-
ក្រុមហ៊ុន Moderna កំពុងស្វែងរកការអនុញ្ញាតពីអាជ្ញាធរសុខាភិបាលអាមេរិក ក្នុងការប្រើវ៉ាក់សាំងរបស់ខ្លួនសម្រាប់ក្មេងជំទង់

អាមេរិក៖ ក្រុមហ៊ុន ម៉ូឌែណា បាននិងកំពុងស្វែងរកការអនុញ្ញាតពីអាជ្ញាធរសុខាភិបាលអាមេរិក ក្នុងការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនសម្រាប់ក្មេងជំទង់ បន្ទាប់ពីការសិក្សាមួយរកឃើញថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួនមានប្រសិទ្ធភាព១០០ភាគរយ ចំពោះកុមារដែលមានអាយុពី១២ ទៅ ១៧ឆ្នាំ ហើយគ្រោងនឹងបង្ហាញលទ្ធផលនេះទៅកាន់និយតករពិភពលោកនៅខែមិថុនាខាងមុខ ។ លោក ស្ទេហ្វែន បេនសែល នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉ូឌែណា បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍ថា យើងនឹងបញ្ជូនលទ្ធផលទាំងនេះទៅ រដ្ឋបាលចណីអាហារ និងឱសថអាមេរិក (FDA) និងនិយ័តករពិភពលោកនៅដើមខែមិថុនានេះ ហើយនឹងស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់ ។ យើងនៅតែប្តេជ្ញាចិត្តចូលរួមចំណែករបស់យើង ដើម្បីជួយបញ្ចប់ការរីករាលដាលនៃជំងឺ COVID-19 ។ បើតាមក្រុមហ៊ុន ម៉ូឌែណា ការសិក្សារបស់ខ្លួនមានក្មេងវ័យជំទង់អាយុចន្លោះពី១២ទៅ១៧ឆ្នាំចំនួន៣ពាន់៧៣២នាក់បានចូលរួម ដោយពុំមានករណីឆ្លងកូវីដ១៩ណាមួយត្រូវបានគេសង្កេតឃើញ នៅក្នុងចំណោមអ្នកចូលរួមទាំងនោះទេ ហើយក៏មិនមានការព្រួយបារម្ភអំពីសុវត្ថិភាពផងដែរ ។ ការធ្វើតេស្តនេះ កើតឡើងប្រហែលជាពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន ភីហ្វាយហ្សឺ ត្រូវបានអនុម័តឲ្យប្រើប្រាស់លើកុមារដែលមានអាយុពី១២ទៅ១៥ឆ្នាំ ៕ ប្រភព៖ Reuters
-
វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៨០ករណីបន្ថែមទៀតគិតត្រឹមព្រឹកថ្ងៃពុធនេះ

វៀតណាម៖ គិតព្រឹកថ្ងៃពុធនេះ អាជ្ញាធរសុខាភិបាលវៀតណាមបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មៗចំនួន៨០នាក់បន្ថែមទៀត ដែលនាំអោយចំនួនឆ្លងក្នុងរយៈពេលមួយខែមកនេះកើនឡើងដល់២ពាន់៨៧៣ករណី ។ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗខាងលើនេះ ត្រូវបានរកឃើញនៅខេត្តភាគខាងជើងចំនួនបី ក្នុងនោះរួមមាន Bac Giang, Bac Ninh, Hai Doung និងខេត្តភាគកណ្តាលមួយ គឺ Thanh Hoa ។ ខេត្តBac Giang ដែលជាតំបន់រោងចក្រឧស្សាហកម្មមានអ្នកឆ្លងច្រើនជាងគេ គឺ៥៥ករណី ។ សូមបញ្ជាក់ថា ក្នុងរយៈពេលមួយខែនៃករណីឆ្លងនៅរលកថ្មី ដែលចាប់ផ្តើមផ្ទុះឡើងកាលពីថ្ងៃទី២៧ ខែមេសាមកនេះ វៀតណាមបានរកឃើញករណីឆ្លងក្នុងស្រុកសរុប២ពាន់៨៧៣ករណីនៅក្នុងខេត្ត-ក្រុងចំនួន៣៣ ក្នុងនោះខេត្តBac Giang និងBac Ninh មានអ្នកឆ្លងខ្ពស់ជាងគេបំផុតជាមួយតួលេខ១ពាន់៤៥៤ករណី និង៥៥៦ករណី ៕ ប្រភព៖ VNExpress
-
អ្នកទោសមួយចំនួននៅថៃ នឹងត្រូវដោះលែងអោយនៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីដោះស្រាយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងពន្ធនាគារ

ថៃ៖ អ្នកទោសមួយចំនួននៅក្នុងប្រទេសថៃនឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នឆាប់ៗនេះ ខណៈរដ្ឋាភិបាលមានផែនការកាត់បន្ថយ ភាពណែនណាន់តាន់តាប់នៅតាមពន្ធនាគារដើម្បីប្រយុទ្ធប្រឆំាងនឹង COVID-19 ។ បើតាមអាជ្ញាធរពន្ធនាគារនោះ ថៃមានអ្នកទោសច្រើនជាង៣១ម៉ឺន១ពាន់នាក់នៅតាមមណ្ឌលកែប្រែ ឬពន្ធនាគារចំនួន១៤៣នៅទូទាំងប្រទេស ។ រលកថ្មីនៃជំងី COVID-19 បានឆ្លងរាលដាលនៅតាមពន្ធនាគារជាច្រើននៅទូទាំងប្រទេសថៃ ។ មនុស្សច្រើនជាង១០ម៉ឺននាក់បានឆ្លងជំងឺនេះ ចាប់តាំងពីខែមេសាមក ក្នុងនោះមាន១ម៉ឺន៨ពាន់នាក់ជាអ្នកទោស ។ សូមបញ្ជាក់ផងដែរថា គម្រោងដោះលែងអ្នកទោសអោយនៅក្រៅឃុំជាបណ្ដោះ អាសន្នខាងលើនេះ កើតមានឡើងស្របពេលករណីឆ្លងវីរុសកូវីដ១៩ នៅក្នុងចំណោមអ្នកទោសនៅតាមពន្ធនាគារបានកើនឡើងគួរអោយព្រួយបារម្ភ ៕ ប្រភព៖ CNA
-
មនុស្សរាប់លាននាក់បង្ខំចិត្តភៀសខ្លួនទៅកាន់ទីសុវត្ថិភាព ស្របពេលព្យុះស៊ីក្លូនដ៏កំណាចទី២កំពុងវាយប្រហារប្រទេសឥណ្ឌា

ឥណ្ឌា៖ ព្យុះស៊ីក្លូនដ៏កំណាចទី២ដែលបក់បោកលើប្រទេសឥណ្ឌាក្នុងរយៈពេល២សប្តាហ៍ បានវាយប្រហារឆ្នេរសមុទ្រខាងកើត នៅថ្ងៃពុធនេះ ដោយបង្ខំឲ្យមនុស្សរាប់លាននាក់ប្រញាប់ប្រញាល់ភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ។ ព្យុះស៊ីក្លូន យ៉ាស់ (Yaas) បានវិវត្តខ្លួនទៅជាព្យុះមានកម្រិតខ្លាំងក្លា កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ ដោយនាយកដ្ឋានឧតុនិយមឥណ្ឌាបានព្យាករណ៍ពីខ្យល់កន្ត្រាក់ ក្នុងល្បឿនរហូតដល់១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលវាវាយប្រហារឆ្នេរសមុទ្រក្បែរព្រំដែនរដ្ឋ វេសន៍ ប៊េនហ្គាល់ និងរដ្ឋ អូឌីសា នៅថ្ងៃពុធនេះ ។ ព្យុះស៊ីក្លូនដ៏កំណាចនេះដែរ បានបង្កើនឥទ្ធិពលក្នុងឈូងសមុទ្រ ប៊េនហ្គាល់ ក្នុងគ្រាដែលក្រុមអ្នកជួយសង្គ្រោះនៅផ្នែកម្ខាងទៀតនៃប្រទេស កំពុងបន្តស្វែងរកសាកសពអ្នកស្លាប់ដោយសារព្យុះស៊ីក្លូន ថុកថេ (Tauktae) ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់១៥៥នាក់កាលពីថ្ងៃទី១៤ ខែឧសភាកន្លងមកនេះ ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៨លាន៥២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៤៩ម៉ឺននាក់ និងជាសះស្បើយ១៥០លាន៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៨លាន៥២ម៉ឺន៣ពាន់៩០៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៤៩ម៉ឺន៩ពាន់៦៤៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥០លាន៤ម៉ឺន៣៤៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៩៤ម៉ឺន៧ពាន់១៨៩នាក់ ស្លាប់ចំនួន៦០ម៉ឺន៥ពាន់២០៨នាក់ និងជាសះស្បើយចំនួន២៧លាន៦០ម៉ឺន៦ពាន់៤៤២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៧លាន១៥ម៉ឺន៦ពាន់៣៨២នាក់ ស្លាប់៣១ម៉ឺន១ពាន់៤២១នាក់ និងជាសះស្បើយ២៤លាន៣៤ម៉ឺន៣ពាន់២៩៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន១៩ម៉ឺន៥ពាន់៩៨១នាក់ ស្លាប់ចំនួន៤៥ម៉ឺន២ពាន់២២៤នាក់ និងជាសះស្បើយ១៤លាន៦៤ម៉ឺន៨ពាន់៣៣២នាក់ ៕ ប្រភព៖ worldometers
-
កូវីដ១៩៖ ព្រឹកនេះ ថៃប្រកាសស្លាប់មនុស្ស៤១នាក់ ស្លាប់ប្រចាំថ្ងៃច្រើនបំផុត

ក្នុងរយៈពេល២៤ចុងក្រោយមកនេះ ថៃមានមនុស្សស្លាប់ដោយសារតែជំងឺកូវីដ១៩ ចំនួន៤១នាក់ ជាចំនួនស្លាប់ប្រចាំថ្ងៃដ៏ច្រើន ពុំធ្លាប់មាន ក្រៅពីនេះ ក៏មានឆ្លងថ្មី២៤៥៥នាក់ទៀតដែរ នេះបើតាមក្រសួងសុខាភិបាលថៃប្រកាស នាព្រឹកថ្ងៃពុធ ទី២៦ ឧសភា ២០២១នេះ។ ចំនួនឆ្លងថ្មីនេះ ក៏មានឆ្លងក្នុងពន្ធនាគារ ៤៧៩នាក់ផងដែរ ហើយក៏មានជាសះស្បើយ ២៥៧១នាក់ដែរ ក្នុងពេល២៤ម៉ោងចុងក្រោយនេះ។ ក្នុងរលកទី៣នេះ ចាប់តាំងពីថ្ងៃទី១ មេសា មក ករណីឆ្លងថ្មីនៅថៃបានកើនឡើងខ្លាំង មានជិត១១ម៉ឺននាក់ហើយ ជាសះស្បើយជាង៦ម៉ឺននាក់ ស្លាប់កើនដល់៧៧៩នាក់។ រីឯករណីឆ្លងសរុបតាំងពីដើមឆ្នាំ២០២០មក ថៃមានជិត១៤ម៉ឺននាក់ហើយ អ្នកស្លាប់កើនដល់៨៧៣នាក់៕ ប្រភពពីបាងកកប៉ុស្តិ៍
-
មិនធម្មតា! ក្រុមហ៊ុនផលិតនាវាជប៉ុនសាកល្បងប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ ដែលគ្រោងនឹងដាក់អោយដំណើរការនៅឆ្នាំ២០២៥ (មានវីដេអូ)

ជប៉ុន៖ អ្នកផលិតកប៉ាល់ជប៉ុនម្នាក់បានបង្ហាញនូវប្រព័ន្ធថ្មីមួយ ដែលដឹកនាំសាឡាងធំមួយទៅកន្លែងចតរបស់វាដោយស្វ័យប្រវត្តិ ។ ក្រុមហ៊ុនដែលទទួលបន្ទុកដោយក្រសួងដឹកជញ្ជូនជប៉ុន បានធ្វើការសាកល្បងនៅកំពង់ផែក្បែរទីក្រុងតូក្យូកាលពីពេលថ្មីៗកន្លងទៅនេះ ។នាវានេះ មានបណ្តោយ១៩០ម៉ែត្រ ទទឹង២៦.៤ម៉ែត្រ និងមានចំណុះសរុប១ម៉ឺន១ពាន់៤១០ តោន ។ ប្រព័ន្ធកំព្យូទ័របានប្រមូលព័ត៌មានអំពីទិសដៅខ្យល់ និងកម្លាំង ក៏ដូចជាទិសដៅរលក និងកម្ពស់ ។ វាប្រើទិន្នន័យនេះ ដើម្បីដំណើរការការពិសោធន៍ជិត ១ពាន់ក្នុងមួយវិនាទី ។ នៅពេលដែលកប៉ាល់ចូលកំពង់ផែ ប្រតិបត្តិករបានប្តូរទៅជារបៀបសាកល្បងដោយខ្លួនឯង ហើយប្រព័ន្ធបានគ្រប់គ្រង ។ សាឡាងបានបន្ថយល្បឿនបន្តិចម្តងៗ ដោយឈប់ចម្ងាយ១០ម៉ែត្រពីផែ ។ក្រុមហ៊ុនផលិត មីតស៊ូ អ៊ី&អេស (Mitsui E&S) គឺក្រុមហ៊ុនដែលបានបង្កើតបច្ចេកវិទ្យាដ៏ទំនើបមួយនេះ ។ ក្រុមហ៊ុនបានបញ្ជាក់ថា ការធ្វើតេស្តនេះ គឺជាលើកដំបូងរបស់ពិភពលោកហើយ ដើម្បីដាក់កប៉ាល់ធំមួយនៅខាងស្តាំផែមួយដោយស្វ័យប្រវត្តិ ។ ទន្ទឹមគ្នា ក្រុមហ៊ុនសង្ឃឹមថា ប្រព័ន្ធនេះនឹងរួមចំណែកដល់សុវត្ថិភាព នៃការដឹកជញ្ជូនតាមសមុទ្រ និងការកាត់បន្ថយបន្ទុកការងារលើនាវិក ខណៈដែលក្រសួងដឹកជញ្ជូនជប៉ុនចង់អោយប្រព័ន្ធនេះ ចូលជាធរមាននៅឆ្នាំ ២០២៥ខាងមុខ ៕ ប្រភព៖ NHK
-
អស្ចារ្យមែន! ថៃត្រៀមដាក់អោយប្រើសត្វឆ្កែដែលបានបង្ហាត់ ដើម្បីរកវីរុសកូវីដ-១៩ ដោយហិតសំណាកញើសរបស់មនុស្ស (មានវីដេអូ)

ថៃ៖ អាជ្ញាធរថៃថ្មីៗនេះបានដាក់ឱ្យប្រើសត្វឆ្កែដែលបានបង្ហាត់ ដើម្បីរកវីរុសកូវីដ១៩ តាមរយៈការហិតសំណាកញើសរបស់មនុស្ស ស្របពេលដែលប្រទេសអាស៊ីមួយនេះ កំពុងដោះស្រាយការរីករាលដាលនៃជំងឺកូរ៉ូណា រួមទាំងមនុស្សជាច្រើនដែលមិនលេចរោគសញ្ញា ។សហអ្នកស្រាវជ្រាវឈ្មោះ ធីទីវ៉ាត់ សឺប្រាសាត បានបញ្ជាក់ថា សុនខទាំងនេះពិនិត្យដឹងវីរុសបានលឿនណាស់… ក្នុងល្បឿនបែបនេះ យើងអាចញែកអ្នកដែលយើងសង្ស័យថា ឆ្លងវីរុសកូវីដ១៩ចេញពីអ្នកដែលគ្មានវីរុស… សត្វឆ្កែមិនតម្រូវឱ្យហិតក្លិនមនុស្សដោយផ្ទាល់ទេ ។ លោកបន្ថែមថា សំណាកញើសត្រូវបានប្រមូលពីមនុស្ស ហើយរក្សាទុកក្នុងបំពង់ដែកតូចៗ ដើម្បីឱ្យឆ្កែហិតម្តងមួយៗ ។ នៅពេលការសង្ស័យឆ្លងវីរុសត្រូវបានរកឃើញ ឆ្កែនឹងឈប់មួយកន្លែងហើយចង្អុលច្រមុះទៅរកសំណាកនោះ ។ ជាមួយគ្នានេះ នាយកគម្រោងរំពឹងខ្ពស់ថា សត្វឆ្កែនឹងត្រូវបានប្រើនៅឯអាកាសយានដ្ឋាន ឬកំពង់ផែ ហើយថា សត្វឆ្កែមានប្រសិទ្ធភាពជាងការស្ទង់កម្តៅ ។សូមបញ្ជាក់ផងដែរថា សុនខហ្វឹកហាត់៣ក្បាលក្នុងចំណោម៦ក្បាលបានចាប់ផ្តើមការងារលើកដំបូងរបស់ពួកវានៅសាកលវិទ្យាល័យជូឡាឡុងកន ទីក្រុងបាង កក ក្រោយការសាកល្បងដែលអ្នកដឹកនាំគម្រោងនិយាយថា បានបង្ហាញពីអត្រាជោគជ័យប្រហែល៩៥ភាគរយ ជាមួយនឹងសំណាកប្រមាណ២ពាន់ត្រូវបានហិតក្នុងខែឧសភា ឆ្នាំ២០២១នេះ ៕ ប្រភព៖ Reuters
-
ប្រមុខ WHO ជំរុញអោយប្រទេសនានា និងក្រុមហ៊ុនផលិតវ៉ាក់សាំងបន្ថែមការចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រ (មានវីដេអូ)

បរទេស៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO)លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានធ្វើការជំរុញអោយប្រទេសនានាចូលរួមសហការជាមួយការខិតខំរបស់ខ្លួន ដើម្បីធានាការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដោយស្មើភាពគ្នា ខណៈបច្ចុប្បន្ន WHO មានបំណងឲ្យប្រទេសនីមួយៗត្រូវចាក់វ៉ាក់សាំងឲ្យបានយ៉ាងតិច១០ភាគរយនៃចំនួនប្រជាជនរបស់ពួកគេនៅត្រឹមខែកញ្ញាខាងមុខ ។ថ្លែងនៅឯសន្និបាតប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោកលោក(WHO)ដែលបានចាប់ផ្តើមធ្វើឡើងនៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីសមាជិកទាំងអស់របស់ខ្លួនចំនួន១៩៤នាក់នោះ លោក ថេដ្រូស បានបញ្ជាក់ថា ជាង៧៥ភាគរយនៃវ៉ាក់សាំងទាំងអស់ត្រូវបានចាក់ក្នុងប្រទេសចំនួន១០ប៉ុណ្ណោះ ។នាឱកាសនោះដែរ លោក ថេដ្រូស បានហៅបញ្ហានេះថា ជាវិសមភាពដ៏គួរឲ្យស្អប់ខ្ពើម ហើយថា វាកំពុងតែបង្កអោយមានជំងឺរាតត្បាតរហូតមកដល់ពេលនេះ ដោយលោកជំរុញអោយប្រទេសនានាផ្តល់ជំនួយដល់កម្មវិធី ខូវ៉ាក់ (COVAX) ដែលជាក្របខ័ណ្ឌបង្កើតឡើងដើម្បីចែកចាយវ៉ាក់សាំងដោយស្មើភាព ៕ ប្រភព៖ Reuters
-
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក៖ លោក ចូ បៃដិន អាចនឹងមានកិច្ចប្រជុំកំពូលជាមួយលោក វ៉្លាឌីមៀ ពូទីន ជាលើកដំបូងនៅក្នុងប្រទេសស្វីស (មានវីដេអូ)

អាមេរិក៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍នៅថ្ងៃចន្ទនេះអោយដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមភាគីរុស្ស៊ីរបស់លោក គឺលោក វ៉្លាឌីមៀ ពូទីន ទំនងជានឹងមានកិច្ចប្រជុំកំពូលជាលើកដំបូងនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នាខែមិថុនាខាងមុខនេះ ។ផ្អែកតាមប្រភពដែលដឹងពីព័ត៌មានខាងលើនេះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា ទីក្រុងហ្សឺណែវ របស់ប្រទេសស្វីសត្រូវបានគេរំពឹងថា នឹងក្លាយជាទីតាំងដ៏ល្អបំផុតសម្រាប់ជំនួបទ្វេភាគីលើកដំបូងរវាងលោក បៃដិន និងលោក ពូទីន ក្នុងមុខតំណែងជាប្រធានាធិបតីរបស់ប្រទេសមហាអំណាចពិភពលោក ។ដំណឹងខាងលើនេះ ត្រូវបានចុះផ្សាយបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ជេក ស៊ូលីវ៉ាន (Jake Sullivan) បានធ្វើការប្រឹក្សាយោបល់ជាមួយសមភាគីរុស្ស៊ីរបស់លោក គឺលោក នីកូឡៃ ផាតទ្រូសេវ (Nikolai Patrusjev) ។ បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាននោះ កិច្ចប្រជុំនេះ គឺជាការបោះជំហានដ៏សំខាន់មួយ សម្រាប់ផែនការរៀបចំកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រទេសទាំងពីរ ដោយកាលបរិច្ឆេត និងពេលវេលាផ្លូវការនឹងត្រូវប្រកាសនៅពេលក្រោយ ។បើតាមសេចក្តីថែ្លងការណ៍ដដែលនេះ ភាគីទាំងពីរបានឯកភាពថា ការធ្វើឱ្យប្រក្រ តីនូវទំនាក់ទំនងរវាងអាមេរិក-រុស្ស៊ី នឹងផ្តល់ផលប្រយោជន៍របស់ប្រទេសទាំងពីរក៏ដូចជារួមចំណែកដល់ការព្យាករណ៍ និងស្ថេរភាពសកលផងដែរ ៕ ប្រភព៖ ស៊ីនហួរ