៗ

-
អាជ្ញាធរសុខាភិបាលអាមេរិកព្រមានអំពីបញ្ហាដ៏កម្រថ្មីមួយ ដែលអាចកើតឡើងលើអ្នកចាក់វ៉ាក់សាំងបង្ការ Covid-19 របស់ក្រុមហ៊ុន Pfizer និង Moderna (មានវីដេអូ)

អាមេរិក៖ និយតករឱសថអាមេរិកបានបន្ថែមការព្រមានមួយទៀតថា អ្នកដែលបានចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុន Moderna អាចប្រឈមនឹងបញ្ហារលាកបេះដូងដ៏កម្រ ។ បើតាមរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) វ៉ាក់សាំងនីមួយៗអាចបង្កឲ្យមានហានិភ័យ ដូចជាការរលាកសាច់ដុំបេះដូង និងជំងឺរលាកស្រោមបេះដូង បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ ដោយចាប់ផ្តើមចេញរោគសញ្ញាក្នុងរយៈពេល ០២ ទៅ ០៣ថ្ងៃក្រោយការចាក់វ៉ាក់សាំង ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ និយតករឱសថនៅក្នុងប្រទេសជាច្រើនកំពុងស៊ើបអង្កេតលើករណីរលាកសាច់ដុំបេះដូង និង រលាកស្រោមបេះដូង ដែលត្រូវបានរកឃើញញឹកញាប់លើបុរស ក្រោយពេលចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ឬ Moderna ដែលអភិវឌ្ឍឡើងដោយប្រើប្រាស់បច្ចេកវិទ្យា mRNA នេះ ។ យ៉ាងណាមិញ ក្រុមហ៊ុន Pfizer និង Moderna មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំធ្វើការអត្ថាធិប្បាយនៅឡើយទេ ៕ ប្រភព៖ CNA
-
អ្នកជំនាញជំងឺឆ្លង៖ អ្នកដែលចាក់វ៉ាក់សាំង Johnson & Johnson រួច ទំនងជាត្រូវចាក់វ៉ាក់សាំងបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងថ្មី Delta (មានវីដេអូ)

អាមេរិក៖ ក្រុមអ្នកជំនាញបានគូសបញ្ជាក់ភាពចាំបាច់នៃការចាក់វ៉ាក់សាំងប្រើបច្ចេកវិទ្យា mRNA របស់ក្រុមហ៊ុន Pfizer/BioNTech ឬក្រុមហ៊ុន Moderna បន្ថែម សម្រាប់ប្រជាជនអាមេរិកដែលបានចាក់វ៉ាក់សាំងចាក់តែមួយដូសរបស់ក្រុមហ៊ុន Johnson & Johnson ដើម្បីបង្កើនប្រព័ន្ធសុំាប្រឆាំងនឹងវីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា ។ បច្ចុប្បន្នមិនមានទិន្នន័យដែលបង្ហាញថា ការចាក់វ៉ាក់សាំងតែមួយដូសរបស់ក្រុមហ៊ុន Johnson & Johnson អាចប្រឆាំងនឹងវីរុសបម្លែងថ្មីនៅឡើយទេ ។ ប៉ុន្តែទោះជាយ៉ាងណា ការសិក្សានៅចក្រភពអង់គ្លេសបានបង្ហាញថា ការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech ឬក្រុមហ៊ុន AstraZeneca ចំនួនពីរដូសអាចការពារវីរុសបម្លែងថ្មី មានប្រសិទ្ធភាពជាងការចាក់វ៉ាក់សាំងតែមួយដូស ។ យ៉ាងណាមិញ រហូតមកទល់ពេលនេះនៅពុំទាន់មានការចេញផ្សាយទិន្នន័យជាក់លាក់ណាមួយអាចបង្ហាញថា ការចាក់វ៉ាក់សាំងពីរផ្សេងគ្នាមានសុវត្ថិភាព និងប្រសិទ្ធភាព ឬក៏ទទួលបានការយល់ព្រមពីអាជ្ញាធរនិយ័តករអាមេរិកនោះទេ ។ ប៉ុន្តែកាណាដា និងប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួន បានអនុញ្ញាតអោយប្រជាជនរបស់ខ្លួនចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពីរផ្សេងគ្នា ៕ ប្រភព៖ CNA
-
ផ្លូវការហើយ! អតីតប៉ូលិសអាមេរិកដែលយកជង្គង់សង្កត់កបុរសស្បែកខ្មៅ George Floyd រហូតដល់ស្លាប់ ត្រូវជាប់ពន្ធនាគាររហូតដល់២២ឆ្នាំ (មានវីដេអូ)

អាមេរិក៖ អតីតប៉ូលិសទីក្រុងមីននាផូលីស លោក ដឺរែក ឆូវីន (Derek Chauvin) ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២២ឆ្នាំ និង ០៦ខែ នៅថ្ងៃសុក្រសប្ដាហ៍នេះ ពីបទសម្លាប់ជនជាតិអាមេរិកាំងដើមកំណើតអាហ្រ្វិក លោក ចច ហ្វ្លយដ៍ (George Floyd) ។ តុលាការបានរកឃើញថា អតីតប៉ូលិសទីក្រុងមីននាផូលីស មានអាយុ៤៥ឆ្នាំរូបនេះ ពិតជាមានពិរុទ្ធប្រាកដមែន ពីបទមនុស្សឃាតដោយអចេតនាលើលោក ចចហ្វ្លយដ៍ បន្ទាប់ពីយកជង្គង់សង្កត់លើករបស់លោក ហ្វ្លយដ៍ អស់រយៈពេលប្រមាណ០៩នាទីរហូតដល់ដាច់ខ្យល់ស្លាប់ អំឡុងពេលឃាត់ខ្លួនដោយសង្ស័យថា លោក ហ្វ្លយដ៍ បានប្រើប្រាស់ក្រដាសប្រាក់ក្លែងក្លាយចំនួន២០ដុល្លារ ។ ស្របពេលជាមួយគ្នានោះដែរ អគ្គរដ្ឋអាជ្ញានៃរដ្ឋមីនីសូតា លោក ខេស អ៊ែលលីសុន (Keith Ellison) បាននិយាយថា ការកាត់ទោសនៅថ្ងៃនេះ… មិនមែនជាយុត្តិធម៌ទេ ប៉ុន្តែវាគឺជាពេលវេលាមួយទៀត នៃការទទួលខុសត្រូវពិតប្រាកដ នៅលើផ្លូវឆ្ពោះទៅរកយុត្តិធម៌នៅក្នុងសហរដ្ឋអាមេរិក ៕ ប្រភព៖ CNA
-
លោក ចូ បៃដិន សន្យាបន្តគំាទ្រដល់ប្រទេសអាហ្វហ្គានីស្ថាន (មានវីដេអូ)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និយាយថា សហរដ្ឋអាមេរិកនឹងនៅតែបន្តផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីទទួលបាននូវសន្តិភាព និងសេ្ថរភាព បន្ទាប់ពីកងទ័ពអាមេរិកចាកចេញ ។ ការថ្លែងបែបនេះរបស់លោក បៃដិន បានធ្វើឡើងអំឡុងជំនួបពិភាក្សាជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani និងប្រធានឧត្តមក្រុមប្រឹក្សាសម្រាប់ការផ្សះផ្សាជាតិអាហ្វហ្គានីស្ថាន លោក Abdullah Abdullah នៅឯសេតវិមាននៅថ្ងៃសុក្រសប្តាហ៍នេះ ។ នាឱកាសនោះ លោក បៃដិន បានបញ្ជាក់ថា ការគាំទ្រផ្នែកការទូត និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដល់អាហ្វហ្គានីស្ថាននៅតែមិនមានការផ្លាស់ប្តូរឡើយ ប៉ុន្តែថា ជនជាតិអាហ្វហ្គានីស្ថានត្រូវតែសម្រេចពីអនាគតរបស់ខ្លួន ។ ជាមួយគ្នានេះ លោក Ghani ក៏បានប្រាប់ពីដំណាក់កាលថ្មីនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-អាហ្វហ្គានីស្ថាន ដោយផ្អែកលើផលប្រយោជន៍ទៅវិញទៅមក ហើយមិនត្រឹមតែការរៀបចំយោធាប៉ុណ្ណោះទេ ។ គួរកត់សម្គាល់ កាលពីដើមឆ្នាំនេះ លោក ចូ បៃដិន បានប្រកាសពីការដកកងកម្លាំងអាមេរិកទាំងស្រុងចេញពីអាហ្វហ្គានីស្ថាននៅត្រឹមថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ ចំថ្ងៃខួបលើកទី២០នៃការវាយប្រហាររបស់ក្រុមភេវរករនៅក្នុងសហរដ្ឋអាមេរិក ។ ប៉ុន្តែចាប់តាំងពីខែឧសភា នៅពេលការដកកងទ័ពបានចាប់ផ្តើមដំណើរការនោះ ក្រុមឧទ្ទាមតាលីបង់បានពង្រីកដែនដីស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ហើយសម្ព័ន្ធមិត្តក្នុងតំបន់ នៃក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមក៏បាននិងកំពុងបង្កើនការវាយប្រហាររបស់ពួកគេផងដែរ ៕ ប្រភព៖ NHK
-
Panasonic លក់ហ៊ុនអោយ Tesla ក្នុងតម្លៃជិត៤ពាន់លានដុល្លារ ដើម្បីយកប្រាក់ទៅវិនិយោគទុនបន្ថែម (មានវីដេអូ)

ជប៉ុន៖ ក្រុមហ៊ុន Panasonic បានលក់ហ៊ុនដែលមាននៅក្នុងក្រុមហ៊ុន Tesla របស់កំពូលមហាសេដ្ឋីលោក Elon Musk ដើម្បីទទួលបានប្រាក់ប្រមាណ៣.៩ពាន់លានដុល្លារ ខណៈប្រភពបង្ហើបថា លក់ហ៊ុនទាំងនោះ ដើម្បីយកលុយទៅទិញក្រុមហ៊ុនបច្ចេកវិទ្យា AI មួយ មានឈ្មោះថា Blue Yonder ដែលមានតម្លៃប្រមាណ៧ពាន់លានដុល្លារ ។ ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុននេះ គឺជាដៃគូសហការគ្នាដ៏ចំណាស់មួយរបស់ Tesla ចាប់តាំងពីក្រុមហ៊ុនផលិតរថយន្តអគ្គីសនីមួយនេះបានចាប់កំណើត ក្នុងការផ្គត់ផ្កង់អាគុយ ក្នុងនោះ Panasonic បានទិញហ៊ុន Tesla ចំនួន១.៤លានហ៊ុន ក្នុងតម្លៃ២១.១៥ដុល្លារក្នុងមួយហ៊ុន កាលពីឆ្នាំ២០១០ នៅពេល Tesla ដាក់លក់ IPO ជាផ្លូវការ ។ បើតាមប្រភពដែលជិតស្និទ្ធនោះ Panasonic បានលក់ហ៊ុនទាំងនោះ ដើម្បីយកប្រាក់ទៅវិនិយោគទុនបន្ថែម ប៉ុន្តែចំពោះកិច្ចសហការគ្នាជាមួយ Tesla គឺនៅដដែល ខណៈការលក់ហ៊ុននេះដែរ ត្រូវបានគេដឹងថា ធ្វើឡើងតាំងពីដើមឆ្នាំ២០២១ ៕ ប្រភព៖ Reuters