-
លោក ចូ បៃដិន សាទរបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយប្តេជ្ញាផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍នេះបានថ្លែងសាទរចំពោះបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយលោកបានសន្យាផ្តល់ជំនួយមនុស្សធម៌ និងធ្វើការសាងសង់តំបន់ហ្កាហ្សាឡើងវិញ ។លោក ចូ បៃដិន បានថ្លែងនៅឯសេតវិមាន បន្ទាប់ពីបទឈប់បាញ់ជាផ្លូវការរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ចូលជាធរមានថា សហរដ្ឋអាមេរិកនឹងធ្វើការតាមរយៈអង្គការសហប្រជាជាតិ និងអ្នកចូលរួមចំណែកអន្តរជាតិដទៃទៀត ដើម្បីផ្តល់ជំនួយមនុស្សធម៌ដ៏ឆាប់រហ័ស ក៏ដូចជាកៀរគរការគាំទ្រអន្តរជាតិសំរាប់ប្រជាជននៅហ្គាហ្សាក្នុងការងារសាង់សង់តំបន់នេះឡើងវិញ ។ តែលោកអះអាងថា ជំនួយសាងសង់ឡើងវិញនឹងត្រូវផ្តល់ដល់អាជ្ញាធរប៉ាឡេស្ទីន មិនមែនជាមួយក្រុមហាម៉ាស់ ដែលអាមេរិកចាត់ទុកជាក្រុមភេវរកម្មទេ ។ បន្ថែមលើនេះ លោក បៃដិន ក៏បានសន្យាបន្ថែមប្រព័ន្ធការពារកាំជ្រួច Iron Dome របស់អ៊ីស្រាអែល បើទោះជាមានការតវ៉ាពីគណបក្សសាធារៈណរដ្ឋ អំពីការលក់សព្វាវុធរបស់អាមេរិកទៅអោយអ៊ីស្រាអែល ។សូមបញ្ជាក់ថា អ៊ីស្រាអែល និងក្រុមហាម៉ាស់បានយល់ព្រមទទួលយកបទឈប់បាញ់ជាផ្លូវការ បន្ទាប់ពីការវាយប្រយុទ្ធគ្នាដ៏បង្ហូរឈាមដែលបានផ្ដាច់ជីវិតជនជាតិប៉ាឡេស្ទីន២៣២នាក់ក្នុងតំបន់ហ្គាហ្សា និង១២នាក់នៅអ៊ីស្រាអែល ។ បទឈប់បាញ់ខាងលើសម្រេចបានក្រោមការសម្របសម្រួលរបស់អេហ្ស៊ីប ត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោយអន្តរជាតិដាក់សម្ពាធយ៉ាងខ្លាំងឱ្យភាគី ពាក់ព័ន្ធទាំងអស់បញ្ចប់ជម្លោះជាបន្ទាន់ ៕ ប្រភព៖ CNA
-
មន្រ្តីជាន់ខ្ពស់ WHO ទទួលស្គាល់ថា វ៉ាក់សាំងបច្ចុប្បន្នមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ប៉ុន្តែព្រមានថា ការធ្វើដំណើរអន្តរជាតិនៅតែមិនមានសុវត្ថិភាព

បរទេស៖ នាយកប្រចាំអឺរ៉ុបរបស់អង្គការសុខភាពពិភពលោក (WHO) លោក ហានស៍ គ្លូក (Hans Kluge) បញ្ជាក់ថា ដំណើររីកចំរើនប្រឆាំងនឹងវីរុស Covid-19 នៅផុយស្រួយនៅឡើយ ហើយការធ្វើដំណើរអន្តរជាតិណាមួយក៏គួរតែជៀសវាងផងដែរ តែលោកបានសង្កត់ធ្ងន់ថា បណ្តាវ៉ាក់សាំងដែលទទួលបានការអនុញ្ញាតអោយប្រើ គឺសុទ្ធតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនប្រភេទថ្មី ។លោក ហានស៍ គ្លូក បានថ្លែងក្នុងសន្និសិទសារព័ត៌មានប្រចាំសប្តាហ៍ថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីដែលត្រូវបានរកឃើញដំបូងនៅឥណ្ឌា និងអាចចម្លងខ្លាំងជាងវីរុសដើម ឥឡូវត្រូវបានរកឃើញនៅយ៉ាងតិច២៦ប្រទេសក្នុងចំណោម៥៣ប្រទេសនៅតំបន់អឺរ៉ុប ។ តែវ៉ាក់សាំងដែលទទួលបានការអនុញ្ញាតអោយប្រើហើយ មានប្រសិទ្ធភាពប្រឆាំងវីរុសប្រភេទថ្មី… រាល់វីរុសបំប្លែងខ្លួនកន្លងមក បានឆ្លើយតបនឹងវ៉ាក់សាំងដែលមានហើយ ។ស្របពេលជាមួយគ្នានោះដែរ នាយកប្រចាំអឺរ៉ុបរបស់អង្គការសុខភាពពិភពលោករូបនេះបានបញ្ជាក់បន្ថែមទៀតថា ប្រជាជនតំបន់នេះ (អឺរ៉ុប) តែ២៣ភាគរយបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងមានតែ១១ភាគរយបានចាក់ដូសទី២ ខណៈដែលលោកបានព្រមានអោយប្រជាជនក្នុងតំបន់បន្តប្រយ័ត្នប្រយែងបន្ថែម ៕ ប្រភព៖ CNA
-
អ្នកជំនាញផ្នែកសុខាភិបាលអូស្រ្តាលីព្រមានថា ពលរដ្ឋអូស្រ្តាលីមានអាយុលើស៥០ឆ្នាំមិនគួរពន្យារពេលចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ឡើយ

អូស្រ្តាលី៖ អ្នកជំនាញបានធ្វើការព្រមានដល់ពលរដ្ឋអូស្រ្តាលីមានអាយុលើសពី៥០ឆ្នាំកុំអោយពន្យារពេលទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ពួកគេ បើទោះបីជាមានការព្រួយបារម្ភអំពីបញ្ហាកំណកគ្រាប់ឈាមក៏ដោយ ។ប្រធានសមាគមន៍ផ្នែកវេជ្ជសាស្រ្តអូស្រ្តាលី (AMA) បានប្រាប់សារព័ត៌មានក្នុងស្រុកថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់អូស្រ្តាលី នៅមុនពេលរដូវរងាចូលមកដល់នោះ គឺការការពារជនងាយរងគ្រោះពីការឆ្លងវីរុសកូរ៉ូណា ។ លោកបន្ថែមថា វីធីល្អបំផុតដើម្បីការពារសហគមន៍របស់យើងនោះ គឺសម្រាប់ជនងាយរងគ្រោះដែលត្រូវទទួលថ្នាំបង្ការ ជាពិសេសអ្នកដែលមានអាយុលើសពី៧០ឆ្នាំ ដែលងាយនឹងទទួលបានលទ្ធផលមិនល្អប្រសើរ បើពួកគេឆ្លងវីរុសកូរ៉ូណា ។ការកត់សម្គាល់បែបនេះរបស់អ្នកជំនាញអូស្រ្តាលី ត្រូវបានធ្វើឡើងបន្ទាប់ពីនិយតករផ្នែកវេជ្ជសាស្ត្រអូស្ត្រាលីបានឱ្យដឹងថា មានបញ្ហាកំណកគ្រាប់ឈាមចំនួន៦ករណីបន្ថែមទៀតត្រូវបានរកឃើញនៅក្នុងប្រទេសអូស្រ្តាលី ដែលមានជាប់ទាក់ទងនឹងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩របស់ក្រុមហ៊ុន AstraZeneca ។ ប្រការនេះ បានធ្វើឲ្យចំនួនបញ្ហាកំណកឈាមដែលមានជាប់ទាក់ទិននឹងវ៉ាក់សាំង AstraZeneca នៅអូស្ត្រាលីកើនឡើងដល់២៤ករណីហើយ ៕ ប្រភព៖ ស៊ីនហួរ
-
ជប៉ុនគ្រោងអនុម័តអោយប្រើវ៉ាក់សាំង Moderna និង AstraZeneca នៅមុនការមកដល់នៃព្រឹត្តិការណ៍កីឡាអូឡាំពិក

ជប៉ុន៖ គណៈកម្មាធិការរដ្ឋាភិបាលជប៉ុននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានណែ នាំអោយមានការអនុម័តយល់ព្រមលើការប្រើប្រាស់វ៉ាក់សាំងរបស់ Moderna និង AstraZeneca ចំពេលដែលការរិះគន់កាន់តែច្រើន ជុំវិញការយឺតយ៉ាវក្នុងការចាក់ថ្នាំបង្ការជូនប្រជាជន ខណៈនៅសល់ពេល២ខែទៀត ដែលព្រឹត្តិការណ៍កីឡាអូឡាំពិកធ្វើឡើង ។នាពេលបច្ចុប្បន្នមានតែវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech តែមួយគត់ដែលទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសជប៉ុន ស្របពេលមានប្រជាជនតិចជាង២ភាគរយប៉ុណ្ណោះ នៃចំនួនប្រជាជនសរុបប្រមាណ១២៥លាននាក់ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ។ បើតាមមន្ត្រីក្រសួងសុខាភិបាលជប៉ុន គណៈកម្មាធិការគ្មានការជំទាស់ទេ ចំពោះការអនុម័តឲ្យប្រើប្រាស់នូវវ៉ាក់សាំងចំនួនពីរ ដែលត្រូវបានគេរំពឹងថា នឹងទទួលបានការអនុញ្ញាតជាផ្លូវការពីរដ្ឋាភិបាលនៅថ្ងៃសុក្រសប្តាហ៍នេះ ។គួរបញ្ជាក់ថា មជ្ឈមណ្ឌលចាក់វ៉ាក់សាំងធំពីរ ដែលប្រតិបត្តិការដោយយោធានៅទីក្រុងតូក្យូ និងអូសាកា នឹងបើកដំណើរការនាសប្តាហ៍ក្រោយ ហើយត្រូវបានគេរំពឹងថា នឹងប្រើប្រាស់វ៉ាក់សាំង Moderna សម្រាប់មនុស្សចាស់ក្នុងដំណាក់កាលដំបូង ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៥លាន៨៥ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៤៤ម៉ឺននាក់ និងជាសះស្បើយ១៤៦លាន៥២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៥លាន៨៥ម៉ឺន៧៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៤៤ម៉ឺន៤ពាន់៧៣៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៤៦លាន៥២ម៉ឺន៦ពាន់៨៨៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៨៣ម៉ឺន៣ពាន់១៨១នាក់ ស្លាប់ចំនួន៦០ម៉ឺន២ពាន់៦១៦នាក់ និងជាសះស្បើយចំនួន២៧លាន៣៥ម៉ឺន៨ពាន់៦៥១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៦លាន៣ម៉ឺន៦៧៤នាក់ ស្លាប់២៩ម៉ឺន១ពាន់៣៦៥នាក់ និងជាសះស្បើយ២២លាន៧០ម៉ឺន៥ពាន់៩០១នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៨៩ម៉ឺន៨ពាន់៥៥៨នាក់ ស្លាប់ចំនួន៤៤ម៉ឺន៤ពាន់៣៩១នាក់ និងជាសះស្បើយ១៤លាន៣៨ម៉ឺន៥ពាន់៩៦២នាក់ ៕ ប្រភព៖ worldometers
-
ព្រឹកនេះ! ថៃប្រកាសឆ្លងកូវីដជិត៣៥០០នាក់ ស្លាប់៣២នាក់ទៀត

នាព្រឹកថ្ងៃសុក្រ ទី២១ ឧសភា ២០២១នេះ ប្រទេសថៃបានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ថ្មីចំនួនជិត៣៥០០នាក់ទៀត និង ស្លាប់៣២នាក់ផងដែរ ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The Nation ។ ក្រសួងសុខាភិបាលថៃថា ក្នុងចំណោមឆ្លងថ្មី ៣៤៨១នាក់ មាន៩៥១នាក់ឆ្លងក្នុងពន្ធនាគារ។ គិតត្រឹមព្រឹកថ្ងៃទី២១ ឧសភា ថៃមានអ្នកកើតជំងឺកូវីដ១៩ សរុបកើនដល់១២ម៉ឺន៣ពាន់៦៦នាក់ហើយ ស្លាប់កើនដល់៧៣៥នាក់។ យ៉ាងណាក៏ដោយ ២៤ម៉ោងចុងក្រោយមកនេះ ថៃក៏បានព្យាបាលឲ្យជាសះស្បើយចំនួនជិត៣ពាន់នាក់ដែរ ហើយឲ្យចាកចេញពីមន្ទីរពេទ្យហើយដែរ៕
-
ហ្វីលីពីនទទួល Sinovac ៥០ម៉ឺនដូសបន្ថែមទៀត ពីប្រទេសចិន

ប្រទេសហ្វីលីពីនទទួលបានវ៉ាក់សាំង Sinovac ចំនួនកន្លះលានដូសបន្ថែមទៀត ដែលបានទិញពីប្រទេសចិន កាលពីថ្ងៃទី២០ ឧសភា ២០២១ ខណៈប្រទេសនេះកំពុងបង្កើនកិច្ចប្រឹងប្រែងចាក់វ៉ាក់សាំង ក្នុងពេលមានការកើនឡើងការឆ្លងជំងឺកូវិត-១៩ នៅតែបន្ត។ សរុបទាំង៥០ម៉ឺនដូសនេះទៀត ចិនបញ្ជូនវ៉ាក់សាំង៥លាន៥សែនដូសហើយទៅហ្វីលីពីន តែក្នុងនេះ ក៏មានជំនួយ១លានដូសដែរ។ ប្រទេសហ្វីលីពីនមានបំណងចាក់វ៉ាក់សាំងដល់ប្រជាជនយ៉ាងតចិច ៧០លាននាក់ នៅឆ្នាំនេះដើម្បីទទួលបានភាពស៊ាំ។ ប្រទេសហ្វីលីពីនមានករណីឆ្លងជំងឺកូវិត-19 សរុបចំនួន 1,159,071ករណី និងមានអ្នកស្លាប់ 19,507នាក់ គិតត្រឹមម្សិលមិញ៕
-
ឥណ្ឌា៖ ទន្លេគង្គាដ៏មានបារមី ពេញដោយសពអ្នកជំងឺកូវីដ

សាកសពអ្នកជំងឺកូវីដ១៩ រាប់រយនាក់បានអណ្តែតពាសពេញផ្ទៃទឹកនៃទន្លេដ៏ ល្បីល្បាញនិងមានបារមី គឺទន្លេគង្គា។ អ្នកស្លាប់ដោយសារវីរុសកូវីដមានចំនួនច្រើនលើសលប់ ធ្វើឱ្យខ្វះខាតកន្លែងសម្រាប់បូជា ទើបបានជាគេត្រូវបោះសពចូលក្នុងទឹក ទន្លេគង្គានេះតែម្តង។ អ្នករស់នៅក្នុងតំបន់ Uttar Pradesh ជិតទន្លេគង្គាបានបញ្ជាក់ថា សាកសពអ្នកជំងឺត្រូវបានគេយកមកបោះចូលក្នុងទឹកទន្លេនេះជារៀងរាល់ថ្ងៃ ពោលគឺមិនមានថ្ងៃណាដែលថាមិនមានសាកសពអណ្តែតស្អុយពេញទឹកនោះទេ៕
-
នាយកប្រតិបត្តិក្រុមហ៊ុន ByteDance មេធំរបស់ Tiktok ប្រកាសលាលែងពីតំណែង ក្រោមហេតុផលទុកឱកាសអោយអ្នកមានសមត្ថភាពមកដឹកនាំ (មានវីដេអូ)

អាមេរិក៖ សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន បាយដាន ដែលមេធំរបស់ Tiktok គឺលោក ចាង យីមីង (Zhang Yiming) បានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលថា លោកនឹងលាលែងពីតំណែង ហើយលោក រ៊ូបូ លាំង (Rubo Liang) សហស្ថាបនិកនឹងឡើងកាន់ជំនួសវិញ ។លោក ចាង យីមីង បានប្រាប់មូលហេតុនៅពីក្រោយការសម្រេចចិត្តបែបនេះថា ការលាឈប់របស់លោក គឺមិនមានបញ្ហា ឬសម្ពាធណាមួយទេ ពោលគឺលោកមើលឃើញថា បច្ចុប្បន្នក្រុមហ៊ុនកំពុងតែរីកចម្រើន និងត្រូវការមនុស្សដែលមានសមត្ថភាពជាច្រើនរូបទៀតមកជួយជ្រោមជ្រែង ហេតុដូច្នេះហើយទើបលោកសម្រេចចិត្តទុកឱកាសអោយអ្នកមានសមត្ថភាពមកដឹកនាំ ។នាយកប្រតិបត្តិក្រុមហ៊ុន បាយដាន រូបនេះ លោក រ៊ូបូ លាំង ដែលជាសហស្ថាប និក និងបច្ចុប្បន្នកាន់តំណែងប្រធានធនធានមនុស្សនោះ នឹងត្រូវឡើងកាន់តំណែងជានាយកប្រតិបត្តិ (CEO) ជំនួសរូបលោក ហើយលោកនឹងបន្តការ ងារនេះរយៈពេល៦ខែទៀត ហើយក៏នឹងរកមនុស្សមួយចំនួនទៀតមកកាន់តំណែងធំៗនៅក្នុងក្រុមហ៊ុនផងដែរ ៕ ប្រភព៖ Reuters
-
មន្ត្រីហាម៉ាសរំពឹងថា នឹងមានបទឈប់បាញ់ក្នុងពេលពីរបីថ្ងៃទៀតរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ខណៈចំនួនអ្នកស្លាប់កើនដល់២៥៦នាក់ ក្នុងនោះមានកុមារ៦៩នាក់ (មានវីដេអូ)

អន្តរជាតិ៖ យោងតាមការស្រង់ទិន្នន័យនៅក្នុងជម្លោះនៅតំបន់ហ្គាហ្សា, វេសន៍ប៊ែង និងអ៊ីស្រាអែលរបស់អង្គការសហប្រជាជាតិបានអោយដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីនបានកើនឡើងដល់២៥៦នាក់ ក្នុងនោះមានកុមារ៦៩នាក់ និងទាហានអ៊ីស្រាអែលម្នាក់ ខណៈដែលមនុស្សរាប់ពាន់នាក់ផ្សេងទៀតរងរបួស ។ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាសបានព្យាករណ៍ពីបទឈប់បាញ់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ស្របពេលដែលអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធតំបន់ហ្គាហ្សាបានបន្តការវាយប្រហារឆ្លងកាត់ព្រំដែនរបស់ពួកគេចូលដល់ថ្ងៃទី១១ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ដោយយន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសជាថ្មី និងប៉ាឡេស្ទីនបានបាញ់រ៉ុក្កែតបន្ថែមទៀត ។ បើតាមមន្ត្រីនយោបាយរបស់ក្រុមហាម៉ាស់ លោក ម៊ូសា អាប៊ូ ម៉ាហ្ស៊ូក ខ្ញុំគិតថា កិច្ចប្រឹងប្រែងដែលកំពុងបន្តជុំវិញបទឈប់បាញ់នឹងទទួលជោគជ័យ ដោយលោករំពឹងថា បទឈប់បាញ់នឹងត្រូវធ្វើឡើងក្នុងរយៈពេលពីរបីថ្ងៃទៀត ហើយបទឈប់បាញ់នឹងផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងគ្នាទៅវិញទៅមក ។សូមបញ្ជាក់ថា ទូរទស្សន៍ អាល់ ហ្សាហ្ស៊ីរ៉ា ដែលមានមូលដ្ឋាននៅប្រទេសកាតាបានរាយការណ៍ថា ប្រេសិតសន្តិភាពមជ្ឈឹមបូព៌ារបស់អង្គការសហប្រជាជាតិ គឺលោក ថូ វ៉េនណេសលែន កំពុងជួបជាមួយប្រធានក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយ៉េ នៅប្រទេសកាតា ៕ ប្រភព៖ CNA