-
អនុប្រមុខការទូតអាមេរិកបញ្ជាក់ថា រដ្ឋបាលលោក ចូ បៃដិន នឹងមិនវិលទៅចូលរួមសន្ធិសញ្ញា Open Skies ជាមួយរុស្ស៊ីវិញឡើយ (មានវីដេអូ)

អាមេរិក៖ សហរដ្ឋអាមេរិកបានប្រាប់រុស្ស៊ីថា ខ្លួននឹងមិនត្រឡប់ចូលរួមក្នុងសិន្ធិសញ្ញាគ្រប់គ្រងអាវុធ Open Skies ដែលអនុញ្ញាតឱ្យយន្ដហោះស៊ើបការណ៍មិនមានបំពាក់អាវុធ ហោះហើរចូលក្នុងដែនអាកាសរបស់ប្រទេសជាសមាជិកវិញនោះឡើយ ។ ផ្អែកតាមប្រភពពីមន្រ្តីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សារព័ត៌មាន AP បានចុះផ្សាយថា អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman បានប្រាប់ទៅកាន់សមភាគីរបស់លោកស្រីថា រដ្ឋបាលរបស់លោក ចូ បៃដិន បានសម្រេចចិត្តថា នឹងមិនវិលត្រឡប់ទៅចូលរួមសន្ធិសញ្ញានេះវិញឡើយ ខណៈការសម្រេចចិត្តនេះដែរ ត្រូវបានបញ្ជូនទៅកាន់រុស្ស៊ី និងសម្ព័ន្ធមិត្តក្នុងអង្គការ NATO ព្រមទាំងប្រទេសជាដៃគូរបស់សហរដ្ឋអាមេរិកផងដែរ ។ សូមជម្រាបថា សន្ធិសញ្ញាគ្រប់គ្រងអាវុធ Open Skies ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ ហើយវាចូលជាធរមាននៅឆ្នាំ២០០២ ។ សហរដ្ឋអាមេរិកបានសម្រេចដកខ្លួនចេញពីសន្ធិសញ្ញានេះកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដោយចោទថា រុស្ស៊ីបានបំពានលើសន្ធិសញ្ញានេះ បើទោះជាទីក្រុងម៉ូស្គូបដិសេធក៏ដោយ ។ ដោយឡែករដ្ឋាភិបាលរុស្ស៊ីវិញ កាលពីខែមករាដើមឆ្នាំនេះ ក៏បានប្រកាសពីផែនការចាកចេញពីសន្ធិសញ្ញានេះដែរ ដោយបានដាក់សំណើផ្លូវការមួយដល់សភាជាតិកាលពីថ្ងៃទី១១ ខែឧសភា ដើម្បីអនុម័តការចាកចេញជាផ្លូវការ ៕ ប្រភព៖ Aljazeera
-
ថៃ៖ តារាល្បីម្នាក់ត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍នាយករដ្ឋមន្ត្រី តាមTwitter

ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍បានចេញផ្សាយ នៅមុននេះថា លោក Winyu Wongsurawat ពិធីករទូរទស្សន៍ល្បីម្នាក់ត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍នាយករដ្ឋមន្ត្រីថៃ លក ប្រាយុទ្ធ ចាន់អូចា នៅក្នុងការបង្ហោះសារ២ដាច់ដោយឡែកលើ បណ្តាញសង្គមទំនាក់ទំនងសង្គម Twitter។ ប្រភពថាបុរស វ័យ៣៥ឆ្នាំ ដែលគេក៏ស្គាល់ឈ្មោះថា Jonh Winyu អមដោយមេធាវីការពារសិទ្ធិមនុស្ស Krissadang Nutcharas បានទៅដល់ស្ថានីយ៍នគរបាល នៅ Nagn Loeng កាលពីព្រឹកថ្ងៃសុក្រនេះ ដើម្បីស្តាប់ការចោទប្រកាន់នេះ។ មេធាវី Krissadang Nutcharas ថា លោក Winyu ត្រូវបានចោទប្រកាន់ថា លោកបានចោទប្រកាន់មិនត្រឹមត្រូវចំពោះលោកឧត្តមសេនីយ៍ប្រាយុទ្ធ ពីការខ្វះតម្លាភាពនៅក្នុងការិយាល័យ ចាប់តាំងពីដណ្តើមអំណាចពីរដ្ឋាភិបាលមុន។ លោកមេធាវី Mr Krissadang បាននិយាយថា លោកបានឃើញការអត្ថាធិប្បាយរបស់លោក Winyu នៅលើ Twitter ។ លោកបន្តថា អ្វីដែលកូនក្តីរបស់គាត់បានបង្ហោះ គឺគ្រាន់តែជាការបង្ហាញទស្សនៈរបស់គាត់ក្នុងតួនាទីជាឥស្សរជនប្រព័ន្ធផ្សព្វផ្សាយលេចធ្លោ។ លោកមេធាវីថា មិនបានមើលឃើញថា សាររបស់កូនក្តីរបស់លោកណាមួយដែលជាការបង្ខូចកេរ្តិ៍ឈ្មោះឡើយ៕
-
ចិនស្នើអោយសហរដ្ឋអាមេរិកសហការជាមួយ WHO ក្នុងការស៊ើបអង្កេតរកប្រភពដើមនៃវីរុស Covid-19 (មានវីដេអូ)

ស្វីស៖ ប្រទេសចិនបានអំពាវនាវអោយសហរដ្ឋអាមេរិកធ្វើការជាមួយអង្គការសុខភាពពិភពលោក (WHO) ជាបន្ទាន់ស្តីពីប្រភពដើមនៃវីរុសកូរ៉ូណា ដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ ដូចដែលចិនបានធ្វើ ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ្សាវ លីជៀន បានបញ្ជាក់នៅក្នុងសន្និ សីទសារព័ត៌មានថា នៅពេលអាមេរិកស្នើចិនម្តងជាពីរដងអោយចូលរួមក្នុងការស៊ើបអង្កេតអន្តរជាតិពិស្តារ ប្រកបដោយតម្លាភាព និងផ្អែកលើភស្តុតាង ដូច្នេះអាមេរិកគួរតែឆ្លើយតបនឹងការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ អំពីលទ្ធភាពផ្ទុះចេញវីរុសឆ្លងនេះពីកន្លែងពិសោធន៍រាប់រយរបស់សហរដ្ឋអាមេរិក ។ ការអត្ថាធិប្បាយខាងលើនេះរបស់ចិន ត្រូវបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានជំរុញអោយអង្គការសុខភាពពិភពលោក (WHO) បើកការស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូរ៉ូណាដំណាក់កាលទីពីរ ដោយឱ្យក្រុមអ្នកជំនាញឯករាជ្យមានសិទ្ធិប្រើប្រាស់ទិន្នន័យ និងសំណាកដើមទាំងអស់នៅក្នុងប្រទេសចិន ។ សូមរំលឹកថា ក្រុមស្រាវជ្រាវដឹកនាំដោយ WHO ដែលចំណាយពេល៤សប្តាហ៍នៅក្នុង និងជុំវិញទីក្រុងវូហាន កាលពីខែមករា និងខែកុម្ភៈ ជាមួយក្រុមអ្នកស្រាវ ជ្រាវចិនបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីខែមីនាថា វីរុសកូរ៉ូណាប្រហែលជាត្រូវបានចម្លងពីសត្វប្រចៀវទៅមនុស្ស តាមរយៈសត្វមួយផ្សេងទៀតហើយដូច្នេះការបើកផ្លូវឱ្យស្រាវជ្រាវអំពីឧបទ្ទវហេតុក្នុងមន្ទីរពិសោធន៍ទំនងមិនអាចកើតឡើងបានឡើយ ៕ ប្រភព៖ CNA
-
សំណើកញ្ចប់ថវិកា៦ទ្រីលានដុល្លាររបស់លោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងធានាកំណើនសេដ្ឋកិច្ច៥.២ភាគរយក្នុងឆ្នាំនេះ និង៤.៣ភាគរយនៅឆ្នាំ២០២២ (មានវីដេអូ)

អាមេរិក៖ សំណើកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ ៦ ទ្រីលានដុល្លាររបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សម្រាប់ឆ្នាំក្រោយនេះ នឹងធ្វើឱ្យមានឱនភាពថវិកា១.៨ទ្រីលានដុល្លាររបស់រដ្ឋាភិបាលសហព័ន្ធ បើទោះជាមានការដំឡើងពន្ធលើសាជីវកម្មនានា និងប្រជាជនអាមេរិកមានប្រាក់ចំណូលខ្ពស់ដែលត្រូវកំណត់ឱ្យបង់ពន្ធសម្រាប់ផែនការដ៏មានមហិច្ឆតារបស់លោកក៏ដោយ ។ កញ្ចប់ថវិការដ៏ធំសម្បើមរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ត្រូវបានគេប៉ាន់ប្រមាណថា នឹងធានានូវកំណើនសេដ្ឋកិច្ចចំនួន៥.២ភាគរយនៅក្នុងឆ្នាំនេះ និងចំនួន៤.៣ភាគរយនៅឆ្នាំ២០២២ ។ សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិករូបនេះបានប្រកាសរួចហើយ អំពីផែនការកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន ប៉ុន្តែអំឡុងការប្រកាសមួយនៅថ្ងៃសុក្រនេះ លោក បៃដិន នឹងបញ្ចូលកញ្ចប់ថវិកាទាំងនោះ រួមគ្នាតែមួយក្រោមក្របខណ្ឌនៃកញ្ចប់ថវិកាដែលមានស្រាប់នៃរដ្ឋបាលរបស់លោក ក្នុងនោះរួមមានទាំងសន្តិសុខសង្គម និងថែទាំវេជ្ជសាស្ត្រ ៕ ប្រភព៖ CNA
-
ទីបំផុត! ថៃអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងចិនមួយប្រភេទទៀត

រដ្ឋបាលចំណីអាហារនិងឱសថនៃប្រទេសថៃបានសម្រេចផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinopharm ហើយនៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។ វ៉ាក់សាំង COVID-19 ផ្សេងទៀត ដែលត្រូវបានអនុម័តដោយអាជ្ញាធរថៃ នាពេលកន្លងមក រួមមាន វ៉ាក់សាំង Sinovac, វ៉ាក់សាំង AstraZeneca, វ៉ាក់សាំង Pfizer-BioNTech, វ៉ាក់សាំង Johnson & Johnson និងវ៉ាក់សាំង Sputnik V ប៉ុន្តែមានតែវ៉ាក់សាំង Sinovac និង វ៉ាក់សាំង AstraZeneca ប៉ុណ្ណោះ ដែលកំពុងស្ថិតក្នុងការប្រើប្រាស់ ក្នុងប្រទេសថៃ។ គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ប្រទេសថៃដែលមានប្រជាជនសរុបជិត ៧០លាននាក់ សម្រេចបានចំនួន ៣.២១លានដូស ក្នុងនោះប្រជាជន ២.២១លាននាក់បានចាក់ដូសដំបូង (ស្មើនឹង ៣.២% នៃចំនួនប្រជាជនសរុប) និងជិត ១លាននាក់ បានចាក់គ្រប់ដូស (១.៤% នៃចំនួនប្រជាជនសរុប)៕
-
ក្រុមហ៊ុន ByteDance ប្រកាសទិញហ៊ុនពីអតីត និងបុគ្គលិកវិញ ក្រោយផែនការចេញលក់ IPO បរាជ័យ (មានវីដេអូ)

អាមេរិក៖ ក្រុមហ៊ុន បាយដាន (ByteDance) ដែលជាម្ចាស់កម្មវិធីវីដេអូកម្សាន្តខ្លីៗដ៏ល្បី TikTok បានប្រកាសចាប់ផ្ដើមប្រមូលទិញហ៊ុនវិញពីអតីត និងបុគ្គលិករបស់ក្រុមហ៊ុន ក្រោយផែនការចេញលក់ IPO ឬចូលផ្សារហ៊ុនត្រូវបានបោះបង់ចោល ។ តាមរយៈសារអេឡិចត្រូនិច (email) ដែលផ្ញើទៅកាន់អតីត និងបុគ្គលិកក្នុងសប្តាហ៍នេះ ក្រុមហ៊ុន បាយដាន បានបញ្ជាក់ថា ខ្លួននឹងទិញហ៊ុនមកវិញចាប់ពីថ្ងៃទី២០ ខែមិថុនាខាងមុខ ជាមួយតម្លៃ១២៦ដុល្លារក្នុងមួយហ៊ុនសម្រាប់បុគ្គលិកដែលកំពុងបម្រើការងារ ចំណែកសម្រាប់អតីតបុគ្គលិកគឺតម្លៃ១០០.៨០ដុល្លារក្នុងមួយហ៊ុន ខណៈដែលតម្លៃដើមដែល បាយដាន បានលក់ចេញអោយបុគ្គលិកមានចំនួន៦០ដុល្លារក្នុងមួយហ៊ុន ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន បាយដាន ត្រូវបានគេដឹងថា គ្រោងនឹងដាក់កម្មវិធី Douyin ចូលក្នុងផ្សារហ៊ុនហុងកុង ប៉ុន្តែក្រោយមកស្រាប់តែក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះបានដកខ្លួនវិញ ហើយបើតាមប្រភពជាច្រើនបានអះអាងថា អាចនឹងជាប់ពាក់ព័ន្ធករណីរឹងបណ្ដឹងច្បាប់ថ្មីរបស់រដ្ឋាភិបាលចិន ៕ ប្រភព៖ CNA
-
ក្រុមហ៊ុន Facebook និង Instagram គ្រោងដាក់អោយប្រើមុខងារថ្មីមួយ ដែលនឹងអនុញ្ញាតអោយអ្នកប្រើអាចបិទបាំងចំនួន “Like” បាន (មានវីដេអូ)

Video: https://fb.watch/5Mn4YTf-kP/ អាមេរិក៖ ក្នុងពេលឆាប់ៗខាងមុខនេះ អ្នកប្រើប្រាស់បណ្តាញសង្គមយក្ស Facebook និង Instagram នឹងអាចមានជម្រើសក្នុងការបិទបាំងចំនួន “Like” នៅពេលពួកគេបង្ហោះរូបភាព និងវីដេអូទៅក្នុងគណនីយរបស់ខ្លួន ។ ប្រភពបានអោយដឹងថា កម្មវិធី Instagram គ្រោងដាក់ឱ្យប្រើប្រាស់មុខងារថ្មីមួយ ដោយអនុញ្ញាតឱ្យអ្នកប្រើអាចធ្វើការបិទបាំងចំនួន Like នៅលើផុសនីមួយៗ ដោយមុខងារថ្មីនេះ ត្រូវបាន Instagram បញ្ជាក់ថា អាចនឹងដាក់ឱ្យប្រើនៅលើ Instagram និង Facebook នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុននេះទៀត ។ សូមបញ្ជាក់ថា អ្នកប្រើកម្មវិធី Instagram នឹងត្រូវបានអនុញ្ញាតឱ្យធ្វើការបិទបាំងនូវចំនួន Like គ្រប់ផុសរបស់គេបាន ដែលការធ្វើបែបនេះ គឺដើម្បីកុំឱ្យអ្នកប្រើប្រាស់មួយចំនួនអន់ចិត្តនៅពេលដែលការបង្ហោះរបស់ខ្លួនមាន Like តិច និងមួយទៀតគឺដើម្បីលាក់បាំង Like បើសិនជាពួកគេចង់ធ្វើវា ៕ ប្រភព៖ Businesstoday
-
ចេញកូវីដបម្លែងថ្មី មានប្រភពពីថៃ «Thai variant» តែលោក ប្រាយុទ្ធ ប្រាប់ពលរដ្ឋកុំបារម្ភ

ពេលអញ្ជើញទៅសម្ពោធបើកស្ថានីយ៍ចាក់វ៉ាក់សាំងទី៩ នៅរាជធានីបាងកក នាថ្ងៃសុក្រទី២៨ ឧសភា ២០២១នេះ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានប្រាប់ដល់ពលរដ្ឋថា កុំឲ្យខ្វល់អំពីជំងឺវីរុសបម្លែងថ្មី «Thai variant» ឬ «បម្លែងថ្មីថៃ» ហើយលោកបញ្ជាក់ថា ពលរដ្ឋគ្រប់គ្នាគួរតែចាក់វ៉ាក់សាំងដូសទី១។ លោក ប្រាយុទ្ធ ចាន់អូចា ថា រាជរដ្ឋាភិបាលនឹងគ្រប់គ្រងកិច្ចការងារចាក់វ៉ាក់សាំង ដោយធានាថា នឹងចាក់វ៉ាក់សាំងដល់ពលរដ្ឋទាំងអស់ ត្រឹមខែធ្នូ។ កាលពីថ្ងៃពុធ អង់គ្លេសថា មានវីរុសកូវីដ១៩ បម្លែងថ្មី មានប្រភពពីប្រទេសថៃ៕
-
លោក Bashar al-Assad ជាប់ឆ្នោតជាប្រធានាធិបតីស៊ីរីសម្រាប់អាណត្តិទី៤ ខណៈប្រទេសលោកខាងលិចចោទថា ការបោះឆ្នោតគ្មានភាពសេរី និងយុត្តិធម៌ (មានវីដេអូ)

-
អាល្លឺម៉ង់គ្រោងចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដល់មនុស្សវ័យជំទង់ចាប់ពីថ្ងៃទី៧ ខែមិថុនា ខាងមុខនេះ (មានវីដេអូ)
