-
មេដឹកនាំអាមេរិក និង អឺរ៉ុបជំរុញអោយប្រទេសដទៃទៀតខិតខំប្រឹងប្រែងបន្ថែម នៅក្នុងគំនិតផ្តួចផ្តើមជាសកលឆ្ពោះទៅរកភពផែនដីបៃតង

កូរ៉េខាងត្បូង៖ អ្នកតំណាងកំពូលៗរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នៅថ្ងៃចន្ទនេះបានអំពាវនាវអោយប្រទេសដទៃទៀត ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត នៅក្នុងគំនិតផ្តួចផ្តើមជាសកលឆ្ពោះទៅរកភពផែនដីបៃតង ដោយសង្កត់ធ្ងន់ថាពិភពលោកមិនអាចរង់ចាំតទៅទៀតបានទេ នៅក្នុងកិច្ចប្រជុំកំពូលតាមអនឡាញដែលរៀបចំឡើងដោយកូរ៉េខាងត្បូង ។ ប្រេសិតពិសេសខាងអាកាសធាតុរបស់សហរដ្ឋអាមេរិកលោក ចន ឃែរី បានប្រាប់សន្និសីទស្តីពីអាកាសធាតុ P4G ដែលរៀបចំឡើងដោយកូរ៉េខាងត្បូងថា យើងកំពុងជំរុញប្រទេសដទៃទៀតអោយបង្កើនមហិច្ឆតារបស់ពួកគេផងដែរ ។លោកសង្កត់ធ្ងន់ថា ក្រោយចប់ជំងឺរាតត្បាតកូវីដ១៩ មនុស្សគ្រប់រូបចង់វិលមករកប្រក្រតីភាពឡើងវិញ ប៉ុន្តែជាអកុសលយើងមិនអាចពេញចិត្តនឹងរឿងនេះបានទេ ពីព្រោះការពិត គឺថាប្រក្រតីភាពគឺជាវិបត្តិមួយដែលកើតមានរួចទៅហើយ ។ ការកត់សម្គាល់របស់ប្រេសិតពិសេសខាងអាកាសធាតុអាមេរិករូបនេះ បានកើតមានឡើងស្របពេលដែលការចរចាតាមអនឡាញបានចាប់ផ្តើមឡើងវិញ នៅមុនសន្និសីទស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ នៅទីក្រុងក្លាសហ្គោ នាខែវិច្ឆិកាខាងមុខ ដោយក្រុមអ្នកវិទ្យាសាស្ត្របានចេញការព្រមានដ៏គួរអោយព្រួយបារម្ភខ្លាំងឡើងអំពីស្ថានភាពបច្ចុប្បន្ន ៕ ប្រភព៖ CNA
-
អង្គការសុខភាពពិភពលោក WHO ដាក់ឈ្មោះវីរុសបំប្លែងខ្លួនថ្មីអង់គ្លេស និងផ្សេងទៀតដោយអក្សរក្រិក

បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសប្រព័ន្ធដាក់ឈ្មោះថ្មីសម្រាប់វីរុស Covid-19 បំប្លែងខ្លួនថ្មី ដោយចាប់ពីពេលនេះទៅ WHO នឹងប្រើតួអក្សរក្រិកដែលសំដៅលើវីរុសបំប្លែងខ្លួនថ្មីរកឃើញដំបូងនៅក្នុងប្រទេសនានាដូចជា អង់គ្លេស អាហ្វ្រិកខាងត្បូង និងឥណ្ឌា ។ វីរុសបំប្លែងខ្លួនថ្មីអង់គ្លេសដាក់ឈ្មោះ Alpha វីរុសបំប្លែងខ្លួនថ្មីអាហ្វ្រិកខាងត្បូងដាក់ឈ្មោះ Beta និងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌាដាក់ឈ្មោះ Delta ។ ទន្ទឹមគ្នា អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា ការដាក់ឈ្មោះបែបនេះ គឺដើម្បីអោយមានភាពងាយស្រួលក្នុងការពិភាក្សា ប៉ុន្តែថែមទាំងជួយលុបបំបាត់ទុទិដ្ឋិនិយមដែលអាចកើតចេញពីឈ្មោះទាំងនោះផងដែរ ។ អ្នកដឹកនាំផ្នែកបច្ចេកទេស Covid-19 របស់ WHO លោកស្រី Maria Van Kerkhove បានបង្ហោះសារនៅលើបណ្តាញសង្គមថា គ្មានប្រទេសណាមួយដែលគួរត្រូវបានគេប្រមាថមើលងាយសម្រាប់រកឃើញ និងរាយការណ៍ពីវីរុសបំប្លែងថ្មីឡើយ ។ ជាមួយគ្នានេះ លោកស្រីក៏បានអំពាវនាវអោយមានការតាមដានអោយម៉ត់ចត់ នៃវីរុសបំប្លែងខ្លួនថ្មី និងសម្រាប់ការចែករំលែកទិន្នន័យវិទ្យាសាស្ត្រ ដើម្បីជួយបញ្ឈប់ការឆ្លងរាលដាល ៕ ប្រភព៖ BBC
-
ហ្វីលីពីនអូសបន្លាយវិធានការណ៍បិទខ្ទប់ដើម្បីទប់ស្កាត់ Covid-19 ក្នុងរដ្ឋធានី និងហាមឃាត់ការធ្វើដំណើរមកពីបណ្តាប្រទេសមួយចំនួន

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃចន្ទនេះបានសម្រេចពន្យារពេលអនុវត្តវិធានការណ៍បិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស Covid-19 នៅក្នុងរដ្ឋធានីម៉ានីល និងបណ្តាខេត្តក្បែរៗនេះរហូតដល់ពាក់កណ្តាលខែមិថុនាខាងមុខនេះ ។ ជាមួយគ្នានេះ លោក ឌូទើតេ ថែមទាំងអូសបន្លាយពេលហាមឃាត់ការធ្វើដំណើរអន្តរជាតិមកពីប្រទេសឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា បង់ក្លាដេស នេប៉ាល់ អូម៉ង់ និងអេមីរ៉ាត់អារ៉ាប់រួមរហូតដល់ថ្ងៃទី១៥ ខែមិថុនាខាងមុខ ស្ថិតក្នុងគោលបំណងទប់ស្កាត់ការនាំចូលវីរុសបំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងនៅឥណ្ឌា ដែលកំពុងរីកសាយភាយយ៉ាងខ្លាំងក្លានៅក្នុងប្រទេស និងតំបន់ទាំងនោះ ។ សូមបញ្ជាក់ថា ហ្វីលីពីនគឺជាប្រទេសឈរនៅលំដាប់ទី២ ដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ Covid-19 ខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ៕ ប្រភព៖ CNA
-
ថៃបន្តមើលឃើញអ្នកស្លាប់ដោយសារ Covid-19 ចំនួន៣៨នាក់ និងអ្នកឆ្លងថ្មីៗចំនួន២,២៣០ករណីបន្ថែមទៀតនៅថ្ងៃអង្គារនេះ

ថៃ៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃអង្គារនេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៣៨នាក់ទៀត និង អ្នកឆ្លងថ្មីៗចំនួន២ពាន់២៣០ករណីផងដែរ ដែលនាំអោយករណីឆ្លងសរុបកើនឡើងដល់១៦ម៉ឺន២ពាន់២២ករណី ។ ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន២ពាន់១៥៣ករណីគឺជាប្រជាជនទូទៅ និង៧៧ករណីទៀតគឺជាករណីឆ្លងនៅក្នុងពន្ធនាគារ ។ ជាមួយគ្នានោះ អ្នកជំងឺចំនួន៣ពាន់៣៩០នាក់បានជាសះស្បើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ ។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី០១ ខែមេសាមក ជាពេលដែលផ្ទុះរលកទី៣នៃវីរុសកូវីដ១៩នោះ ប្រទេសថៃបានកត់ត្រាអ្នកឆ្លងថ្មីៗរហូតដល់១៣ម៉ឺន៣ពាន់១៥៩ករណី ជាមួយនឹងអ្នកជាសះស្បើយឡើងវិញ៨ម៉ឺន៤ពាន់៣០៩នាក់ ៕ ប្រភព៖ Bangkok Post
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៧១លាន៤៦ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៥៦ម៉ឺននាក់ និងជាសះស្បើយ១៥៣លាន៧៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧១លាន៤៦ម៉ឺន២ពាន់៥៧៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៥៦ម៉ឺន៤ពាន់៩០៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៣លាន៧៣ម៉ឺន៩ពាន់៧០៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន១១ម៉ឺន៣ពាន់១៤៦នាក់ ស្លាប់ចំនួន៦០ម៉ឺន៩ពាន់៧៦៧នាក់ និងជាសះស្បើយចំនួន២៧លាន៨៦ម៉ឺន៣ពាន់៨៤០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៨លាន១៧ម៉ឺន៣ពាន់៦៥៥នាក់ ស្លាប់៣៣ម៉ឺន១ពាន់៩០៩នាក់ និងជាសះស្បើយ២៥លាន៩៣ម៉ឺន៩ពាន់៥០៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៥៤ម៉ឺន៧ពាន់៦៧៤នាក់ ស្លាប់ចំនួន៤៦ម៉ឺន២ពាន់៩៦៦នាក់ និងជាសះស្បើយ១៤លាន៩៦ម៉ឺន៤ពាន់៦៣១នាក់ ៕ ប្រភព៖ worldometers
-
ផ្ទុះអាបម្លែងថ្មីឥណ្ឌាផង អង់គ្លេសផង វៀតណាមយកសំណាកទ្រង់ទ្រាយដ៏ធំ ១ថ្ងៃ១០ម៉ឺននាក់

ប្រទេសវៀតណាមបានប្រកាសនៅថ្ងៃនេះថា នឹងធ្វើការធ្វើតេស្តទៅលើ ពលរដ្ឋរបស់ខ្លួនទ្រង់ទ្រាយដ៏ធំ ជាពិសេស នៅហូជីមិញ ដោយនឹងយកសំណាក ១០ម៉ឺននាក់ ក្នុង១ថ្ងៃ ដើម្បីធ្វើឲ្យប្រាកដអំពី បញ្ហាវិរុសកូវីដពូជក្លាយថ្មី មានទាំងពីឥណ្ឌានិងអង់គ្លេស ជាពិសេស ផ្ទុះក្នុងវិហារយ៉េស៊ូ នៅហូជីមិញ ថ្មីៗនេះ។ មុននេះ ប្រទេសវៀតណាមត្រូវបានគេចាត់ទុកថាជាប្រទេស ដែលអាចគ្រប់គ្រងទៅលើ ស្ថានភាពកូវីដបានល្អជាងគេបំផុត ក្នុងចំណោមប្រទេសក្នុងតំបន់ ប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្ថានភាពហាក់ដូចជាកាន់ តែអាក្រក់ឡើងដោយក្នុងនោះ កាលពីចុងសប្តាហ៍ទៅនេះ អជ្ញាធរបានព្រមានអំពីវិរុសកូវីដពូជក្លាយថ្មី មួយទៀតដែលមានភាពកាចសាហាវ ខ្លាំងជាងមុនត្រូវបានរកឃើញមាន វត្តមាននៅក្នុងប្រទេសរបស់ខ្លួន។ គិតត្រឹមព្រឹកថ្ងៃទី៣១ ឧសភា វៀតណាមមានអ្នកឆ្លងនៅទូទាំងប្រទេស កើនឡើងទៅដល់ ៧០០០នាក់ អ្នកដែលបានបាត់បង់ជីវិត មាន៤៧នាក់ ៕
-
ទារកនិងកុមារជាង៨ម៉ឺននាក់ឆ្លងកូវីដ នៅប្រទេសមួយក្នុងប្លុកអាស៊ាន

រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី Adham Baba បាននិយាយ នៅថ្ងៃចន្ទទី៣១ ឧសភា ២០២១នេះថា ប្រទេសខ្លួនមានទារកនិងកុមារ ៨២៣៤១នាក់ហើយបានឆ្លងជំងឺកូវីដ១៩។ វេជ្ជបណ្ឌិតរូបនេះបានបន្តថា ក្នុងចំណោមជាង៨ម៉ឺននាក់ មានជិត២ម៉ឺននាក់គឺកុមារអាយុក្រោម៤ឆ្នាំ ហើយ ៨២៣៧នាក់អាយុចន្លោះពី៥ទៅ៦ឆ្នាំ ខណៈ ២៦៨៥១នាក់ មានវ័យពី៧ដល់១២ឆ្នាំ ស្របពេលដែល ២៧៤០២នាក់ អាយុពី១៣ដល់១៧ឆ្នាំ។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះថា ពុំមានទារកឬកុមាររូបណាធ្ងន់ធ្ងរទេ។ ម៉ាឡេស៊ីមានអ្នកកើតកូវីដ១៩ សរុប ជាង៥៧ម៉ឺននាក់ហើយ៕ ប្រភពពី CNA
-
ព័ត៌មានអន្តរជាតិថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១

១-លោក ចូ បៃដិន បញ្ជាក់ថា សហរដ្ឋអាមេរិកនឹងមិនឈរនៅស្ងៀម និងអនុញ្ញាតអោយរុស្ស៊ីរំលោភបំពានលើសិទ្ធិមនុស្សឡើយ ៕..ឃ្លីប..(បុត្រា+ទីណា)២-របាយការណ៍របស់ក្រសួងសុខាភិបាលអ៊ុយរ៉ាហ្គាយបង្ហាញថា វ៉ាក់សាំងចិន Sinovac ធ្វើអោយអត្រាស្លាប់ដោយសារជំងឺកូវីដ១៩ធ្លាក់ចុះ៩៧ភាគរយ ៕..ឃ្លីប..(បុត្រា+ទីណា)៣-ហ្វីលីពីនប្រើប្រាស់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនចិន Sinovac ចាក់ដល់អត្តពលិកចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ៕..ឃ្លីប..(បុត្រា+ទីណា)៤-ចិនត្រៀមបញ្ជូនអវកាសយានិក៣រូបឡើងទៅកាន់ស្ថានីយអវកាស ធានហឺ នៅក្នុងខែមិថុនាខាងមុខនេះ ៕..ឃ្លីប..(បុត្រា+ទីណា) ចេញផ្សាយនៅម៉ោង ៦:០០ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១
-
ប្រទេសអាស៊ាន១នេះយកថ្ងៃកុមារអន្តរជាតិ ១មិថុនា ស្អែក ផ្តើមការចាក់វ៉ាក់សាំងដល់សិស្សក្រោម១២ឆ្នាំ

រដ្ឋមន្ត្រីអប់រំនៃប្រទេសសិង្ហបុរី Chan Chun Sing បានប្រកាសឲ្យដឹងនាថ្ងៃទី៣១ ឧសភានេះថា សិស្សជាង៤០ម៉ឺននាក់ អាយុក្រោម១២ឆ្នាំឬលើស១២ឆ្នាំនឹងត្រូវអញ្ជើញទៅឲ្យទៅចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ១៩ ចាប់ពីថ្ងៃទី១ មិថុនា ២០២១ស្អែកនេះ។ ការជូនដំណឹងនេះបានកើតមានឡើង ក្រោយពេលវ៉ាក់សាំងត្រូវបានអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាលប្រទេសនេះបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech សម្រាប់ក្មេង ចាប់ពីអាយុ១២ ដល់ ១៥ឆ្នាំ កាលពីពេលថ្មីៗនេះ។ ការកក់នឹងបើកទ្វារទទួល ចាប់ពីថ្ងៃទី១ មិថុនា ខណៈដែលការចាក់វ៉ាក់សាំងលើវ័យពួកគេ អាចនឹងចាប់ផ្តើមនាថ្ងៃទី៣ មិថុនា នេះបើតាមរដ្ឋមន្ត្រីដដែល៕ ប្រភពពី CNA
-
កូវីដ១៩៖ ថៃមានមនុស្សស្លាប់ដោយសារជំងឺនេះ ជាង១ពាន់នាក់ហើយ

បន្ទាប់ពីការប្រកាសស្លាប់មនុស្សដោយសារជំងឺកូវីដ១៩ ចំនួន១៩នាក់ទៀត នាព្រឹកថ្ងៃទី៣១ ឧសភានេះ ធ្វើឲ្យចំនួនមនុស្សស្លាប់ព្រោះជំងឺនេះ ក្នុងប្រទេសថៃបានកើនដល់១០៣១នាក់ហើយ។ ជាការកត់សម្គាល់ ចាប់តាំងពីផ្ទុះរលកទី៣មក ថៃមានមនុស្សស្លាប់ព្រោះកូវីដ១៩ ចន្លោះពីជាង២០ ទៅ៣០នាក់ ជាប្រចាំថ្ងៃ។ ចំណុចចាប់អារម្មណ៍ខ្លាំងមួយទៀត ករណីឆ្លងក្នុងពន្ធនាគារបន្តកើនឡើងខ្លាំង ក្នុងនោះ ២៤ម៉ោងចុងក្រោយនេះ មានឆ្លង៣៥៣២ករណី ក្នុងចំណោមឆ្លងថ្មី ៥៤៨៤នាក់ ដែលប្រកាសព្រឹកមិញនេះ។ បាងកកនៅតែជាតំបន់ឆ្លងច្រើនជាងគេ បន្ទាប់មកគឺ ប៉ិចឆាប៊ូរី សាមុតសាខន សារ៉ាប៊ូរី និង ផាធំ ថានី។ ជាមួយនឹងការស្លាប់កើនដល់ជាង១ពាន់នាក់ ថៃមានអ្នកកើតកូវីដ១៩ សរុបកើនដល់ជិត១៦ម៉ឺននាក់ហើយ៕ ដកស្រង់ពីបាងកកប៉ុស្តិ៍