-
វៀតណាមប្រកាសឈប់នាំជ្រូករស់ពីថៃ ក្រោយឃើញឆ្លងរោគម្យ៉ាង

ប្រទេសវៀតណាមបានសម្រេចឈប់នាំចូលជ្រូករស់ពីប្រទេសថៃ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ក្រោយពេលជ្រូកថៃ ចំនួន៩៨០ក្បាលមានឆ្លងជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក។ ប៉ុន្តែសហគ្រាសណាចុះកិច្ចសន្យានាំចូល មុនថ្ងៃ៣០ ខែមិថុនា អាចបន្តប្រតិបត្តិការធម្មតា។ ជ្រូកឈឺជិត១ពាន់ក្បាលនោះត្រូវបានបំផ្លាញចោល តម្លៃប្រមាណជិត២៧ម៉ឺនដុល្លារអាមេរិក។ វៀតណាមបានអនុញ្ញាតឲ្យនាំចូលជ្រូករស់ ដំបូង កាលពីពាក់កណ្តាលខែមិថុនា ២០២០ ដើម្បីទប់ទល់នឹងតម្លៃជ្រូកឡើងថ្លៃដោយសារតែជំងឺនេះ។ វៀតណាមបាននាំពីថៃ ជាង៥០ម៉ឺន៣ពាន់ក្បាល កាលពីឆ្នាំមុន នេះបើតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ៕ ប្រភពពី VNexpress
-
តុលាការហូឡង់បញ្ជាអោយក្រុមហ៊ុនប្រេងឥន្ធនៈ Shell កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនចំនួន៤៥ភាគរយនៅត្រឹមឆ្នាំ២០៣០ (មានវីដេអូ)

ហូឡង់៖ តុលាការហូឡង់បានចេញបញ្ជាអោយក្រុមហ៊ុនប្រេងឥន្ធនៈ Royal Dutch Shell កាត់បន្ថយការបំភាយឧស្ម័នកាបូនរបស់ខ្លួនចំនួន៤៥ភាគរយនៅត្រឹមឆ្នាំ២០៣០ខាងមុខ ខណៈដែលសេចក្ដីសម្រេចដ៏សំខាន់នេះ នឹងក្លាយជាគំរូផ្នែកច្បាប់សម្រាប់ប្រទេសដទៃទៀត ក្នុងការចាត់វិធានការប្រឆាំងក្រុមហ៊ុនថាម ពលជុំវិញពិភពលោក ។ ក្នុងសវនាការថ្ងៃទី២៦ ខែឧសភានេះ តុលាការទីក្រុងឡាអេបានបញ្ជាក់ក្នុងសាលក្រមរបស់ខ្លួនថា ក្រុមហ៊ុនថាមពលខ្នាតយក្សមួយនេះ ត្រូវតែមានកាតព្វកិច្ចកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលចំនួន៤៥ភាគរយនៅឆ្នាំ២០៣០ ។ បើតាមតុលាការនោះ ផែនការកាត់បន្ថយឧស្ម័នបំពុលរបស់ក្រុមហ៊ុនបច្ចុប្បន្នពុំទាន់រឹងមាំនៅឡើយ ។ ជាការឆ្លើយតបនោះ នាយកប្រតិបត្តិក្រុមហ៊ុន Shell លោក Ben Van Beurden បានច្រានចោលបរិមាណដែលកំណត់ដោយតុលាការ ហើយថា ក្រុមហ៊ុនខ្លួនក៏នឹងប្តឹងឧទ្ធរណ៍ចំពោះសាលក្រមរបស់តុលាការនេះដែរ ។ សូមរំលឹកផងដែរថា អង្គការបរិស្ថាន និងសិទ្ធមនុស្សចំនួន៧ក្រុម ក៏ដូចជាប្រជាពលរដ្ឋហូឡង់ប្រមាណ១ពាន់៧រយនាក់ បានដាក់ពាក្យបណ្តឹងទៅតុលាការនៅឆ្នាំ២០១៨ ដោយស្នើឱ្យតុលាបញ្ជាឱ្យក្រុមហ៊ុន Shell កាត់បន្ថយការបំភាយឧស្ម័នស្របតាមគោលដៅពិភពលោក ដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ៕ ប្រភព៖ Reuters
-
ទីបំផុត! និយ័តករអឺរ៉ុបអនុញ្ញាតអោយប្រើវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ Pfizer-BioNTech សម្រាប់កុមារមានអាយុពី ១២ ទៅ ១៥ ឆ្នាំ (មានវីដេអូ)

ស្វីស៖ ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) កាលពីថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បានអនុញ្ញាតអោយប្រើប្រាស់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩របស់ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ (ហ្វាយហ្សឺ-បាយអូអិនធិច) សម្រាប់ក្មេងជំទង់ដែលមានអាយុពី១២ ទៅ ១៥ ឆ្នាំ ។ ប្រធានក្រុមយុទ្ធសាស្ត្រវ៉ាក់សាំងរបស់គណៈកម្មាធិការឱសថអឺរ៉ុប (EMA) លោក ម៉ាកូ ខាវ៉ាល្លឺរី បាននិយាយនៅឯសន្និសីទកាសែតមួយ ក្នុងទីក្រុងព្រុចសែល ថា គណៈកម្មាធិការឱសថអឺរ៉ុបបានយល់ព្រមក្នុងការប្រើវ៉ាក់សាំង ហ្វាយហ្សឺ-បាយអូអិនធិច សម្រាប់មនុស្សវ័យជំទង់ពី ១២ ទៅ ១៥ ឆ្នាំ” ។ លោកបានពន្យល់ថា ការសាកល្បងព្យាបាលដោយមានការចូលរួមពីមនុស្សវ័យជំទង់ជាង២ពាន់នាក់ បានបង្ហាញពីការឆ្លើយតបដែលមានភាពស្រដៀងគ្នា ឬប្រសើរជាងប្រព័ន្ធភាពស៊ាំ បើប្រៀបធៀបនឹងមនុស្សវ័យក្មេងផ្សេងទៀត ហើយផលប៉ះពាល់ក៏ស្រាល បើធៀបនឹងមនុស្សវ័យជំទង់ដទៃទៀត បន្ទាប់ពីចាក់វ៉ាក់សាំង ។ សូមបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុន ហ្វាយហ្សឺ-បាយអូអិនធិច គឺជាវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ដំបូងបង្អស់ ដែលត្រូវបានអនុញ្ញាតនៅសហភាពអឺរ៉ុប សម្រាប់ការចាក់ដល់មនុស្សវ័យជំទង់ ខណៈវ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់មួយនេះដែរ ក៏ត្រូវបានអនុញ្ញាតអោយប្រើប្រាស់សម្រាប់ក្មេងវ័យជំទង់អាយុចន្លោះពី១២ ទៅ ១៥ឆ្នាំនៅសហរដ្ឋអាមេរិកផងដែរ ដោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក កាលពីថ្ងៃទី១០ ខែឧសភាកន្លងទៅ ៕ ប្រភព៖ Reuters
-
នាយកប្រចាំតំបន់អឺរ៉ុបរបស់ WHO ព្រមានថា ជំងឺ Covid-19 នឹងមិនចប់ឡើយ ខណៈណាមនុស្ស៧០ភាគរយលើពិភពលោកមិនទាន់បានចាក់វ៉ាក់សាំង (មានវីដេអូ)

បរទេស៖ មន្រ្តីជាន់ខ្ពស់មួយរូបរបស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រនេះព្រមានថា វីរុសរាតត្បាតកូរ៉ូណានឹងមិនបញ្ចប់ឡើយ ខណៈណាមនុស្សយ៉ាងហោចណាស់ ៧០ ភាគរយនៅលើពិភពលោកមិនទាន់បានចាក់វ៉ាក់សាំង និងបានរិះគន់អឺរ៉ុប ចំពោះការយឺតយ៉ាវខ្លាំងក្នុងការចាក់ថ្នាំបង្ការរោគ ។ នាយកប្រចាំតំបន់អឺរ៉ុបរបស់អង្គការសុខភាពពិភពលោក (WHO) លោកវេជ្ជបណ្ឌិត ហាន គ្លូហ្គើ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នៅក្នុងបទសម្ភាសន៍មួយថា ជំងឺរាតត្បាតនឹងចប់នៅពេលណាដែលយើងមានអ្នកចាក់វ៉ាក់សាំងអប្បបរមា ៧០ ភាគរយ ហើយថា ការព្រួយបារម្ភធំបំផុតរបស់លោក គឺការកើនឡើងនៃវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មីៗ ។ លោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា មិត្តល្អបំផុតរបស់យើងគឺល្បឿន… ពេលវេលាកំពុងប្រឆាំងនឹងពួកយើង… ការដាក់ចេញវ៉ាក់សាំងនៅមានល្បឿនយឺតយ៉ាវណាស់… យើងត្រូវតែបង្កើនល្បឿន យើងត្រូវតែបង្កើនចំនួនវ៉ាក់សាំង ។ យោងតាមទិន្នន័យដែលដកស្រង់ដោយសារព័ត៌មាន AFP បានអោយដឹងថា នៅក្នុងសហភាពអឺរ៉ុប មានប្រជាជន៣៦.៦ភាគរយដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩យ៉ាងហោចណាស់មួយដូស ហើយមានតែ១៦.៩ភាគរយប៉ុណ្ណោះ ដែលបានចាក់គ្រប់ដូសពេញលេញ ៕ ប្រភព៖ AFP
-
ប្រមុខការទូតអាមេរិកអះអាងថា ឥណ្ឌា និងសហរដ្ឋអាមេរិកកំពុងរួបរួមគ្នា ដើម្បីដោះស្រាយការឆ្លងរាតត្បាតនៃវីរុស Covid-19 (មានវីដេអូ)

អាមេរិក៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អេនតូនី ប្លីនខេន បញ្ជាក់ថា ប្រទេសរបស់លោក និងឥណ្ឌាកំពុងរួបរួមគ្នាដើម្បីព្យាយាមដោះស្រាយបញ្ហាវីរុសកូវីដ១៩ ហើយសហរដ្ឋអាមេរិកចង់ធ្វើឱ្យប្រាកដថា ខ្លួននឹងចាត់វិធានការជួយឥណ្ឌាដែលកំពុងប្រឈមនឹងវិបត្តិបង្កឡើងដោយជំងឺឆ្លងដ៏កាចសាហាវនេះ ។ ប្រមុខការទូតអាមេរិករូបនេះបានសង្កត់ធ្ងន់ថា នៅក្នុងថ្ងៃដំបូងនៃការឆ្លងជំងឺ COVID-19… ឥណ្ឌាស្ថិតនៅទីនេះដើម្បីសហរដ្ឋអាមេរិក… នេះជាអ្វីមួយដែលយើងនឹងមិនអាចបំភ្លេចបាន ។ ហើយឥឡូវនេះយើងចង់ធ្វើឱ្យប្រាកដថា យើងនៅទីនេះដើម្បីឥណ្ឌាវិញផងដែរ… ភាពជាដៃគូរវាងអាមេរិក-ឥណ្ឌា គឺមានសារៈសំខាន់ណាស់ និង រឹងមាំណាស់ ។ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក ស៊ូប្រាហ៍ម៉ាន់យ៉ាម ចៃសង្កា ដែលបានចំណាយពេលមួយសប្ដាហ៍នៅសហរដ្ឋអាមេរិក ដើម្បីស្វែងរកជំនួយ ចំពេលមានរលកទី២ នៃការឆ្លងរីករាលដាលវីរុស COVID-19 នៅប្រទេសរបស់ខ្លួន បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅពេលកំពុងឈរជាមួយលោក អេនតូនី ប្លីនខេន នៅឯក្រសួងការបរទេសអាមេរិកថា ឥណ្ឌាសូមថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានគាំទ្រយ៉ាងខ្លាំង និងចូលរួមសាមគ្គីភាពជាមួយប្រទេសឥណ្ឌា ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៧០លាន១៥ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៥៣ម៉ឺននាក់ និងជាសះស្បើយ១៥១លាន៩៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧០លាន១៥ម៉ឺន៣ពាន់៦២២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៥៣ម៉ឺន៧ពាន់៩២២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥១លាន៩៨ម៉ឺន៥ពាន់៤៣៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន២ម៉ឺន២ពាន់៦៥៧នាក់ ស្លាប់ចំនួន៦០ម៉ឺន៨ពាន់៩៦១នាក់ និងជាសះស្បើយចំនួន២៧លាន៧៦ម៉ឺន៧ពាន់៤០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៧លាន៧២ម៉ឺន៩ពាន់២៤៧នាក់ ស្លាប់៣២ម៉ឺន២ពាន់៥១២នាក់ និងជាសះស្បើយ២៥លាន១៧ម៉ឺន៨ពាន់១១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៣៩ម៉ឺន២ពាន់៦៥៧នាក់ ស្លាប់ចំនួន៤៥ម៉ឺន៩ពាន់១៧១នាក់ និងជាសះស្បើយ១៤លាន៨១ម៉ឺន១ពាន់២៦៦នាក់ ៕ ប្រភព៖ worldometers
-
Breaking News! ព្រឹកនេះ ថៃប្រកាសថាឆ្លងកូវីដថ្មី ជិត៥ពាន់នាក់ ស្លាប់៣៤នាក់

-
ប្រទេសឥណ្ឌា បានរាយការណ៍ជុំវិញករណីធ្លាក់ចុះទាបបំផុត នៃការឆ្លងកូវីដ១៩ នៅថ្ងៃនេះ ដែលជាលើកដំបូងហើយ ចាប់តាំងពីថ្ងៃទី១៤មេសា នោះមក

យោងតាមទីភ្នាក់រ៉យតឺ ការបាត់បង់ជីវិតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣ពាន់ ៦៦០នាក់។ ប្រទេសឥណ្ឌា បានរងនឹងមហន្តរាយកូវីដ១៩ ដែលមានមនុស្សឆ្លងជាច្រើនសប្តាហ៍បន្តបន្ទាប់រវាងពី៣០ម៉ឺនទៅ៤០ម៉ឺននាក់ និងមានករណី ស្លាប់ច្រើនដល់ជាង៤ពាន់ក្នុងមួយថ្ងៃៗ ដោយមន្ទីរពេទ្យខ្វះកន្លែងដាក់មនុស្សព្យាបាល, ខ្វះឧបករណ៍សម្ភារៈ ព្យាបាល, អ្នកជម្ងឺបានស្លាប់គរគ្នា និងខ្វះប៉ាឆាបូជាព គ្រាដែលសពមនុស្សជាច្រើនត្រូវបានគេដុតតាមភ្នក់ភ្លើង, សាកសពខ្លះត្រូវបានគេឃើញអណ្តែតទឹកទន្លេគង្គា និងសាកសពជាច្រើនបានកប់តាមមាត់ទន្លេក្នុងរណ្តៅរាក់ៗ ដែលបង្កជាចំណោទសុខភាពអនាម័យនិងបរិស្ថានថែមទៀត។ សេចក្តីរាយការណ៍បង្ហាញការឆ្លងជាង១៨ម៉ឺន នាក់និងការស្លាប់មានជាង៣ពាន់នាក់នៅថ្ងៃនេះ គឺជារបាយការណ៍ទាបបំផុតហើយចាប់តាំងពីរលកផ្ទុះក្នុង សហគមន៍ ជាលើកទី២ដែលមានតួលេខមនុស្សឆ្លងនិងស្លាប់ច្រើនតាំងពីថ្ងៃទី១៤មេសានោះមក។ ប្រទេសឥណ្ឌា មានពលរដ្ឋឆ្លងសារុបចំនួនជាង២៧លាន៥៦ម៉ឺនករណី និងមានមនុស្សស្លាប់សារុប៣១ម៉ឹន៨ ពាន់៨៩៥នាក់៕
-
ក្រុមអ្នករៀបចំច្បាប់កំពូល ក្នុងកោះហុងកុង បានយល់ស្របគ្នាលើប្រព័ន្ធនយោបាយដឹកនាំរបស់ខ្លួន ដោយកែប្រែអតីតច្បាប់ចាស់

សេចក្តីរាយការណ៍ទីភ្នាក់ ងារអេភី បានថ្លែងថា ការយល់ព្រមលើច្បាប់ថ្មី កាលពីថ្ងៃព្រហស្បតិ៍នេះ បាននាំឲ្យមានការថ្កោលទោសពីសហរដ្ឋ អាមេរិក ដែលចោទថា រដ្ឋាភិបាល ក្រុង ប៉េកាំងបានបំផ្លាញនូវដំណើរការលទ្ធិប្រជាធិបតេយ្យនិងចាត់ទុកថា ច្បាប់ថ្មីនោះ បានបន្ទាបឥទ្ធិពលអ្នកតំណាងរាស្ត្រ ដែលពលរដ្ឋបោះឆ្នោតឲ្យ និងថា សកម្មភាពនោះ នឹងមិនទ្រទ្រង់ កត្តាស្ថិរភាពបានយូរអង្វែងនោះទេ។ ការផ្លាស់ប្តូរក្នុងហុងកុងនេះ ត្រូវគេនិយាយថា នឹងកាត់បន្ថយទំហំសមមាត្រនៃ អាសនៈ ក្នុងស្ថាប័នរៀបចំច្បាប់ ដោយការបោះឆ្នោតដោយផ្ទាល់នោះ ពីពាក់កណ្តាលមកតិចជាងមួយ ភាគបួន។ ស្ថាប័នថ្មីនោះ មានអំណាចពិនិត្យបេក្ខជន និងមានអំណាចរារាំងអ្នកទាំងឡាយណា ដែលគេគិតថា មិនមានលក្ខណៈសម្បត្តិស្នេហាជាតិគ្រប់គ្រាន់ ចំពោះប្រទេសចិន ដើម្បីឲ្យក្លាយជាអ្នកដឹកនាំ។ មន្ត្រីច្បាប់ ដែលគាំទ្ររដ្ឋាភិបាលចិនប៉េកាំងលោក Peter Shiu បានថ្លែងថា ក្នុងច្បាប់ដែលមានប្រមាណ៦០០ទំព័រ ដែលបានចែងនោះ គឺមានអត្ថន័យខ្លីដែលបញ្ជាក់ថា អ្នកស្នេហាជាតិទើបបានដឹកនាំកោះហុងកុងនេះបាន។ រដ្ឋមន្ត្រីការបរទេស អាមេរិកលោក Antony Blinken បាននិយាយក្នុង សេចក្តីថ្លែងការណ៍ចោទប្រទេសចិនក្នុងការបំផ្លាញនូវស្ថាប័ន ប្រជាធិបតេយ្យ និងបានអំពាវនាវរដ្ឋាភិបាលចិននិងអ្នកដឹកនាំកោះហុងកុងទម្លាក់ចោលការប្រឆាំងជនណាដែល រងការចោទប្រកាន់ក្នុងច្បាប់សន្តិសុខជាតិថ្មីនោះ៕
-
ក្រុមហ៊ុន GM និង Lockheed Martin ចាប់ដៃគ្នាអភិវឌ្ឍយានជំនិះសម្រាប់អោយអវកាសយានិកបើកបរលើឋានព្រះច័ន្ទនាពេលអនាគត (មានវីដេអូ)

អាមេរិក៖ ក្រុមហ៊ុន GM និង Lockheed Martin ប្រកាសថា ពួកគេកំពុងអភិវឌ្ឍយានជំនិះមួយដែលអាចប្រើប្រាស់នៅក្នុងកម្មវិធី អាតថែមមីស (Artemis) របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដោយកម្មវិធីនេះ មានគោលដៅកសាងមូលដ្ឋានអោយមនុស្សស្នាក់នៅប្រកបដោយនិរន្តរភាពនៅលើផ្ទៃ និងជុំវិញឋានព្រះច័ន្ទ មុនចុងទសវត្សរ៍នេះ ។ អង្គការ NASA កាលពីឆ្នាំមុន បានស្នើឲ្យក្រុមហ៊ុនដែលមានឯកទេសខាងផ្នែកអវកាសជួយផ្តល់គំនិតអំពីការអភិវឌ្ឍយានជំនិះហៅថា LTV ដែលអាចជួយដល់ការងាររុករកនៅឯតំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ជាកន្លែងដែលក្រុមអវកាសយានិកនៃបេសកកម្ម Artemis នឹងចុះទៅដល់ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ និងជាកន្លែងដែល NASA មានចក្ខុវិស័យបង្កើតមូលដ្ឋានស្រាវជ្រាវមួយនៅទីនោះ ។ យ៉ាងណាមិញ ក្រុមហ៊ុន Lockheed និង GM ពុំមានកិច្ចសន្យារបស់ NASA ដើម្បីអភិវឌ្ឍយានជំនិះ LTV ទេ ហើយ NASA ផ្ទាល់ក៏ពុំទាន់បានផ្តល់កិច្ចសន្យាបែបនេះដល់ក្រុមហ៊ុនណាមួយដែរ ប៉ុន្តែក្រុមហ៊ុនទាំងពីរកំពុងព្យាយាមក្តាប់យកឱកាសឲ្យបានមុនគេនៅពេល NASA ចាប់ផ្តើមពិចារណាជ្រើសរើសក្រុមហ៊ុនណាមួយ ឬនៅពេលមានអតិថិជនណាផ្សេងចាប់អារម្មណ៍ ៕ ប្រភព៖ CNA