-
នាយករដ្ឋមន្ត្រីថៃសុំទោស លើបញ្ហាច្រើនក្នុងយុទ្ធនាការចាក់វ៉ាក់សាំង

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃអង្គារ៍ទី ១៥ មិថុនា ២០២១នេះ បានសុំទោសចំពោះប្រជាពលរដ្ឋដែលត្រូវបានគេពន្យាពេលចាក់វ៉ាក់សាំងកូវីដ១៩ ក្រោយពេលមន្ទីរពេទ្យជាច្រើនបានផ្អាកការចាក់ ក្រោយពេលខ្វះវ៉ាក់សាំង ពោលគឺបន្ទាប់ពីថៃបានបើកយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស កាលពីសប្តាហ៍មុនមក។ លោកប្រាយុទ្ធថា វ៉ាក់សាំង៧លានដូសហើយ ត្រូវបានបញ្ជូនទៅទូទាំងប្រទេស ហើយចាក់បាន៦.៥លានដូសហើយដែរ។ តែលោកថា លោកកំពុងតាមដានព័ត៌មានពីបញ្ហានេះ ជាមួយនឹងការរកដំណោះស្រាយ៕
-
ប្រទេសអាស៊ាន១នេះ ឲ្យប្រើវ៉ាក់សាំងចិន ប្រភេទចាក់តែ១ដូសហើយ

ក្រសួងសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃទី១៥ មិថុនា ២០២១នេះ បានប្រកាសពីការអនុញ្ញាតឲ្យប្រើប្រាស់ «ដោយមានលក្ខខណ្ឌ» នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 «ប្រភេទចាក់តែមួយដូស» ដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន ខេនស៊ីណូ (CanSino Biologics) នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ។ នាយករងក្រុមហ៊ុន CanSino បានប្រាប់ទីភ្នាក់ងារព័ត៌មានស៉ីនហួរថា ក្រុមហ៊ុនលោកនឹងផ្គត់ផ្គង់វ៉ាក់សាំងដល់ម៉ាឡេស៉ី ក្នុងទម្រង់ជាលទ្ធផលសម្រេច ហើយក៏កំពុងធ្វើការជាមួយដៃគូនៅម៉ាឡេស៉ី ដើម្បីផលិតវ៉ាក់សាំងរបស់ខ្លួន នៅទីនោះផ្ទាល់ផងដែរ។ គួរបញ្ជាក់ថា កាលពីចន្ទសប្តាហ៍នេះ ម៉ាឡេស៊ីបានបង្កើនអត្រាចាក់វ៉ាក់សាំង COVID-19 ដល់ជិត ២០០,០០០ដូសក្នុងមួយថ្ងៃ ខណៈមកទល់ឥឡូវ វ៉ាក់សាំងសរុបប្រមាណ ៤.៦លានដូស ត្រូវបានចាក់ ហើយប្រជាជនម៉ាឡេស៉ី ១.៤លាននាក់ ក្នុងចំណោមចំនួនប្រជាជនសរុបជិត ៣២លាននាក់ បានទទួលការចាក់គ្រប់ដូស៕
-
កូវីដ១៩៖ ឡាវប្រកាសពីឆ្លងថ្មីៗជាច្រើនករណី នៅខេត្តក្រុងចំនួន៤

ប្រទេសឡាវ នាថ្ងៃទី១៥ មិថុនា ២០២១នេះបានបញ្ជាក់បន្ថែមនូវករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៤នាក់ ដែលត្រូវបានរកឃើញនៅក្នុងទីក្រុង និងខេត្តចំនួន ៤ ក្នុងចំណោមទីក្រុង និងខេត្តទាំង ១៨ នៅទូទាំងប្រទេស។ ប្រភពថា ករណីឆ្លងថ្មីទាំងនោះ មាន ៧នាក់ត្រូវបានរកឃើញនៅក្នុងសហគមន៍ និងករណីនៅសល់ត្រូវបានរកឃើញនៅកន្លែងធ្វើចត្តាឡីស័ក។ គួរបញ្ជាក់ថា ឡាវមានអ្នកកើតកូវីដ១៩ សរុប២០១០នាក់ ស្លាប់មនុស្ស៣នាក់ ប៉ុន្តែការជាសះស្បើយមាន ១ ៨៨០នាក់ ហើយដែរ៕
-
អ្នកដេញថ្លៃម្នាក់ហ៊ានចំណាយប្រាក់រហូតដល់២៨លានដុល្លារ ដើម្បីទិញសំបុត្រធ្វើដំណើរទៅកាន់លំហរអាកាសជាមួយលោក Jeff Bezos នាខែក្រោយ (មានវីដេអូ)

អន្តរជាតិ៖ អ្នកដេញថ្លៃម្នាក់ដែលមិនត្រូវបានបញ្ចេញឈ្មោះបានចំណាយប្រាក់រហូតដល់២៨លានដុល្លារ ដើម្បីបានឈ្នះសំបុត្រធ្វើដំណើរទៅកាន់លំហអាកាស ជាមួយស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ក្នុងការហោះហើរលើយានរបស់ក្រុមហ៊ុនរបស់លោក Blue Origin នាខែក្រោយនេះ ។ ថវិកាដែលទទួលបាន នឹងត្រូវបរិច្ចាគដល់មូលនិធិ Blue Origin ជាក្លឹបមួយដែលបង្កើតឡើងសម្រាប់លើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់កុមារ ។ ក្រុមហ៊ុនបានបញ្ជាក់ថា ឈ្មោះអ្នកដេញថ្លៃដែលឈ្នះនឹងត្រូវបានចេញផ្សាយក្នុងរយៈពេលពីរបីសប្តាហ៍ទៀត ។ បើតាមការគ្រោងទុកនោះ រ៉ុក្កែត និងយានអវកាស ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Blue Origin នឹងត្រូវបាញ់បង្ហោះឡើងនៅថ្ងៃទី២០ ខែកក្កដាខាងមុខ ។ យាននេះមានកៅអីចំនួន ៦ ដែលមួយក្នុងចំណោមនោះត្រូវបានដាក់ដេញថ្លៃ ។ គួរកត់សម្គាល់ អ្នកដំណើរទាំងអស់នឹងអាចទទួលបានបទពិសោធន៍ នៃភាពគ្មានទម្ងន់ប្រហែល៣នាទី មុនពេលត្រឡប់មកផែនដីវិញ ។ ក្រុមហ៊ុននិយាយថា វានឹងចំណាយពេលប្រហែល១១នាទីពីការបង្ហោះឡើងរហូតដល់ការចុះចត ៕ ប្រភព៖ CNA
-
បេសកម្មចិនប្រចាំសហភាពអឺរ៉ុបបញ្ចេញប្រតិកម្មខ្លាំងៗ ក្រោយមេដឹកនាំអង្គការ NATO ចេញសេចក្តីថ្លែងការណ៍វាយប្រហារលើប្រទេសខ្លួន (មានវីដេអូ)

ប៊ែលហ្ស៊ិក៖ បេសកកម្មរបស់ចិនប្រចាំសហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះ បានជំរុញអោយអង្គការណាតូបញ្ឈប់ការនិយាយបំផ្លើសទ្រឹស្តី “គំរាមកំហែងពីចិន” បន្ទាប់ពីមេដឹកនាំបក្សសម្ពន្ធយោធាណាតូបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយប្តេជ្ញាសហការជាមួយគ្នា ដើម្បីប្រឆាំងនឹងការកើនឡើងឥទ្ធិពលចិន និងការបំពានច្បាប់អន្តរជាតិពីសំណាក់រុស្ស៊ី ។ ទីក្រុងប៉េកាំងបានឆ្លើយតបវិញតាមរយៈការបង្ហោះសារនៅលើគេហទំព័របេសកម្មចិនប្រចាំអឺរ៉ុបថា សេចក្តីថ្លែងការណ៍របស់អង្គការណាតូបាននិយាយបង្កាច់បង្ខូចការអភិវឌ្ឍដោយសន្តិភាពរបស់ចិន បំភាន់ស្ថានភាពអន្តរជាតិ និងបានបង្ហាញពីចិត្តគំនិតសង្គ្រាមត្រជាក់ ។ ចិនតែងតែប្តេជ្ញាចិត្តធ្វើការអភិវឌ្ឍប្រកបដោយសន្តិភាព ។ យើងនឹងមិនដាក់ចេញនូវគោលការណ៍ប្រកួតប្រជែងជាប្រព័ន្ធឡើយ ប៉ុន្តែប្រសិនបើនរណាម្នាក់ចង់ដាកចេញនូវគោលការណ៍បែបនេះមកកាន់យើង… យើងនឹងមិននៅតែព្រងើយកណ្តើយឡើយ ។ គួរកត់សម្គាល់ ប្រតិកម្មខ្លាំងៗរបស់ចិនបានកើតមានឡើងបន្ទាប់ពីជំនួបកំពូលបានបិទបញ្ចប់ អង្គការណាតូបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសសម្ពន្ធមិត្ត ក្នុងការទប់ជាមួយសកម្មភាពរុស្ស៊ី និងចិន ៕ ប្រភព៖ Reuters
-
លោក ចូ បៃដិន និងលោក តាយយីព អឺដូហ្គាន់ បើកកិច្ចប្រជុំទល់មុខគ្នាលើកដំបូងនៅខាងក្រៅកិច្ចប្រជុំកំពូលណាតូ (មានវីដេអូ)

ប៊ែលហ្ស៊ិក៖ ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ បានគូសបញ្ជាក់នៅថ្ងៃចន្ទនេះថា លោកបានបើកកិច្ចប្រជុំប្រកបដោយផ្លែផ្កា និងស្មោះត្រង់ជាមួយសមភាគីអាមេរិករបស់លោក គឺលោក ចូ បៃដិន ។ ប្រធានាធិបតីតួកគីរូបនេះ បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសិទកាសែតមួយថា មិនមានបញ្ហាអ្វីរវាងសហរដ្ឋអាមេរិក និងតួកគី ដែលមិនអាចដោះស្រាយបានឡើយ… ផ្ទុយទៅវិញមានវិស័យជាច្រើនដែលយើងអាចផ្តោតលើកិច្ចសហប្រតិបត្តិការអនាគត និងប្រកបដោយផ្លែផ្កា ។ សម្រាប់លោក ចូ បៃដិន វិញក៏បានលើកឡើងពីកិច្ចប្រជុំនេះដែរថា យើងមានការប្រជុំប្រកបដោយភាពវិជ្ជមាន និងប្រកបដោយផលិតភាពដែលភាគច្រើនគឺមួយទល់នឹងមួយ ។ យើងបានពិភាក្សាលម្អិតអំពីវិធីបន្តលើបញ្ហាមួយចំនួន ហើយខ្ញុំមានទំនុកចិត្តថា យើងនឹងមានការរីកចំរើនពិតប្រាកដជាមួយតួកគី និងសហរដ្ឋអាមេរិក ។ គួរកត់សម្គាល់ ក្នុងអំឡុងជំនួបទល់មុខគ្នាលើកដំបូង ដែលកើតចេញពីកិច្ចប្រជុំកំពូលរបស់អង្គការណាតូនោះ មេដឹកនាំទាំងពីរបានពិភាក្សាគ្នាលើបញ្ហាជាច្រើន ដែលក្នុងនោះរួមមានការប្រយុទ្ធជាសកលប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ និងស្ថានភាពវ៉ាក់សាំង ៕ ប្រភព៖ CGTN
-
ចិនចាក់វ៉ាក់សាំងកូវីដជូនពលរដ្ឋ បានជាង៩០០លានដូសហើយ

គណៈកម្មការជាតិសុខាភិបាលចិនបានឲ្យដឹង នៅថ្ងៃទី១៥ មិថុនា ២០២១នេះថា វ៉ាក់សាំងកូវីដ ជាង៩០០លានដូសហើយដែលត្រូវបានចាក់ជូនប្រជាពលរដ្ឋ គិតត្រឹមថ្ងៃចន្ទម្សិលមិញ។ គណៈកម្មការមួយនេះបានប្តេជ្ញាថា នឹងធានាការផ្គត់ផ្គង់វ៉ាក់សាំង និងបន្តការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ៕
-
បុរសខ្លាំងហ្វីលីពីនប្រកាសមិនសហការជាមួយតុលាការ ICC ស៊ើបរឿងសង្គ្រាមគ្រឿងញៀន ស្លាប់មនុស្សរាប់ម៉ឺននាក់

CNA: ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងមិនសហការជាមួយដំណើរការស៊ើបអង្កេតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចំពោះសង្គ្រាមសង្គ្រាមថ្នាំញៀនស្លាប់មនុស្សនៅហ្វីលីពីន នេះបើតាមអ្នកនាំពាក្យរបស់លោក និយាយ នាថ្ងៃទី១៥ មិថុនា ២០២១នេះ ដោយថែមទាំងបញ្ជាក់ថា ការស៊ើបអង្កេតរបស់តុលាការ ICC នេះគឺជា «កំហុសស្របច្បាប់»។ ប្រធានរដ្ឋអាជ្ញារបស់តុលាការ ICC ឈ្មោះថា Fatou Bensouda កាលពីថ្ងៃចន្ទម្សិលមិញ បានស្នើដល់ចៅក្រមនៅតុលាការដែលកាត់ក្តីតែរឿងបទឧក្រិដ្ឋពិភពលោកមួយនេះ ស៊ើបអង្កេតលើករណីដែលនគរបាលហ្វីលីពីនបានសម្លាប់មនុស្សរាប់ម៉ឺននាក់ នៅក្រៅច្បាប់ ចន្លោះពីឆ្នាំ២០១៦ និងឆ្នាំ២០១៩។ គួររម្លឹកថា លោកឌូតឺតេបានជាប់ឆ្នោតកាលពីឆ្នាំ២០១៦ ដោយក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត លោកថានឹងបោសសម្អាតបញ្ហាគ្រឿងញៀនក្នុងប្រទេសឲ្យអស់ហើយបានបញ្ជាដោយបើកចំហរឲ្យនគរបាលបាញ់សម្លាប់ជនសង្ស័យគ្រឿងញៀន។ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន ឈ្មោះ Harry Roque បាននិយាយថា «លោកប្រធានាធិបតីនឹងមិនសហការជាដាច់ខាត រហូតទាល់តែចុងអាណត្តិរបស់លោក នៅថ្ងៃទី៣០ មិថុនា ២០២២» ដោយបញ្ជាក់ដដែលៗទៀតថា តុលាការ ICC គ្មានយុត្តាធិការក្នុងប្រទេសហ្វីលីពីនទេ ព្រោះខ្លួនបានដកខ្លួនចេញពីតុលាការនេះហើយ៕
-
មេដឹកនាំអង្គការ NATO សន្យាធ្វើការងាររួមគ្នាប្រឆាំងនឹងការប្រកួតប្រជែងជាប្រព័ន្ធរបស់ប្រទេសចិន

ប៊ែលហ្ស៊ិក៖ មេដឹកនាំអង្គការណាតូ នៅថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) បានសន្យាធ្វើការងាររួមគ្នាប្រឆាំងនឹងការ “ប្រកួតប្រជែងជាប្រព័ន្ធ” ដែលត្រូវបានដាក់ចេញដោយគោលនយោបាយឈ្លានពានរបស់ប្រទេសចិន និងការកត់សម្គាល់ទៅលើរុស្ស៊ី ជុំវិញការបង្កើតច្បាប់អន្តរជាតិរបស់ប្រទេសមួយនេះ ។ អគ្គលេខាធិការអង្គការណាតូ លោក ជេន ស្តូថែនប៊ឺគ និយាយថា សម្ព័ន្ធមិត្តនឹងខិតខំស្វែងរកកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ទៅលើបញ្ហាសកលដូចជាការប្រែប្រួលអាកាសធាតុ ខណៈដែលរដ្ឋធានីសហភាពអឺរ៉ុបក៏ត្រូវការវាផងដែរ ។ ប៉ុន្តែពាក់ព័ន្ធនឹងការកើនឡើងនៃទុក្ខកង្វះរបស់ទីក្រុងវ៉ាស៊ីនតោននោះ លោកបានព្រមានថា ឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន និងគោលនយោបាយអន្តរជាតិរបស់ចិន បង្ហាញពីបញ្ញាប្រឈមដល់សន្តិសុខសម្ព័ន្ធមិត្ត ។ ទោះជាយ៉ាងណា លោក ស្តូថែនប៊ឺគ បានសង្កត់ធ្ងន់ថា ក្រុមមេដឹកនាំបានឯកភាពគ្នាថា យើងត្រូវដោះស្រាយបញ្ហាប្រឈមទាំងនេះរួមគ្នាក្នុងនាមជាសម្ព័ន្ធមិត្ត ហើយយើងចាំបាច់ត្រូវចូលរួមជាមួយចិន ដើម្បីការពារផលប្រយោជន៍សន្តិសុខរបស់យើង ៕ ប្រភព៖ CNA
-
លោក បូរីស ចនសុន ពន្យារពេលអនុវត្តវិធានការរឹតត្បិតទប់ស្កាត់កូវីដ-១៩នៅអង់គ្លេស ខណៈដែលករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌានៅតែកើនឡើង

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានប្រកាសនៅល្ងាចថ្ងៃចន្ទម្សិលមិញថា ចក្រភពអង់គ្លេសនឹងមិនបន្ធូរបន្ថយវិធានការរឹតត្បិតទាំងអស់របស់ខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី២១ ខែមិថុនាខាងមុខនេះ ។ ការសម្រេចចិត្តខាងលើនេះមានន័យថា ការរក្សាគម្លាតសង្គម និង ការកំណត់ចំនួនមនុស្សប្រមូលផ្តុំគ្នា ព្រមទាំងការធ្វើការងារពីផ្ទះ នឹងបន្តរហូតយ៉ាងហោចណាស់ជិតឆ្លងខែផ្សេងទៀត ។ គិតមកទល់ពេលនេះ វីរុសបំប្លែងខ្លួនថ្មីមានឈ្មោះថា Delta ដែលត្រូវបានគេរកឃើញដំបូងនៅឥណ្ឌា បានបង្ខំអោយរដ្ឋាភិបាលអង់គ្លេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបើកប្រទេសឡើងវិញ ដោយខ្លាចមានគ្រោះថ្នាក់ដល់កម្មវិធីចាក់វ៉ាក់សាំង ។ គួរកត់សម្គាល់ ក្រសួងសុខាភិបាលសាធារណៈអង់គ្លេស (PHE) បានរកឃើញវីរុសបំប្លែងខ្លួនថ្មី Delta ដែលមកទល់ពេលនេះ បានរ៉ាប់រងករណីឆ្លងថ្មីៗរហូតដល់៩០ភាគរយនៅក្នុចក្រភពអង់គ្លេស ។ ទន្ទឹមគ្នា អ្នកជំនាញមួយចំនួនបាននិយាយថា អង់គ្លេសបានចាប់ផ្តើមរួចទៅហើយ ចំពោះរលកទី៣នៃការឆ្លងវីរុសកូវីដ១៩ ៕ ប្រភព៖ CGTN