-
កូរ៉េខាងជើង ចោទសហរដ្ឋអាមេរិកថា កំពុងបង្កអរិភាពចំពោះប្រទេសខ្លួន តាមរយៈការអនុញ្ញាតអោយកូរ៉េខាងត្បូងផលិតមីស៊ីលបាញ់ខ្លាំងក្លាជាងមុន (មានវីដេអូ)

-
កូរ៉េខាងជើងរិះគន់ធ្ងន់ៗលើសហរដ្ឋអាមេរិក ក្រោយអនុញ្ញាតអោយកូរ៉េខាងត្បូងអាចផលិតមីស៊ីលខ្លាំងក្លាជាងមុន

កូរ៉េខាងជើង៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះបាននិយាយបែបវាយប្រហារថា ការដែលអាមេរិកអនុញ្ញាតអោយកូរ៉េខាងត្បូងផលិតមីស៊ីលខ្លាំងក្លាជាងមុន គឺជាគោលនយោបាយអរិភាពរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងកូរ៉េខាងជើង ។ទីភ្នាក់ងារសារព័ត៌មានកណ្តាលផ្លូវការរបស់កូរ៉េខាងជើង (KCNA) បានចុះផ្សាយថា វិធានការបញ្ចប់ការរឹតត្បិតលើការផលិតមីស៊ីល គឺជាការរំលឹកដ៏ច្បាស់លាស់មួយអំពីគោលនយោបាយអរិភាពរបស់អាមេរិកចំពោះកូរ៉េខាងជើង និងជាល្បិចថោកទាបឥតអៀនខ្មាស់របស់ខ្លួន ។ បើតាមទីភ្នាក់ងារ KCNA ទោះយ៉ាងណា សហរដ្ឋអាមេរិកយល់ច្រឡំហើយ… វាជាកំហុសដ៏ធ្ងន់ធ្ងរមួយសម្រាប់អាមេរិកដែលដាក់សម្ពាធលើកូរ៉េខាងជើង ដោយបង្កើតអតុល្យភាពមិនស្មើគ្នានៅក្នុង និងជុំវិញឧបទ្វីបកូរ៉េ ព្រោះបញ្ហានេះអាចនាំឱ្យមានស្ថានភាពស្រួចស្រាវ និងអស្ថិរភាពនៅឧបទ្វីបកូរ៉េ ដែលឥឡូវនេះតាមន័យបច្ចេកទេសកំពុងស្ថិតក្នុងសង្គ្រាមនៅឡើយ ។នេះជាការឆ្លើយតបលើកដំបូងរបស់កូរ៉េខាងជើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន និងសមភាគីអាមេរិកលោក ចូ បៃដិន បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកលោកនៅថ្ងៃទី២១ ខែឧសភាកន្លងមកនេះ ។ នាឱកាសនោះ សហរដ្ឋអាមេរិកបានបញ្ចប់ការរឹតត្បិតជាច្រើនទសវត្សរ៍ ដែលបើកផ្លូវអោយកូរ៉េខាងត្បូងអភិវឌ្ឍមីស៊ីលរបស់ខ្លួន និងអនុញ្ញាតអោយសម្ព័ន្ធមិត្តរបស់ខ្លួនមួយនេះ អាចអភិវឌ្ឍអាវុធគ្រប់រយៈចម្ងាយគ្មានដែនកំណត់ ៕ ប្រភព៖ Yonhup
-
ក្រុមអ្នកស្រាវជ្រាវអាមេរិករកឃើញថ្នាំមួយប្រភេទ ដែលអាចជួយព្យាបាលអ្នកជំងឺ Covid-19 និងវីរុសបំប្លែងខ្លួនថ្មីផ្សេងៗ

បរទេស៖ ក្រុមអ្នកស្រាវជ្រាវដែលមានទំនាក់ទំនងជាមួយសកលវិទ្យាល័យ Pennsylvania បានរកឃើញថា ថ្នាំ diABZI មានប្រសិទ្ធភាពខ្ពស់ ក្នុងការការពាររោគសញ្ញាធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ក្នុងការធ្វើតេស្តជាមួយសត្វកណ្តុរដែលឆ្លងវីរុស SARS-CoV-2 បំប្លែងខ្លួនច្រើនប្រភេទ ។ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា សត្វកណ្តុរមានផ្ទុកជំងឺកូវីដ១៩ចំនួន១២៩ក្បាល ត្រូវបានគេព្យាបាលជាមួយថ្នាំ diABZI ។ នៅពេលប្រៀបធៀបជាមួយក្រុមផ្សេង សត្វកណ្តុរដែលត្រូវបានព្យាបាលដោយថ្នាំនេះ ត្រូវបានគេមើលឃើញថា មានការសម្រកទម្ងន់តិច និងផ្ទុកវីរុសទាប ។យ៉ាងណាមិញ ថ្នាំ DiABZI មិនទាន់ត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ឬភ្នាក់ងារសុខភាពកាណាដានៅឡើយទេ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា ថ្នាំនេះអាចមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសផ្លូវដង្ហើមជាច្រើនប្រភេទ ដូចជាជំងឺផ្តាសាយធម្មតា និងវីរុសគ្រុនផ្តាសាយបក្សីផងដែរ ៕ ប្រភព៖ CTV NEWS
-
ម៉ាឡេស៊ីនឹងអនុវត្តវិធានការបិទខ្ទប់ទាំងស្រុងនៅទូទាំងប្រទេស ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែដដែល

ម៉ាឡេស៊ី៖ រដ្ឋាភិបាលម៉ាឡេស៊ីប្រកាសថា រាល់ផ្សារទំនើបទាំងអស់នឹងត្រូវបិទទ្វារ ស្របពេលដែលវិស័យសេវាកម្មចាំបាច់ចំនួន១៧ ប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតអោយដំណើរការធម្មតាក្នុងកំឡុងពេលពីរសប្តាហ៍ខាងមុខនេះ ។ រដ្ឋាភិបាលម៉ាឡេស៊ីក៏នឹងអនុញ្ញាតអោយក្រុមហ៊ុនក្រោមវិស័យឧស្សាហកម្មចំនួន១២បន្តប្រតិបត្តិការផងដែរ ដូចជារោងចក្រផលិតចំណីអាហារ និងភេសជ្ជៈ ឧបករណ៍វេជ្ជសាស្ត្រ វាយនភ័ណ្ឌ និងប្រេងឧស្ម័ន ។ វិស័យទាំងនេះ នឹងត្រូវបើកប្រតិបត្តិការតែ៦០ភាគរយ ។ ការប្រកាសនៅថ្ងៃអាទិត្យម្សិលមិញនេះបានធ្វើឡើង បន្ទាប់ពីការិយាល័យរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ម៉ាឡេស៊ីនឹងត្រូវអនុវត្តវិធានការបិទខ្ទប់ទាំងស្រង់នៅទូទាំងប្រទេស ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនារហូតដល់ថ្ងៃទី១៤ ខែមិថុនាខាងមុខនេះ ៕ ប្រភព៖ CNA
-
ទីក្រុងហូជីមិញ របស់ប្រទេសវៀតណាមនឹងអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព និងបិទខ្ទប់តំបន់ខ្លះរយៈពេល១៤ថ្ងៃ

វៀតណាម៖ អាជ្ញាធរក្រុងហូជីមិញ របស់វៀតណាម នឹងអនុវត្តវិធានការបិទខ្ទប់តំបន់មួយចំនួន និងវិធានការរក្សាគម្លាតសុវត្ថិភាពនៅតាមតំបន់ផ្សេងទៀតក្នុងទីក្រុង រយៈពេល១៤ថ្ងៃ ឬពីរសប្តាហ៍ ដោយចាប់ផ្តើមពីម៉ោង០០ថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោមសារាចរណ៍ណែនាំរបស់រដ្ឋាភិបាល ។ សេវាកម្មមិនចាំបាច់នានា ក៏ដូចជាសកម្មភាពកំសាន្ត និងកីឡាផ្សេងៗនៅតាមទីសាធារណៈនឹងត្រូវហាមឃាត់ ។ ការប្រមូលផ្តុំនៅតាមទីសាធារណៈ ដែលមានមនុស្សលើសពីប្រាំនាក់ នឹងត្រូវហាមឃាត់ ។ ចំណែកឯព្រឹត្តិការណ៍នានា និងការប្រជុំគ្នាក្នុងបន្ទប់តែមួយដែលមានមនុស្សជាង២០ ក៏មិនត្រូវបានអនុញ្ញាតដែរ ។ ប្រជាជនត្រូវរក្សាគម្លាតពីគ្នាចម្ងាយ ២ម៉ែតនៅទីសាធារណៈ ហើយការធ្វើដំណើរពីតំបន់ដែលរងការវាយប្រហារដោយសារកូវីដ១៩ធ្ងន់ធ្ងរ ក៏នឹងត្រូវបានកំណត់ផងដែរ ។ ទន្ទឹមនឹងនេះ សារាចរលេខ១៦ របស់រដ្ឋាភិបាលវៀតណាម ដែលសំដៅអនុវត្តចំពោះតំបន់ Gấp និង ThạnhLộc សង្កាត់ទី១២ ជាពិសេសនោះ គឺតម្រូវឲ្យប្រជាជនស្នាក់នៅតែក្នុងផ្ទុះ លើកលែងតែករណីចំបាច់បំផុតប៉ុណ្ណោះ ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៧១លាន៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៥៥ម៉ឺននាក់ និងជាសះស្បើយ១៥៣លាន១២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧១លាន៣ម៉ឺន១ពាន់៧៣៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៥៥ម៉ឺន៦ពាន់៧២០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៣លាន១២ម៉ឺន៦៨២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៤ម៉ឺន៣ពាន់៦៨នាក់ ស្លាប់ចំនួន៦០ម៉ឺន៩ពាន់៥៤៤នាក់ និងជាសះស្បើយចំនួន២៧លាន៨៤ម៉ឺន៨៨៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៨លាន៤ម៉ឺន៦ពាន់៩៥៧នាក់ ស្លាប់៣២ម៉ឺន៩ពាន់១២៧នាក់ និងជាសះស្បើយ២៥លាន៦៨ម៉ឺន៤ពាន់៥២៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៥១ម៉ឺន៥ពាន់១២០នាក់ ស្លាប់ចំនួន៤៦ម៉ឺន២ពាន់៩២នាក់ និងជាសះស្បើយ១៤លាន៩១ម៉ឺន២ពាន់៧៤៤នាក់ ៕ ប្រភព៖ worldometers
-
កូរ៉េខាងជើងបញ្ជាឱ្យសម្លាប់សត្វឆ្មា និងព្រាបទាំងអស់ ទប់ស្កាត់ជំងឺរាតត្បាត

ដោយសារតែការភ័យខ្លាចការរាលដាលនៃជំងឺរាតត្បាត លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានបញ្ជាឱ្យសម្លាប់សត្វឆ្មា និងសត្វព្រាបទាំងអស់នៅតាមតំបន់ព្រំដែន។ វិធានការណ៍ផ្សេងៗត្រូវបានណែនាំដោយអាជ្ញាធរក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដែលរួមមានការបញ្ជាឱ្យសម្លាប់សត្វឆ្មាទាំងអស់នៅតាមផ្លូវ និងបាញ់សត្វឆ្មា ឬបក្សីណាដែលព្យាយាមឆ្លងកាត់ព្រំដែន។ ជាមួយគ្នានេះ ក៏មានសេចក្តីរាយការណ៍ថា គ្រួសារមួយមកពីស្រុក Songhu នៃខេត្ត Hyesan ត្រូវបានគេដាក់នៅក្នុងមណ្ឌលចត្តាឡីស័កសម្ងាត់ដោយពួកគេបានចិញ្ចឹមសត្វឆ្មារនៅក្នុងផ្ទះរបស់ពួកគេ។ ក្រុមគ្រួសារនេះត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២០ថ្ងៃនៅក្នុងភាពដាក់ដោយឡែកចំពោះការចិញ្ចឹមឆ្មាខុសច្បាប់ យោងតាមបទបញ្ជា។ តែក្រុមគ្រួសារនោះបានប្រាប់អាជ្ញាធរថាឆ្មារបស់ពួកគេបានងាប់នៅពេលដែលក្រុមមន្ត្រីបានចុះទៅត្រួតពិនិត្យមើលថា តើពួកគេកំពុងទុកសត្វចិញ្ចឹម ឬអត់៕
-
កូវីដ៖ ឆ្លងនិងស្លាប់ប្រចាំថ្ងៃ ក្នុងប្លុកអាស៊ានធ្លាក់ចុះហើយ

ចំនួនមនុស្សឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ានបានកើនដល់ជាង៤លាននាក់ហើយ ក្នុងនោះ ២៥៦០៣ករណីថ្មីទៀតត្រូវបានរកឃើញ កាលពីថ្ងៃទី៣០ ឧសភា ម្សិលមិញ ប៉ុន្តែទាបជាងកាលពីថ្ងៃសៅរ៍ ដែលមានរហូតដល់២៨៧១៦ករណី។ ចំនួនមនុស្សស្លាប់ក៏ធ្លាក់ចុះដែរ ក្នុងនោះ កាលពីថ្ងៃអាទិត្យមាន៣៩០នាក់ ខណៈកាលពីថ្ងៃសៅរ៍ មាន៤៥៧នាក់។ គួរបញ្ជាក់ថា បណ្តាប្រទេសសហគមអាស៊ានទាំង១០ រួមមានទាំងកម្ពុជាផងដែរនោះ មានអ្នកកើតជំងឺកូវីដ១៩ សរុបចំនួន៤លាន៣ពាន់៧៧០នាក់ ស្លាប់សរុប ៧៨៥១៥នាក់ នេះបើគិតត្រឹមថ្ងៃទី៣០ ឧសភា។ ឥណ្ឌូនេស៊ីជាប្រទេសមានអ្នកឆ្លងច្រើនជាងគេ គឺជាង១.៨លាននាក់ រីឯប្រទេសឆ្លងតិចជាងគេគឺព្រុយណេ មានត្រឹម២៤១នាក់ ហើយប្រទេសស្លាប់ច្រើនជាងគេគឺឥណ្ឌូនេស៊ីមានជាង៥ម៉ឺននាក់ ហើយស្លាប់តិចជាងគេគឺឡាវ និងព្រុយណេ មាន៣នាក់ដូចគ្នា៕ប្រភពពី The Nation
-
នាយករដ្ឋមន្ត្រីអង់គ្លេសរៀបការហើយ

លោក នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានរៀបការក្នុងពិធីឯកជនមួយ នាថ្ងៃសៅរ៍ទី២៩ ឧសភា ម្សិលមិញនេះ នេះបើយោងតាមសារព័ត៌មានអង់គ្លេស The Telegraph។ ប្រភពបន្តថា លោក Boris Johnson បានរៀបការជាមួយគូដណ្តឹងនាង Carrie Symonds នៅវិហារ Westminster។ តែពិធីជប់លៀង រៀបអាពាហ៍ពិពាហ៍ របស់បុរសវ័យ៥៦ឆ្នាំ មានទ្រព្យសរុប៤លានដុល្លារអាមេរិករូបនេះ គ្រោងធ្វើពេលក្រោយ អាចនៅឆ្នាំ២០២២៕
-
ថៃឆ្លងកូវីដថ្មី ជាង៩ពាន់នាក់ ស្លាប់៥៨នាក់ ត្រឹម២ថ្ងៃ

The Nation បានចេញផ្សាយ នៅថ្ងៃអាទិត្យទី៣០ ឧសភា ២០២១នេះថា ប្រទេសថៃមានឆ្លងជំងឺកូវីដ១៩ថ្មី ៤៥២៨នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយនេះ ខណៈម្សិលមិញ ប្រកាសថា ឆ្លងថ្មីជិត៥ពាន់នាក់ ដូច្នេះ ២ថ្ងៃជាប់គ្នា ថៃមានឆ្លងថ្មីជាង៩ពាន់ករណី។ ក្រៅពីនេះ ក៏មានស្លាប់មនុស្ស២៤នាក់ទៀតដែរ ២៤ម៉ោងចុងក្រោយនេះ ខណៈម្សិលមិញ ថាស្លាប់៣៤នាក់៕