-
គណបក្សប្រឆាំងរបស់អ៊ីស្រាអែលបង្កើតរដ្ឋាភិបាលថ្មីមួយ ក្នុងគោលបំណងដកលោក ណេតាន់យ៉ាហ៊ូ ចេញពីតំណែងនាយករដ្ឋមន្រ្តី

អ៊ីស្រាអែល៖ មេដឹកនាំបក្សប្រឆាំងអ៊ីស្រាអែលខិតកាន់តែជិតនឹងលោកនាយករដ្ឋមន្រ្តី ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃពុធនេះ នៅពេលដែលលោកបានប្រាប់ប្រធានាធិបតីអ៊ីស្រាអែលជាផ្លូវការថា លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយសម្ព័ន្ធមិត្តនយោបាយ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ ។យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្ស បេក្ខជនកណ្តាលនិយមលោក Yair Lapid បាននិយាយប្រាប់ប្រធានាធិបតីអ៊ីស្រាអែលលោក Reuven Rivlin តាមសារអ៊ីមែលថា ខ្ញុំមានកិត្តិយសណាស់ដែលបានប្រាប់អ្នកថា ខ្ញុំបានទទួលជោគជ័យក្នុងការបង្កើតរដ្ឋាភិបាលថ្មី ។ ដៃគូសំខាន់របស់លោក Yair Lapid គឺជាអ្នកជាតិនិយមលោក Naftali Bennett ដែលនឹងធ្វើជានាយករដ្ឋមន្រ្តីដំបូង ក្រោមការផ្លាស់ប្តូរដោយបុរសពីររូប ។រដ្ឋាភិបាលចម្រុះរបស់អ្នកទាំងពីរ នឹងរួមបញ្ចូលនូវគណបក្សតូចៗ និងមធ្យម មកពីទូទាំងគណបក្សនយោបាយ រួមទាំងជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល ជាគណបក្សមួយដែលតំណាងឱ្យជនជាតិអារ៉ាប់ចំនួន២១ភាគរយដែលមានឈ្មោះក្នុងបញ្ជីអារ៉ាប់ ។ ប៉ុន្តែរដ្ឋាភិបាលថ្មីត្រូវបានគេរំពឹងថា នឹងស្បថចូលកាន់តំណែងនៅក្នុងរយៈពេលប្រហែល១០ថ្ងៃទៀតចាប់ពីពេលនេះតទៅ ៕ ប្រភព៖ CNA
-
ប្រធាន NASA ប្រកាសពីបេសកកម្មថ្មីចំនួនពីរទៅកាន់ភពសុក្រ នាអំឡុងឆ្នាំ ២០២៨-២០៣០ ខាងមុខ

បរទេស៖ អង្គការ NASA នៅថ្ងៃពុធសប្តាហ៍នេះ បានប្រកាសពីបេសកកម្មធំៗថ្មីចំនួនពីរទៅកាន់ភពសុក្រ ដែលនឹងចាប់ផ្តើមនៅចុងទសវត្សរ៍នេះ ពោលគឺនៅឆ្នាំ២០២៨-២០៣០ខាងមុខនេះ ។ ប្រភពបានអោយដឹងថា បេសកកម្មធំៗទាំងពីរខាងលើនេះ ត្រូវបានផ្តល់ថវិកាប្រមាណ៥០០លានដុល្លារ ស្ថិតនៅក្រោមកម្មវិធីរបកគំហើញរបស់ទីភ្នាក់ងារអវកាសអាមេរិកមួយនេះ ហើយបេសកកម្មនីមួយៗរំពឹងថា ចាប់ផ្តើមនៅអំឡុងឆ្នាំ២០២៨-២០៣០ ។ បេសកកម្មទាំងនេះ នឹងផ្តល់អោយសហគមន៍វិទ្យាសាស្ត្រទាំងមូលនូវឱកាស ដើម្បីស៊ើបអង្កេតភពមួយដែលយើងមិនធ្លាប់បានទៅជាង ៣០ឆ្នាំ ។ បើតាមអ្នកគ្រប់គ្រងថ្មីរបស់អង្គការ NASA លោក ប៊ីល នែលសុន (Bill Nelson) បេសកកម្មខាងលើនេះ មានគោលបំណងស្វែងយល់ពីវិធីដែលភពព្រះសុក្របានក្លាយជាពិភពមួយដូចឋាននរក ដែលមានសមត្ថភាពអាចរំលាយសំណនៅលើផ្ទៃដីរបស់វា ៕ ប្រភព៖ NASA
-
ប្រតិបត្តិករថែទាំសុខាភាពឯកជនរបស់សង្ហិបុរីកំពុងពិចារណាលើការប្រើប្រាស់វ៉ាក់សាំងចិន Sinovac បន្ទាប់ពី WHO អនុម័តអោយប្រើប្រាស់ជាផ្លូវការ

សង្ហិបុរី៖ យ៉ាងហោចណាស់មានប្រតិបត្តិការថែទាំសុខភាពឯកជនចំនួនពីរបាននិងកំពុងពិចារណាលើការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដែលទទួលស្គាល់ជាផ្លូវការពីអង្គការសុខភាពពិភពលោក (WHO) ក្នុងនោះរួមមានវ៉ាក់សាំងចិន Sinovac ដែលទើបទទួលការអនុម័តសម្រាប់ការប្រើប្រាស់បន្ទាន់ដោយ WHO នៅថ្ងៃអង្គារសប្តាហ៍នេះ ។ បច្ចុប្បន្ននេះមានតែក្រុមហ៊ុនផលិតឱសថចំនួនពីរប៉ុណ្ណោះ ដែលទទួលបាននូវការអនុញ្ញាតអោយប្រើប្រាស់នៅក្នុងប្រទេសសង្ហិបុរី ក្នុងនោះរួមមានវ៉ាក់សាំង Pfizer-BioNTech និងវ៉ាក់សាំង Moderna ដោយវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថទាំងពីរបានប្រើប្រាស់ដោយបច្ចេកវិទ្យា mRNA ។ សូមបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) បានសម្រេចចុះបញ្ជីទទួលស្គាល់ជាផ្លូវការ នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចិន Sinovac សម្រាប់ប្រើប្រាស់ជាបន្ទាន់ ។ ការចុះបញ្ជីរបស់ WHO នេះដែរ គឺជាការទទួលស្គាល់ពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងចិន Sinovac ក៏ដូចជាការអនុញ្ញាតឱ្យដាក់បញ្ចូលវ៉ាក់សាំងចិនមួយនេះ ទៅក្នុងកម្មវិធីចែកចាយវ៉ាក់សាំងសកល សម្រាប់ចែកជួនដល់ប្រទេសក្រីក្រនៅជុំវិញពិភពលោក (Covax) ៕ ប្រភព៖ CNA
-
ក្រុមហ៊ុន AstraZeneca និង Siam Bioscience ប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីផ្គត់ផ្គង់វ៉ាក់សាំង Covid-19 ដែលផលិតក្នុងស្រុកដល់រដ្ឋាភិបាលថៃ

ថៃ៖ ក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca និង Siam Bioscience នៅថ្ងៃពុធនេះបានប្រកាសពីការត្រៀមខ្លួនរួចរាល់ ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដែលផលិតក្នុងស្រុកដល់រដ្ឋាភិបាលថៃ ។ ការប្រកាសខាងលើនេះមានន័យថា វ៉ាក់សាំងការពារវីរុសកូវីដ១៩របស់ក្រុមហ៊ុន Siam Bioscience នឹងត្រូវបានផ្គត់ផ្គង់ដល់ក្រសួងសុខាភិបាលសាធារណៈថៃ ។ កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ រដ្ឋមន្ត្រីសុខាភិបាលថៃលោក Anutin Charnvirakul ក៏បានបញ្ជាក់ដែរថា វ៉ាក់សាំង AstraZeneca ចំនួន៦លានដូសនឹងត្រូវបានផ្គត់ផ្គង់ក្នុងខែមិថុនានេះដោយរំពឹងថា នឹងបានទទួលនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ។ សូមជម្រាបថា វ៉ាក់សាំង AstraZeneca ដែលផលិតដោយក្រុមហ៊ុនក្នុងស្រុករបស់ថៃ Siam Bioscience បានផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួនទៅអោយក្រសួងសុខាភិបាលថៃបណ្តើរៗហើយ ។ ប៉ុន្តែចំនួនដែលត្រូវបានផ្គត់ផ្គង់ជាបឋមនោះ មិនត្រូវបានប្រកាសអោយដឹងឡើយ គ្រាន់តែដឹងថា ការផ្គត់ផ្គង់បានកំពុងចាប់ផ្តើមនៅក្នុងសប្តាហ៍នេះ ៕ ប្រភព៖ Bangkok Post
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧២លាន៤២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៧០ម៉ឺននាក់ និងជាសះស្បើយ១៥៥លាន៥ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧២លាន៤២ម៉ឺន៤ពាន់៤៧២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៧០ម៉ឺន៦ពាន់៥៦១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៥លាន៥ម៉ឺន២ពាន់៤៤៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន១៥ម៉ឺន៤ពាន់៣០៥នាក់ ស្លាប់ចំនួន៦១ម៉ឺន១ពាន់២០នាក់ និងជាសះស្បើយចំនួន២៧លាន៩៨ម៉ឺន៦ពាន់៥១១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៨លាន៤៤ម៉ឺន៩៨៨នាក់ ស្លាប់៣៣ម៉ឺន៨ពាន់១៣នាក់ និងជាសះស្បើយ២៦លាន៣៨ម៉ឺន២ពាន់៨៩៧នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៧២ម៉ឺន៨១នាក់ ស្លាប់ចំនួន៤៦ម៉ឺន៧ពាន់៧០៦នាក់ និងជាសះស្បើយ១៥លាន១៦ម៉ឺន៨ពាន់៣៣០នាក់ ៕ ប្រភព៖ worldometers
-
វៀតណាមនឹងបានវ៉ាក់សាំងរុស្ស៊ី Sputnik V សរុប២០លានដូស

រដ្ឋមន្ត្រីសុខាភិបាលវៀតណាម Nguyen Thanh Long បាននិយាយកាលពីថ្ងៃពុធ ទី២ មិថុនា ២០២១ថា វៀតណាមគ្រោងនឹងទទួលបានវ៉ាក់សាំងកូវីដ១៩ Sputnik V នៃប្រទេសរុស្ស៊ី នៅឆ្នាំ២០២១នេះ។ លោករដ្ឋមន្ត្រីសុខាភិបាលថា «នេះគឺជាលទ្ធផលវិជ្ជមាន នៃការចរចាគ្មានឈប់ តាមរយៈក្រសួងសុខាភិបាល»។ វៀតណាមបានសម្រេចប្រើប្រាស់វ៉ាក់សាំងរុស្ស៊ីប្រភេទ Sputnik V នេះ កាលពីខែមីនា ក្រោយពេលអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងអង់គ្លេស-ស៊ុយអែត។ ដោយសហការជាមួយក្រសួងសុខាភិបាលវៀតណាម ក្រុមហ៊ុន Vabiotech គ្រោងនឹងផលិតវ៉ាក់សាំង Sputnik V នៅវៀតណាម ដោយមានលទ្ធភាពផលិតវ៉ាក់សាំងនេះ ចំនួន៥លានដូស ក្នុង១ខែ ហើយចាប់ផ្តើមពីខែកក្កដា៕ ប្រភពពី VNexpress
-
លោកស្រី Wendy Sherman ប្រាប់លោកប្រាយុទ្ធថា អាមេរិកនឹងជួយថៃ រឿងវ៉ាក់សាំង

សហរដ្ឋអាមេរិកត្រៀមខ្លួនជួយថៃ លើវ៉ាក់សាំងកូវីដ១៩ នេះបើតាមអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman ពេលជួបលោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ នៅបាងកក នាថ្ងៃពុធ ទី២ មិថុនា ២០២១នេះ ពោលគឺក្នុងពេលលោកស្រីបំពេញទស្សនកិច្ចនៅថៃ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាល Anucha Burapachaisri។ បើតាមប្រភព លោកស្រី Wendy Sherman ថា អាមេរិកមានគោលនយោបាយជួយប្រទេសជាច្រើន រួមមានទាំងថៃ ក្នុងការស្វែងរកវ៉ាក់សាំង យកឈ្នះវិបត្តិកូវីដ១៩។ ជាការឆ្លើយតប លោក ប្រាយុទ្ធ បានសាទរចំពោះការជួយនេះ ហើយក៏ចង់ធ្វើពាណិជ្ជកម្មវ៉ាក់សាំងកូវីដ ជាមួយអាមេរិកដែរ៕ ប្រភពពី The Nation
-
ព្រះអាទិត្យសិប្បនិម្មិតរបស់ប្រទេសចិនបានបំបែកកំណត់ត្រាពិភពលោកដ៏អស្ចារ្យថ្មីមួយ (មានវីដេអូ)

ចិន៖ ព្រះអាទិត្យសិប្បនិម្មិតរបស់ប្រទេសចិន ដែលហៅឈ្មោះកាត់ថា (EAST) Experimental Advanced Superconducting Tokamak បានបំបែកកំណត់ត្រាក្នុងការពិសោធន៍ចុងក្រោយ ដោយផលិតកំដៅបាន១២០លានអង្សារសេក្នុងរយៈពេល១០១វិនាទី និងឈានដល់កម្រិតកំដៅ១៦០លានអង្សារសេក្នុងរយៈពេល ២០វិនាទី ។ ព្រះអាទិត្យសិប្បនិម្មិត (EAST) នឹងក្លាយជាផ្នែកមួយនៃកន្លែងដាក់បង្កើតថាម ពលដើរដោយនុយក្លេអ៊ែរអន្តរជាតិ (ITER) International Thermonuclear Experimental Reactor ជាគម្រោងវិទ្យាសាស្ត្រពិភពលោក ដែលនឹងក្លាយជាកន្លែងផលិតថាមពលដើរដោយនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក នៅពេលវាដំណើរការនៅឆ្នាំ២០៣៥ខាងមុខនេះ ។ ប្រទេសចំនួន៣៥ មានដូចជាចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី និងសហរដ្ឋអាមេរិក ដែលកំពុងធ្វើការរួមគ្នាលើគម្រោងខាងលើនេះ ដើម្បីរិះរកវិធីបង្កើតប្រភពថាមពលមួយចេញពីរ៉េអាក់ទ័រនៃការរំលាយថាមពលនុយក្លេអ៊ែរ ។ បច្ចុប្បន្នប្រទេសទាំងនេះ កំពុងផលិតកំដៅដែលរលាយនុយក្លេអ៊ែរអោយបានសីតុណ្ហភាព១០០លានអង្សាសេ ។ គេជឿថា សីតុណ្ហាភាពនៅចំណុចស្នូលនៃព្រះអាទិត្យគឺ១៥លានអង្សារសេ មានន័យថា សីតុណ្ហភាពដែលផលិតដោយព្រះអាទិត្យសិប្បនិម្មិតរបស់ចិន (EAST) គឺប្រហែលនឹងកំដៅ៧ដងនៃព្រះអាទិត្យ ៕ ប្រភព៖ ស៊ីនហួរ
-
ជប៉ុនគ្រោងផ្តល់វ៉ាក់សាំង និងថវិកាបន្ថែម៨០០លានដុល្លារដល់កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក WHO (មានវីដេអូ)

ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុនលោក លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ មានផែនការផ្តល់ថវិកាបន្ថែម៨០០លានដុល្លារទៀត ទៅដល់កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ ខូវ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោក (WHO) ដែលនឹងចែកចាយវ៉ាក់សាំងបង្ការជំងឺ Covid-19 ដល់បណ្តាប្រទេសកំពុងមានតម្រូវការ ។ នៅថ្ងៃពុធសប្តាហ៍នេះ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ នឹងចូលរួមកិច្ចប្រជុំកំពូលនៃកម្មវិធី ខូវ៉ាក់ តាមអនឡាញ ជាមួយអនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស មហាសេដ្ឋីអាមេរិកលោក បៀល ហ្គេតស៍ និងអ្នកតំណាងមកពីប្រទេស G7 ។ មន្រ្តីរដ្ឋាភិបាលជប៉ុនម្នាក់ប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារ៍នេះថា កិច្ចប្រជុំកំពូលខាងលើ មានគោលដៅស្វែងរកការបំពេញថវិកាដែលខ្វះចន្លោះ១.៧ពាន់លានដុល្លារ ហើយអន្តរជាតិរំពឹងថា ប្រទេសធំៗ និងអង្គការពាក់ព័ន្ធនានា នឹងជួយបង្កើនការបរិច្ចាគតបតាមការសន្យារបស់ពួកគេ ដើម្បីបំពេញការខ្វះខាតទាំងផ្នែកថវិកា និងវ៉ាក់សាំង ៕ ប្រភព៖ CNA
-
ក្រុមហ៊ុន Moderna ដាក់ពាក្យស្នើទៅអាជ្ញាធរសុខាភិបាលអាមេរិកអោយអនុម័តលើការប្រើប្រាស់វ៉ាក់សាំងបង្ការ Covid-19 របស់ខ្លួនពេញលេញសម្រាប់ក្មេងជំទង់ (មានវីដេអូ)

អាមេរិក៖ ក្រុមហ៊ុនផលិតឱសថអាមេរិក ម៉ូឌែណា នៅថ្ងៃអង្គារនេះ បានដាក់ពាក្យទៅរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ដើម្បីទទួលបានអាជ្ញាប័ណ្ណពេញលេញ ក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ខ្លួនសម្រាប់ក្មេងជំទង់ ។ វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ (ភីហ្វាយហ្សឺ-បាយអូអិនធិច) គឺជាវ៉ាក់សាំងដំបូងគេ ដែលបានធ្វើដូច្នេះជាមួយអាជ្ញាធរសុខាភិបាលអាមេរិកនៅថ្ងៃទី៧ ខែឧសភាកន្លងទៅនេះ ។ រីឯ ម៉ូឌែណា វិញ គឺជាក្រុមហ៊ុនផលិតឱសថទី២ ដែលបានដាក់ពាក្យសុំអាជ្ញាប័ណ្ណពេញលេញទៅកាន់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ។ ជាមួយគ្នានេះ ក្រុមហ៊ុន ម៉ូឌែណា ក៏កំពុងស្វែងរកការប្រើប្រាស់អាជ្ញាប័ណ្ណនេះ ដើម្បីចាក់ដល់មនុស្សពេញវ័យចាប់ពី១៨ឆ្នាំឡើងទៅផងដែរ ។ សូមជម្រាបថា សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងយុទ្ធនាការបង្កើនល្បឿនចាក់វ៉ាក់សាំង ក្រោមគំនិតផ្តួចផ្តើមដោយរដ្ឋបាលរបស់លោក ចូ បៃដិន សំដៅធានាថា ពលរដ្ឋអាមេរិក៧០ភាគរយទទួលបានការចាក់ថ្នាំបង្ការយ៉ាងហោចណាស់មួយដូសនៅត្រឹមទិវាឯករាជ្យ ៤ កក្កដា ខាងមុខនេះ ៕ ប្រភព៖ Reuters