-
អាជ្ញាធរសុខាភិបាលឥណ្ឌា៖ វីរុសបម្លែងខ្លួនថ្មី “Delta Plus” កំពុងបង្កជាការព្រួយបារម្ភជាខ្លាំង

ឥណ្ឌា៖ អាជ្ញាធរសុខាភិបាលឥណ្ឌាបានប្រកាសពីការរកឃើញវីរុសបម្លែងខ្លួនថ្មីមួយប្រភេទទៀត ដែលអាចបង្កជាការព្រួយបារម្ភខ្លាំង និងថា ករណីឆ្លងវីរុសនេះមួយចំនួនត្រូវបានគេរកឃើញនៅក្នុងរដ្ឋចំនួន៣ហើយ ។ អគ្គលេខាធិការសុខភាពសហព័ន្ធរបស់ឥណ្ឌា លោក រ៉ាចេស ប៊ូសាន (Rajesh Bhushan) បាននិយាយនៅក្នុងសន្និសិទសារព័ត៌មានមួយថា វីរុសបម្លែងខ្លួនថ្មីនេះ ត្រូវគេកំណត់អត្តសញ្ញាណក្នុងតំបន់ថា ជាវីរុស ឌែលតា ផ្លាស់ “Delta Plus” វាត្រូវបានគេរកឃើញរហូតដល់១៦ករណីឯណោះនៅក្នុងរដ្ឋ ម៉ាហារ៉ាស្ត្រា (Maharashtra) ។ ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាលឥណ្ឌាក៏បានសម្តែងពីការព្រួយបារម្ភរបស់ខ្លួនផងដែរ ពាក់ព័ន្ធនឹងវីរុសបម្លែងខ្លួនថ្មី Delta Plus ដែលកំពុងកើនឡើងការឆ្លងរីករាលដាល និងបានណែនាំអោយបណ្តារដ្ឋនានាបង្កើនការធ្វើតេស្តជាបន្ទាន់ ។ គួរកត់សម្គាល់ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ឥណ្ឌាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់មនុស្សចំនួន៨,៦លាននាក់ ខណៈដែលប្រទេសនេះបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងឥតគិតថ្លៃដល់មនុស្សពេញវ័យទាំងអស់ ៕ ប្រភព៖ CNA
-
អ៊ីស្រាអែលបង្កើនវិធានការណ៍ប្រឆាំងនឹងវីរុសកូវីដ-១៩ឡើងវិញ ចំពេលមានការកើនឡើងនៃករណីឆ្លងវីរុសបម្លែងខ្លួនថ្មី “Delta”

អ៊ីស្រាអែល៖ មន្ត្រីសុខាភិបាលអ៊ីស្រាអែលបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១២៥ករណី ហើយវាជាលើកដំបូងក្នុងរយៈពេល២ខែ សម្រាប់ករណីឆ្លងមានលើសពី១០០ករណី ។ ក្រសួងសុខាភិបាលអ៊ីស្រាអែលបញ្ជាក់ថា ៧០ ភាគរយនៃករណីឆ្លងថ្មីៗទាំងនេះ គឺជាវីរុសបម្លែងខ្លួនថ្មី ឌែលតា “Delta” ដែលមានប្រភពដើមនៅប្រទេសឥណ្ឌា ។ ជាការឆ្លើយតបនោះ រដ្ឋាភិបាលអ៊ីស្រាអែលកំពុងជំរុញអោយប្រជាជនចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ទៅបរទេស និងអំពាវនាវដល់ឪពុកម្តាយអនុញ្ញាតអោយកូនរបស់ពួកគេ ដែលមានអាយុពី១២ទៅ១៥ឆ្នាំទទួលការចាក់វ៉ាក់សាំង ។ គួរកត់សម្គាល់ កន្លងមក ប្រទេសអ៊ីស្រាអែលបានបន្ធូរបន្ថយវិធានការណ៍រឹតត្បិតដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ខណៈដែលចំនួនករណីឆ្លងប្រចាំថ្ងៃថ្មីបានធ្លាក់ចុះ ដោយសារអត្រាចាក់វ៉ាក់សាំងការពារខ្ពស់ ៕ ប្រភព៖ NHK
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨០លាន៣៤ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩០ម៉ឺននាក់ និងជាសះស្បើយ១៦៥លាន៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨០លាន៣៤ម៉ឺន៤ពាន់៨៩៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៩០ម៉ឺន៦ពាន់៧៨០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៥លាន៧ម៉ឺន១ពាន់១៩៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៤៤ម៉ឺន៨ពាន់៩៩៥នាក់ ស្លាប់ចំនួន៦១ម៉ឺន៨ពាន់២៩៣នាក់ និងជាសះស្បើយចំនួន២៨លាន៨៤ម៉ឺន៦ពាន់២៩៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៨ម៉ឺន២ពាន់១៦៩នាក់ ស្លាប់៣៩ម៉ឺន២ពាន់១៤នាក់ និងជាសះស្បើយ២៩លាន៥ម៉ឺន៦ពាន់៦០៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន១៧ម៉ឺន៧៧៨នាក់ ស្លាប់ចំនួន៥០ម៉ឺន៧ពាន់២៤០នាក់ និងជាសះស្បើយ១៦លាន៤៨ម៉ឺន៣ពាន់៦៣៥នាក់ ៕ ប្រភព៖ worldometers
-
ប្រហោងយក្សនៅយ៉េមែនត្រូវបានគេស្គាល់ថា ជា “អណ្តូងនៃឋាននរកដ៏អាថ៌កំបាំង” ឬ “Well of Hell” (មានវីដេអូ)

Video: https://fb.watch/6iM4s02fPF/ យ៉េមែន៖ ហ៊ុំព័ទ្ធជុំវិញដោយអាថ៌កំបាំង និងរឿងព្រេងនិទានអារក្សនោះ តំបន់ Barhout នៅភាគខាងកើតប្រទេសយ៉េមែន ត្រូវបានគេស្គាល់ថា អណ្តូងនៃឋាននរក ឬ “Well of Hell” គឺជាអច្ឆរិយៈធម្មជាតិដែលត្រូវបានគេយល់ដឹងតិចតួចប៉ុណ្ណោះពីវា ។ នៅកៀកព្រំដែនជាមួយប្រទេសអូម៉ង់ ជាជាងរដ្ឋធានីសាណាអា របស់ប្រទេសយ៉េមែន ក្នុងចម្ងាយប្រមាណ១,៣០០គីឡូម៉ែត្រ ប្រហោងយក្សនៅវាលខ្សាច់នៃខេត្ត Al-Mahra មានទទឹងប្រវែង៣០ម៉ែត្រ ហើយត្រូវបានគេជឿជាក់ថា មានជម្រៅចាប់ពី១០០ទៅ២៥០ម៉ែត្រ ។ រឿងព្រេងនិទានក្នុងស្រុកបានរៀបរាប់ថា វា (ប្រហោងយក្ស) ត្រូវបានបង្កើតឡើងដើម្បីធ្វើជាគុកសម្រាប់ដាក់ពួកបិសាច ឬអារក្ស ។ ដោយឡែក មន្រ្តីយ៉េមែនវិញបាននិយាយថា ពួកគេមិនបានដឹងថាតើ មានអ្វីនៅខាងក្រោមនោះទេ ។ រីឯអគ្គនាយកភូគព្ភសាស្រ្ត និងធនធានរ៉ែរបស់ខេត្ត Mahra លោក Salah Babhair និយាយថា វា (ប្រហោងយក្ស) ជ្រៅណាស់ យើងមិនដែលទៅដល់បាតអណ្តូងទេ ព្រោះទីនោះមានអ៊ុកស៊ីសែនតិចតួច និងគ្មានខ្យល់ចេញ-ចូល ។ យើងបានទៅទស្សនាតំបន់នោះ ហើយបានចូលក្នុងអណ្តូងដែលមានចម្ងាយជាង៥០ទៅ៦០ម៉ែត្រចុះមកក្នុងនោះ ។ យើងបានកត់សម្គាល់ឃើញរបស់ចម្លែកៗនៅខាងក្នុង…
-
អូស្រា្តលីបិទខ្ទប់ការធ្វើដំណើររបស់ប្រជាជននៅទីក្រុងស៊ីដនី ដើម្បីទប់ស្កាត់កុំអោយវីរុសកូវីដ១៩បប្លែងខ្លួនថ្មី Delta ឆ្លងទៅតំបន់ផ្សេងទៀត (មានវីដេអូ)

អូស្រ្តាលី៖ ប្រជាពលរដ្ឋដែលរស់នៅទីក្រុងស៊ីដនី ត្រូវបានហាមឃាត់មិនអោយចាកចេញពីទីក្រុង ក្នុងគ្រាដែលអាជ្ញាធរអូស្រ្តាលីកំពុងប្រឹងប្រែងកាត់ផ្តាច់ការកើនឡើងករណីឆ្លងវីរុសកូវីដ១៩បប្លែងខ្លួនថ្មី Delta (ដែលមានប្រភពដើមនៅឥណ្ឌា) កុំអោយឆ្លងទៅតំបន់ផ្សេងទៀត ។ អភិបាលរដ្ឋ New South Wales លោកស្រី Gladys Berejiklian បានប្រកាសពីការរឹតបន្តឹងថ្មី ដែលនឹងត្រូវអនុវត្តសម្រាប់សប្តាហ៍ក្រោយ រួមទាំងការហាមឃាត់ជាបន្ទាន់លើការធ្វើដំណើរដែលមិនចាំបាច់ចេញពីទីក្រុងស៊ីដនី និងការដាក់កម្រិតលើការជួបជុំ ។ លោកស្រីបានសង្កត់ធ្ងន់ថា ប្រជាជនចំនួន៥លាននាក់នៅទីក្រុងស៊ីដនី គឺស្ថិតនៅក្រោមការហាមឃាត់ការធ្វើដំណើរ ដែលអនុវត្តទៅលើតំបន់របស់រដ្ឋាភិបាលក្នុងតំបន់ចំនួន៧ ដែលករណីឆ្លងកូវីដ១៩ត្រូវបានរកឃើញ ។ គួរកត់សម្គាល់ ការផ្ទុះករណីឆ្លងចុងក្រោយបង្អស់ត្រូវបានរកឃើញលើក្រុមអ្នកបើកយន្តហោះអន្តរជាតិ ដែលបានឆ្លងវីរុសបំប្លែងខ្លួនថ្មី Delta ដែលត្រូវបានគេរកឃើញដំបូងនៅឥណ្ឌា ។ ទន្ទឹមនេះ ក្រុមមន្រ្តីអូស្រ្តាលីបានអំពាវនាវឱ្យអ្នករស់នៅទីក្រុងស៊ីដនី អនុវត្តតាមច្បាប់ថ្មីខាងលើ ដោយសារតែវីរុសបំប្លែងខ្លួនថ្មីដែលរកឃើញនេះគ្រោះថ្នាក់ជាងមុន ៕ ប្រភព៖ AFP
-
ដំរីធំមួយក្បាលសម្រុកចូលរកអាហារ ដល់ផ្ទះបាយ

សកម្មភាពរន្ធត់មួយបានកើតឡើងនៅប្រទេសថៃ ខណៈសុខៗ មានសត្វដំរីធំមួយក្បាលសម្រុកចូលមកផ្ទះបាយ។ ទីភ្នាក់ងារសារព័ត៌មាន CGTN បានចេញផ្សាយ នៅថ្ងៃទី២៣ មិថុនានេះថា សត្វដំរំមួយក្បាលបានសម្រុកចូលបន្ទប់ ដោយហេតុការណ៍រន្ធត់នេះបានកើតឡើង នៅក្នុងខេត្តហួរហ៊ីនប្រទេសថៃ កាលពីថ្ងៃទី២០ មិថុនា។ ប្រភពបន្តថា សត្វដំរីបានសម្រុកចូលមកក្នុងផ្ទះបាយរបស់ពលរដ្ឋ ដើម្បីរកអាហារស៊ី៕
-
រដ្ឋមន្ត្រីការបរទេសអង់គ្លេសធ្វើទស្សនកិច្ចនៅវៀតណាម មុនមកដល់កម្ពុជា

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNexpress បានឲ្យដឹងថា ក្នុងជំនួបរវាងលោករដ្ឋមន្ត្រី ដូមីនីក រ៉ាអាប់ និងលោក ប្រធានាធិបតីវៀតណាម Nguyễn Xuân Phúc កាលពីថ្ងៃទី២២ មិថុនា ភាគីខាងវៀតណាមបានជំរុញដល់អង់គ្លេសបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី ដើម្បីប្រយោជន៍ជូនប្រទេសទាំងពីរ និងដើម្បីចូលរួមកិច្ចសហប្រតិបត្តិការព្រមទាំង ស្ថិរភាពនិងសន្តិភាព ក្នុងតំបន់ និងពិភពលោក។ ភាគីវៀតណាមលើកឡើងដែរថា ភាគីទាំងពីរគួរតែផ្តល់អាទិភាព លើការប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស-វៀតណាមផងដែរ។ ភាគីអង់គ្លេសបានលើកឡើងពីសារៈសំខាន់នៃការការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទំាងពីរ ក្រោយការចាក់ចេញរបស់អង់គ្លេស ពីសហគមអឺរ៉ុប។ ភាគីទាំងពីរក៏បានលើកឡើងពីការព្រមព្រៀងធ្វើការយ៉ាងជិតស្និត លើបញ្ហាប្រែប្រួលអាកាសធាតុពិភពលោកទៀតផង។ លោករដ្ឋមន្ត្រីការបរទេសនិងអភិវឌ្ឍន៍អង់គ្លេសរូបនេះបានបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាមកាលពីថ្ងៃទី២២ មិថុនា ២០២១ ហើយពេលនេះ លោកកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ពោលនាថ្ងៃទី២៣ មិថុនា ២០២១។ ព្រឹកមិញនេះ លោកបានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីបរិស្ថាន និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕
-
កូវីដ១៩៖ ថៃស្លាប់៥១នាក់ទៀត ស្លាប់ប្រចាំថ្ងៃដ៏ច្រើនពុំធ្លាប់មាន

ទីភ្នាក់ងារសារព័ត៌មានថៃបានចេញផ្សាយ នាព្រឹកថ្ងៃទី២៣ មិថុនា ២០២១នេះថា ២៤ម៉ោងចុងក្រោយនេះ ថៃមានមនុស្សស្លាប់ព្រោះជំងឺកូវីដ១៩ ចំនួន៥១នាក់បន្ថែមទៀត និងឆ្លងថ្មី ចំនួន៣១៧៤ទៀត។ ចំនួនស្លាប់ប្រចាំថ្ងៃបែបនេះបានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត បន្ទាប់ពីកាលពីថ្ងៃទី២៧ ឧសភា ដែលមានស្លាប់៤៧នាក់។ ក្នុងករណីឆ្លងថ្មីជាង៣ពាន់នាក់នេះ មាន៣៦នាក់ឆ្លងក្នុងពន្ធនាគារ។ ចាប់តាំងពីរលកទី៣ កាលពីថ្ងៃទី១ មេសា មានការឆ្លងថ្មីដល់ទៅជិត២០ម៉ឺននាក់ តែជាសះស្បើយវិញ ជាង១៦ម៉ឺននាក់។ ចាប់តាំងពីមានឆ្លងដំបូង កាលពីដើមឆ្នាំ២០២០ ថៃមានអ្នកកើតកូវីដ១៩ ចំនួនជិត២៣ម៉ឺននាក់ ជាសះស្បើយជិត១៩ម៉ឺននាក់ ស្លាប់១៧៤៤នាក់ហើយ៕
-
លោក វ្លាឌីមៀ ពូទីន ៖ ភាពតានតឹងកំពុងកើនឡើង និងហានិភ័យនៃការប្រណាំងប្រជែងសភាវុធថ្មីកំពុងក្លាយជាការពិត

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បញ្ជាក់ថា ប្រព័ន្ធសន្តិសុខអឺរ៉ុបទាំងមូលត្រូវបានបំផ្លាញយ៉ាងខ្លាំង ស្របពេលដែលភាពតានតឹងកំពុងកើនឡើង និងហានិភ័យនៃការប្រណាំងប្រជែងសភាវុធថ្មីកំពុងក្លាយជាការពិត ។ ប្រធានាធិបតីរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ទៀតថា រុស្ស៊ីបានស្វែងរកការអភិវឌ្ឍទំនាក់ទំនងរបស់ខ្លួនជាមួយអឺរ៉ុប ។ ប៉ុន្តែការពង្រីកឥទ្ធិពលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកភាគខាងជើង (NATO) ឆ្ពោះទៅទិសខាងកើតបាននាំអោយមានការកើនឡើងនូវការមិនទុកចិត្តគ្នាទៅវិញទៅមកនៅអឺរ៉ុប ។ ការលើកឡើងខាងលើនេះរបស់លោក ពូទីន ត្រូវបានធ្វើឡើងនៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយកាសែតប្រចាំសប្តាហ៍អាល្លឺម៉ង់ Die Zeit ដើម្បីប្រារព្ធខួបលើកទី៨០ នៃការចាប់ផ្តើមសង្គ្រាមស្នេហាជាតិរបស់សហភាពសូវៀត ប្រឆាំងនឹងរបបណាស៊ីអាល្លឺម៉ង់ ៕ ប្រភព៖ ស៊ីនហួរ
-
រដ្ឋបាលលោក ចូ បៃដិន ខកខានមិនអាចសម្រេចគោលដៅចាក់វ៉ាក់សាំង Covid-19 ដល់ប្រជាជនពេញវ័យ៧០%នៅត្រឹមថ្ងៃទី០៤ ខែកក្កដាខាងមុខនេះ

អាមេរិក៖ សេតវិមានបានប្រកាសថា ខ្លួននឹងមិនអាចឈានទៅសម្រេចគោលដៅរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់១ដូសជូនដល់មនុស្សពេញវ័យរបស់ខ្លួនប្រមាណ ៧០ភាគរយនៅត្រឹមថ្ងៃទី០៤ ខែកក្កដា ដែលជាថ្ងៃបុណ្យឯករាជ្យនោះទេ ខណៈ បច្ចុប្បន្នមានតែរដ្ឋចំនួន១៥ និង ទីក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះ ដែលបានសម្រេចនូវគោលដៅនោះ ។ ការប្រកាសខាងលើនេះបានកើតមានឡើងក្រោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានជំរុញឱ្យជនជាតិអាមេរិកមកទទួលការចាក់វ៉ាក់សាំង ខណៈមានការគំរាមកំហែងពីវីរុសបម្លែងខ្លួនថ្មី Delta ដែលមានប្រភពដើមពីឥណ្ឌា កំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ។ សូមជម្រាបផងដែរថា យោងតាមទិន្នន័យចុងក្រោយរបស់សហព័ន្ធ ដែលបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះបង្ហាញថា ប្រជាជនប្រមាណជាង១៥០លាននាក់នៅក្នុងសហរដ្ឋអាមេរិក ឬច្រើនជាង៤៥ភាគរយនៃចំនួនប្រជាជនសរុប បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញ (ពីរដូស) ៕ ប្រភព៖ Reuters