-
លោក ចូ បៃដិន បង្ហាញជំហរគាំទ្របទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមឧទ្ទាមហាម៉ាស់នៅតំបន់ហ្គាហ្សា

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញការគាំទ្រលើបទឈប់បាញ់មួយ ដើម្បីបិទបញ្ចប់ជម្លោះយ៉ាងបង្ហូរឈាមរវាងអ៊ីស្រាអែល និងក្រុមឧទ្ទាមហាម៉ាស់ប៉ាឡេស្ទីន ។អ្នកនាំពាក្យសេតវិមានលោកស្រី ជេន ផ្សាគី បាននិយាយថា លោក បៃដិន បានជួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ នៅថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ដែលជាកិច្ចសន្ទនាលើកទី៣រវាងមេដឹកនាំទាំងពីរចាប់តាំងពីជម្លោះផ្ទុះឡើងមក ។ នៅក្នុងកិច្ចសន្ទនានោះ លោក បៃដិន បានជំរុញឱ្យអ៊ីស្រាអែលត្រូវតែធានាឱ្យបានពីកិច្ចគាំពារអាយុជីវិតជនស៊ីវិលស្លូតត្រង់ ប៉ុន្តែលោក បៃដិន នៅតែបង្ហាញការគាំទ្រយ៉ាងមុតមាំ ចំពោះសិទ្ធិការ ពារខ្លួនរបស់អ៊ីស្រាអែល ប្រឆាំងនឹងគ្រាប់រ៉ុក្តែតដែលវាយប្រហារដោយក្រុមហាម៉ាស់ ។សូមជម្រាបថា ស្របពេលដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ក្នុងតំបន់ហ្គាហ្សា ហាក់ដូចជាមិនមានសញ្ញាធូរស្រាលនោះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងរងសម្ពាធកាន់តែខ្លាំងពីសមាជិកសភាមួយចំនួននៅក្នុងជួរគណបក្សប្រជាធិបតេយ្យ ដែលចង់ឱ្យលោកដើរតួនាទីបន្ថែម ប៉ុន្តែរដ្ឋបាល លោក បៃដិន នៅតែជ្រើសរើសរក្សាភាពស្ងប់ស្ងាត់ ដោយសុខចិត្តបើកកិច្ចពិភាក្សាជាមួយក្រុមមន្ត្រីអ៊ីស្រាអែល និងសម្ព័ន្ធមិត្តអាមេរិកក្នុងពិភពអារ៉ាប់ ៕ ប្រភព៖ CNA
-
លោក ចូ បៃដិន មានផែនការបញ្ជូនវ៉ាក់សាំង២០លានដូសដែលត្រូវបានអនុម័តអោយប្រើក្នុងសហរដ្ឋអាមេរិកទៅក្រៅប្រទេសជាលើកដំបូង

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មានផែនការបញ្ជូនវ៉ាក់សាំងបង្ការជំងឺ Covid-19 ប្រមាណ២០លានដូសបន្ថែមទៀតទៅបរទេសនៅត្រឹមចុងខែមិថុនាខាងមុខ ដែលនេះជាលើកដំបូងហើយ ដែលសហរដ្ឋអាមេរិកចែកចាយវ៉ាក់សាំងដែលត្រូវបានអនុញ្ញាតសម្រាប់ការប្រើប្រាស់ក្នុងប្រទេស ។ប្រធានាធិបតីអាមេរិករូបនេះនៅថ្ងៃចន្ទប្រកាសថា រដ្ឋបាលរបស់លោកនឹងបញ្ជូនវ៉ាក់សាំង Pfizer-BioNTech, Moderna និង Johnson & Johnson បន្ថែមពីលើវ៉ាក់សាំង AstraZeneca ចំនួន៦០លានដូស ដែលលោកគ្រោងនឹងផ្តល់ទៅអោយប្រទេសផ្សេងទៀត ។ លោក បៃដិន បានបញ្ជាក់ដូច្នេះថា ដូចនៅក្នុងសង្គ្រាមលោកលើកទី២អញ្ចឹង អាមេរិកគឺជាឃ្លាំងនៃលទ្ធិប្រជាធិបតេយ្យ ។ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ប្រទេសរបស់យើងនឹងក្លាយជាឃ្លាំងវ៉ាក់សាំង ។ យ៉ាងណាមិញ សេតវិមានមិនបានផ្តល់ព័ត៌មានលម្អិតអំពីថាតើប្រទេសណា នឹងទទួលបានវ៉ាក់សាំងទាំងនេះទេ ។សូមបញ្ជាក់ថា គម្រោងចែកចាយខាងលើនេះ បានកត់សម្គាល់អំពីយុទ្ធសាស្រ្តរបស់សេតវិមាន ស្របពេលដែលរដ្ឋបាលអាមេរិកព្យាយាមប្រើប្រាស់ការផ្គត់ផ្គង់វ៉ាក់សាំងរបស់ប្រទេសជាឧបករណ៍ការទូត ។ បើតាមលោក ចូ បៃដិន នោះ គ្មានប្រទេសណាផ្សេងទៀតនឹងបញ្ជូនវ៉ាក់សាំងទៅបរទេសច្រើនជាងសហរដ្ឋអាមេរិកឡើយ ។ រហូតមកដល់ពេលនេះ អាមេរិកបានបញ្ជូនវ៉ាក់សាំង AstraZeneca ពីរបីលានដូសទៅហើយ ទៅអោយកាណាដា និងម៉ិកស៊ិក ៕ ប្រភព៖ CNA
-
រដ្ឋាភិបាលកោះតៃវ៉ាន់អះអាងថា ខ្លួនកំពុងចរចាសុំទិញវ៉ាក់សាំងបង្ការជំងឺ Covid-19 ពីសហរដ្ឋអាមេរិក ចំពេលផ្ទុះករណីឆ្លងក្នុងស្រុកខ្លាំង

តៃវ៉ាន់៖ កោះតៃវ៉ាន់កំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក សម្រាប់ចំណែកនៃវ៉ាក់សាំងបង្ការជំងឺ Covid-19 ដែលលោកប្រធានាធិបតី ចូ បៃដិន មានផែនការបញ្ជូនទៅក្រៅប្រទេស ខណៈកោះនេះកំពុងដោះស្រាយជាមួយនឹងការកើនឡើងដ៏កម្រនៃករណីឆ្លងក្នុងស្រុក នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលតៃវ៉ាន់ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ។ឯកអគ្គរដ្ឋទូតតៃវ៉ាន់ក្រៅផ្លូវការប្រចាំនៅសហរដ្ឋអាមេរិកលោកស្រី សៀវ ប៊ីគីម បានប្រាប់ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កោះតៃវ៉ាន់ថា យើងកំពុងចរចា និងខិតខំប្រឹងប្រែងដើម្បីវ៉ាក់សាំង ។ លោកស្រីបន្ថែមថា ទោះបីការទិញវ៉ាក់សាំង គឺជាការ ងាររបស់ក្រសួងសុខាភិបាលតៃវ៉ាន់ក៏ដោយ ក៏ប៉ុន្តែតួនាទីការិយាល័យរបស់លោកស្រី គឺត្រូវចរចាជាមួយសហរដ្ឋអាមេរិក អំពីការពន្លឿនសំណើសុំវ៉ាក់សាំងទាំងនោះ ។គួរបញ្ជាក់ផងដែរថា កោះតៃវ៉ាន់ទើបតែទទួលបានវ៉ាក់សាំងប្រមាណ៣០ម៉ឺនដូសសម្រាប់ប្រជាជនជាង២៣លាននាក់របស់ខ្លួន ដែលភាគច្រើនជាវ៉ាក់សាំង AstraZeneca ហើយវ៉ាក់សាំងទាំងនោះប្រើអស់យ៉ាងរហ័ស ។ តៃវ៉ាន់និយាយថាខ្លួនរំពឹងនឹងទទួលបានវ៉ាក់សាំង AstraZeneca ជាង១លានដូស តាមរយៈកម្មវិធីចែករំលែកវ៉ាក់សាំង COVAX សម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប ៕ ប្រភព៖ CNA
-
ថៃមានអ្នកស្លាប់ដោយសារ Covid-19 ចំនួន៣៥នាក់បន្ថែមទៀត និងអ្នកឆ្លងថ្មីៗចំនួន២,៤៧៣ករណីនៅក្នុងថ្ងៃអង្គារនេះ

ថៃ៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃអង្គារនេះបានរាយការណ៍ពីអ្នកស្លាប់ដោយ សារជំងឺ Covid-19 ចំនួន៣៥នាក់បន្ថែមទៀត ខណៈដែលប្រទេសអាស៊ីមួយនេះកំពុងទទួលរងគ្រោះពីរលកទី៣ នៃការឆ្លងវីរុសដ៏កាចសាហាវមួយនេះ ។ស្របពេលជាមួយគ្នានោះដែរ ថៃក៏បានរាយការណ៍ផងដែរ ពីអ្នកឆ្លង Covid-19 ថ្មីៗចំនួន២,៤៧៣ករណីបន្ថែមទៀត ក្នុងនោះករណីឆ្លងនៅក្នុងពន្ធនាគារមានចំនួនរហូតដល់៦៨០ករណី ។បើបូកបញ្ចូលតួលេខឆ្លង និងស្លាប់ថ្មីៗខាងលើនេះ នាំអោយថៃមានអ្នកឆ្លងកូវីដ១៩សរុបកើនឡើងដល់១១ម៉ឺន៣ពាន់៥៥៥ករណី ក្នុងនោះមានអ្នកជំងឺស្លាប់សរុប៦៤៩នាក់ហើយ ចាប់តាំងពីវីរុសនេះផ្ទុះឡើងនៅប្រទេសថៃកាលពីឆ្នាំមុន ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៤លាន២៧ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៤០ម៉ឺននាក់ និងជាសះស្បើយ១៤២លាន៩៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៤លាន២៧ម៉ឺន២ពាន់៥៩៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៤០ម៉ឺន៤ពាន់២៧៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៤២លាន៩៩ម៉ឺន១ពាន់៣៧៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៧៤ម៉ឺន៧ពាន់៤៣៩នាក់ ស្លាប់ចំនួន៦០ម៉ឺន៥៣៣នាក់ និងជាសះស្បើយចំនួន២៧លាន២០ម៉ឺន២ពាន់៣០៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៥លាន២២ម៉ឺន៧ពាន់៩៧០នាក់ ស្លាប់២៧ម៉ឺន៨ពាន់៧៥១នាក់ និងជាសះស្បើយ២១លាន៥៩ម៉ឺន៣នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៦៦ពាន់១ពាន់១០៦នាក់ ស្លាប់ចំនួន៤៣ម៉ឺន៦ពាន់៨៦២នាក់ និងជាសះស្បើយ១៤លាន១៥ម៉ឺន២ពាន់៤៣៣នាក់ ៕ ប្រភព៖ worldometers
-
កូវីដ១៩៖ ប្លុកអាស៊ានឆ្លងកើនឡើងខ្លាំង ម្សិលមិញ

ក្រុមបណ្តាប្រទេសនៅអាស៊ានមានករណីឆ្លងកូវីដ១៩ កើនឡើងខ្លាំង កាលពីថ្ងៃចន្ទម្សិលមិញ ក្នុងនោះ ប្លុកនេះមានឆ្លងថ្មី ២៥០០៦ករណី បើប្រៀបធៀបនឹងថ្ងៃអាទិត្យទី១៥ ឧសភា មានត្រឹម១៥៥៦៨នាក់។ កាលពីថ្ងៃទី១៦ ឧសភា ថៃឆ្លងជាងគេ ក្នុងចំណោម១០ប្រទេសនេះ គឺជិត១ម៉ឺនករណី។ បន្ទាប់មកទៀត គឺហ្វីលីពីន និងម៉ាឡេស៊ី។ រីឯករណីស្លាប់ថ្មី ម្សិលមិញដែរ មានសរុប៣៦០នាក់ ស្លាប់ច្រើនជាងគេគឺ ប្រទេសឥណ្ឌូនេស៊ី មាន២១២នាក់។ សូមអញ្ជើញអានលម្អិតក្នុងតារាងឆ្លងកូវីដនៅអាស៊ាន ដែលរៀបរៀងដោយទីភ្នាក់ងារសារព័ត៌មាន The Nation នៅខាងក្រោមនេះ៖
-
ថៃ៖ អ្នកទោសជិត១ម៉ឺននាក់ឆ្លងកូវីដ ៤ថ្ងៃ

អ្នកទោសចំនួន៩៧៨៣នាក់បានឆ្លងជំងឺកូវីដ១៩ ក្នងពន្ធនាគារចំនួន៨កន្លែង ទូទាំងប្រទេសថៃ ចាប់តាំងពីថ្ងៃទី១២ ដល់ ១៦ ឧសភា ២០២១ នេះបើតាមទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍ នាថ្ងៃចន្ទ ទី១៧ ឧសភា ២០២១។ ការរកឃើញនេះក្រោយពន្ធនាគារធ្វើតេស្ត គ្រប់អ្នកទោស ក្នុងរលកទី៣នេះ។ ពន្ធនាគារឆ្លងច្រើនជាងគេ គឺនៅឈៀងម៉ៃ ជិត៤ពាន់នាក់ បន្ទាប់មក គឺបាងកក ជិត២ពាន់នាក់៕
-
លោក ចូ បៃដិន ៖ សហរដ្ឋអាមេរិកនឹងបន្តចូលរួមជាមួយប៉ាឡេស្ទីន អ៊ីស្រាអែល និងដៃគូក្នុងតំបន់ ដើម្បីធ្វើការឆ្ពោះទៅរកភាពស្ថាប់ស្ងាត់ប្រកបដោយចីរភាព (មានវីដេអូ)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានគូសបញ្ជាក់ថា រដ្ឋបាលរបស់លោកនឹងបន្តចូលរួមជាមួយប៉ាឡេស្ទីន អ៊ីស្រាអែល និងដៃគូក្នុងតំបន់ផ្សេងទៀត ដើម្បីធ្វើការឆ្ពោះទៅរកភាពស្ងប់ស្ងាត់ប្រកបដោយចីរភាព ។ការអត្ថាធិប្បាយបែបនេះរបស់លោក បៃដិន ធ្វើឡើងនៅពេលនិយាយពីអំពើហិង្សាដែលកំពុងកើតមានរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅក្នុងវីដេអូមួយនាថ្ងៃឈប់សម្រាក នៃពិធីបុណ្យសាសនាឥស្លាម អ៊ីដ (Eid) ។ ដោយអង្គុយក្បែរជំទាវទី១ លោក បៃដិន បានអះអាងថា ប្រជាជនប៉ាឡេស្ទីន និងអ៊ីស្រាអែល ក៏សមនឹងទទួលបានការរស់នៅប្រកបដោយសុវត្ថិភាព និងសន្តិសុខផងដែរ ។គួរបញ្ជាក់ផងដែរថា កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកដែលជាខ្នងបង្អែកដ៏ធំរបស់អ៊ីស្រាអែលនោះ បានពន្យារពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាមួយការបង្ហាញពីចេតនារារាំង ការចេញសេចក្ដីថ្លែងការណ៍រួមរួចស្រេចទៅហើយ ។ រដ្ឋបាលលោក ចូ បៃដិន បាននិយាយថា ខ្លួនកំពុងធ្វើការនៅពីក្រោយឆាក ដើម្បីព្យាយាមបន្ធូរបន្ថយជម្លោះ ហើយថា ការចេញសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខយូអិន មានតែធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញប៉ុណ្ណោះ ៕ ប្រភព៖ Reuters
-
ប្រមុខការទូតចិនសម្តែងការសោកស្តាយ ក្រោយសហរដ្ឋអាមេរិកបិទខ្ទប់សេចក្តីថ្លែងការណ៍រួមរបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងវិបត្តិនៅតំបន់មជ្ឈឹមបូព៌ា (មានវីដេអូ)

បរទេស៖ ប្រទេសចិន នៅថ្ងៃអាទិត្យម្សិលមិញ បានសម្តែងការសោកស្តាយដែលសហរដ្ឋអាមេរិកបិទខ្ទប់សេចក្តីថ្លែងការណ៍រួម របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពីបញ្ហាជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ខណៈដែលចិនកំពុងជំរុញអោយអន្តរជាតិខិតខំប្រឹងប្រែងបញ្ឈប់ការបង្ហូរឈាមគ្នារវាងភាគីប្រទេសទាំងពីរ ។ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃអាទិត្យម្សិលមិញ បានបើកកិច្ចប្រជុំជាលើកទី៣ ដើម្បីជជែកពីបញ្ហាប៉ាឡេស្ទីន និងអ៊ីស្រាអែល ។ ជាថ្មីម្តងទៀត អាមេរិកបានជំទាស់មិនឱ្យចេញសេចក្ដីថ្លែងការណ៍លើវិបត្តិនេះឡើយ ដោយសំអាងថា ខ្លួនកំពុងដោះស្រាយជម្លោះទាំងនោះ ។ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំខាងលើ រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី ថ្លែងថា វាជារឿងគួរឱ្យស្ដាយដែលប្រទេសមួយបង្កឧបសគ្គរារាំងមិនឱ្យក្រុមប្រឹក្សាសន្តិសុខអាចបញ្ចេញសំឡេងតែមួយ… យើងអំពាវនាវឱ្យសហរដ្ឋអាមេរិកមានភាពទទួលខុសត្រូវ ។ លោក វ៉ាង យី ក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយផងដែរ និងស្នើឱ្យក្រុមប្រឹក្សាសន្តិសុខចាត់វិធានការសកម្មភាពយ៉ាងរឹងមាំ ក្នុងនោះរួមមានទាំងការគាំទ្រដំណោះស្រាយរដ្ឋពីរ (two-state solution) ហើយថា ចិននឹងស្វាគមន៍ការទទួលរៀបចំកិច្ចចរចារវាងអ្នកតំណាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ។សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ យោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើទីតាំងតំបន់ហ្គាហ្សាជាង១ពាន់៥រយកន្លែង ដែលបណ្តាលអោយមនុស្សប្រមាណ១៩៧នាក់បាត់បង់ជីវិត ក្នុងនោះមានកុមារ៥៨នាក់ ខណៈដែលមនុស្ស១.២៣៥នាក់ផ្សេងទៀតទទួលរងរបួស ៕ ប្រភព៖ Reuters
-
អង្គការ NASA ផ្ញើសារអបអរសាទរ ក្រោយយានបេសកកម្ម Tianwen-1របស់ប្រទេសចិន ចុះចតដោយជោគជ័យនៅលើផ្ទៃភពអង្គារ (មានវីដេអូ)

អាមេរិក៖ មន្រ្តីជាន់ខ្ពស់ទីភ្នាក់ងារអវកាសអាមេរិក ណាសា លោក ថូម៉ាស ហ្សឺប៊ូជែន បានផ្ញើសារអបអរសាទរ ក្រោយយានបេសកកម្ម ធានវិន-១ (Tianwen-1) របស់ប្រទេសចិន បានទទួលជោគជ័យក្នុងការចុះចតនៅលើផ្ទៃភពអង្គារ ។តាមរយៈបណ្តាញសង្គម Twitter លោក ថូម៉ាស ហ្សឺប៊ូជែន បានបង្ហោះសារអបអរសាទរចំពោះក្រុមការងារបេសកម្ម ធានវិន-១ របស់ទីភ្នាក់ងារអវកាសចិន CNSA សម្រាប់ការចុះចតដោយជោគជ័យ នៃយានរ៉ូបូតចល័តដំបូងបំផុតរបស់ប្រទេសចិននៅលើផ្ទៃភពអង្គារ ឈ្មោះថា ជូរ៉ុង (Zhurong) ។ បន្ថែមលើនេះ លោក ថូម៉ាស ហ្សឺប៊ូជែន បានគូសបញ្ជាក់ផងដែរថា អង្គការ ណាសា នឹងទន្ទឹងរង់ចាំការចូលរួមចំណែកយ៉ាងសំខាន់ ដែលបេសកកម្មរបស់ចិននេះសម្រេចបាន ដើម្បីជាប្រយោជន៍ដល់ការយល់ដឹងនៃភពអង្គាររបស់មនុស្សជាតិយើង ។សូមរំលឹកឡើងវិញថា កាលពីខែកុម្ភៈ ឆ្នាំ២០២១នេះ ទីភ្នាក់ងារអវកាសអាមេរិក បានចុះចតយានរ៉ូបូតចល័តថ្មីរបស់ខ្លួន ឈ្មោះថា ភើសឺវារ៉ិន (Perseverance) នៅលើផ្ទៃភពអង្គារ ។ ដោយឡែកសម្រាប់ចិនវិញ វាគឺជាលើកដំបូងបំផុតហើយ ដែលប្រទេសចិនមានយានអាចចុះចតដោយជោគជ័យលើភពផ្សេងទៀតក្រៅពីភពផែនដី ៕ ស៊ីនហួរ