-
ប្រមុខយូអិន និងប្រធានាធិបតីរុស្ស៊ីសម្តែងការគាំទ្រចំពោះដំណោះស្រាយរដ្ឋពីរដើម្បីធានាសន្តិភាព ពាក់ព័ន្ធនឹងជម្លោះរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន

រុស្ស៊ី៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរេស និង ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានអំពាវនាវរួមគ្នាអោយអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បញ្ចប់ជម្លោះយោធាដែលបានចាប់ផ្តើមនៅសប្តាហ៍នេះ ។បន្ទាប់ពីកិច្ចពិភាក្សាតាមវីដេអូខលរវាងមេដឹកនាំពីរខាងលើ វិមានក្រឹមឡាំងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយមើលឃើញពីការកើនឡើងនៃជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល វាត្រូវបានបញ្ជាក់ថា ភារកិច្ចចម្បងគឺការបញ្ឈប់សកម្មភាពហិង្សាទាំងសងខាង និងធានាសុវត្ថិភាពដល់ប្រជាជនស៊ីវិល ដោយមេដឹកនាំទាំងពីរក៏បានសម្តែងការគាំទ្រ ចំពោះដំណោះស្រាយរដ្ឋពីរដើម្បីធានាសន្តិភាពផងដែរ ។ជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន (ក្រុមហាម៉ាស់) ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីព បានឈានចូលដល់ថ្ងៃទី៥ហើយ នៅថ្ងៃសុក្រនេះដោយគ្មានសញ្ញាធូរស្រាលឡើយ ទោះបីជាមានការអំពាវនាវពីអន្តរជាតិឱ្យ បញ្ចប់អំពើហិង្សាជាបន្ទាន់ក៏ដោយ ៕ ប្រភព៖ Reuters
-
អ៊ីស្រាអែលដាក់ពង្រាយកងទ័ពជើងគោកទ្រង់ទ្រាយធំ ស្របពេលដែលគ្រាប់រ៉ុក្កែតនៅតែបន្តផ្លោងចូលកាន់តែជ្រៅក្នុងទឹកដីប្រទេសខ្លួន

អ៊ីស្រាអែល៖ អ៊ីស្រាអែល នៅថ្ងៃសុក្រនេះ បានចាប់ផ្ដើមដាក់ពង្រាយកងទ័ពជើងគោក និងរថក្រោះ ព្រមទាំងបង្កើនការបាញ់កាំភ្លើងធំ និងការវាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន (ក្រុមហាម៉ាស់) នៅតំបន់ហ្គាហ្សា ខណៈគ្រាប់រ៉ុក្កែតនៅតែបន្តផ្លោងចូលកាន់តែជ្រៅក្នុងទឹកដីអ៉ីស្រាអែល ។យោធាអ៊ីស្រាអែលមិនទាន់បានបញ្ជាក់អ្វីលម្អិតឡើយ ពាក់ព័ន្ធនឹងការដាក់ពង្រាយកងទ័ពជើងគោកខាងលើនេះនៅឡើយទេ តែកងទ័ពអ៊ីស្រាអែលបានឱ្យដឹងថា ខ្លួនបានដាក់ពង្រាយកងទ័ពជើងគោក និងរថក្រោះជាច្រើនគ្រឿងនៅតាមតំបន់ព្រំដែន ដោយបង្កឱ្យមានការព្រួយបារម្ភថា កងទ័ពអ៊ីស្រាអែលអាចនឹងបើកប្រតិបតិ្តការទ្រង់ទ្រាយធំវាយលុកចូលក្នុងតំបន់ហ្គាហ្សា ។ប្រភពបានអោយដឹងថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះ មនុស្ស១០៩នាក់ ក្នុងនោះមានកុមារ២៩នាក់ក្នុងតំបន់ហ្គាហ្សាត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់យោធាអ៊ីស្រាអែល ខណៈដែលភាគីអ៊ីស្រាអែលមានមនុស្ស៧នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីសា្រអែល ដោយសារការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស់ ៕ ប្រភព៖ CNA
-
អាជ្ញាធរសុខាភិបាលអាមេរិកបញ្ជាក់ថា អ្នកចាក់វ៉ាក់សាំងពេញលេញអាចចូលរួមក្នុងសកម្មភាពទាំងក្នុង និងក្រៅ ដោយមិនបាច់ពាក់ម៉ាស់ ឬរក្សាគម្លាតឡើយ

អាមេរិក៖ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិក (CDC) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះប្រកាសថា ខ្លួនបានដកចេញនូវវិធានការណ៍តម្រូវឱ្យពាក់ម៉ាស់សម្រាប់មនុស្សដែលបានទទួលវ៉ាក់សាំងបង្ការជំងឺ Covid-19 ពេញលេញ ។ស្របពេលជាមួយគ្នានេះដែរ នាយកមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិក (CDC) លោកស្រី រ៉ូឆែល វ៉ាឡិនស្គី ក៏បានអះអាងដែរថា អ្នកដែលបានទទួលវ៉ាក់សាំងពេញលេញអាចចូលរួមក្នុងសកម្មភាពទាំងក្នុងនិងក្រៅ ទាំងធំឬតូច ដោយមិនបាច់ពាក់ម៉ាស់ ឬរក្សាគម្លាតនោះទេ ។ទោះជាយ៉ាងណាក៏ដោយ ការប្រកាសខាងលើនេះ បានបង្កឱ្យមានប្រតិកម្មដ៏រីករាយចំពោះអ្នកខ្លះ ខណៈដែលអ្នកផ្សេងទៀតនៅតែប្រុងប្រយ័ត្ន ហើយនិយាយថា ពួកគេនឹងបន្តពាក់ម៉ាស់ជាសាធារណៈ ដើម្បីជាការប្រុងប្រយ័ត្ន ទោះបីជាបានចាក់វ៉ាក់សាំងពេញលេញក៏ដោយ ៕ ប្រភព៖ CNA
-
របាយការណ៍មួយបង្ហាញថា វ៉ាក់សាំង AstraZeneca អាចប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌាបាន បើទោះបីជាឆ្លងក៏មិនឈឺធ្ងន់ដែរ

បរទេស៖ សារព័ត៌មានអង់គ្លេស Daily Mail បានចេញផ្សាយនូវរបាយការណ៍មួយដែលបានបង្ហាញថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន AstraZeneca ហាក់ដូចជាកំពុងការពារមនុស្សពីការឆ្លងវីរុសបំប្លែងខ្លួនថ្មី មានប្រភពដើមនៅប្រទេសឥណ្ឌា ។មានការព្រួយបារម្ភថា វីរុសបំប្លែងខ្លួនឥណ្ឌាដែលកំពុងរីករាលដាលនៅអង់ គ្លេស អាចធ្វើឲ្យវ៉ាក់សាំងមិនសូវមានប្រសិទ្ធភាព និងមានហានិភ័យធ្វើឲ្យអ្នកចាក់វ៉ាក់សាំងរួចរាល់នៅតែធ្លាក់ខ្លួនឈឺ ។ ប៉ុន្តែក្នុងករណីមួយ បុគ្គលិកសុខាភិបាលចំនួន៣៣នាក់ដែលបានឆ្លងមេរោគនេះ បន្ទាប់ពីចាក់វ៉ាក់សាំងហើយនៅទីក្រុងដែលី ប្រទេសឥណ្ឌា គឺគ្មាននរណាម្នាក់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរទេ ។ នេះបង្ហាញថា វ៉ាក់សាំង AstraZeneca មានសមត្ថភាពទប់ទល់នឹងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌាបាន បើទោះបីជាឆ្លងក៏មិនឈឺធ្ងន់នោះដែរ ។គួរបញ្ជាក់ផងដែរថា របាយការណ៍ដែលថា ប្រជាជនឥណ្ឌានៅតែឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីចាក់វ៉ាក់សាំងរួច បានបង្កឲ្យមានការព្រួយបារម្ភខ្លះ ព្រោះវាបង្ហាញថា វីរុសបំប្លែងខ្លួនថ្មីនេះ អាចយកឈ្នះប្រព័ន្ធភាពស៊ាំបាន ។ ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា នេះទំនងគ្រាន់តែជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ ៕ ប្រភព៖ Daily Mail
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦១លាន៨២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣៥ម៉ឺននាក់ និងជាសះស្បើយ១៣៩លាន៦២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦១លាន៨២ម៉ឺន៤ពាន់៩៩២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៣៥ម៉ឺន៩ពាន់៥២០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣៩លាន៦២ម៉ឺន៣ពាន់១០១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៦២ម៉ឺន៦ពាន់៩៧នាក់ ស្លាប់ចំនួន៥៩ម៉ឺន៨ពាន់៥៤០នាក់ និងជាសះស្បើយចំនួន២៦លាន៦៦ម៉ឺន៧ពាន់១៩៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៤លាន៤ម៉ឺន៦ពាន់១២០នាក់ ស្លាប់២៦ម៉ឺន២ពាន់៣៥០នាក់ និងជាសះស្បើយ២០លាន៧ម៉ឺន៣ពាន់៣៦៧នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៤៣ពាន់៦ពាន់៨២៧នាក់ ស្លាប់ចំនួន៤៣ម៉ឺន៥៩៦នាក់ និងជាសះស្បើយ១៣លាន៩៧ម៉ឺន៩ពាន់៣៦៧នាក់ ៕ ប្រភព៖ worldometers
-
ថៃប្រកាសថាមានមនុស្សស្លាប់ព្រោះកូវីដ ១៦៦នាក់ ក្នុងពេល៥ថ្ងៃ

ចាប់ពីថ្ងៃទី៩ ដល់ ១៤ ឧសភា ២០២១នេះ ថៃមានករណីអ្នកជំងឺកូវីដ ស្លាប់រហូតដល់ទៅ ១៦៦នាក់ ពោលគឺ១ថ្ងៃ ស្លាប់ចន្លោះពីជាង២០នាក់ ទៅ៣០នាក់ ជាប្រចាំថ្ងៃ។ នាព្រឹកថ្ងៃទី១៤ ឧសភានេះ ថៃបានប្រកាសពីការស្លាប់អ្នកជំងឺកូវីដ ចំនួន៣០នាក់ទៀត និងឆ្លងថ្មីជាង២ពាន់នាក់ទៀត។ គិតត្រឹមព្រឹកនេះ នៅថៃ មានមនុស្សស្លាប់ព្រោះកូវីដ១៩ ចំនួន៥៤៨នាក់ហើយ ឆ្លងសរុបកើនដល់ ជាង៩ម៉ឺន៦ពាន់នាក់ហើយ៕
-
វៀតណាមថានឹងទទួលបាន AstraZeneca ១.៧លានដូសទៀត ថ្ងៃអាទិត្យនេះ

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រមាណ១លាន៧សែនដូស ក្រោមយន្តការកូវ៉ាក់ របស់អង្គការសុខភាពពិភពលោកហៅកាត់ WHO នឹងទៅដល់ប្រទេសវៀតណាម នាថ្ងៃអាទិត្យ ទី១៦ ឧសភា ២០២១ ខាងមុខនេះ។ ក្រសួងសុខាភិបាលវៀតណាមអះអាងថា វ៉ាក់សាំងទាំងនេះនឹងផ្តល់លទ្ធភាពចែកចាយទៅគ្រប់ទីតាំងចាក់វ៉ាក់សាំង។ គិតត្រឹមដើមខែឧសភា វៀតណាមទើបចាក់វ៉ាក់សាំងកូវីដជូនពលរដ្ឋ ជាង៩៤ម៉ឺនដូស ពោលគឺចាប់តាំងពីផ្តើមចាក់តាំងពីខែមីនា។ រដ្ឋមន្ត្រីសុខាភិបាលវៀតណាម Nguyen Thanh Long ថា ក្រសួងកំពុងទទឹងចាំវ៉ាក់សាំងបន្ថែមទៀត ខណៈវៀតណាមទើបចាក់បានប្រមាណ១ភាគរយនៃចំនួនប្រជាជនសរុប៕
-
ក្រោយឆ្លងជិត៥ពាន់នាក់ ១ថ្ងៃ ថៃសម្រេចឲ្យប្រើវ៉ាក់សាំងកូវីដ ១ប្រភេទទៀត

រដ្ឋបាលថ្នាំពេទ្យនិងចំណីអាហារថៃ ហៅកាត់ថា FDA បានផ្តល់សិទ្ធិឲ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩មួយប្រភេទទៀត ឈ្មោះថា Moderna របស់ក្រុមហ៊ុននៅអាមេរិក។ ការសម្រេចនេះធ្វើឡើង ក្រោយពេលពេលប៉ុន្មានម៉ោងដែលថៃបានប្រកាសថា ត្រឹម២៤ម៉ោង ថៃឆ្លងកូវីដជិត៥ពាន់នាក់ អត្រាឆ្លងប្រចាំថ្ងៃដ៏អាក្រក់មិនធ្លាប់មាននៅថៃ ខណៈប៉ុន្មានសប្តាហ៍ចុងក្រោយ ឆ្លងត្រឹមជាង១ពាន់ទៅ២ពាន់នាក់ ប្រចាំថ្ងៃជាមធ្យមនោះ។ វ៉ាក់សាំងនេះគឺជាវ៉ាក់សាំងទី៤ហើយ ដែលថៃសម្រេចឲ្យប្រើប្រាស់បន្ទាន់ក្នុងប្រទសខ្លួន ខណៈការប្រើគឺចាប់ផ្តើមមានសុពលភាព ចាប់ពីថ្ងៃទី១៣ ឧសភានេះតទៅ នេះបើតាមលោកPaisan Dankhu ប្រធានរដ្ឋបាល FDA នេះ។ ប៉ុន្តែបច្ចុប្បន្ន ថៃមានតែ២ប្រភេទប៉ុណ្ណោះ ចាក់ជូនប្រជាពលរដ្ឋគឺ Sinovac Biotec (CoronaVac)និង Astrazeneca។ យ៉ាងណាក៏ដោយ ការសម្រេចអនុម័តឲ្យប្រើវ៉ាក់សាំងបន្ថែមទៀតនេះត្រូវបានគេដឹងថាអាចនឹងត្រួសត្រាយផ្លូវសម្រាប់ការចាក់វ៉ាក់សាំងពាណិជ្ជកម្ម តាមរយៈមន្ទីរពេទ្យឯកជន៕ ប្រភពពីបាងកកប៉ុស្តិ៍
-
អតីតសហភាពសូវៀតបានបើកសម្ពោធយុគសម័យអវកាស តាមរយៈការបាញ់បង្ហោះ Sputnik ដែលជាផ្កាយរណបដំបូងបំផុតរបស់ពិភពលោក (មានវីដេអូ)

Video: https://fb.watch/5sJNeXQuZq/ រុស្ស៊ី៖ ស្ពូតនិក (Sputnik) ដែលជាផ្កាយរណបដំបូងបំផុតរបស់ពិភពលោក ត្រូវបានបាញ់បង្ហោះចេញពីមូលដ្ឋានមួយកន្លែង ស្ថិតក្នុងសាធារណរដ្ឋកាហ្សាក់ស្ថាន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ១៩៥៧ ។ស្ពូតនិកមានអង្កត់ផ្ចិតប្រវែងជិត៥៦សង់ទីម៉ែត្រ និងទម្ងន់ជាង៨០គីឡូក្រាម ។ វាធ្វើដំណើរក្រឡឹងជុំវិញផែនដីបានមួយជុំរៀងរាល់រយៈពេល១ម៉ោង និង ៣៦នាទី ជាមួយល្បឿនធ្វើដំណើរជិត៣ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង ។ ស្ពូតនិកមានគន្លងធ្វើដំណើររាងពងក្រពើ ដោយចំណុចជិតផែនដីបំផុតគឺចម្ងាយ២៣០គីឡូម៉ែត្រ និងឆ្ងាយបំផុតចម្ងាយជិត១ពាន់គីឡូម៉ែត្រ ។ នៅខែមករា ឆ្នាំ១៩៥៨ ស្ពូតនិកបានធ្លាក់ចូលមកក្នុងបរិយាកាសផែនដីវិញតាមការគ្រោង ហើយឆេះរលាយបាត់នៅក្នុងស្រទាប់បរិយាកាសតែម្តង ។ ការបាញ់បង្ហោះផ្កាយរណបដំបូងបំផុតនេះហើយ ដែលបានបង្កឱ្យសហរដ្ឋអាមេរិកភ័យព្រួយជាខ្លាំង រហូតឈានទៅដល់មានការរត់ប្រណាំងវិស័យបច្ចេកវិទ្យាអវកាសរវាងមហាអំណាចទាំងពីរនាសម័យនោះ ។ ផ្កាយរណបដំបូងបំផុតរបស់សហរដ្ឋអាមេរិកឈ្មោះ អ៊ិចផ្លរើ (Explorer) ត្រូវបានបាញ់បង្ហោះនៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៥៨ ប៉ុន្តែពេលនោះ សហភាពសូវៀតសម្រេចបានសមិទ្ធផលធំធេងមួយផ្សេងទៀតបាត់ទៅហើយ តាមរយៈការបញ្ជូនសុនខមួយក្បាលឱ្យគោចរជុំវិញផែនដីក្នុងយានអវកាស-ផ្កាយរណបឈ្មោះ ស្ពូតនិក២ (Sputnik 2) ។សូមបញ្ជាក់ថា កម្មវិធីអវកាសរបស់សូវៀតបានបន្តទទួលជោគជ័យជាច្រើនផ្សេងទៀតមុនសហរដ្ឋអាមេរិកនៅចន្លោះចុងទសវត្សរ៍ ១៩៥០-១៩៦០ ដូចជាការបញ្ជូនមនុស្សឡើងទៅទីអវកាស ការចេញបណ្តែតខ្លួនក្នុងទីអវកាស (Space Walk) ការគោចរនៅជុំវិញព្រះច័ន្ទ និងការបញ្ជូនយានឱ្យចុះចតនៅលើផ្ទៃព្រះច័ន្ទដោយសុវត្ថិភាព ប៉ុន្តែមិនមានមនុស្សទៅជាមួយទេ ។…
-
អាជ្ញាធរសុខាភិបាលអាមេរិករកឃើញបញ្ហាកំណកឈាមបន្ថែមទៀត លើអ្នកដែលបានចាក់វ៉ាក់សាំង Johnson & Johnson (មានវីដេអូ)

Video: https://fb.watch/5sJDIcfjLm/ អាមេរិក៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) រកឃើញករណី កំណកឈាមនៅក្នុងសសៃឈាម (blood clotting) បន្ថែមទៀត នៅក្នុងចំណោមពលរដ្ឋអាមេរិកដែលបានចាក់វ៉ាក់សាំងការពារវីរុស COVID-19 របស់ក្រុមហ៊ុន Johnson & Johnson ។បើតាមមជ្ឈមណ្ឌល CDC បញ្ហាកំណកឈាមនេះរកឃើញសរុប២៨ករណីក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំង Johnson & Johnson សរុបជាង៨.៧លាននាក់ ។ វាពាក់ព័ន្ធនឹងបញ្ហាលើចរន្តឈាម (TTS) ដែលបង្កឡើងដោយកម្រិតប្លាកែត (platelets ឬកោសិកាឈាម) ធ្លាក់ចុះដល់កម្រិតទាប ដែលនាំឲ្យប៉ះពាល់ដល់ចរន្តលំហូរឈាមក្នុងរាងកាយ ។ ហើយនៅក្នុងចំណោមបញ្ហាកំណកឈាមទាំង២៨ករណីខាងលើនេះ មានមនុស្សចំនួន៣នាក់ហើយបានស្លាប់ ។យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ នៅមិនទាន់មានការសម្រេចចិត្តថាតើត្រូវផ្អាកការប្រើវ៉ាក់សាំងរបស់ Johnson & Johnson សិន ឬមួយក៏យ៉ាងណានោះឡើយ ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិកនោះ ករណីកំណកឈាមក្រោយការចាក់វ៉ាក់សាំង Johnson & Johnson គឺមិនសូវខុសពីករណីពាក់ព័ន្ធនឹងវ៉ាក់សាំងរបស់ AstraZeneca នៅអឺរ៉ុបនោះឡើយ ៕ ប្រភព៖…