-
សហរដ្ឋអាមេរិកបញ្ជូនកងកម្លាំងជើងអាកាសទៅជួយក្នុងការប្រតិបត្តិការស្វែងរកនាវាមុជទឹករបស់ឥណ្ឌូណេស៊ី ៕

-
សហរដ្ឋអាមេរិកគ្រោងបញ្ជូនកងកម្លាំងទៅជួយក្នុងប្រតិបត្តិការស្វែងរកនាវាមុជទឹករបស់ឥណ្ឌូណេស៊ីដែលបានបាត់ដំណឹង

អាមេរិក៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby និយាយថា យោធាអាមេរិកនឹងបញ្ជូនកងកម្លាំងជើងអាកាស ដើម្បីទៅជួយឥណ្ឌូណេស៊ីក្នុងប្រតិបត្តិការរុករកនាវាមុជទឹកមួយគ្រឿងដែលបានបាត់ដំណឹងជាមួយក្រុមនាវិក៥៣នាក់ ។លោក Kirby បានបញ្ជាក់ថា ក្រសួងការពារជាតិបានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅ ក្រោយលេចលឺព័ត៌មានអំពីការបាត់ដំណឹងនាវាមុជទឹក KRI Nanggala 402 កាលពីថ្ងៃពុធសប្តាហ៍នេះ អំឡុងពេលធ្វើសមយុទ្ធនៅតំបន់ឆ្នេរសមុទ្រកោះបាលី ។ លោកបន្ថែមថា តបតាមការអញ្ជើញរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ពួកយើងបាននិងកំពុងបញ្ជូនកងកម្លាំងជើងអាកាសទៅជួយក្នុងប្រតិបត្តិការស្រាវជ្រាវ និងរុករកនាវាមុជទឹកមួយគ្រឿងដែលបានបាត់ខ្លួននោះ ។ បើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណរូបនេះ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Lloyd Austin គ្រោងនឹងធ្វើកិច្ចពិភាក្សាជាមួយសមភាគីឥណ្ឌូណេស៊ីរបស់លោក គឺលោក Prabowo Subianto នៅថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ដើម្បីបង្ហាញពីទុក្ខព្រួយបារម្ភរបស់ពួកយើង ក៏ដូចជាបង្ហាញអំពីរបៀបដែលសហរដ្ឋអាមេរិកអាចផ្តល់ជាជំនួយ ។សូមបញ្ជាក់ថា នាវាមុជទឹកមានឈ្មោះថា KRI Nanggala-402 និងផលិតដោយប្រទេសអាល្លឺម៉ង់បានបាត់ខ្លួន ជាមួយនាវិកទាំង៥៣នាក់ដែលស្ថិតនៅក្នុងនោះ នៅពេលកំពុងធ្វើការហ្វឹកហាត់លើប្រព័ន្ធមីស៊ីលរត់ក្រោមទឹក នៅម្តុំដែនទឹកភាគខាងជើងកោះបាលីកាលពីថ្ងៃពុធសប្តាហ៍នេះ ៕ ប្រភព៖ CNA
-
ចិនជំរុញអោយអូស្រ្តាលីពិចារណាឡើងវិញ ជុំវិញការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងចំនួនពីរស្តីពីគំនិតផ្តួចផ្តើមអំពីខ្សែក្រវាត់ និងផ្លូវ

ចិន៖ ចិនជំរុញអោយអូស្រ្តាលីធ្វើការពិចារណាឡើងវិញភ្លាមៗចំពោះការសម្រេចចិត្តខុសរបស់ខ្លួន ជុំវិញការលុបចោលកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុងវ៉ិកតូរៀ ស្តីពីគំនិតផ្តួចផ្តើមអំពីខ្សែក្រវាត់ និងផ្លូវ (BRI) ។អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានថ្លែងក្នុងសន្និសិទសារព័ត៌មានមួយថា ការសម្រេចចិត្តរបស់រដ្ឋវ៉ិកតូរៀ ក្នុងការសហការជាមួយចិន ស្ថិតក្រោមក្របខ័ណ្ឌ (BRI) ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទាំងពីរ គឺជារឿងល្អដែលអាចនាំមកនូវផលប្រយោជន៍ដល់ភាគីទាំងពីរ ។ ជាមួយគ្នានេះ ចិនជំរុញអោយអូស្ត្រាលីបោះបង់ចោលផ្នត់គំនិតសង្គ្រាមត្រជាក់ និងភាពលម្អៀងខាងមនោគមវិជ្ជារបស់ខ្លួន ហើយត្រូវកែកំហុសរបស់ខ្លួនភ្លាម និងផ្លាស់ប្តូរទិសដៅ ។ការអំពាវនាវរបស់ចិនខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអូស្ត្រាលីបានលុបចោលកិច្ចព្រមព្រៀងចំនួនពីររវាងរដ្ឋាភិបាលទីក្រុងវ៉ិកតូរៀ និងប្រទេសចិន ស្តីពីគំនិតផ្តួចផ្តើមអំពីខ្សែក្រវាត់ និងផ្លូវ (BRI) ពីព្រោះកិច្ចព្រមព្រៀងនោះ មិនសមស្របនឹងគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលសហព័ន្ធ ដែលចាត់ទុក “ឥណ្ឌូ និងប៉ាស៊ីហ្វិកដែលបើកចំហ” ជាគោលដៅសំខាន់ ៕ ប្រភព៖ ស៊ីនហួរ
-
ក្រុមអ្នកជំនាញវ៉ាក់សាំង WHO និយាយថា ខ្លួននៅតែបន្តគាំទ្រការសន្និដ្ឋានដែលថា វ៉ាក់សាំងរបស់ AstraZeneca មានគុណសម្បត្តិច្រើនជាងហានិភ័យ

ស្វីស៖ ក្រុមអ្នកជំនាញវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក WHO ហៅកាត់ថា SAGE បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា អង្គការ WHO នៅតែបន្តគាំទ្រការសន្និ ដ្ឋានដែលថា វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca មានគុណសម្បត្តិច្រើនជាងហានិភ័យ ។ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នកជំនាញវ៉ាក់សាំងរបស់អង្គការ WHO ក៏បានស្នើសុំទិន្នន័យបន្ថែមទៀត ពាក់ព័ន្ធនឹងបញ្ហាកំណកឈាមលើមនុស្សមួយចំនួន ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca នៅខាងក្រៅទ្វីបអឺរ៉ុបផងដែរ ។ក្រៅតែពីស្នើសុំទិន្នន័យបន្ថែមនោះ ក្រុមអ្នកជំនាញទាំងនេះក៏បានណែនាំដែរថាអ្នកដែលមានបញ្ហាកំណកឈាមបន្ទាប់ពីចាក់វ៉ាក់សាំង AstraZeneca ដូសទី១ មិនគួរចាក់វ៉ាក់សាំងនេះដូសទី២នោះទេ ខណៈដែលបណ្ដាប្រទេសនៅអឺរ៉ុប និងប្រទេសមួយចំនួនទៀតតម្រូវឱ្យចាក់វ៉ាក់សាំងនេះលើមនុស្សមានវ័យ៦០ឆ្នាំឡើងទៅតែប៉ុណ្ណោះ ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៤៥លាន៣៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨ម៉ឺននាក់ និងជាសះស្បើយ១២៣លាន៣១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៤៥លាន៣៣ម៉ឺន២ពាន់៧៩៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨ម៉ឺន៥ពាន់២៣៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២៣លាន៣១ម៉ឺន៧ពាន់៩១០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣២លាន៦៦ម៉ឺន៩ពាន់១២១នាក់ ស្លាប់ចំនួន៥៨ម៉ឺន៤ពាន់២២៦នាក់ និងជាសះស្បើយចំនួន២៥លាន២៣ម៉ឺន៦ពាន់៦៥៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៦លាន២៥ម៉ឺន៧ពាន់៣០៩នាក់ ស្លាប់១៨ម៉ឺន៦ពាន់៩២៨នាក់ និងជាសះស្បើយ១៣លាន៦៤ម៉ឺន១ពាន់៦០៦នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន១៧ម៉ឺន២ពាន់១៣៩នាក់ ស្លាប់ចំនួន៣៨ម៉ឺន៣ពាន់៧៥៧នាក់ និងជាសះស្បើយ១២លាន៦៧ម៉ឺន៣ពាន់៧៨៥នាក់ ៕ ប្រភព៖ worldometers
-
ធ្ងន់ធ្ងរហើយ! ថ្ងៃនេះ ថៃឆ្លងកូវីដជាង២ពាន់នាក់

នេះបើតាមការចេញផ្សាយរបស់ The Nation នៅមុននេះបន្តិច ហើយចំនួនឆ្លងប្រចាំថ្ងៃសុក្រនេះជាចំនួនច្រើនបំផុត ពុំធ្លាប់មាននៅថៃទេ។ ប្រភពបានរាយការណ៍ នៅថ្ងៃសុក្រ ទី២៣ មេសា ២០២១នេះថា មានវិជ្ជមានកូវីដ១៩ ចំនួន២០៧០នាក់ទៀត និងស្លាប់៤នាក់ទៀត។ គិតត្រឹមព្រឹកនេះ ថៃមានអ្នកកើតកូវីដ១៩សរុបចំនួនជាង៥ម៉ឺននាក់ហើយ ខណៈដែលអ្នកស្លាប់កើនដល់១២១នាក់ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩ ហៅកាត់ថា CCSA៕
-
ថៃ៖ អ្នកទោសចំណូលថ្មីជិត៤០នាក់ឆ្លងកូវីដ១៩ នៅឈៀងម៉ៃ

អ្នកទោសថ្មីចំនួន៣៧នាក់នៅក្នុងមន្ទីរឃុំឃាំងធំនៃខេត្តឈៀងមៃ ក្នុងស្រុក Mae Taeng បានវិជ្ជមានកូវីដ១៩ នេះបើតាមប្រធានការិយាល័យសុខាភិបាលខេត្ត វេជ្ជបណ្ឌិត Jatuchai Maneerat បញ្ជាក់ កាលពីថ្ងៃទី២២ មេសា ម្សិលមិញ។ លោកថា អ្នកទោសថ្មីៗនេះត្រូវបានរកឃើញវិជ្ជមាន ក្រោយឃើញចេញរោគសញ្ញាហើយឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ មុនពេលបញ្ជូនទៅខាងក្នុង ហើយរាល់អ្នកទោសមានកូវីដ១៩ទាំងអស់ត្រូវបានដាក់ឲ្យនៅដោយឡែក និងបញ្ជូនទៅមន្ទីរពេទ្យក្នុងពន្ធនាគារ។ គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ដល់ ២២ មេសា ខេត្តឈៀងម៉ៃមានអ្នកជំងឺកូវីដ១៩ ចំនួន២៤៤៨នាក់ហើយ ខណៈដែល១៣៤នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ៕
-
ថៃប្រកាសផ្លូវការទិញវ៉ាក់សាំងកូវីដ Pfizer ១០លានដូស ពីអាមេរិក

រដ្ឋមន្ត្រីសុខាភិបាលថៃបានប្រកាសជាផ្លូវការថា ថៃនឹងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer-BioNtech ពីក្រុមហ៊ុនអាមេរិក។ តាមរយៈបណ្តាញសង្គមហ្វេសបុក លោក Anutin Chanvirakul បានប្រកាសថា លោកបានជួបតំណាងក្រុមហ៊ុន Pfizer-BioNtech រួចរាល់ហើយ កាលពីថ្ងៃទី២២ មេសា ២០២១ ដើម្បីចរចាទិញវ៉ាក់សាំង Pfizer នេះ ដែលក្រុមហ៊ុនត្រៀមបញ្ជូនទៅថៃ១០លានដូស ប៉ុន្តែមិនទាន់អាចផ្តល់ពីពេលវេលាជាក់លាក់នៃការបញ្ជូននៅឡើយទេ។ លោក Anutin បានអះអាងថា «ខ្ញុំបានស្នើដល់ក្រុមហ៊ុនបញ្ជូនកាលបរិច្ឆេតនៃការបញ្ជូនជាបន្ទាន់ ជាមួយនឹងតម្លៃ និងលក្ខខណ្ឌនៃការបញ្ជាទិញ»។ លោក Anutin Chanvirakul អះអាងថា ការចរចាជាមួយតំណាងក្រុមហ៊ុន Pfizer មានដំណើរការល្អ ហើយក្រុមហ៊ុនមានមូលដ្ឋាននៅអាមេរិកនេះមួយនេះ គ្រោងនឹងបញ្ជូនវ៉ាក់សាំងទៅប្រទេសថៃ កាន់តែឆាប់កាន់តែល្អ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ថៃកំពុងមានវ៉ាក់សាំង២ប្រភេទចាក់ជូនពលរដ្ឋខ្លួន រួមមានស៊ីណូវ៉ាក់របស់ក្រុមហ៊ុនចិន និង អាស្ត្រាហ្សេនីការបស់ក្រុមហ៊ុនអង់គ្លេស។ ការចាក់វ៉ាក់សាំងនេះធ្វើឡើង ក៏ស្របពេលដែលថៃកំពុងផ្ទុះជំងឺកូវីដ១៩ រលកទី៣ ឆ្លងប្រចាំថ្ងៃជាង១ពាន់នាក់ មួយរយៈកាលចុងក្រោយនេះ ខណៈដែលអ្នកស្លាប់កើនដល់១១៧នាក់ហើយ គិតត្រឹមម្សិលមិញ៕
-
មេដឹកនាំហ្វីលីពីននឹងមិនទៅប្រជុំអាស៊ាននៅឥណ្ឌូនេស៊ី ដូចមេដឹកនាំថៃដែរ

បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ត្រូវបានគេបង្ហើបថា គ្រោងមិនទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ីនោះ ស្រាប់តែប្រធានាធិបតីហ្វីលីពីនបានលុបចោលការទៅរួមនៅទីនោះដែរ។ លោក Harry Roque អ្នកនាំពាក្យរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីហ្វីលីពីនរូបនេះ មិនអាចចាកចេញទៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ សប្តាហ៍នេះបានឡើយ។ ប្រភពថា លោកឌូតឺតេ ចង់មានវត្តមានក្នុងប្រទេស ដើម្បីគ្រប់គ្រងបញ្ហាជំងឺកូវីដ១៩ ដែលកំពុងឆ្លងខ្លាំង ជិត១លាននាក់។ គួរបញ្ជាក់ថា ក្រៅពីប្រធានាធិបតីហ្វីលីពីននោះ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃចន្ទសប្តាហ៍នេះក៏បានសម្រេចចិត្តមិនទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាការតាផងដែរ បើតាមមន្ត្រីរដ្ឋាភិបាល ដោយឲ្យរដ្ឋមន្ត្រីការបរទេសទៅជំនួស។ កិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រារព្ធឡើងនៅចុងសប្តាហ៍នេះ ត្រូវបានគេមើលឃើញថា នឹងក្លាយជាវេទិកាដ៏សំខាន់មួយ ដើម្បីពិភាក្សាស្តីអំពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ហើយលោកអគ្គមេបញ្ជាការយោធា មីង អោង ហ្លេង នឹងបង្ហាញវត្តមាននៅក្នុងកិច្ចប្រជុំនោះ ក្នុងនាំជាមេដឹកនាំមីយ៉ាន់ម៉ា៕
-
ថៃមានអ្នកស្លាប់ដោយសារ Covid-19 ចំនួន៧នាក់ និងឆ្លងថ្មីៗចំនួន១,៤៧០នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ (មានវីដេអូ)
