-
មនុស្សច្រើនជាង២១០នាក់រងរបួស ក្នុងហេតុការណ៍រថភ្លើងពីរគ្រឿងបុកគ្នានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

ម៉ាឡេស៊ី៖ ហេតុការណ៍រថភ្លើងចំនួនពីរគ្រឿងបុកគ្នានៅទីក្រុងគូឡាឡាំពួរ របស់ប្រទេសម៉ាឡេស៊ី កាលពីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ បានបណ្តាលអោយមនុស្សច្រើនជាង២១០នាក់បានទទួលរងរបួស ។ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក លោក មូហៃយ៉ីដឌីន យ៉ាស់ស៊ីន បានបង្ហោះសារនៅលើធ្វីតធើថា ហេតុការណ៍នេះគឺពិតជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយ ដោយលោកបានបញ្ជាអោយក្រសួងដឹកជញ្ជួន និងក្រុមហ៊ុនសាងសង់ផ្លូវដែកម៉ាឡេស៊ី Prasarana ចូលរួមធ្វើការស៊ើបអង្កេតអោយបានពេញលេញ ដើម្បីដឹងពីមូលហេតុបង្កអោយកើតមានសោកនាដកម្មនេះឡើង ហើយលោកបានសង្កត់ធ្ងន់ថា អាទិភាពចម្បងពេលនេះ គឺត្រូវជួយសង្គ្រោះអ្នកដំណើរទាំងអស់ជាបន្ទាន់ ។បើតាមមន្រ្តីប៉ូលិសម៉ាឡេស៊ី រថភ្លើងមួយគ្រឿងដែលដឹកអ្នកដំណើរចំនួន២១៣នាក់បានបុកជាមួយរថភ្លើងមិនមានដឹកមនុស្សមួយគ្រឿងទៀត នៅក្នុងផ្លូវរូងក្រោមដី ជិតអគារភ្លោះ Petronas Towers នៅម៉ោងប្រហែល២០និង៤៥នាទី (ម៉ោងក្នុងតំបន់) ។ រថភ្លើងមិនមានដឹកមនុស្សមួយគ្រឿងនោះ គឺទើបតែត្រូវបានជួសជុល ហើយកំពុងធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នានៅលើផ្លូវតែមួយ ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៧លាន៩៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៤៨ម៉ឺននាក់ និងជាសះស្បើយ១៤៩លាន៣០ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៧លាន៩៨ម៉ឺន៥ពាន់៨៥៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៤៨ម៉ឺន៧ពាន់៤០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៤៩លាន៣០ម៉ឺន១ពាន់៤៣៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៩២ម៉ឺន២ពាន់៩៣៧នាក់ ស្លាប់ចំនួន៦០ម៉ឺន៤ពាន់៤១៦នាក់ និងជាសះស្បើយចំនួន២៧លាន៥៦ម៉ឺន៣ពាន់៩៣០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៦លាន៩៤ម៉ឺន៧ពាន់៤៩៦នាក់ ស្លាប់៣០ម៉ឺន៧ពាន់២៤៩នាក់ និងជាសះស្បើយ២៤លាន៤ម៉ឺន៧ពាន់៧៦០នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន១២ម៉ឺន១ពាន់១៣៦នាក់ ស្លាប់ចំនួន៤៥ម៉ឺន២៦នាក់ និងជាសះស្បើយ១៤លាន៥៥ម៉ឺន២ពាន់២៤នាក់ ៕ ប្រភព៖ worldometers
-
ទៀតហើយ! ទាំងប្រធានាធិបតី និងនាយករដ្ឋមន្ត្រីត្រូវបានពួកយោធាចាប់ខ្លួន

បន្ទាប់ពីកើតមានព្រឹត្តិការណ៍រដ្ឋប្រហារយោធានៅប្រទេសមីយ៉ាន់ម៉ា ប៉ុន្មានខែមកនេះនៃឆ្នាំ២០២១កន្លងមកនេះ ស្រាប់តែមានករណីប្រធានាធិបតីប្រទេសមួយ រួមនឹងនាយករដ្ឋមន្ត្រីផងបានពួកយោធាចាប់ខ្លួន។ ទីភ្នាក់ងារព័ត៌មាន Reuters បានចេញផ្សាយនៅទី២៥ ខែឧសភា ឆ្នាំ២០២១ ថាកងកម្លាំងយោធានៃប្រទេសម៉ាលី បានចាប់ខ្លួនប្រធានាធិបតី Bah Nadaw, នាយករដ្ឋមន្ត្រី Moctar Ouane និងរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអាហ្វ្រិកមួយនេះ គឺលោកSouleymane Doucoure កាលពីថ្ងៃចន្ទ បន្ទាប់ពីការរុះរើគណៈរដ្ឋមន្ត្រីមួយត្រូវបានធ្វើឡើង ដោយពួកគេគឺត្រូវបានចាប់ខ្លួនទាំងអស់គ្នាតែម្តង យកទៅឃុំឃាំងជាបណ្តោះអាសន្ន នៅឯមូលដ្ឋានយោធាក្នុងតំបន់ Kati ស្ថិតនៅក្បែររដ្ឋធានី Bamako។ ប្រភពព័ត៌មានផ្ទៃក្នុងបានបញ្ជាក់ថា ការចាប់ខ្លួនប្រធានាធិបតី, នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិ ត្រូវបានធ្វើឡើងក្រោយពីមានការរុះរើ គណៈរដ្ឋមន្ត្រីមួយ ហើយក្នុងនោះតំណែងមន្ត្រីយោធាសំខាន់ៗពីរនាក់ ដែលបានចូលរួមក្នុងការរឹបអូសអំណាចពីប្រធានាធិបតីមុន ត្រូវបានជំនួសដោយអ្នកថ្មីវិញ៕
-
យន្តហោះដឹកអ្នកដំណើរ១២៣នាក់ចុះចតភ្លាមៗ សង្ស័យមានគ្រាប់បែក

យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Ryanair អៀរឡង់បានចុះចតជាបន្ទាន់នៅព្រលានយន្តហោះអន្តរជាតិ Minsk រដ្ឋធានីប្រទេសបេឡារុសដោយសារមានគេរាយការណ៍ថាមានគ្រាប់បែកនៅលើយន្តហោះ ។ ប៉ុន្តែក្រោយពីត្រួតពិនិត្យរួច មិនបានរកឃើញមានឧបករណ៍បំផ្ទុះលើយន្តហោះនោះទេ បន្ទាប់មក យន្តហោះនេះបានហោះហើរជាថ្មីឡើងវិញ ព្រមនិងចុះចតនៅក្រុង Vilnius រដ្ឋធានីប្រទេសលីទុយអានី ដែលជាគោលដៅនៃការហោះហើរ ។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៣ ឧសភា ដោយយន្តហោះប៊ូអ៊ីង737-800នេះបានហោះចេញពីក្រុងអាថែន ប្រទេសក្រិច ទៅកាន់ក្រុងវីលនីញូស ដែលមានផ្ទុកអ្នកដំណើរ ១២៣ នាក់៕
-
អេហ្ស៊ីប ប្រទេសទី១បានវត្ថុធាតុដើមផលិតវ៉ាក់សាំងស៊ីណូវ៉ាក់ ពីចិន

កញ្ចប់វត្ថុធាតុដើមដំបូងសម្រាប់ផលិតវ៉ាក់សាំងស៊ីណូវ៉ាក់របស់ប្រទេសចិនត្រូវបានបញ្ជូនដល់ប្រទេសអេហ្ស៊ីបហើយ ជាហេតុនាំឲ្យអេហ្ស៊ីបបានក្លាយជាប្រទេសដំបូងទទួលបានពីចិន ក្នុងការផលិតវ៉ាក់សាំងស៊ីណូវ៉ាក់នេះ នេះបើតាមការចេញផ្សាយរបស់ស៊ីនហួរ កាលពីម្សិលមិញ។ ជំហានដំបូង អេហ្ស៊ីបនឹងផ្តើមផលិត២លានដូស នេះបើតាមរដ្ឋមន្ត្រីសុខាភិបាលអេហ្ស៊ីប។ ក្រៅពីអេហ្ស៊ីប ក៏មានប្រទេសផ្សេងទៀតកំពុងចរចាផលិតស៊ីណូវ៉ាក់ ក្នុងទឹកដីខ្លួនដែរ៕
-
ទីបំផុត! លោកស្រី ស៊ូ ជី បង្ហាញវត្តមានផ្ទាល់ជាលើកដំបូងនៅក្នុងតុលាការ

មីយ៉ាន់ម៉ា៖ លោកស្រី អោង សាន ស៊ូ ជី បានបង្ហាញវត្តមានផ្ទាល់ជាលើកដំបូងនៅក្នុងតុលាការ នៅថ្ងៃចន្ទនេះ គិតចាប់តាំងតែពី រដ្ឋាភិបាលស៉ីវិលរបស់លោកស្រី ត្រូវបានយោធាមីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារទម្លាក់ កាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ ។ មេធាវីលោកស្រី ស៊ូជី បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកស្រី ស៊ូ ជី មើលទៅមានសុខភាពល្អធម្មតា ហើយក៏បានជួបពិភាក្សាទល់មុខគ្នាជាមួយក្រុមមេធាវីលោកស្រី រយៈពេលប្រមាណជា៣០នាទីផងដែរ មុនចូលបង្ហាញខ្លួនចំពោះតុលាការ។ ក្នុងជំនួបជាមួយក្រុមមេធាវី លោកស្រី ស៊ូ ជី បានជូនពរឲ្យប្រជាជនមីយ៉ាន់ម៉ាទាំងអស់ មានសុខភាពល្អ ហើយលោកស្រី ក៏បានលើកឡើងពាក់ព័ន្ធគណបក្សលោកស្រី ដែលអាចនឹងត្រូវរំលាយចោល ក្នុងពេលឆាប់ៗថែមទៀតផង ដោយថាគណបក្ស នឹងស្ថិតក្នុងដួងចិត្តប្រជាជនជានិច្ច ព្រោះវាបង្កើតឡើងសម្រាប់ប្រជាជនមីយ៉ាន់ម៉ា។ សូមជម្រាបថា លោកស្រី ស៊ូ ជី ស្ថិតក្នុងចំណោមមនុស្សជាង ៤,០០០នាក់ ដែលត្រូវបានឃាត់ខ្លួន ចាប់តាំងពីរដ្ឋប្រហារបានផ្ទុះឡើង ហើយលោកស្រីប្រឈមការចោទប្រកាន់ពីបទល្មើសជាច្រើន រួមមានចាប់ពីការកាន់ឧបករណ៍ទាក់ទងខុសច្បាប់ រហូតដល់ការបំពានច្បាប់ការពារកិច្ចការសម្ងាត់រដ្ឋ។ យោធាមីយ៉ាន់ម៉ា បានទម្លាក់រដ្ឋាភិបាលលោកស្រី ហើយឡើងកាន់អំណាច ក្រោមការចោទប្រកាន់ថា មានការបន្លំក្នុងការបោះឆ្នោត ដែលគណបក្សលោកស្រីទទួលជ័យជម្នះ កាលពីខែវិច្ឆិកាឆ្នាំមុន…
-
នាយករដ្ឋមន្ត្រីថៃចាក់វ៉ាក់សាំងអង់គ្លេស ដូសទី២រួចហើយ

លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃប្រទេសថៃបានចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ដូសទី២ រួចរាល់ហើយ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។លោកនាយករដ្ឋមន្រ្តីបានទទួលការចាក់វ៉ាក់សាំង នៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura ក្នុងខេត្ត ណុនថាបុរី។ បច្ចុប្បន្ននេះ ថៃកំពុងចាក់វ៉ាក់សាំង២ប្រភេទជូនប្រជាពលរដ្ឋ គឺវ៉ាក់សាំងអង់គ្លេសនេះ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ផលិតនៅប្រទេសចិន។ ថៃក៏ទទួលសិទ្ធិ ផលិត វ៉ាក់សាំង AstraZeneca ចំនួន ៦១លានដូស គ្រោងបញ្ចេញមកប្រើប្រាស់ដើម្បីចាក់ឱ្យប្រជាជននៅក្នុងខែ មិថុនាខាងមុខនេះហើយ៕
-
ផ្ទាំងទឹកកកដ៏ធំបំផុតរបស់ពិភពលោកបាក់ដាច់ចេញនៅទ្វីបអង់តាក់ទិក កំពុងបង្កការភ្ញាក់ផ្អើលដល់មនុស្សជាតិ និងការព្រួយបារម្ភពីបញ្ហាប្រែប្រួលអាកាសធាតុ (មានវីដេអូ)

បរទេស៖ ទីភ្នាក់ងារអវកាសអឺរ៉ុបបានអោយដឹងថ្មីៗនេះថា ផ្ទាំងទឹកកកខ្នាតយក្ស មួយ ដែលធំជាងកោះ ម៉ាចូកា (Majorca) របស់ប្រទេសអេស្ប៉ាញនោះ បានកាត់ចេញពីគែមទឹកកកនៃទ្វីបអង់តាក់ទិកចូលទៅក្នុងសមុទ្រ វេដឌែល (Weddell) ដោយវាបានក្លាយជាផ្ទាំងទឹកកកដ៏ធំជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងបណ្តោយប្រវែង១៧០គីឡូម៉ែត្រ និងទទឹង២៥គីឡូម៉ែត្រឯណោះ ។ទីភ្នាក់ងារអវកាសអឺរ៉ុបបន្តថា វាត្រូវបានគេដាក់ឈ្មោះថា A-76 តាមតំបន់អង់តាក់ទិកដែលជាកន្លែងដែលវាត្រូវបានគេប្រទះឃើញដំបូង ដោយផ្ទាំងទឹកកកនេះបានបែកចេញពីកន្លែងតំរងទឹកកក ហ្វិចណឺ រុន (Filchner-Ronne) ហើយឥឡូវកំពុងអណ្តែតនៅសមុទ្រ វេដឌែល នៃមហាសមុទ្រអង់តាក់ទិក ។ ទន្ទឹមគ្នា ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវមកពីគ្រប់ទិសទីលើពិភពលោក នឹងរក្សាការតាមដានទីតាំងនិងស្ថានភាពរបស់ផ្ទាំងទឹកកក នៅពេលវាអណ្តែតឆ្ងាយពីទ្វីបអង់តាក់ទិក ដើម្បីធ្វើការព្រមានកប៉ាល់ណាដែលអាចស្ថិតនៅក្នុងតំបន់ ដើម្បីជៀសវាងវា ក៏ដូចជាធ្វើឱ្យប្រាកដថា វានឹងមិនមកជិតនឹងផ្ទៃដីមុនពេលវារលាយ ។សូមរំលឹកផងដែរថា ផ្ទាំងទឹកកកដ៏ធំសម្បើមមួយ ដែលមានឈ្មោះថា A-68 បានទាក់ទាញចំណាប់អារម្មណ៍ពិភពលោក បន្ទាប់ពីវាបានបែកចេញនៅឆ្នាំ ២០១៧ មុនពេលរលាយបាត់ខ្លួនបាននៅដើមឆ្នាំ២០២១នេះ ៕ ប្រភព៖ Reuters
-
ថៃគ្រោងរឹតបន្តឹងការត្រួតពិនិត្យព្រំដែនរបស់ប្រទេសខ្លួន បន្ទាប់ពីទើបរកឃើញវីរុស Covid-19 បំប្លែងខ្លួនថ្មីអាហ្វ្រិកខាងត្បូង (មានវីដេអូ)

ថៃ៖ ការត្រួតពិនិត្យព្រំដែនរបស់ថៃនឹងត្រូវរឹតបន្តឹង ក្រោយទើបរកឃើញវីរុស Covid-19 បំប្លែងខ្លួនថ្មី ដែលគេស្គាល់ថា B1351 មានប្រភពដើមនៅអាហ្វ្រិកខាងត្បូងនៅក្នុងស្រុកចំនួន៣ករណី ដែលកើតចេញពីការឆ្លងព្រំដែនខុសច្បាប់ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរថៃនៅថ្ងៃអាទិត្យម្សិលមិញ ។បើតាមអគ្គនាយក នៃនាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ ករណីឆ្លងក្នុងស្រុកទីមួយនៃវីរុសបំប្លែងខ្លួនរបស់អាហ្វ្រិកខាងត្បូង ត្រូវបានរកឃើញនៅថ្ងៃទី៤ខែឧសភា លើបុរសជនជាតិថៃអាយុ៣២ឆ្នាំ បន្ទាប់ពីគាត់ និងក្រុមគ្រួសារចូលពីម៉ាឡេស៊ីមកលេងនៅប្រទេសថៃ តាមរយៈការឆ្លងព្រំដែនក្រៅផ្លូវការ ។ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលថៃបានអះអាងថា ខ្លួននឹងបង្កើនកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ត្រួតពិនិត្យ និងការឃ្លាំមើលបែបអេឡិចត្រូនិចនៅតាមព្រំដែនដីគោក និងបញ្ជាអោយក្រុមមន្ត្រីរឹតបន្តឹងអោយខ្លាំង លើការជួញដូរជនចំណាកស្រុកខុសច្បាប់ ៕ ប្រភព៖ Reuters
-
ជប៉ុនបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ទ្រង់ទ្រាយធំសម្រាប់ប្រជាជនមានវ័យចំណាស់ នៅមុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិកមកដល់ (មានវីដេអូ)

ជប៉ុន៖ អាជ្ញាធរសុខាភិបាលជប៉ុនបានបើកមជ្ឈមណ្ឌលចាក់វ៉ាក់សាំងបង្ការរោគដ៏ធំចំនួន២កន្លែងនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បីចាក់ជូនដល់ប្រជាជនខ្លួន ដែលភាគច្រើនជាក្រុមមនុស្សមានវ័យចំណាស់ប្រឆាំងនឹងវីរុស Covid-19 នៅមុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិកចាប់ផ្តើមឡើង ។មជ្ឈមណ្ឌលនៅទីក្រុងតូក្យូ និងអូសាកា នឹងចាប់ផ្តើមចាក់វ៉ាក់សាំងដល់មនុស្សរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ ដែលនេះជាផ្នែកមួយដើម្បីជម្រុញការចាក់វ៉ាក់សាំងនៅក្នុងប្រទេសជប៉ុន ខណៈដែលអាជ្ញាធរកំពុងប្រយុទ្ធប្រឆាំងនឹងរលកទី៤នៃជំងឺកូវីដ១៩ ។សូមបញ្ជាក់ថា មជ្ឈមណ្ឌលនៅទីក្រុងតូក្យូនឹងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រជាជនមានរយៈពេល១២ម៉ោងក្នុងមួយថ្ងៃ ដោយត្រូវចាក់ប្រហែល១ម៉ឺននាក់ជាប្រចាំថ្ងៃនៅក្នុងរយៈពេល៣ខែបន្ទាប់ ខណៈដែលមជ្ឈមណ្ឌលនៅទីក្រុងអូសាកា វិញ នឹងចាក់អោយមនុស្សប្រមាណ៥ពាន់នាក់ក្នុងមួយថ្ងៃ ៕ ប្រភព៖ Reuters