-
ដំរីអាស៊ីនៅខេត្តមួយរបស់ចិន កើនដល់៣០០ក្បាល

ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ បានចេញផ្សាយ នៅថ្ងៃទី៨ មិថុនានេះថា នៅខេត្តមួយរបស់ចិន គេឃើញមានសត្វដំរីអាស៊ីកើនដល់៣០០ក្បាល កើនពីត្រឹម១៩៣ក្បាល កាលពីទសវត្សរ៍ឆ្នាំ៨០។ ប្រភពថា ដំរីអាស៊ីត្រូវបានរដ្ឋាភិបាលការពារអភិរក្សជាខ្លាំង ខណៈដែលដំរីទាំងនោះ គេឃើញមានភាគច្រើន នៅក្នុងខេត្តយុនណាន ហើយដោយសារតែកិច្ចប្រឹងប្រែងការពារនេះហើយ ចំនួនសត្វដំរីព្រៃអាស៊ី ក្នុងខេត្តមួយនេះបានកើនដល់ប្រមាណ៣០០ក្បាល ពោលគឺទសវត្សរ៍ឆ្នាំ១៩៨០ មានត្រឹម១៩៣ក្បាលទេ។ ស៊ីនហួរក៏បានចុះផ្សាយពីសេចក្តីរាយការណ៍របស់អាជ្ញាធរ ពាក់ព័ន្ធនឹងហ្វូងដំរីអាស៊ីបានឈប់សម្រាកបណ្តោះអាសន្ន នៅតំបន់ជាយក្រុងគុនមីង ខណៈពួកវាធ្វើដំណើរភៀសខ្លួន ក្នុងចម្ងាយឆ្ងាយ ក្នុងខេត្ត យុនណាន តែស្ថិតក្រោមការឃ្លាំមើលពីសំណាក់អាជ្ញាធរ៕
-
រយៈពេល៥ខែឆ្នាំ២០២១ ទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់ចិន កើនឡើង២៨,២ភាគរយ ស្មើនឹងទឹកប្រាក់២,៣ទ្រីលានដុល្លារ (មានវីដេអូ)

Video Link: https://fb.watch/5_SHM8u5oW/ ចិន៖ យោងតាមទិន្នន័យពីរដ្ឋបាលគយទូទៅរបស់ប្រទេសចិន (GAC) បានអោយដឹងថា ក្នុងរយៈពេល៥ខែឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មបរទេសរបស់ចិន បានកើនឡើង២៨,២ភាគរយ ស្មើនឹងទឹកប្រាក់២,៣ទ្រីលានដុល្លារ ។ ជាមួយគ្នានេះ អ្នកជំនាញក៏បានព្យាករណ៍ដែរថា ទំហំពាណិជ្ជកម្មបរទេសរបស់ចិននឹងកើនឡើងប្រមាណ២០ភាគរយនៅក្នុងត្រីមាសទី២នេះ ។ ក្នុងអំឡុងពេល៥ខែដំបូងឆ្នាំនេះ ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិនជាមួយដៃគូសំខាន់ៗរួមមានអាស៊ាន អឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុន បានរាយការណ៍ពីការរីកចម្រើន ដោយអាស៊ានជាដៃគូពាណិជ្ជកម្មធំជាងគេ ។ ទិន្នន័យរបស់ GAC បង្ហាញថា ក្នុងរយៈពេលដូចគ្នាការនាំចូល-នាំចេញរបស់ចិនជាមួយបណ្តាប្រទេស និងតំបន់តាមបណ្តោយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវបានកើនឡើង២៧,៤ភាគរយដល់ទឹកប្រាក់៤,៣៦ទ្រីលានយ័ន ។ ទន្ទឹមគ្នា ការនាំចេញគ្រឿងម៉ាស៊ីន និងផលិតផលដែលពឹងផ្អែកលើកម្លាំងពលកម្មក៏បានបង្ហាញពីកំណើនផងដែរ ក្នុងចន្លោះខែមករា ដល់ខែឧសភាកន្លងទៅនេះ ។ ដោយឡែកការនាំចេញរថយន្តបានកើនឡើង៩៥,៨ភាគរយ ស្មើនឹងទឹកប្រាក់៧៥,៦៧ពាន់លានយ័ន ហើយការនាំចេញទូរស័ព្ទចល័តបានកើនឡើង២៨,៨ភាគរយ ស្មើនឹងទឹកប្រាក់៣៥៤,៨៧ពាន់លានយ័ន ៕ ប្រភព៖ GLOBAL TIMES
-
ប្រមុខ WHO អំពាវនាវអោយក្រុមហ៊ុនផលិតឱសថចែករំលែកវ៉ាក់សាំង៥០ភាគរយដល់កម្មវិធី Covax ដើម្បីចែកទៅអោយប្រទេសក្រីក្រ

ស្វីស៖ អគ្គនាយកអង្គការសុខាភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បញ្ជាក់ថា ក្រុមហ៊ុនផលិតវ៉ាក់សាំងគួរយកចិត្តទុកដាក់ចំពោះកម្មវិធី Covax ដែលពិបាកក្នុងការទទួលបានវ៉ាក់សាំងដែលគេបរិច្ចាគអោយ ដើម្បីចែកទៅអោយប្រទេសក្រីក្រ ។ ប្រមុខ WHO រូបនេះបានសម្តែងនូវការខករបស់លោកថា បណ្តាក្រីក្រមិនទាន់ទាំងបានចាក់វ៉ាក់សាំងដល់បុគ្គលិកសុខាភិបាល មនុស្សវ័យចំណាស់ និងប្រជាជនដែលងាយរងគ្រោះដោយសារជំងឺកូវីដ១៩ផង តែប្រទេសអ្នកមានកំពុងទិញវ៉ាក់សាំង ដើម្បីចាក់ដល់ប្រជាជនរបស់ខ្លួនរហូតដល់ចាប់ផ្តើមចាក់ដល់កុមារថែមទៀត ។ លោក ថេដ្រូស បានប្រាប់អ្នកសារព័ត៌មានថា នៅចុងសប្តាហ៍នេះ មេដឹកនាំក្រុមប្រទេស G7 នឹងជួបគ្នាក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ពួកគេ… ប្រទេសទាំងនេះមានអំណាចដើម្បីបំពេញតាមតម្រូវការទាំងនេះ ។ ទន្ទឹមគ្នា លោក ថេដ្រូស បានអំពាវនាវដល់ប្រទេស G7 មិនមែនគ្រាន់តែប្តេជ្ញាចែករំលែកដូសប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្តេជ្ញាចែករំលែកវ៉ាក់សាំងនៅខែមិថុនា និងខែកក្កដាខាងមុខនេះផងដែរ ហើយលោកថែមទាំងទទូចដល់បណ្តាក្រុមហ៊ុនផលិតទាំងអស់អោយផ្តល់សិទ្ធិទិញមុនគេដល់គម្រោង Covax សម្រាប់ចំនួនវ៉ាក់សាំងថ្មី ឬក៏ប្តេជ្ញាចែកវ៉ាក់សាំងរបស់ពួកគេ៥០ភាគរយដល់ Covax ក្នុងឆ្នាំនេះ ៕ ប្រភព៖ CNA
-
ក្រុមហ៊ុន Moderna កំពុងស្វែងរកការអនុម័តពីសហភាពអឺរ៉ុប និងកាណាដា សម្រាប់ការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនដល់ក្មេងជំទង់

បរទេស៖ ក្រុមហ៊ុន Moderna នៅថ្ងៃចន្ទនេះបញ្ជាក់ថា ខ្លួនបានបញ្ជូនបែបបទទៅកាន់និយ័តករសុខាភិបាលសហភាពអឺរ៉ុប និងកាណាដារួចរាល់ ហើយកំពុងទន្ទឹងរង់ចាំការអនុម័តអោយពង្រីកការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ខ្លួនសម្រាប់ក្មេងជំទង់ ។ បើតាមក្រុមហ៊ុនផលិតឱសថអាមេរិកមួយនេះ ខ្លួនមានផែនការឯកសារសម្រាប់ការស្នើសុំអោយប្រើប្រាស់ក្នុងករណីបន្ទាន់ទៅកាន់រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក (FDA) ព្រមទាំងទីភ្នាក់ងារនិយ័តករដទៃទៀតនៅជុំវិញពិភពលោក សម្រាប់ការចាក់វ៉ាក់សាំងរបស់ខ្លួនដល់ក្មេងជំទង់ដែលមានអាយុចាប់ពី១២ ដល់ ១៧ឆ្នាំ ។ សូមបញ្ជាក់ថា កន្លងមកនេះ វ៉ាក់សាំង Moderna ត្រូវបានអនុម័តអោយប្រើប្រាស់ដល់មនុស្សមានអាយុ១៨ឆ្នាំឡើងទៅនៅក្នុងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងកាណាដា ហើយការចាក់វ៉ាក់សាំងដល់កុមារត្រូវបានគេចាត់ទុកថា មានសារៈសំខាន់ណាស់សម្រាប់ការឈានទៅរកភាពសុំាកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ៕ ប្រភព៖ CNA
-
ឥណ្ឌាចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដល់ប្រជាជនខ្លួនរស់នៅភូមិដាច់ស្រយាល

ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌាបាននិងកំពុងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ខណៈដែលប្រទេសមួយនេះមានគោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩អោយបានពីរដូសយ៉ាងតិចណាស់៥ភាគរយនៃមនុស្សពេញវ័យ៩៥០លាននាក់ ។ ទន្ទឹមគ្នា ប្រជាជនឥណ្ឌាដែលមានអាយុលើសពី១៨ឆ្នាំទាំងអស់ ពោលគឺស្មើនឹងប្រហែល៩៤០លាននាក់ នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយមិនគិតថ្លៃចាប់ពីថ្ងៃទី២១ ខែមិថុនាតទៅ ខណៈប្រទេសនេះកំពុងប្រយុទ្ធនឹងរលកទី២នៃជំងឺកូវីដ១៩ ។ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅក្នុងសុន្ទរកថាទៅកាន់ជនរួមជាតិ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បញ្ជាក់ថា រដ្ឋាភិបាលសហព័ន្ធនឹងផ្តល់វ៉ាក់សាំងដល់ប្រជាជនទាំងអស់ដោយឥតគិតថ្លៃ ។ ការប្រកាសនេះបានធ្វើឡើងចំពេលដែលឥណ្ឌាបានកត់ត្រានូវអត្រាឆ្លងប្រចាំថ្ងៃទាបបំផុតក្នុងរយៈពេល៦១ថ្ងៃ ពោលគឺ១០ម៉ឺន៦៣៦ករណី ដែលនេះជាសញ្ញាបង្ហាញថា រលកបច្ចុ ប្បន្នកំពុងថមថយ ។ សូមបញ្ជាក់ថា ឥណ្ឌាកំពុងប្រើវ៉ាក់សាំងផលិតក្នុងស្រុកចំនួនពីរ រួមមានCovishield ដែលផ្គត់ផ្គង់នៅកន្លែងផ្សេងក្រោមស្លាក AstraZeneca និងផលិតដោយវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា និង វ៉ាក់សាំងមួយទៀតឈ្មោះ Covaxin បង្កើតដោយក្រុមហ៊ុនឱសថ Bharat Biotech ។ វ៉ាក់សាំង Sputnik V របស់រុស្ស៊ីក៏ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់ផងដែរ ៕ ប្រភព៖ Reuters
-
ថៃបន្តមើលឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២,៦៦២ករណី និងស្លាប់២៨នាក់បន្ថែមទៀតនៅក្នុងថ្ងៃអង្គារនេះ

ថៃ៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ពាន់៦៦២ករណីទៀត ដោយនាំអោយករណីឆ្លងសរុបកើនឡើងដល់១៨ម៉ឺន២ពាន់១៤៨ករណី ។ ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរសុខាភិបាលថៃក៏បានប្រកាសមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន២៨នាក់ថ្មីទៀតផងដែរ ដោយធ្វើអោយតួលេខអ្នកស្លាប់សរុបកើនឡើងដល់១ពាន់២៩៧នាក់ ។ ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន២ពាន់១២៨ករណីគឺជាប្រជាជនទូទៅ និង៥៣៤ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ ។ ដោយឡែកអ្នកជំងឺ២ពាន់៤៨៣នាក់បានជាសះស្បើយឡើងវិញ និងត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ៕ ប្រភព៖ Bangkok Post
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៤លាន៣៧ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៧៥ម៉ឺននាក់ និងជាសះស្បើយ១៥៧លាន៦២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៤លាន៣៧ម៉ឺន៦ពាន់២៥៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៧៥ម៉ឺន១ពាន់៩៨៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៧លាន៦២ម៉ឺន៦ពាន់៦៧២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន២២ម៉ឺន៧ពាន់២៣៧នាក់ ស្លាប់ចំនួន៦១ម៉ឺន៧ពាន់៧០១នាក់ និងជាសះស្បើយចំនួន២៨លាន៩៩ម៉ឺន៦ពាន់៩៤៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៨លាន៩៩ម៉ឺន៦ពាន់៩៤៩នាក់ ស្លាប់៣៥ម៉ឺន១ពាន់៣៤៤នាក់ និងជាសះស្បើយ២៧លាន៣៣ម៉ឺន៦ពាន់៧៩៩នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៩៨ម៉ឺន៥ពាន់៨១២នាក់ ស្លាប់ចំនួន៤៧ម៉ឺន៤ពាន់៦១៤នាក់ និងជាសះស្បើយ១៥លាន៤០ម៉ឺន៨ពាន់៤០១នាក់ ៕ ប្រភព៖ worldometers
-
ស្លាប់មនុស្សជិត៤០នាក់ ក្នុងហេតុការណ៍រថភ្លើងបុកគ្នា

មនុស្សយ៉ាងតិច៣៦នាក់បានស្លាប់ ខណៈរាប់សិបនាក់ទៀតរងរបួស ក្នុងហេតុការណ៍រថភ្លើងបុកគ្នា នៅថ្ងៃទី៧ មិថុនានេះ។ ហេតុការណ៍នេះបានកើតឡើង នៅក្នុងខេត្ត Sindh ភាគខាងជើង ប្រទេសប៉ាគីស្ថាន។ ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តភ្លើងក្នុងក្រុងមួយគ្រឿងបានបើកជ្រុលទៅបុកទូរថភ្លើងនៃរថភ្លើង១គ្រឿងទៀត ដែលបានបើកធ្លាក់ផ្លូវ។ ចំនួនមនុស្សមិនទាន់ត្រូវបានបញ្ជាក់ថា មានច្រើនប៉ុន្មាននាក់ទេ គ្រាន់តែបានជាប់គាំងក្នុងរថភ្លើង ខណៈក្រុមសង្គ្រោះបានប្រញាប់ប្រញាល់មកជួយសង្គ្រោះ ក្រោយកើតហេតុ។ នាយករដ្ឋមន្ត្រីឥណ្ឌា Imran Khan បាននិយាយថា លោករន្ធត់ជាខ្លាំងចំពោះបញ្ហានេះ ហើយសន្យាថា នឹងបើកការស៊ើបអង្កេតឲ្យបានពេញលេញ៕ ប្រភពពី CNA
-
កូវីដ១៩៖ ឡាវបន្តធ្លាក់ចុះការឆ្លងប្រចាំថ្ងៃ

ប្រទេសឡាវនៅថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួនតែ ០៥ករណីបន្ថែមទៀតប៉ុណ្ណោះ ដែលវាជាការបង្ហាញសញ្ញា ធ្លាក់ចុះខ្លាំងបន្ថែមទៀត នៃការឆ្លងរីករាលដាលនៅក្នុងសហគមន៍។ ប្រទេសឡាវបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ០៥ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសកើនឡើងដល់ ១,៩៦៨ករណី ក្នុងនោះមានអ្នកស្លាប់ ០៣នាក់ និងអ្នកជាសះស្បើយ ១,៧១៧នាក់។ ក្រសួងសុខាភិបាលបញ្ជាក់ថា បើទោះបីជាការឆ្លងរីករាលដាលនៅក្នុងសហគមន៍ បានបង្ហាញនូវនិន្នាការធ្លាក់ចុះ គួរឱ្យកត់សម្គាល់ក៏ដោយ ក៏ប្រជាជនទាំងអស់ នៅតែត្រូវគោរពតាមយ៉ាងតឹងរ៉ឹងនូវបទបញ្ជាបិទខ្ទប់ ដែលដាក់ចេញដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់៕
-
លោក បិនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ដៃគូរប្រកួតប្រជែងឈ្នះលោក បានក្លែងបន្លំលទ្ធផលការបោះឆ្នោត

ការឈ្នះឆ្នោតរបស់ក្រុមប្រឆាំង ដែលទម្លាក់តំណែងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បិនចាមីន ណេតាន់យ៉ាហ៊ូ ត្រូវបានប្រឈមនឹងការចោទប្រកាន់ពីករណីក្លែងបន្លំទៀតហើយ ដែលជាលេស ស្ទើរតែធម្មតាទៅហើយ ចំពោះមេដឹកនាំគណបក្សនយោបាយដែលចាញ់ឆ្នោត។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បិនចាមីន ណេតាន់យ៉ាហ៊ូ បានថ្លែងកាលពីថ្ងៃអាទិត្យថា ក្រុមរដ្ឋាភិបាលសម្ព័ន្ធ អ៊ីស្រាអែលដែលបានបង្កើត ដើម្បីត្រៀមយកតំណែងរបស់លោក នាពេលខាងមុខនេះ គឺជាលទ្ធផលនៃការបោះឆ្នោតក្លែងបន្លំ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។ ការចោទប្រកាន់របស់លោកបិនចាមីន បានធ្វើឡើង នៅទន្ទឹមនឹងប្រធានសន្តិសុខក្នុងអ៊ីស្រាអែល បានព្រមានជាសាធារណៈ នូវអំពើហិង្សាដែលអាចកើតឡើងបាន នាពេលខាងមុខ។ លោកបិនចាមីន បានធ្វើការចោទប្រកាន់ លើការសន្យាយុទ្ធនាការ ដែលមិនបានគោរពតាមមួយ ចេញពីបុរសម្នាក់ ដែលមានបំណងចង់ជំនួសតំណែង របស់លោក គឺលោកណាហ្វតាលី បិនណិត។ លោក ណាហ្វតាលី បិនណិត បានសន្យាក្នុងយុទ្ធនាការ ថានឹងមិនធ្វើជាដៃគូជាមួយនឹងគណបក្សឆ្វេងនិយម, កណ្តាលនិយមនិងគណបក្ស អារ៉ាប់នោះទេ ប៉ុន្តែកាលពីថ្ងៃពុធកន្លងមក លោកបានប្រកាសចូលរួមជាមួយនឹងគណបក្សប្រឆាំងលោក Yair Lapid ថាបង្កើតរដ្ឋាភិបាល ចម្រុះជាមួយនឹងគណបក្សនយោបាយនានាពីគ្រប់និន្នាការ។ យោងតាមការប្រកាសចូលរួមជាសម្ព័ន្ធនោះ លោក ណាហ្វតាលី បិនណិត នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលមុនគេ ដែលក្រោយមកនឹងត្រូវប្រគល់ទៅឲ្យលោក Yair Lapid។…