-
លោក ចូ បៃដិន ៖ សហរដ្ឋអាមេរិក-រុស្ស៊ីមិនចង់បានសង្គ្រាមត្រជាក់ជាថ្មីឡើយ

ស្វីស៖ លោក ចូ បៃដិន និងលោក វ៉្លាឌីមៀ ពូទីន បានព្យាយាមធ្វើអោយភាពតានតឹងទៅជាត្រជាក់នៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-រុស្ស៊ីនៅក្នុងកិច្ចប្រជុំកំពូលលើកដំបូងរបស់មេដឹកនាំទាំងពីរនៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយប្រធានាធិបតីអាមេរិកបាននិយាយថា សមភាគីវិក្រឹមឡាំងរបស់លោកមិនចង់បានសង្គ្រាមត្រជាក់ជាថ្មីឡើយ ។ មេដឹកនាំទាំងពីរបានពិភាក្សាលេចចេញជាវិជ្ជមានប្រកបដោយការប្រុងប្រយ័ត្ន បន្ទាប់ពីបានជជែកគ្នាអស់ពេលជាង៣ម៉ោង ក្នុងនោះមានប្រើពេលអស់២ម៉ោងសម្រាប់កិច្ចពិភាក្សារវាងរដ្ឋមន្រ្តីការបរទេសអាមេរិក និងសមភាគីរុស្ស៊ី ។ លោក ពូទីន បានប្រាប់អ្នកសារព័ត៌មានថា កិច្ចសន្ទនានេះគឺពិតជាពោលពេញការស្ថាបនា ហើយថា ពួកគេ (រដ្ឋមន្រ្តីការបរទេសប្រទេសទាំងពីរ) បានឯកភាពអោយឯកអគ្គរដ្ឋទូតរបស់អាមេរិក-រុស្ស៊ីបន្តមុខតំណែងរបស់ពួកគេ នៅក្នុងកាយវិការនៃការផ្សះផ្សារទំនាក់ទំនងការទូត ។ សម្រាប់លោក បៃដិន វិញ បានហៅកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនៅឯវិមាន Villa La Grange ក្នុងទីក្រុងហ្សឺណែវ នៃប្រទេសស្វីសថា ជា “រឿងល្អ” ហើយថា ប្រទេសមហាអំណាចនុយក្លេអ៊ែរធំជាងគេទាំងពីរមានការទទួលខុសត្រូវតែមួយនៅលើឆាកអន្តរជាតិ ៕ ប្រភព៖ CNA
-
ជប៉ុនត្រៀមដកចេញការប្រកាសស្ថានភាពអាសន្នចំពោះខេត្តចំនួន៩នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

ជប៉ុន៖ ជប៉ុនត្រៀមដកការប្រកាសស្ថានភាពអាសន្ននៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ សម្រាប់ខេត្តចំនួន០៩ ក្នុងនោះរួមមានទាំងទីក្រុងតូក្យូ និងអូសាកាផងដែរ ហើយថា រដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការណ៍ពាក់កណ្តាលគ្រាអាសន្នមកជំនួសនៅក្នុងខេត្តចំនួន៧ នៃខេត្តទាំងនោះ ។ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ បានប្រាប់អ្នកយកព័ត៌មាននាពេលថ្មីៗនេះថា ការសម្រេចចិត្តនឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។ ទោះជាយ៉ាងណា អភិបាលក្រុងអូសាកា លោក Hirofumi Yoshimura បានជំទាស់នឹងសេចក្តីសម្រេចលុបស្ថានអាសន្ន ដោយនិយាយថា លោកនឹងស្នើរឱ្យចាត់វិធានការពាក់កណ្តាលគ្រាអាសន្ន ដើម្បីជៀសវាងការងើបឡើងវិញនៃការឆ្លង ។ ដោយឡែកអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនក៏បាននិយាយនៅថ្ងៃពុធនេះដែរថា ជប៉ុននឹងសម្រេចចិត្តក្នុងខែនេះ ថាតើនឹងអនុញ្ញាតអោយមានអ្នកទស្សនាក្នុងស្រុកអាចចូលរូមក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូដែរឬយ៉ាងណា បន្ទាប់ពីអ្នកជំនាញបានចុះហត្ថលេខាលើផែនការ ដើម្បីអនុញ្ញាតអោយមានមនុស្សរហូតដល់១ម៉ឺននាក់នៅក្នុងព្រឹត្តិការណ៍នេះ ៕ ប្រភព៖ CNA
-
ឥណ្ឌាបើកទទួលភ្ញៀវទេសចរអោយចូលទស្សនាប្រាសាទ Taj Mahal ដ៏ល្បីឡើងវិញ ក្នុងគោលបំណងស្តារសេដ្ឋកិច្ចប្រទេសខ្លួន

ឥណ្ឌា៖ ឥណ្ឌាបានចាប់ផ្តើមដកចេញនូវវិធានការរឹតត្បិត ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ សំដៅជួយសង្គ្រោះសេដ្ឋកិច្ចប្រទេសរបស់ខ្លួនឡើងវិញ ។ ជាក់ស្តែងប្រាសាទថ្មកែវពណ៌ស តាច់ ម៉ាហាល់ (Taj Mahal) ដ៏ល្បីល្បាញមួយនៅប្រទេសឥណ្ឌា នៅថ្ងៃពុធនេះ បានបើកទ្វារឡើងវិញសារជាថ្មីហើយ ។ បើទោះជាមានការបើកទ្វារឡើងវិញក៏ដោយ ប៉ុន្តែអ្នកទេសចរចំនួន៦៥០នាក់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតអោយចូលទស្សនានៅក្នុងបរិវេណនៃប្រាសាទ ។ ប្រាសាទថ្មកែវពណ៌ស តាច់ ម៉ាហាល់ នេះ ស្ថិតនៅភាគខាងជើងទីក្រុងអាហ្គ្រា រដ្ឋអ៊ូតា ប្រាដេស ហើយជាធម្មតាបានទាក់ទាញភ្ញៀវទេសចរចន្លោះពី ៧ ទៅ ៨លាននាក់ជារៀងរាល់ឆ្នាំ ឬជាមធ្យមជាង២ម៉ឺននាក់ក្នុងមួយថ្ងៃ ។ សូមរំលឹកឡើងវិញថា ប្រាសាទថ្មកែវពណ៌ស ត្រូវបានបិទទ្វារកាលពីដើមខែមេសាកន្លងមក ចំពេលដែលប្រទេសឥណ្ឌាបានដាក់ចេញនូវវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹង ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ដែលបានចម្លង និងសម្លាប់មនុស្សរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ ៕ ប្រភព៖ AP
-
លោក ប្រាយុទ្ធ ចាន់អូចា ៖ ថៃនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិក្នុងរយៈពេល១២០ថ្ងៃទៀត

ថៃ៖ នាយករដ្ឋមន្ត្រីថៃបានប្រកាសនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃពុធនេះថា ឥឡូវនេះ វាដល់ពេលដែលយើងត្រូវសំឡឹងមើលទៅអនាគត និងបើកប្រទេសនេះឡើងវិញ ដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឲ្យត្រឡប់មកប្រទេសថៃម្តងទៀត លោកថា នេះជាមធ្យោបាយដ៏សំខាន់មួយ សំដៅកាត់បន្ថយការលំបាក ដែលប្រជាជនមិនអាចរកចំណូលបានជាយូរមកហើយ ។ នាយករដ្ឋមន្ត្រីថៃរូបនេះបន្ថែមថា ថ្ងៃនេះ ខ្ញុំសូមជូនដំណឹងថា ខ្ញុំមានគម្រោងបើកប្រទេសថៃបើកឡើងវិញ ក្នុងរយៈពេល១២០ថ្ងៃទៀត ដោយរាប់ចាប់ពីថ្ងៃនេះតទៅ ។ គោលដៅដែលបានកំណត់ដោយលោក ប្រាយុទ្ធ នេះ នឹងធ្វើឱ្យប្រទេសថៃអាចបើកដំណើរការឡើងវិញ នៅពាក់កណ្តាលខែតុលាខាងមុខនេះ ។ ទោះជាយ៉ាងណាក៏ដោយ លោក ប្រាយុទ្ធ ក៏បានអំពាវនាវដល់គោលដៅទេសចរណ៍សំខាន់ៗឱ្យបើកដំណើរការឡើងវិញឆាប់ៗនេះ ប្រសិនបើពួកគេត្រៀមខ្លួនរួចជាស្រេច លោកថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចគួរតែត្រូវបានរួចផុតពីការធ្វើចត្តាឡីស័ក ។ នាឱកាសនោះដែរ លោក ប្រយុទ្ធ ក៏បានប្រកាសដែរថា ប្រទេសថៃបាននិងកពុងសហការជាមួយក្រុមហ៊ុនផលិតឱសថធំៗចំនួន៦ មានដូចជា Pfizer Moderna AstraZeneca Sinovac និង Sinopharm លោកថា ថៃនឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន១០៥,៥លានដូស ដោយពួកគេនឹងចាប់ផ្តើមដឹកជញ្ជូនមកនៅក្នុងឆ្នាំនេះ ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៧លាន៧៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៤ម៉ឺននាក់ និងជាសះស្បើយ១៦២លាន២៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៧លាន៧៨ម៉ឺន៨ពាន់៣៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨៤ម៉ឺន៨ពាន់១៦៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦២លាន២៨ម៉ឺន៥ពាន់៩៦៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៣៦ម៉ឺន៥ពាន់៩៨៥នាក់ ស្លាប់ចំនួន៦១ម៉ឺន៦ពាន់១៥០នាក់ និងជាសះស្បើយចំនួន២៨លាន៦១ម៉ឺន៦ពាន់៤៩៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន៦៩ម៉ឺន៩ពាន់៥៥៥នាក់ ស្លាប់៣៨ម៉ឺន១ពាន់៩៣១នាក់ និងជាសះស្បើយ២៨លាន៤៨ម៉ឺន៤ពាន់៥៤៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន៦២ម៉ឺន៩ពាន់៧១៤នាក់ ស្លាប់ចំនួន៤៩ម៉ឺន៣ពាន់៨៣៧នាក់ និងជាសះស្បើយ១៦លាន៣ម៉ឺន៦០១នាក់ ៕ ប្រភព៖ worldometers
-
ជំនួបកំពូលអាមេរិក-រុស្ស៊ី បៃឌិន-ពូទីន ចាប់ផ្តើមហើយ

ជំនួបនេះបាននិងកំពុងធ្វើឡើងនៅស្វីស នាថ្ងៃពុធទី១៦ មិថុនា ២០២១នេះ ខណៈពិភពលោកកំពុងតាមដានយ៉ាងខ្លាំងចំពោះការជួបគ្នា រវាងលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន និងលោក ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីននេះ។ ជំនួបនៅខាងក្រៅ Villa La Grange នេះ បានកើតមានឡើងខណៈអាមេរិកនិងរុស្ស៊ីមានភាពតានតឹង និងប្រេះឆា លើទំនាក់ទំនង។ គេមិនរំពឹងថា នឹងមានលទ្ធផលធំៗអ្វីនឹងលេចចេញទេ ប៉ុន្តែសង្ឃឹមថា អាចនឹងមានការព្រមព្រៀងដោះស្រាយបញ្ហាខ្លះៗ មានទាំង បញ្ហាគ្រប់គ្រងអាវុធ ទណ្ឌកម្ម និងការគំរាមកំហែងបទឧក្រិដ្ឋអ៉ីនធឺណេត ជាដើម នេះបើតាមការចេញផ្សាយរបស់ RT៕
-
វៀតណាមបង្កើនពន្ធនាំចូលស្ករសពីថៃ ក្រោយនាំចូលកើនដល់ ១.៣លានតោន

ប្រទេសវៀតណាមបានបង្កើនពន្ធលើស្ករស នាំចូលពីប្រទេសថៃ ៤៧.៦៤ភាគរយ រយៈពេល៥ឆ្នាំ ដើម្បីជំនួសពន្ធបណ្តោះអាសន្ន ដែលបានដាកចេញកាលពីខែកុម្ភៈ នេះបើតាមក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម ប្រកាសនាថ្ងៃពុធទី១៦ មិថុនា ២០២១នេះ។ ការសម្រេចចិត្តនេះបានកើតមានឡើង ក្រោយពេលក្រសួងបានបញ្ចប់ការស៊ើបអង្កេតលើពន្ធនេះ ចាប់ផ្តើមកាលពីខែកញ្ញា ដោយយោងលើផលិតកម្មស្ករសក្នុងប្រទេសខ្លួន។ ការស្រាវជ្រាវបង្ហាញថា ការនាំចូលស្ករសពីថៃកើនឡើងជាង៣៣០ភាគរយ ពោលគឺមាន១.៣លានតោន កាលពីឆ្នាំ២០២០ ហើយការនាំចូលនេះធ្វើឲ្យរំខានដល់ឧស្សាហកម្មផលិតស្ករសក្នុងស្រុក នេះបើតាមក្រសួងដដែល។ វៀតណាមបានដកពន្ធនាំចូលស្ករសពីបណ្តាប្រទេសក្នុងប្លុកអាស៊ានដូចគ្នា កាលពីឆ្នាំ២០២០ ដោយយោងតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ានលើទំនិញ។ ប៉ុន្តែក្នុងពេលអនាគត វៀតណាមនឹងបន្តធ្វើការជាមួយនឹងភាគីពាក់ព័ន្ធ ពិនិត្យពីផលប៉ះពាល់ពីការរួចពន្ធនេះ នេះបើតាមនក្រសួងវៀតណាមដដែល៕ ប្រភពពី CNA
-
ចិនគ្រោងបញ្ជូនអវកាសយានិក៣នាក់ដំបូងឡើងទៅកាន់ស្ថានីយអវកាសថ្មីនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (មានវីដេអូ)

ចិន៖ ទីភ្នាក់ងារអវកាសចិននិយាយថា ចិនមានផែនការបញ្ជូនអវកាសយានិកចំនួន៣នាក់ដំបូងឡើងទៅកាន់ស្ថានីយអវកាសថ្មីរបស់ខ្លួននៅព្រឹកថ្ងៃព្រហស្បតិ៍ស្អែកនេះ ។ បេសកកម្មនេះត្រូវបានរំពឹងថា នឹងចេញដំណើរនៅម៉ោង៩៖២២នាទីព្រឹកថ្ងៃព្រហ ស្បតិ៍ (ម៉ោងក្នុងតំបន់) ដោយប្រើយានអវកាសដឹកមនុស្ស ហ្សិនចូវ ១២ ចេញពីទីក្រុង ជីវក្វាន់ ក្នុងខេត្ត ហ្គាន់ស៊ូ ភាគពាយព្យប្រទេសចិន ។ ចំណែកឯសមាសភាពអវកាសយានិក គឺជាបុរសទាំងអស់ ដែលមានអាយុ៤៥ឆ្នាំ ៥៤ឆ្នាំ និង ៥៦ឆ្នាំ ។ បេសកកម្មយាន ហ្សិនចូវ ១២ នឹងជាបេសកកម្មទី៣ ក្នុងចំណោមបេសកកម្មសរុបចំនួន១១ដែលចិនត្រូវធ្វើឡើង ដើម្បីសម្រេចជាស្ថាពរនូវការសាងសង់ស្ថានីយអវកាសរបស់ខ្លួនឲ្យបាននៅចុងឆ្នាំ២០២២ ។ ចិនបានចាប់ផ្តើមការសាងសង់ស្ថានីអវកាសនេះ កាលពីខែមេសាកន្លងទៅ ជាមួយការបាញ់បង្ហោះកំណាត់បន្ទប់ស្នូលរបស់វាឈ្មោះ ធានហឺ ។ រីឯកាលពីចុងខែឧសភា ចិនបានបញ្ជូនយានដឹកសម្ភារផ្គត់ផ្គង់ផ្សេងៗឡើងទៅកាន់កំណាត់បន្ទប់នោះ ។ អវកាសយានិកចិនទាំង៣រូបនឹងត្រូវស្នាក់នៅក្នុងកំណាត់បន្ទប់ ធានហឺ រយៈពេល៣ខែ ដើម្បីដឹកនាំដំណើរការទីអវកាស ការងារថែទាំ និងការពិសោធន៍វិទ្យាសាស្រ្ត ៕ ប្រភព៖ AP
-
អង្គការសុខភាពពិភពលោក WHO ព្រមានថា ការចែកចាយវ៉ាក់សាំងកំពុងយឺតយ៉ាវជាងការឆ្លងរាតត្បាតនៃវីរុសកូវីដ-១៩ (មានវីដេអូ)

ស្វីស៖ មន្រ្តីអង្គការសុខភាពពិភពលោក (WHO) បានគូសបញ្ជាក់ថា ជំងឺកូវីដ ១៩កំពុងរីករាលដាលលឿនជាងការចែកចាយវ៉ាក់សាំងជាសកល ហើយថា ករណីឆ្លងទាំងនោះបង្កឡើងដោយសារវីរុសបំប្លែងខ្លួនថ្មី មានដូចជា វីរុស Alpha ដែលត្រូវបានរកឃើញនៅអង់គ្លេស និងវីរុស Delta រកឃើញនៅឥណ្ឌា ។ ថ្លែងក្នុងសន្និសិទសារព័ត៌មានខ្លីមួយ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានបញ្ជាក់ថា ការសន្យារបស់ក្រុមប្រទេស G7 ក្នុងការផ្តល់វ៉ា់ក់សាំង១ពាន់លានដូសក្នុងរយៈពេលពីរឆ្នាំខាងមុខ គឺជាជំនួយដ៏ធំមួយ ប៉ុន្តែយើងត្រូវការជាច្រើនបន្ថែមទៀត ។ ប្រមុខ WHO រូបនេះបានសង្កត់ធ្ងន់ថា ដើម្បីបញ្ចប់រោគរាតត្បាត កិច្ចប្រជុំកំពូល G7 នៅឆ្នាំក្រោយនៅអាល្លឺម៉ង់ យើងត្រូវការវ៉ាក់សាំងចំនួន១១ពាន់លានដូសទៀត ។ យើងត្រូវការវ៉ាក់សាំងបន្ថែមទៀត ហើយយើងត្រូវការវាលឿនជាងមុន ។ ឥឡូវវីរុសនេះកំពុងធ្វើចលនា លឿនជាងការចែកចាយវ៉ាក់សាំងទូទាំងពិភពលោក ៕ ប្រភព៖ CNBC
-
កងកម្លាំងអាមេរិកបានបង្វែរប្រទេសអាហ្វហ្គានីស្ថាន ជាទីតាំងលក់អេតចាយ ខណៈពួកគេកំពុងចាកចេញ ដែលធ្វើអោយអាជ្ញាធរក្នុងតំបន់មានកំហឹង (មានវីដេអូ)

បរទេស៖ នៅពេលដែលកងទ័ពអាមេរិកត្រៀមចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីធ្វើសង្គ្រាមជិត២០ឆ្នាំមកនោះ ពួកគេបានបោះចោលសម្ភារៈរាប់តោន ហើយលក់វាជាអេតចាយដល់ឈ្មួញក្នុងស្រុក ។យោធាអាមេរិកកំពុងតែបំផ្លាញរាល់សំភារៈទាំងអស់ ឬរបស់របរដែលពួកគេមិនយកទៅផ្ទះ ឬប្រគល់អោយយោធាអាហ្វហ្គានីស្ថាន ។ នៅពេលគំនរសំណល់អេតចាយនៅពាសពេញនោះ អ្នកធ្វើកោសល្យវិច័្ចយអាហ្វហ្គានីស្ថានបានមានកំហឹងដែលការផ្គត់ផ្គង់ និងឧបករណ៍ត្រូវបានគេបោះចោល មុនពេលលក់ទៅអោយពួកឈ្មួញ ។គួរកត់សម្គាល់ កាលពីប៉ុន្មានសប្តាហ៍មុន ប្រធានាធិបតីអាមេរិកលោក ចូ បៃដិ បានប្រកាសដកកងទ័ពសហរដ្ឋអាមេរិកចេញពីអាហ្វហ្គានីស្ថានដោយបញ្ចប់សង្គ្រាមជារៀងរហូត ៕ ប្រភព៖ News18